Tag: ហ្វីលីពីន

  • ថៃ និង​ហ្វីលីពីន ជំរុញ​ការ​អភិវឌ្ឍ​ «ថាមពល​នុយក្លេអែរ»

    ថៃ និង​ហ្វីលីពីន ជំរុញ​ការ​អភិវឌ្ឍ​ «ថាមពល​នុយក្លេអែរ»

    ប្រទេស​ថៃ និង​ហ្វ៊ីលីពីន កំពុង​រៀបផែនការ​ស្ថាបនា​រោង​ចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអែរ​ដំបូង​នៅ​ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍។

    យោង​តាម​ទំព័រ Nikkei Asia នៅ​ក្នុង​ខែ​កញ្ញា​ឆ្នាំ​នេះ ប្រទេស​ថៃ​នឹង​ប្រកាស​ឱ្យ​ដឹង​អំពី​គម្រោង​ថាមពល​ជាតិ​​សម្រាប់​ដំណាក់​កាល​ពី​ពេល​នេះ​ដល់​ឆ្នាំ 2037​ ក្នុង​នោះ ប្រទេស​នេះ​គ្រោង​នឹង​ដំឡើង​រោង​ចក្រ​ប្រតិកម្ម​ម៉ូឌុល​ខ្នាត​តូច​ (Small Modular Reactor – SMRs)។

    មេដឹក​នាំរដ្ឋាភិបាល​ថៃ លោក Thavisin បាន​ពិនិត្យ​អំពី​លទ្ធភាព​សាងសង់​រោង​ចក្រ​ថាមពល​នុយក្លេអែរ​ ជាមួយ​នឹង​រដ្ឋមន្ត្រី​ពាណិជ្ជកម្មអាម៉េរិក​ នៅ​បាងកក កាល​ពី​ថ្ងៃទី 14 មីនា​។

    ប្រទេស​ថៃ កំពុង​តែ​ជំរុញ​ការ​អភិវឌ្ឍ​ថាមពល​នុយក្លេអែរ​ ក្នុង​កាលៈទេសៈ​ដែល​អណ្ដូង​រ៉ែ​ឧស្ម័ន​ធម្មជាតិ​របស់​ប្រទេស​នេះ​ កាន់​តែ​ខើច​ទៅ​ៗ​ ខណៈ​ដែល​ថៃ បាន​សន្យា​ដោយ​កំណត់​គោលដៅ​ធ្វើ​ឱ្យ​មាន​តុល្យភាព​កាបូន​នៅ​ត្រឹម​ឆ្នាំ 2050​។

    ចំណែក​ហ្វ៊ីលីពីនវិញ ក៏​កំពុង​ប្រឈម​មុខ​នឹង​ឧបសគ្គ​ដូច​ទៅ​នឹង​ប្រទេស​ថៃ​។ ទីក្រុង​ម៉ានីល ក៏​រៀង​ផែនការ​បង្កើត​ស្ថានីយ​ថាមពល​នុយក្លេអែរ​ពាណិជ្ជកម្ម​មួយ​នៅ​ឆ្នាំ 2030​ ទន្ទឹម​នឹង​ការ​បង្កើត​មជ្ឈមណ្ឌល​អភិវឌ្ឍ SMRs។ ក្រុម​ហ៊ុន​ NuSclae Power របស់​អាម៉េរិក​ មាន​គម្រោង​វិនិយោគ​ 7.5 ពាន់​លាន​ដុល្លារ​ ដើម្បី​សាងសង់​រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​នៅ​ហ្វ៊ីលីពីន​។

  • ភ្នំពេញ​-ម៉ានីល ឯកភាពជំរុញការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីន

    ភ្នំពេញ​-ម៉ានីល ឯកភាពជំរុញការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីន

    នាព្រឹកថ្ងៃទី 4 ខែមីនា ឆ្នាំ 2024 ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា និងប្រមុខ​រដ្ឋាភិបាល​ហ្វ៊ីលីពីន បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

    ជំនួបនេះត្រូវ​បាន​ធ្វើ​ឡើង​​ក្នុង​បំណង​​ពិភាក្សា​គ្នា​លើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ នេះ​បើ​តាម​ក្រសួង​ព័ត៌មាន​។

    ក្នុងជំនួបនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ និង​​ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានពិភាក្សាគ្នាលើវិស័យសំខាន់ៗ ដែលជាកម្មវត្ថុនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម និងជាផលប្រយោជន៍រួមរវាងកម្ពុជា និងហ្វីលីពីន។ ក្នុង​នោះ​ក៏​មាន​ វិស័យពាណិជ្ជកម្មផងដែរ​។

    ក្នុងវិស័យពាណិជ្ជកម្ម មេដឹក​នាំទាំងពីរបានឯកភាពគ្នា ដើម្បីសម្របសម្រួល និងជំរុញការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីន និងបានជំរុញបន្ថែមការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនបន្ថែមទៀត ដើម្បីបង្កើនកាលានុវត្តភាពពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

    ក​ម្ពុជា​បានចាប់ផ្តើមនាំចេញអង្ករទ្រង់​ទ្រាយ​ធំ​​ជាលើកដំបូង ទៅប្រទេសហ្វីលីពីន ក្នុងបរិមាណ 5,575 តោន​ កាលពីដើមឆ្នាំ 2023 បន្ទាប់ពីហ្វីលីពីន បានដូរគោលនយោបាយនៃការនាំចូលអង្ករ ពោលគឺពីការនាំចូលតាមរយៈរដ្ឋ មកឯកជនវិញ។ ​

    បើតាមរបាយការណ៍ដែល​ទាក់​ទង​ ឱ្យដឹងថា ក្នុងឆ្នាំ 2024 នេះ ប្រទេស​ហ្វីលីពីន ​គ្រោង​នាំចូល​អង្ករពីបណ្ដាប្រទេស​​​ ក្នុ​ងប​រិមា​ណជាង​ 4.2 លាន​​តោន។

    យោងតាម​របាយការណ៍​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​ក្នុង​ខែមករា ឆ្នាំ​ 2024 កម្ពុជា​បាន​នាំចេញ​អង្ករ​ជាង​ 46 ពាន់​តោន​ គិត​ជា​ទឹកប្រាក់គឺ​ជាង​ 32​ លាន​ដុល្លារ​អាម៉េរិក​។ ដោយឡែក​ការនាំចេញ​ស្រូវ​ទៅ​ប្រទេស​ជិត​ខាង​វិញ សម្រេចបាន ជិត​ 60​ ម៉ឺន​តោន ​ដែល​គិត​ជា​ទឹកប្រាក់​សរុប​ជាង ​184​ លាន​ដុល្លារ​៕

  • ឯកអគ្គរដ្ឋ​ទូត​ហ្វីលីពីន បាន​បាត់​បង់ជីវិត​ហើយ ​ដោយ​សារ​តែ​ COVID-19

    ឯកអគ្គរដ្ឋ​ទូត​ហ្វីលីពីន បាន​បាត់​បង់ជីវិត​ហើយ ​ដោយ​សារ​តែ​ COVID-19

    លោក​ស្រី​ Bernardita Catalla អាយុ​62​ឆ្នាំ ជា​ឯកអគ្គរដ្ឋ​ទូត​ហ្វីលីពីន ប្រចាំ​ប្រទេស​លីបង់ បាន​បាត់​បង់ជីវិត​ក្នុង​ថ្ងៃនេះ​នៅ​ឯមន្ទីរពេទ្យ​មួយ​ក្នុង​រដ្ឋ​ធានី​ Beirut នៃ​ប្រទេស​លីបង់ ក្រោយ​ពី​បាន​ឆ្លង​វីរុស​COVID-19។

    ក្រសួង​ការបរទេស​ហ្វីលីពីន​ បាន​ប្រកាស​​ចូល​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀម​ក្រំ​ បន្ទាប់​ពី​ឯកអគ្គរដ្ឋ​ទូត​របស់​ខ្លួន​ប្រចាំ​នៅ​​ទីក្រុង Beirut បាន​ទទួល​មរណ​ភាព​​ដោយ​សារ​តែ​វីរុស​បង្ក​ជំងឺ​រលាក​សួត​ថ្មី COVID-19។ លោក​ស្រី​ Catalla បាន​ធ្វើ​ការ​ក្នុង​វិស័យ​ការ​ទូត​អស់​រយៈ​ពេល​27​ឆ្នាំ​មក​ហើយ​។ លោក​ស្រី​ធ្លាប់​កាន់​តំណែង​សំខាន់​ៗ​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​។ នៅ​មុន​ពេល​ត្រូវ​បាន​តែង​តាំង​ជា​ឯកអគ្គរដ្ឋ​ទូត​ប្រចាំ​នៅ​ប្រទេស​លីបង់ លោក​ស្រី​ក៏ធ្លាប់​ធ្វើ​ជា​អគ្គកុង​ស៊ុល​របស់​ហ្វីលីពីន ប្រចាំ​ទីក្រុង​ហុង​កុង​ផងដែរ​។

    ប្រទេស​លីបង់ មក​ដល់​ពេល​នេះ បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​ COVID-19 ចំនួន​ជិត​500​នាក់ ក្នុង​នោះ​មាន​16​នាក់​បាន​បាត់បង់ជីវិត​។

    ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​មក​នេះ លោក​ស្រី Catalla ត្រូវ​បាន​គេ​មើល​ឃើញ​ថា មមាញឹក​យ៉ាង​ខ្លាំង​ក្នុង​ការ​បំពេញ​ការ​ងារ​ ពិសេស​គឺ​កិច្ច​ការ​ដែល​ទាក់​ទិន​នឹង​ការ​បញ្ជូន​ពលករ​ហ្វីលីពីន​ជា​ច្រើន​ម៉ឺន​នាក់នៅ​លីបង់​ ត្រឡប់​ទៅ​កាន់​ប្រទេស​វិញ ខណៈ​មេរោគ​ COVID-19 កំពុង​រាល​ដាល​ពាស​ពេញ​ពិភពលោក​។

    COVID-19 បាន​បង្ហាញខ្លួន​នៅ​ក្នុង​ប្រទេស​ និងដែន​ដី​ចំនួន​203​ ក្នុងពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ 956,588​នាក់​​បាន​ឆ្លង​មេរោគ ក្នុង​នោះ​មាន​អ្នកជំងឺ​ 48,583​នាក់​បាន​បាត់​បង់ជីវិត​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ហ្វីលីពីន៖ យន្ត​ហោះ​ដឹក​អ្នក​ជំងឺឆ្ពោះ​ទៅ​កាន់​ជប៉ុន​​ ​ផ្ទុះ​ឆេះ​នៅ​ព្រលាន​យន្ត​ហោះ Ninoy Aquino

    ហ្វីលីពីន៖ យន្ត​ហោះ​ដឹក​អ្នក​ជំងឺឆ្ពោះ​ទៅ​កាន់​ជប៉ុន​​ ​ផ្ទុះ​ឆេះ​នៅ​ព្រលាន​យន្ត​ហោះ Ninoy Aquino

    យន្តហោះ​ដឹក​មនុស្ស​8​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ម្នាក់ បាន​ផ្ទុះ​ឆេះ​ និង​ជ្រុល​ចេញ​ផុត​ពី​ផ្លូវ​នៃ​ព្រលាន​យន្ត​ហោះ​ Ninoy Aquino ក្នុង​រដ្ឋ​ធានី​ម៉ានីល​ ប្រទេស​ហ្វីលីពីន​។

    យន្ត​ហោះ​ធន់​តូច​ IAI Westwind ត្រូវ​បាន​គេ​ឱ្យ​ដឹង​ថា ជា​យន្ត​ហោះ​ដែល​រដ្ឋាភិបាល​ប្រទេស​ហ្វីលីពីន​ជួល​ដើម្បី​ដឹក​អ្នក​ជំងឺ​ម្នាក់​ទៅ​កាន់​ប្រទេស​ជប៉ុន​។ យន្ត​ហោះ​​ ដែល​មាន​ស្លាក​លេខ​ RP-C5880​នេះ បាន​​ចាប់​ផ្ដើម​ហោះ​ហើរ​នៅ​វេលា​ម៉ោង​20​ ថ្ងៃទី​29​មីនា។ ក្នុង​ពេល​ចាប់​ផ្ដើម​ហោះ​ហើរ​ យន្ត​ហោះ​នេះ​ស្រាប់​តែ​ឆេះ​សន្ធោ​សន្ធៅ និង​ធ្លាក់​ចេញ​ពី​ផ្លូវ​ក្នុង​ព្រលាន​យន្ត​ហោះ​។ កងកម្លាំង​ពន្លត់​អគ្គិភ័យ​ត្រូវ​ប្រើ​ពេល​ដល់​ទៅ​1ម៉ោង​ ទើប​អាច​ពន្លត់​ភ្លើង​ឆេះ​យន្ត​ហោះ​នេះ​បាន​។

    អ្នក​យក​ព័ត៌​មាន​ក្នុង​ស្រុក Dexter Cabalza បាន​ឱ្យ​ដឹង​ថា យន្ត​ហោះ​នេះ​ដឹក​មនុស្ស​8​នាក់ ក្នុង​នោះ​មាន​បុគ្គលិក​សុខាភិបាល​3​នាក់ និង​អ្នកជំងឺ​ម្នាក់​។ សារ​ព័ត៌មាន​ Reuters បាន​ចេញផ្សាយ​ថា មនុស្ស​ទាំង​8​នាក់​នៅ​លើ​យន្តហោះ​នេះ បាន​បាត់បង់ជីវិត​។ ចំណែកអ្នកជំងឺ​ម្នាក់​នៅ​លើ​យន្ត​ហោះ​នេះ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​ ជា​អ្នក​ជំងឺ​ COVID-19 ឬ​យ៉ាង​ណា​នោះ​ដែរ​។

    នៅ​មុន​ពេល​ជួប​គ្រោះ​ថ្នាក់ យន្ត​ហោះ​នេះ​បាន​ហោះ​ហើរ​ជា​ច្រើន​លើក​ជុំ​វិញ​បណ្ដា​កោះ​របស់​ហ្វីលីពីន​ ដើម្បី​ដឹក​ជញ្ជូន​ឧបករណ៍​វេជ្ជ​សាស្ត្រ​សំខាន់​ៗ​។ ទន្ទឹម​នឹង​នេះ យន្ត​ហោះ​នេះ​ក៏​ធ្លាប់​បាន​ហោះ​ទៅ​កាន់​ប្រទេស​ជប៉ុន ប្រទេស​ថៃ និង​កោះ​តៃ​វ៉ាន់​ផងដែរ៕

    https://www.youtube.com/watch?v=voZKaQANXFI

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • COVID-19! ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ មាន​ករណី​ឆ្លង​វីរុស​ COVID-19 ដំបូង​គេ​បង្អស់​ហើយ!

    COVID-19! ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ មាន​ករណី​ឆ្លង​វីរុស​ COVID-19 ដំបូង​គេ​បង្អស់​ហើយ!

    មន្ត្រី​ការ​បរទេស​ម្នាក់​របស់​ប្រទេស​ហ្វីលីពីន បាន​ក្លាយ​ជា​អ្នក​​ផ្ទុក​វីរុស COVID-19 ​ដំបូង​គេ​បង្អស់​នៅ​ទីស្នាក់​ការ​នៃ​អង្គការ​សហ​ប្រជា​ជាតិ នា​ទី​ក្រុង New York សហរដ្ឋ​អាមេរិក​។

    “មក​ដល់​ពេល​នេះ គណៈ​ប្រតិភូ​ហ្វីលីពីន (នៅ​ឯការិយា​ល័យ​អង្គ​ការ​សហ​ប្រជា​ជាតិ​) កំពុង​ត្រូវ​បាន​ស្នើ​ឱ្យ​នៅ​មួយ​កន្លែង ហើយ​សមាជិក​ទាំង​អស់​​ក៏ត្រូវ​បាន​ស្នើ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ និង​ស្វែង​រក​ជំនួយ​ផ្នែក​សុខាភិបាល​ បើ​សិន​ជាមាន​អាការ​នៃ​ជំងឺ​ COVID-19។ យើងកំពុង​កំណត់​ថា យើង​បាន​ឆ្លង​មេរោគ​” Reuters ដក​ស្រង់​សេចក្ដី​ប្រកាស​របស់​ឯកអគ្គរដ្ឋទូតស្តីទីហ្វីលីពីន ​ប្រចាំ​នៅ​អង្គការ​សហ​ប្រជា​ជាតិ​ លោកស្រី Kira Christianne​ Azucena។

    យោង​តាម​សារ​ព័ត៌មាន Reuters ស្ត្រី​ដែល​ជា​មន្ត្រី​ការ​បរទេស​ហ្វីលីពីននេះ ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​ COVID-19 កាល​ពី​ថ្ងៃទី​12មីនា ដែលនេះ​ជា​ករណី​ដំបូង​បង្អស់​នៅឯ​អង្គការ​សហ​ប្រជាជាតិ នា​ទី​ក្រុង New York។

    គណៈប្រតិភូហ្វីលីពីន​នៅ​ឯទីស្នាក់​ការ​នៃ​អង្គ​ការ​សហប្រជា​ជាតិ​ មាន​មន្ត្រី​ការ​បរទេស​ចំនួន​12នាក់។ មន្ត្រី​ការ​បរទេស​ដែល​បាន​ឆ្លង​មេរោគ​នេះ គឺជា​អ្នក​តំណាង​ឱ្យ​ប្រទេស​ហ្វីលីពីន​​ នៅ​ឯគណៈកម្ម​ការ​ផ្នែក​​ច្បាប់​នៃមហា​សន្និបាត​អង្គការ​សហប្រជា​ជាតិ​។

    ឯកអគ្គរដ្ឋទូតស្តីទីរ​បស់​ប្រទេស ហ្វីលីពីនប្រចាំ​នៅ​អង្គ​ការ​សហប្រជាជាតិ លោក​ស្រី Kira Christianne Azucena បាន​ឱ្យ​ដឹង​ថា អ្នក​ការ​ទូត​ដែល​បាន​ឆ្លង COVID-19នេះ បាន​ទៅ​ដល់​ទីស្នាក់​ការ​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃទី9មីនា និង​នៅ​ទី​នោះ​​​រយៈ​ពេល​ប្រហែល​1ម៉ោង​។ នៅ​ក្នុង​អំឡុង​ពេល​នោះ លោក​ស្រី​អ្នក​ការ​ទូត​រូប​នោះ មិន​មាន​រោគ​សញ្ញា​អ្វី​នោះ​ទេ​។

    ទីស្នាក់ការរបស់​អង្គការ​សហប្រជាជាតិ​​ នៅ​ទី​ក្រុង New York​ សហ​រដ្ឋ​អាមេរិក

    អ្នក​ការ​ទូត​ខាងលើ​ចាប់​ផ្ដើម​មាន​រោគ​សញ្ញា​នៅ​ថ្ងៃទី​10មីនា និង​បាន​ទៅ​ពិនិត្យ​សុខ​ភាព​ និង​ធ្វើ​តេស្ត​រកមេរោគ​។

    អង្គការ​សហ​ប្រជាជាតិ​កំពុង​ចាត់​វិធានការ​មួយ​ចំនួន​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងមេរោគ​កូរ៉ូណា នៅ​ទី​ស្នាក់​ការ​ក្នុង​ទី​ក្រុង​ New York រួម​មាន​ទាំង​ការ​កាត់​បន្ថយ​ពេល​នៃ​មហា​សន្និបាតស្ដី​អំពី​សិទ្ធិ​របស់​ស្ត្រី ដែល​មាន​រយៈ​ពេល​2ថ្ងៃ មក​នៅ​ត្រឹម​1ថ្ងៃ​ ព្រម​ទាំង​កាត់​ចោល​នូវ​កិច្ច​ប្រជុំ​ខ្លី​ៗ​ទៀត​ផង។

    ចំណែក​ប្រតិភូមក​ពី​បណ្ដា​ប្រទេស​ ក៏ត្រូវ​បាន​អង្គការ​សហ​ប្រជាជាតិ​ស្នើ​ឱ្យ​កាត់​បន្ថយ​ចំនួនសមាជិក​ដែល​នឹង​មក​ចូល​រួម​ប្រជុំ​នៅ​អង្គ​ការ​សហ​ប្រជាជាតិ​ផងដែរ​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • ផ្ទុះ​អាវុធ ចាប់​មនុស្ស​30នាក់​ជា​ចំណាប់​ខ្មាំង​ នៅ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​នៃ​ប្រទេស​ហ្វីលីពីន

    ផ្ទុះ​អាវុធ ចាប់​មនុស្ស​30នាក់​ជា​ចំណាប់​ខ្មាំង​ នៅ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​នៃ​ប្រទេស​ហ្វីលីពីន

    យ៉ាង​ហោច​ណាស់ មាន​មនុស្ស​ចំនួន​30​នាក់ត្រូវ​បាន​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង​ បន្ទាប់​ពី​ខ្មាន់​កាំភ្លើង​ម្នាក់​បាន​វាយ​ប្រហារ​ទៅ​លើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នៅ​ក្នុង​រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វីលីពីន​ កាល​ពី​ថ្ងៃទី​2មិនា​កន្លង​ទៅ។

    AFP បាន​ឱ្យ​ដឹង​ថា ហេតុ​ការណ៍​វាយ​ប្រហារ និង​ចាប់​ចំណាប់​ខ្មាំង​​នេះ បាន​កើត​ឡើង​នៅ​ក្នុង​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ Virra Mall ក្នុង​តំបន់ Greenhills ខណ្ឌ​ San Juan ទី​ក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន។

    អាជ្ញា​ធរ​មូលដ្ឋាន​បាន​ឱ្យ​ដឹងថា នៅ​វេលា​ម៉ោង​ប្រហែល​10ព្រឹកថ្ងៃនេះ​ ស្នូរគ្រាប់​កាំភ្លើង​បាន​ផ្ទុះ​ឡើង​នៅ​ឯមជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ Virra Mall។ មនុស្ស​រាប់​​ពាន់​នាក់​បាន​នាំ​គ្នា​រត់់​ចេញ​ពី​តំបន់​ពាណិជ្ជ​កម្ម​នេះ​។

    អាភិបាល​ខណ្ឌ​ San Juan លោក Francis Zamora បាន​ឱ្យ​ដឹង​ថា ខ្មាន់​កាំភ្លើង​ត្រូវ​បាន​​គេ​អះអាង​ថា​ជា​បុគ្គលិក​សន្តិ​សុខ​ម្នាក់​របស់​​មជ្ឈ​មណ្ឌល​ពាណិជ្ជ​​កម្ម​​ដែលទើប​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការ​ងារ​ថ្មី​ៗ​នេះ។ បុរស​នេះ​បាន​ត្រឡប់​មក​កាន់​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​នៅ​ព្រឹក​នេះ​ ហើយ​​បាន​ដាក់លក្ខខណ្ឌ​​មួយ​ចំនួន​ មុន​ពេល​ចាប់​មនុស្ស​ប្រហែល​30នាក់ ធ្វើ​ជា​ចំណាប់​ខ្មាំង​។ ក៏ប៉ុន្តែ អ្នក​នាំ​ពាក្យ​របស់​នគរ​បាល​ Christopher Jan Lagunilla បាន​ឱ្យ​ដឹង​ថា ចំណាប់​ខ្មាំង​មាន​តែ​20​នាក់​ប៉ុណ្ណោះ​ ក្នុង​នោះមាន​ទាំង​ភ្ញៀវ​​ និង​បុគ្គលិក​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ផងដែរ​។

    បច្ចុប្បន្ន គេ​នៅ​មិន​ទាន់​ដឹង​ថា មាន​អ្នក​ស្លាប់​ ឬ​របួស​ប៉ុន្មាន​នាក់​នៅ​ឡើយ ប៉ុន្តែ AFP បាន​ចុះ​ផ្សាយ​ថា យ៉ាង​ហោច​មាន​មនុស្ស​ម្នាក់​បាន​រង​របួស​ដោយ​ត្រូវ​គ្រាប់​កាំភ្លើង និង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។

    យោងតាម​លោក​អភិបាល Zamora ជន​សង្ស័យ​មាន​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដែល​ខ្លួន​ត្រូវ​បណ្ដេញ​ចេញ​ពី​ការ​ងារ​។ ជន​សង្ស័យ​បាន​ស្នើ​ឱ្យ​មាន​កិច្ច​ប្រជុំ​មួយ​តាម​ទូរស័ព្ទ​ជាមួយ​បុគ្គលិក​សន្តិ​សុខផ្សេង​ៗ​របស់​​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ រួម​នឹង​បុគ្គលិក​​ផងដែរ​។

    លោក Zamora ថ្លែង​ថា​ “ជនសង្ស័យ​នេះ​បាន​បញ្ចុះ​បញ្ចូល​បុគ្គលិក​សន្តិ​សុខ​ដទៃ​ឱ្យ​ចូល​រួម​ជាមួយ​ខ្លួន​ដើម្បី​ “ផ្ដួល​រំលំ” គណៈ​គ្រប់​គ្រង​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​”។ មន្ត្រី​រូប​នេះ​បន្ត​ថា ជន​សង្ស័យ​ហាក់​ដូច​ជា​បាន​យក​គ្រាប់​បែក​មក​តាម​ខ្លួន​ទៀត​ផង។

    ក្រោយ​មក​មិន​យូរ​ប៉ុន្មាន ជនសង្ស័យ​ដែល​ជា​អតីត​បុគ្គលិក​សន្តិ​សុខ​របស់​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ខាង​លើ ក៏ត្រូវ​បាន​ចាប់​ខ្លួន​។ ចំណែក​ចំណាប់​ខ្មាំង​ទាំង​អស់​ក៏ត្រូវ​បាន​ដោះ​លែង​។

    ខ្មាន់​កាំភ្លើង​នេះ​បាន​ស្នើ​ឱ្យអាជ្ញា​ធរ​រៀប​ចំ​ឱ្យ​​ខ្លួន​ អាច​និយាយ​នៅ​ចំពោះ​មុខ​អតីត​មិត្ត​រួម​ការ​ងារ​ ក៏ដូច​ជា​អ្នក​យក​ព័ត៌មាន អំពី​មូល​ហេតុ​ដែល​នាំ​ឱ្យ​កើត​មាន​ហេតុ​ការណ៍​នេះ។ ក្រុម​អ្នក​គ្រប់​គ្រង​ផ្នែក​សន្តិ​សុខ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ក៏បាន​សុំ​ទោស​ និង​បាន​លា​លែង​ពី​តំណែង​ទៅ​តាម​ការ​ស្នើ​របស់​ជន​សង្ស័យ​។

    ចំពោះ​មូល​ហេតុ​នៃ​អំពើ​ខុស​ច្បាប់​ខាង​លើនេះ ត្រូវ​បាន​គេ​ដឹង​ថា កើត​ឡើង​ដោយ​ជន​សង្ស័យ​មិន​សុខ​ចិត្ត​ បន្ទាប់​ពី​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការ​ងារ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ករណី​ស្លាប់​ដោយ​សារ​មេរោគ​ Corona ដំបូង​បង្អស់នៅ​ខាង​ក្រៅ​ប្រទេស​ចិន​

    ករណី​ស្លាប់​ដោយ​សារ​មេរោគ​ Corona ដំបូង​បង្អស់នៅ​ខាង​ក្រៅ​ប្រទេស​ចិន​

    ​​អ្នក​ជំងឺ​ដែល​បាន​ឆ្លង​មេរោគ​ Corona ម្នាក់​បាន​ស្លាប់​នៅ​ឯក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ដែល​​នេះ​គឺ​ជា​ករណី​ដំបូង​បង្អស់​ អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ នេះ​បើ​យោង​តាម​អង្គ​ការ​សុខ​ភាព​ពិភពលោក​។

    តំណាង​អង្គ​ការ​សុខ​ភាព​ពិភព​លោកប្រចាំ​​​ហ្វី​លីពីន លោក Rabindra Abeyasinghe បាន​មាន​ប្រសាសន៍​​កាល​ពី​ព្រឹក​មិញ​ថា “អ្នក​ដែល​បាន​ស្លាប់​នោះ​គឺ​ជា​ជនជាតិ​ចិន មក​ពី​ក្រុង​ Wuhan ដែល​ជាតំបន់​កំណើត​នៃ​វីរុស​ Corona (nCoV)។ នេះ​ជា​ករណី​ស្លាប់​ដំបូង​បង្អស់​នៅ​ក្រៅ​ប្រទេស​ចិន​”។

    ជន​រងគ្រោះ​ដោយ​សារ​អាសន្នរោគ​ Corona ខាង​លើ មាន​អាយុ 44ឆ្នាំ ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​នៃ​ក្រុង​ម៉ានីល។ តាម​ការ​សន្និដ្ឋាន​របស់​មន្ត្រី​សុខាភិបាល បុរស​នេះ​ប្រហែល​បាន​ឆ្លង​មេរោគ​ដ៏​ប្រល័យ​នេះ​កាល​ពី​នៅ​ប្រទេស​ចិន មុន​ពេល​រួម​ដំណើរ​ជា​មួយ​ស្ត្រី​ម្នាក់​មក​កាន់​ហ្វីលីពីន​។ ស្ដ្រី​ម្នាក់​នេះ ត្រូវ​បាន​គេ​បញ្ជាក់​ថាជា​អ្នក​​មាន​ផ្ទុក​មេរោគ​ Corona ដំបូង​នៅ​ហ្វីលីពីន។​ ​បច្ចុប្បន្ន ស្ត្រី​នេះ​ទទួល​ការ​ព្យា​បាល​នៅឯ​មន្ទីរ​ពេទ្យមួយ​នៃ​ប្រទេស​នេះ​។

    លោក Rabindra Abeyasinghe បាន​បន្ត​ថា ៖ “យ៉ាង​នេះ​ក្ដី គេ​ត្រូវ​ដឹង​ថា អ្នក​ជំងឺ​មិន​មែនជា​ករណី​ឆ្លង​រោគ​នៅ​ទី​នេះ​។ អ្នក​ជំងឺ​មក​ពី​តំបន់​កណ្ដាល​នៃ​អាសន្ន​រោគ (Wuhan)​”។

    ហ្វីលីពីន កាល​ពី​បួន​ថ្ងៃ​មុនបាន​ប្រកាស​ផ្អាក​ការ​ផ្ដល់​ទិដ្ឋាការ​នៅ​នឹង​កន្លែង​ថ្មី​សម្រាប់​ពលរដ្ឋ​ចិន​ ដើម្បី​កាត់​បន្ថយចំនួន​នៃ​​ក្រុម​អ្នក​ទេស​ចរណ៍។ មន្ត្រី​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ហ្វីលីពីន បាន​ឱ្យ​ដឹង​ថា​ ប្រទេស​នេះ​មិន​ទាន់​បាន​ហាម​ពល​រដ្ឋ​ចិន​មក​កាន់​ប្រទេស​នេះ​នៅឡើយ​ ប៉ុន្តែ​ពួកគេ​ស្នើ​ឱ្យ​ពល​រដ្ឋ​ចិន​ធ្វើ​តេសត៍​រក​មេរោគ nCoV មិន​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​​ប្រទេស​ហ្វីលីពីន។ ចំណែក​នាយក​ដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល​ហ្វី​លីពីន បាន​ផ្អាក​ការ​ហោះ​ហើរ​ត្រង់​ពី​ក្រុង​ Wuhan។

    ផែនទី​បង្ហាញ​ពី​វត្តមាន​របស់​អ្នក​​បាន​ឆ្លង​វីរូស​រលាក​សួត​ Corona

    អាសន្ន​រោគ​រលាក​សួត​ដែល​បង្ក​ឡើង​ដោយ​វីរូស nCoV​ (Corona) បាន​កើន​ឡើង​នៅ​ក្រុង​ Wuhan តាំង​ពី​ថ្ងៃ​ទី 12​ធ្នូ ឆ្នាំ2019 ក្រោយ​មក​វា​បាន​រាល​ដាល​ដល់ 31ខេត្ត​ក្រុង​នៃ​ប្រទេស​ចិន​។ គិត​មកត្រឹម​​ថ្ងៃ​នេះ (2កុម្ភៈ) ​អ្នក​សា្លប់​ដោយ​សារ​មេរោគ​នេះ​ កើន​ដល់​ 304នាក់​នៅ​ប្រទេស​ចិន​ និង​មាន​អ្នក​ឆ្លង​មេរោគ​នេះចំនួន 14,451​នាក់។ នៅ​ខាង​ក្រៅ​ប្រទេស​​ចិន​វិញ មានប្រទេស​ និង​តំបន់​ចំនួន​26 ត្រូវ​គេ​រាយការណ៍​ថា មាន​អ្នក​ឆ្លង​វីរូស​នេះ ក្នុង​នោះ​មាន​ម្នាក់បាន​បាត់​បង់​ជីវិត​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • សូម​ប្រយ័ត្ន​រឿង​ញ៉ាំ​គ្រឿងស្រវឹង​ ពេល​ទៅដើរ​លេង​នៅ​ប្រទេស​ទាំងនេះ​…

    សូម​ប្រយ័ត្ន​រឿង​ញ៉ាំ​គ្រឿងស្រវឹង​ ពេល​ទៅដើរ​លេង​នៅ​ប្រទេស​ទាំងនេះ​…

    នៅក្នុង​ប្រទេស​មួយចំនួន​ ដូចជា​សិង្ហបុរី​ ប៊្រុយ​ណេ​ អារ៉ាប់រួម​ (United​ Arab​ Emirates​) ឬប៉ាគីស្ថាន​ ជាដើម​ ជា​ប្រទេស​ដែល​មានច្បាប់​តឹងរ៉ឹង​បំផុត​លើ​ការប្រើ​ប្រាស់​ជាតិ​ស្រវឹង​នៅ​ទី​សាធារណៈ​ ដោយ​អនុវត្ត​ទៅលើ​ទាំង​ពលរដ្ឋ​ក្នុង​ស្រុង​ ទាំង​ភ្ញៀវ​ទេសចរ​បរទេស​។
            -នៅ​ប្រទេស​សិង្ហបុរី​ (Singapore​) ប្រជាជន​ត្រូវ​បាន​ហាម​មិន​ឱ្យ​ផឹកស្រា​បៀរ​នៅកន្លែង​សាធារណៈ​ ចាប់ពី​ម៉ោង​22​:30​នាទី​ ដល់ម៉ោង​ 7ព្រឹក​ ជា​រៀងរាល់ថ្ងៃ​។ ហាង​លក់រាយ​ទាំងឡាយ​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លក់​ស្រា​បៀរ​ឱ្យ​ភ្ញៀវ​ដែល​ចង់​ទិញ​យក​ទៅក្រៅ​ ក្នុង​អំឡុង​ម៉ោង​នេះ​ដែរ​។ បើសិន​រំលោភ​លើ​ការ​ហាមប្រាម​នេះ​ អ្នកលក់​នឹង​ត្រូវ​រដ្ឋ​ពិន័យ​ឱ្យ​បង់ប្រាក់​1,000​ដុល្លារ​សិង្ហបុរី​ (ប្រហែល​742​ដុល្លារ​អាមេរិក​)។ ចំពោះ​អ្នក​ដែល​ល្មើស​បំពានច្បាប់​នេះ​ជា​លើក​ទី​2 នឹង​ត្រូវ​ជាប់ពន្ធ​នា​គារ​ 3ខែ​ និង​ពិន័យ​ជា​ប្រាក់​ 2,000​ដុល្លារ​សិង្ហបុរី​ (ប្រហែល​ 1480​ដុល្លារ​អាមេរិក​)។

            -ចំណែក​នៅ​ប្រទេស​ឥណ្ឌា​វិញ​ មាន​រដ្ឋ​មួយចំនួន​ ក៏​មានច្បាប់​តឹងតែង​ផង​ដែរ​ទាក់ទិន​នឹង​ការ​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងស្រវឹង​នេះ​។ នៅ​តំបន់​ Gujarat​ អ្នកទេសចរ​ដែល​ចង់​ផឹកស្រា​ឱ្យ​ស្របតាម​ច្បាប់​ ដាច់ខាត​គឺ​ត្រូវ​ទិញ​អាជ្ញាប័ណ្ណ​ (លិខិតអនុញ្ញាត​) ដែល​មាន​អាយុកាល​ 30​ថ្ងៃ​។ អាជ្ញាប័ណ្ណ​នេះ​ មាន​លក់​នៅ​តាម​សណ្ឋាគារ​ ឬព្រលា​នយន្តហោះ​។ នៅ​ឯរដ្ឋ​ Manipur​ និង​រដ្ឋ​ Nagaland​ ក្នុង​ប្រជុំកោះ​ Lakshadweep​ (លើកលែងតែ​តំបន់​លម្ហែ​កាយ​លើ​កោះ​ Bangaram​) ស្រាបៀ​រទាំង​ឡាយ​ត្រូវ​បាន​ហាម​ជួញដូរ​ទាំងស្រុង​។

            -ជា​ប្រទេស​កាន់​សាស​នា​មូស្លីម​ ប៊្រុយ​ណេ​ក៏​មានការ​ហាម​មិន​ឱ្យ​ផឹក​គ្រឿងស្រវឹង​នៅ​ទី​សាធារណៈ​ដែរ​។ ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​កម្សាន្ត​នៅ​ប្រទេស​នេះ​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​យក​ស្រា​ខ្លាំង​ 2ដង​ និង​ស្រា​បៀរ​ 12​កំប៉ុង​តាម​ខ្លួន​ ហើយ​ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​រៀងរាល់​ 48​ម៉ោង​ ប៉ុន្តែ​ការ​ផឹកស៊ី​ គឺ​ត្រូវតែ​ធ្វើឡើង​នៅ​ទី​កំបាំង​។

            -នៅ​ប្រទេស​អារ៉ាប់រួម​ ឬអារ៉ាប់​ អេ​មី​រ៉េ​ត បើ​ទោះជា​គេ​ឃើញ​មាន​ស្រា​បៀរ​ច្រើន​នៅក្នុង​សណ្ឋាគារ​ ភោជនីយដ្ឋាន​ និង​ផ្សារ​ទំនើប​មែន​ ប៉ុន្តែ​ការ​ផឹក​គ្រឿងស្រវឹង​ទាំងនោះ​នៅក្នុង​ទី​សាធារណៈ​ ក៏​នៅតែ​ជា​រឿង​ខុសច្បាប់​ដែរ​។ នៅក្នុង​រាជាណាចក្រ​ Sharjah​ (រាជាណាចក្រ​មួយ​ក្នុងទឹក​ដី​អារ៉ាប់រួម​) គ្រឿងស្រវឹង​ត្រូវ​បាន​ហាម​លក់ដូរ​ និង​ផឹក​ទាំងស្រុង​។

            -ឯប្រជុំកោះ​ Maldives​ ដែល​ល្បីឈ្មោះ​ថា​ មាន​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​ រួម​ទាំង​មាន​ភ្ញៀវ​ទេសចរ​លំដាប់​អ្នកមាន​ទៅ​កម្សាន្ត​ច្រើន​នោះ​ ក៏​ហាម​អ្នកស្រុក​ប្រើប្រាស់​គ្រឿងស្រវឹង​ដែរ​។ ទេសចរ​បរទេស​ដែល​ទៅកាន់​ទីនោះ​ អាច​ប្រើប្រាស់​គ្រឿងស្រវឹង​បានតែ​នៅក្នុង​សណ្ឋាគារ​ និង​រមណីយដ្ឋាន​ដែល​មាន​អាជ្ញាប័ណ្ណ​ធ្វើជំនួញ​ស្របច្បាប់​តែប៉ុណ្ណោះ​។

            -ចាប់តាំងពី​អតីត​នាយក​រដ្ឋមន្ត្រី​ Zulfikar​ Ali​ Bhutto​ ចូលកាន់​អំណាច​ ការប្រើ​ប្រាស់​ស្រា​បៀរ​ ត្រូវ​បាន​ហាម​ទាំងស្រុង​នៅ​ប្រទេស​ប៉ា​គិ​ស្ថាន​។ សូម្បីតែ​ក្រោយ​ព្រឹត្តិ​ការណ៍​រដ្ឋប្រហារ​ក្នុង​ឆ្នាំ​1977​ ច្បាប់​នេះ​ក៏​នៅតែ​មាន​សុពលភាព​ដដែល​។ ភ្ញៀវ​ទេសចរ​បរទេស​ដែល​មិន​កាន់​សាស​នា​មូស្លីម​ អាច​ទិញ​ស្រា​បៀរ​នៅ​ឯសណ្ឋាគារ​ផ្កាយ​4 ឬផ្កាយ​5បាន​។

            -នៅក្នុង​ប្រទេស​មួយចំនួន​ ដូចជា​ប្រទេស​ថៃ​ ហ្វីលីពីន​ ឬវ៉េ​ណេហ្ស៊ូ​អេ​ឡា​ ជាដើម​ ការ​ហាមប្រាម​ប្រើ​គ្រឿងស្រវឹង​ មាន​សភាព​ធូរស្រាល​បន្តិច​ ប៉ុន្តែ​ក្នុងអំឡុងពេល​បោះឆ្នោត​ ឬព្រឹត្តិ​ការណ៍​សំ​ខាន់​ៗមួយចំនួន​ ការ​ផឹក​គ្រឿងស្រវឹង​ត្រូវ​បាន​រឹតត្បិត​។ រី​ឯប្រទេស​ហ្វីលីពីន​វិញ​ ការ​ជួញដូរ​គ្រឿងស្រវឹង​ត្រូវ​បាន​ហាម​ក្នុងរយៈពេល​ 2ថ្ងៃ​ មុន​ថ្ងៃ​បោះឆ្នោត​។ វេ​ណេហ្ស៊ូ​អេ​ឡា​ ហាម​លក់​គ្រឿងស្រវឹង​ក្នុង​អំឡុង​ 21​ម៉ោង​មុន​បោះឆ្នោត​៕

    ប្រភព​៖ សារព័ត៌មាន​បរទេស​

  • ក្រុមបាល់ទាត់នារីរបស់កម្ពុជាឈ្នះ សិង្ហបុរី ២-១ ខណៈល្ងាចនេះ បន្តប៉ះហ្វីលីពីន

    ក្រុមបាល់ទាត់នារីរបស់កម្ពុជាឈ្នះ សិង្ហបុរី ២-១ ខណៈល្ងាចនេះ បន្តប៉ះហ្វីលីពីន

    ក្រុមបាល់ទាត់នារីអាយុក្រោម១៥ឆ្នាំកម្ពុជា(U-15)បានប្រកួតឈ្នះក្រុមបាល់ទាត់នារីរបស់សិង្ហបុរី កាលពីសប្ដាហ៍មុនលើទឹកដីប្រទេសឡាវក្នុងព្រឹត្តិការណ៍បាល់ទាត់នារីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ AFF U15 Girls’ Championship 2017 នោះ នឹងបន្តប្រកួតដណ្ដើមយកពិន្ទុនាល្ងាចនេះបន្តទៀត។


    នេះគឺជាការប្រកួតទី២ក្នុងពូលB របស់ក្រុមU-15នារីកម្ពុជា និងក្រុមU-15នារីហ្វីលីពីន បន្ទាប់ពីក្រុមទាំងពីររកបាន៣ពិន្ទុរៀងៗខ្លួនកាលពីការប្រកួតទី១នាដើមសប្ដាហ៍កន្លងទៅ ក្នុងនោះក្រុមU-15នារីកម្ពុជា បានយកឈ្នះក្រុមបាល់ទាត់នារីសិង្ហបុរី ២-១ និងក្រុមU-15នារីហ្វីលីពីនបានលត់ក្រុមU-15នារីឥណ្ឌូនេស៊ី ២-០ ។

    តាមរយៈលទ្ធផលខាងលើ ក្រុមទាំងពីរសុទ្ធតែត្រូវការឈ្នះរៀងៗខ្លួនសម្រាប់ការប្រកួតទី២ល្ងាចនេះ ដើម្បីបង្កើនឱកាសប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFF U15 Girls’ Championship 2017 ។ ហើយក្រៅពីជំនួបរវាងក្រុមទាំងពីនេះ ក្រុមU-15នារីឥណ្ឌូនេស៊ី និងសិង្ហបុរីក៏ត្រូវជួបគ្នានាល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះផងដែរ ៕