Tag: ស៊ុន ស្រីពេជ្រ

  • តារាពីរដួងក្នុងផលិតកម្មថោន សុទ្ធតែជួបទុក្ខធំប្រកាសលក់ផ្ទះព្យាបាលជំងឺឪពុក

    តារាពីរដួងក្នុងផលិតកម្មថោន សុទ្ធតែជួបទុក្ខធំប្រកាសលក់ផ្ទះព្យាបាលជំងឺឪពុក

    កន្លងទៅដូចលោកអ្នកបានជ្រាបហើយថា លោក ករុណា ពេជ្រ ជាតារាចម្រៀង និងមានតំណែងធំនៅក្នុងផលិតកម្មថោន បានដាក់ប្រកាសលក់ផ្ទះវីឡាទោលតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួន ដើម្បីយកប្រាក់បន្ថែមព្យាបាលជំងឺរបស់ឪពុក។ រហូតមកទល់ពេលថ្មីៗកន្លងទៅនេះ គេឃើញតារាចម្រៀងស្រីនៅក្នុងផលិតកម្មថោនម្នាក់ទៀតគឺ កញ្ញា ស៊ុន ស្រីពេជ្រ ក៏បានដាក់ប្រកាសលក់ផ្ទះដើម្បីមើលជំងឺប្អូន និងឪពុកដូចគ្នា ដែលហេតុការណ៍ផ្ទួនគ្នាមួយនេះ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង និងមានក្ដីស្រងេះស្រងោចចិត្ត អាណិតចំពោះក្ដីលំបាករបស់អាយដូលក្នុងដួងចិត្តពួកគេជាខ្លាំង។

    កន្លងទៅលោក ករុណា ពេជ្រ បានប្រកាសលក់វីឡាទោលថា «កូនមកដល់ផ្ទះវិញហើយប៉ា…ផ្ទះធំពេក ហើយប៉ាឈឺទៀត…កូននឹងនាំប៉ាទៅព្យាបាលបន្តនៅក្រៅប្រទេសឆាប់ៗនេះ…។ កុំឱ្យសៅហ្មង ខ្ញុំសូមប្រកាសលក់ផ្ទះវីឡាទោល ហើយកែងផ្លូវខាងមុខតែម្តង…ដែលមានទីតាំងនៅបុរីពិភពថ្មី សំរោងអណ្តែត3 ផ្ទះលេខ 2 ( E0,E1,E2 )  ផ្លូវA…ទល់មុខសួនច្បារធំ2 មានទីធ្លាធំទូលាយនៅមុខផ្ទះ….ចំណាយពេលតែ 5នាទីដល់ផ្សារ Makro និងផ្សារទំនើប AEON II។ ទំហំដី : ទទឹងមុខ 18,40 m រីកទទឹងក្រោយ 19,40m និងបណ្តោយ 33,40 m»។ លោកបានបញ្ជាក់ដែរថា ប្រសិនបើប្រិយមិត្តមានចំណាប់អារម្មណ៍ អាចទំនាក់ទំនងមកកាន់ Inbox ហ្វេសប៊ុករបស់លោកផ្ទាល់តែម្ដង។

    រីឯកញ្ញា ស៊ុន ស្រីពេជ្រ វិញក៏បានប្រកាសលក់ផ្ទះរបស់ខ្លួននៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា «ហ៊ឺម៍…តាំងពីដាក់ប្រកាសលក់ផ្ទះពីរខែមកនេះលុយតម្កល់មើលជំងឺប្អូនជាង 50000$ ក៏អស់ ហើយឥឡូវចូលដល់ខ្ចីលុយគេមើលទៀត អាណិតម៉ែមុខឡើងខ្មៅ ហើយស្គមព្រោះពិបាកចិត្ត ឯពុកវិញម្ង៉ៃកាត់ម្ង៉ៃកោរ អូនអើយតើពេលណាទើបផ្ទះយើងលក់ដាច់នឹងឆាប់បាននាំអូនវះកាត់ ឆាប់បានជាទៅអូន ឱ្យគេមើល គេថាផ្ទះហ្នឹងរង់ចាំម្ចាស់ថ្មីម្តងខែ3 ម្តងខែ4 តែឥឡូវចូលដល់ខែ5ហើយ អស់សង្ឃឹមណាស់ ឱលោកម្ចាស់ផ្ទះថ្មីឆាប់ទិញផ្ទះខ្ញុំផង ដើម្បីប្អូនប្រុសខ្ញុំបានជាសូមអង្វរទេវតាកុំដាក់ទោសទណ្ឌដល់គ្រួសារខ្ញុំអី សូមមេត្តាជួយShareផង ដើម្បីផ្ទះខ្ញុំឆាប់លក់ដាច់ អរគុណពុកម៉ែបងប្អូនទុកជាមុន»(អូខេ ចាំបេលជួយស៊ែរ…)។

    គួរបញ្ជាក់ផងដែរថា លោកឪពុក តារាស្រីរូបនេះ លោកមានវ័យ72ឆ្នាំហើយ និងមានជំងឺលើសឈាមជាង 2ឆ្នាំមកហើយដែរ ហើយក៏ខកខានក្នុងការចេញទៅសម្តែងកំប្លែងជាយូរឆ្នាំមកហើយដែរ។ តារាកំប្លែងជើងចាស់នាយ សង់ ស៊ីស មានកូនសរុបចំនួន 8នាក់ (ស្រី5នាក់) ក្នុងនោះមានកូន 3នាក់ជាសិល្បករ គឺនាយ សង់ សេត កញ្ញា ស៊ុន ស្រីពេជ្រ និងអ្នកនាង កាឆយ។ បច្ចុប្បន្នតារាកំប្លែងរូបនេះ ស្នាក់នៅផ្ទះរួមជាមូយកូនស្រី ស៊ុន ស្រីពេជ្រ នាភូមិ សុពណ៌ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕

  • ឆ្នាំនេះ ហេតុអីបាន ស៊ុន ស្រីពេជ្រ គ្មានបទចម្រៀងចូលឆ្នាំខ្មែរនឹងគេ?

    ឆ្នាំនេះ ហេតុអីបាន ស៊ុន ស្រីពេជ្រ គ្មានបទចម្រៀងចូលឆ្នាំខ្មែរនឹងគេ?

    គួរឱ្យចម្លែកមែនទែន និងមិនដូចឆ្នាំកន្លងៗទៅឡើយ ព្រោះឆ្នាំនេះមហាជនជាច្រើនបានទន្ទឹងចាំមើលផ្លូវ ចំពោះការចេញបទចម្រៀងថ្មីៗចូលរួមរីករាយស្វាគមន៍ឆ្នាំថ្មីប្រពៃណីខ្មែររបស់តារាចម្រៀងបែបមនោសញ្ចេតនា គឺ​កញ្ញា ស៊ុន ស្រីពេជ្រ ដែលជាកូនស្រីរបស់តារាកំប្លែងនាយ សង់ ស៊ីស ហៅ​តា​ស៊ីស នៅក្នុងផលិតកម្មចម្រៀងថោន ហើយថែមទាំងស្ងប់ស្ងាត់ មិនឃើញមានចេញបទចម្រៀងថ្មីដូចតារាចម្រៀងរួមផលិតកម្ម។

    ឆ្នាំកន្លងទៅ តារាចម្រៀងស្រីរូបនេះ បានរក្សាតំណែងជាតារាចម្រៀងប្រជាប្រិយបានយ៉ាងល្អ ដោយសារតែនាងបានផ្លាស់ប្ដូរទ្រនំពីរស្មីហង្សមាស មកនៅផលិតកម្មថោន ហើយបានចេញចម្រៀងជាច្រើនបទ ដែលសុទ្ធសឹងតែជាបទចម្រៀងល្បីៗ និងមានចង្វាក់បែបប្រជាប្រិយខ្មែរ ដូចជាបទមានចំណងជើងថា «ជូនអូនទៅម៉ែ» ដែលជាចង្វាក់សារ៉ាវ៉ាន់ជាដើម។

    តាមរយៈការបកស្រាយបញ្ជាក់ពីខាងអ្នកគ្រប់គ្រងផលិតកម្មថោន បានប្រាប់អ្នកយកព័ត៌មាន ឡារ៉ែន ថា «ខាងផលិតកម្មថោន បានរៀបចំបទចម្រៀងឱ្យតារាស្រីរូបនេះរួចហើយ ក៏ប៉ុន្ដែដោយសារនាងមានបញ្ហាគ្រួសារ និងត្រូវមើលថែទាំលោកឪពុកដែលកំពុងសម្រាកព្យាបាល ទើបជាហេតុបណ្ដាលឱ្យនាងខកខានមិនមានពេលវេលាមកថតសំឡេង ។ តែយ៉ាងណាក៏ដោយ ខាងផលិតកម្មរំពឹងទុកថា មហាជននៅតែបន្ដគាំទ្ររូបនាងតាមរយៈបទចម្រៀងកាលពីឆ្នាំមុនដដែល»។

    សូមជម្រាបបន្ថែមថា មជ្ឈដ្ឋានមហាជននៅតែបន្ដរង់ចាំការចេញបទចម្រៀងថ្មីៗរបស់តារាស្រី ស៊ុន ស្រីពេជ្រ ដដែល និងរំពឹងថា នាងនឹងមិនបាត់មុខពីពិភពសិល្បៈយូរឡើយ៕

  • ស្ងាត់ៗ!! កញ្ញា ស៊ុន ស្រីពេជ្រ បង្កាត់ភ្លើងស្នេហ៍ថ្មីបុរសសង្ហាមិនចាញ់តួកុន

    ស្ងាត់ៗ!! កញ្ញា ស៊ុន ស្រីពេជ្រ បង្កាត់ភ្លើងស្នេហ៍ថ្មីបុរសសង្ហាមិនចាញ់តួកុន

    នៅពេលថ្មីៗនេះ មហាជនជាច្រើនបានទន្ទឹងចាំផ្លូវចំពោះការចេញបទចម្រៀងចូលឆ្នាំរបស់តារាចម្រៀងបែបមនោសញ្ចេតនា គឺ​កញ្ញា ស៊ុន ស្រីពេជ្រ ដែលជាកូនស្រីរបស់តារាកំប្លែងនាយ សង់ ស៊ីស ហៅ​តា​ស៊ីស នៅក្នុងផលិតកម្មចម្រៀងថោន ហាក់បីដូចជាស្ងប់ស្ងាត់ និងមិនមានចេញបទភ្លូកទឹកភ្លូកដីដូចតារាចម្រៀងដទៃរួមផលិតកម្ម។

    តែដោយឡែក ស្រាប់តែនៅថ្ងៃទី 3 ខែមេសា នេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានទម្លាយរូបតារាស្រី ស៊ុន ស្រីពេជ្រ ដែលគេមើលឃើញថាកំពុងលួចបង្កាត់ភ្លើងស្នេហាជាមួយនឹងបុរសម្នាក់ ដែលកញ្ញាមិនធ្លាប់បង្ហាញមុខមាត់ពិតរបស់គូស្នេហ៍ពីមុនឡើយ បើទោះបីវ័យកាន់តែជ្រេហើយក៏ដោយ តែស្រី ពេជ្រ កំពុងស្និទ្ធស្នាលជាមួយកំឡោះគូស្នេហ៍នេះ មានសម្រស់នៅក្មេងស្រស់សង្ហា មិនចាញ់តារាសម្ដែងនោះទេ។

    ពិតជាភ្ញាក់ផ្អើលបំផុតបង្ហោះរូបភាពស្និតស្នាលក្នុងដំណើរកម្សាន្ដនៅឯក្រៅប្រទេស និងក្នុងស្រុកជាមួយនឹងបុរសម្នាក់ដែលមានរូបរាងសង្ហា រាងខ្ពស់ស្រលះ ទម្រង់មុខកូនកាត់ចិន ស្បែកសថ្លា បានធ្វើមហាជនជាច្រើនបានសរសើរថា កញ្ញា ស៊ុន ស្រីពេជ្រ មិនត្រឹមតែពូកែច្រៀងទេ ថែមទាំងពូកែរើសដៃគូស្នេហាទៀតផង មើលចុះសង្ហាណាស់។

    ដើម្បីឱ្យកាន់តែច្បាស់ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ ៖

  • ស៊ុន ស្រីពេជ្រ ចេញពីរស្មីហង្សមាស ក៏មិនភ័យខ្លាចធ្លាក់ប្រជាប្រិយដែរ

    ស៊ុន ស្រីពេជ្រ ចេញពីរស្មីហង្សមាស ក៏មិនភ័យខ្លាចធ្លាក់ប្រជាប្រិយដែរ

    បន្ទាប់ពីមានដំណឹងលេចឮថា តារាចម្រៀងស្រីនិយមបែបមនោសញ្ចេតនាស្រុកស្រែ និង និយមបែបប្រពៃណីបុរាណខ្មែរ កញ្ញា ស៊ុន ស្រីពេជ្រ បានចូលទៅជ្រកនៅក្នុងផលិតកម្មថោនហើយនោះ តារាស្រីរូបនេះបានផ្ដល់បទសម្ភាសជាពិសេសជុំវិញបញ្ហានេះ ជាមួយអ្នកសារព័ត៌មាន ឡារ៉ែន ខណៈដែលនាងបានចូលរួមកម្មវិធីខួបអាពាហ៍ពិពាហ៍ 14ឆ្នាំ របស់លោក កុយ ស៊ីឌឿន កាលពីពេលកន្លងទៅ។

    ស៊ុន ស្រីពេជ្រ បាននិយាយថា “ចា៎ស បងបានចេញពីផលិតកម្មចម្រៀងរស្មីហង្សមាសហើយ ហើយក៏មានផលិតកម្មធំក្នុងស្រុកដ៏ល្បីមួយដែរ បានហៅបងទៅថតបទចម្រៀងសម្រាប់អបអរពិធីបុណ្យភ្ជុំបិណ្ឌ ដែលទាំងអស់មានចំនួន 5បទរួចហើយ”។

    មានសំណួរមួយទៀតបានចោទសួរថា តើបងស្រី ស៊ុន ស្រីពេជ្រ បានចូលទៅច្រៀងក្នុងផលិតកម្មថោន តើពិតដែរឬទេ? ព្រោះកន្លងមកមានដំណឹងលេចឮជាច្រើន ថាបងបានទៅជ្រកនៅទ្រនំនោះហើយ។ មិនបង្អង់យូរ តារាស្រីល្បីបទទេសចរណ៍រូបនេះបានបញ្ជាក់ប្រាប់ថា “រឿងនេះបងសុំមិនទាន់និយាយសិន ចាំដល់ពេលចេញបទចម្រៀងមក អ្នកគាំទ្រនឹងបានដឹងមិនខាន” ។

    កញ្ញា ស៊ុន ស្រីពេជ្រ បានបញ្ជាក់ប្រាប់ថា បើទោះបីជានាងបានចេញពីផលិតកម្ម រស្មីហង្សមាស ជាផលិតកម្មធំក្ដី ក៏ប៉ុន្ដែនាងមិនបានភ័យបារម្ភក្នុងការធ្លាក់ប្រជាប្រិយភាពឡើយ ស្រីពេជ្របាននិយាយទាំងក្ដីសង្ឃឹមថា “មិនភ័យខ្លាចទេ ព្រោះបងរំពឹងទៅលើអ្នកគាំទ្រដែលបានគាំទ្របទចម្រៀងបងពីមុនៗមក ហើយថ្មីៗខាងមុខនេះ បងនឹងមានចេញបទចម្រៀងទេសចរណ៍ជាច្រើនបទទៀត ដើម្បីត្រៀមនៅក្នុងពិធីបុណ្យសមុទ្រ នាខែធ្នូ ឆ្នាំ2017 ខាងមុខនេះទៀតផង”៕