Tag: ស្នាមជាំ

  • សំណួរ-ចម្លើយ ពាក់ព័ន្ធនឹងសុខភាពពេលមានគភ៌ ដែលស្រ្តីទាំងអស់គួរដឹង…(តចប់)

    សំណួរ-ចម្លើយ ពាក់ព័ន្ធនឹងសុខភាពពេលមានគភ៌ ដែលស្រ្តីទាំងអស់គួរដឹង…(តចប់)

    ឡារ៉ែនជឿថា នារីៗយើងទាំងអស់ អ្នកណាៗក៏ត្រូវតែមានគ្រួសារ(ស្វាមី) និងត្រៀមខ្លួនសម្រាប់ការមានផ្ទៃពោះដូចគ្នា ដូច្នេះដើម្បីជាចំណេះដឹងសម្រាប់ត្រៀមខ្លួនក្នុងការមានគភ៌ និងដើម្បីថែរក្សាសុខភាពរបស់ខ្លួនឯង និងកូនក្នុងផ្ទៃក្នុងអំឡុងពេលតាំងគភ៌នោះ ខាងក្រោមនេះគឺជាសំណួររបស់ស្ត្រីមានគភ៌ និងចម្លើយរបស់គ្រូពេទ្យជំនាញ ដែលឡារ៉ែនសូមលើកយកមកជម្រាបជូនសម្រាប់ស្ត្រីដែលកំពុងត្រៀមខ្លួនធ្វើជាម្ដាយថ្មោងថ្មីទុកជាចំណេះដឹង…។

    បារម្ភ កូនមិនសូវរើ

    Q . មានផ្ទៃពោះបាន 20សប្តាហ៍ហើយ តែគ្មានទទួលអារម្មណ៍ថា កូនរើបន្តិចសោះ។ ពេលខ្លះមានអារម្មណ៍រាងទុលៗ តែក៏​មិនប្រា​កដក្នុងចិត្តធាកូនកំពុងរើដែរ ព្រោះស្រាលៗមែនទែន។ ខំព្យាយាមសង្កេតមើលក្រោយពេលញ៉ាំបាយហើយ តែក៏ស្ងាត់ឈឹង ចង់សួរថា តើបែប​ហ្នឹងខុសប្រក្រតី ឬក៏អត់?

    A . ជាប្រក្រតីស្ត្រីមានគភ៌​ នឹងមានអារម្មណ៍ដឹងថា កូនរើលើកតំបូងបង្អស់ នៅក្នុងអំឡុងពេលដែលផ្ទៃពោះមានអាយុពី 16 – 20សប្តាហ៍ តែអារម្មណ៍របស់ស្ត្រីមានផ្ទៃពោះម្នាក់ៗ តែងខុសប្លែកពីគ្នា ដូច្នេះមិនចាំបាច់ថា ត្រូវតែមានអារម្មណ៍ដឹងពីអា​ការ​​​​​​​កូនរើឱ្យត្រឹមត្រូវតាមពេលវេលា និងម៉ោងពេលនៃការធ្វើចលនារបស់ទារកនៅក្នុងផ្ទៃរបស់អ្នកនោះទេ។

    មានកង្វល់រឿងថ្នាំហ្វូលេត សម្រាប់អ្នកមានផ្ទៃពោះ

    Q . ពេលមានគភ៌កូនដំបូង លោកគ្រូពេទ្យចែកថ្នាំហ្វូលេតឱ្យញ៉ាំរៀងរាល់ខែ(គ្រាប់ពណ៌លឿង)ហើយជាប្រក្រតីនឹងទទួលបាន កាល់ស្យូម វិតាមីនរួម និងហ្វូលេត តែខែកន្លងទៅនេះ បានទទួលតែកាល់ស្យូម និងវិតាមីនរួម អត់មានហ្វូលេតទៀតទេ ធ្វើឱ្យខ្ញុំមានកង្វល់ក្នុងចិត្តជាខ្លាំង ខ្លាចកូនក្នុងពោះមានសុខភាពមិនល្អ ព្រោះតែខ្វះខាតជាតិហ្វូលេត។

    A . ហ្វូលេតសម្រាប់អ្នកមានផ្ទៃពោះ មានតួនាទីក្នុងការផលិតគ្រាប់ឈាមក្រហម និងមានប្រយោជន៍ក្នុងការ​ការ​​ពារភាពខុសប្រក្រតីនៃការសាងប្រព័ន្ធសរសៃប្រសាទខួរក្បាល និងសសៃប្រសាទឆ្អឹងកងខ្នងរបស់ទារកនៅក្នុងគភ៌ ដែល​មានដូចជា សភាវបំពង់ប្រសាទបើក ( Neural Tube Defect ឬ NTD ) សភាវគ្មានខួរក្បាល ( Anencephaly ) ឆ្អឹងកងខ្នងបិទមិនជិតល្អ ( Spina Bifida )ជាដើម ហើយបរិមាណហ្វូលេតដែលត្រូវទទួលទាននោះ ចែកចេញជា៖

    1. ករណីដែលស្ត្រីមានគភ៌លើកដំបូង ឬគ្មានប្រវត្តិធ្លាប់ប្រសូតបុត្រដែលមានរោគបំពង់ប្រសាទបើក សភាវ​គ្មាន​ខួរក្បាល ឬឆ្អឹងកងខ្នងបិទមិនជិតល្អទេនោះ សូមណែនាំឱ្យទទួលទានមុនពេលមានគភ៌រយៈពេល 3ខែ រហូតដល់គភ៌​មានអាយុ 12 សប្តាហ៍ ក្នុង 1ថ្ងៃ​ 400មីល្លីក្រាម។
    2. ក្នុងករណីដែលស្រ្តីមានគភ៌ ធ្លាប់មានប្រវត្តិប្រសូតបុត្រមកមានរោគបំពង់ប្រសាទបើក ឬសភាវគ្មានខួរក្បាល ឬឆ្អឹងកងខ្នងបិទមិនជិតល្អនោះ សូមណែនាំឱ្យទទួលទានមុនពេលមានគភ៌រយៈពេល 3ខែ រហូតដល់គភ៌​មានអាយុ 12សប្តាហ៍ ក្នុង1ថ្ងៃ​ 400មីល្លីក្រាម។
    3. ក្នុងករណីស្រ្តីមានគភ៌មានភាពខុសប្រក្រតីរបស់រោគមិនសូវមានឈាមក្រហម ថាឡាស់ស៊ិមៀ អាចទទួលទាន​បានក្នុង 1ថ្ងៃ 400មីល្លីក្រាម រហូតក្នុងរយៈពេលនៃការមានគភ៌ ក្រៅពីនេះនៅអាចជ្រើសរើសបរិភោគអាហារដែលបរិមាណហ្វូលេតខ្ពស់ ដែលមានដូចជា បន្លែស្លឹកបៃតង ឈីស ថ្លើម សាច់សត្វ ទឹកដោះ សណ្តែក ទំពាំង ផ្សឹត និងដំឡូងបារាំង ។

    ធ្វើលំហាត់ប្រាណដង្ហើម ដើម្បីឱ្យប្រសូតបុត្របានងាយស្រួល

    Q . ចង់ឱ្យមាត់ស្បូនងាយបើកក្នុងថ្ងៃ​ឆ្លងទន្លេ គួរធ្វើយ៉ាងណា?

    A . ជាប្រក្រតី អ្នកម្តាយមានផ្ទៃពោះគ្រប់រូប រយៈតំបូងបំផុតនៃការប្រសូតបុត្រ គឺជារយៈពេលដែលមានការបើកធំឡើងរបស់មាត់ស្បូន ចាប់ផ្តើមតាំងពីការឈឺពោះប្រសូតមែនទែន មាត់ស្បូននឹងចាប់ផ្តើមបើក និងបើករហូតដល់អាចប្រសូតបុត្របាន។ រយៈពេលនេះ នឹងត្រូវបញ្ចប់ដោយប្រើពេលវេលាប្រមាណជា 8 – 12ម៉ោង ក្នុងការឆ្លងទន្លេលើកដំបូង និង 6 – 8ម៉ោងក្នុងការឆ្លងទន្លេកូនបន្ទាប់(កូនទី2)។

    ការហ្វឹកហាត់បញ្ជាខ្យល់ដង្ហើមយ៉ាងទៀងទាត់ តាំងពីស្រ្តីចាប់ផ្តើមតាំងគភ៌ នឹងជួយឱ្យស្ត្រីមានគភ៌មានអារម្មណ៍ធូរស្រាល ហើយពេលដល់ពេលប្រសូត នឹងជួយឱ្យប្រសូតបានងាយស្រួល។ វិធីហ្វឹកហាត់ដោយការគេងផ្ងារ​រាបស្មើនឹងដី យកខ្នើយទ្រក្បាលឱ្យខ្ពស់បន្តិច បិទភ្នែក និងកំណត់ខ្យល់ដង្ហើមចូល-ចេញឱ្យវែងៗយ៉ាងទៀងទាត់ រួមទាំង​ការបន្ធូរសម្រួលសាច់ដុំ ក្បាល ក ផ្ទៃមុខ និងថ្ងាស ដោយយកដៃអង្អែលស្រាលៗដើម្បីបណ្តេញភាពធុញថប់តានតឹង។

    ហាត់ប្រាណក្រោយពេលប្រសូតបុត្ររួច

    Q . ប្រសូតបុត្រដោយការវះ តើអាចធ្វើលំហាត់ប្រាណបានឡើងវិញនៅពេលណាទៅ? ហើយខ្សែឆ្នូតៗពណ៌ក្រហម​ៗ​​នៅលើក្បាល​ពោះ និងក្លៀកឡើងខ្មៅនោះ តើពេលណាទើបរលុបបាត់ទៅវិញ? តើត្រូវធ្វើយ៉ាងណាខ្លះទៅ?

    A . ស្ត្រីដែលឆ្លងទន្លេតាមបែបធម្មតា ក្រោយពេលប្រសូតរួចអាចធ្វើលំហាត់ប្រាណបានភ្លាមនៅពេលបាត់ឈឺ​មុខរបួសហើយនោះ តែបើស្ត្រីដែលឆ្លងទន្លេដោយការវះកាត់វិញ គួររង់ចាំយ៉ាងតិចពី 4 – 6សប្តាហ៍ក្រោយពេលប្រសូតរួច បន្ទាប់មកសឹមចាប់ផ្តើមធ្វើលំហាត់ប្រាណសន្សឹមៗ ដោយសារតែបញ្ហាស្នាមរបួសវះហ្នឹងឯង។ ចំណែកឯស្នាមខ្សែពណ៌ក្រហមៗនៅចំកណ្តាលពោះ ស្នាមខ្មៅនៅក្រោមក្លៀក និងជុំវិញក្បាលសុដន់នោះ កើតឡើងដោយសារអ័រម៉ូននៅក្នុងរាង​កាយមានការប្រែប្រួលក្នុងអំឡុងពេលមានគភ៌ តែក្រោយពេលប្រសូតបុត្ររួច ស្នាមជាំខ្មៅផ្សេងៗ នឹងរលុបបាត់អស់ទៅវិញជាបណ្តើរៗមិនខាន ៕

  • “ហូរឈាមច្រមុះ” មិនមែនជារឿងធម្មតាទេ បើកូនមានអាការបែបនេះ!

    “ហូរឈាមច្រមុះ” មិនមែនជារឿងធម្មតាទេ បើកូនមានអាការបែបនេះ!

    ចំពោះកូនក្មេង ច្រើនតែមានបញ្ហារឿងហូរឈាមចេញតាមច្រមុះជាញឹកញាប់ ក្មេងខ្លះកើតអាការនេះធ្ងន់ធ្ងរ តែក្មេងខ្លះក៏មិនជាធ្ងន់ធ្ងរអ្វីដែរ តែអាការបែបនេះមួយចំនួនគួរតែប្រញាប់នាំទៅមន្ទីរពេទ្យ ឬបើក្មេងខ្លះដែលមានអាការនេះដែរ តែមិនសូវជាធ្ងន់ធ្ងរ អាចធ្វើបឋមព្យាបាលរយៈដំបូងឱ្យសិនក៏បាន តែបើធ្វើបឋមព្យាបាលមិនត្រូវវិធី ក៏អាចនឹងធ្វើឱ្យក្មេងរឹតតែមានអាការធ្ងន់ធ្ងរឡើងបានដែរ…ដូច្នេះ ឥឡូវយើងនាំគ្នាមកមើលពីមូលហេតុ និងការធ្វើបឋមព្យាបាលដែលត្រឹមត្រូវវិញប្រសើរជាង។

    តើការហូរឈាមច្រមុះបណ្ដាលមកពីអ្វី? អ្នកម្ដាយទាំងឡាយត្រូវតែដឹង…

    • បើដាច់សរសៃឈាមច្រមុះផ្នែកខាងមុខ ឈាមនឹងហូរចេញមកពីរន្ធច្រមុះ។
    • បើដាច់សរសៃឈាមផ្នែកខាងក្រោយ(ឬខាងក្នុង) នឹងធ្វើឱ្យឈាមហូរចូលទៅក្នុងបំពង់ក អ្នកកើតអាការនេះនឹងមានអារម្មណ៍ថាល្វីងខាប់ក្នុងបំពង់ក ឬបើលេបចូលក្នុងពោះ អាចមានអាការក្អួតមានឈាមចេញមកជាមួយ។

    មូលហេតុអាចបណ្ដាលមកពី ៈ

    • . ខ្វេះ កេះ ឬអេះក្នុងច្រមុះ ជាមូលហេតុដែលជួបប្រទះញឹកញាប់បំផុតនៅលើក្មេង។
    • កណ្ដាស់ញឹកញាប់ ឬញើសសំបោរខ្លាំងហួសហេតុពេក។
    • ច្រមុះទទួលរងការប៉ះទង្គិចយ៉ាងខ្លាំង។
    • ធាតុអាកាសត្រជាក់ខ្លាំង និងស្ងួត ធ្វើឱ្យបែកសរសៃឈាម។
    • ការប្រើថ្នាំប្រភេទខ្លះ ធ្វើឱ្យងាយចេញឈាម ដូចជាថ្នាំ អាស្ពីរីន និងថ្នាំបំបាត់ការរលាកក្លាយ។ល។
    • មានវត្ថុប្លែកចម្លែកនៅក្នុងច្រមុះ។ គ្រូពេទ្យធ្លាប់ជួបប្រទះករណី ក្មេងមួយចំនួនញាត់ស្ករគ្រាប់ចូលក្នុងរន្ធច្រមុះដោយឪពុកម្ដាយមិនបានដឹង តែនាំមកជួបគ្រូពេទ្យដោយមានឈាមហូរចេញមកតាមរន្ធច្រមុះម្ខាងនោះ។ ពេលឆ្លុះមើលទៅ ទើបឃើញមានដុំស្ករគ្រាប់ជាប់នៅខាងក្នុងរយៈពេលយូររហូតរលាករន្ធច្រមុះ ធ្វើឱ្យមានឈាមហូរចេញមក។
    • ឈាមបង្កកខ្លួនខុសប្រក្រតី ដូចជាក្នុងជំងឺបណ្ដាលមកពីឈាមប្រភេទខ្លះ ក្មេងច្រើនតែមានឈាមហូរចេញមកខុសប្រក្រតីនៅកន្លែងផ្សេងទៀតលើរាងកាយផងដែរ ដូចជាមានស្នាមជាំខ្មៅតាមរាងកាយ ក្អួតមានឈាមមកជាមួយ បន្ទោបង់មកមានឈាម ឈាមចេញនៅតាមសន្លាក់ និងតាមសាច់ដុំ។ល។
    • ការឆ្លងមេរោគនៅក្នុងប្រហោងច្រមុះ។
    • ដុះសាច់នៅក្នុងប្រហោងច្រមុះ។

    ហូរឈាមច្រមុះបែបណា ទើបត្រូវប្រញាប់នាំទៅមន្ទីរពេទ្យ?

    1. ហូរឈាមចេញមកយូរជាង 15នាទី។
    2. ហូរឈាមចេញមកច្រើនជាង 1ដងក្នុង 1សប្ដាហ៍។
    3. មានអាការងងឹតមុខ វិលមុខ មុខឡើងស្លាំង ត្រជាក់ចុងដៃ ចុងជើង។
    4. មានអាការចេញឈាមខុសប្រក្រតីផ្សេងទៀតរួមជាមួយ ដូចជាក្អួតចេញឈាម ជុះចេញឈាម មានចេញឈាមតាមសន្លាក់ ឬសាច់ដុំ។
    5. ក្ដៅខ្លួនខ្លាំង។

    បើគ្មានសញ្ញាគ្រោះថ្នាក់ណាមួយទេ អាចធ្វើការបឋមព្យាបាលរយៈដំបូងបានដូចតទៅ ៈ

    ហូរឈាមច្រមុះ តើត្រូវឃាត់ឈាមយ៉ាងណា?

    • អង្គុយស្ងៀមនៅមួួយកន្លែង បង្អោនខ្លួនមកខាងមុខបន្តិច យកម្រាមមេដៃ និងម្រាមចង្អុលដៃច្របាច់ខ្ទប់រន្ធច្រមុះ ហើយដកដង្ហើមតាមមាត់ប្រមាណ 10នាទី។ លុះកន្លងផុតទៅ​10នាទីហើយ ចូរឈប់ច្របាច់ច្រមុះ តែបើសិនជាឈាមនៅតែមិនព្រមឈប់ហូរ ចូរធ្វើតាមដំណាក់កាលដំបូងម្ដងទៀត។
    • បើមានឈាមហូរចូលទៅក្នុងមាត់ ឬបំពង់ក ចូរខ្ជាក់ឈាមនោះចេញ កុំលេបចូលទៅក្នុងពោះ រួមទាំងមិនត្រូវគេងរាបនឹងដី និងមិនងើយមុខឡើងខណៈដែលហូរឈាមច្រមុះឡើយ ព្រោះឈាមអាចនឹងហូរចូលទៅបិទបំពង់ខ្យល់(បំពង់ដង្ហើម) ឬបើលេបចូលទៅ នឹងធ្វើឱ្យក្អួតចេញឈាមនោះមកវិញ។
    • អាចយកក្រណាត់ជ្រលក់ទឹកត្រជាក់ ឬក្រណាត់ខ្ចប់ទឹកកកមកដាក់ស្អំនៅលើក្ដោងច្រមុះបាន។
    • កុំបញ្ចេញខ្យល់តាមច្រមុះ ញើសសំបោរ ឬលូកខ្វេះច្រមុះ ព្រោះនឹងធ្វើឱ្យអាការកាន់តែធ្ងន់ធ្ងរឡើង។

    ហូរឈាមច្រមុះ និងការមើលថែទាំខ្លួនឯង ក្រោយឈាមឈប់ហូរ

    • ព្យាយាមកុំបញ្ចេញខ្យល់ខ្លាំងៗតាមច្រមុះ ឬញើសសំបោរ ឬកណ្ដាស់ 24ម៉ោងក្រោយបាត់ហូរឈាមច្រមុះ។
    • ចៀសវាងពីការស្ថិតនៅក្នុងទីកន្លែងដែលមានធាតុអាកាសស្ងួត និងត្រជាក់ខ្លាំង។

    យ៉ាងណាក៏ដោយ បើធ្វើបឋមព្យាបាលរយៈដំបូងហើយ អាការនៅតែមិនល្អប្រសើរឡើង ឬនៅតែមានឈាមហូរចេញមកញឹកញាប់ដដែលនោះ គួរប្រញាប់ទៅមន្ទីរពេទ្យដើម្បីពិនិត្យមើលអាការយ៉ាងដិតដល់៕

  • គ្រឿងសម្អាង និងការថែរក្សាសម្ផស្សដែលត្រូវហាមឃាត់ក្នុងអំឡុងពេលមានគភ៌

    គ្រឿងសម្អាង និងការថែរក្សាសម្ផស្សដែលត្រូវហាមឃាត់ក្នុងអំឡុងពេលមានគភ៌

    ការផ្លាស់ប្តូរប្រែប្រួលរបស់ស្រ្តីមានគភ៌ថ្មោងថ្មីដែលមើលឃើញច្បាស់នោះគឺ រូបរាងរបស់ដែលចេះតែរីកធំឡើងជារៀង​រាល់ខែ អាចធ្វើឱ្យអ្នកដែលទើបតែតាំងគភ៌ជាលើកដំបូងលែងមានភាពជឿជាក់លើខ្លួនឯង រួមទាំងផ្ទៃមុខ សាច់ស្បែករបស់ខ្លួនក៏​​អាចនឹងប្រែប្រួលទៅតាមនោះដែរ តែអ្វីដែលសំខាន់នោះគឺ អ្នកមានគភ៌លើកដំបូងអាចមិនសូវមានទំនុកចិត្តលើផលិតផលគ្រឿង​សម្អាង​ដែលកំពុងប្រើនោះថា តើវាមានសុវត្ថិភាពចំពោះកូនសម្លាញ់ដែលនៅក្នុងផ្ទៃ ឬក៏អត់? ដូច្នេះថ្ងៃនេះយើងនាំគ្នាមកមើលទាំងអស់គ្នាថា តើផលិតផលថែរក្សាសម្ផស្សណាខ្លះដែលត្រូវហាមឃាត់ក្នុងខណៈមានគភ៌។

    1.គ្រីមថែបំប៉នស្បែក

    មិនគួរប្រើគ្រឿងសម្អាងដែលស្ថិតក្នុងក្រុម Whitening និងផលិតផលបំបាត់មុន ស្នាមអុច ស្នាមជាំខ្មៅផ្សេងៗ និងដែល​មានគ្រោះថ្នាក់បំផុតនោះគឺ Retinol ឬ​អាស៊ីតវីតាមីន A ដោយសារតែវាអាចជ្រាបចូលទៅក្នុងក្រសែឈាម និងអាចបណ្តាលឱ្យទារកនៅក្នុងគភ៌រលូត ឬពិការបាន តែពពួកគ្រីមការពារកំដៅថ្ងៃអាចនៅប្រើបាន។

    2 . ថ្នាំព្យាបាលមុន

    ព្រោះការព្យាបាលមុននឹងមានសារធាតុ Roaccutane ដែលមានប្រសិទ្ធភាពក្នុងការព្យាបាលខ្ពស់ ទើបចាំបាច់ត្រូវស្ថិត​នៅក្រោមការគ្រប់គ្រងរបស់ពេទ្យយ៉ាងតឹងរ៉ឹង និងហាមប្រើប្រាស់នៅលើស្ត្រីមានគភ៌ ដោយសារតែថ្នាំមួយនេះអាចបង្កឱ្យមានគ្រោះ​ថ្នាក់ដល់ទារកក្នុងគភ៌ និងត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំប្រភេទនេះប្រមាណជា 1 – 2 ខែជាមុនសិន ទើបអាចមានគភ៌បាន។

    3 . ការជ្រលក់ពណ៌សក់ លាបពណ៌សក់ ពន្យឺតសក់ ឬអ៊ុតសក់

    អ្វីទាំងអស់នេះ មានសារធាតុម្យ៉ាងដែលអាចនឹងធ្វើឱ្យយើងកើតអាការប្រតិកម្មចាញ់បាន ដូចជាថា បើយើងកើតប្រតិកម្ម​ចាញ់ និងមានស្នាមរបួស ឬដំបៅនៅលើស្បែកក្បាល វាអាចនឹងធ្វើឱ្យកើតការឆ្លងមេរោគរាលដាលកាន់តែលឿនឡើង ស្រួលមិន​ស្រួលអាចនឹងហុចផលអាក្រក់ដល់កូននៅក្នុងគភ៌ទៀតផង ដូច្នេះទើបយើងមិនណែនាំឱ្យស្រ្តីមានគភ៌ទៅធ្វើពណ៌សក់ក្នុងអំឡុងពេល​នោះឡើយ។

    4 . ខាត់ស្បែកមុខ និងស្បែកដងខ្លួន

    ជាពិសេសការខាត់ស្បែកដោយសារធាតុគីមី អាចធ្វើឱ្យកើតប្រតិកម្មចាញ់ និងឡើងកន្ទួល ឬជួនកាលអាចនឹងឆ្លង​មេរោគ​បានដោយងាយ​បើស្ត្រីមានគភ៌មានរបួស ឬដំបៅនៅតាមរាងកាយផងនោះ។ ដូច្នេះយើងសូមណែនាំថា បើអ្នកមានគភ៌ចង់ខាត់ ឬធ្វើម៉ាស្សាដង​ខ្លួននោះ គួរប្រឹក្សាជាមួយគ្រូពេទ្យជាមុនសិន ព្រោះសារធាតុមួយចំនួននៅក្នុងផលិតផលទាំងនោះអាចនឹងធ្វើឱ្យ​រលាក​ក្រហាយ និងមានផលប៉ះពាល់ដល់កូនក្នុងផ្ទៃបានយ៉ាងងាយ។

    5 . ធ្វើម៉ាស្សាមុខដោយឧបករណ៍

    ដែលមានទាំង អាល់ត្រាសូនិក បេប៊ីហ្វេស ភ្លើងពណ៌ផ្សេងៗ ព្រោះតារាងដែកឆក់អគ្គិសនី នឹងហុចផលធ្វើឱ្យគភ៌រលូតបាន។ ទាំងអស់នេះរួមទាំងគ្រឿងប្រើប្រាស់អគ្គិសនីផ្សេងៗទៀតផង ដូចជា ប្រដាប់ផ្លុំសក់ ប្រដាប់បឺតធូលីដី ឆ្នាំងម៉ៃក្រូវេហ្វ និងអ្វីក៏ដោយ​ដែលមានម៉ូទ័រ ឬឌីណាម៉ូភ្លើង អ្នកគភ៌គួរតែនៅឱ្យឆ្ងាយៗពីរបស់ទាំងអស់នោះ។

    6 . លាបពណ៌ក្រចក

    សារធាតុគីមីនៅក្នុងថ្នាំលាបក្រចកនឹងមានផលប៉ះពាល់ដល់វិវឌ្ឍនាការរបស់ទារកនៅក្នុងផ្ទៃ និងសូម្បីតែកូនង៉ាដែលទើប​នឹងកើត​ក៏ដោយ។

    7 . ចាក់ Botox

    ការចាក់សារធាតុនេះចូលទៅក្នុងស្បែក នឹងធ្វើឱ្យសាច់ដុំពិការ លែងធ្វើការ ជារឿងដែលត្រូវបានហាមជាដាច់ខាត សម្រាប់ស្រ្តីមានគភ៌ទាំងឡាយ។

    8 . ស្ពង់ចំហាយទឹក និងសាវណា

    ធ្វើឱ្យរាងកាយរបស់អ្នកមានផ្ទៃពោះបាត់បង់ជាតិទឹកក្នុងអំឡុងពេលនោះ ទើបមិនគួរធ្វើសាវណាក្នុងអំឡុងពេលមាន​គភ៌ឡើយ ព្រោះអាចនឹងធ្វើឱ្យកើតខ្យល់គ វឹលមុខបានយ៉ាងងាយបំផុត។ ក្រៅពីនេះនៅមានការសិក្សាស្រាវជ្រាវមួយទៀតបានប្រាប់ថា ក្រោយពីចំហុយសាវណាបានប្រមាណជា 1 – 2 ម៉ោងមក នឹងធ្វើឱ្យ IQ របស់យើងធ្លាក់ចុះទៀតផង ដោយសារតែការបាត់បង់ជាតិ​ទឹកក្នុងរាងកាយហ្នឹងឯង។

    មូលហេតុផ្សេងៗទាំងអស់នេះអាចធ្វើឱ្យអ្នកមានផ្ទៃពោះមើលថែទាំកូននៅក្នុងផ្ទៃបានយ៉ាងមានសុវត្ថិភាព តែយ៉ាងណាក៏ដោយ ក៏ស្រ្តីមានគភ៌ត្រូវតែស៊ូទ្រាំដែរ ដើម្បីឱ្យជីវិតដ៏តូចមួយដែលនៅក្នុងខ្លួនរបស់អ្នកមានសុខភាពល្អ នៅពេលបើកភ្នែកមើលពិភពលោកនេះ៕

  • នៅពេលខ្ញុំតាំងគភ៌ខែទី 5

    នៅពេលខ្ញុំតាំងគភ៌ខែទី 5

    នៅពេលស្រ្តីតាំងគភ៌រហូតមកដល់ខែទី 5នេះ ទារកនៅក្នុងគភ៌នឹងមានទំហំប្រមាណជា 8 – 10អ៊ិញ ការកម្រើករបស់ទារកក្នុងគភ៌នឹងខ្លាំងល្មមឱ្យម្ដាយមានអារម្មណ៍ដឹងបានហើយ ដងខ្លួនរបស់ទារកចាប់ផ្ដើមមានរោមខ្ចីៗគ្របដណ្ដប់ ចាប់ផ្ដើមមានសរសៃសក់ និងចិញ្ចើមហើយ។

    ក្នុងខែទី 5របស់ការតាំងគភ៌នឹងមានការប្រែប្រួលផ្សេងៗដែលស្រ្តីមានគភ៌អាចដឹងបានដូចតទៅ ៈ

    – ទារកក្នុងគភ៌ចាប់ផ្ដើមរើរហូតម្ដាយមានអារម្មណ៍ដឹង។

    – មានទឹករំអិលនៅក្នុងប្រអប់ពោះច្រើនឡើង។

    – អាការទល់លាមក ឬអាចកើតឫសដូងបាត។

    – ហើមពោះ ឆ្អល់ពោះ អាហារមិនរំលាយ និងមានខ្យល់ច្រើននៅក្នុងពោះ។

    – ឈឺក្បាលខ្លះៗ ជួនកាលអាចមានអាការខ្យល់គ និងឆាប់វិលមុខ។

    – តឹងណែនច្រមុះ ហូរឈាមតាមច្រមុះ និងហ៊ឹងត្រចៀក។

    – ឃ្លានញឹកញាប់។

    – អាចកើតអាការរមួលក្រពើញឹកញាប់ជាងមុន។

    – មានអាការហើមនៅត្រង់ភ្នែកគោល និងប្រអប់ជើង ស្រ្តីខ្លះមុខ និងដៃក៏ហើមដែរ។

    – កើតមានស្នាមជាំនៅលើជើង។

    – ជីពចរដើរញាប់ជាងមុន។

    – ចាប់ផ្ដើមមានអាការឈឺខ្នង។

    – អារម្មណ៍ខាងផ្លូវភេទប្រែប្រួល។

    – ពណ៌ស្បែកនៅត្រង់ក្បាលពោះ និងផ្ទៃមុខឡើងស្រគាំ។

    – អារម្មណ៍ប្រែប្រួល ថយចុះជាងខែមុនៗ តែនៅតែទន់ជ្រាយម្ដងម្កាល។

    រឿងដែលគ្រូពេទ្យអ្នកពិនិត្យគភ៌ចង់ឱ្យស្រ្តីមានគភ៌ធ្វើនៅក្នុងអំឡុងខែនេះគឺ ៈ

    – ថ្លឹងទម្ងន់ខ្លួន និងវាស់សម្ពាធឈាម។

    – ពិនិត្យមើលជាតិស្ករ និងសារធាតុស៊ុតសនៅក្នុងទឹកមូត្រ។

    – ស្ដាប់សំឡេងលោតរបស់បេះដូងរបស់ទារកក្នុងគភ៌។

    – ពិនិត្យមើលខ្នាត និងរូបរាងរបស់ស្បូនដោយការពិនិត្យក្បាលពោះ។

    – កម្ពស់ចុងកំពូលរបស់ស្បូន។

    – អាការហើមនៅលើដៃ និងជើង និងសរសៃឈាមនៅលើជើង។

    – ពិនិត្យរកមើលជំងឺរលាកថ្លើម។

    – អាការខុសប្រក្រតីផ្សេងៗ(បើមាន)។

    រឿងដែលស្រ្តីមានគភ៌ត្រូវមើលថែទាំជាពិសេសក្នុងអំឡុងខែនេះគឺ ៈ

    1 . អាចមានអាការវិលមុខញឹកញាប់ ៈ ដោយសារតែស្បូនរីកធំឡើងរហូតអាចទៅសង្កត់ពីលើសរសៃឈាមក្រហមធំនៅត្រង់កណ្ដាលដងខ្លួន ដូច្នេះពេលក្រោកឈរ ឬប្ដូរឥរិយាបថផ្សេងៗនឹងធ្វើឱ្យលំហូរវិលរបស់លោហិតផ្លាស់ប្ដូរ ធ្វើឱ្យសម្ពាធថយចុះយ៉ាងទាន់ហន់ ធ្វើឱ្យឈាមមិនអាចហូរមកចិញ្ចឹមខួរក្បាលបានទាន់ពេលវេលាទើបបណ្ដាលឱ្យកើតអាការវិលមុខនេះឡើង។ ស្រ្តីមានគភ៌អាចការពារអាការនេះបានដោយនៅពេលត្រូវផ្លាស់ប្ដូរឥរិយាបថផ្សេងៗ មិនថាតែការក្រោកឈរ អង្គុយចុះ គេង ឬដើរនោះទេ គួរធ្វើដោយយឺតៗ វានឹងជួយឱ្យរាងកាយកែសម្រួលលំហូរវិលរបស់ឈាមក្នុងរាងកាយបានទាន់ និងវិធីមួយទៀតដែលអាចជួយបានដែរនោះគឺ ញ៉ាំប្រូតេអ៊ីនគ្រប់ពេលអាហារ ញ៉ាំឱ្យបានញឹកញាប់ឡើង ឬញ៉ាំអាហារផ្សេងៗក្នុងចន្លោះពេលបាយចម្បងៗដើម្បីកុំឱ្យកម្រិតជាតិស្ករនៅក្នុងធ្លាក់ចុះទាបខ្លាំងពេក។

    2 . ពិនិត្យរកមើលជំងឺរលាកថ្លើមប្រភេទ B ៈ និងបើរកឃើញថាមានឆ្លងមេរោគត្រូវចូលទៅព្យាបាលជាបន្ទាន់។

    3 . ការលើករបស់ធ្ងន់ៗ ឬការពកូនច្បង ៈ បើចង់បី ឬពរកូន ឬលើករបស់របរដែលមានទម្ងន់ធ្ងន់ជាង 10គីឡូក្រាម អាចកើតគ្រោះថ្នាក់ដល់សាចដុំខ្នងយ៉ាងខ្លាំង។ បើកូនច្បងចង់ឱ្យព គួរនិយាយជាមួយកូនឱ្យបានយល់ថា ពេលនេះកូនធំហើយ អាចដើរខ្លួនឯងបានហើយ…ល្អជាងការប្រាប់ថា ពេលនេះម៉ាក់មានអូននៅក្នុងពោះ ទើបពកូនមិនបាន ព្រោះនឹងធ្វើឱ្យកូនច្បងកើតអាការច្រណែនប្អូនបាន។

    4 . ក្នុងរយៈពេលនេះ នឹងចាប់ផ្ដើមមានអាការហើមជើង ៈ គួរធ្វើលំហាត់ប្រាណណាដែលពាក់ព័ន្ធនឹងជើងខ្លះផង កុំពាក់ស្បែកជើងដែលចង្អៀតខ្លាំងពេក និងកុំពាក់ស្បែកជើងកែងចោត វាអាចនឹងជួយកាត់បន្ថយអាការឈឺ និងហើមជើងបាន៕

  • វិធី​បំបាត់​មុន និង​ស្នាម​លើ​ផ្ទៃមុខ

    វិធី​បំបាត់​មុន និង​ស្នាម​លើ​ផ្ទៃមុខ

    មុន និង​ស្នាម​ដែល​បន្សល់ទុក​ក្រោយ​កើតមុន​គឺជា​ក្តីកង្វល់​របស់នារីៗ ប៉ុន្តែ​សម្រាប់​លេខ​នេះ ឡា​រ៉ែ​ន ចង់​ធ្វើឱ្យ​ការព្រួយបារម្ភ​ចំពោះ​បញ្ហា​នេះ​បាត់​ពី​ផ្នត់​គំនិត​របស់នារីៗទាំងអស់។ ដូច្នេះ​ទស្សនា​វ​ដ្តី​យើង​ចង់​សុំឱ្យ​លោកអ្នក​សាកល្បង​វិធីសាស្ត្រ​នៃ​ការបំបាត់​ស្នាម​មួយចំនួន​ដូចខាងក្រោម៖

    ប៉េងប៉ោះ៖ សម្បូរ​ទៅដោយ​វីតាមីន A និង C ដែល​អាចជួយ​ចិញ្ចឹម និង​កម្ចាត់​មុន ព្រមទាំង​ស្លាកស្នាម​ចោល​យ៉ាង​មាន​ប្រសិទ្ធភាព។ ដោយ​គ្រាន់តែ​យក​ចំណិត​ប៉េងប៉ោះ​មក​បិទ​ពីលើ​ទីតាំង​ដែលមាន​មុន ឬ​ស្នា​មរយៈពេល20-30នាទី រួច​សឹម​សម្អាត​ចេញ​ដោយ​ទឹកស្អាត​ជាការ​ស្រេច។

    ពោត៖ វា​ហាក់​ខុសប្លែក​ពី​វិធីមុនៗ ប៉ុន្តែ​អ្នកដឹង​ទេ​ថា ពោត​សម្បូរ​ទៅដោយ​វីតាមីន​A ដែល​ស្បែក​ត្រូវការ ដើម្បី​រក្សា​សំណើម ការពារ​ភាព​យារ​ធ្លាក់ និង​ការ​កើតមុន។ ដំបូង​អ្នក​ត្រូវ​សម្អាត​ផ្ទៃមុខ​របស់​អ្នក​ឱ្យ​ស្អាត រួច​ជ្រើស​រើសយក​ផ្លែ​ពោតខ្ចី​ណា​ដែល​នៅ​ស្រស់ យកមក​ត្រដុស​លើ​ផ្ទៃមុខ រយៈពេល15-20នាទី ទើប​ជម្រះ​ចេញ​ឱ្យ​ស្អាត​ដោយ​ទឹកស្អាត។

    ផ្នែក​ស​នៃ​ស៊ុត៖ វា​ជា​សារធាតុ​ផ្សំ​ដ៏​សំខាន់​ក្នុងការ​ថែរក្សា និង​បន្ថែម​ភាព​ភ្លឺ​ថ្លា​ដល់​ស្បែ​កមុខ។ ផ្នែក​ស​នៃ​ស៊ុត​ក៏​អាច​កម្ចាត់​មុន និង​ស្លាកស្នាម​ចេញពី​ផ្ទៃមុខ​ផងដែរ។ ម៉ាស​បិទមុខ​ផលិត​ពី​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​គឺជា​ម៉ាស​ប្រភេទងាយៗ តែ​អាច​សម្រួល​ដល់​បញ្ហា​ផ្ទៃមុខ​យ៉ាង​មាន​ប្រសិទ្ធភាព។

    តែ៖ ប្រសិនបើ​អ្នក​ចូលចិត្ត​ទទួលទាន​ទឹកតែ (តែ​ខ្មៅ) សូមកុំ​បោះចោល​កាក​តែ​ឱ្យសោះ ព្រោះថា​កាក​តែ​នៅ​អាច​ផ្តល់នូវ​គុណសម្បត្តិ​មួយទៀត​គឺ​ជួយ​ថែរក្សា​សម្រស់​ស្បែក​មុខ​របស់​អ្នក។ ដោយ​គ្រាន់តែ​សម្អាត​ផ្ទៃមុខ​របស់​អ្នក​ឱ្យ​ស្អាតរួច​យក​កាក​តែ​មក​បំពោក​លើ​ផ្ទៃមុខ ឬ​កន្លែង​ដែលមាន​មុន ឬ​ស្នាម​មុន ទុកចោល​ប្រហែលជា 15នាទី រួច​សម្អាត​ចេញ​ឱ្យ​ស្អាត​ជាការ​ស្រេច។ អនុវត្តតាម​វិធី​ណាមួយ​ខាងលើ​ឱ្យបាន2-3 ដង​ក្នុង​មួយ​សប្តាហ៍ ហើយ​មិនយូរ​នោះទេ​អ្នក​ពិតជា​បានឃើញ​ពី​លទ្ធផល​ជាមិនខាន។ សូម​ចាំ​ថា ការព្យាបាល​ដោយ​វិធី​នេះ​គឺ​ត្រូវ​ចំណាយ​ពេលវេលា​យូរ​បន្តិច ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​ប្រញាប់​ទទួលបាន​លទ្ធផល​នោះ លោកអ្នក​ក៏​អាច​ជ្រើស
    ​ប្រើ​ផលិតផល​ជំនួយ​ក៏បាន ដូចជា​ប្រភេទ​ថ្នាំ​បំបាត់​ស្លាកស្នាម​ជាដើម៕