Tag: ស្ថាប័នហិរញ្ញវត្ថុ

  • អបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត Ford និងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះ Ambulance ជូនដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់

    អបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត Ford និងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះ Ambulance ជូនដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់

    [ភ្នំពេញ – ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៣] ក្រុមហ៊ុន RMA (Cambodia)​ PLC ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford ក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះចំនួន ២ គ្រឿង ជូនទៅដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ដែលកម្មវិធីនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គីសនីកម្ពុជា និងលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន RMA (Cambodia) PLC រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ២០០ នាក់។​ កម្មវិធីនេះបានប្រារព្ធឡើងនៅក្នុងបរិវេនរោងចក្រដំឡើងរថយន្ត Ford ក្នុងភូមិសារវ័ន ឃុំស្នាអន្សារ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ ។

    ក្នុងឱកាសនៃពីធីអបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត Ford និងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះ Ambulance ចំនួន ២​ គ្រឿង ជូនដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA (Cambodia)​ PLC បានមានប្រសាសន៍ថា៖​ “ យើងខ្ញុំមានមោទភាពជាពន់ពេកដែលទទួលបានសេចក្ដីទុកចិត្តពីក្រុមហ៊ុន FORD MOTOR COMPANY ក្នុងការដំឡើងរថយន្ត FORD RANGER និង FORD EVEREST ជំនាន់ថ្មីនៅ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្តង់ដាររបស់ក្រុមហ៊ុន FORD ។ យើងខ្ញុំជឿជាក់ថា ការបោះជំហានវិនិយោគក្នុងវិស័យយានយន្តរបស់ក្រុមហ៊ុនយើងខ្ញុំ ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យឧសហ្សាកម្មយានយន្តនៅកម្ពុជា និងជាសក្ខីភាពនៃទំនុកចិត្តលើកិច្ចខិតខំប្រឹង ប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ។ វត្តមានរបស់ រោងចក្រយើងខ្ញុំក៏បានចូលរួមចំណែកការកាត់បន្ថយការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស របស់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់តាមរយៈការជំរុញសន្ទុះអាជីវកម្មសហគ្រាស ធុនតូច និងមធ្យម ការបង្កើតឱកាសការងារដោយផ្ទាល់និងដោយប្រយោល ក៏ដូចជាការអភិវឌ្ឍន៍ ធនធានមនុស្សនៅក្នុងទឹកដី ខេត្តពោធិ៍សាត់នេះផ្ទាល់ផងដែរ។ ”

    មិនតែប៉ុណ្ណោះ លោកក៏បានបន្ថែមទៀតថា៖ “ ក្រុមហ៊ុនយើងខ្ញុំនឹងបន្តប្តេជ្ញាគាំទ្រ និង ជំរុញវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា ដើម្បីឱ្យកម្ពុជា ផ្លាស់ប្ដូរមុខមាត់ថ្មី ពីប្រទេសដែលដំឡើងរថយន្ត ទៅជាប្រទេសដែលផលិតរថយន្ត ក្នុងពេលអនាគត។ ក្រុមហ៊ុននឹងពង្រីកការវិនិយោគគម្រោងដំឡើងរថយន្ត Ford ដោយបង្កើនការនាំចូលនៃចំនួន គ្រឿងបង្គុំច្រើនជាងមុន បង្កើនចំនួនការងារក្នុងស្រុក ជំរុញការប្រើប្រាស់ធាតុផ្សំក្នុងស្រុក និងបង្កើន ដើមទុនវិនិយោគបន្ថែមទៀត។ យើងខ្ញុំជឿជាក់ថា ការវិនិយោគនេះនឹងបន្តផ្តល់អត្ថប្រយោជន៍ជាច្រើនបន្ថែមទៀតជូនប្រទេសកម្ពុជា ជាពិសេសការអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់ និងធ្វើឱ្យប្រសើរ ឡើងនូវខ្សែចង្វាក់ដែលគាំទ្រគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការវិនិយោគនេះ នឹងនាំមកនូវផលិតផលថ្មី បច្ចេកវិទ្យាថ្មី ដើម្បីផ្គត់ ផ្គង់តម្រូវការប្រើប្រាស់រថយន្តថ្មីក្នុងស្រុក ជាមួយនឹងមោទភាពផលិតកម្មក្នុងស្រុក រោងចក្រ ដំឡើងរថយន្ត Ford នឹងបន្តទាក់ទាញវិនិយោគិនផ្សេងៗជាច្រើនទៀតមកវិនិយោគនៅកម្ពុជា ជា ពិសេស អ្នកវិនិយោគដែល ពាក់ព័ន្ធនឹងការផលិត និងដំឡើងរថយន្ត ដូចជា៖ សំបកកង់ កង់ឡាន ខ្សែភ្លើងឡាន អាគុយឡាន និងអាជីវកម្មផ្សេងៗទៀត។”

     

    ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រី Kay Hart​ ប្រធានគ្រប់គ្រងទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “ រថយន្តគិលានសង្គ្រោះ (The Next-Generation Ford Ranger-Converted Ambulances) នេះ បានបំពាក់មកជាមួយនូវបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពទំនើបជំនាន់ចុងក្រោយដែលធ្វើឱ្យរថយន្តនេះក្លាយជារថយន្តមួយដែលមានលក្ខណៈ ធន់ រឹងមាំ និងមានសមត្ថភាពក្នុងការចល័ត និងដឹកជញ្ជូនអ្នកជំងឺដោយសុវត្ថិភាព។ ”

    លោកស្រីក៏បានបន្តទៀតថា៖ “ រថយន្តគិលានសង្គ្រោះ (The Next-Generation Ford Ranger-Converted Ambulances) នឹងចូលរួមចំណែកយ៉ាងសំខាន់សម្រាប់កាកបាទក្រហមកម្ពុជាក្នុងខេត្តពោធិ៍សាត់ ក្នុងការគាំពារ សង្គ្រោះបន្ទាន់ និងជាជំនួយការដ៏សំខាន់ក្នុងការជួយដល់សកម្មភាពសប្បុរសធម៌ផ្សេងៗដល់ប្រជាពលរដ្ឋ និងអ្នកជំងឺដើម្បីទទួលបាននូវសេវាកម្មសង្គ្រោះបន្ទាន់មួយដែលមាន គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។ ”

    ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គីសនីកម្ពុជា បានមានប្រសាសន៍ថា៖ “ ការសាងសង់រោងចក្រដំឡើងរថយន្ត Ford ក្នុងខេត្តពោធិ៍សាត់ គឺជាសក្ខីភាពមួយដែលបានបង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុន RMA Cambodia មកលើរាជរដ្ឋាភិបាលកម្ពុជា ហើយការផ្តល់ជូននូវរថយន្តគិលានសង្គ្រោះ ២ គ្រឿងក្នុងថ្ងៃនេះនឹងជាការចូលរួមចំណែកដ៏សំខាន់មួយក្នុងការពង្រឹងសមត្ថភាពមូលដ្ឋានសុខាភិបាលបន្ថែមទៀត ក្នុងការឆ្លើយតបទៅនឹងតម្រូវការសេវាថែទាំសុខភាពអោយកាន់តែមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។ ភាពជាដៃគូរវាង RMA Cambodia និងវិទ្យាស្ថានបច្ចេកទេសក្នុងស្រុករបស់យើង បានដើរតួរនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ធនធានមនុស្ស តាមរយៈការបង្កើតកម្មវិធីបណ្តុះបណ្តាលដោយផ្ទាល់ពីអ្នកជំនាញដែលគ្រឹះមួយដ៏សំខាន់សម្រាប់យុវជន ក៏ដូចជាយុវនារីក្នុងការត្រៀមខ្លួនរួចជាស្រេចសម្រាប់ភាពជោគជ័យនាពេលខាងមុខ។ ”

    គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន RMA (CAMBODIA) PLC ជាក្រុមហ៊ុនដំបូងគេបំផុត ដែលទទួលបានការទទួលស្គាល់ពី វិទ្យាស្ថានស្ដង់ដារកម្ពុជា នៃ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនាមជាអ្នក អនុវត្តស្តង់ដារសុវត្ថិភាពយានយន្ត និងស្តង់ដារសុវត្ថិភាពគ្រឿងបង្គុំយានយន្តបានខ្ពស់បំផុត។ ក្នុងឆ្នាំ ២០២០ ក្រុមហ៊ុន RMA (CAMBODIA) PLC បានចុះបញ្ជីលក់មូលបត្រ បំណុលចំនួន ៨០ ពាន់លានរៀល ដែលស្មើនឹង ២០ លានដុល្លារអាមេរិក ក្នុងផ្សារមូលបត្រកម្ពុជា ហើយក្លាយជាក្រុមហ៊ុនមិនមែនស្ថាប័នហិរញ្ញវត្ថុដែលបានបោះផ្សាយមូលបត្របំណុលដំបូងគេបង្អស់នៅប្រទេសកម្ពុជា។ ការបោះផ្សាយមូលបត្របំណុលនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនយើងខ្ញុំក្នុងការលើកកម្ពស់ទីផ្សារមូលបត្រកម្ពុជា និងចូលរួមចំណែកអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។

    តាមរយៈកំណើនសេដ្ឋកិច្ច និងកំរិត GDP របស់ប្រជាជនកម្ពុជាកើនឡើងខ្ពស់ជាបន្តបន្ទាប់ បានធ្វើឱ្យប្រជាជនកម្ពុជាងាកមកប្រើប្រាស់រថយន្តថ្មីមានការកើនឡើងជាលំដាប់។ ក្នុងនោះការប្រើប្រាស់ រថយន្តថ្មីម៉ាក FORD មានកំណើនកាន់តែច្រើនឡើង និងបានក្លាយជាជម្រើសឈានមុខរបស់អតិថិជននៅកម្ពុជា។ ដូច្នេះ ក្រុមហ៊ុនបានសម្រេចចិត្តបង្កើតរោងចក្រដំឡើងរថយន្ត FORD ដែលទទួលបានសិទ្ធិពេញលេញក្នុងការផ្គុំ និងដំឡើងរថយន្តពីក្រុមហ៊ុនម្ចាស់ដើម FORD MOTOR COMPANY។ រោងចក្រនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីសរុបប្រមាណជាង ៥ ហិកតា ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាមួយនឹងទុនវិនិយោគចំនួន ២១ លានដុល្លារសហរដ្ឋអាមេរិក ដែលអាចបង្កើតការងារជំនាញបានជាង ៥០០ កន្លែង និងមានសមត្ថភាពអាចដំឡើងរថយន្តបានចំនួនប្រមាណ ៩,០០០ គ្រឿងក្នុងមួយឆ្នាំ។

    រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានដំឡើងរថយន្ត Ford Ranger Wildtrak និងរថយន្ត Ford Everest បានចំនួន ៣,០០០ គ្រឿងដើម្បីបម្រើតម្រូវការទីផ្សារក្នុងស្រុក។ ក្រុមហ៊ុនបន្តសហការ ជាមួយនឹងវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ក្នុងការបណ្តុះបណ្តាលអភិវឌ្ឍជំនាញបច្ចេកទេសដល់បុគ្គលិកក្រុមហ៊ុនដើម្បីធានាឱ្យបាននូវធនធានមនុស្សប្រកបដោយគុណភាព។ ថ្មីៗនេះ ក្រុមហ៊ុនបានបញ្ជូនបុគ្គលិកទៅប្រទេស Australia ដើម្បីសិក្សាអំពីបច្ចេកវិទ្យាដំឡើងរថយន្ត ក្នុងគោលបំណងបង្កើនកម្រិតបច្ចេកទេសបុគ្គលិកក៏ដូចជាពាំនាំចំណេះដឹងថ្មី និង បច្ចេកវិទ្យាថ្មីមកប្រទេសកម្ពុជា។ ដើម្បីបន្តចូលរួមលើកកម្ពស់វិស័យយានយន្ត ក្រុមហ៊ុននឹងបង្កើតមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋកម្ពុជាទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសប្រកបដោយគុណភាពដើម្បីចូលរួមចំណែកអភិវឌ្ឍធនធាន មនុស្សនៅកម្ពុជាស្របតាមគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។

     

  • ស្ថាប័នហិរញ្ញវត្ថុ 6 ផ្តល់កម្ចី​លើការអប់រំ​វិស័យ​ទេសចរណ៍

    ស្ថាប័នហិរញ្ញវត្ថុ 6 ផ្តល់កម្ចី​លើការអប់រំ​វិស័យ​ទេសចរណ៍

    ស្ថាប័នហិរញ្ញវត្ថុ​ចំនួន6 ចាប់ផ្តើម​ផ្តល់ប្រាក់​កម្ចី​ជាពិសេស​ដើម្បី​ជួយ​ដល់​និស្សិត​សម្រាប់​ការអប់រំ​វិស័យ​ទេសចរណ៍។ កម្មវិធី​នេះ​ព្យាយាម​ដោះស្រាយ​បញ្ហា​កង្វះ​អ្នកជំនាញ​ទេសចរណ៍​ដោយ​លើកកម្ពស់​លទ្ធភាព​ទទួល​បាន​ឥណទាន​របស់​និស្សិត​ដែល​នឹងត្រូវ​ប្រើប្រាស់​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​វគ្គ​សិក្សា​នៅតាម​សាកលវិទ្យាល័យ និង​មជ្ឈមណ្ឌល​វិជ្ជាជីវៈ។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងទេសចរណ៍។

    សេចក្តីប្រកាស​នេះ​បានឱ្យដឹងថា ស្ថាប័នហិរញ្ញវត្ថុ​ចំនួន6 រួមមានៈ ធនាគារ អេស៊ីលីដា​(ACLEDA Bank) ធនាគារ កាណាឌីយ៉ា (Canadia Bank) ហ្វូ​តា​បាមីក្រូហិរញ្ញវត្ថុ (Futaba Micro Finance) ហត្ថា​កសិករ លីមីត​ធី​ត (Hattha Kaksekar Limited)​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រេ​ឌី​ត​(KREDIT Microfinance Institution Ltd) និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សេ​អឹម​កា CMK Microfinance Institution បាន​ចូលរួម​ក្នុង​គម្រោង​ហិរញ្ញប្បទាន​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល។

    ក្រសួង​បាន​បន្ត​ឱ្យដឹងថា ដំណើរការ​ទាក់ទង​នឹង​ការធានា​ប្រាក់កម្ចី គឺមាន​លក្ខណៈសាមញ្ញ​ហើយ​លក្ខខណ្ឌ​ត្រូវបាន​រក្សាទុក​ទាប រួមទាំង​មិនមាន​តម្រូវការ​វត្ថុ​បញ្ចាំ។ ការទូទាត់​នឹងមាន​រយៈពេល​ប្រហែល 7ឆ្នាំ ដោយ​អ្នក​ខ្ចី​អាចមាន​ជម្រើសផ្សេងៗដើម្បី​សង​ប្រាក់កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប។

    ក្រសួង​បានបញ្ជាក់​ទៀតថា ការទូទាត់​សង​មាន​ច្រើន​ជម្រើស​ដែល​រួមមាន៖
    -នៅក្នុង​អំឡុងពេល​សិក្សា អ្នក​ខ្ចី​អាច​បង់​សង​តែ​ការប្រាក់​ប្រមាណ 4ដុល្លារ​ក្នុង 1ខែ​សម្រាប់​ទំហំ​ប្រាក់កម្ចី​ចំនួន 500ដុល្លារ។
    -នៅក្នុង​អំឡុងពេល​សិក្សា អ្នក​ខ្ចី​អាច​បង់ប្រាក់​ដើម និង​ការប្រាក់​ប្រមាណ 46ដុល្លារ​ក្នុង 1ខែ​ក្នុង​រយៈពេល 1ឆ្នាំ​សម្រាប់​ទំហំ​ទឹកប្រាក់​កម្ចី​ចំនួន 500ដុល្លារ។
    -បន្ទាប់ពី​បញ្ចប់​ការសិក្សា ពេល​រក​ការងារ​ធ្វើបាន​ហើយ ទើប​អ្នក​ខ្ចី​បង់​សង​ក៏បាន ដែលមាន​ទាំង​ប្រាក់​ដើម និង​ការប្រាក់​ប្រមាណ 46ដុល្លារ​ក្នុង 1ខែ​ក្នុង​រយៈពេល 1ឆ្នាំ សម្រាប់​ទំហំ​ទឹកប្រាក់​កម្ចី​ចំនួន 500ដុល្លារ។

    លោក ហូ វណ្ឌី អគ្គលេខាធិការ​នៃ​សម្ព័ន្ធភាព​ទេសចរណ៍​ជាតិ​កម្ពុជា បាន​កោតសរសើរ​កម្ម​វិធី​នេះ​ដោយ​និយាយថា វា​នឹង​បង្កើន​ធនធានមនុស្ស​នៅក្នុង​ឧស្សាហ​កម្មនេះ។ “វា​គឺជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាបនិស្សិត​ក្នុងការ​ពង្រឹង​ជំនាញ​របស់​ពួកគេ​ហើយ​វា​ចាំបាច់​ខ្លាំងណាស់​ព្រោះ​វិស័យ​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា​បច្ចុប្បន្ន ខ្វះ​អ្នកជំនាញ ជាពិសេស​នៅក្នុង​សណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុន​អាកាសចរណ៍ ទីភ្នាក់ងារ​ទេសចរណ៍ និង​ភោជនីយដ្ឋាន”។

    លោក ហូ វណ្ឌី អគ្គលេខាធិការ​នៃ​សម្ព័ន្ធភាព​ទេសចរណ៍​ជាតិ​កម្ពុជា

    ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍បាន​ថ្លែងជារឿយៗថា វិស័យ​ទេសចរណ៍​មាន​សក្ដានុពល​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា​ដោយបាន​បង្កើត​ការងារ​ជូន​ពលរដ្ឋ​កាត់បន្ថយ​ការ​ចំណាកស្រុក​ទៅរក​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស​ព្រមទាំង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ផងដែរ។

    ឯកឧត្តមបាន​បន្តថា ដើម្បី​រក្សា​តម្រូវការ​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​ត្រូវការ​ការបណ្ដុះបណ្ដាលយ៉ាងហោចណាស់​ចំនួន 5ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ។“គោលនយោបាយ​របស់​យើង​នៅតែ​បន្ត​ជំរុញឱ្យមាន​អ្នកជំនាញ​ទេសចរណ៍​នៅ​កម្ពុជា ហើយ​យើង​ជឿថា នេះ​ជា​មធ្យោបាយ​ដ៏​ល្អ​ក្នុង​ការធ្វើ​ដូច្នេះ”។ គិត​ត្រឹម​រយៈពេល 5ឆ្នាំ​មកនេះ​វិស័យ​ទេសចរណ៍​បា​នរក​ចំណូល​ចូលក្នុង​សេដ្ឋកិច្ច​ជាតិប្រមាណ 15.145លាន​ដុល្លារ​អាមេរិក។

    សូមបញ្ជាក់ថា គិត​ត្រឹម​ឆ្នាំ2017 កម្ពុ​ជាមាន​រមណីយដ្ឋាន​ទេសចរណ៍​ចុះបញ្ជី​ផ្លូវការ​ប្រមាណ394កន្លែង រួមមាន​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ​ចំនួន 114កន្លែង រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ធម្មជាតិ 21កន្លែង រមណីយដ្ឋាន​កែច្នៃ33កន្លែង រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​ធម្មជាតិ27កន្លែង និង​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ 196កន្លែង។

    រមណីយដ្ឋាន​ទាំងអស់នេះ​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​នៅ​រយៈពេល 4ខែ​ដើមឆ្នាំ2018នេះ​មាន​ចំនួន​ជាង 2លាន​នាក់​កើនឡើង​ជិត14% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017។ ទន្ទឹមគ្នានេះ​បើតាម​ការ​ព្យាករ​កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ 6លាន 2សែន​នាក់​នៅ​ដំណាច់ឆ្នាំ2018នេះ និង​ប្រមាណ 7លាន​នាក់​នៅ​ឆ្នាំ2020 ហើយ​អាច​នាំមក​នូវ​ចំណូល​ប្រមាណ 5,000លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ឱកាស​ការងារ​បាន​ប្រមាណ 1លាន​នាក់​ផងដែរ។

    របាយការណ៍​បាន​បញ្ជាក់ថា នៅ​ឆ្នាំ2013 ចំណូល​បានមកពី​វិស័យ​ទេសចរណ៍​មាន​ចំនួន 2,547លាន​ដុល្លារ ឆ្នាំ2014 មាន​ចំនួន 2,736លាន​ដុល្លារ ឆ្នាំ2015មាន​ចំនួន 3,012លាន​ដុល្លារ ឆ្នាំ2016 មាន​ចំនួន3,212លាន​ដុល្លារ និង​ឆ្នាំ2017 មាន​ចំនួន 3,638លាន​ដុល្លារ។ សរុប​ក្នុង​រយៈពេល 5ឆ្នាំ​មកនេះ វិស័យ​ទេសចរណ៍​រកចំណូលបាន​ចំនួន 15,145លាន​ដុល្លារអាមេរិក៕