Tag: សុខាភិបាល

  • ឡាវ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​អុតស្វា (Monkeypox) ដំបូង​បង្អស់

    ឡាវ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​អុតស្វា (Monkeypox) ដំបូង​បង្អស់

    ក្រសួង​សុខាភិបាល​ឡាវ​ស្នើ​ឱ្យ​មន្ទីរ​ពេទ្យ​នៅ​តាម​បណ្ដា​ខេត្ត​ ស្រុក និង​មណ្ឌល​សុខភាព​​ទាំង​អស់​ បូក​រួម​ទាំង​បន្ទប់​ពិគ្រោះ​ជំងឺ​ឯកជន​ បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្នក​ជំងឺ​ដែល​មាន​អាការក្ដៅ​ខ្លួន និង​ចេញ​កន្ទួល​រមាស់​។

    យោង​តាម​បណ្ដាញ​សារព័ត៌មាន​ក្នុ​ងស្រុក នា​ថ្ងៃ​ទី 19 កញ្ញា​នេះ ក្រសួង​សុខាភិបាល​ឡាវ​​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ ​ស្នើ​ឱ្យ​ប្រជាជន​គ្រប់​រូប​តាម​ដាន និង​ទប់​ស្កាត់​ ប្រឆាំង​ជំងឺ​អុត​ស្វា (Mpox-Monkeypox)។ សេចក្ដី​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​បាន​រកឃើញ​អ្នក​កើត​​ជំងឺ​អុត​ស្វា​ម្នាក់​ដែល​ជា​ករណី «នាំចូល»។

    ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺអុតស្វា​នេះ ក្រសួង​សុខាភិបាល​ឡាវ​បាន​ស្នើ​ឱ្យ​មន្ទីរ​សុខាភិបាល​តាម​តំបន់នៅ​ទូទាំង​ប្រទេស​ បង្កើន​ការ​តាម​ដាន​ ទប់​ស្កាត់ និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​មួយ​នេះ​ ដោយ​ផ្ដោត​ទៅ​លើ​ពលរដ្ឋ​ដែល​ចូល​មក​ប្រទេស​ឡាវ​ ជា​ពិសេស​ ចំពោះ​តំបន់​ដែល​មាន​ព្រំ​ដែន​ជាប់​នឹង​ប្រទេស​ជិត​ខាង​ដែល​កំពុង​មាន​ជំងឺ​នេះ​។

    ក្រសួង​សុខាភិបាល​ឡាវ​ស្នើ​ឱ្យ​​មន្ទីរ​ពេទ្យ​នៅ​តាម​បណ្ដា​ខេត្ត​ ស្រុក និង​មណ្ឌល​សុខាភិបាល​ទាំង​អស់​ បូក​រួម​ទាំង​បន្ទប់​ពិគ្រោះ​ជំងឺ​ឯកជន​ផង បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្នក​ជំងឺ​ដែល​មាន​អាការក្ដៅ​ខ្លួន និង​ចេញ​កន្ទួល​រមាស់​។ បើ​សិន​រក​ឃើញ​ករណីសង្ស័យថា​ឆ្លង​ជំងឺ​នេះ គឺ​ត្រូវ​រាយការណ៍​ដល់​ស្ថាប័ន​ពាក់​ព័ន្ធ​ដើម្បី​យក​សំណាក​ទៅ​ពិនិត្យ​​ជា​បន្ទាន់​។

    អុតស្វា​គឺជា​ជំងឺ​ឆ្លង​ដែល​បង្ហាញ​វត្តមាន​ជា​យូរ​មក​ហើយ​នៅ​តំបន់​អាហ្វ្រិក ប៉ុន្តែ​ក្នុង​ឆ្នាំ​ 2022 ករណី​ឆ្លង​ជំងឺ​នេះ​នៅ​តំបន់​អឺរ៉ុប​បាន​កើន​ឡើង​ខ្ពស់​ខ្លាំង​ នាំ​ឱ្យ​អង្គការ​សុខភាព​ពិភពលោក​ប្រកាស​អាសន្ន​កាលពី​ខែ​កក្កដា 2022​។ ជំងឺ​នេះ​អាច​ឆ្លង​តាម​រយៈ​ការ​ប៉ះ​ពាល់​អ្នក​ជំងឺ​។

    អាការ​របស់​ជំងឺអុត​ស្វា រួម​មាន ក្ដៅ​ខ្លួន​ខ្លាំង​ ឈឺ​សាច់​ដុំ ឡើង​កូន​កណ្ដុរ និង​ចេញ​​ពង​កន្ទួលជា​ដើម​។ តាម​ធម្មតា ជំងឺ​នេះ​អាច​អូស​បន្លាយ​ពេល​ពី 2 ទៅ 4 សប្ដាហ៍​ ខណៈ​ដែល​អាការ​ជំងឺ​តែង​បង្ហាញ​​ខ្លួន​នៅពេល​រាង​កាយ​ឆ្លង​វីរុស​បាន​​ពី​ 5 ដល់ 21 ថ្ងៃ​៕

  • ក្រុម​ហ៊ុន​ជិត 40% នៅ​ប្រទេស​ជប៉ុន ជួល​បុគ្គលិក​អាយុ​លើស​ពី 70

    ក្រុម​ហ៊ុន​ជិត 40% នៅ​ប្រទេស​ជប៉ុន ជួល​បុគ្គលិក​អាយុ​លើស​ពី 70

    ចំនួន​ក្រុម​ហ៊ុន​ដែល​ជ្រើស​រើស​បុគ្គលិក​អាយុ​លើស​ពី 70 នៅ​ប្រទេស​ជប៉ុន បាន​កើន​ទ្វេដងធៀប​នឹង​​ទសវត្សរ៍​កន្លង​ ដោយ​ឡើង​ដល់ 39%​។

    ដើមឡើយ ប្រទេស​ជប៉ុន កំណត់​អាយុ​ចូល​និវត្តន៍​ត្រឹម​ 60 ប៉ុន្តែប្រទេស​នេះ​បាន​ធ្វើវិសោធនកម្ម​ច្បាប់​កាល​ពី​ឆ្នាំ 2013 ដោយ​ស្នើ​ឱ្យ​ក្រុម​ហ៊ុន​នានា​បន្ត​អនុញ្ញាត​ឱ្យ​បុគ្គលិក​ធ្វើ​ការ​រហូត​ដល់​អាយុ 65 ឆ្នាំ បើ​សិន​ជា​បុគ្គលិក​នោះ​ចង់​។ ដំបូង​ឡើយ បណ្ដា​ក្រុម​ហ៊ុន​បាន​ជំទាស់​ទៅ​នឹង​ការ​ប្ដូរ​ផ្លាស់​នេះ​ ព្រោះ​តែ​ខ្លាច​ការ​ចំណាយ​កើន​ឡើង​។ ក៏ប៉ុន្តែ បញ្ហា​ខ្វះ​កម្លាំង​ពលកម្ម​នា​បច្ចុប្បន្ន​ កំពុង​តែ​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​កាន់​តែ​ច្រើនសម្រេច​​ជ្រើស​រើស​បុគ្គលិក​វ័យ​ចំណាស់​។

    ក្រុម​ហ៊ុន Nojima កាលពី​ឆ្នាំ 2020 បាន​អនុញ្ញាត​ឱ្យ​បុគ្គលិក​បន្ត​ធ្វើ​ការ​រហូត​ដល់​ពួក​គេ​មាន​អាយុ 80​។ ឆ្នាំ 2021 ក្រុម​ហ៊ុន YKK ដែល​ជា​អ្នក​ផលិត​ខ្សែរ៉ូត​​ធំជាង​គេ​លើពិភពលោក​ ក៏បាន​លុប​ចោល​ការ​កំណត់​អាយុ​ចូល​និវត្ត​ន៍​។ មិន​យូរ​ប៉ុន្មាន​ ក្រុម​ហ៊ុន Nojima ​ក៏​បាន​ធ្វើ​តាម​ YKK។

    ក្រសួង​សុខាភិបាល​ ការ​ងារ និង​សុខុមាលភាព​ ក៏ដូច​ជា​ក្រសួង​មហា​ផ្ទៃ ទូរគមនាគមន៍​ជប៉ុន កាល​ពី​ដើម​ខែ​សីហា​នេះបាន​ប្រកាស​ទិន្នន័យ​ដែល​បង្ហាញ​ថា អត្រា​នៃ​ការ​ជ្រើស​រើស​បុគ្គលិក​វ័យ​លើស​ពី 70 ក្នុង​ឆ្នាំ 2022 គឺ 39% ដែល​នេះ​ខ្ពស់​ជាង​ទ្វេ​ដង បើ​ធៀប​នឹង​ឆ្នាំ 2012​។

    ក្រុម​ប្រជាជន​វ័យ​ពី 15 ដល់ 64 មាន 59% ធៀប​នឹង​ប្រជាជន​សរុប​នៅ​ជប៉ុន​ក្នុងឆ្នាំ 2022 ដោយ​ថយ​ចុះ​ 9% ធៀប​នឹង​ឆ្នាំ 2000​។ ក្នុងចំណោម​មនុស្ស​ដែល​មាន​ការ​ងារ​ធ្វើនៅជប៉ុន ក្រុម​​ដែល​មាន​អាយុ​លើស​ពី 65 មាន​ 6.39 លាន​នាក់ ស្មើ​នឹង 10.6% ខ្ពស់​ជាង​តួលេខ 7% នៅ​អាម៉េរិក និង 4% នៅ​អាល្លឺម៉ង់។

    វិស័យ​ដែល​ប្រើប្រាស់​បុគ្គលិក​វ័យ​ចំណាស់​ខ្ពស់​ជាង​គេនៅ​ប្រទេស​ជប៉ុន ​រួម​មាន វិស័យ​សាងសង់ វិស័យ​ថែទាំសុខភាព វិស័យ​ដឹកជញ្ជូន​៕

  • សូម​ប្រយ័ត្ន​ពេល​ទិញ​ថ្នាំ​ស៊ី​រ៉ូ​ព្យាបាល​ផ្ដាសាយ-ក្អក​ឱ្យ​កូន​លេប

    សូម​ប្រយ័ត្ន​ពេល​ទិញ​ថ្នាំ​ស៊ី​រ៉ូ​ព្យាបាល​ផ្ដាសាយ-ក្អក​ឱ្យ​កូន​លេប

    អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​អំពី​ថ្នាំ​ស៊ី​រ៉ូ​ព្យាបាល​ជំងឺ​ផ្ដាសាយ Cold Out ដែល​កំពុង​ត្រូវបាន​​ដាក់លក់​ក្នុង​ទីផ្សារ ពិសេស​គឺ​នៅ​ប្រទេស​អ៊ីរ៉ាក់ ដោយសារ​មាន​ផ្ទុក​ជាតិពុល​ក្នុង​កម្រិត​ខ្ពស់។

    កាលពី​ថ្ងៃទី 07 សីហា WHO បានឱ្យដឹងថា ថ្នាំ​ស៊ី​រ៉ូ​ក្អក​​កំពុង​ដាក់លក់​នៅ​អ៊ីរ៉ាក់ ដែល​បន្ទប់ពិសោធន៍  Fourrts នៅ​ប្រទេស​ឥណ្ឌា ផលិត​ឱ្យ​ក្រុមហ៊ុន Dabilife Pharma មាន​ផ្ទុក​សារធាតុពុល​កម្រិត​ខ្ពស់។ ជាក់ស្ដែង ទំនិញ​នេះ​មាន​ផ្ទុក diethylene glycol 0.25% និង ethylene glycol 2.1% ខណៈ​បរិមាណ​សុវត្ថិភាព​ដែល​ត្រូវបាន​អនុញ្ញាត​​សម្រាប់​សារធាតុ​ទាំងពីរ​នេះ​គឺ 0.1%។ WHO បន្ថែមថា អ្នក​ផលិត និង​អ្នក​ចែកចាយ​មិនអាច​ធានា​អំពី​សុវត្ថិភាព និង​គុណភាព​របស់​ផលិតផល។

    នេះ​គឺជា​សេចក្ដីប្រកាស​ថ្មី​បំផុត​នៅក្នុង​ការព្រមាន​ជាច្រើន​ដែល​ត្រូវបាន​ស្ថាប័ន​សុខាភិបាល​របស់​អង្គការសហប្រជាជាតិ​លើកឡើង​អំពី​ប្រភេទ​ថ្នាំ​គុណភាព​ទាប​ដែល​នាំ​ចេញពី​ប្រទេស​ឥណ្ឌា និង​ត្រូវបាន​ដាក់លក់​លើ​ពិភព​លោក។ មុន​នោះ មាន​ថ្នាំ​ស៊ី​រ៉ូ​យ៉ាងតិច 5 ប្រភេទ ស្ថិតក្នុង​ការស៊ើបអង្កេត​ ដោយ​មាន​ជាប់ទាក់ទង​នឹង​ក្រុមហ៊ុន​ផលិត​នៅ​ឥណ្ឌា។

    Propylene glycol មិន​ពុល ប៉ុន្តែ diethylene glycol (DEG) និង Ethylene glycol (EG) គឺមាន​ពិតជា​គ្រោះ​ថ្នាក់​​ខ្លាំង។ អ្នកស្រាវជ្រាវ​អះអាងថា ពេល​ចូលដល់​ក្នុង​រាងកាយ ពួកវា​នឹងធ្វើ​ឱ្យ​ខ្សោយតម្រងនោម និង​ស្លាប់ បើសិន​មិនបាន​ព្យាបាល​ទាន់ពេល។ បរិមាណ​ដែល​អាច​បង្ក​ឱ្យស្លាប់​គឺ​អាស្រ័យ​លើ​ទម្ងន់​របស់​រាងកាយ។ ក្មេង​តូច​ងាយ​រងគ្រោះ​ជាង​មនុស្ស​ធំ៕

  • ចម្លែក​មែន! ស្ត្រី​ម្នាក់​មិនបាន​ដេក​ 40 ឆ្នាំ​មក​ហើយ តែ​នៅ​មាន​កម្លាំង​ដូច​ធម្មតា

    ចម្លែក​មែន! ស្ត្រី​ម្នាក់​មិនបាន​ដេក​ 40 ឆ្នាំ​មក​ហើយ តែ​នៅ​មាន​កម្លាំង​ដូច​ធម្មតា

    ថ្មីៗនេះ សារព័ត៌មាន​ចិន​បាន​រាយការណ៍​ថា មាន​ស្ត្រី​ម្នាក់​ប្រកាសថា មិនបាន​ដេក​អស់​រយៈពេល​​ប្រហែល 4 ទសវត្សរ៍​មកហើយ ប៉ុន្តែ​មិនមាន​សភាព​ងងុយដេក ឬ​អស់កម្លាំង​អ្វី​ឡើយ។

    មនុស្ស​គ្រប់រូប​ត្រូវការ​ដំណេក​ដើម្បី​យក​កម្លាំង​មកវិញ ប៉ុន្តែ Li Zhanying ដែលជា​ស្ត្រី​ម្នាក់​រស់នៅក្នុង​ខេត្ត Henan ប្រទេស​ចិន បានឱ្យដឹងថា បាន​ឆ្លងកាត់​ពេលវេលា 40 ឆ្នាំ ដោយ​មិនបាន​ដេក​ពួន​សោះឡើយ។ នេះ​គឺជា​រឿង​ចម្លែក​ដែល​ត្រូវបាន​បញ្ជា​ក់ដោយ​ស្វាមី​របស់​អ្នកស្រី និង​អ្នកជិតខាង។

    អ្នកស្រី Li ប្រាប់ថា តាម​ការចងចាំ គាត់​ធ្លាប់បាន​ដេក​មួយ​ដំណេក​កាលពី​អាយុ 5 ឬ 6 ឆ្នាំ។ ក៏ប៉ុន្តែ​ពេលនេះ បើ​ទោះ​មាន​អាយុ​ជាង 40 ទៅហើយ ដំណេក​របស់​អ្នកស្រី ​គឺ​នៅសល់តែ​អនុស្សាវរីយ៍​ប៉ុណ្ណោះ។

    លោក Liu Suoquin ដែលជា​ស្វាមី​របស់​អ្នកស្រី Li បាន​ប្រាប់ថា តាំងពី​ពេល​រៀបការ​រួច គាត់​មិនដែល​ឃើញ​ភរិយា​ខ្លួន​ដេក​នៅពេល​យប់​នោះទេ ហើយ​ពេល​ថ្ងៃ​ក៏​នៅតែ​ធ្វើការ។ លោក Liu ធ្លាប់បាន​ទិញ​ថ្នាំ​ងងុយដេក​ឱ្យ​លេប ប៉ុន្តែ​ក៏​មិនបាន​ផល។

    យោងតាម​ទំព័រ Bastille Post អ្នកស្រី Li បាន​ស្វែងរក​ជំនួយ​ពី​វេជ្ជបណ្ឌិត​ជាច្រើនលើក ដើម្បី​ដោះស្រាយ​បញ្ហា​របស់ខ្លួន តែ​វេជ្ជបណ្ឌិត​ទាំងនោះ​សុទ្ធតែ​មិនបាន​រកឃើញ​ភាពមិនប្រក្រតី​ទាក់ទង​នឹង​អា​ការមិន​ងងុយដេករ​បស់​គាត់។

    ក៏ប៉ុន្តែ បន្ទាប់​ពី​បាន​ទៅកាន់​មជ្ឈមណ្ឌល​សុខាភិបាល​មួយ​នៅ​រដ្ឋធានី​ប៉េកាំង កាលពីពេលថ្មីៗនេះ អាថ៌កំបាំង​ស្ដីពី​កង្វះ​ដំណេក​រាប់សិប​ឆ្នាំ​របស់​អ្នកស្រី Li ក៏​ទទួល​បាន​ចម្លើយ​។

    ក្រោយ​ការតាមដាន 48/48 ម៉ោង ក្រុម​វេជ្ជបណ្ឌិត​ខាងលើ​បាន​រកឃើញថា តាមពិត អ្នកស្រី Li នៅតែ​បាន​ទទួលទានដំណេក ប៉ុន្តែ​ដំណេក​របស់គាត់​មិន​ដូច​មនុស្ស​ទូទៅ។ ពួកគេ​រកឃើញថា រាងកាយ​របស់​អ្នកជំងឺ​នេះ​មាន​ចំណុច​ពិសេស​មួយចំនួន អនុញ្ញាតឱ្យ​ស្ថិតក្នុង​ស្ថានភាព​សម្រាក​ទាំង​នៅពេល​កំពុង​ជជែក​ជាមួយ​អ្នក​នៅ​ជុំវិញ ឬ​កំពុងធ្វើការ។ ការ​បិទ​ភ្នែក​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​គឺ​អាចឱ្យ​រាងកាយ​យក​កម្លាំង​មកវិញ​បាន។

    ក្រុម​អ្នកជំនាញ​បាន​វិភាគ​លទ្ធផល​នៃ​ការ​ស្កេ​ត​ខួរក្បាល​របស់ Li ហើយក៏​រកឃើញថា ការប្រើប្រាស់​កម្លាំង​រប​ស់ Li នៅពេល​ថ្ងៃ​ គឺ​តិចជាង​អ្នកដទៃ​ឆ្ងាយ​ណាស់។ ពួកគេ​ថា អ្នកស្រី Li តាមពិត បាន «ចាញ់បោក» ខួរក្បាល​ខ្លួនឯង។ ពេល Li កំពុង​សម្រាក ផ្នែក​ខ្លះ​នៃ​រាងកាយ​របស់គាត់​ក៏​ប្ដូរ​ទៅរក​ស្ថានភាព​ដេក ដោយ​មិនចាំបាច់​បិទ​ភ្នែក។

    ទោះជា​យ៉ាងណាក៏ដោយ នៅ​មានរឿង​ជាច្រើន​ទៀត​ដែល​អ្នកវិទ្យាសាស្ត្រ​បច្ចុប្បន្ន​មិនអាច​បកស្រាយ​បាន​ទាក់ទង​នឹង​ករណី​របស់​អ្នកស្រី Li។ ប៉ុន្តែ យ៉ាងហោចណាស់​ក៏​ពួកគេ​អាច​​បញ្ជាក់បាន​ថា រាងកាយ​របស់​ស្ត្រី​រូបនេះ​គឺមាន​សភាព​ធម្មតា៕

  • អបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត Ford និងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះ Ambulance ជូនដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់

    អបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត Ford និងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះ Ambulance ជូនដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់

    [ភ្នំពេញ – ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៣] ក្រុមហ៊ុន RMA (Cambodia)​ PLC ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford ក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះចំនួន ២ គ្រឿង ជូនទៅដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ដែលកម្មវិធីនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គីសនីកម្ពុជា និងលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន RMA (Cambodia) PLC រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ២០០ នាក់។​ កម្មវិធីនេះបានប្រារព្ធឡើងនៅក្នុងបរិវេនរោងចក្រដំឡើងរថយន្ត Ford ក្នុងភូមិសារវ័ន ឃុំស្នាអន្សារ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ ។

    ក្នុងឱកាសនៃពីធីអបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត Ford និងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះ Ambulance ចំនួន ២​ គ្រឿង ជូនដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA (Cambodia)​ PLC បានមានប្រសាសន៍ថា៖​ “ យើងខ្ញុំមានមោទភាពជាពន់ពេកដែលទទួលបានសេចក្ដីទុកចិត្តពីក្រុមហ៊ុន FORD MOTOR COMPANY ក្នុងការដំឡើងរថយន្ត FORD RANGER និង FORD EVEREST ជំនាន់ថ្មីនៅ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្តង់ដាររបស់ក្រុមហ៊ុន FORD ។ យើងខ្ញុំជឿជាក់ថា ការបោះជំហានវិនិយោគក្នុងវិស័យយានយន្តរបស់ក្រុមហ៊ុនយើងខ្ញុំ ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យឧសហ្សាកម្មយានយន្តនៅកម្ពុជា និងជាសក្ខីភាពនៃទំនុកចិត្តលើកិច្ចខិតខំប្រឹង ប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ។ វត្តមានរបស់ រោងចក្រយើងខ្ញុំក៏បានចូលរួមចំណែកការកាត់បន្ថយការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស របស់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់តាមរយៈការជំរុញសន្ទុះអាជីវកម្មសហគ្រាស ធុនតូច និងមធ្យម ការបង្កើតឱកាសការងារដោយផ្ទាល់និងដោយប្រយោល ក៏ដូចជាការអភិវឌ្ឍន៍ ធនធានមនុស្សនៅក្នុងទឹកដី ខេត្តពោធិ៍សាត់នេះផ្ទាល់ផងដែរ។ ”

    មិនតែប៉ុណ្ណោះ លោកក៏បានបន្ថែមទៀតថា៖ “ ក្រុមហ៊ុនយើងខ្ញុំនឹងបន្តប្តេជ្ញាគាំទ្រ និង ជំរុញវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា ដើម្បីឱ្យកម្ពុជា ផ្លាស់ប្ដូរមុខមាត់ថ្មី ពីប្រទេសដែលដំឡើងរថយន្ត ទៅជាប្រទេសដែលផលិតរថយន្ត ក្នុងពេលអនាគត។ ក្រុមហ៊ុននឹងពង្រីកការវិនិយោគគម្រោងដំឡើងរថយន្ត Ford ដោយបង្កើនការនាំចូលនៃចំនួន គ្រឿងបង្គុំច្រើនជាងមុន បង្កើនចំនួនការងារក្នុងស្រុក ជំរុញការប្រើប្រាស់ធាតុផ្សំក្នុងស្រុក និងបង្កើន ដើមទុនវិនិយោគបន្ថែមទៀត។ យើងខ្ញុំជឿជាក់ថា ការវិនិយោគនេះនឹងបន្តផ្តល់អត្ថប្រយោជន៍ជាច្រើនបន្ថែមទៀតជូនប្រទេសកម្ពុជា ជាពិសេសការអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់ និងធ្វើឱ្យប្រសើរ ឡើងនូវខ្សែចង្វាក់ដែលគាំទ្រគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការវិនិយោគនេះ នឹងនាំមកនូវផលិតផលថ្មី បច្ចេកវិទ្យាថ្មី ដើម្បីផ្គត់ ផ្គង់តម្រូវការប្រើប្រាស់រថយន្តថ្មីក្នុងស្រុក ជាមួយនឹងមោទភាពផលិតកម្មក្នុងស្រុក រោងចក្រ ដំឡើងរថយន្ត Ford នឹងបន្តទាក់ទាញវិនិយោគិនផ្សេងៗជាច្រើនទៀតមកវិនិយោគនៅកម្ពុជា ជា ពិសេស អ្នកវិនិយោគដែល ពាក់ព័ន្ធនឹងការផលិត និងដំឡើងរថយន្ត ដូចជា៖ សំបកកង់ កង់ឡាន ខ្សែភ្លើងឡាន អាគុយឡាន និងអាជីវកម្មផ្សេងៗទៀត។”

     

    ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រី Kay Hart​ ប្រធានគ្រប់គ្រងទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “ រថយន្តគិលានសង្គ្រោះ (The Next-Generation Ford Ranger-Converted Ambulances) នេះ បានបំពាក់មកជាមួយនូវបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពទំនើបជំនាន់ចុងក្រោយដែលធ្វើឱ្យរថយន្តនេះក្លាយជារថយន្តមួយដែលមានលក្ខណៈ ធន់ រឹងមាំ និងមានសមត្ថភាពក្នុងការចល័ត និងដឹកជញ្ជូនអ្នកជំងឺដោយសុវត្ថិភាព។ ”

    លោកស្រីក៏បានបន្តទៀតថា៖ “ រថយន្តគិលានសង្គ្រោះ (The Next-Generation Ford Ranger-Converted Ambulances) នឹងចូលរួមចំណែកយ៉ាងសំខាន់សម្រាប់កាកបាទក្រហមកម្ពុជាក្នុងខេត្តពោធិ៍សាត់ ក្នុងការគាំពារ សង្គ្រោះបន្ទាន់ និងជាជំនួយការដ៏សំខាន់ក្នុងការជួយដល់សកម្មភាពសប្បុរសធម៌ផ្សេងៗដល់ប្រជាពលរដ្ឋ និងអ្នកជំងឺដើម្បីទទួលបាននូវសេវាកម្មសង្គ្រោះបន្ទាន់មួយដែលមាន គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។ ”

    ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គីសនីកម្ពុជា បានមានប្រសាសន៍ថា៖ “ ការសាងសង់រោងចក្រដំឡើងរថយន្ត Ford ក្នុងខេត្តពោធិ៍សាត់ គឺជាសក្ខីភាពមួយដែលបានបង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុន RMA Cambodia មកលើរាជរដ្ឋាភិបាលកម្ពុជា ហើយការផ្តល់ជូននូវរថយន្តគិលានសង្គ្រោះ ២ គ្រឿងក្នុងថ្ងៃនេះនឹងជាការចូលរួមចំណែកដ៏សំខាន់មួយក្នុងការពង្រឹងសមត្ថភាពមូលដ្ឋានសុខាភិបាលបន្ថែមទៀត ក្នុងការឆ្លើយតបទៅនឹងតម្រូវការសេវាថែទាំសុខភាពអោយកាន់តែមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។ ភាពជាដៃគូរវាង RMA Cambodia និងវិទ្យាស្ថានបច្ចេកទេសក្នុងស្រុករបស់យើង បានដើរតួរនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ធនធានមនុស្ស តាមរយៈការបង្កើតកម្មវិធីបណ្តុះបណ្តាលដោយផ្ទាល់ពីអ្នកជំនាញដែលគ្រឹះមួយដ៏សំខាន់សម្រាប់យុវជន ក៏ដូចជាយុវនារីក្នុងការត្រៀមខ្លួនរួចជាស្រេចសម្រាប់ភាពជោគជ័យនាពេលខាងមុខ។ ”

    គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន RMA (CAMBODIA) PLC ជាក្រុមហ៊ុនដំបូងគេបំផុត ដែលទទួលបានការទទួលស្គាល់ពី វិទ្យាស្ថានស្ដង់ដារកម្ពុជា នៃ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនាមជាអ្នក អនុវត្តស្តង់ដារសុវត្ថិភាពយានយន្ត និងស្តង់ដារសុវត្ថិភាពគ្រឿងបង្គុំយានយន្តបានខ្ពស់បំផុត។ ក្នុងឆ្នាំ ២០២០ ក្រុមហ៊ុន RMA (CAMBODIA) PLC បានចុះបញ្ជីលក់មូលបត្រ បំណុលចំនួន ៨០ ពាន់លានរៀល ដែលស្មើនឹង ២០ លានដុល្លារអាមេរិក ក្នុងផ្សារមូលបត្រកម្ពុជា ហើយក្លាយជាក្រុមហ៊ុនមិនមែនស្ថាប័នហិរញ្ញវត្ថុដែលបានបោះផ្សាយមូលបត្របំណុលដំបូងគេបង្អស់នៅប្រទេសកម្ពុជា។ ការបោះផ្សាយមូលបត្របំណុលនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនយើងខ្ញុំក្នុងការលើកកម្ពស់ទីផ្សារមូលបត្រកម្ពុជា និងចូលរួមចំណែកអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។

    តាមរយៈកំណើនសេដ្ឋកិច្ច និងកំរិត GDP របស់ប្រជាជនកម្ពុជាកើនឡើងខ្ពស់ជាបន្តបន្ទាប់ បានធ្វើឱ្យប្រជាជនកម្ពុជាងាកមកប្រើប្រាស់រថយន្តថ្មីមានការកើនឡើងជាលំដាប់។ ក្នុងនោះការប្រើប្រាស់ រថយន្តថ្មីម៉ាក FORD មានកំណើនកាន់តែច្រើនឡើង និងបានក្លាយជាជម្រើសឈានមុខរបស់អតិថិជននៅកម្ពុជា។ ដូច្នេះ ក្រុមហ៊ុនបានសម្រេចចិត្តបង្កើតរោងចក្រដំឡើងរថយន្ត FORD ដែលទទួលបានសិទ្ធិពេញលេញក្នុងការផ្គុំ និងដំឡើងរថយន្តពីក្រុមហ៊ុនម្ចាស់ដើម FORD MOTOR COMPANY។ រោងចក្រនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីសរុបប្រមាណជាង ៥ ហិកតា ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាមួយនឹងទុនវិនិយោគចំនួន ២១ លានដុល្លារសហរដ្ឋអាមេរិក ដែលអាចបង្កើតការងារជំនាញបានជាង ៥០០ កន្លែង និងមានសមត្ថភាពអាចដំឡើងរថយន្តបានចំនួនប្រមាណ ៩,០០០ គ្រឿងក្នុងមួយឆ្នាំ។

    រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានដំឡើងរថយន្ត Ford Ranger Wildtrak និងរថយន្ត Ford Everest បានចំនួន ៣,០០០ គ្រឿងដើម្បីបម្រើតម្រូវការទីផ្សារក្នុងស្រុក។ ក្រុមហ៊ុនបន្តសហការ ជាមួយនឹងវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ក្នុងការបណ្តុះបណ្តាលអភិវឌ្ឍជំនាញបច្ចេកទេសដល់បុគ្គលិកក្រុមហ៊ុនដើម្បីធានាឱ្យបាននូវធនធានមនុស្សប្រកបដោយគុណភាព។ ថ្មីៗនេះ ក្រុមហ៊ុនបានបញ្ជូនបុគ្គលិកទៅប្រទេស Australia ដើម្បីសិក្សាអំពីបច្ចេកវិទ្យាដំឡើងរថយន្ត ក្នុងគោលបំណងបង្កើនកម្រិតបច្ចេកទេសបុគ្គលិកក៏ដូចជាពាំនាំចំណេះដឹងថ្មី និង បច្ចេកវិទ្យាថ្មីមកប្រទេសកម្ពុជា។ ដើម្បីបន្តចូលរួមលើកកម្ពស់វិស័យយានយន្ត ក្រុមហ៊ុននឹងបង្កើតមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋកម្ពុជាទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសប្រកបដោយគុណភាពដើម្បីចូលរួមចំណែកអភិវឌ្ឍធនធាន មនុស្សនៅកម្ពុជាស្របតាមគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។

     

  • លោក​យាយ​ម្នាក់​ «​ស្លាប់​ហើយ​តែ​បែរ​ជា​រស់​ឡើង​វិញ​» ពេល​កូន​ចៅ​កំពុង​ធ្វើ​បុណ្យ​សព

    លោក​យាយ​ម្នាក់​ «​ស្លាប់​ហើយ​តែ​បែរ​ជា​រស់​ឡើង​វិញ​» ពេល​កូន​ចៅ​កំពុង​ធ្វើ​បុណ្យ​សព

    (អេក្វាទ័រ) – លោក​យាយ​អាយុ 76 ឆ្នាំ​ម្នាក់​​ត្រូវ​បាន​វេជ្ជបណ្ឌិត​ពិនិត្យ​ និង​បញ្ជាក់​​ថាបាន​ស្លាប់ ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ទីក្រុង Babahoyo ប៉ុន្តែបាន​ភ្ញាក់​ដឹង​ខ្លួន​នៅ​ក្នុង​ពិធី​បុណ្យ​សព​របស់​ខ្លួន និង​គោះ​លើ​​មឈូស​ ធ្វើ​ឱ្យ​មនុស្ស​ម្នា​មាន​ការ​ភ័យ​ខ្លាច​​។

    ស្ត្រី​វ័យ​ចំណាស់​ដែលជា​អតីត​គ្រូ​ពេទ្យ​ម្នាក់​ឈ្មោះ Bella Montoya ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ក្នុង​ទីក្រុង Babahoyo ភាគ​កណ្ដាល​ប្រទេស​អេក្វាទ័រ កាល​ពី​ថ្ងៃ​ទី 09 មិថុនា 2023 បន្ទាប់​ពី​គាំង​បេះដូង។ បន្ទាប់​ពី​ជួយ​សង្គ្រោះ​មិន​បាន​សម្រេច​ វេជ្ជបណ្ឌិត​ក៏​ប្រកាស​ថា លោក​យាយ Montoya បាន​បាត់​បង់​ជីវិត​។ នេះ​បើ​តាម​ការ​អះអាង​របស់​កូន​ប្រុស​​ស្ត្រី​រូប​ខាងលើ​។

    គ្រូសារ​បាន​យក​សព​លោក​យាយ​ Montoya ទៅ​រៀប​ចំ​ពិធី​បុណ្យ​សព​។ ពេល​ពិធី​បុណ្យ​កំពុង​ប្រព្រឹត្ត​ទៅ មនុស្ស​ម្នា​​ប្រហែល 20 នាក់​នៅ​ទី​នោះ ក៏​ឮ​សំឡេង​ចម្លែក​។ «ប្រហែល​ 5​ ម៉ោង​ រាប់​ពី​ពេល​ពិធី​បុណ្យ​បាន​ចាប់​ផ្ដើម មឈូស​ក៏​ចាប់​ផ្ដើម​មាន​សំឡេង​។ ម្ដាយ​របស់​ខ្ញុំ​ត្រូវ​គេ​រុំ​ក្នុង​ក្រណាត់ ហើយ​គាត់​ក៏​វាយ​ទៅ​លើ​មឈូស​។ ពេល​ទៅក្បែរ ពួក​ខ្ញុំ​ដឹង​ថា គាត់​កំពុង​ដក​ដង្ហើម​យ៉ាង​លំបាក​» Gilberto Barbera ដែល​ជា​កូន​ប្រុស​របស់​ស្ត្រី​ខាងលើ​ ឱ្យ​ដឹង​ដូច្នេះ​។

    សាច់​ញាតិ​ក៏​ប្រញាប់​បញ្ជូន​លោក​យាយ​ Montoya ទៅ​កាន់​មន្ទីរ​ពេទ្យ​។ បច្ចុប្បន្ន លោក​យាយ​កំពុង​ទទួល​ការ​ព្យាបាល​ពិសេស​ពី​ក្រុម​វេជ្ជបណ្ឌិត​។

    Barbera និយាយ​ថា «ការ​ដែល​ម្ដាយ​ខ្ញុំ​ភ្ញាក់​ខ្លួន​នៅ​ក្នុង​ពិធី​បុណ្យសព ធ្វើ​ឱ្យ​ពួក​ខ្ញុំ​ភ័យ​ខ្លាច​ខ្លាំង​» និង​បន្ត​ថា គ្រូពេទ្យ​ថា ជំងឺ​របស់​ម្ដាយ​ខ្ញុំ​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់​។

    ក្រសួង​សុខាភិបាល​អេក្វាទ័រ បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​កំពុង​ស៊ើប​អង្កេត​លើ​ក្រុម​វេជ្ជបណ្ឌិត​ដែល​ទាក់​ទង​នឹង​ករណី​លោក​យាយ Montoya​។ គណៈកម្មការ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ពិនិត្យ​លើ​ដំណើរ​ការ​នៃ​ការ​ចេញ​លិខិត​បញ្ជាក់​មរណភាព​របស់​មន្ទីរ​ពេទ្យ​ខាង​លើ​៕

  • ទីក្រុង​អណ្ដែត​លើ​សមុទ្រ​​ដែល​អាចដាក់​មនុស្ស​បាន​បួន​ម៉ឺន​នាក់

    ទីក្រុង​អណ្ដែត​លើ​សមុទ្រ​​ដែល​អាចដាក់​មនុស្ស​បាន​បួន​ម៉ឺន​នាក់

    (ជប៉ុន) – ទីក្រុង​អណ្ដែត Dogen មាន​បរិវេណ​ប្រវែង 4 គីឡូម៉ែត្រ អាច​ផ្ដល់​កន្លែង​ស្នាក់នៅ​ដល់​មនុស្ស 10,000 នាក់ និង​ទទួល​ទេសចរ​បាន 30,000 នាក់​ក្នុង​មួយថ្ងៃ។

    ក្រុមហ៊ុន N-Ark របស់​ជប៉ុន ថ្មីៗនេះ​បានប្រកាស​គម្រោង​អភិវឌ្ឍ​ទីក្រុង​អណ្ដែត​ដែល​ផ្ដោត​សំខាន់​លើ​វេ​ជ្ជ​សាស្ត្រ ឈ្មោះ Dogen។ គំនិត​នេះ​នឹង​រួមផ្សំ​រវាង​សកម្មភាព​ផលិត​ស្បៀង ស្ថាបត្យកម្ម ទិន្នន័យ ថាមពល ជាមួយនឹង​សមុទ្រ ​នៅក្នុង​ប្រព័ន្ធ​ចម្រុះ​ដែល​ប្រើប្រាស់​ទឹកសមុទ្រ​ដូច​ទៅនឹង​តំបន់​សេដ្ឋកិច្ច​ថ្មី​ហៅថា «New Ocean»។ នេះ​បើតាម Design Boom ចុះផ្សាយ​កាលពី​សប្ដាហ៍​កន្លង។

    ដោយមាន​អង្កត់ផ្ចិត​ប្រហែល 1.58 គីឡូម៉ែត្រ និង​បរិវេណ​ប្រវែង 4 គីឡូម៉ែត្រ ទីក្រុង​អណ្ដែត Dogen អាចឱ្យ​មនុស្ស​រស់នៅ​ជា​អចិ​ន្ត្រៃ​យ៍​ប្រហែល 10,000 នាក់ និង​ទទួលភ្ញៀវ​ទេសចរណ៍​បាន 30,000 នាក់/ថ្ងៃ។ ពួកគេ​អាច​ទទួល​បទពិសោធន៍​ជាច្រើន​តាំងពី​បន្ទប់ពិសោធន៍​អភិវឌ្ឍ សាលារៀន ឃ្លាំង មជ្ឈមណ្ឌល​សន្តិសុខ ការិយាល័យ សេវា​ម្ហូបអាហារ មន្ទីរពេទ្យ សួន ទីលានកីឡា រហូតដល់​ស្ថានីយ​ទូរគមនាគមន៍ និង​សណ្ឋាគារ។ល។

    ទីក្រុង​នេះ​មាន​បី​តំបន់ ក្នុងនោះ​មាន​ទាំង តំបន់​ខ្សែក្រវាត់​សម្រាប់​សហគមន៍ និង​តំបន់​មជ្ឈមណ្ឌល​ទិន្នន័យ​ក្រោម​សមុទ្រ។ អ្វីដែល​អស្ចារ្យ​នោះ​គឺថា ទីក្រុង​ខាងលើ​អាច​ផ្លាស់​ទី​បាន​នៅក្នុង​ឈូង​សមុទ្រ។ Dogen នឹងមាន​ប្រព័ន្ធ​សុខាភិបាល​ទំនើប​បំផុត​ផងដែរ៕

  • WHO​ ផ្តល់​កញ្ចប់​ថវិកា​អភិវឌ្ឍន៍​ដើម្បី​ផ្តល់​ការងារ​ដល់​ធនធានមនុស្ស​ផ្នែក​សុខាភិបាល​នៅ​កម្ពុជា​

    WHO​ ផ្តល់​កញ្ចប់​ថវិកា​អភិវឌ្ឍន៍​ដើម្បី​ផ្តល់​ការងារ​ដល់​ធនធានមនុស្ស​ផ្នែក​សុខាភិបាល​នៅ​កម្ពុជា​

    ស្រប​ពេល​ដែល​កំណើនប្រជាជន​លើ​ពិភពលោក​មានការ​កើនឡើង​យ៉ាង​លឿន​ តម្រូវការ​ផ្នែក​សុខាភិបាល​ក៏​កាន់តែ​មាន​តម្រូវការ​ច្រើនឡើង​ផង​ដែរ​នៅ​តាម​ប្រទេស​នានា​ ជាពិសេស​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

    ថ្មី​ៗនេះ​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ផ្នែក​សេវា​សុខ​ភិបាល​ និង​ការងារ​នៅ​ប្រទេស​កម្ពុជា​ គី​ហ្គី​ស្ថាន​ នេប៉ាល់​ និង​ស្រី​លង្ការ​ អង្គការសុខភាព​ពិភពលោក​ ឬ WHO​ បាន​ផ្តល់​កញ្ចប់​ថវិកា​ប្រមាណ​ 3លាន​ដុល្លារ​ ដើម្បី​អនុវត្ត​គម្រោង​មួយ​ឈ្មោះថា​ «The​ Working​ for​ Health​ Program​» ដែល​មាន​រយៈពេល​ 3ឆ្នាំ​។ គម្រោង​នេះ​បាន​ផ្តើម​ចាប់ពី​ខែមិថុនា​ ឆ្នាំ​2018​ និង​បញ្ចប់​ទៅវិញ​នៅ​ខែឧសភា​ ឆ្នាំ2021​។

    លោក​ John​ Ritchotte​ មន្ត្រី​ទទួលបន្ទុក​ទំនាក់ទំនង​អន្តរជាតិ​ប្រចាំ​ទីក្រុង​បាងកក​នៃ​អង្គការសុខភាព​ពិភពលោក​បាន​លើកឡើង​ថា​ គម្រោង​ «The​ Working​ for​ Health​ Program​» នេះ​នឹង​ជួយ​អភិវឌ្ឍ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ តាមរយៈ​ការពង្រីក​សេវា​សុខាភិបាល​ទៅដល់​ប្រជាជន​ដែល​កំពុង​ត្រូវការ​សេវា​សុខ​ភិបាល​កាន់តែ​ច្រើនឡើង​ពី​ 1ថ្ងៃ​ទៅ​ 1ថ្ងៃ​នៅ​កម្ពុជា​។ តាមរយៈ​ការពង្រីក​សេវា​សុខាភិបាល​នៃ​គម្រោង​នេះ​ កម្ពុជា​នឹង​ទទួល​បាន​ឱកាស​ការងារ​យ៉ាងច្រើន​សម្រាប់​ធនធានមនុស្ស​ដែល​កំពុង​សិក្សា​ផ្នែក​សុក​ភិបាល​ និង​វេជ្ជសាស្ត្រ​ ព្រោះ​គម្រោង​នឹង​ត្រូវការ​បុគ្គលិក​ជាច្រើន​ដើម្បី​បម្រើការ​ក្នុង​ការ​ផ្តល់​សេវា​សុខាភិបាល​នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​។ វា​ជា​ការចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ដល់​វិស័យ​ការងារ​កម្ពុជា​ និង​ក៏ដូចជា​ជួយ​ដល់​ការអនុវត្ត​គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ឱ្យទៅ​តាម​គោលដៅ​ និង​ឱ្យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ2030​ និង​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050​។

    លោក​ John​ Richotte​ បាន​និយាយ​ថា​៖ “សម្រាប់​កម្ពុជា​ ដៃគូ​សំខាន់​ក្នុង​ការអនុវត្ត​គម្រោង​ The​ Working​ for​ Health​ Program​ នេះ​ គឺ​អង្គការសុខភាព​ពិភពលោក​ ក្រសួងសុខាភិបាល​ និង​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ បន្ថែម​ពីលើ​នេះ​ ក៏​មានការ​ចូលរួម​ផង​ដែរ​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO​) និង​អង្គការ​ OECD​ រួម​ទាំង​ដៃគូ​និយោជក​ និង​សហជីព​មួយចំនួន​ទៀត​ដែរ​”។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​ កម្ពុជា​កំពុង​ត្រូវ​ការ​ធនធានមនុស្ស​ជាច្រើន​ផ្នែក​សុខាភិបាល​ ដើម្បី​ជួយ​ជំរុញ​ឱ្យ​វិស័យ​សុខាភិបាល​អភិវឌ្ឍ​ទៅ​បាន​កាន់តែ​ទូលំទូលាយ​នៅ​គ្រប់តំបន់​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ ជាពិសេស​តំបន់ជនបទ​៕