Tag: ឡេង ណាវ៉ាត្រា

  • ក្នុងឱកាសគម្រប់ខួបកូនប្រុស លោក ឡេង ណាវ៉ាត្រា បរិច្ចាគ 10 ម៉ឺនដុល្លារកសាងផ្លូវជូនប្រជាពលរដ្ឋ

    ក្នុងឱកាសគម្រប់ខួបកូនប្រុស លោក ឡេង ណាវ៉ាត្រា បរិច្ចាគ 10 ម៉ឺនដុល្លារកសាងផ្លូវជូនប្រជាពលរដ្ឋ

    នៅថ្ងៃ3 ខែ កញ្ញា មុននេះ គេបានដឹងថា ម្ចាស់ផលិតកម្ម Galaxy ដែលបានវិវត្តន៍ខ្លួនក្លាយជាឧកញ៉ាវ័យក្មេងក្រោយជោគជ័យក្នុងជំនួញដីធ្លី លោក ឡេង ណាវ៉ាត្រា បានបរិច្ចាគថរិកាប្រមាណជា10 ម៉ឺនដុល្លារ ជាថវិកាទាំងស្រុងរបស់លោកផ្ទាល់ ក្នុងការកសាងផ្លូវក្នុងសង្កាត់ចោមចៅ និងចុះមើលករដ្ឋានផ្ទាល់ ស្របពេលថ្ងៃគម្រប់ខួបកំណើតរបស់កូនប្រុសលោកតែម្ដង។

    នេះជាការសកម្មភាពជួយដល់សង្គមមួយថ្មីបន្ទាប់ពីលោកបានក្លាយជាអ្នកមានបាន បន្ទាប់ពីលោកត្រូវគេស្គាល់យ៉ាងខ្លាំងក្នុងសកម្មភាពបរិច្ចាគទានដល់ជនទុរគត និងបានជួយថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ច្រើនលើករួចមកហើយ។
    ប្រភពដែលបានចែកចាយព័ត៌មានចុះសាងសង់ផ្លូវរបស់លោកបានធ្វើការបង្ហោះថា គឺជារឿងប្រពៃណាស់ ដែលអតីតារាចម្រៀងហើយបានក្លាយជាបុគ្គលជោគជ័យក្នុងសង្គមមួយនេះ បានចំណាយលុយផ្ទាល់ខ្លួន និងបានទាំងចុះទៅមើលការចាក់បេតុងដោយផ្ទាល់ទៀត ដើម្បីឱ្យផ្លូវមួយខ្សែដែលលោកប្រកាសថា នេះជាការបរិច្ចាគទឹកចិត្តសប្បុរស ដែលជាកាដូជូនកូនប្រុសនាថ្ងៃកំណើត។

    លោកឡេង ណាវ៉ាត្រា បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា ហេតុផលដែលលោកសម្រេចចិត្តចំណាយថវិកាដ៏ច្រើន សង់ផ្លូវមួយខ្សែជូនដល់អ្នកភូមិក្នុងសង្កាត់ចោមចៅ គឺដោយសារតែលោកមានបំណងអបអរដល់កំណើតកូនប្រុស និងដោយសារតែលោកក៏ទទួលបានសំណូមពរពីសំណាក់អ្នករស់នៅក្នុងនៅតាមបណ្ដោយផ្លូវនោះ ថ្ងូរថាពិបាកធ្វើដំណើរជាពិសេសនៅពេលធ្លាក់ដក់ទឹកម្ដងៗ។ លោកថាខ្លួនមិនមានអ្វីចងដៃដល់កូនប្រុសឱ្យច្រើននោះទេ ទើបសម្រេចចិត្តធ្វើសេចក្ដីល្អមួយ ដោយការចំណាយលុយសង់ផ្លូវទុកជូនអ្នកភូមិបានធ្វើដំណើរ ដើម្បីសន្សំកុសលចងដៃដល់កូនប្រុសដែលជាដំណក់ឈាមរបស់ខ្លួន។

    ចុងក្រោយ លោកបានបញ្ជាក់បន្ថែមថា ខ្លួននឹងរក្សាទុកនូវសេចក្ដីល្អក្នុងពេលមានបាន ដោយរំពឹងតែម្យ៉ាងថាអំពើរល្អទាំងនោះ នឹងជួយឱ្យលោកកាន់តែជោគជ័យក្នុងអាជីព និងជួយធ្វើឱ្យកូនប្រុសរបស់លោកក្លាយជាក្មេងមានសំណាង និងអាចជំនួសដៃជើងលោកបាននៅពេលដឹងក្ដី៕

  • ឡេង ណាវ៉ាត្រា កាន់តែលូកដៃជ្រៅក្នុងកិច្ចការសង្គម និងសប្បុរសធម៌

    ឡេង ណាវ៉ាត្រា កាន់តែលូកដៃជ្រៅក្នុងកិច្ចការសង្គម និងសប្បុរសធម៌

    បន្ទាប់ពីបានក្លាយខ្លួនជាឧកញ៉ាវ័យក្មេង លោក ឡេង ណាវ៉ាត្រា ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ផលិតកម្ម Galaxy  ជាម្ចាស់បុរីឡេងណាវ៉ាត្រា និងជាតារាសិល្បៈមួយរូបផងដែរនោះ ថ្មីៗនេះគេសម្គាល់ឃើញថា លោកបានបង្ហាញមុខមាត់កាន់តែខ្លាំង ក្នុងនាមជាសប្បុរសជនយ៉ាងសស្រាក់សស្រាំ។ លោកត្រូបានវគេឃើញពីសកម្មភាពចុះចែកអំណោយស្ទើរមិនដាច់នៅតាមកន្លែងជាច្រើន ខណៈដែលក្រៅពីបរិច្ចាគថវិកា និងចែកអំណោយដល់ចាស់ៗហើយ លោកក៏ឈានដល់ការចូលរួមក្នុងកិច្ចការងារសង្គមថែមទៀត តាមរយៈការផ្ដល់លុយផ្ទាល់ខ្លួនដើម្បីស្ដារលូបង្ហូរទឹក និងជួយជួសជុលផ្លូវថ្នល់នៅក្នុងសហគមន៍មួយចំនួនយ៉ាងសកម្ម និងលេចធ្លោផងដែរ។

    តាមរយៈហ្វេសប៊ុករបស់លោក គេមើលឃើញការសរសើរដែលចេញពីមាត់ប្រជាពលរដ្ឋជាច្រើននាក់បានកើតឡើងបន្ទាប់ពីលោកបានបង្ហាញវត្តមានចែកអំណោយ និងថវិកាជូនដល់ពលរដ្ឋជាច្រើនគ្រួសារនៅក្នុងសង្កាត់ចោមចៅ នាព្រឹកថ្ងៃទី5 ខែកក្កដានេះ។ អ្នកលេងហ្វេសប៊ុកជាច្រើនសុទ្ធតែបង្ហាញពីការចាប់អារម្មណ៍ និងមតិក្រោយពីរូបភាពចែកអំណោយរបស់លោកត្រូវបានបង្ហាញឡើងពីការបង្ហោះរបស់លោក និងអ្នកគាំទ្រ ដែលសកម្មភាពនេះបានបំផុសកាន់តែខ្លាំងឱ្យមានការចែករំលែកបន្តនៅក្នុងសង្គម។

    ក្នុងនាមជាបុគ្គលចិត្តធម៌មួយរូបនោះ លោកបានអះអាងថា  លោកគឺជាអតីតពលករនៅប្រទេសកូរ៉េ និងជាអតីតកម្មករ ដែលធ្លាប់មានជីវភាពមិនគ្រប់គ្រាន់ សូម្បីតែបាយ 3ពេលក៏មិនចង់មានផង ដូច្នេះក្រោយពេលដែលលោកប្រែក្លាយជាអ្នកសិល្បៈម្នាក់ និងជាអ្នកជំនួញម្នាក់ លោកត្រូវតែប្រើពេលវេលាឱ្យអស់ពីលទ្ធភាពដើម្បីចែករំលែក និងយកចិត្តទុកដាក់ចំពោះអ្នកខ្វះខាតនៅក្នុងសង្គម។ លោកថា ការចែកអំណោយដែលបានធ្វើឡើង មិនមែនជាលើកទី1នោះទេ ដោយក្នុងពេលកន្លងមកលោកតែងយកប្រាក់ចំណេញពីការលក់ដី និងលក់បុរី មកទិញជាសម្ភារ និងរៀបចំចាត់ចែងជាអំណោយជូនដល់កម្មករ និងគ្រួសារអ្នកក្រីក្រជាប្រចាំ ជាពិសេសនៅក្នុងសហគមន៍ដែលលោកបានឃើញពីការលំបាក និងមានការស្នើដោយមេភូមិ ឬម្ចាស់សហគមន៍ ដែលជួបផលវិបាកទាំងនោះ។

    ក្នុងនោះលោកក៏បានផ្ដល់ថវិការួមចំណែកដល់កាកបាទក្រហម និងជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ ដើម្បីចូលរួមជាវិភាគទានជួយដល់សង្គមទាំងមូល។ លោកមិនខ្លាចនឹងការចែករំលែកនូវអំណោយ និងក្ដីស្រឡាញ់ជូនដល់អ្នកតូចទាបជាងខ្លួននោះទេ ដោយសារតែពេលកន្លងមក លោកគឺជាបុគ្គលដែលបានធំធាត់ក្នុងត្រកូលអ្នកក្រខ្សត់ម្នាក់ ហើយយល់ពីការលំបាកដែលបានកើតឡើង។ លោកបានប្រកាសថា លោកនឹងធ្វើសកម្មភាពសង្គម មិនដកដៃនោះទេ ដោយលោកបានដាក់គម្រោងបន្តជួយស្ដារលូ និងជួសជុលផ្លូវដើម្បីជាប្រយោជន៍ដល់ពលរដ្ឋដើម្បីឱ្យមានផ្លូវល្អប្រើនៅក្នុងតំបន់ដែលលោកបានទទួលសំណើ តាមលទ្ធភាពដែលលោកអាចធ្វើបាន៕

  • លោក ឡេង ណាវ៉ាត្រា បរិច្ចាគថវិកាផ្ទាល់ខ្លួន 40 លានរៀល ជូនកម្មករសំណង់

    លោក ឡេង ណាវ៉ាត្រា បរិច្ចាគថវិកាផ្ទាល់ខ្លួន 40 លានរៀល ជូនកម្មករសំណង់

    នេះមិនមែនជាលើកដំបូងទេដែលថៅកែប្រុស និងជាឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានយកចិត្តទុកដាក់ចំពោះបុគ្គលិក និងកម្មករសំណង់ក្នុងការជួយសម្រាលបន្ទុកដែលពួកគាត់កំពុងតែជួបការលំបាក និងភាពក្រក្សត់ទីទាល់។ កាលពីប៉ុន្មានខែមុននេះលោក ឡេង ណាវ៉ាត្រា បានលើកទឹកចិត្តដល់កម្មករសំណង់ដោយការដំឡើងប្រាក់ខែឱ្យផងដែរ ដែលធ្វើឱ្យកម្មករទាំងអស់រីករាយ សប្បាយចិត្តយ៉ាងខ្លាំង និងដឹងគុណចំពោះទឹកចិត្តមេត្តាករុណារបស់លោក រហូតដល់ថ្នាក់កម្មករខ្លះស្រក់ទឹកភ្នែកដោយក្ដីរំភើបចិត្តចំពោះទឹកចិត្តសន្ដោសប្រណីនេះ។

    ដោយឡែក នៅពេលថ្មីៗនេះ តារាសម្ដែង និងច្រៀង ឡេង ណាវ៉ាត្រា បានបរិច្ចាគថវិកាផ្ទាល់ខ្លួនសរុបជាង 40 លានរៀលជូនដល់កម្មករសំណង់ ដោយលោកបានអះអាងថា «មកដល់ពេលនេះ ខ្ញុំបាទ ឡេង ណាវ៉ាត់ត្រា បានផ្ដល់ការងារជូនបងប្អូនខ្មែរយើងបានជាង 1ពាន់នាក់ ហើយខ្ញុំបាទបានចុះសួរសុខទុក្ខ បរិច្ចាគថវិកាសរុបជាង 40 លានរៀល ជាការចែករំលែកសេចក្ដីស្រឡាញ់ជូនដល់បងប្អូនកម្មករសំណង់ទាំងអស់នៅក្នុង បុរី ឡេងណាវ៉ាត់ត្រា ហើយថែមទាំងជួយដោះស្រាយផលវិបាកផ្សេងៗជូនគាត់ទៀតផង»។

    គួរបញ្ជាក់ផងដែរថា ដោយសារអតីតកាលនៃជីវិតរបស់លោក ឡេង ណាវ៉ាត្រា ធ្លាប់បានហែលឆ្លងនូវភាពឈឺចាប់ ក្រលំបាក វេទនាអត់ឃ្លាន រហូតដល់លោកសម្រេចចិត្តទៅធ្វើការងារនៅប្រទេសកូរ៉េនោះ ក្រោយពេលត្រឡប់មកវិញ លោកបានព្យាយាមកសាងជីវិតថ្មីសន្លាងមួយ ដែលមានភាពរឹងមាំ និងស្វះស្វែងក្នុងការជួយរំលែកទុក្ខលំបាករបស់បងប្អូនខ្មែរក្រីក្រមួយចំនួនវិញម្ដង។ លោកបានប្រឹងប្រែងជួយការងារសង្គម ដោយបានធ្វើការបរិច្ចាគថវិកាផ្ទាល់ខ្លួន 50លាន​រៀល ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយទ្រទ្រង់សេវាថែទាំសុខភាពដោយឥតគិតថ្លៃជូនកុមារកម្ពុជា។ ក្រៅពីនោះលោកក៏បានផ្ដល់ជំនួយជារថយន្ដប្រណីត  2គ្រឿងដើម្បីជួយសម្រួលលើមធ្យោបាយធ្វើដំណើររបស់សិល្បករ-សិល្បការិនីទៀតផង។ ជាពិសេស លោកក៏បានចូលរួមក្នុងសកម្មភាពជួយដល់សិល្បករចាស់ជរា តាមរយៈសមាគមអ្នកសិល្បៈស្ម័គ្រចិត្តជួយសង្គម និងសមាគមសិល្ប​ករ​ខ្មែរផងដែរ៕

  • លោក ឡេង ណាវ៉ាត្រា ឧបត្ថម្ភរថយន្ដប្រណីត 2គ្រឿង ដើម្បីសម្រួលការធ្វើដំណើររបស់សិល្បករខ្មែរ

    លោក ឡេង ណាវ៉ាត្រា ឧបត្ថម្ភរថយន្ដប្រណីត 2គ្រឿង ដើម្បីសម្រួលការធ្វើដំណើររបស់សិល្បករខ្មែរ

    នៅព្រឹកថ្ងៃទី23 ខែឧសភា ឆ្នាំ2018 នេះ តារាសម្ដែង និងច្រៀង និងជាឧកញ៉ាវ័យក្មេង លោក ឡេង ណាវ៉ាត្រា បានរៀបចំពិធីប្រគល់រថយន្ដប្រណីតចំនួន 2គ្រឿងដល់សមាគម​សិល្បករ​ខ្មែរ និង​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ដើម្បី​សម្រួល​ក្នុងការ​ធ្វើដំណើរទៅ​បំពេញការងារ​របស់​បង​ប្អូន​សិល្បករ-​សិល្បការិនី​។​

    នៅក្នុងនោះ អ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានសមាគមសិល្បករខ្មែរ​ បានថ្លែងអំណរគុណ និងបញ្ជាក់ប្រាប់មិត្តសិល្បករ-សិល្បការិនីទាំងអស់ឱ្យបានជ្រាបថា «នាងខ្ញុំជាប្រធានសមាគមសិល្បករខ្មែរ បានរៀបចំពិធីទទួលរថយន្តពីប្អូនប្រុស ឡេង ណាវ៉ាត្រា ដែលប្អូនប្រុសបានឧបត្ថម្ភនូវរថយន្តទាំងនេះ ដើម្បីប្រើប្រាស់ជាយានដឹកសិល្បករ-សិល្បការនីយើង ( ដែលមានកាតសមាជិកសមាគមជាសម្គាល់ ) ដោយមិនគិតថ្លៃ ( បញ្ជាក់ គឺសម្រាប់ការធ្វើដំណើរក្នុងក្រុងភ្នំពេញ )។ បងសូមអរគុណចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាវិសេសវិសាលមិនអាចកាត់ថ្លៃបាននេះ»។

    អ្នកនាងបានបន្ថែមនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកទៀតថា អ្នក​នាងសូមជម្រាបដល់បងប្អូនសិល្បករ-សិល្បការិនីដែលជាសមាជិករបស់សមាគមសិល្បករទាំងពីរឱ្យបានជ្រាបថា​ ចាប់ពីថ្ងៃទី23 ខែឧសភា នេះតទៅសមាគមមានតាក់ស៊ី 2គ្រឿងសម្រាប់ដឹកជញ្ជូនសមាជិកយើងដោយឥតគិតថ្លៃក្នុងការធ្វើដំណើរទៅចូលរួមកិច្ចការងារសង្គមផ្សេងៗ។

    សូមបញ្ជាក់ផងដែរថា លក្ខខណ្ឌក្នុងការទំនាក់ទំនងដើម្បីបានសេវាតាក់ស៊ីដោយឥតគិតថ្លៃមានដូចខាងក្រោម៖

    – បងប្អូនសិល្បករ-សិល្បការិនីត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណសិល្បករ​ ដែលចេញដោយសមាគមទាំង2ពីរ

    – សិល្បករ-សិល្បការិនី អាចប្រើប្រាស់សេវាតាក់ស៊ីបានតែ1ដងក្នុង1ថ្ងៃ

    – សូមទំនាក់ទំនងមកកាន់លេខតាក់ស៊ីទាំងពីរ

    – លេខទូរស័ព្ទតាក់ស៊ីទី1៖ 077 987 765 ធារិទ្ធ

    – លេខទូរស័ព្ទតាក់ស៊ីទី2៖ 061748874 គន្ធា

    – Hotline ៖ 017 990 332

    – ចាប់ពីម៉ោង 7ព្រឹក ដល់ម៉ោង 6ល្ងាច និងក្នុង1សប្តាហ៍6ថ្ងៃ​

    – គម្រោងនេះសាកល្បងរយៈពេល 3ខែ៕