Tag: សួន ពិសិដ្ឋ

  • លោក សួន ពិសិដ្ឋ រៀបរាប់បទពិសោធតស៊ូក្នុងសិល្បៈ 20ឆ្នាំទើបតែបានអង្គុយកៅអីជាគណៈកម្មការ

    លោក សួន ពិសិដ្ឋ រៀបរាប់បទពិសោធតស៊ូក្នុងសិល្បៈ 20ឆ្នាំទើបតែបានអង្គុយកៅអីជាគណៈកម្មការ

    ដូចប្រិយមិត្តទាំងអស់គ្នាបានជ្រាបច្បាស់ហើយថា លោក សួន ពិសិដ្ឋ ជាសិល្បករមួយរូបដែលមានទេពកោសល្យសិល្បៈពហុជំនាញ ទាំងការតាក់តែង សម្ដែងភាពយន្ដ និពន្ធបទភ្លេង និពន្ធទំនុកច្រៀង ដែលធ្លាប់បានបង្ហាញស្នាដៃជាច្រើនកន្លងមកតាមរយៈផលិតកម្មធំៗនានានៅក្នុងប្រទេសកម្ពុជាយើងនេះ។ ដោយឡែក តារាចម្រៀង និងជាតន្ត្រីកររូបនេះ មិនធ្លាប់បានបង្ហាញវត្តមានធ្វើជាគណៈកម្មការក្នុងកម្មវិធីប្រឡងប្រជែងក្នុងពិភពសិល្បៈម្ដងណាឡើយ ពោលគឺលោកនៅតែពីក្រោយភាពល្បីល្បាញរបស់តារាសិល្បៈតែប៉ុណ្ណោះ។

    ថ្មីៗនេះ លោកបានបង្ហោះសាររៀបរាប់ពីបទពិសោធតស៊ូក្នុងសិល្បៈអស់រយៈពេល 20ឆ្នាំគត់ ហើយទើបតែបានអង្គុយកៅអីជាគណៈកម្មការក្នុងកម្មវិធី The Melody ដែលនឹងចែករំលែកបទពិសោធល្អៗ និងតម្រែតម្រង់នូវចំណុចខ្វះខាតដល់បេក្ខជនដែលចូលរួមប្រឡង។ លោកថា «ខ្ញុំចាប់ផ្ដើមប្រឡូកក្នុងវិស័យសិល្បៈខ្មែរមាន តន្រ្តី ខ្សែភាពយន្ដ តែងនិពន្ធបទភ្លេង ទំនុកច្រៀង​ ច្រៀង សម្ដែង និង​ដឹកនាំសម្ដែង ចាប់ពីឆ្នាំ1998​ រហូតដល់2018​ គឺ20ឆ្នាំគត់ ទើបតែពេលនេះបានការផ្ដល់នូវកិត្តិយសដ៏ឧត្ដមទទួលបានតំណែងជាគណៈកម្មការអង្គុយពេញមុខកញ្ចក់ទូរទស្សន៍ផ្សព្វផ្សាយទូទាំងប្រទេស »។  

    ក្រោយពីកម្មវិធីប្រកួតបានបញ្ចប់ទៅថ្មីៗនេះ ម្ចាស់ស្នាដៃ​ម្នាក់​នៃ​បទ «មោទនភាព​ជា​ខ្មែរ» ដែលបានស្ថិតក្នុងដួងចិត្តអ្នកស្ដាប់ជាច្រើននាក់ បានសម្ដែងក្ដីរំភើប និងការអរគុណចំពោះអ្នករៀបចំកម្មវិធីថា «ខ្ញុំបាទសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងអបអរសាទរដល់បងប្រុស ទិត្យ ថាវរិទ្ធ ThavrithTith ដែលជាស្ថាបនិក និងមានទស្សនវិស័យ និងចក្ខុវិស័យខ្ពស់ដែលបានបង្កើតកម្មវិធីដ៏អស្ចារ្យរបស់កូនខ្មែរ #TheMelody​ Season 1 ប្រឡងសំឡេង និងតែងនិពន្ធបទភ្លេងទំនុកច្រៀង និងចម្រៀង រួមសហការក្នុងការជ្រោមជ្រែង ដែលបង្កើតដោយស្ថានីយទូរទស្សន៍បាយ័ន( Bayon TV) និង​ក្រុមហ៊ុន Carabao ដែលបានផ្ដល់កិត្តិយសដល់ខ្ញុំបាទបានទទួលតំណែងជាគណៈកម្មការ ជាមួយលោក Heng Pitu Aroma និងកញ្ញា​ Addaក្នុងកម្មវិធីខាងលើ និងក៏សូមអរគុណរួមជាមួយបងប្អូនក្រុមការងារទាំងអស់នៃកម្មវិធី The Melody Season 1 ដែលបានចប់ដោយរលូន និងជោគជ័យដោយជ្រើសរើសបានបេក្ខជន-បេក្ខនារីដែលមានសមត្ថភាពខ្ពស់ៗជាច្រើនទៀតផង! និងទទួលបានការគាំទ្រខ្ពស់ពីសំណាក់បងប្អូនខ្មែរទូទាំងប្រទេស!!! សូមជូនពរបងប្រុសនិងលោកអគ្គនាយកស្ថានីយទូរទស្សន៍បាយ័ន និងលោកអគ្គនាយកក្រុមហ៊ុន​ Carabao  រួមទាំងក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភ និងបងប្អូនក្រុមការងារទាំងអស់ជួបប្រទះតែសេចក្ដីសុខ សុខភាពល្អ រីកចម្រើន និងជោគជ័យគ្រប់ភារកិច្ច!!! សង្ឃឹមថា នឹងបានជួបគ្នាក្នុង Season 2 ទៀត!! អរគុណ»៕

  • « នាំប្រពន្ធដើរលេង » សួន ពិសិដ្ឋ ដឹកដៃកញ្ញា អេដា បង្ហាញពីចង្វាក់ភ្លេងប្រជាប្រិយខ្មែរ

    « នាំប្រពន្ធដើរលេង » សួន ពិសិដ្ឋ ដឹកដៃកញ្ញា អេដា បង្ហាញពីចង្វាក់ភ្លេងប្រជាប្រិយខ្មែរ

    នៅពេលថ្មីៗនេះ តារាចម្រៀង Original Song កញ្ញា អេដា រួមគ្នាជាមួយលោក សួន ពិសិដ្ឋ បានផលិត និងសម្រិតសម្រាំងស្នាដៃនិពន្ធបទភ្លេងថ្មី ដែលមានចំណងជើងថា « នាំប្រពន្ធដើរលេង » ដែលបានស្ដែងឱ្យអ្នកគាំទ្របានឃើញពីការច្នៃប្រឌិតឧបករណ៍ភ្លេងបុរាណខ្មែរ និងភ្លេងសម័យរួមបញ្ចូលគ្នា ។ ទន្ទឹមនឹងការសាទរអំណរទទួលទេវតាឆ្នាំថ្មី ឆ្នាំច សំរិទ្ធិស័ក ព.ស 2562 គ.ស 2018 តារាចម្រៀងទាំងពីរដួងនេះ បានរំពឹងទុកថា ចម្រៀងចង្វាក់ប្រជាប្រិយប្រពៃណីខ្មែរមួយនេះ និងអង្រួនដួងចិត្តមហាជនគ្រប់ស្រទាប់វណ្ណៈ បានរាំចម្រៀងលេងសប្បាយទៅតាមគ្រប់ខេត្តក្រុង។

    លោក សួន ពិសិដ្ឋ អ្នកនិពន្ធបទភ្លេងក៏បានលើកឡើងថា « ឆ្នាំនេះនាំប្រពន្ធដើរលេងសិនបានៗ! សាងគុណសម្បត្តិឱ្យច្រើនវិញទើបបានខ្លាចប្រពន្ធទារលែង! ។ បទថ្មីរបស់ខ្ញុំជាមួយកញ្ញាអេដា (ADDA ANGEL MUSIC ) សម្រាប់ចូលរួមឱកាសបុណ្យចូលឆ្នាំខ្មែរឆ្នាំថ្មី2018យើងនេះ! សាច់រឿងទំនុកច្រៀងកញ្ញាអេដានិងខ្ញុំតាក់តែងឡើងរួមគ្នា ចំពោះបទភ្លេងលក្ខណៈប្រពៃណីខ្មែរយើង ខ្ញុំតែងនិពន្ធជាចង្វាក់ សារ៉ាវ៉ាន់ តាលុង ម៉ាឌីស្សុន ល្បាយលាយជាមួយ ចាប៉ីដងវែង ទ្រ ខ្លុយ ស្គដៃ ស្គយីកេ និងឆៃយ៉ាំទម្រង់ខ្មែរ។ អរគុណបងប្អូនសម្រាប់ការគាំទ្រខ្ញុំទាំងពីរនាក់និងប្រពៃណីវប្បធម៌ខ្មែរយើង»។

    ជាមួយគ្នានោះដែរ កញ្ញា អេដា ក៏បានបន្ថែមថា « បទថ្មីពី នាងខ្ញុំ និង បងសួន ពិសិដ្ឋ សហការគ្នាជាលើកដំបូង តោះរាំចង្វាក់ តាលុង ទាំងអស់គ្នា អរគុណសំរាប់ការគាំទ្រ ចា! »។ ចង់ដឹងថា ​បទ « នាំប្រពន្ធដើរលេង » ជាចង្វាក់តាលុងឆ្នាំ 2018 នេះ រណ្ដំចិត្តប៉ុនណានោះ សូមទស្សនា និងរាំកម្សាន្ដជាមួយវីដេអូខាងក្រោមនេះ៖

    https://www.youtube.com/watch?v=w2eYhgcvtv8&feature=share

  • សួន ពិសិដ្ឋ ទទូចសុំឱ្យក្រសួងវប្បធម៌អើពើរឿងប្រតិកម្មឈុតប្រពៃណីខ្មែរ

    សួន ពិសិដ្ឋ ទទូចសុំឱ្យក្រសួងវប្បធម៌អើពើរឿងប្រតិកម្មឈុតប្រពៃណីខ្មែរ

    នៅថ្ងៃទី12 ខែមិថុនា ឆ្នាំ2017 នេះ តារាចម្រៀង និងជាអ្នកនិពន្ធបទភ្លេងល្បីឈ្មោះប្រចាំផលិតកម្មរស្មី ហង្សមាស គឺ លោក សួន ពិសិដ្ឋ បានចូលរួមរិះគន់ជុំវិញប្រតិកម្មរឿង ឈុតសម្លៀកបំពាក់ប្រពៃណីជាតិ ដែលត្រូវបានច្នៃម៉ូដដោយជនជាតិថៃ នៅក្នុងកម្មវិធី Mister National Universe 2017 តាមរយៈគណនីបណ្ដាញសង្គមហ្វេសប៊ុក ។

    ជុំវិញបញ្ហានេះ លោក សួន ពិសិដ្ឋ បានសរសេរសារលើរូបភាពដែលបានចែករំលែកបន្ដពីគេហទំព័រ AjathomNokorReachថា “សុទ្ធតែពលរដ្ឋខ្មែរធ្វើអន្តរាគមន៍! ចុះឯណាមន្ត្រីពាក់ព័ន្ធរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ម៉េចអត់មានឃើញអើពើអីសោះអ៊ីចឹង!!?” ។ គួរកត់សម្គាល់ដែរថា អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បានគាំទ្រជុំវិញការរិះគន់ទៅដល់ខាងមន្ត្រីក្រសួងវប្បធម៌ សមាគមសិល្បៈ និងសុំឱ្យមានការចាត់វិធានការ និងចំណាត់ការផ្សេងៗ និងមិនគួរស្ងាត់ចំពោះរឿងនោះដូច្នេះឡើយ ព្រោះមិនដឹងថា បេក្ខជនទៅប្រកួតតាំងពីពេលណា នៅកន្លែងណា និងអ្នករៀបចំកម្មវិធីនោះជាអ្នកណាឡើយ ។លោក ពិសិដ្ឋ បានឆ្លើយតបបន្ដថា “អ៊ីចឹង អ្នករៀបចំកម្មវិធីហ្នឹង ពិតជាកាន់តែគួរឱ្យខ្លាច និងគួរឱ្យប្រយ័ត្នហើយ” ។

    គួររំឭកបន្តិចផងដែរថា កម្មវិធី Mister National Universe 2017 ត្រូវបានអ្នកលេងបណ្ដាញសង្គមរិះគន់យ៉ាងខ្លាំងអំពីការស្លៀកឈុតបុរាណប្រពៃណីខ្មែរដែលខុសលំនាំដោយអ្នកចូលរួមប្រកួតជាជនជាតិខ្មែរកាលពីម្សិលមិញនេះ ដោយកម្មវិធីនោះត្រូវបានរៀបចំឡើងនៅទីក្រុងបាងកក និង តំបន់ទេសចរណ៍ហួហ៊ីន ប្រទេសថៃ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី 5 ដល់ថ្ងៃទី 13 ខែ មិថុនា ឆ្នាំ 2017 នេះ ដោយមានបេក្ខជនចូលរួមប្រកួតមកពីបណ្ដាប្រទេសនានា សរុបចំនួន 25នាក់ ជាបេក្ខជនតំណាងឱ្យជាតិនីមួយៗ និងគួរបញ្ជាក់ផងដែរថា បេក្ខជនដែលបានទៅចូលរួមប្រកួតក្នុងកម្មវិធីខាងលើនោះ ក៏បានចេញសារសុំទោស និងពន្យល់ពីមូលហេតុ និងរាល់កំហុសឆ្គងដែលបានកើតឡើងជាសាធារណៈតាមរយៈហ្វេសប៊ុកហើយដែរ ដោយលោកសង្ឃឹមថា បណ្ដាអ្នករិះគន់នឹងយោគយល់ដល់រូបលោក ហើយប្រទេសកម្ពុជានឹងមានកម្មវិធីចូលប្រកួតលើឆាកអន្ដរជាតិនាពេលខាងមុខនេះដែរ ហើយលោកបានបញ្ជាក់ថា ខ្ញុំគ្រាន់តែចង់បាននូវបទពិសោធសម្រាប់ជីវិតតែប៉ុណ្ណោះ ៕