Tag: ហូរឈាម

  • ការការពារឧប្បត្តិហេតុចំពោះក្មេងតូចក្នុងអំឡុងវ័យ 1-12ខែ តើឪពុកម្ដាយត្រូវប្រយ័ត្នអ្វីខ្លះ?

    ការការពារឧប្បត្តិហេតុចំពោះក្មេងតូចក្នុងអំឡុងវ័យ 1-12ខែ តើឪពុកម្ដាយត្រូវប្រយ័ត្នអ្វីខ្លះ?

    ឧប្បត្តិហេតុ គឺជារឿងមិននឹកស្មានដល់ដែលគ្មានអ្នកណាចង់ឱ្យកើតឡើងឡើយ ជាពិសេសបំផុតកូនតូចក្នុងវ័យទារក ព្រោះអាចនាំមកនូវគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗខ្លាំងជាមនុស្សចាស់ និងក្មេងធំ។ ទាំងអស់នេះបើឪពុកម្ដាយ ឬអ្នកមើលថែទាំទារកបាននឹកដល់ឧប្បត្តិហេតុដែលអាចនឹងកើតឡើងក្នុងអំឡុងវ័យនីមួយៗរបស់ទារក វាអាចកាត់បន្ថយឱកាសក្នុងការកើតឧប្បត្តិហេតុលើក្មេងតូចបាន។

    អំឡុងអាយុ 1ដល់ 2ខែ

    ទារកនឹងអាចលើកក្បាលឡើងបានបន្តិច តាមសម្លឹងមើល យំរំខានកាន់តែច្រើន ជាពិសេសក្នុងអំឡុង 3ខែដំបូងនៃជីវិត។ ឧប្បត្តិហេតុដែលគួរប្រយ័ត្នគឺ ការរបូតធ្លាក់ចេញពីដៃមនុស្សធំដែលព ឬបី ឬឧប្បត្តិហេតុនៅពេលមនុស្សធំកាន់វត្ថុក្ដៅៗក្នុងដៃខណៈពេលបីទារក និងគួរប្រយ័ត្ន Shaken baby syndrome ជាសភាវដែលកើតពីការចាប់អង្រួនទារកខ្លាំងៗ ដែលមានមូលហេតុមកពីអារម្មណ៍ដែលខឹងមួម៉ៅខ្លាំង រួមទាំងការមិនបានដឹងពីផលប៉ះពាល់របស់មនុស្សធំ។ ការចាប់អង្រួនទារកខ្លាំងៗ នឹងធ្វើឱ្យសាច់ខួរក្បាលប៉ះទង្គិចនឹងឆ្អឹងលលាដ៍ក្បាល សរសៃឈាមជុំវិញសាច់ខួរក្បាលដាច់រហែក រហូតកើតសភាវហូរឈាមក្នុងខួរក្បាល ផ្ទាំងប្រព័ន្ធប្រសាទកែវភ្នែករងគ្រោះថ្នាក់ ខួរក្បាលប៉ះទង្គិចខ្លាំងក្លា អាចធ្វើឱ្យខ្វាក់ភ្នែក ឬដល់ថ្នាក់ស្លាប់បាន។

    អំឡុងអាយុ 4-5ខែ

    ទារកនឹងអាចលើកក្បាលត្រង់បានហើយ ចេះគប់វត្ថុតូចៗដែលកាន់នៅក្នុងដៃ និងអាចក្រឡាប់ខ្លួនបានហើយ ដូច្នេះទើបគួរប្រយ័ត្នឧប្បត្តិហេតុដែលបណ្ដាលមកពីការក្រឡាប់ខ្លួននេះ ឬរបស់លេងដែលងាយបែកបាក់ ឬវត្ថុមុតស្រួច រួមទាំងឧប្បត្តិហេតុដោយសាររថយន្ត ដោយសារតែក្នុងអំឡុងវ័យនេះ មនុស្សធំច្រើនតែចាប់ផ្ដើមនាំទារចេញក្រៅផ្ទះច្រើនឡើងហ្នឹងឯង។ ការធ្វើដំណើរចេញក្រៅផ្ទះដោយរថយន្ត គួរឱ្យទារកអង្គុយក្នុង ខារ៍ស៊ីត(Carseat) សម្រាប់ទារកបែបបែរមុខទៅខាងក្រោយ និងគួរឱ្យអង្គុយបែបបែរទៅក្រោយនេះរហូតដល់អាយុ 2ឆ្នាំ។

    អំឡុងអាយុ 6ខែ

    ទារកនឹងចាប់ផ្ដើមងើបខ្លួនឡើងបានដោយខ្លួនឯង ក្រឡាប់បានកាន់តែចំណានឡើង បង្វិលខ្លួនទៅមុខបាន តែនៅត្រូវអាស្រ័យការជួយទប់ប្រគងខ្លះៗ និងអាចផ្ទេររបស់របរពីដៃម្ខាងទៅដៃម្ខាងបានហើយ។ ក្នុងអំឡុងវ័យនេះ ឪពុកម្ដាយមួយចំនួននឹងចាប់ផ្ដើមឱ្យកូនអង្គុយក្នុងកៅអីរទេះហាត់ដើរហើយ ដែលរឿងនេះមិនគួរធ្វើជាទីបំផុត ព្រោះអាចនាំមកនូវគ្រោះថ្នាក់ដែលធ្ងន់ធ្ងរបានតាមរយៈការធ្លាក់ពីទីខ្ពស់ ឬការដែលរទេះហាត់ដើរក្រឡាប់ជាដើម ដែលនឹងនាំឱ្យមានការរងគ្រោះដល់ឆ្អឹងកងក និងឈាមហូរនៅក្នុងខួរក្បាលដែលបណ្ដាលមកពីការដួលបោកក្បាល និងបាក់ឆ្អឹងដៃ-ជើង រួមទាំងគួរប្រយ័ត្នការទាក់កទារកដោយខ្សែភ្លើង ឬខ្សែរូតវាំងននជាដើម។

    អំឡុងអាយុ 9ខែ

    ទារកនឹងអាចអង្គុយបានដោយមិនចាំបាច់ជួយទប់ អាចវារ និងលូនបាន ដៃអាចចាប់កាន់យកវត្ថុតូចៗបាន និងចេះយកដៃដាក់ក្នុងមាត់ និងយកចំណីដាក់ចូលមាត់ខ្លួនឯងបានហើយ ដូច្នេះទើបត្រូវប្រយ័ត្នការដែលទារករំកិលខ្លួនទៅជិតទឹក ឬវត្ថុក្ដៅៗ ដែលអាចកើតឧប្បត្តិហេតុពីការលង់ទឹក ឬរលាកទឹកក្ដៅ ឬវត្ថុក្ដៅៗបាន។ ក្រៅពីនេះគួរប្រយ័ត្នការស្លាក់ចំណីអាហារ ឬវត្ថុតូចៗផ្សេងៗដែលទារកចាប់ដាក់ចូលមាត់ រហូតធ្វើឱ្យស្ទះបំពង់ផ្លូវដង្ហើម ដូចជាគ្រាប់សណ្ដែកតូចៗ ឬកាក់ជាដើម។

    អំឡុងអាយុ 12ខែ

    ទារកនឹងអាចឈរបានមួយភ្លែតៗ តោងនឹងរបស់អ្វីម្យ៉ាងដើម្បីងើបឈរឡើងបានដោយខ្លួនឯង អាចដើរបានដោយការដឹកដៃពីមនុស្សធំ អាចចាប់កាន់វត្ថុតូចៗដោយម្រាមចង្អុលដៃ និងម្រាមមេដៃ និងដួសចំណីអាហារដាក់ចូលមាត់ខ្លួនឯងបាន ដូច្នេះទើបត្រូវប្រយ័ត្នលើការញ៉ាំវត្ថុចម្លែកៗ ឬយកវត្ថុដែលមានជាតិពុលផ្សេងៗដាក់ចូលមាត់។ ការស្លាក់អាហារ ឬវត្ថុរបស់របរ ឧប្បត្តិហេតុពីការលង់ទឹក ឬរអិលធ្លាក់ជំពប់ដួលផ្សេងៗ ជាពិសេសការធ្លាក់ពីទីខ្ពស់ ឬពីបង្អួច ដោយសារតែពេលខ្លះអ្នកមើលថែទាំអាចភ្លេចថា ទារកអាចកម្រើក ឬរំកិលខ្លួនទៅណាមកណាដោយខ្លួនឯងបានច្រើនហើយ។

    ឪពុកម្ដាយគួរឧស្សាហ៍សង្កេតមើលវិវឌ្ឍនាការផ្សេងៗតាមវ័យរបស់ទារក និងត្រូវនឹកគិតក្នុងចិត្តជាប់ជានិច្ចថា តើស្ថានភាពជុំវិញផ្សេងៗ រួមទាំងវត្ថុរបស់របរជុំវិញខ្លួន អាចជាមូលហេតុធ្វើឱ្យកើតឧប្បត្តិហេតុបាន ឬទេ? ដើម្បីជួយកាត់បន្ថយភាពប្រថុយប្រថាន និងបង្ការគ្រោះថ្នាក់ពីឧប្បត្តិហេតុដែលកើតឡើងពីការធ្វេសប្រហែស ឬស្មានមិនដល់។ ដើម្បីសុវត្ថិភាពរបស់ទារក ទាំងអស់នេះគួរឱ្យទារកស្ថិតក្នុងក្រសែភ្នែករបស់មនុស្សធំជានិច្ច៕

  • “ហូរឈាមច្រមុះ” មិនមែនជារឿងធម្មតាទេ បើកូនមានអាការបែបនេះ!

    “ហូរឈាមច្រមុះ” មិនមែនជារឿងធម្មតាទេ បើកូនមានអាការបែបនេះ!

    ចំពោះកូនក្មេង ច្រើនតែមានបញ្ហារឿងហូរឈាមចេញតាមច្រមុះជាញឹកញាប់ ក្មេងខ្លះកើតអាការនេះធ្ងន់ធ្ងរ តែក្មេងខ្លះក៏មិនជាធ្ងន់ធ្ងរអ្វីដែរ តែអាការបែបនេះមួយចំនួនគួរតែប្រញាប់នាំទៅមន្ទីរពេទ្យ ឬបើក្មេងខ្លះដែលមានអាការនេះដែរ តែមិនសូវជាធ្ងន់ធ្ងរ អាចធ្វើបឋមព្យាបាលរយៈដំបូងឱ្យសិនក៏បាន តែបើធ្វើបឋមព្យាបាលមិនត្រូវវិធី ក៏អាចនឹងធ្វើឱ្យក្មេងរឹតតែមានអាការធ្ងន់ធ្ងរឡើងបានដែរ…ដូច្នេះ ឥឡូវយើងនាំគ្នាមកមើលពីមូលហេតុ និងការធ្វើបឋមព្យាបាលដែលត្រឹមត្រូវវិញប្រសើរជាង។

    តើការហូរឈាមច្រមុះបណ្ដាលមកពីអ្វី? អ្នកម្ដាយទាំងឡាយត្រូវតែដឹង…

    • បើដាច់សរសៃឈាមច្រមុះផ្នែកខាងមុខ ឈាមនឹងហូរចេញមកពីរន្ធច្រមុះ។
    • បើដាច់សរសៃឈាមផ្នែកខាងក្រោយ(ឬខាងក្នុង) នឹងធ្វើឱ្យឈាមហូរចូលទៅក្នុងបំពង់ក អ្នកកើតអាការនេះនឹងមានអារម្មណ៍ថាល្វីងខាប់ក្នុងបំពង់ក ឬបើលេបចូលក្នុងពោះ អាចមានអាការក្អួតមានឈាមចេញមកជាមួយ។

    មូលហេតុអាចបណ្ដាលមកពី ៈ

    • . ខ្វេះ កេះ ឬអេះក្នុងច្រមុះ ជាមូលហេតុដែលជួបប្រទះញឹកញាប់បំផុតនៅលើក្មេង។
    • កណ្ដាស់ញឹកញាប់ ឬញើសសំបោរខ្លាំងហួសហេតុពេក។
    • ច្រមុះទទួលរងការប៉ះទង្គិចយ៉ាងខ្លាំង។
    • ធាតុអាកាសត្រជាក់ខ្លាំង និងស្ងួត ធ្វើឱ្យបែកសរសៃឈាម។
    • ការប្រើថ្នាំប្រភេទខ្លះ ធ្វើឱ្យងាយចេញឈាម ដូចជាថ្នាំ អាស្ពីរីន និងថ្នាំបំបាត់ការរលាកក្លាយ។ល។
    • មានវត្ថុប្លែកចម្លែកនៅក្នុងច្រមុះ។ គ្រូពេទ្យធ្លាប់ជួបប្រទះករណី ក្មេងមួយចំនួនញាត់ស្ករគ្រាប់ចូលក្នុងរន្ធច្រមុះដោយឪពុកម្ដាយមិនបានដឹង តែនាំមកជួបគ្រូពេទ្យដោយមានឈាមហូរចេញមកតាមរន្ធច្រមុះម្ខាងនោះ។ ពេលឆ្លុះមើលទៅ ទើបឃើញមានដុំស្ករគ្រាប់ជាប់នៅខាងក្នុងរយៈពេលយូររហូតរលាករន្ធច្រមុះ ធ្វើឱ្យមានឈាមហូរចេញមក។
    • ឈាមបង្កកខ្លួនខុសប្រក្រតី ដូចជាក្នុងជំងឺបណ្ដាលមកពីឈាមប្រភេទខ្លះ ក្មេងច្រើនតែមានឈាមហូរចេញមកខុសប្រក្រតីនៅកន្លែងផ្សេងទៀតលើរាងកាយផងដែរ ដូចជាមានស្នាមជាំខ្មៅតាមរាងកាយ ក្អួតមានឈាមមកជាមួយ បន្ទោបង់មកមានឈាម ឈាមចេញនៅតាមសន្លាក់ និងតាមសាច់ដុំ។ល។
    • ការឆ្លងមេរោគនៅក្នុងប្រហោងច្រមុះ។
    • ដុះសាច់នៅក្នុងប្រហោងច្រមុះ។

    ហូរឈាមច្រមុះបែបណា ទើបត្រូវប្រញាប់នាំទៅមន្ទីរពេទ្យ?

    1. ហូរឈាមចេញមកយូរជាង 15នាទី។
    2. ហូរឈាមចេញមកច្រើនជាង 1ដងក្នុង 1សប្ដាហ៍។
    3. មានអាការងងឹតមុខ វិលមុខ មុខឡើងស្លាំង ត្រជាក់ចុងដៃ ចុងជើង។
    4. មានអាការចេញឈាមខុសប្រក្រតីផ្សេងទៀតរួមជាមួយ ដូចជាក្អួតចេញឈាម ជុះចេញឈាម មានចេញឈាមតាមសន្លាក់ ឬសាច់ដុំ។
    5. ក្ដៅខ្លួនខ្លាំង។

    បើគ្មានសញ្ញាគ្រោះថ្នាក់ណាមួយទេ អាចធ្វើការបឋមព្យាបាលរយៈដំបូងបានដូចតទៅ ៈ

    ហូរឈាមច្រមុះ តើត្រូវឃាត់ឈាមយ៉ាងណា?

    • អង្គុយស្ងៀមនៅមួួយកន្លែង បង្អោនខ្លួនមកខាងមុខបន្តិច យកម្រាមមេដៃ និងម្រាមចង្អុលដៃច្របាច់ខ្ទប់រន្ធច្រមុះ ហើយដកដង្ហើមតាមមាត់ប្រមាណ 10នាទី។ លុះកន្លងផុតទៅ​10នាទីហើយ ចូរឈប់ច្របាច់ច្រមុះ តែបើសិនជាឈាមនៅតែមិនព្រមឈប់ហូរ ចូរធ្វើតាមដំណាក់កាលដំបូងម្ដងទៀត។
    • បើមានឈាមហូរចូលទៅក្នុងមាត់ ឬបំពង់ក ចូរខ្ជាក់ឈាមនោះចេញ កុំលេបចូលទៅក្នុងពោះ រួមទាំងមិនត្រូវគេងរាបនឹងដី និងមិនងើយមុខឡើងខណៈដែលហូរឈាមច្រមុះឡើយ ព្រោះឈាមអាចនឹងហូរចូលទៅបិទបំពង់ខ្យល់(បំពង់ដង្ហើម) ឬបើលេបចូលទៅ នឹងធ្វើឱ្យក្អួតចេញឈាមនោះមកវិញ។
    • អាចយកក្រណាត់ជ្រលក់ទឹកត្រជាក់ ឬក្រណាត់ខ្ចប់ទឹកកកមកដាក់ស្អំនៅលើក្ដោងច្រមុះបាន។
    • កុំបញ្ចេញខ្យល់តាមច្រមុះ ញើសសំបោរ ឬលូកខ្វេះច្រមុះ ព្រោះនឹងធ្វើឱ្យអាការកាន់តែធ្ងន់ធ្ងរឡើង។

    ហូរឈាមច្រមុះ និងការមើលថែទាំខ្លួនឯង ក្រោយឈាមឈប់ហូរ

    • ព្យាយាមកុំបញ្ចេញខ្យល់ខ្លាំងៗតាមច្រមុះ ឬញើសសំបោរ ឬកណ្ដាស់ 24ម៉ោងក្រោយបាត់ហូរឈាមច្រមុះ។
    • ចៀសវាងពីការស្ថិតនៅក្នុងទីកន្លែងដែលមានធាតុអាកាសស្ងួត និងត្រជាក់ខ្លាំង។

    យ៉ាងណាក៏ដោយ បើធ្វើបឋមព្យាបាលរយៈដំបូងហើយ អាការនៅតែមិនល្អប្រសើរឡើង ឬនៅតែមានឈាមហូរចេញមកញឹកញាប់ដដែលនោះ គួរប្រញាប់ទៅមន្ទីរពេទ្យដើម្បីពិនិត្យមើលអាការយ៉ាងដិតដល់៕

  • គ្រោះថ្នាក់ឬទេ បើកូនភ្លោះម្នាក់ស្លាប់នៅក្នុងផ្ទៃ?

    គ្រោះថ្នាក់ឬទេ បើកូនភ្លោះម្នាក់ស្លាប់នៅក្នុងផ្ទៃ?

    ស្រ្តីមានគភ៌ទាំងឡាយតែងនឹកសង្ស័យថា តើនឹងមានគ្រោះថ្នាក់ឬទេ? បើសិនជាកូនភ្លោះម្នាក់ស្លាប់នៅក្នុងផ្ទៃម្ដាយ ព្រោះការតាំងគភ៌កូនភ្លោះ(Multiple Pregnancy)គឺការមានទារកនៅក្នុងផ្ទៃម្ដាយច្រើនជាង 1នាក់ ដែលអាចមាន 2នាក់ 3នាក់ 4នាក់ ឬអាចនឹងច្រើនជាងនោះក៏មាន តែផ្ទៃពោះភ្លោះ2 គឺការតាំងគភ៌ភ្លោះ(Twin Pregnancy)ត្រូវបានគេជួបប្រទះច្រើនជាងគេ និងទារកមានឱកាសរស់ជីវិតច្រើនជាងគេបំផុត។ ទារកនៅក្នុងគភ៌ច្រើន ទម្ងន់ខ្លួនរបស់ទារកនឹងថយចុះ និងឱកាសក្នុងការរស់រានមានជីវិតក៏ថយចុះតាមនោះដែរ អាស្រ័យលើបច្ច័យខាងរាងកាយ និងការថែទាំគភ៌របស់ស្រ្តីជាម្ដាយផងដែរ។

    បច្ច័យដែលធ្វើឱ្យមានឱកាសតាំងគភ៌ភ្លោះ មានដូចជា ពូជអម្បូរ គឺមនុស្សនៅក្នុងក្រុមគ្រួសារមានប្រវត្តិធ្លាប់មានផ្ទៃពោះកូនភ្លោះ ការប្រើតិចណូឡូជីខាងវេជ្ជសាស្រ្ត ធ្វើឱ្យមានឱកាសតាំងគភ៌ភ្លោះច្រើនឡើង ដូចជា ការប្រើថ្នាំជំរុញឱ្យមានការទម្លាក់ស៊ុតញីម្ដងៗច្រើនគ្រាប់ជាដើម។

    ផ្ទៃពោះកូនភ្លោះ នៅក្នុងផ្នែកវេជ្ជសាស្រ្តគេរាប់ថា ជាភាពខុសប្រក្រតីរបស់ការតាំងគភ៌ ទើបមានភាពប្រថុយប្រថានពីសភាវជ្រៀតជ្រែកផ្សេងៗច្រើនជាងការតាំងគភ៌ប្រក្រតី ដូចជា ប្រសូតមុនពេលកំណត់ គភ៌មានជាតិពុល សភាវសម្ពាធឈាមឡើងខ្ពស់ ជាដើម។ តែយ៉ាងណាក៏ដោយ គ្រូពេទ្យតែងតែមើលថែទាំយ៉ាងដិតដល់ ដើម្បីការពារសភាវជ្រៀតជ្រែកដែលអាចកើតឡើង ដូច្នេះស្រ្តីមានគភ៌មិនចាំបាច់កង្វល់ចិត្តឡើយ។

    មានផ្ទៃពោះកូនភ្លោះ

    ស្រ្តីជាម្ដាយដែលមានគភ៌កូនភ្លោះ ករណីដែលទារកក្នុងគភ៌ 1 ក្នុងចំណោម2 ឬ 1 ក្នុងចំណោម3 បានស្លាប់ក្នុងខណៈដែលគភ៌នៅមិនទាន់គ្រប់កំណត់ប្រសូត ជាពិសេសអំឡុងពេលក្រោយ 12 – 15សប្ដាហ៍ ឬក្នុងអំឡុងត្រីមាសដំបូង ដែលរាប់ថា ផ្ទៃពោះនៅខ្ចីនោះ នឹងមិនទាន់មានបញ្ហាអ្វីទេ ព្រោះតួកំណើត ឬកូនជីវិតដែលស្លាប់នោះនឹងរលាយបាត់ទៅវិញតាមធម្មជាតិ មិនហុចផលប៉ះពាល់ ឬមានផលអាក្រក់ចំពោះទារកដែលនៅមានជីវិតរស់នោះឡើយ។

    តែបើកូនភ្លោះមួយណាស្លាប់ក្រោយអាយុគភ៌ 20សប្ដាហ៍ ដែលគេច្រើនជួបប្រទះប្រមាណជា 5ភាគរយនៃចំនួនស្រ្តីមានគភ៌កូនភ្លោះទាំងអស់នោះ អាចកើតបញ្ហាប៉ះពាល់ដល់ទារកដែលនៅមានជីវិត ព្រោះទារកដែលស្លាប់ទៅនោះប្រៀបដូចជាវត្ថុចម្លែកនៅក្នុងរាងកាយម្ដាយ និងជាកត្តាអាក្រក់ក្នុងការសាងសារធាតុដែលធ្វើឱ្យកើតការបង្កកខ្លួនរបស់ឈាមដែលខុសប្រក្រតី ហុចផលឱ្យស្រ្តីមានគភ៌អាចមានហូរឈាមខុសប្រក្រតី ធ្វើឱ្យកើតការឈឺពោះប្រសូតមុនកំណត់របស់ទារកដែលនៅរស់នោះបាន។

    ភាពខុសប្លែកនៃការស្លាប់របស់ទារកភ្លោះក្នុងគភ៌ មានដូចខាងក្រោម ៈ

    . តាំងគភ៌ភ្លោះក្នុងស៊ុតតែមួយជាមួយគ្នា ទារកភ្លោះនឹងស្ថិតនៅក្នុងថង់ទឹកតែមួយជាមួយគ្នា ការស្លាប់របស់ទារកភ្លោះមួយ នឹងធ្វើឱ្យទារកភ្លោះដែលនៅរស់បាត់បង់លោហិត ស្លេកស្លាំង មានសម្ពាធឈាមទាប និងមានឱកាសស្លាប់ខ្ពស់ដល់ទៅ 15ភាគរយ។

    . ផ្ទៃពោះកូនភ្លោះតាមរយៈស៊ុត 2គ្រាប់ ដែលទារកនឹងស្ថិតនៅក្នុងថង់ទឹកម្នាក់មួយផ្សេងគ្នា ទោះជាទារកដែលនៅរស់អាចកើតគ្រោះថ្នាក់ដល់ស្លាប់ដោយសារការបាត់បង់លោហិត ឬការឆ្លងមេរោគក្ដី តែឱកាសស្លាប់មានតិចជាង គឺត្រឹមតែ 3ភាគរយប៉ុណ្ណោះ។

    ការប្រតិបត្តិរបស់ស្រ្តីមានផ្ទៃពោះកូនភ្លោះដែលបាត់បង់កូនមួយ

    ការណែនាំពីគ្រូពេទ្យសម្រាប់ស្រ្តីដែលមានគភ៌កូនភ្លោះដែលទារកម្នាក់បានស្លាប់ ត្រូវប្រតិបត្តិតាមយ៉ាងម៉ឺងម៉ាត់ដើម្បីសុវត្ថិភាពសម្រាប់ខ្លួនឯង និងទារកដែលនៅមានជីវិត ដោយគ្រូពេទ្យនឹងនៅតាមដានមើលថែទាំជាពិសេស។ ចំណែកឯចំណុចសង្កេតដែលសំខាន់សម្រាប់ទារកភ្លោះដែលនៅមានជីវិតនោះគឺ ៈ

    1 . សង្កេតការកម្រើក ឬរាប់ការរើរបស់ទារក ៈ បើទារកមិនសូវរើ ឬរើកាន់តែតិចទៅ ឬរើខុសប្រក្រតី ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។ ស្រ្តីមានគភ៌ខ្លះអាចត្រូវគេងសម្រាកនៅក្នុងមន្ទីរពេទ្យដើម្បីឱ្យគ្រូពេទ្យតាមដានយ៉ាងប្រយ័ត្នប្រយែងពីអាការជ្រៀតជ្រែកផ្សេងៗដែលអាចកើតឡើង ដើម្បសុវត្ថិភាពរបស់ស្រ្តីជាម្ដាយ និងកូនក្នុងផ្ទៃ។

    2 . ពិនិត្យដោយការឆ្លុះអេកូសាស្រ្ត ដើម្បីពិនិត្យមើលសុក ទឹកភ្លោះ និងពិនិត្យសុខភាពរបស់ទារកក្នុងគភ៌ ដោយគ្រូពេទ្យនឹងណាត់ឱ្យមកពិនិត្យគភ៌ញឹកញាប់ឡើង។

    3 . បើពិនិត្យឃើញមានភាពខុសប្រក្រតី គ្រូពេទ្យអាចពិចារណាឱ្យប្រសូតភ្លាមៗ។ សម្រាប់វិធីការប្រសូត ស្រ្តីមានគភ៌អាចប្រសូតដោយខ្លួនឯងតាមធម្មជាតិ បើសិនគ្មានសញ្ញាណាមួយបង្ហាញថា ត្រូវតែវះកាត់ប្រសូតទេនោះ៕

  • នៅពេលខ្ញុំតាំងគភ៌ខែទី 5

    នៅពេលខ្ញុំតាំងគភ៌ខែទី 5

    នៅពេលស្រ្តីតាំងគភ៌រហូតមកដល់ខែទី 5នេះ ទារកនៅក្នុងគភ៌នឹងមានទំហំប្រមាណជា 8 – 10អ៊ិញ ការកម្រើករបស់ទារកក្នុងគភ៌នឹងខ្លាំងល្មមឱ្យម្ដាយមានអារម្មណ៍ដឹងបានហើយ ដងខ្លួនរបស់ទារកចាប់ផ្ដើមមានរោមខ្ចីៗគ្របដណ្ដប់ ចាប់ផ្ដើមមានសរសៃសក់ និងចិញ្ចើមហើយ។

    ក្នុងខែទី 5របស់ការតាំងគភ៌នឹងមានការប្រែប្រួលផ្សេងៗដែលស្រ្តីមានគភ៌អាចដឹងបានដូចតទៅ ៈ

    – ទារកក្នុងគភ៌ចាប់ផ្ដើមរើរហូតម្ដាយមានអារម្មណ៍ដឹង។

    – មានទឹករំអិលនៅក្នុងប្រអប់ពោះច្រើនឡើង។

    – អាការទល់លាមក ឬអាចកើតឫសដូងបាត។

    – ហើមពោះ ឆ្អល់ពោះ អាហារមិនរំលាយ និងមានខ្យល់ច្រើននៅក្នុងពោះ។

    – ឈឺក្បាលខ្លះៗ ជួនកាលអាចមានអាការខ្យល់គ និងឆាប់វិលមុខ។

    – តឹងណែនច្រមុះ ហូរឈាមតាមច្រមុះ និងហ៊ឹងត្រចៀក។

    – ឃ្លានញឹកញាប់។

    – អាចកើតអាការរមួលក្រពើញឹកញាប់ជាងមុន។

    – មានអាការហើមនៅត្រង់ភ្នែកគោល និងប្រអប់ជើង ស្រ្តីខ្លះមុខ និងដៃក៏ហើមដែរ។

    – កើតមានស្នាមជាំនៅលើជើង។

    – ជីពចរដើរញាប់ជាងមុន។

    – ចាប់ផ្ដើមមានអាការឈឺខ្នង។

    – អារម្មណ៍ខាងផ្លូវភេទប្រែប្រួល។

    – ពណ៌ស្បែកនៅត្រង់ក្បាលពោះ និងផ្ទៃមុខឡើងស្រគាំ។

    – អារម្មណ៍ប្រែប្រួល ថយចុះជាងខែមុនៗ តែនៅតែទន់ជ្រាយម្ដងម្កាល។

    រឿងដែលគ្រូពេទ្យអ្នកពិនិត្យគភ៌ចង់ឱ្យស្រ្តីមានគភ៌ធ្វើនៅក្នុងអំឡុងខែនេះគឺ ៈ

    – ថ្លឹងទម្ងន់ខ្លួន និងវាស់សម្ពាធឈាម។

    – ពិនិត្យមើលជាតិស្ករ និងសារធាតុស៊ុតសនៅក្នុងទឹកមូត្រ។

    – ស្ដាប់សំឡេងលោតរបស់បេះដូងរបស់ទារកក្នុងគភ៌។

    – ពិនិត្យមើលខ្នាត និងរូបរាងរបស់ស្បូនដោយការពិនិត្យក្បាលពោះ។

    – កម្ពស់ចុងកំពូលរបស់ស្បូន។

    – អាការហើមនៅលើដៃ និងជើង និងសរសៃឈាមនៅលើជើង។

    – ពិនិត្យរកមើលជំងឺរលាកថ្លើម។

    – អាការខុសប្រក្រតីផ្សេងៗ(បើមាន)។

    រឿងដែលស្រ្តីមានគភ៌ត្រូវមើលថែទាំជាពិសេសក្នុងអំឡុងខែនេះគឺ ៈ

    1 . អាចមានអាការវិលមុខញឹកញាប់ ៈ ដោយសារតែស្បូនរីកធំឡើងរហូតអាចទៅសង្កត់ពីលើសរសៃឈាមក្រហមធំនៅត្រង់កណ្ដាលដងខ្លួន ដូច្នេះពេលក្រោកឈរ ឬប្ដូរឥរិយាបថផ្សេងៗនឹងធ្វើឱ្យលំហូរវិលរបស់លោហិតផ្លាស់ប្ដូរ ធ្វើឱ្យសម្ពាធថយចុះយ៉ាងទាន់ហន់ ធ្វើឱ្យឈាមមិនអាចហូរមកចិញ្ចឹមខួរក្បាលបានទាន់ពេលវេលាទើបបណ្ដាលឱ្យកើតអាការវិលមុខនេះឡើង។ ស្រ្តីមានគភ៌អាចការពារអាការនេះបានដោយនៅពេលត្រូវផ្លាស់ប្ដូរឥរិយាបថផ្សេងៗ មិនថាតែការក្រោកឈរ អង្គុយចុះ គេង ឬដើរនោះទេ គួរធ្វើដោយយឺតៗ វានឹងជួយឱ្យរាងកាយកែសម្រួលលំហូរវិលរបស់ឈាមក្នុងរាងកាយបានទាន់ និងវិធីមួយទៀតដែលអាចជួយបានដែរនោះគឺ ញ៉ាំប្រូតេអ៊ីនគ្រប់ពេលអាហារ ញ៉ាំឱ្យបានញឹកញាប់ឡើង ឬញ៉ាំអាហារផ្សេងៗក្នុងចន្លោះពេលបាយចម្បងៗដើម្បីកុំឱ្យកម្រិតជាតិស្ករនៅក្នុងធ្លាក់ចុះទាបខ្លាំងពេក។

    2 . ពិនិត្យរកមើលជំងឺរលាកថ្លើមប្រភេទ B ៈ និងបើរកឃើញថាមានឆ្លងមេរោគត្រូវចូលទៅព្យាបាលជាបន្ទាន់។

    3 . ការលើករបស់ធ្ងន់ៗ ឬការពកូនច្បង ៈ បើចង់បី ឬពរកូន ឬលើករបស់របរដែលមានទម្ងន់ធ្ងន់ជាង 10គីឡូក្រាម អាចកើតគ្រោះថ្នាក់ដល់សាចដុំខ្នងយ៉ាងខ្លាំង។ បើកូនច្បងចង់ឱ្យព គួរនិយាយជាមួយកូនឱ្យបានយល់ថា ពេលនេះកូនធំហើយ អាចដើរខ្លួនឯងបានហើយ…ល្អជាងការប្រាប់ថា ពេលនេះម៉ាក់មានអូននៅក្នុងពោះ ទើបពកូនមិនបាន ព្រោះនឹងធ្វើឱ្យកូនច្បងកើតអាការច្រណែនប្អូនបាន។

    4 . ក្នុងរយៈពេលនេះ នឹងចាប់ផ្ដើមមានអាការហើមជើង ៈ គួរធ្វើលំហាត់ប្រាណណាដែលពាក់ព័ន្ធនឹងជើងខ្លះផង កុំពាក់ស្បែកជើងដែលចង្អៀតខ្លាំងពេក និងកុំពាក់ស្បែកជើងកែងចោត វាអាចនឹងជួយកាត់បន្ថយអាការឈឺ និងហើមជើងបាន៕

  • កើតមានអាការរមាស់គូទ និងមានហូរឈាម តើគួរធ្វើដូចម្តេច?

    កើតមានអាការរមាស់គូទ និងមានហូរឈាម តើគួរធ្វើដូចម្តេច?

    មនុស្ស​ពេញវ័យ​អាច​នឹង​កើតមាន​អាការ​រមាស់​គូទ​ ដែល​បណ្ដាលមកពី​បញ្ហា​ស្បែក​ និង​ការ​រលាក​។ នៅពេល​អ្នក​កើតមាន​អាការ​ប្រតិកម្ម​ចាញ់​ណាមួយ​នៅ​លើ​ស្បែក​នៅ​បរិវេណ​គូទ​ គឺ​វា​មិន​ងាយ​នឹង​បំបាត់​ដោយ​ភ្លាម​ៗនោះ​ទេ​ ព្រោះ​មាន​បាក់តេរី​ជាច្រើន​បាន​តោង​ជាប់នឹង​ស្បែក​គូទ​របស់​អ្នក​។ ថ្ងៃនេះ​ទស្សនាវដ្ដី​ ឡា​រ៉ែ​ន សូមជម្រាប​ពី​ការ​បំបាត់​អាការ​រមាស់​នៅ​លើ​ស្បែក​គូទ​ ដោយ​ចំណាយ​តិច​ និង​មានប្រសិទ្ធភាព​ខ្ពស់​ដូច​ខាងក្រោម​។

    វេជ្ជបណ្ឌិត​ជាច្រើន​និយាយ​ថា​ រមាស់​គូទ​អាច​កើតមាន​លើ​មនុស្ស​គ្រប់​វ័យ​ មិនមែន​មាន​ចំពោះតែ​ទារក​នោះ​ទេ​។ ក្នុងករណី​ថ្ងៃណាមួយ​ លោកអ្នក​ភ្ញាក់​ពី​គេង​ ស្រាប់តែ​កើតមាន​អាការ​រមាស់​គូទ​ អេះ​មិន​បាត់​ ឬដល់​ថ្នាក់​អេះ​ចេញឈាម​ សូមកុំ​ទាន់​អាល់​ភ័យ​។ វា​មិនមែន​តែ​អ្នក​តែឯង​នោះ​ទេ​ សមាជិក​ខ្លះ​នៃ​គ្រួសារ​របស់​អ្នក​ មិត្តភក្តិ​ និង​មិត្ត​រួមការ​ងារ​របស់​អ្នក​ក៏​ប្រហែលជា​ធ្លាប់​កើត​អាការ​រមាស់​គូទ​នេះ​ដែរ​ តែ​គ្រាប់​តែ​ពួកគេ​មិន​និយាយប្រាប់​អ្នក​តែប៉ុណ្ណោះ​។ មានក​ត្តា​ជាច្រើន​ដែល​អាច​បង្ក​ឱ្យ​កើត​មាន​អាការ​រមាស់​គូទ​នេះ​ ក្នុង​នោះ​រួមមាន​ជំងឺ​ត្រអក​ ជំងឺ​រលាក​ស្បែក​រ៉ាំរ៉ៃ​ និង​ជំងឺឆ្លង​ប្រភេទ​មេរោគ​ផ្សិត​ជាដើម​។ ជំងឺ​រលាក​ទងសួត​ក៏អាច​បណ្តាល​ឱ្យ​កើតមាន​អាការ​រមាស់​លើ​ស្បែក​នេះ​ផង​ដែរ​។ ជំងឺ​កាមរោគ​ក៏អាច​បង្ក​ឱ្យ​រមាស់​គូទ​ដូចគ្នា​ ព្រោះ​ជំងឺ​នេះ​កើត​លើ​ប្រដាប់​ភេទ​ ហើយ​វា​ឆ្លង​រាលដាល​ជុំវិញ​តំបន់​ឯកជន​រហូតដល់​គូទ​។ ប្រសិនបើ​អ្នក​ជួប​ករណី​ដូច​រៀបរាប់​ខាងលើ​ អ្នក​គួរ​ចំណាយពេល​ទៅ​ជួប​វេជ្ជបណ្ឌិត​ ជា​ពិសេស​ប្រសិនបើ​កើតមាន​អាការ​រមាស់​លើ​ប្រដាប់​ភេទ​។ តែ​ប្រសិនបើ​អ្នកមាន​អាការ​រមាស់​ត្រឹមតែ​បរិវេណ​គូទ​ តែ​អេះ​មិន​ចេះ​បាត់​រមាស​ ់​ អ្នក​អាច​បំបាត់​វា​បាន​តាមវិធី​ងាយ​ទាំង5យ៉ាងដូច​ខាងក្រោម​នេះ​។

    1. ប្រទាល​កន្ទុយក្រពើ​
    ប្រទាល​នេះ​ជា​ថ្នាំ​ធម្មជាតិ​ដ៏​មានប្រសិទ្ធភាព​សម្រាប់​ព្យាបាល​អាការ​រមាស់​គូទ​។ ចូរ​លាប​ជា​តិ​អន្ធិល​ៗរបស់​វា​នៅ​លើ​តំបន់​ដែល​កំពុង​រមាស់​ប្រហែលជា10នាទី​ ទៅ15​ នាទី​ រួច​ទើប​លាង​សម្អាត​ជាមួយ​ទឹក​ស្អាត​ជា​ធម្មតា​។ អនុវត្ត​ពីរ​បីដង​ក្នុង​មួយថ្ងៃ​ រហូតដល់​ជាសះស្បើយ​ជាការស្រេច​។
    2. ប្រេងដូង​
    ប្រេងដូង​មានប្រសិទ្ធភាព​ខ្លាំង​ណាស់​នៅ​ពេល​និយាយ​ដល់​ការ​ព្យាបាល​អាការ​រមាស់​គូទ​ មិនថា​រមាស់​គូទ​ដោយសារ​ជំងឺ​ត្រអក​ ជំងឺ​រលាក​ស្បែក​ ឬជំងឺផ្សិត​នោះ​ឡើយ​។ លាបប្រេង​ដូង​នៅ​លើ​តំបន់​ដែល​រមាស់​ រួច​ម៉ាស្សា​ថ្នម​ៗរាល់ថ្ងៃ​ នោះ​នឹង​ឆាប់​ជាសះស្បើយ​ជាមិនខាន​។ មួយ​វិញ​ទៀត​ អ្នក​ក៏អាច​យក​ប្រេងដូង​ លាយ​ជាមួយនឹង​ប្រេង​ cinnamon​ បន្ទាប់មក​លាប​ល្បាយ​នេះ​នៅ​លើ​តំបន់​ដែល​រមាស់​នោះ​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ ឬការ​បន្ត​ឆ្លង​ទៅ​កន្លែង​ផ្សេងទៀត​។ បន្ថែម​ពីនេះ​ទៅទៀត​ ប្រសិនបើ​ជំងឺ​រមាស់​ ឬរោគ​ផ្សិត​នេះ​ កើតមាន​នៅនឹង​មាត់​ សូម​ប្រើ​ប្រេងដូង​នេះ​ បៀម​ ឬខ្ពុរ​នៅក្នុង​មាត់​រយៈពេល​ 5នាទី​ទៅ10នាទី​ជាការស្រេច​។
    3. ទឹកឃ្មុំ​
    ទឹកឃ្មុំ​ក៏​មានប្រសិទ្ធភាព​ខ្ពស់​ដូចជា​ប្រេងដូង​ដែរ​។ លាប​វា​នៅ​លើ​តំបន់​ដែល​រមាស់​ផ្អាប់​ទុក​កន្លះម៉ោង​ រួច​សឹម​ងូតទឹក​សម្អាតខ្លួន​ប្រាណ​។ទឹកឃ្មុំ​មាន​រាង​ស្អិត​បន្តិច​ តែ​ប្រសិនបើ​អ្នកមាន​ប្រទាល​កន្ទុយក្រពើ​ ឬប្រេងដូង​ គួរ​ប្រើ​ពួកវា​ជំនួស​ទឹកឃ្មុំ​ គឺ​ស្រណុកចិត្ត​ជាង​។
    4. ទឹកដោះគោ​ជូរ​
    ទឹកដោះគោ​ជូរ​ គឺ​មាន​ផ្ទុក​ដោយសារ​ធាតុ​ និង​វីតាមីន​ជាច្រើន​ ដែល​អាច​ជួយការ​ពារ​ និង​គ្រប់គ្រង​អាការ​រមាស់​នេះ​ មិន​ឱ្យ​រីក​រាលដាល​ទៅ​តំបន់​ផ្សេង​ៗទៀត​ នៃ​ស្បែក​របស់​អ្នក​បាន​យ៉ាង​មានប្រសិទ្ធភាព​។
    វិធី​ទី1 ​៖ សូម​ប្រើ​ទឹកដោះគោ​ជូរ​ធម្មតា​ និង​យក​សំឡី​ផ្តិត​ជូត​ថ្ម​មៗ​នៅកន្លែង​ដែល​កើតមាន​អាការ​រមាស់​ រួច​ទុកចោល​រយៈពេល​ 20នាទី​ ទៅ30នាទី​ ឬទុកចោល​មួយ​យប់​ បន្ទាប់មក​លាង​សម្អាត​ជាមួយនឹង​ទឹក​ស្អាត​ចេញ​វិញ​ជា​ការ​ស្រេច​។ វិធី​នេះ​ នឹង​ជួយ​ព្យាបាល​ និង​បំបាត់​នូវ​ភាព​ឈឺចាប់​របស់​អ្នក​បាន​យ៉ាង​ល្អ​ប្រសើរ​។
    វិធី​ទី2​ ៖ សូម​យក​ប្រេងដូង​លាយ​ជាមួយ​ទឹកដោះ​គូ​ជូរ​ លាប​នៅ​លើ​កន្លែង​ដែល​កើតមាន​អាការ​រមាស់​ ឱ្យ​បាន3ដង​ ក្នុង1ថ្ងៃជា​ការ​ស្រេច​។
    វិធី​ទី3 ​៖ សូម​យក​ទឹក​ក្តៅ​ឧណ្ហ​ៗជូត​ ឬសម្អាត​នៅ​លើ​ស្បែក​ដែល​កំពុង​រមាស់​ជាមុន​សិន​ បន្ទាប់មក​អ្នក​អាច​ធ្វើការ​ជូត​ទឹកដោះជូរ​លាយ​ជាមួយ​ក្រូចឆ្មារ​ ហើយ​ទុក​ពី10នាទី​ទៅ15នាទី​ជាការស្រេច​។
    5. ពិគ្រោះ​ជាមួយ​គ្រូពេទ្យ
    ក្នុងករណី​ដែល​ស្បែក​របស់​អ្នក​នៅតែ​បន្ដ​រមាស់​មិនឈប់​ និង​កើត​អាការ​ផ្សេង​ឡើង​មក​ទៀត​នោះ​ សូម​ងាក​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ស្បែក​ជាមុន​សិន​ មុននឹង​សាកល្បង​ប្រើប្រាស់​ថ្នាំ​ដោយខ្លួនឯង​៕