Tag: ស្រ្តីមេផ្ទះ

  • ប្រយោជន៍ល្អៗ 8យ៉ាងទៀតរបស់ទឹកសាប៊ូលាងចាន ដែលបងៗស្រ្តីមេផ្ទះមិនធ្លាប់ដឹង

    ប្រយោជន៍ល្អៗ 8យ៉ាងទៀតរបស់ទឹកសាប៊ូលាងចាន ដែលបងៗស្រ្តីមេផ្ទះមិនធ្លាប់ដឹង

    ប្រយោជន៍​ល្អ​ៗរបស់​ទឹកសាប៊ូ​លាងចាន​ មិនមែន​ល្អ​គ្រាន់តែ​សម្រាប់​ប្រើ​លាង​សម្អាត​ចាន​ឱ្យ​បាន​ស្អាត​ហ្មត់ចត់​ប៉ុណ្ណោះទេ​ តែ​ខាងក្រោម​នេះ​ គឺជា​ប្រយោជន៍​ល្អ​ៗផ្សេងទៀត​របស់​ទឹកសាប៊ូ​លាងចាន​ដែល​នៅពេល​បានដឹង​ហើយ​ នឹង​ធ្វើ​ឱ្យ​បងៗ​ស្រ្តី​មេផ្ទះ​ទាំងឡាយ​នឹក​ស្ងើច​ក្នុងចិត្ត​មិនខាន​…។

    1. កម្ចាត់​ស្នាម​ប្រឡាក់​ខ្លាញ់​លើ​ខោអាវ
    ​បើ​ចៃដន្យ​បងៗ​មេផ្ទះ​ចម្អិន​អាហារ​បែប​ខ្លាញ់​ៗ(ដូចជា​បំពង​ ចៀន​-ល-) រួច​ចៃដន្យ​ខ្លាញ់​ក្នុង​ខ្ទះ​កំពប់​ ឬខ្ទាត​មក​ប្រឡាក់​លើ​ខោអាវ​នោះ​ សូមកុំ​អាល​ភ្ញាក់ផ្អើល​អី​ ចូរ​យក​ទឹកសាប៊ូ​លាងចាន​មក​ដុស​លើ​កន្លែង​ប្រឡាក់​នោះ​ ហើយ​លាង​សម្អាត​ចេញ​ដោយ​ទឹក​ធម្មតា​(វិធី​នេះ​ក៏​ប្រើ​បានផល​ល្អជា​មួយ​ស្នាម​ប្រឡាក់​ក្អែល​នៅ​លើ​-កអាវ​ដែរ​) ស្នាម​ប្រឡាក់​ខ្លាញ់​នោះ​នឹង​រលាយ​បាត់​អស់​ និង​មិន​ធ្វើ​ឱ្យ​ខូច​សាច់ក្រណាត់​ដូច​សាប៊ូម្សៅ​ទៀតផង​។

    2. សម្អាត​កម្រាលឥដ្ឋ​ផ្ទះបាយ​ និង​កម្រាលឥដ្ឋ​បន្ទប់ទឹក
    ​ដោយ​ចាក់ទឹក​សាប៊ូ​លាងចាន​ 2ស្លាបព្រាបាយ​ទៅ​ក្នុង​ធុង​ដែល​មាន​ទឹក​ក្តៅ​ឧណ្ហ​ៗ ហើយ​ជូត​សម្អាត​កម្រាល​ឥដ្ឋការ៉ូ​ទាំងនោះ​ វា​នឹង​ធ្វើ​ឱ្យ​កម្រាលឥដ្ឋ​នោះ​ស្អាត​ហ្មត់ចត់​រលោង​លែង​រអិល​ និង​ថែមទាំង​ក្រអូប​ក្លិន​ក្រូចឆ្មារ​របស់​ទឹកសាប៊ូ​លាងចាន​ទៀតផង​។

    3. សម្អាត​គ្រឿងសង្ហារិម​ខាងក្រៅ​ផ្ទះ​
    បន្តក់​ទឹកសាប៊ូ​លាងចាន​ទៅ​ក្នុង​ចាន​ដែល​មាន​ទឹក​ក្តៅ​ឧណ្ហ​ៗ បន្ទាប់ពី​នោះ​យក​ទៅ​ជូត​សម្អាត​តុ​ និង​កៅអី​ដែល​នៅក្នុង​សួនច្បារ​ ឬនៅ​លើរាន​ហាល​ខាងក្រៅ​ផ្ទះ​ បន្ទាប់មក​លាង​សម្អាត​ដោយ​ទឹក​ស្អាត​… ស្នាម​ប្រឡាក់​ផ្សេង​ៗ និង​កំណក​ធូលី​ដី​ទាំងប៉ុន្មាន​នឹង​រលាយ​បាត់​អស់​មិនខាន​។

    4. សម្អាត​ក្រាសសិតសក់​ និង​ច្រាស​
    ភាព​កខ្វក់​ដែល​កក​ជាប់​នៅ​លើ​ក្រាសសិតសក់​បង្ក​ខ្លួន​ឡើង​ពី​ផលិតផល​កែច្នៃ​សក់​ និង​ជាតិ​ខ្លាញ់​លើ​ស្បែក​ក្បាល​ ដូច្នេះ​ចូរ​សម្អាត​វា​ដោយ​ទឹកសាប៊ូ​លាងចាន​លាយ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ ដោយ​ត្រាំ​ទុកចោល​មួយស្របក់​ បន្ទាប់មក​យក​ច្រាស​ដុសធ្មេញ​ មក​ដុសខាត់​ស្នាម​កំណក​កខ្វក់​ដែល​នៅ​ជាប់​សេសសល់​ទាំងនោះ​ចេញ​។

    5. ប្រើ​បោកគក់​ខោអាវ​ណា​ដែល​ត្រូវ​ថែទាំ​ជាពិសេស
    ​យើង​អាច​ប្រើ​ទឹកសាប៊ូ​លាងចាន​ជំនួស​សាប៊ូម្សៅ​ ដើម្បី​បោកគក់​សម្លៀកបំពាក់​ណា​ដែល​ត្រូវការ​ការថែទាំ​ជាពិសេស​បាន​ដូចគ្នា​។

    6. ប្រើ​សម្រាប់​ទាក់ទាញ​ និង​កម្ចាត់​សត្វល្អិត
    បន្តក់​ទឹកសាប៊ូ​លាងចាន​ 3ដំណក់​ចូល​ទៅ​ក្នុង​ចាន​ទឹក​សាជូរ​(ដែល​នឹង​ទាក់ទាញ​សត្វ​ល្អិត​ៗឱ្យមក​តោង​) ទឹក​ល្បាយ​នេះ​នឹង​កាត់បន្ថយ​ភាព​តឹង​លើ​ផ្ទៃ​ទឹក​ និង​ធ្វើ​ឱ្យ​សត្វល្អិត​ទាំងនោះ​លង់ទឹក​ស្លាប់​នៅទីបំផុត​។

    7. កម្ចាត់​ស្នាម​ប្រឡាក់​លើ​កម្រាលព្រំ​
    លាយ​ទឹកសាប៊ូ​លាងចាន​ 1ស្លាបព្រាបាយ​នៅក្នុង​ទឹក​ក្តៅ​ឧណ្ហ​ៗ 2កូនចាន​ ហើយ​យក​ក្រ​ណា​ត់ស​ជ្រលក់​ទឹក​ល្បាយ​នោះ​យក​មក​សង្កត់​ៗពីលើ​ស្នាម​ប្រឡាក់​ រហូត​ទាល់តែ​ស្នាម​ប្រឡាក់​នោះ​ជ្រាបចូល​មក​នៅក្នុង​ក្រ​ណា​ត់ស​ និង​រលុប​បាត់​អស់ពី​កម្រាលព្រំ​ បន្ទាប់ពី​នោះ​ជូត​សម្អាត​ដោយ​ទឹក​ស្អាត​ និង​យក​ក្រណាត់​ស្អាត​មក​ជូត​ប្តិ​តទឹក​ចេញ​ឱ្យ​ស្ងួត​។

    8. ជូត​សម្អាត​ទូ​ដាក់​ម្ហូប​នៅក្នុង​ផ្ទះបាយ​
    ទូ​ដាក់​ម្ហូប​នៅក្នុង​ចង្ក្រានបាយ​ក៏អាច​ប្រឡាក់​បាន​ដែរ​តាមរយៈ​ខ្លាញ់​ និង​អា​ហារ​ផ្សេង​ៗដែល​កំពប់​ ឬខ្ទាត​ទៅ​ប្រឡាក់​ ដូច្នេះ​ចូរ​លាយ​ទឹកសាប៊ូ​លាងចាន​បន្តិច​នៅក្នុង​កំប៉ុង​បាញ់​ទឹក​(ដប​ស្រ្បៃយ៍​)ដែល​មាន​ទឹក​ក្តៅ​ឧណ្ហ​ៗ ហើយ​បាញ់​ឱ្យ​សព្វ​ពីលើ​កន្លែង​មានស្នាម​ប្រឡាក់​ បន្ទាប់ពី​នោះ​ជូត​ចេញ​ដោយ​ក្រណាត់​ជ្រលក់​ទឹក​ស្អាត​ដែល​ពូត​ឱ្យ​ស្ងួត​រួចហើយ​។

    បានដឹង​ពី​គុណ​ប្រយោជន៍​ល្អ​ៗផ្សេងទៀត​របស់​ទឹកសាប៊ូ​លាងចាន​ដូច​ខាងលើ​នេះ​ហើយ​ កុំ​ភ្លេច​ប្រាប់​តៗ​គ្នា​ផង​ណា៎​៕

  • ចំណេះដឹងល្អសម្រាប់បងៗស្រ្តីមេផ្ទះទាក់ទងនឹងផ្លែឈើគ្រប់មុខ

    ចំណេះដឹងល្អសម្រាប់បងៗស្រ្តីមេផ្ទះទាក់ទងនឹងផ្លែឈើគ្រប់មុខ

    លេខ​នេះ​ ឡា​រ៉ែ​ន មានចំណេះ​ដឹង​ពិសេស​បំផុត​ដែល​ទាក់ទង​នឹង​ផ្លែឈើ​មក​ជម្រាប​ជូន​បងៗ​ស្រ្តី​មេផ្ទះ​ ដែល​ធានា​ថា​ នៅពេល​ដែល​បាន​ដឹង​ហើយ​ បងៗ​ច្បាស់ជា​នឹង​យកចំណេះ​ដឹង​នេះ​ទៅ​ចែករំលែក​បន្ត​ទៀត​ជាមិនខាន​។ ដូច្នេះ​យើង​នាំ​គ្នា​មក​មើល​ថា​ តើ​ចំណេះដឹង​ទាក់ទង​នឹង​ផ្លែឈើ​នេះ​មាន​អ្វីខ្លះ​ ដូចតទៅ​៖

    – ចំពោះ​ផ្លែ​ប៉ោម​
    . គួរ​លាង​ផ្លែ​ប៉ោម​ឱ្យ​បាន​ស្អាត​មុននឹង​ទទួលទាន​ ព្រោះ​ជួនកាល​ជី​ ឬថ្នាំ​សម្លាប់សត្វ​ល្អិត​ដែលគេ​បាញ់​ដាក់​ដើម​ផ្លែ​ប៉ោម​នោះ​ អាច​នៅ​មាន​សេសសល់​ជាប់​នៅ​លើ​ផ្លែ​ប៉ោម​ និង​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​អ្នក​ញ៉ាំ​បាន​។. ពេល​ត្រូវ​ចិត​សម្បក​ផ្លែ​ប៉ោម​ចំនួន​ច្រើន​ បងៗ​ស្រ្តី​មេផ្ទះ​គួរ​ប្រើ​ទឹក​ក្តៅ​ឧណ្ហ​ៗលាង​ផ្លែ​ប៉ោម​ជាមុន​សិន​ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​កាន់តែ​ងាយស្រួល​ចិត​សម្បក​ចេញ​។
    . ពេល​ចិត​សម្បក​ផ្លែ​ប៉ោម​ ដើម្បី​កុំឱ្យ​សាច់​ផ្លែ​ប៉ោម​ឡើងពណ៌​ក្រហមជាំ​ និង​សាច់​ឡើង​ផុស​ៗនោះ​ បងៗ​គួរ​ដាក់​នៅក្នុង​ចាន​ដែល​មាន​ទឹក​ត្រជាក់​ និង​ដាក់​អំបិល​ចូល​ទៅ​បន្តិច​ផង​។
    . និង​ពេល​ចិត​សម្បក​ផ្លែ​ប៉ោម​ សម្រាប់​ធ្វើ​ជា​ទឹកជ្រលក់​ផ្លែ​ប៉ោម​(ដូច​ទឹក​ប៉េងប៉ោះ​) បងៗ​គួរ​រក្សាទុក​សម្បក​វា​ផង​ ដើម្បី​យក​វា​ទៅ​ដាក់​ស្ងោរ​ដោយ​ដាក់​ទឹកតែ​បន្តិច​បាន​ហើយ​ រួចហើយ​ប្រើ​ទឹកដែល​ស្ងោរ​សម្បក​ផ្លែ​ប៉ោម​នេះ​ជំនួស​ទឹក​ធម្មតា​ក្នុង​ការ​ធ្វើ​ទឹកជ្រលក់​ផ្លែ​ប៉ោម​នេះ​ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​មាន​រសជាតិ​ឆ្ងាញ់​ ហើយ​ពណ៌​របស់​ទឹក​ជ្រលក់​ផ្លែ​ប៉ោម​ដែល​យើង​ធ្វើ​ហើយ​នោះ​ល្អ​ជាង​ប្រើ​ទឹក​ធម្មតា​ធ្វើ​ ។

    – ចំពោះ​ផ្លែ​ចេកអំបូង​ ឬចេកណាំវ៉ា​
    . ចូរ​កុំ​រក្សាទុក​ចេកអំបូង​នៅក្នុង​ទូទឹកកក​ ព្រោះ​នឹង​ធ្វើ​ឱ្យ​សម្បក​វា​ឡើង​ខ្មៅ​ តែបើ​ចង់​ញ៉ាំ​ចេកអំបូង​ត្រ​ជា​ក់ៗ​ គួរ​ដាក់​វា​ក្នុង​ទូទឹកកក​ល្មម​តែ​ញ៉ាំ​អស់​ 1ពេល​ៗបាន​ហើយ​ និង​ដាក់​នៅក្នុង​ជាន់ក្រោម​បំផុត​(ក្នុង​ប្រអប់​ដាក់​បន្លែ​)របស់​ទូទឹកកក​។
    . សាច់​ចេកអំបូង​ ឬចេកណាំវ៉ា​នឹង​មិន​ឡើង​ខ្មៅ​បន្ទាប់ពី​បក​សម្បក​ហើយ​ទេ​ បើសិនជា​បាន​ជ្រលក់​ចូលក្នុង​ទឹកក្រូច​ឆ្មារ​បន្តិច​ ហើយ​បើ​យក​ទៅ​ធ្វើ​ញាំ​ផ្លែឈើ​ផង​នោះ​ និង​រឹតតែ​មាន​រសជាតិ​ឆ្ងាញ់​ថែមទៀត​។

    – ចំពោះ​ផ្លែក្រូច​គ្រប់​ប្រភេទ​
    . ផ្លែក្រូច​គ្រប់​ប្រភេទ​ ក៏​មិន​គួរ​រក្សាទុក​ក្នុង​ទូទឹកកក​ដែរ​ ព្រោះ​នឹង​ធ្វើ​ឱ្យ​ផ្លែក្រូច​កាន់តែ​មាន​រសជាតិ​ជូរ​ឡើង​ វិធី​ទុកដាក់​ផ្លែក្រូច​ដែល​ត្រឹម​-ត្រូវ​នោះ​គឺ​ ដាក់​នៅក្នុង​ថាស​ និង​ទុក​នៅក្នុង​ កន្លែង​ដែល​មាន​ខ្យល់​ចេញចូល​ តែ​មិន​សើម​ អាប់​ ឬស្ងួត​ខ្លាំងពេក​ឡើយ​ ។
    . សម្រាប់​ផ្លែក្រូច​ថ្លុង​ពេល​បក​សម្បក​សម្រាប់​រៀបចំ​ពិសា​ក្នុង​ពិធីជប់លៀង​ គួរ​បក​ដោយ​ប្រើ​វិធី​ពុះ​សម្បក​ជុំវិញ​ ទទឹង​ផ្លែ​ចំ​កណ្តាល​(កុំ​ចិត​ក្បាល​ចេញ​) ពុះ​សន្សឹម​ៗរហូតដល់​សម្បក​ក្នុង​ តែ​ត្រូវ​ប្រយ័ត្ន​កុំឱ្យ​មុខកាំបិត​ប៉ះ​នឹង​សាច់​ក្រូច​ រួចហើយ​យក​សម្បក​ចេញ​ដោយ​ប្រើ​ចុង​ម្រាម​ដៃ​របស់​យើង​លូកចូល​ទៅ​ម្តង​បន្តិច​ៗ និង​ប្រយ័ត្ន​កុំឱ្យ​រហែក​សម្បក​។ ពេល​យក​សម្បក​ចេញ​បាន​ទាំងពីរ​ខាង​ហើយ​ ចូរ​ទុកចោល​មួយអន្លើ​សិន​ បន្ទាប់មក​បក​សម្បក​ក្នុង​ដែល​ជាប់នឹង​សាច់​ចេញ​ឱ្យ​ស្អាត​ រួច​រៀប​ចូល​ទៅវិញ​ឱ្យ​មាន​រូបរាង​ដូចដើម​។ លោកអ្នក​អាច​ប្រើ​សម្បក​ក្រូចថ្លុង​នោះ​ជំនួស​ចាន​ដាក់ផ្លែ​ឈើ​បាន​យ៉ាង​ស្អាត​ក៏បាន​ដែរ​។
    . ចំណែក​ផ្លែក្រូច​ឃ្វិច​វិញ​ នៅពេល​យើង​បក​សម្បក​ចង់​ញ៉ាំ​ម្តង​ៗ យើង​តែង​ជួបនឹង​សរសៃ​-សៗ​នៅ​ជាប់​ពាសពេញ​លើ​សាច់​ក្រូច​នោះ​ ធ្វើ​ឱ្យ​រំខាន​ និង​មានការ​ពិបាក​បេះ​ចេញ​ម្តង​មួយ​សរ​សៃៗ​ខ្លាំង​ណាស់​ តែ​សូម​លោក​អ្នក​កុំអាល​រំខានចិត្ត​អី​ វិ​ធី​ងាយ​ៗក្នុង​ការ​ធ្វើ​ឱ្យ​សរសៃ​-សៗ​ទាំងនោះ​ជាប់​អស់​ទៅ​នឹង​សម្បក​ពេល​បក​ពិសា​នោះ​គឺ​ គ្រាន់តែ​យក​ផ្លែក្រូច​ឃ្វិច​ទៅ​ដាក់​ត្រាំ​ក្នុងទឹក​ក្តៅ​ឧណ្ហ​ៗឱ្យ​លិច​ផ្លែ​ ទុក​ចោល​ប្រមាណ​ជា​ 5-10នាទី​ រួចហើយ​ស្រង់​យក​មក​បក​ពិសា​… តែ​ប៉ុណ្ណឹង​សរសៃ​-សៗ​ទាំងនោះ​នឹង​ជាប់​ទៅជាមួយ​សម្បក​អស់​ជាមិនខាន​ ឯរសជាតិ​នៅតែ​ឆ្ងាញ់​ដូចមុន​ដដែល​។
    . សម្រាប់​ផ្លែក្រូច​ឆ្មារ​ដែល​ទុកចោល​យូរ​ ឡើង​ក្រៀម​នោះ​ វា​នឹង​ស្រស់​ ហើយ​មាន​ទឹក​ច្រើនឡើង​វិញ​បើ​បាន​យក​ទៅ​ដាក់​នៅក្នុង​ចាន​ ឬឆ្នាំង​ដែល​មាន​ទឹក​ក្តៅ​ឧណ្ហ​ៗ ដោយ​ទុក​ឱ្យ​ទឹក​វា​នៅ​ក្តៅ​បែប​នោះ​រយ:ពេល​ប្រមាណ​ជា​ 1ម៉ោង​ (តែ​ត្រូវ​ប្រយ័ត្ន​កុំឱ្យ​ទឹក​ក្តៅ​នោះ​ពុះ​) រួច​ហើយ​សឹម​ស្រង់​ឡើង​យក​មក​ទុក​ឱ្យ​ស្ងួត​មុន​នឹង​យក​ទៅ​ប្រើការ​។ ក្រូចឆ្មារ​នោះ​នឹង​មាន​ទឹក​ច្រើនឡើង​វិញ​ និង​មាន​រសជាតិ​ដូច​ពេល​នៅ​ស្រស់​ដដែល​។

    – ចំពោះ​ផ្លែ​ខ្នុរ​ និង​ផ្លែទៀប​

    . លោកអ្នក​គួរតែ​ជ្រើសរើស​យក​ផ្លែ​ខ្នុរ​ និង​ផ្លែទៀប​ណា​ដែល​មាន​ក្រ​ឡា​ធំៗ​ ឬមាន​បន្លា​ឆ្ងាយ​ៗពីគ្នា​ ព្រោះ​ពេល​បក​ពិសា​នឹង​បាន​សាច់​ក្រាស់​ៗ ហើយ​មានសាច់​ច្រើន​ទៀតផង​ ។

    – ចំពោះ​ផ្លែ​ ឃែន​តា​លូប​ (ត្រសក់ស្រូវ​បារាំង​ ឬផ្លែ​ម៉ឺ​ឡុង​) និង​ផ្លែ​ឪឡឹក​
    . សម្រាប់​ផ្លែ​ ឃែន​តា​លូប​ នៅពេល​ដែល​លោកអ្នក​ពុះ​ និង​ចង់​ទុក​មួយ​ចំហៀង​សម្រាប់​ទទួលទាន​ថ្ងៃក្រោយ​នោះ​ បងៗ​ស្រ្តី​មេផ្ទះ​គួរ​រក្សា​គ្រាប់​របស់​វា​ឱ្យ​នៅ​ដដែល​កុំ​ខ្វេះ​ចេញ​ ព្រោះ​វា​នឹង​ជួយ​រក្សា​សំណើម​របស់​ផ្លែ​ឃែន​តា​លូ​បនោះ​ និង​ធ្វើ​ឱ្យ​នៅ​ស្រស់​ថ្មី​រហូត​ទាល់តែ​លោកអ្នក​យក​មក​ពិសា​នៅពេល​ក្រោយ​បាន​។
    . ចំណែក​ឯផ្លែ​ឪឡឹក​វិញ​ នៅពេល​ពុះ​ហើយ​ ​បើ​លោកអ្នក​ចង់​រក្សាទុក​មួយ​ចំហៀង​សម្រាប់​ពិសា​នៅពេល​ក្រោយ​នោះ​ ​ចូរ​យក​ថង់​ប្លាស្ទិក​ស្ដើង​ៗ ថ្លា​ៗ មក​បិទ​ពីលើ​សាច់​ឪឡឹក​នោះ​ រួច​ហើយ​សឹម​យក​ទៅ​ទុក​ក្នុង​ទូទឹកកក​។ ផ្លែ​ឪឡឹក​ដែល​នៅសល់​មួយ​ចំហៀង​នោះ​នឹង​នៅ​ស្រស់​ ស្រួយ​ និង​មិន​ចូល​ខ្យល់​នាំ​ឱ្យ​ខូច​រសជាតិ​ឡើយ​។
    . បើ​ចង់ឱ្យ​សាច់​ផ្លែ​ឪឡឹក​កាន់តែ​ផ្អែម​ ស្រួយ​ឆ្ងាញ់​ឡើង​ទៀត​នោះ​ នៅពេល​ដែល​លោកអ្នក​ចិត​ដាក់​ចាន​ហើយ​ ចូរ​រោយ​ស្ករ​-សពី​លើ​បន្តិច​ មុននឹង​យក​ទៅ​ដា​ក់​ក្លា​ស្សេ​ក្នុង​ទូទឹកកក​ សាច់​ឪឡឹក​នោះ​នឹង​កាន់តែ​មាន​រសជាតិ​ផ្អែម​ជាប់​ចិត្ត​ឡើង​ទៀត​មិនខាន​។
    . វិធី​រក្សា​ផ្លែ​ឪឡឹក​ឱ្យ​នៅ​ត្រជាក់ស្រេប​ និង​ផ្អែម​ស្រស់​បាន​យូរ​សម្រាប់​ទុក​យក​ទៅ​ពិសា​ក្នុង​ពេល​ទៅដើរ​លេង​នៅ​ទី​ឆ្ងាយ​ គឺ​ ផ្លែ​ឪឡឹក​ដែល​រក្សាទុក​នៅក្នុង​ទូទឹកកក​រហូត​ឡើង​ត្រជាក់​ស្រេ​បហើយ​ បើ​ចង់​យក​ទៅ​ទុក​ពិសា​នៅពេល​ទៅដើរ​លេង​នៅ​ទី​ឆ្ងាយ​នោះ​ ចូរ​យក​ក្រដាស​កា​សែ​តស្ងួត​ៗមក​រុំ​ឱ្យ​ជិត​ វា​នឹង​ធ្វើ​ឱ្យ​ផ្លែ​ឪឡឹក​នោះ​នៅតែ​រក្សា​ភាពត្រជាក់​បាន​យូរ​រហូតដល់​ពេល​ពុះ​ពិសា​មិនខាន​។

    – ចំពោះ​ផ្លែ​ល្ហុង​ និង​ផ្លែ​ម្នាស់​
    . សម្រាប់​ផ្លែ​ល្ហុង​ ការ​ថែរក្សា​ទុកដាក់​ក៏​ដូច​ផ្លែ​ឪឡឹក​ដែរ​ តែ​ពេល​ចិត​ពិសា​ បើ​លោកអ្នក​ចង់ឱ្យ​សាច់​ល្ហុង​មាន​រសជាតិ​ប្លែក​ និង​កាន់តែ​ឆ្ងាញ់មាត់​ឡើង​នោះ​ ចូរ​ច្របាច់​ក្រូចឆ្មារ​ពីលើ​បន្តិច​ វា​នឹង​ជួយ​លើក​រសជាតិ​ឡើង​ថែមទៀត​។
    . ចំណែក​ឯផ្លែ​ម្នាស់​វិញ​ ​ពេល​ចិត​ជា​ចំ​ណិ​តៗ​ដាក់​ចាន​ហើយ​ ​ចូរ​រោយ​អំបិល​ពីលើ​បន្តិច​ នឹង​ធ្វើ​ឱ្យ​សាច់​ម្នាស់​នោះ​កាន់តែ​មាន​រសជាតិ​ផ្អែម​ឡើង​ និង​មិន​ធ្វើ​ឱ្យ​រមាស់​កទៀតផង​៕

  • ចំណេះដឹងថ្មី ដែលបងៗស្រ្តីមេផ្ទះបានអានហើយ ត្រូវតែលាន់មាត់ថា វ៉ាវ!

    ចំណេះដឹងថ្មី ដែលបងៗស្រ្តីមេផ្ទះបានអានហើយ ត្រូវតែលាន់មាត់ថា វ៉ាវ!

    គន្លឹះថ្មីៗល្អៗ 6យ៉ាងក្នុងការបោកគក់សម្លៀកបំពាក់ ប្ដូរការងារពិបាក ឱ្យក្លាយជារឿងងាយ។

    បងៗស្រ្តីមេផ្ទះជាច្រើនតែងតែគិតថា ការបោកគក់សម្លៀកបំពាក់គឺជាការងារមួយដែលពិបាក និងប្រើពេលវេលាច្រើន ជាពិសេសចំពោះសម្លៀកបំពាក់ណាដែលមានស្នាមប្រឡាក់ស្អិតជាប់ណែន សឹងតែបោះចោលតែម្ដង។ តែឈប់សិន! កុំអាលបោះចោលអី ព្រោះថ្ងៃនេះ ឡារ៉ែន មានគន្លឹះថ្មីៗ ល្អៗក្នុងការបោកគក់សម្លៀកបំពាក់មកជម្រាបជូន ទាំងវិធីកម្ចាត់ស្នាមកខ្វក់ដែលគិតថា បោកមិនចេញ វិធីមើលថែទាំខោអាវឱ្យនៅមានទ្រង់ទ្រាយដូចមុនដដែលមានពណ៌ស្រស់ស្អាតដដែល និងពាក់បានកាន់តែយូរឡើង មកជម្រាបជូន និងមានថែមវិធីលាងសម្អាតម៉ាស៊ីនបោកគក់សម្លៀកបំពាក់យ៉ាងងាយៗមកចែករំលែកជូនទៀតផង។

    1. លាងសម្អាតម៉ាស៊ីនបោកគក់សម្លៀកបំពាក់ដោយទឹកថ្នាំខ្ពុរមាត់
    បើបងៗស្រ្តីមេផ្ទះសង្កេតឃើញថា ម៉ាស៊ីនបោកគក់ខោអាវនៅក្នុងផ្ទះចាប់ផ្ដើមមានក្លិនមិនល្អ ឬមានស្នាមកខ្វក់ហើយនោះ បញ្ជាក់ថា ដល់ពេលត្រូវលាងសម្អាតវាចេញម្ដងហើយ ដូច្នេះគ្រាន់តែចាក់ទឹកថ្នាំខ្ពុរមាត់ប្រមាណជាកន្លះកែវចូលទៅក្នុងប្រឡោះដាក់ម្សៅសាប៊ូ បន្ទាប់មកក៏ចុចកុងតាក់បើកឱ្យម៉ាស៊ីនធ្វើការតាមធម្មតា។ តែប៉ុណ្ណឹង ទាំងមេរោគផ្សិត និងបាក់តេរីបង្កក្លិនផ្សេងៗនឹងត្រូវសម្លាប់អស់មិនខាន។

    2. កម្ចាត់ស្នាមលឿងៗលើសម្លៀកបំពាក់ដោយថ្នាំអាស្ពីរីន
    ដោយគ្រាន់តែកិនគ្រាប់ថ្នាំអាស្ពីរីន ចំនួន5គ្រាប់ រួចយកទៅលាយក្នុងទឹក2លិត្រ រួចហើយយកសម្លៀកបំពាក់ពណ៌សទៅត្រាំ (កុំភ្លេចសង្កត់ឱ្យទទឹកសព្វ) ហើយទុកចោលយ៉ាងតិច8ម៉ោង ដើម្បីរង់ចាំឱ្យជាតិអាស៊ីត សាលីស៊ីលិក ពីគ្រាប់ថ្នាំអាស្ពីរីនបញ្ចេញឫទ្ធិ បន្ទាប់មកសឹមយកមកបោកគក់តាមធម្មតា។ តែប៉ុណ្ណឹងក៏នឹងជួយឱ្យសម្លៀកបំពាក់នោះត្រឡប់ទៅជាសស្អាតបានបាត់ទៅហើយ។

    ក្រៅពីនេះ ថ្នាំអាស្ពីរីន នៅអាចកម្ចាត់ស្នាមប្រឡាក់ឈាមនៅលើខោអាវបានទៀតផង ដោយគ្រាន់តែរំលាយថ្នាំអាស្ពីរីននៅក្នុងទឹកត្រជាក់(ហាមប្រើទឹកក្ដៅជាដាច់ខាត ព្រោះនឹងធ្វើឱ្យស្នាមប្រឡាក់នោះរឹតតែជាប់ស្អិតទៅទៀត)បន្ទាប់មកក៏យកខោអាវដែលប្រឡាក់ឈាមនោះមកត្រាំ។ បើស្នាមប្រឡាក់ឈាមនោះស្ងួតចូរយកថ្នាំអាស្ពីរីនដែលកិនជាម្សៅមកដុសនៅលើស្នាមប្រឡាក់នោះ ទុកចោល2ម៉ោង រួចសឹមយកទៅបោកគក់តាមធម្មតា។

    3. មិនគួរហាលយូរពេកទេ
    ព្រោះការហាលសម្លៀកបំពាក់ចោលយូរពេក នឹងធ្វើឱ្យសាច់ក្រណាត់ឡើងរឹង ពិបាកអ៊ុតទោះបីជាឆ្នាំងអ៊ុតមានចំហាយទឹកក៏អ៊ុតឱ្យរាបមិនបានដែរ តែបើសិនជាហាលទុកចោលរហូតដល់ភ្លេចសា និងមានបញ្ហាដូចខាងដើមនោះឡារ៉ែន ណែនាំឱ្យប្រោះទឹកលើសម្លៀកបំពាក់នោះបន្តិចៗ ក៏អាចជួយឱ្យកាន់តែងាយស្រួលអ៊ុតឡើងដែរ។

    4. ដាក់ស្រោមជើងក្នុងថង់ស្បៃ ឬថង់សំណាញ់មុននឹងដាក់បោក
    សម្រាប់អ្នកដែលមានបញ្ហា ស្រោមជើងយារ ឬច្រើនតែបាត់អស់ម្ខាងជាប្រចាំនោះ ឡារ៉ែន ណែនាំឱ្យដាក់ក្នុងថង់ស្បៃ ឬថង់សំណាញ់មុននឹងយកទៅដាក់បោកក្នុងម៉ាស៊ីន ព្រោះវាជាការថែទាំស្រោមជើងឱ្យទុកពាក់បានយូរ និងថែមទាំងមិនធ្វើឱ្យបាត់អស់ម្ខាងក្រោយពេលបោកគក់រួចទៀតផង។

    5. ស្ដារសភាពសម្លៀកបំពាក់រួញដោយសាប៊ូកក់សក់កូនក្មេង
    ស្ដារសភាពសម្លៀកបំពាក់ណាដែលរួញដោយការលាយទឹកសាប៊ូកក់សក់ក្មេងជាមួយទឹកក្ដៅឧណ្ហៗនៅក្នុងចានដែក ហើយយកសម្លៀកបំពាក់ដែលរួញនោះមកដាក់ត្រាំទុកចោលប្រមាណ5-10នាទី បន្ទាប់ពីនោះស្រង់ឡើងមកដោយមិនចាំបាច់លាងសម្អាតទេ ហើយយកទៅដាក់លើកន្សែងពោះគោដែលស្ងួត ព្រមទាំងមូររុំចូលគ្នាដើម្បីឱ្យបឺតជាតិទឹកចេញ។ ធ្វើបែបហ្នឹងដដែលៗរហូតទាល់តែសម្លៀកបំពាក់នោះត្រឡប់មកមានខ្នាតដូចដើមវិញ។

    6. ប្រើគ្រីមរំអិលសម្រាប់កោរពុកមាត់លុបស្នាមប្រឡាក់គ្រឿងសម្អាង
    បើមានស្នាមគ្រឿងសម្អាងប្រឡាក់ជាប់នៅលើសម្លៀកបំពាក់ ហើយបោកមិនចេញសោះនោះ ចូរយកគ្រីមរំអិលសម្រាប់កោរពុកមាត់មកដុសនៅលើកន្លែងដែលប្រឡាក់ ហើយទុកចោល10-15នាទី មុននឹងយកទៅបោកគក់តាមធម្មតា ហើយបើសិនធ្វើបែបនោះម្ដងហើយ នៅតែមិនទាន់ជ្រះស្អាតទៀត ចូរធ្វើដូចគ្នាម្ដងទៀត។

    សម្លៀកបំពាក់ដែលស្លៀកយូរៗទៅ វាត្រូវតែខូចទ្រង់ទ្រាយ រាងរៅឬស្លេកពណ៌ខ្លះៗជារឿងធម្មតា តែយើងអាចពន្យារពេលការប្រើប្រាស់ឱ្យបានយូរឡើងតាមរយៈគន្លឹះល្អៗទាំងអស់ខាងលើដែលវានឹងជួយរក្សាទ្រង់ទ្រាយ និងពណ៌របស់សម្លៀកបំពាក់ឱ្យនៅតែស្អាត ភ្លឺរលោង មើលទៅមិនចាស់ព្រមទាំងទុកស្លៀកពាក់បានកាន់តែយូរឡើងទៀតផង៕