Tag: ហ៊ុន សែន

  • នៅ​សល់​ 92 ថ្ងៃ​ទៀត ស្ពាន​អាកាស​ព្រះ​មុនីវង្ស​ ​នឹង​បញ្ចប់​ការ​សាងសង់​ដំណាក់​កាល​ទី​មួយ

    នៅ​សល់​ 92 ថ្ងៃ​ទៀត ស្ពាន​អាកាស​ព្រះ​មុនីវង្ស​ ​នឹង​បញ្ចប់​ការ​សាងសង់​ដំណាក់​កាល​ទី​មួយ

    (ភ្នំពេញ) ៖ ស្ពានអាកាសព្រះមុនីវង្ស ដែល​ស្ថិត​នៅទីតាំង​​ប្រសព្វគ្នា​រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ​ 60 ម៉ែត្រ) និងមហាវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវ 271) ​គ្រោង​នឹង​បញ្ចប់​ដំណាក់​កាលទីមួយ​មុនកាលកំណត់រយៈពេល 4 ខែ ពោល​គឺ​នៅ​សល់​ 92 ថ្ងៃ​ទៀត​​ បើ​រាប់ចាប់ពីថ្ងៃទី 11 ខែមករា 2024​។

    ស្ពានអាកាសព្រះមុនីវង្សដែល​មានកម្ពស់ 2 ជាន់​នេះ​ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី 31 សីហា 2022។ តាមផែនការ ​ជំហានទីមួយ​នៃ​គម្រោង​នេះ នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីខ្មែរ​ក្នុង​ឆ្នាំ​ 2024 ខណៈ​ដែល​ជំហានទីពីរ​នឹងបញ្ចប់មុនបុណ្យ​ចូលឆ្នាំខ្មែរ​ ក្នុង​ឆ្នាំ 2025​។

    ស្ពាន​អាកាស​ព្រះ​មុនីវង្ស​ ​សាងសង់​ដោយក្រុម​ហ៊ុ​ន​វិ​​និយោ​គ​ទុន​អា​ណិ​ក​ជ​​ន​កម្ពុ​ជា​ (O​C​​IC) គ្រោងចំណាយថវិកា 36,775,000 ដុល្លារ​អាម៉េរិក និង​​ចំណាយពេលសាងសង់ជាង 30 ខែ គ្រោង​នឹង​បញ្ចប់ដំណាក់​កាលទីមួយ​មុនកាលកំណត់រយៈពេល 4 ខែ ពោល​គឺ​នៅ​សល់​ 92 ថ្ងៃ​ទៀត​​ បើ​រាប់ចាប់ពីថ្ងៃទី 11 ខែមករា 2024​។

    គម្រោង​ស្ពាន​អាកាស​ព្រះមុនីវង្ស​ក្បាល​ថ្នល់

    បន្ទាប់​ពី​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ ស្ពានអាកាស​ស្ថិតក្នុងទឹកដីខណ្ឌចំការមន និង​ខណ្ឌមានជ័យនេះ​ នឹង​រួម​ចំណែក​យ៉ាង​ធំ​​ក្នុង​ការ​​កាត់បន្ថយ​ស្ថាន​ភាព​កក​ស្ទះ​ចរាចរណ៍នៅ​រាជធានីភ្នំពេញ៕

  • ថ្ងៃ​ទី 05 ឧសភា​នេះ កម្ពុជា​សម្ពោធ​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 ជា​ផ្លូវការ

    ថ្ងៃ​ទី 05 ឧសភា​នេះ កម្ពុជា​សម្ពោធ​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 ជា​ផ្លូវការ

    ពិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 ជា​ផ្លូវការ​នេះ នឹងត្រូវ​ធ្វើឡើង​នា​វេលា​ម៉ោង 19 នៅឯ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ស្ថិតក្នុង​រាជធានី​ភ្នំពេញ។

    មកដល់​បច្ចុប្បន្ន ម្ចាស់ផ្ទះ​កម្ពុជា​នៅតែ​មិន​បញ្ចេញ​ព័ត៌មាន​លំអិត​អំពី​កម្មវិធី និង​ការសំដែង​នានា​នៅក្នុង​ពិធី​​សម្ពោធ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 ក្រៅតែពី​ពេលវេលា ទីតាំង និង​បណ្ដា​មន្ត្រីជាន់ខ្ពស់​ដែល​អញ្ជើញ​ចូលរួម។ ក្រុម​អ្នកយកព័ត៌មាន​ក៏​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​ទស្សនា​ការហាត់​សម ព្រោះ​គណៈកម្មការ​ស៊ី​ហ្គេម​ចង់​បង្កើត​កម្មវិធី​ដ៏​ទាក់ទាញ​មួយ​ទៅតាម​ស្ដង់ដា​អូឡាំពិក។

    ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ គណៈ​កម្មាធិការ​​ជាតិ CAMSOC កាលពី​ថ្ងៃទី 24 មេសា បានឱ្យដឹងថា កម្ពុជា​ត្រូវតែ​ប្រារព្ធ​ពិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍​ប្រកប​ដោយ​ការទាក់ទាញ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ទៅតាម​ស្ដង់ដា​អូឡាំពិក ពុំមែន​លំដាប់​តំបន់​ដូច​​ប្រទេស​ដទៃ។ គ្រប់គ្នា​នឹង​បានឃើញ​ចំណុច​ដ៏​អស្ចារ្យ​របស់​ពិធី​នេះ។

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តោ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​មិន​យក​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​ពិធី​សម្ពោធ​នេះ​ផងដែរ។ សម្ដេច​មាន​ប្រសា​សន៍​ថា មនុស្ស​ជាង​កន្លះ​លាន​នាក់​ចង់​ចូល​ទស្សនា ប៉ុន្តែ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ អាចដាក់​មនុស្ស​បានតែ​ពី 60,000 ទៅ 70,000 នាក់​ប៉ុណ្ណោះ។ ទោះជា​យ៉ាងណាក៏ដោយ បញ្ហា​នេះ​ត្រូវបាន​ដោះស្រាយ​តាមរយៈ​ការដំឡើង​ឆាក​បញ្ចាំង​ស្លាយ​ផ្សាយ​បន្ត​ផ្ទាល់​នៅតាម​បណ្ដា​ខេត្ត-ក្រុង​។

    ទីលាន​បាល់ទាត់​មរតក​តេ​ជោ ស្ថិតក្នុង​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ នៅ​សង្កាត់​ព្រែ​កតាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ត្រូវបាន​សម្ពោធ​ការដ្ឋាន​សាងសង់​កាលពី​ខែសីហា 2017 ហើយ​បួន​ឆ្នាំ​ក្រោយមក​ក៏បាន​សម្រេច​ជា​ស្ថាពរ។ ការចំណាយ​សម្រាប់​ការសាងសង់​ពហុ​កីឡដ្ឋាន​នេះ​គឺ​ប្រហែល 160 លាន​ដុល្លារ​អាម៉េរិក ជា​ជំនួយ​របស់​ប្រទេស​ចិន។

    យោងតាម​គេហទំព័រ​ស៊ី​ហ្គេម​លើក​ទី 32 ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​នៅ​កម្ពុជា មាន​សមាជិក​ចូលរួម​ប្រហែល 12,000 នាក់ មកពី 11 ប្រតិភូ ដោយ​មិនទាន់​រាប់បញ្ចូល​ក្រុម​អាជ្ញាកណ្ដាល។ អ្នកយកព័ត៌មាន​ជាង 2,000 នាក់​ក៏បាន​ទទួល​កាត​ចុះឈ្មោះ​ចូល​យក​ព័ត៌មាន ក្នុងនោះ​មាន 907 នាក់​មកពី​បរទេស។

    ស៊ី​ហ្គេម​លើក​ទី 32 ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ និង​ទីក្រុង​បួន​ផ្សេងទៀត ចាប់ពី​ថ្ងៃទី 29 មេសា​ដល់ 16 ឧសភា ដោយមាន​កីឡា 36 ប្រភេទ ចែកជា 584 វិញ្ញាសា។ កាលពី​ថ្ងៃទី 04 ឧសភា គណៈកម្មការ​ស៊ី​ហ្គេម​បានប្រគល់​មេដាយ​ចំនួន 9 គ្រឿង​ដំបូង​ជូន​អត្តពលិក​ ក្នុងនោះ​ម្ចាស់ផ្ទះ​កម្ពុជា​នាំមុខគេ​ដោយ​ដណ្ដើមបាន​មេដាយមាស​ប្រាំ​គ្រឿង។ ហ្វ៊ី​លី​ពី​ន​ដណ្ដើមបាន​មេដាយមាស​ពីរ​គ្រឿង ខណៈ​ថៃ និង​ឡាវ​ទទួលបាន​មួយគ្រឿង ពី​ប្រភេទ​កីឡា​គុន ជូ​ជិត​ស៊ូ (Jujutsu) និង​ល្បុក្កតោ។

    នៅក្នុង​ថ្ងៃទី 05 ឧសភា​នេះ ស៊ី​ហ្គេម​លើក​ទី 32 នឹងមិនមាន​ការប្រកួត​កីឡា​ណាមួយ​ឡើយ ដោយ​ផ្ដោតទៅលើ​តែ​ពិធី​សម្ពោធ​ជា​ផ្លូវការ។

    បទ​ចម្រៀង​ផ​ផ្លូវការ​របស់​ស៊ី​ហ្គេម​លើក​នេះ​គឺ​បទ Cambodian Pride ដែល​បច្ចុប្បន្ន​​ចំនួន​​​អ្នក​ចូល​មើល​​បាន​កើន​ឡើង​ដល់​ជាង 65 លាន​លើក​នៅលើ YouTube ក្រោយពី​បង្ហោះ​បាន​ជាង​បី​សប្ដាហ៍។ រូបតំណាង​ស៊ី​ហ្គេម​លើក​ទី 32 គឺ​កូន​ទន្សាយ​ពីរ​ក្បាល មួយ​ឈ្មោះ រំដួល និង​មួយ​ឈ្មោះ បុរី។

    ចំណែក​ពិធី​បិទ​ស៊ី​ហ្គេម​លើក​ទី 32 វិញ នឹងត្រូវ​ធ្វើឡើង​ក្នុង​​ថ្ងៃទី 17 ឧសភា នៅឯ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ៕

  • សម្តេចតេជោ៖ អ្នកណា Live លក់ថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ19 សូមសមត្ថកិច្ច ទៅតាមចាប់ដល់ផ្ទះ

    សម្តេចតេជោ៖ អ្នកណា Live លក់ថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ19 សូមសមត្ថកិច្ច ទៅតាមចាប់ដល់ផ្ទះ

    នៅក្នុងឱកាសនៃការថ្លែងសន្និសីទសារព័ត៌មាននៅវិមានសភាជាតិ នាព្រឹកថ្ងៃទី30 ខែមីនា ឆ្នាំ2020 សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកាស ដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឱ្យអាជ្ញាធរសមត្ថកិច្ច ចាប់រឹបអូសថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ19។

    ទន្ទឹមនឹងនោះ សម្តេចេតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាជីវករ ដែលបំផុសការលក់ថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តរកវីរុសកូវីដ19 សូមកុំឱ្យបង្កការស្មុគស្មាញក្នុងសង្គម ព្រោះអង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់ថា ថ្នាំណាមួយ ដើម្បីព្យាបាល និងការពារជំងឺកូវីដ19 នៅឡើយទេ។

    ក្នុងនោះ ក៏អង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់នូវឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ19 នោះទេ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្នាំណា ដែលថា ព្យាបាលជា ហើយឧបករណ៍ណា ដែលថា ធ្វើតេស្តឃើញវីរុសកូវីដ19 គឺសូមកុំជឿ។ រឹបអូសយកសម្ភារៈថ្នាំនោះ យកទៅកម្ទេចចោលតែម្តងទៅ។ អ្នកណា Live លក់ថ្នាំ និងសម្ភារៈទាំងនេះ សូមអាជ្ញាធរសមត្ថកិច្ច ទៅតាមចាប់ដល់ផ្ទះតែម្តង៕

     

  • សម្តេចតេជោនាយករដ្ឋមន្ត្រី លើកឡើងនូវចំណុចសំខាន់ៗចំនួន 8ចំណុច ទាក់ទងនឹងវិធានការចូលរួមទប់ស្កាត់ជំងឺកូវីដ19

    សម្តេចតេជោនាយករដ្ឋមន្ត្រី លើកឡើងនូវចំណុចសំខាន់ៗចំនួន 8ចំណុច ទាក់ទងនឹងវិធានការចូលរួមទប់ស្កាត់ជំងឺកូវីដ19

    នៅព្រឹកថ្ងៃចន្ទទី30 ខែមីនា ឆ្នាំ2020 នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិ ដែលបានធ្វើឡើងនៅវិមានសភាជាតិ។

    នៅក្នុងឱកាសនៃការថ្លែងសន្និសីទសារព័ត៌មាននោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងនូវចំណុចសំខាន់ៗចំនួន 8ចំណុច ទាក់ទងទៅនូវវិធានការក៏ដូចជាការចូលរួមទប់ស្កាត់ជំងឺកូវីដ19 ដែលកំពុងតែរីករាលដាលក្នុងប្រទេសកម្ពុជា៖
    1) សម្តេចតេជោ ហ៊ុន សែន ប្រកាសពីការរៀបចំធ្វើច្បាប់ថ្មីមួយ ដើម្បីត្រៀមទប់ទល់នឹងជំងឺកូវីដ19។ ដោយសម្តេចតេជោបានប្រកាសពីការរៀបចំធ្វើច្បាប់ថ្មីមួយ ដើម្បីដាក់ប្រទេសកម្ពុជា ចូលក្នុងគ្រាអាសន្ន ក្នុងបំណងទប់ទល់ នឹងការឆ្លងរីករាលដាលជំងឺកូវីដ19។

    2) សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវប្រកាស នៅថ្ងៃសុក្រ ខាងមុខនេះ ដោយដាក់ឆ្លងគណៈរដ្ឋមន្ត្រី ហើយបញ្ជូនមករដ្ឋសភា ដើម្បីប្រជុំអនុម័តជាការប្រញ៉ាប់។ ប៉ុន្តែសម្តេចតេជោបន្ថែមថា ច្បាប់ថ្មីនេះ នឹងមិនប្រើប្រាស់ភ្លាមនោះទេ ដោយគ្រាន់តែជាការត្រៀមបម្រុង ក្នុងពេលជំងឺកូវីដ19 រីករាលដាលខ្លាំង រហូតដល់យើងមិនអាចគ្រប់គ្រងបាន នៅពេលខាងមុខ។

    3) សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាឱ្យផ្អាក់ការនាំចេញអង្ករ និងស្រូវ តែអនុញ្ញាតឱ្យបន្តនាំចេញអង្ករក្រអូបតែប៉ុណ្ណោះ ដោយចាប់អនុវត្តចាប់ពីថ្ងៃទី05 ខែមេសា ឆ្នាំ2020 តទៅ។ ការសម្រេចនេះ ដើម្បីរក្សាទុកអង្ករស្រូវ សម្រាប់ការផ្គត់ផ្គង់ក្នុងប្រទេស និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។

    4) សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឱ្យបិទកាស៊ីណូទាំងអស់ ចាប់ពីថ្ងៃទី01 ខែមេសា ឆ្នាំ2020 តទៅ ។ការប្រកាសទុកពេលរហូតដល់ថ្ងៃទី1 មេសា នោះគឺដើម្បីទុកពេលឱ្យថៅកែកាស៊ីណូ នីមួយៗ រៀបចំគិតគូទូទាត់ប្រាក់ខែដល់បុគ្គលិកកម្មករ របស់ខ្លួន ហើយនេះគឺដើម្បីជាវិធានការទប់ទល់នឹងការរីករាលដាលជំងឺកូវីដ19។ តែការសម្រេចបិទកាស៊ីណូនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនមែនធ្វើតាមការបញ្ជា ឬលើកឡើងរបស់បុគ្គលណាម្នាក់ទេ។

    5) ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានប្រកាស ដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឱ្យអាជ្ញាធរសមត្ថកិច្ច ចាប់រឹបអូសថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ19។ ទន្ទឹមនឹងនោះ សម្តេចេតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាជីវករ ដែលបំផុសការលក់ថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តរកវីរុសកូវីដ19 សូមកុំឱ្យបង្កការស្មុគស្មាញក្នុងសង្គម ព្រោះអង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់ថា ថ្នាំណាមួយ ដើម្បីព្យាបាល និងការពារជំងឺកូវីដ19 នៅឡើយទេ។ ក្នុងនោះ ក៏អង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់នូវឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ19 នោះទេ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្នាំណា ដែលថា ព្យាបាលជា ហើយឧបករណ៍ណា ដែលថា ធ្វើតេស្តឃើញវីរុសកូវីដ19 គឺសូមកុំជឿ។ រឹបអូសយកសម្ភារៈថ្នាំនោះ យកទៅកម្ទេចចោលតែម្តងទៅ។ អ្នកណា Live លក់ថ្នាំ និងសម្ភារៈទាំងនេះ សូមអាជ្ញាធរសមត្ថកិច្ច ទៅតាមចាប់ដល់ផ្ទះតែម្តង។

    6) សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវអោយប្រជាពលរដ្ឋបង្វែរការភ័យខ្លាចទៅជាវិធានកាតទប់ស្កាត់ការពារខ្លួនពីជម្ងឺនេះ។ សម្តេចតេជោបានអរគុណដល់បណ្តាញផ្សព្វផ្សាយ យុទ្ធនាការអប់រំ , អ្នកនិពន្ធបទចម្រៀង និងការផលិតវីដេអូអប់រំខ្លីៗ។ ក្នុងនោះសម្តេចតេជោសុំអោយបងប្អូនប្រជាពលរដ្ឋដែលមកពីប្រទេសថៃជាង៥ម៉ឺននាក់នោះ ត្រូវដាក់ខ្លួនអោយនៅដាច់ដោយឡែក 14ថ្ងៃ រងចាំការធ្វើតេស្តសិន និងត្រូវចេះការពារខ្លួនឯងទប់ស្កាត់ការចម្លងទៅក្រុមគ្រួសារ។

    7) សម្តេចតេជោ ហ៊ុន សែន ស្នើសូមអោយគ្រប់វិស័ឯកជន និងវិស័យឯកជនទាំងអស់ត្រូវមានការយោគយល់គ្នាក្នុងការប្រកបរបរអាជីវកម្ម ដើម្បីកាត់បន្ថយនូវការបង់រៀងៗខ្លួន ដូចជាការពន្យានៃការបង់ការប្រាក់ បង់ថ្លៃជួយផ្ទះ បង់ផ្ទះទិញ ដើម្បីចូលរួមចំណែកពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសយើង ដែលកំពុងតែជួបបញ្ហាក្នុងរយៈពេលខ្លីនេះ។

    8) សម្តេចតេជោ ហ៊ុន សែន បានអរព្រះគុណចំពោះព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ និងបណ្តាសប្បុរសជនទាំងអស់ដែលបានប្រទាន និងបរិច្ចាគក្នុងការទប់ស្កាត់ជម្ងឺកូវីដ19នេះ។ ថវិកាដែលទទួលបានរហូតមកដល់ពេលនេះគឺមានជាង 10លានដុល្លារ បូករួមប្រាក់រៀល។ សម្តេចតេជោបានប្រកាសថាជំហ៊ានដំបូងសម្តេចតេជោនឹងប្រើប្រាស់ថវិកានោះទៅទិញម៉ាសចំនួន 3លានម៉ាសន្ថែមទៀតសំរាប់ប្រជាពលរដ្ឋយើង និងទិញខោអាវពេទ្យប្រមាណ 5ពាន់ សម្រាប់ ដែលខោអាវពេទ្យនោះមួយផ្នែកយកពីស្វាយរៀង មួយផ្នែកយកពីកំពង់ចាម និងទិញពីក្រៅប្រទេសបន្ថែមទៀត។

    សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តសុំអោយប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ជម្ងឺនេះទាំងអស់គ្នា៕

    ប្រភព៖ Samdech Hun Sen, Cambodian Prime Minister

  • ADB ៖ សេដ្ឋកិច្ចកម្ពុជា នឹង​ខាតបង់​ប្រមាណ 350លាន​ដុល្លារនៅ​ឆ្នាំនេះ ដោយសារ​ មេរោគ​ COVID-19

    ADB ៖ សេដ្ឋកិច្ចកម្ពុជា នឹង​ខាតបង់​ប្រមាណ 350លាន​ដុល្លារនៅ​ឆ្នាំនេះ ដោយសារ​ មេរោគ​ COVID-19

    ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បាន​ព្យាករ​ថា ឥទ្ធិពល​នៃ​មេរោគ COVID-19 នឹង​អាច​នាំឱ្យ​កម្ពុជា​ខាតបង់​ថវិកា​យ៉ាងតិចណាស់​ជិត 350លាន​ដុល្លារ​ក្នុង​ឆ្នាំ2020 នេះ ហើយ​ទំហំ​នៃ​ការខូចខាត​មកលើ​សេដ្ឋកិច្ច​ប្រទេសមួយ​នេះ អាច​នឹងមាន​ទំហំ​កាន់តែ​ធំ​ថែម​ទៀតផង។

    ធនាគារ ADB បានលើកឡើង​បែបនេះ​នៅក្នុង​របាយការណ៍​សង្ខេប​របស់ខ្លួន ដែលមាន​ចំណងជើង​ថា “អ្វី​ជា​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​បណ្ដាលមកពី​ការរីក​រាលដាល​នៃ COVID-19 នៅ​អាស៊ី?” ដែល​បានចេញ​ផ្សាយ​កាលពី​សប្ដាហ៍​មុន ដោយបាន​ព្យាករ​ពី​ផលប៉ះពាល់​មកលើ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងអស់​ក្នុង​តំបន់​អាស៊ី​ដែល​បណ្ដាល​ពី​មេរោគ COVID-19 ហើយ​ការរីក​រាលដាល​នៃ​មេរោគ COVID-19 នេះ​នឹង​ធ្វើឱ្យប៉ះពាល់​ខ្លាំង​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ ក្នុងនោះ​រួមមាន​ទាំង​កម្ពុជា​ផងដែរ។

    របាយការណ៍ បាន​លើកឡើងថា ការរីក​រាលដាល​នៃ COVID-19 កំពុង​ប៉ះពាល់​ដល់​ចិន និង​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅ​អាស៊ី រួមមាន​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នូវ​តម្រូវការ​ក្នុងស្រុក ការថយចុះ​នៃ​សកម្មភាព​ទេសចរណ៍ និង​ការធ្វើ​ពាណិជ្ជកម្ម ព្រមទាំង​បង្អាក់​ការផ្គត់ផ្គង់​វត្ថុធាតុដើម និង​ផលប៉ះពាល់​ដល់​សុខភាព​សាធារណៈ។

    បើតាម​របាយការណ៍រ​បស់ ADB បាន​បង្ហាញថា ផលិតផល​ក្នុងស្រុក​សរុប (GDP)របស់​កម្ពុជា អាច​នឹង​ខាតបង់​ប្រមាណ​ជាង 1.40% ឬ​ស្មើនឹង​ទឹកប្រាក់​ប្រមាណ​ជាង 345,7លាន​ដុល្លារ ក្នុងករណី​ប្រសិនបើ​មាន​ផលប៉ះពាល់​ក្នុង​កម្រិត​តិច​បំផុត។

    របាយការណ៍​បាន​ប៉ាន់ប្រមាណ​ទៀតថា សេដ្ឋកិច្ចកម្ពុជា​អាច​នឹង​ខាតបង់​កំណើន​ប្រមាណ​ជិត 2% ឬ​ស្មើនឹង​ជាង 473លាន​ដុល្លារ ក្នុងករណី​មាន​ផលប៉ះពាល់​ក្នុង​កម្រិត​មធ្យម ហើយ​កំណើន​សេដ្ឋកិច្ចកម្ពុជា អាច​នឹង​បាត់បង់​ក្នុង​រង្វង់​ជិត 3.5% ក្នុងករណី​ផលប៉ះពាល់​មាន​កម្រិត​ខ្ពស់។

    ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បាន​កត់សម្គាល់​ក្នុង​សេចក្តី​សង្ខេប​របស់ខ្លួន​ថា៖“របាយការណ៍​នេះ គឺធ្វើឡើង​ក្នុង​បំណង​ឱ្យ​អ្នករៀបចំ​គោលនយោបាយ​នៃ​បណ្ដា​ប្រទេសនីមួយៗ ត្រៀម​រៀបចំ​យុទ្ធសាស្ត្រ​នានា​ក្នុងការ​បង្ការ​ហានិភ័យ និង​ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា”។

    មន្ត្រី​នៃ​ក្រសួង​ការងារ បានទទួល​ស្គា​ល់ពី​ផលប៉ះពាល់​មកលើ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​រប​ស់​កម្ពុជា ដែល​បណ្ដាលមកពី​ការផ្ទុះ​ឡើង និង​ការរីករាលដាល​នៃ​មេរោគ​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​បាន​វាយប្រហារ​ទៅលើ​ចង្វាក់​នៃ​ការផ្គត់ផ្គង់​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​កាលពីពេល​កន្លងមក។ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​សរុប33 ហើយ បានស្នើ​សុំ​ព្យួរ​កិច្ចសន្យាការងារ​រយៈពេល 2សប្ដាហ៍ (ថ្ងៃទី4 ខែមីនា ឆ្នាំ2020)។

    ឯកឧត្តម ហេង សួរ អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​ឱ្យដឹងថា កម្មករនិយោជិត​ចំនួន 17,096នាក់ នៃ​ចំនួន​កម្មករនិយោជិត​បម្រើ​ការងារ 62,087នាក់ ដែល​ធ្វើការ​នៅក្នុង​រោងចក្រ​ទាំង33 នោះ នឹងត្រូវ​ផ្អាក​ការងារ ដោយសារតែ​កង្វះខាត​វត្ថុធាតុដើម​ដែល​នាំចូល​ពី​ប្រទេស​ចិន ជាទី​ដែល​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​បាន​ផ្ទុះឡើង និង​រីក​រាលដាល​ទូទាំង​ពិភពលោក​ចាប់តាំងពី​ចុងឆ្នាំ​មុន​មក។

    ប៉ុន្តែ កាលពីដើម​សប្ដាហ៍​កន្លងទៅ លោក លូ គឹមឈុន អគ្គនាយក​កំពង់ផែ​ព្រះសីហនុ បាន​ប្រាប់​កាសែត​ក្នុងស្រុក​មួយ​ថា កាលពី​ថ្ងៃ​អង្គារ មាន​នាវា​ដឹក​កុងតឺន័រ​ចំនួន5 ដែល​បាន​ផ្ទុក​ដោយ​វត្ថុធាតុដើម​សម្រាប់​រោងចក្រ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​ហើយ។

    ដោយឡែក​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ជា​សាធារណៈ​កាលពី​ខែ​មុន​ថា ការឆ្លង​រីក​រាលដាល​នៃ​មេរោគ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ កំពុងតែ​វាយប្រហារ​ដោយផ្ទាល់​ទៅលើ​វិស័យ​ទេសចរណ៍​កម្ពុជា ដែល​ទទួលបាន​ភ្ញៀវទេសចរ​ចិន​ដល់​ទៅ​ជាង 30% នៃ​ភ្ញៀវទេសចរ​បរទេស​សរុប​ចូល​មកលេង​កម្ពុជា។

    តែ​ទោះជា​យ៉ាងណាក្ដី សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា កាលពី​ថ្ងៃទី10 ខែមីនា កម្ពុជា​បាន​ត្រៀម​ថវិកា​ចន្លោះ​ពី 800លាន​ដុល្លារ​ទៅ 2,000លាន​ដុល្លារ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច និង​សុខភាព​សាធារណៈ។

    សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា៖ “យើង​មាន​សេណារីយោ​ទប់ទល់​នឹង​កូ​វីដ-19នេះហើយ។ បើ​កូ​រ៉ូ​ណា​អូសបន្លាយ​រយៈពេល 6ខែ យើង​ត្រៀម 800លាន​ដុល្លារ ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច។ យើង​ក៏បាន​ប៉ាន់​ស្មានថា សេដ្ឋកិច្ច​ធ្លាក់​កំណើន​ប៉ុនណា ផលប៉ះពាល់​ធំ​ប៉ុនណា? បើ​វា​កើត​ដល់1ឆ្នាំ យើង​ត្រូវ​ប៉ះប៉ូវ​នូវ​ទំហំ​ទឹកប្រាក់​ប៉ុនណា? អ៊ីចឹង វា​ស្ថិតនៅ​ចន្លោះ​ពី 800លាន​ទៅ 2,000លាន​ប៉ុណ្ណឹង បើ​វា​អូសបន្លាយ​ដល់ 1ឆ្នាំ។ ខ្ញុំ​គិតថា ពិភពលោក​នឹង​ខិតខំ​ដោះស្រាយ​បញ្ហា​នេះ”។

    អ្នកស្រាវជ្រាវ​នៃ​ស្ថាប័ន​រាជបណ្ឌិត្យសភាកម្ពុជាលោក​បណ្ឌិត គី សេរី​វឌ្ឍន៍ បាន​លើកឡើងថា បញ្ហា​មេរោគ​កូ​វីដ-19 នេះ ជា​បញ្ហា​របស់​សកលលោក ដែល​ទាមទារ​ឱ្យ​ប្រទេស​ទាំងអស់​រួមគ្នា​ដោះស្រាយ។

    លោក​មានប្រសាសន៍ថា ជំងឺ​នេះ​បង្ក​ឱ្យ​ប៉ះពាល់​ជំហាន​ដំបូង​ដល់​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កម្ពុជា “រដ្ឋាភិបាល​កម្ពុជា​ត្រូវ​រៀបចំខ្លួន​ឱ្យបាន​ល្អ ចំពោះ​បញ្ហា​នេះ។ សំខាន់ រដ្ឋាភិបាល​ត្រូវ​ប្រឈម​នឹង​ការចំណាយ​ខ្ពស់​ដើម្បី​ទប់ទល់​នឹង​កូ​វីដ-19នេះ។ កម្ពុជា​ត្រូវធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​របស់ខ្លួន​ឱ្យទាន់​ពេលវេលា និង​ឱ្យទាន់​សភាពការណ៍”។

    ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ក៏បាន​ឱ្យដឹង​ដែរ​ថា ទំហំ​នៃ​ផលប៉ះពាល់​សេដ្ឋកិច្ច នឹង​អាស្រ័យ​លើ​របៀប​ដែល​ការផ្ទុះ​ឡើង​នៃ​មេរោគ COVID-19 នៅតាម​បណ្ដា​ប្រទេសនីមួយ។ ADB បាន​បង្ហាញថាការផ្ទុះ COVID-19 នាំឱ្យ​ប៉ះពាល់​សេដ្ឋកិច្ច ជា​សកល​មាន​ទំហំ​ពី 77ពាន់​លាន​ដុល្លារ​ទៅ 347ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង 0.1% ទៅ 0.4% នៃ​ទំហំ​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល។

    ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​បញ្ជាក់ថា នៅក្នុង​ការវិភាគ​ដែល​បាន​គូសបញ្ជាក់​ពី​សេណារីយោ​ដែល​ល្អ​បំផុត និង​អាក្រក់​បំផុត​ថា កំណើនសេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ចិន អាច​នឹង​ត្រូវបាន​កាត់​បន្ថយ​ត្រឹម 0.3% ស្មើនឹង 1.7% និង​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅ​អាស៊ី ដោយ​មិន​រាប់បញ្ចូល​ប្រទេស​ចិន អាច​នឹង​ត្រូវបាន​កាត់​បន្ថយ​ត្រឹម 0.2% ស្មើនឹង 0.5%។

    លោកស្រី Kristalina Georgieva នាយក​គ្រប់គ្រង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF បាន​មានប្រសាសន៍​នាពេល​កន្លងមក​ថា៖“ការរីក​រាលដាល​នៃ​វីរុស​នេះ បានធ្វើឱ្យ​បាត់​ក្តីសង្ឃឹម​សម្រាប់​កំណើនសេដ្ឋកិច្ច​កាន់តែខ្លាំង​នៅ​ឆ្នាំនេះ ហើយនឹង​ធ្វើឱ្យ​ទិន្នផល​សកលលោក​ឆ្នាំ2020 ឈានដល់​ល្បឿន​យឺត​បំផុត ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ2008-2009 មក”។

    ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹង​ទៀតថា ការផ្ទុះ​ឡើង​នៃ​វីរុស​នេះ អាច​នាំឱ្យមាន​ការធ្លាក់​ចុះ​យ៉ាងខ្លាំង​នៅក្នុង​តម្រូវការ​ក្នុងស្រុក ទេសចរណ៍ និង​ការធ្វើ​ដំណើរការ​អាជីវ​កម្ម ពាណិជ្ជកម្ម និង​ផលិតកម្ម ការរំខាន​ដល់​ការផ្គត់ផ្គង់ ការធ្វើឱ្យ​ប៉ះពាល់​ដល់​កំ​ណើ​ន​នៅ​តំបន់​អាស៊ី​ដែល​កំពុងអភិវឌ្ឍន៍។

    ធនាគារ ADB ក៏បាន​ឱ្យដឹង​ទៀត​ដែរ​ថា ខ្លួន​កំពុងផ្តល់​ថវិកា​ចំនួន 12ពាន់​លាន​ដុល្លារ​ជាបន្ទាន់ដើម្បី​ជួយ​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ កែលម្អ​សេវាកម្ម​សុខភាព ការឃ្លាំមើល​ជំងឺ ការទទួលបាន​ការផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ និង​ដើមទុន​សម្រាប់​អាជីវកម្ម​ជាដើម៕

  • សម្តេច ហ៊ុន សែន ជាមេដឹកនាំដំបូង​គេ​ក្នុង​លោក ដែលបាន​អញ្ជើញ​ទៅដល់ប្រទេស​ចិន ខណៈប្រទេស​នេះ​កំពុង​រង​ការ​រាតត្បាត​ពី​មេរោគ​កូរ៉ូណា

    សម្តេច ហ៊ុន សែន ជាមេដឹកនាំដំបូង​គេ​ក្នុង​លោក ដែលបាន​អញ្ជើញ​ទៅដល់ប្រទេស​ចិន ខណៈប្រទេស​នេះ​កំពុង​រង​ការ​រាតត្បាត​ពី​មេរោគ​កូរ៉ូណា

    សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្លាយ​ជាមេដឹកនាំ​ដំបូងគេ​ដែល​បាន​អញ្ជើញ​ទៅ​ដល់​ប្រទេសចិន ខណៈប្រទេស​នេះ​កំពុង​រង​ការ​រាតត្បាត​អាសន្ន​រោគ​រលាក​សួត​ដ៏សាហាវ​​បង្ក​ឡើង​ដោយ​​វីរុស​​កូរ៉ូណា​នៅ​ទូទាំង​ប្រទេស​ ដែល​គិត​មក​ដល់​ពេល​នេះ វា​បាន​សម្លាប់​មនុស្ស​ដល់​ទៅ 493នាក់ និង​ជាង24,587នាក់ផ្សេង​ទៀត​កំពុង​​ផ្ទុក​មេរោគ​នេះ។

    ​រសៀល​ថ្ងៃ​ទី​5កុម្ភៈនេះ នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ សម្ដេច​ ហ៊ុន​ សែន បាន​ដឹក​នាំ​គណៈប្រតិ​ភូកម្ពុជា​ ចេញ​ពី​ក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង និង​បាន​អញ្ជើញ​ទៅ​ដល់អាកាសយានដ្ឋាន​ក្រុង​ប៉េកាំង។ រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី ក៏​បាន​អញ្ជើញ​មក​​ទទួល​សម្ដេច​ ហ៊ុន​ សែន​ ដោយផ្ទាល់។

    ក្នុង​ក្រុម​ប្រតិភូ​នេះ គេ​ឃើញ​មាន​វត្តមាន​របស់​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ និង​លោក ហ៊ុន ម៉ាណែត រួម​និង​លោកឧកញ៉ា គិត​ ម៉េង​ផងដែរ​។

    សារ​ព័ត៌មាន​ CCTV បាន​រាយការណ៍​ថា សម្ដេច​ ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ច្រើន​ទាក់​ទិន​នឹង​បញ្ហា​អាសន្ន​រោគ​កូរ៉ូណា ហើយ​ថា កម្ពុជា​ជឿ​ជាក់​ថា ប្រទេស​ចិន​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ឆាប់​រហ័ស។

    សម្ដេច​ ហ៊ុន​ សែន​ ក៏​បាន​ថ្លែង​ទៀត​ថា ប្រជា​ជន​កម្ពុជា នឹង​ចែក​រំលែក​ការ​លំបាក​របស់​ប្រជា​ជន​ចិន​ នេះ​បើ​តាម​ CCTV។

    ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា លោក​ស្រី Hua Chunying (​អ្នក​នយោបាយ​ចិន​ និង​ជា​ប្រធាននាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួង​ការ​បរទេស​ចិន​) បាន​ថ្លែង​ថា ប្រទេស​ចិនពិត​ជា​យល់​អំពី​ការ​ព្រួយ​បារម្ភ​របស់​​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ ចំពោះ​និស្សិត​ខ្មែរ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ក្រុង Wuhan។

    លោក​ស្រី​ Hua Chunying បន្ត​ថា ប្រទេស​ចិន​យក​ចិត្តទុក​ដាក់​លើ​សុវត្ថិ​ភាព​របស់​និស្សិត​កម្ពុជា​ ហើយ​ថា​នឹង​បន្ត​ប្រឹង​ប្រែង​ការ​ពារ​ពួកគេ​ដូច​ទៅ​នឹង​ប្រជាជន​ចិន​៕

    ប្រភព៖ សារព័ត៌មាន​បរទេស