Tag: សហគ្រាស

  • ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​នេះ នៅ​​វៀតណាម កើន​ 15 ភាគ​រយ

    ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​នេះ នៅ​​វៀតណាម កើន​ 15 ភាគ​រយ

    ក្នុង​រយៈ​ពេល 11 ខែ​ដំបូង​នៃ​ឆ្នាំ 2023 វៀតណាម​ទាក់​ទាញ​ទុន​វិនិយោគ​ផ្ទាល់​ពីបរទេស (FDI) ​បាន​ជិត 28.85 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើនជិត 15% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​ 2022​។ នេះ​បើ​តាម​ក្រសួង​សេដ្ឋកិច្ច​និង​វិនិយោគ​វៀតណាម​។

    ​សារព័ត៌មាន​វៀតណាម​បាន​ចេញ​ផ្សាយ​ថា គោលនយោបាយ​គាំពារ កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​រដ្ឋាភិបាល​ ក្រសួង និង​មូលដ្ឋាន ត្រូវ​បាន​គេ​ជឿ​ថា​ បាន​ជួយឱ្យ​​សហគ្រាស​នានា​ទទួល​បាន​ស្ថិរភាព​ក្នុង​ការ​ផលិត និងការ​​ធ្វើ​អាជីវកម្ម​ នាំ​ឱ្យ​ទុន FDI មាន​ការ​កើន​ឡើង​។

    ដៃគូសហការ​លំដាប់​កំពូលៗ​របស់​វៀតណាម នៅ​តែ​ជា សិង្ហបុរី ហុងកុង និង​កូរ៉េខាងត្បូង​។ បើ​ទោះ​ជា​ការ​នាំ​ចេញ នាំចូល​ដែល​បាន​ពី​គម្រោង​ FDI មាន​ការ​ថយ​ចុះ ប៉ុន្តែ​​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​តែ​រួម​ចំណែក​ធំធេង​នៅ​ក្នុង​ចំណូលសរុប​​ទូទាំង​ប្រទេស​។

    គិត​ចាប់​ពី​ដើម​ឆ្នាំ​មក​ដល់​ថ្ងៃទី 20 វិច្ឆិកា 2023 វៀតណាម​ទាក់​ទាញ​ទុន​វិនិយោគ​ផ្ទាល់​ពីបរទេស (FDI) ថ្មី​​បាន​ជិត 28.85 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើន 14.8​% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​ 2022​ និង​កើន​ 0.1% បើ​ធៀប​នឹង​ខែ​តុលា 2023​។

    បច្ចុប្បន្ន FDI នៅ​វៀតណាម នៅ​មាន​​គម្រោង​ចំនួន 38,844 ទៀត​ដែល​នៅ​មាន​សុពលភាព​ និង​មាន​តម្លៃ​សរុប​ជិត 462.4 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ​ឧស្សាហកម្ម​កែច្នៃ និង​ផលិតកម្ម នៅ​តែ​ជា​វិស័យ​​ដែល​ទទួល​បាន​ទុន​វិនិយោគ​ច្រើន​ជាង​គេ​។ ទីក្រុង​ហូជីមិញ ខេត្ត​ប៊ិញយឿង និង​រដ្ឋធានី​ហាណូយ នៅ​តែ​ជា​តំបន់​ដែល​ទាក់​ទាញ​បាន​ទុន FDI ច្រើន​ជាង​គេ​ ខណៈ​ខេត្ត​ក្វាងនិញ និង​បាក់និញ​ ក៏​​ជា​តំបន់​ដែល​កំពុង​លេខ​ធ្លោ​ផងដែរ​៕

  • ប្រាក់​ចំណេញ​ក្នុង​វិស័យ​ឧស្សាហកម្ម​របស់ប្រទេស​ចិន​ ងើប​ឡើង​ជា​បណ្ដើរ​ៗ​

    ប្រាក់​ចំណេញ​ក្នុង​វិស័យ​ឧស្សាហកម្ម​របស់ប្រទេស​ចិន​ ងើប​ឡើង​ជា​បណ្ដើរ​ៗ​

    ប្រាក់​ចំណេញ​របស់​បណ្ដា​ក្រុម​ហ៊ុន​ឧស្សាហកម្ម​ធំៗ​នៅ​ប្រទេស​ចិន ​​ក្នុង​ខែ​កញ្ញាបាន​កើន​ឡើង​ជិត 12% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំកន្លង​​​។ នេះ​បើ​តាម​របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​នា​ថ្ងៃ​នេះ។

    តម្រូវ​ការ​កើន​ឡើងវិញ រួម​នឹង​បណ្ដា​វិធាន​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ មាន​ដូច​ជា​ ការ​បញ្ចុះ​អត្រា​ការ​ប្រាក់​ និង​អត្រា​ពន្ធ​ជា​ដើម បាន​រួម​ចំណែក​ជំរុញ​វិស័យ​ផលិត​កម្ម​​របស់​ប្រទេស​ចិន​ ឱ្យ​ឆ្លង​ផុត​ដំណាក់​កាល​លំបាក​ជា​បណ្ដើរ​ៗ​។ ប្រាក់​ចំណេញ​របស់​សហគ្រាស​នានា​ក៏​បាន​ប្រសើរ​ឡើង​ ហើយ​មាន​សហគ្រាស​ជា​ច្រើន​រក​បាន​ប្រាក់​ចំណេញ​ពីរ​ខែ​ជាប់​ៗ​គ្នា​។

    ទិន្នន័យ​នានាដែល​ត្រូវ​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី 27 តុលា បង្ហាញ​ថា ប្រាក់​ចំណេញ​របស់​បណ្ដា​ក្រុម​ហ៊ុន​ឧស្សាហកម្ម​ធំៗ​នៅ​ប្រទេស​ចិន ​​ក្នុង​ខែ​កញ្ញាបាន​កើន​ឡើង​ជិត 11.9% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2023​។

    ការ​កើន​ឡើង​នៃ​ប្រាក់​ចំណេញ​ក៏​សម​ស្រប​នឹង​ការ​កើន​ឡើង​នា​ពេល​ថ្មី​ៗ​នេះ​របស់​សន្ទស្សន៍​វាស់​វែង​អតិផរណា​​ក្នុង​ការ​ផលិត​ និង​កម្រិត​នៃ​សកម្មភាព​។ ប្រការ​នេះ​បង្ហាញ​ថា វិស័យ​ឧស្សាហកម្ម​នៅ​ប្រទេស​ចិន​ទំនង​ជា​បាន​ឆ្លង​ផុត​ដំណាក់​កាល​លំបាក​បំផុត​រួច​ហើយ​។

    ចំណែក​ក្រុម​អ្នក​ជំនាញ​ក៏​បាន​រំពឹង​ថា បើ​ទោះ​ដំណើរ​ការ​ងើប​ឡើង​វិញ​អាច​នៅ​មាន​ឧបសគ្គច្រើន ប៉ុន្តែ​វិស័យ​​ឧស្សាហកម្ម​ចិន​នៅ​តែអាច​បោះ​ជំហាន​ទៅ​រក​ការ​រីក​ចម្រើន​​ជា​បន្ត​បន្ទាប់​។ កត្តា​ជំរុញ​ជា​វិជ្ជមាន​នេះ​ត្រូវ​បាន​ព្យាករ​ថា អាច​អូស​បន្លាយ​រហូត​ដល់​ត្រី​មាស​ទីបួន​នៃ​ឆ្នាំ 2023 និង​ដើម​ឆ្នាំ 2024​ គ្រា​ដែល​វិធាន​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ថ្មីៗ​ត្រូវ​បាន​អនុវត្ត​ជា​បន្ត​បន្ទាប់៕

  • TikTok ឈប់​លក់​ទំនិញ​អនឡាញ​នៅ​ឥណ្ឌូណេស៊ី បន្ទាប់​ពី​រដ្ឋ​បាន​ហាម​ឃាត់

    TikTok ឈប់​លក់​ទំនិញ​អនឡាញ​នៅ​ឥណ្ឌូណេស៊ី បន្ទាប់​ពី​រដ្ឋ​បាន​ហាម​ឃាត់

    TikTok ​សម្រេច​ចិត្ត​ឈប់​លក់​ទំនិញ​តាម​អនឡាញ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ក្រោយ​ពី​រដ្ឋាភិបាល​ប្រទេស​នេះ​បាន​ប្រកាស​ហាម​ឃាត់​ ដើម្បី​ការ​ពារ​អាជីវកម្ម​​ខ្នាត​តូច​។

    កាល​ពី​ថ្ងៃទី 03 តុលា 2023 TikTok ដែល​ជា​បណ្ដាញ​សង្គម​របស់​ក្រុម​ហ៊ុន​ចិន ByteDance បាន​ប្រកាស​ថា​ នឹង​បញ្ឈប់​សកម្មភាព​ពាណិជ្ជកម្ម​នៅ​លើ​ឧបករណ៍​​ទិញ​ដូរ​ទំនិញ​របស់​ខ្លួន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​​ ចាប់​ពី​ថ្ងៃទី 04 តុលា 2023 នេះ​។

    ការ​សម្រេច​ចិត្ត​ខាង​លើ​របស់បណ្ដាញ​សង្គម​ចិន​ TikTok ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​​បាន​ប្រកាស​ហាម​ឃាត់​សកម្មភាព​លក់​ទំនិញ​ផ្ទាល់​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​នានា​ ដើម្បី​ការ​ពារ​អាជីវកម្ម​​ខ្នាត​តូច​របស់​​ខ្លួន​។

    ក្នុង​ប្រកាស​ថ្មី​បំផុត​របស់​ខ្លួន TikTok Indonesia សង្កត់​ធ្ងន់​ថា អាទិភាព​ដំបូង​គេ​គឺ​ការគោរព​ច្បាប់ និង​ការ​សម្រេច​របស់​ប្រទេស​ដែល​ TikTok កំពុង​ធ្វើសកម្មភាព​។ ក្នុង​នោះ​ ពួក​គេ​នឹង​ឈប់​ធ្វើពាណិជ្ជកម្ម​អនឡាញ​នៅលើ​ឧបករណ៍​លក់​ដូរ​ទំនិញ TikTok Shop Inodnesia។

    ក៏ប៉ុន្តែ​ TikTok ក៏​យល់​ថា បទបញ្ជា​ខាង​លើ​របស់រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ នឹង​ប៉ះពាល់​ដល់​អាជីវករ​រាប់​លាន​នាក់​ដែល​ប្រើ​ប្រាស់​ TikTok Shop ក្នុង​​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍​​នេះផងដែរ​។

    រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី Zulkifli Hasan ឱ្យ​ដឹង​ថា បណ្ដា​ក្រុម​ហ៊ុន​ដែល​មិន​គោរព​តាម​បទបញ្ជា​ហាម​លក់​ទំនិញ​លើ​បណ្ដាញ​សង្គម​ នឹង​ត្រូវ​បាន​ព្រមាន​។ បើ​សិន​នៅ​តែ​រំលោភ​បំពាន​ជា​ថ្មី ពួក​គេ​នឹង​ត្រូវ​បាន​ដក​ហូត​អាជ្ញាប័ណ្ណ​អាជីវកម្ម​នៅ​ឥណ្ឌូណេស៊ី​។

    មុននោះ រដ្ឋមន្ត្រី​ខាងលើ​យល់​ថា ពាណិជ្ជកម្ម​អនឡាញ​ត្រូវ​ការ​បែង​ចែក​ឱ្យ​ដាច់​ពី​បណ្ដាញ​សង្គម​។ បណ្ដាញ​សង្គម​អាច​ផ្សព្វផ្សាយ​ផលិត​ផល​ ប៉ុន្តែ​មិន​ត្រូវ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​លក់​ដូរ​ផលិត​ផល​​នៅ​លើ​ថ្នាល​បច្ចេក​វិទ្យា​របស់​ពួក​គេ​។ លោក Hasan សង្កត់​ធ្ងន់​ថា បទបញ្ជា​ថ្មី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​បំណង​ការ​ពារ​សហគ្រាស អាជីវកម្ម​ខ្នាត​មធ្យម និង​តូច​។

    យោង​តាម​ទិន្នន័យ​របស់ TikTok ប្រទេស​ឥណ្ឌូណេស៊ី​ដែល​មាន​អ្នក​ប្រើ​ប្រាស់​ 125 លាន​នាក់​ គឺជា​ទីផ្សារ​ធំជាង​គេ​លំដាប់ទីពីរ​ក្នុង​ពិភពលោក​របស់​ TikTok បន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក​។​ ប៉ុន្តែ​ ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ មាន​មតិ​កាន់​តែ​ច្រើន​ដែល​​អំពាវនាវ​ឱ្យ​រដ្ឋ​គ្រប់​គ្រង​បណ្ដាញ​សង្គម​ និង​ពាណិជ្ជកម្ម​អនឡាញ​ ពេល​ដែល​អ្នក​លក់​តាម​បែប​បុរាណ​យល់​ឃើញ​ថា ការ​លក់​ទំនិញ​ក្នុង​តម្លៃ​ទាប​ខ្លាំង​នៅ​លើ TikTok Shop និង​បណ្ដាញ​សង្គម​នានា ​កំពុង​គំរាម​កំហែង​ដល់​ «ឆ្នាំង​បាយ» របស់​ពួក​គេ​៕

  • ឥណ្ឌូណេស៊ី​ហាម​លក់​ទំនិញ​តាម​បណ្ដាញ​សង្គម​ដើម្បីការ​ពារ​ពាណិជ្ជកម្ម​បែប​បុរាណ

    ឥណ្ឌូណេស៊ី​ហាម​លក់​ទំនិញ​តាម​បណ្ដាញ​សង្គម​ដើម្បីការ​ពារ​ពាណិជ្ជកម្ម​បែប​បុរាណ

    វាសនា​របស់ TikTok Shop នៅ​ប្រទេស​ឥណ្ឌូណេស៊ី​អាច​នឹង​ត្រូវ​បាន​សម្រេច​នៅ​ក្នុង​សប្ដាហ៍​នេះ​ ពេល​ដែល​រដ្ឋាភិបាល​របស់​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍​ បាន​កំណត់​គោលការណ៍​ស្ដី​ពី​ការ​លក់​ទំនិញ​តាម​អនឡាញ​។

    លោក Oktavianus មាន​​មុខរបរ​​លក់​សម្លៀក​បំពាក់កូន​​ក្មេងរយៈ​ពេល​ 10 ឆ្នាំ​ នៅ​ឯ​ផ្សារ Tanah Abang (ហ្សាការតា​) ​ ប៉ុន្តែ ទើប​តែ​បាន​ងាក​ទៅ​​លក់​តាម​អនឡាញ​កាល​ពី​ឆ្នាំ 2017​។ អាជីវករ​វ័យ 37 ឆ្នាំ​រូប​នេះ​ ឱ្យ​ដឹង​ថា តាំង​ពី​ពេល​នោះ​មក គាត់លក់​ដាច់​ជាង​មុន​ឆ្ងាយ​។ «TikTok Shop បាន​ជួយ​ខ្ញុំ​។ ខ្ញុំ​បាន​ឃើញ​ល្បឿន​រង្វិលជុំ​នៃ​ទំនិញ​កើន​ពី 30% ទៅ 40%» លោក Oktavianus បាន​ប្រាប់​សារព័ត៌មាន Strait Times ដូច្នេះ​។

    ក៏ប៉ុន្តែ អាជីវករ​ដូច​លោក Oktavianus ទំនងជា​នឹង​លែង​បាន​សប្បាយចិត្ត​បែប​នេះទៀតហើយ​ នៅពេល​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​អំពាវនាវ និង​ចាត់​វិធានការ​ បង្ខំ​ឱ្យ​ថ្នាល​បច្ចេកវិទ្យា​ទាំងអស់​ត្រូវ​បែង​ចែក​ឱ្យ​បាន​ច្បាស់​រវាង​បណ្ដាញ​សង្គម​ និង​ពាណិជ្ជកម្ម​អេឡិចត្រូនិច​ (ecommerce)។

    ឥរិយាបថ​នេះ​ធ្វើ​ឡើង​សំដៅ​លើ​បណ្ដា​ក្រុម​ហ៊ុន​ដូច TikTok ជា​ដើម ដោយ​ក្រុម​មន្ត្រី​ឥណ្ឌូណេស៊ី​យល់​ថា សកម្មភាព​ពាណិជ្ជកម្ម​នៅលើ​បណ្ដាញ​សង្គម (social commerce) ​គឺ​មិន​យុត្តិធម៌​ គំរាម​កំហែង​ដល់​បណ្ដា​សហគ្រាស​ខ្នាត​តូច​ក្នុង​ស្រុក​។

    ចំណែក​ភាគី​តំណាង​​ TikTok ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី​ ឱ្យ​ដឹង​ថា ពាណិជ្ជកម្ម​សង្គម​ ត្រូវ​បាន​បង្កើត​ឡើងដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាក់​ស្ដែង​របស់​អាជីវករ​តូច​តាច​នៅ​ក្នុង​ស្រុក​ដែល​លក់​ដូរ​បែប​បុរាណ​ ដោយ​ការ​តភ្ជាប់​ពួក​គេ​ជាមួយ​នឹង​ក្រុម​អ្នក​ច្នៃ​ប្រឌិត​ក្នុង​ស្រុក​ ជា​មនុស្ស​ដែល​អាច​ជួយ​បង្កើន​ការ​ចូល​មើល​ហាង​​អនឡាញ​របស់​អាជីវករ​។

    ទោះយ៉ាង​ណា​ក៏ដោយ ថ្មី​ៗ​នេះ​ ​រដ្ឋមន្ត្រីក្រសួងសហករណ៍សហគ្រាសធុនតូច និងមធ្យមឥណ្ឌូនេស៊ី Teten Masduki លើកឡើង​ថា សហគ្រាស​លើ​បណ្ដាញ​សង្គម​លក់​ផលិតផល​នាំ​ចូល​ក្នុង​តម្លៃ​ទាប​ខុស​ធម្មតា​ ទាប​ជាង​ការ​ចំណាយ​ក្នុង​ការ​​ផលិត​ទំនិញ​ក្នុង​ស្រុក​ និង​ប៉ះពាល់​ដល់​សហគ្រាស​ក្នុង​ស្រុក​។

    ក៏ប៉ុន្តែ លោក​ស្រី Weihan Chen ប្រធាន​​ក្រុម​ Insights របស់ Momentum Works ឱ្យ​ដឹង​ថា ការ​ហាម​ឃាត់​លក់​ដូរ​លើ​បណ្ដាញ​សង្គម​អាច​លុប​បំបាត់​រាល់​ផល​ប្រយោជន៍​ដែល​បាន​ពី​បណ្ដាញ​សង្គម​។ ប្រការ​នេះ​ប្រាកដ​ជា​​បង្ក​ឱ្យ​មាន​ឧបសគ្គ​ដល់​អាជីវករ​តូច​តាច​​ ជា​ក្រុម​ដែល​មាន​បទ​ពិសោធន៍​តិច​តួច​ និង​មាន​ធនធាន​តិច​ជាង​គេ​ នាំ​ឱ្យ​កំណើន​នៃ​ការ​ចាប់​ផ្ដើម​អាជីវកម្ម​យូរ​អង្វេង​មាន​ភាព​យឺត​យ៉ាវ​៕

  • សិង្ហបុរី​ក្លាយ​ជា​ «ខឿន​សេដ្ឋកិច្ច​​សេរីបំផុត​លើ​ពិភពលោក»

    សិង្ហបុរី​ក្លាយ​ជា​ «ខឿន​សេដ្ឋកិច្ច​​សេរីបំផុត​លើ​ពិភពលោក»

    ប្រទេស​សិង្ហបុរី​បាន​យក​ឈ្នះ​លើ​ហុង​កុង​ ដើម្បី​ក្លាយ​ជា​ខឿន​សេដ្ឋកិច្ច​ដែល​មាន​សេរីភាព​ជាង​គេ​បង្អស់​លើ​ពិភពលោក​។ ចំណាត់ថ្នាក់​នេះ​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​របាយការណ៍​របស់​វិទ្យាស្ថាន Fraser។

    កាលពី​ថ្ងៃតី 21 កញ្ញា សារព័ត៌មាន CNBC ដកស្រង​របាយការណ៍​ឆ្នាំ 2023 របស់​វិទ្យាស្ថាន​ Fraser ឱ្យ​ដឹង​ថា សិង្ហបុរី​បាន​យក​ឈ្នះ​លើ​ហុងកុង​ (ប្រទេស​ចិន) ដោយ​បាន​ក្លាយ​ជា​ប្រទេស​/ដែន​ដី​ដែល​មាន​សេដ្ឋកិច្ច​ប្រកប​ដោយ​សេរីភាព​បំផុត​លើ​ពិភពលោក​។

    ចំណែក​ប្រទេស​ស៊្វីស នូវែលសេឡង់ និង​សហរដ្ឋ​អាម៉េរិក​​ ជាប់​ចំណាត់​ថ្នាក់​ទី​បី ទី​បួន​ និង​ទីប្រាំ​ នៅ​ក្នុង​បញ្ជី​ចំណាត់ថ្នាក់​។

    នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​ហុង​កុង​បាន​ធ្លាក់​ពី​ចំណាត់​ថ្នាក់​ទីមួយ​មក​ទីពីរ​ រាប់​ចាប់​ពី​​សន្ទស្សន៍​សេរីភាព​សេដ្ឋកិច្ច​ពិភពលោក ត្រូវ​បាន​ប្រកាស​​កាល​ពី​ឆ្នាំ 1970​។ សន្ទស្សន៍​សេរីភាព​សេដ្ឋកិច្ច​របស់​ហុង​កុង​ត្រូវ​បានព្យាករ​ថា នឹង​​ធ្លាក់​ចុះ​ជា​បន្ត​ទៀត​នា​ពេល​ខាងមុខ​។

    ​អ្នក​ជំនាញ​នៅ​វិទ្យាស្ថាន​ Fraser ដែល​ជា​​អង្គការស្រាវជ្រាវ និងអប់រំឯករាជ្យ មានមូលដ្ឋាននៅប្រទេសកាណាដា បញ្ជាក់​ថា ​ការ​កំណត់​ថ្មី​ដែល​បង្ក​ឱ្យ​មាន​ឧបសគ្គ​ដល់​ការ​ធ្វើ​សមាហរណកម្ម​ទីផ្សារ​ ការ​ចំណាយ​របស់​សហគ្រាស​នានា​មាន​ការ​កើន​ឡើង​ និងការ​ជ្រើស​រើស​បុគ្គលិក​បរទេស​ត្រូវ​បាន​កាត់​បន្ថយ​​ជា​ដើម​ គឺជា​ដើម​ហេតុ​ដែល​នាំ​ឱ្យ​ហុង​កុង​ត្រូវ​ធ្លាក់​ពី​ចំណាត់​ថ្នាក់​ទីមួយ​៕

  • អបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត Ford និងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះ Ambulance ជូនដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់

    អបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត Ford និងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះ Ambulance ជូនដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់

    [ភ្នំពេញ – ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៣] ក្រុមហ៊ុន RMA (Cambodia)​ PLC ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford ក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះចំនួន ២ គ្រឿង ជូនទៅដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ដែលកម្មវិធីនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គីសនីកម្ពុជា និងលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន RMA (Cambodia) PLC រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ២០០ នាក់។​ កម្មវិធីនេះបានប្រារព្ធឡើងនៅក្នុងបរិវេនរោងចក្រដំឡើងរថយន្ត Ford ក្នុងភូមិសារវ័ន ឃុំស្នាអន្សារ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ ។

    ក្នុងឱកាសនៃពីធីអបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត Ford និងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះ Ambulance ចំនួន ២​ គ្រឿង ជូនដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA (Cambodia)​ PLC បានមានប្រសាសន៍ថា៖​ “ យើងខ្ញុំមានមោទភាពជាពន់ពេកដែលទទួលបានសេចក្ដីទុកចិត្តពីក្រុមហ៊ុន FORD MOTOR COMPANY ក្នុងការដំឡើងរថយន្ត FORD RANGER និង FORD EVEREST ជំនាន់ថ្មីនៅ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្តង់ដាររបស់ក្រុមហ៊ុន FORD ។ យើងខ្ញុំជឿជាក់ថា ការបោះជំហានវិនិយោគក្នុងវិស័យយានយន្តរបស់ក្រុមហ៊ុនយើងខ្ញុំ ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យឧសហ្សាកម្មយានយន្តនៅកម្ពុជា និងជាសក្ខីភាពនៃទំនុកចិត្តលើកិច្ចខិតខំប្រឹង ប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ។ វត្តមានរបស់ រោងចក្រយើងខ្ញុំក៏បានចូលរួមចំណែកការកាត់បន្ថយការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស របស់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់តាមរយៈការជំរុញសន្ទុះអាជីវកម្មសហគ្រាស ធុនតូច និងមធ្យម ការបង្កើតឱកាសការងារដោយផ្ទាល់និងដោយប្រយោល ក៏ដូចជាការអភិវឌ្ឍន៍ ធនធានមនុស្សនៅក្នុងទឹកដី ខេត្តពោធិ៍សាត់នេះផ្ទាល់ផងដែរ។ ”

    មិនតែប៉ុណ្ណោះ លោកក៏បានបន្ថែមទៀតថា៖ “ ក្រុមហ៊ុនយើងខ្ញុំនឹងបន្តប្តេជ្ញាគាំទ្រ និង ជំរុញវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា ដើម្បីឱ្យកម្ពុជា ផ្លាស់ប្ដូរមុខមាត់ថ្មី ពីប្រទេសដែលដំឡើងរថយន្ត ទៅជាប្រទេសដែលផលិតរថយន្ត ក្នុងពេលអនាគត។ ក្រុមហ៊ុននឹងពង្រីកការវិនិយោគគម្រោងដំឡើងរថយន្ត Ford ដោយបង្កើនការនាំចូលនៃចំនួន គ្រឿងបង្គុំច្រើនជាងមុន បង្កើនចំនួនការងារក្នុងស្រុក ជំរុញការប្រើប្រាស់ធាតុផ្សំក្នុងស្រុក និងបង្កើន ដើមទុនវិនិយោគបន្ថែមទៀត។ យើងខ្ញុំជឿជាក់ថា ការវិនិយោគនេះនឹងបន្តផ្តល់អត្ថប្រយោជន៍ជាច្រើនបន្ថែមទៀតជូនប្រទេសកម្ពុជា ជាពិសេសការអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់ និងធ្វើឱ្យប្រសើរ ឡើងនូវខ្សែចង្វាក់ដែលគាំទ្រគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការវិនិយោគនេះ នឹងនាំមកនូវផលិតផលថ្មី បច្ចេកវិទ្យាថ្មី ដើម្បីផ្គត់ ផ្គង់តម្រូវការប្រើប្រាស់រថយន្តថ្មីក្នុងស្រុក ជាមួយនឹងមោទភាពផលិតកម្មក្នុងស្រុក រោងចក្រ ដំឡើងរថយន្ត Ford នឹងបន្តទាក់ទាញវិនិយោគិនផ្សេងៗជាច្រើនទៀតមកវិនិយោគនៅកម្ពុជា ជា ពិសេស អ្នកវិនិយោគដែល ពាក់ព័ន្ធនឹងការផលិត និងដំឡើងរថយន្ត ដូចជា៖ សំបកកង់ កង់ឡាន ខ្សែភ្លើងឡាន អាគុយឡាន និងអាជីវកម្មផ្សេងៗទៀត។”

     

    ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រី Kay Hart​ ប្រធានគ្រប់គ្រងទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “ រថយន្តគិលានសង្គ្រោះ (The Next-Generation Ford Ranger-Converted Ambulances) នេះ បានបំពាក់មកជាមួយនូវបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពទំនើបជំនាន់ចុងក្រោយដែលធ្វើឱ្យរថយន្តនេះក្លាយជារថយន្តមួយដែលមានលក្ខណៈ ធន់ រឹងមាំ និងមានសមត្ថភាពក្នុងការចល័ត និងដឹកជញ្ជូនអ្នកជំងឺដោយសុវត្ថិភាព។ ”

    លោកស្រីក៏បានបន្តទៀតថា៖ “ រថយន្តគិលានសង្គ្រោះ (The Next-Generation Ford Ranger-Converted Ambulances) នឹងចូលរួមចំណែកយ៉ាងសំខាន់សម្រាប់កាកបាទក្រហមកម្ពុជាក្នុងខេត្តពោធិ៍សាត់ ក្នុងការគាំពារ សង្គ្រោះបន្ទាន់ និងជាជំនួយការដ៏សំខាន់ក្នុងការជួយដល់សកម្មភាពសប្បុរសធម៌ផ្សេងៗដល់ប្រជាពលរដ្ឋ និងអ្នកជំងឺដើម្បីទទួលបាននូវសេវាកម្មសង្គ្រោះបន្ទាន់មួយដែលមាន គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។ ”

    ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គីសនីកម្ពុជា បានមានប្រសាសន៍ថា៖ “ ការសាងសង់រោងចក្រដំឡើងរថយន្ត Ford ក្នុងខេត្តពោធិ៍សាត់ គឺជាសក្ខីភាពមួយដែលបានបង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុន RMA Cambodia មកលើរាជរដ្ឋាភិបាលកម្ពុជា ហើយការផ្តល់ជូននូវរថយន្តគិលានសង្គ្រោះ ២ គ្រឿងក្នុងថ្ងៃនេះនឹងជាការចូលរួមចំណែកដ៏សំខាន់មួយក្នុងការពង្រឹងសមត្ថភាពមូលដ្ឋានសុខាភិបាលបន្ថែមទៀត ក្នុងការឆ្លើយតបទៅនឹងតម្រូវការសេវាថែទាំសុខភាពអោយកាន់តែមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។ ភាពជាដៃគូរវាង RMA Cambodia និងវិទ្យាស្ថានបច្ចេកទេសក្នុងស្រុករបស់យើង បានដើរតួរនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ធនធានមនុស្ស តាមរយៈការបង្កើតកម្មវិធីបណ្តុះបណ្តាលដោយផ្ទាល់ពីអ្នកជំនាញដែលគ្រឹះមួយដ៏សំខាន់សម្រាប់យុវជន ក៏ដូចជាយុវនារីក្នុងការត្រៀមខ្លួនរួចជាស្រេចសម្រាប់ភាពជោគជ័យនាពេលខាងមុខ។ ”

    គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន RMA (CAMBODIA) PLC ជាក្រុមហ៊ុនដំបូងគេបំផុត ដែលទទួលបានការទទួលស្គាល់ពី វិទ្យាស្ថានស្ដង់ដារកម្ពុជា នៃ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនាមជាអ្នក អនុវត្តស្តង់ដារសុវត្ថិភាពយានយន្ត និងស្តង់ដារសុវត្ថិភាពគ្រឿងបង្គុំយានយន្តបានខ្ពស់បំផុត។ ក្នុងឆ្នាំ ២០២០ ក្រុមហ៊ុន RMA (CAMBODIA) PLC បានចុះបញ្ជីលក់មូលបត្រ បំណុលចំនួន ៨០ ពាន់លានរៀល ដែលស្មើនឹង ២០ លានដុល្លារអាមេរិក ក្នុងផ្សារមូលបត្រកម្ពុជា ហើយក្លាយជាក្រុមហ៊ុនមិនមែនស្ថាប័នហិរញ្ញវត្ថុដែលបានបោះផ្សាយមូលបត្របំណុលដំបូងគេបង្អស់នៅប្រទេសកម្ពុជា។ ការបោះផ្សាយមូលបត្របំណុលនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនយើងខ្ញុំក្នុងការលើកកម្ពស់ទីផ្សារមូលបត្រកម្ពុជា និងចូលរួមចំណែកអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។

    តាមរយៈកំណើនសេដ្ឋកិច្ច និងកំរិត GDP របស់ប្រជាជនកម្ពុជាកើនឡើងខ្ពស់ជាបន្តបន្ទាប់ បានធ្វើឱ្យប្រជាជនកម្ពុជាងាកមកប្រើប្រាស់រថយន្តថ្មីមានការកើនឡើងជាលំដាប់។ ក្នុងនោះការប្រើប្រាស់ រថយន្តថ្មីម៉ាក FORD មានកំណើនកាន់តែច្រើនឡើង និងបានក្លាយជាជម្រើសឈានមុខរបស់អតិថិជននៅកម្ពុជា។ ដូច្នេះ ក្រុមហ៊ុនបានសម្រេចចិត្តបង្កើតរោងចក្រដំឡើងរថយន្ត FORD ដែលទទួលបានសិទ្ធិពេញលេញក្នុងការផ្គុំ និងដំឡើងរថយន្តពីក្រុមហ៊ុនម្ចាស់ដើម FORD MOTOR COMPANY។ រោងចក្រនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីសរុបប្រមាណជាង ៥ ហិកតា ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាមួយនឹងទុនវិនិយោគចំនួន ២១ លានដុល្លារសហរដ្ឋអាមេរិក ដែលអាចបង្កើតការងារជំនាញបានជាង ៥០០ កន្លែង និងមានសមត្ថភាពអាចដំឡើងរថយន្តបានចំនួនប្រមាណ ៩,០០០ គ្រឿងក្នុងមួយឆ្នាំ។

    រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានដំឡើងរថយន្ត Ford Ranger Wildtrak និងរថយន្ត Ford Everest បានចំនួន ៣,០០០ គ្រឿងដើម្បីបម្រើតម្រូវការទីផ្សារក្នុងស្រុក។ ក្រុមហ៊ុនបន្តសហការ ជាមួយនឹងវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ក្នុងការបណ្តុះបណ្តាលអភិវឌ្ឍជំនាញបច្ចេកទេសដល់បុគ្គលិកក្រុមហ៊ុនដើម្បីធានាឱ្យបាននូវធនធានមនុស្សប្រកបដោយគុណភាព។ ថ្មីៗនេះ ក្រុមហ៊ុនបានបញ្ជូនបុគ្គលិកទៅប្រទេស Australia ដើម្បីសិក្សាអំពីបច្ចេកវិទ្យាដំឡើងរថយន្ត ក្នុងគោលបំណងបង្កើនកម្រិតបច្ចេកទេសបុគ្គលិកក៏ដូចជាពាំនាំចំណេះដឹងថ្មី និង បច្ចេកវិទ្យាថ្មីមកប្រទេសកម្ពុជា។ ដើម្បីបន្តចូលរួមលើកកម្ពស់វិស័យយានយន្ត ក្រុមហ៊ុននឹងបង្កើតមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋកម្ពុជាទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសប្រកបដោយគុណភាពដើម្បីចូលរួមចំណែកអភិវឌ្ឍធនធាន មនុស្សនៅកម្ពុជាស្របតាមគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។

     

  • ក្រសួង​ជំរុញ​ឱ្យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ចូលរួម​ជាមួយ​ផ្សារ​មូលបត្រ​កម្ពុជា​

    ក្រសួង​ជំរុញ​ឱ្យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ចូលរួម​ជាមួយ​ផ្សារ​មូលបត្រ​កម្ពុជា​

    ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ បាន​អំពាវនាវ​ឱ្យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​ស្រុក​ ចុះបញ្ជី​នៅក្នុង​ផ្សារហ៊ុន ​ផ.ម.ក ​(ផ្សារ​មូលបត្រ​កម្ពុជា​)ដែល​ជា​មធ្យោបាយ​មួយ​ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​មូលនិធិ​ និង​ពង្រីក​ការ​ធ្វើអាជីវកម្ម​។

    ឯកឧត្តម​ ហេង​ សុខ​គង់​ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​បាន​មានប្រសាសន៍​ថា​៖“ការ​ទទួល​បាន​ហិរញ្ញវត្ថុ​នៅ​មានកម្រិត​ នៅតែ​ជា​បញ្ហា​ប្រឈម​កំពូល​មួយ​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​ ហើយ​ជំរុញ​ឱ្យ​ពួកគេ​ចូលរួម​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​។ តាមរយៈ​ការ​ធ្វើ​ដូច្នេះ​ពួក​នឹងអាច​រក្សា​ការប្រកួត​ប្រជែង​បាន​ព្រោះ​ពួកគេ​នឹង​ទទួល​បាន​ប្រភព​ហិរញ្ញវត្ថុ​ថ្មី​ដើម្បី​អនុញ្ញាត​ឱ្យ​ពួកគេ​ពង្រីក​។

    ដូច​បាន​ចែង​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ2015​-2025​ គោលដៅ​របស់​ រដ្ឋាភិបាល​ គឺ​ចង់ឱ្យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​យ៉ាងតិច​ 80​%ត្រូវ​បាន​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ឆ្នាំ​ 2025​។

    យ៉ាងហោចណាស់​ 50​%នៃ​ក្រុមហ៊ុន​ទាំងនោះ​ត្រូវតែ​គោរព​តាម​គណនេយ្យ​ និង​គណនេយ្យ​ភាព​ឱ្យ​បាន​ត្រឹមត្រូវ​”។ គោលដៅ​នេះ​គឺ​មាន​លក្ខណៈ​សាមញ្ញ​ប៉ុន្តែ​មាន​សារៈសំខាន់​ណាស់​ព្រោះ​ការចុះបញ្ជី​ត្រឹមត្រូវ​ផ្តល់​នូវ​បង្អួច​មួយ​ទៅ​ក្នុង​ស្ថានភាព​អាជីវកម្ម​និង​ផ្តល់​គណនេយ្យ​ភាព​ដល់​ម្ចាស់ភាគហ៊ុន​។ ក្រុមហ៊ុន​ដែល​រក្សា​សៀវភៅ​គណនេយ្យ​ឱ្យ​ទាន់សម័យ​នឹង​ទទួល​បានការ​គាំទ្រ​ និង​ការ​លើកទឹកចិត្ត​ពី​រដ្ឋាភិបាល​រួម​ទាំង​ការ​បណ្តុះបណ្តាល​ និង​ជំនួយ​បច្ចេកទេស​។

    ទោះ​យ៉ាងណា​ដើម្បី​ក្លាយជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ជា​សាធារណៈ​ដំបូង​ជា​ផ្លូវការ​ ពួកគេ​ត្រូវ​ចុះឈ្មោះ​ជាមួយ​រដ្ឋាភិបាល​ និង​ធានា​ថា​ពួកគេ​អនុវត្ត​តាម​ស្តង់ដារ​គណនេយ្យ​”។ នេះ​បើ​តាម​ឯកឧត្តម​រដ្ឋលេខាធិការ​បាន​មានប្រសាសន៍​នៅក្នុង​វេទិកា​ស្តី​ពី​អាជីវកម្ម​កែច្នៃ​កសិផល​។យោង​តាម​របាយការណ៍​បាន​កត់សម្គាល់​ថា​“ ទីផ្សារ​មូលបត្រ​ អាច​ជួយ​ប្រមូល​ផ្តុំ​ហិរញ្ញប្បទាន​សម្រាប់​ការ​វិនិយោគ​រយៈពេល​វែង​”។ សហគ្រាស​ខ្នាត​តូច​គឺជា​អាជីវកម្ម​ដែល​ជួល​បុគ្គលិក​ 10​ នាក់​ឬតិច​ជាង​នេះ​ ខណៈ​សហគ្រាស​ធុន​តូច​ និង​មធ្យម​មាន​ច្រើនជាង​ 11​នាក់​។

    ឯកឧត្តម​ សុខ​គង់​ បាន​មានប្រសាសន៍​ថា​៖“វា​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការអប់រំ​ដល់​ម្ចាស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​ចុះឈ្មោះ​ជាមួយ​រដ្ឋាភិបាល​។ ប្រទេស​កម្ពុជា​មាន​សហគ្រាស​ធុន​តូច​និង​មធ្យម​ប្រហែល​ 520,000​ ប៉ុន្តែ​មានតែ​ប្រមាណ​ 15​ ម៉ឺន​ប៉ុណ្ណោះ​ ដែល​បាន​ចុះបញ្ជី​។ វិស័យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​គឺជា​ឆ្អឹងខ្នង​នៃ​កំណើន​សេដ្ឋកិច្ច​។ ប្រសិនបើ​វិស័យ​នេះ​រីកចម្រើន​ ប្រទេស​នឹង​រីកចម្រើន​”។

    លោក​ សុខ​ ដារ៉ា​ អគ្គនាយករង​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ដែល​ជា​អ្នកគ្រប់គ្រង​ទីផ្សារ​មូលធន​ បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​ចម្បង​មួយ​ក្នុង​ការ​ធ្វើ​ឱ្យ​អាជីវកម្ម​ចុះបញ្ជី​ជា​សាធារណៈ​។

    លោក​បន្ត​ថា​៖ “ក្រុមហ៊ុន​ធុន​មធ្យម​មួយចំនួន​មានការ​ភាន់ច្រឡំ​នៅពេល​គិត​ពន្ធ​។ ពួកគេ​ខ្លាច​ថា​ប្រសិនបើ​ពួកគេ​ចុះឈ្មោះ​ និង​ចុះបញ្ជី​នៅ​ ផ.ម.ក​ ពួកគេ​នឹង​ត្រូវ​បង់ពន្ធ​ឡើងវិញ​ចាប់ពី​ 10​ ឆ្នាំមុន​។ ភាគច្រើន​កំពុង​ព្យាយាម​ចៀសវាង​ពន្ធ​ ដើម្បី​យក​ឈ្នះ​ការប្រកួត​ប្រជែង​។ ដូចគ្នា​នេះ​ដែរ​សហគ្រាស​ ធុន​តូច​ និង​មធ្យមភាគ​ច្រើន​ជា​កម្មសិទ្ធិ​របស់​គ្រួសារ​ហើយ​មិន​ចង់ឱ្យ​អ្នក​ខាងក្រៅ​ធ្វើអន្តរាគមន៍​នោះ​ឡើយ​។រីឯ​ អ្នក​ផ្សេងទៀត​ក៏​មិន​មាន​មហិច្ឆតា​ពង្រីក​ខ្លួន​ទេ​”។

    ទោះ​យ៉ាងណា​ក្តី​ លោក​ ដារ៉ា​ បាន​និយាយ​ថា​ ការ​បង្កើន​ចំនួន​អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​ ក្រុម​គ្រួសារ​ កំពុង​ទទួល​បានផល​ប្រយោជន៍​ពីអ​ភិបាល​កិច្ច​សាជីវកម្ម​។ លោក​បាន​និយាយ​ថា​ ការប្រកួត​ប្រជែង​ខ្លាំងក្លា​ កំពុង​បង្ខំ​ឱ្យ​អាជីវកម្ម​ទាំងនេះ​ពិចារណា​ឡើងវិញ​ នូវ​យុទ្ធសាស្ត្រ​របស់​ពួកគេ​ដើម្បី​រក្សា​ការប្រកួត​ប្រជែង​។

    សូម​បញ្ជាក់​ថា​ កាលពី​ខែមករា​សម្តេច​នាយក​-រដ្ឋមន្ត្រី​ហ៊ុន​ សែន​បាន​ចេញ​អនុក្រឹត្យ​មួយ​ដែល​ ផ្តល់​ការ​លើកទឹកចិត្ត​ពន្ធ​យ៉ាងច្រើន​ ដល់​ក្រុមហ៊ុន​ ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​ក្នុង​ស្រុក​។ ទាំងនេះ​រួមមាន​ការកាត់បន្ថយ​ពន្ធ​លើ​ប្រាក់ចំណូល​ 50​% និង​ការលុបចោល​បំណុល​ពន្ធ​សម្រាប់​ ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ក្នុងរយៈពេល3​ ឆ្នាំខាងមុខ​។

    លោក​ ហុង​ សុ​ហួរ​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ទីផ្សារ​មូលបត្រ​បាន​មានប្រសាសន៍​ថា​៖“ដើម្បី​លើកកម្ពស់​ការយល់​ដឹង​អំពី​ការចុះបញ្ជី​នៅ​លើ​ទីផ្សារ​ យើង​បាន​រៀបចំ​វេទិកា​រៀងរាល់​ខែ​ ដើម្បី​អប់រំ​ម្ចាស់​អាជីវកម្ម​អំពី​អត្ថ​ប្រយោជន៍​ក្នុង​ការចូលរួម​ជាមួយ​ផ.ម.ក​”។

    លោក​សុ​ហួរ​បាន​បញ្ជាក់​ថា​នៅក្នុង​វេទិកា​ទាំងនេះ​ដែល​មានឈ្មោះ​ថា​“ប្រតិបត្តិ​” ក្រុមហ៊ុន​អាច​សិក្សា​អំពី​ឯកសារ​ដែល​ត្រូវការ​ ដើម្បី​រៀបចំ​ការ​ផ្តល់​ជូន​ជា​សាធារណៈ​លើកដំបូង​។ លោក​បាន​បន្ថែម​ថា​ការ​យល់ដឹង​អំពី​ព័ត៌មាន​នេះ​អាច​ជួយ​សន្សំសំចៃ​សហគ្រាស​ដែល​ចង់​ចុះបញ្ជី​ជា​សាធារណៈ​បាន​ច្រើន​។

    ក្រុ​មហ៊ន​សហគ្រាស​មួយចំនួន​ក៏បាន​ចាប់អារម្មណ៍​ ហើយ​បាន​គិតថា​ពួកគេ​កំពុង​ស្វែងរក​ប្រភព​ហិរញ្ញវត្ថុ​ថ្មី​ដើម្បី​ពង្រីក​ផលិតកម្ម​។ ពួកគេ​នឹង​ពិចារណា​ក្នុង​ការចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​ប្រសិនបើ​ក្រុមហ៊ុន​របស់​ពួកគេ​បំពេញ​តាម​តម្រូវការ​ ហើយ​កំពុង​ស្វែងរក​ថវិកា​បន្ថែម​ទៀត​ដើម្បី​ពង្រីក​អាជីវកម្ម​៕

  • ក្រសួងលើកទឹកចិត្តឱ្យគ្រប់សហគ្រាសពង្រឹងគុណភាពដើម្បីជ្រៀតចូលទីផ្សារបរទេស

    ក្រសួងលើកទឹកចិត្តឱ្យគ្រប់សហគ្រាសពង្រឹងគុណភាពដើម្បីជ្រៀតចូលទីផ្សារបរទេស

    ភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ីលើកទី11 ឆ្នាំ2017 ដែលប្រារព្ធធ្វើនៅមជ្ឈមណ្ឌល និងសន្និសីទកោះពេជ្រ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជំរុញឱ្យសហគ្រាសធុនតូច និងមធ្យមកម្ពុជាទាំងអស់ត្រូវពង្រឹងសមត្ថភាពដើម្បីជ្រៀតចូលទីផ្សារបរទេសក្នុងយុគសម័យសមាហរណកម្មអាស៊ាននេះ។

    ឯកឧត្តមបានផ្ដាំផ្ញើទៅសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងលើកទឹកចិត្តឲ្យសហគ្រាសកម្ពុជាទាំងអស់ប្រឹងប្រែងអភិវឌ្ឍខ្លួនឯងដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមពិព័រណ៍ផលិតផលស្រដៀងគ្នានៅបរទេសដើម្បីជ្រៀតចូល និងធ្វើពិពិធកម្មទីផ្សារផលិតផលកម្ពុជា។ ឯកឧត្តមសង្កត់ធ្ងន់ថា ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនឹងផ្ដល់អត្ថប្រយោជន៍រួមមកលើឧត្តមភាពរបស់ប្រជាជនកម្ពុជា ដោយសារសហគ្រាសធុនតូច និងមធ្យមជាចលករដ៏ខ្លាំងក្លាក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ និងលើកកម្ពស់សេដ្ឋកិច្ចជាតិកម្ពុជា។

    ក្នុងយុទ្ធសាស្រ្តជួយជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុកឱ្យមានការទទួលស្គាល់ និងចូលរួមប្រើប្រាស់ឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ក្រសួងពាណិជ្ជកម្មនឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរដែលមានគុណភាពខ្ពស់ មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងមានការវេចខ្ចប់បានល្អប្រសើរត្រឹមត្រូវ អនុលោមតាមស្តង់ដារផលិតកម្មនៅទូទាំងប្រទេសមកដាក់តាំងបង្ហាញដើម្បីស្វែងរកការគាំទ្របន្ត ដែលការតាំងពិព័រណ៍នេះនឹងធ្វើឡើងនៅថ្ងៃទី26-29 ខែតុលា ឆ្នាំ2017 ខាងមុខ នៅមជ្ឈមណ្ឌលវិមានសុភមង្គលក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕