Tag: ស្លាកស្នាម

  • ពេល​មាន​របួសគួរ​ធ្វើ​ដូចម្តេចទើប​មិនមាន​ស្លាកស្នាម?

    ពេល​មាន​របួសគួរ​ធ្វើ​ដូចម្តេចទើប​មិនមាន​ស្លាកស្នាម?

    មិនថា​អ្នកជា​មនុស្ស​ដែល​មានការ​យកចិត្ត​ទុកដាក់​ពី​ស្នាម​ដែល​អាច​នឹង​កើតមាន​នៅ​លើ​ស្បែក​បន្ទាប់ពី​មានរបួស​ មុត​ មុន​ ឬការវះកាត់​តិច​តួច​ ឬអត់​ក្តី​ ក៏​ការ​ខិតខំ​បង្ការ​កុំឱ្យ​វា​កើតមាន​បន្ទាប់​ពីរ​បួស​ជាសះស្បើយ​នៅតែ​ជា​រឿង​ដ៏​សំខាន់​មួយ​ដែល​អ្នក​គួរតែ​ធ្វើ​។ មិន​ចាំបាច់​ត្រូវ​ប្រុងប្រៀប​អី​ច្រើន​ ហើយក៏​មិន​ពិបាក​រហូតដល់​អ្នក​មិន​អាច​ធ្វើ​បាន​នោះ​ដែរ​។ សូម​ព្យាយាម​ចងចាំ​សកម្មភាព​ខាង​ក្រោម​នេះ​ ដើម្បី​គ្រប់ពេល​នៃ​ការ​មានរបួស​នឹង​បន្សល់ទុក​ស្នាម​តិចតួច​បំផុត​។

    សម្អាត​មុខរបួស​ចេញ​ពេល​មាន​របួស​ថ្មី​ៗ:
    បន្ទាប់ពី​មាន​របួស​ភ្លាម​ៗ សូម​យក​ទឹក​ត្រជាក់​មក​លាង​សម្អាត​បរិវេណ​របួស​នោះ​ឱ្យ​បាន​ស្អាត​បន្ទាប់មក​សឹម​ចាប់​ឆ្កឹះ​ ឬលាង​កម្ទេច​ដី​ចេញ​ឱ្យ​អស់​ ជាមួយនឹង​ទឹក​អាល់កុល​។

    គ្រប​របួស​ឱ្យ​ស្អាត​ជាប់​ជានិច្ច​: ការ​គ្រប​ស្នាម​របួស​ឱ្យ​ជិត​គឺជា​ការ​ជួយ​រារាំង​មេរោគ​ ធូលី​ដី​អាការ​រមាស់​ផ្សេង​ៗពី​ខាងក្រៅ​កុំឱ្យ​ជ្រាបចូល​មក​ក្នុង​របួស​ ហើយក៏​ជា​ការ​ជួយ​របួស​ឱ្យ​មាន​ជាតិ​សំណើម​ ដើម្បី​ជួយ​ពន្លឿន​ការ​ព្យាបាល​ក្នុងរយៈ​ពេល2​-3ថ្ងៃ​ដំបូង​ផង​ដែរ​។ អ្នក​អាច​ប្រើ​ក្រែម​ដែល​មាន​ជាតិ​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក ឬប្រេង​លាប​ស្បែក​ ដើម្បី​រក្សា​សំណើម​ និង​អនាម័យ​ដល់​មុខរបួស​ក៏បាន​។រឿង​សំខាន់​មួយទៀត​ការដែល​អ្នក​គ្រប​ ឬបិទមុខ​របួស​ឱ្យ​ជិត​បែបនេះ​គឺជា​ការ​ជួយ​កាត់បន្ថយ​ការ​កើត​មាន​សន្លា​កបន្ទាប់ពី​របួស​ជាសះស្បើយ​យ៉ាង​មានប្រសិទ្ធភាព​ផង​ដែរ​។

    កុំ​ឆ្កឹះ​របួស​: បន្ទាប់ពី​មានរបួស​ ឬសូម្បីតែ​មុន​នៅ​លើ​ស្បែក​មុខ​ក៏ដោយ​ ក៏​អ្នក​មិន​ត្រូវ​ឆ្កឹះ​វា​ដែរ​ព្រោះថា​ពេលវេលា​នេះ​រាងកាយ​របស់​អ្នក​កំពុង​ធ្វើការ​យ៉ាងសកម្ម​ក្នុង​ការ​ព្យាបាល​មុខរបួស​។ កោសិកា​ឈាមស​កំពុង​រារាំង​ការលុកលុយ​របស់​មេរោគ​ ចំណែក​ឯកោ​សិកា​ឈាមក្រហម​សុទ្ធតែ​កំពុង​ធ្វើ​ឱ្យ​ឈាម​នៅមុខ​របួស​កក​កុំឱ្យ​ហូរ​មក​ទៀត​ ដូច្នេះ​បើ​អ្នក​កេះ​ ឬឆ្កឹះ​វា​មិនឈប់​នោះ​ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​មេរោគ​មានឱកាស​ជ្រាបចូល​ទៅ​ក្នុង​មុខរបួស​ទេ​ តែ​វា​ក៏អាច​ធ្វើ​ឱ្យ​របួស​ស្នាម​កាន់​តែ​ធំឡើង​ទៀតផង​។

    ដូច្នេះ​អ្នក​ត្រូវតែ​អនុវត្ត​ឱ្យ​បាន​នូវ​ចំណុច​ទាំង​ប៉ុន្មាន​ខាងលើ​នេះ​ នោះ​ឱកាស​នៃ​ការ​កើតមាន​ស្នាម​ក្រោយ​របួស​នឹង​មាន​កាន់តែ​តិច​សម្រាប់​អ្នក​។តែបើ​ស្លាកស្នាម​បាន​កើតមាន​ទៅ​ហើយ​នោះ​មានតែ​ស្វែងរក​ថ្នាំ​បំបាត់​សន្លា​កស្នាម​មក​លាប​ទេ​ទើប​ជា​វិធី​ដ៏​ល្អ​ និង​មានប្រសិទ្ធភាព​បំផុត​៕

  • ស្លាកស្នាម​ក្រោយ​កើតមុន​អាច​បំបាត់​បានទេ?​

    ស្លាកស្នាម​ក្រោយ​កើតមុន​អាច​បំបាត់​បានទេ?​

    វា​ជា​រឿង​មួយ​សំណាង​ណាស់ ប្រសិនបើ​ស្បែក​របស់​អ្នក​មិនដែល​បន្សល់ទុក​នូវ​ស្លាកស្នាម​បន្ទាប់ពី​កើតមុន​រួច ប៉ុន្តែ​សំណាង​នេះ​មិន​កើតមាន​ចំពោះ​មនុស្ស​ស្រី​ភាគច្រើន​នោះទេ ហេតុដូច្នេះ​ហើយ​បានជា​ពួកគាត់​តែងតែ​ខិតខំ​ធ្វើ​គ្រប់​មធ្យោបាយ ដើម្បី​ការពារ​កុំឱ្យ​កើតមុន ក៏ដូចជា​ខិតខំ​ប្រើប្រាស់​ផលិតផល​ជាច្រើន​ប្រភេទ​ទាំង​ផលិតផល​បែប​ធម្មជាតិ និង​លាយ​ជាតិគីមី ដើម្បី​បំបាត់ចោល​នូវ​រាល់​ស្លាកស្នាម​ដែល​នឹង​កើតមានឡើង​បន្ទាប់ពី​កើតមុន​រួច។

    ស្លាកស្នាម​អាច​កើតមាន​នៅលើ​ស្បែក ដោយសារតែ​វា​ជា​រឿង​ធម្មតា​ដែល​តែងតែ​កើតឡើង ឬ​អាច​បណ្តាលមកពី​ការព្យាបាល​ដែល​មិន​ត្រឹមត្រូវ រហូត​បណ្តាលឱ្យ​ក្លាយជា​ស្លាកស្នាម។ស្នាម​ដែល​កើតមាន​បន្ទាប់ពី​កើតមុន​រួច​នេះ​បណ្តាលមកពី​ការបំផ្លាញ​នៃ​ស្រទាប់​ស្បែក។

    ស្នាម​ដែល​បន្សល់ទុក​ក្រោយ​កើតមុន​ជាទូទៅ​តែងតែ​កើតមាន​នៅលើ​មុខ ខ្នង ស្មា និង​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ។ ស្នាម​ទាំងនេះ​ត្រូវបាន​ចែកចេញជា​ពីរ​ប្រភេទ​គឺ ស្នាមសើៗលើ​ស្បែក​និង​ស្នាម​ដែល​ចូល​ជ្រៅ​ទៅក្នុង​សាច់។ ស្នាមសើៗនៅលើ​ស្បែក​ជា​ស្នាមតូចៗដែល​អាចមើលឃើញ​តាមរយៈ​ការឆ្លុះ​កញ្ចក់​ពិនិត្យមើល ហើយ​ការព្យាបាល​ក៏មាន​ប្រសិទ្ធភាព​ខ្ពស់​ដែរ ប៉ុន្តែ​ប្រសិនបើ​វា​ជា​ស្នាម​ជ្រៅ​វិញ​នោះ (ស្នាម​ធំ​ខូង​ជ្រៅ​ទៅក្នុង​ស្បែក) វា​មានការ​ពិបាក​ក្នុងការ​ព្យាបាល ឬ​អាច​នឹង​ព្យាបាល​មិន​បាត់​តែម្តង ប្រសិនបើ​អ្នក​មិន​រួសរាន់​ក្នុងការ​ព្យាបាល​វា​ទេនោះ។

    ការព្យាបាល​តាមបែប​គីមី ៖ ការព្យាបាល​បែបនេះ​ភាគច្រើន​ត្រូវបាន​យកមកអនុវត្ត​សម្រាប់​អ្នក​ដែលមាន​ស្នាម​ជ្រៅ (ទទួលបាន​លទ្ធផល​ល្អ​ច្រើន) ហើយ​រយៈពេល​នៃ​ការព្យាបាល​គឺ​អាស្រ័យ​លើ​ទំហំ និង​ជម្រៅ​នៃ​ស្លាកស្នាម។ ប្រសិនបើ​អ្នក​ចង់​ទទួល​ការព្យាបាល​តាមបែប​គីមីដែរនោះ អ្នក​គួរតែ​ស្វែងរក​អ្នក​ដែលមាន​ជំនាញ​ច្បាស់លាស់​ក្នុងការ​ព្យាបាល​ទើប​ជាការ​ប្រសើរ។

    ការព្យាបាល​ដោយ​ឡាស៊ែរ ៖ នេះ​ក៏​ជា​វិធី​ព្យាបាល​មួយទៀត​ដែល​តែងតែ​ផ្តល់នូវ​ប្រសិទ្ធភាព​សម្រាប់​អ្នក​ដែលមាន​បញ្ហា​ស្នាម​គ្រប់​ប្រភេទ ជាពិសេស​ស្នាមធំៗ ឬ​ខូង​ចូល​ជ្រៅ​ទៅក្នុង​សាច់​ជាដើម។

    ការព្យាបាល​ដោយ​ផលិតផល​កម្ចាត់​ស្នាម ៖ វា​អាច​មិនមាន​ប្រសិទ្ធភាព​លឿន​ដូច​ការព្យាបាល​ដោយ​គីមី ឬ​ដោយ​ឡាស៊ែរ​នោះទេ ប៉ុន្តែ​វា​មាន​ភាពងាយស្រួល ហើយ​សូមកុំ​បារម្ភ​ខ្លាំងពេក​អី​ព្រោះ​បច្ចុប្បន្ននេះ​មាន​ផលិតផល​ខ្លះ​មាន​សមត្ថភាព​ខ្ពស់​ណាស់ ក្នុង​ការជួយ​ព្យាបាល​បញ្ហា​ស្នាម​ហើយក៏​មិន​ប្រើ​ពេលវេលា​យូរពេក​នោះដែរ។

    ព្យាបាល​តាមបែប​ធម្មជាតិ ៖ ភាគច្រើន​ការព្យាបាល​ស្នាម​ដែល​កើតមាន​បន្ទាប់ពី​កើតមុន​រួច​តាម​វិធី​ធម្មជាតិ​ត្រូវបាន​គេ​អនុវត្ត​នៅពេល​វា​ទើបតែ​កើតថ្មីៗ ហើយ​ជា​ស្នាម​ដែលមាន​ទ្រង់ទ្រាយ​តូច។ មិន​ពិបាក​ណាស់ណា​ទេ បើ​អ្នក​ចង់​ព្យាបាល​ដោយ​វិធី​ធម្មជាតិ ដោយ​ធ្វើតាមដំណាក់កាល​មួយចំនួន​ដូចជា លាង​សម្អាត​មុខ​ឱ្យ​ស្អាត ជូត​មុខ​ឱ្យ​ស្ងួត រួច​យក​សំឡី​មួយ​ដុំ​តូច​ជ្រលក់​ក្នុង​ទឹកក្រូច​ឆ្មារ​ដែលមាន​លាយ​ជាមួយ​ទឹក​បន្តិច មក​ជូត​ពីលើ​ស្បែក​ត្រង់​កន្លែង​ដែលមាន​ស្នាម រួច​ទុកចោល15នាទី ឬ​ពេញ​មួយ​យប់​ក៏បាន បន្ទាប់មក​សឹម​លាង​សម្អាត​ចេញ​ជាការ​ស្រេច។ វិធី​នេះ​អាច​ប្រើ​ពេលវេលា​យូរ​បន្តិច​ហើយ តែ​ទទួលបាន​លទ្ធផល​ជាទី​ពេញចិត្ត​បន្ទាប់ពី​ព្យាបាល​រួច៕