Tag: សន្សំសំច័យ

  • ចិន​​ដំឡើង​ទួ​រ​ប៊ី​ន​ខ្យល់​ផលិត​អគ្គិសនី​ធំជាងគេ​បង្អស់​លើ​ពិភពលោក

    ចិន​​ដំឡើង​ទួ​រ​ប៊ី​ន​ខ្យល់​ផលិត​អគ្គិសនី​ធំជាងគេ​បង្អស់​លើ​ពិភពលោក

    ទួ​រ​ប៊ី​ន​ខ្យល់​ (Wind Turbine) សម្រាប់​ដំឡើង​លើ​សមុទ្រ​កម្លាំង 16 មេ​ហ្គា​វ៉ា​ត់ មានស្លាប់​ដែល​មាន​​អង្កត់ផ្ចិត​ប្រវែង 252 ម៉ែត្រ និងវិល​ក្នុង​​ផ្ទៃក្រឡា​​ 50,000 ម៉ែត្រការ៉េ អាច​ផ្ដល់​អគ្គិសនី​សម្រាប់​តម្រូវការរបស់​​គ្រួសារ​ប្រមាណ 36,000 គ្រួ។

    ផ្នែកនីមួយៗរបស់​ទួ​រ​ប៊ី​ន​កម្លាំង 16 មេ​ហ្គា​វ៉ា​ត់​នេះ​សុទ្ធតែជា​ប្រភេទ​ធំជាងគេ​បង្អស់​លើ​ពិភពលោក និង​ត្រូវបាន​លើកដាក់​លើ​ប៉ាល់​នៅ​ខេត្ត Fujian ប្រទេស​ចិន កាលពី​ថ្ងៃទី 17 មិថុនា។ ទួរប៊ីន​ខ្យល់​នេះ​​ស្ថិតក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ប្ដូរ​ទៅរក​ថាមពល​ស្អាត​របស់​ប្រទេស​ចិន។

    ដោយ​ស្លាប​កង្ហារ​មាន​អង្កត់ផ្ចិត​ប្រវែង 252 ម៉ែត្រ ទួ​រ​ប៊ី​ន​នេះ​បក់​ខ្យល់​ក្នុង​ផ្ទៃក្រឡា 50,000 ម៉ែត្រការ៉េ ប្រហាក់ប្រហែល​នឹង​ទីលាន​បាល់ទាត់​ស្ដង់ដា​ចំនួន 7។ ក្នុងស្ថានភាព​មាន​ខ្យល់​ខ្លាំង ទួ​រ​ប៊ី​ន​នេះ​អាច​ផលិត​អគ្គិសនី​បាន 34.2 គីឡូវ៉ាត់ម៉ោង​បន្ទាប់ពី​ស្លាប​កង្ហារ​​វិល​បាន​មួយ​ជុំ។ ជា​មធ្យម​ក្នុង​មួយឆ្នាំ ទួ​រ​ប៊ី​ន​នេះ​អាច​ផលិត​អគ្គិសនី​បាន​ជាង 66 លាន​គីឡូវ៉ាត់ម៉ោង អាច​ផ្គត់ផ្គង់​ដល់​តម្រូវការ​របស់​គ្រួសារ​ចំនួន 36,000 គ្រួ ជួយ​សន្សំសំច័យ​ធ្យូងថ្ម​បាន 22,000 តោន និង​កាត់បន្ថយ​ឧស្ម័ន​កាបូន​ឌី​អុក​ស៊ីដ​​ចំនួន 54,000 តោន។

    ការ​ត្រៀម​សម្រាប់​ដឹក​ និង​ដំឡើង​ទួរប៊ីន​ខ្យល់​របស់​ក្រុម​ហ៊ុន Three Gorges Fujian

    Sheng Lei អគ្គនាយករង​របស់​ក្រុមហ៊ុន​គ្រប់គ្រង​តំបន់ឧស្សាហកម្ម​អន្តរជាតិ​ផលិត​អគ្គិសនី​ពី​ខ្យល់​លើ​សមុទ្រ Three Gorges Fujian (Fujian Three Gorges Offshore Wind Power International Industrial Park Operations) ឱ្យដឹងថា ក្រុមហ៊ុន​នេះ​បាន​រៀប​គម្រោង​ដឹកជញ្ជូន និង​គម្រោង​បន្ទាន់ពេល​មាន​បញ្ហា​អាកាសធាតុ​រួចរាល់​ហើយ មុននឹង​ដឹក​គ្រឿង​ទួ​រ​ប៊ី​ន​ទៅកាន់​គោលដៅ។

    ក្រោយពី​ត្រូវបាន​ដំឡើង និង​ដំណើរការ​នៅលើ​សមុទ្រ នេះ​នឹង​ជា​ទួ​រ​ប៊ី​ន​ខ្យល់​សមុទ្រ​ធំជាងគេ​បង្អស់​លើ​ពិភពលោក។ គ្រឿង​បង្គុំ​របស់​ទួ​រ​ប៊ី​ន​នេះ​សុទ្ធតែ​ត្រូវបាន​អភិវឌ្ឍ​ក្នុងស្រុក។ វា​ក៏​បំពាក់​មុខងារ​ឆ្លាត​វៃ​ជាច្រើន​ដើម្បី​ដំណើរការ​ឱ្យបាន​សមស្រប​បំផុត។

    គិត​ត្រឹម​ចុងខែ​មេសា 2023 ប្រទេស​ចិន​បាន​ដំឡើង​បណ្ដាញ​ទួ​រ​ប៊ី​ន​ខ្យល់​ដែលមាន​កម្លាំង​ផលិត​អគ្គិសនី​សរុប 380 លាន​គីឡូវ៉ាត់៕

  • សេដ្ឋី 177នាក់​ដែល​មានដោយ​សារ​សមត្ថ​ភាព​ផ្ទាល់​ខ្លួន​ សុទ្ធ​តែមាន​វិធីសាស្ត្រ​​ដូចគ្នា​ដើម្បី​ក្លាយជា​អ្នកមាន! អ្នក​ក៏​អាចធ្វើ​បាន!

    សេដ្ឋី 177នាក់​ដែល​មានដោយ​សារ​សមត្ថ​ភាព​ផ្ទាល់​ខ្លួន​ សុទ្ធ​តែមាន​វិធីសាស្ត្រ​​ដូចគ្នា​ដើម្បី​ក្លាយជា​អ្នកមាន! អ្នក​ក៏​អាចធ្វើ​បាន!

    Corley បានសរសេរថា ភាគច្រើន​នៃ​សេដ្ឋី​ដែល​លោក​បាន​សិក្សា​ស្រាវជ្រាវ មិនបាន​ក្លាយជា​អ្នកមាន​នោះទេ រហូតដល់​ក្រោយ​វ័យ 50ឆ្នាំ ប៉ុន្តែ ពួកគេ​សុទ្ធតែ​ចាប់ផ្ដើម​ទៅតាម​វិធីសាស្ត្រ​ដូចគ្នា។

    Thomas C. Corley គឺជា​អ្នកជំនាញ​ខាង​ផែនការ​ហិរញ្ញវត្ថុ ជា​វាគ្មិន និង​ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នកនិពន្ធ​ដែលមាន​សៀវភៅ​លក់ដាច់​បំផុត ព្រមទាំង​ជា​សហការី​របស់ Business Inseder, CNBC និង​ស្ថានីយទូរទស្សន៍​ជាច្រើន​ផ្សេងទៀត។ លោក​បាន​ចំណាយពេល 5 ឆ្នាំ ក្នុងការ​ស្វែងយល់​អំពី​ក្រុម​សេដ្ឋី​ដែលមាន​បាន​ដោយ​ការប្រឹងប្រែង​ផ្ទាល់ខ្លួន។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​ទៅលើ​ទម្លាប់​ដែលនាំឱ្យ​ក្លាយជា​អ្នកមាន​របស់លោក Corley បាន​ទាក់ទាញ​អ្នកអាន​ជាង 50 លាន​លើក នៅក្នុង​ប្រទេស​ចំនួន 25 ក្នុង​ពិភពលោក។ គោលដៅ​របស់​ការសិក្សា​ស្រាវជ្រាវ​នេះ​គឺ ដើម្បី​ឆ្លើយ​នឹង​សំណួរ​សាមញ្ញ​ចំនួន​ពីរ៖ «ហេតុអ្វី​បានជា​មនុស្ស​ក្លាយជា​អ្នកមាន ឬ​អ្នកក្រ?» និង «តើ​អ្នកមាន និង​អ្នកក្រ​ធ្វើ​អ្វីខ្លះ​ចាប់តាំងពី​ពេល​ក្រោក​ពី​គេង​នៅ​ព្រឹក រហូតដល់​ពេល​ចូល​គេង​នៅពេល​យប់?»។

    ចំណុចរួម​របស់​សេដ្ឋី​ដែលមាន​បាន​ដោយ​ខ្លួនឯង

    លោក Corley បាន​សម្ភាស​ជាមួយ​មនុស្ស​ចំនួន 233 នាក់ ដែលមាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ​យ៉ាងតិច 160,000 ដុល្លារ​អាមេរិក និង​មានទ្រព្យ 3.2 លាន​ដុល្លារ។ ក្នុងចំណោម​នោះ មាន 177 នាក់ គឺជា​សេដ្ឋី​ដែលមាន​បាន​ដោយ​ខ្លួនឯង។ តាមរយៈ​ការសម្ភាស​នេះ លោក​រកឃើញ​ចំណុចរួម​ជាច្រើន​អំពី​អ្នកមាន ក៏ដូចជា​ទម្លាប់​ប្រចាំថ្ងៃ​ដែលនាំឱ្យ​ពួកគេ​ជោគជ័យ។

    ចំណុច ឬ​ប្រការ​រួមមួយ​ក្នុងចំណោម​ប្រការ​ទាំងឡាយ​ដែល Corley បាន​រកឃើញ នោះ​គឺ ពួកគេ​សុទ្ធ​តែមាន​គោលដៅ​សន្សំសំច័យ​ជា​ចម្បង។ ក្នុង​សៀវភៅ​មួយ​ក្បាល​របស់ខ្លួន លោក Corley សរសេរថា 80% នៃ​សេដ្ឋី​ដែលមាន​បាន​ដោយ​ការប្រឹងប្រែង​ផ្ទាល់ខ្លួន ដែល​លោក​បាន​ស្រាវជ្រាវ មិនបាន​ក្លាយជា​អ្នកមាន​នោះទេ រហូតដល់​ពួកគេ​មាន​វ័យ​ក្រោយ 50 ឆ្នាំ។ ប៉ុន្តែ សេដ្ឋី​ទាំងអស់នោះ សុទ្ធតែ​ចាប់ផ្ដើម​ដោយ​វិធី​ដូចគ្នា​តែមួយ។

    លោក Corley សរសេរថា៖ «បើទោះជា​បានកំណត់​គោលដៅ​រក​ឱ្យបាន 1 លាន​ដុល្លារ, 10 លាន​ដុល្លារ ឬ​ច្រើនជាង​នេះ អ្នក​ត្រូវតែ​ចាប់ផ្ដើម​ពី​ចំណុច​ជាក់លាក់​ណាមួយ។ សេដ្ឋី​ដែល​ក្លាយជា​អ្នកមាន​ដោយ​ការខិតខំ​ផ្ទាល់ខ្លួន ដែល​ខ្ញុំ​បាន​ស្រាវជ្រាវ សុទ្ធតែ​បានកំណត់​គោលដៅ​សន្សំ​ប្រាក់​ចាប់ពី 10% ទៅ 20% នៃ​ប្រាក់ចំណូល​របស់ខ្លួន ក្នុង​រយៈពេល​ច្រើន​ឆ្នាំ មុនពេល​បាន​ក្លាយជា​សេដ្ឋី។ យោងតាម​ធនាគារកណ្ដាល​អាមេរិក (FED) មធ្យមភាគ​នៃ​អត្រា​សន្សំ​ប្រាក់​របស់​ជនជាតិ​អាមេរិកាំង​គឺ 8% នៃ​ប្រាក់ចំណូល។

    គោលការណ៍​សន្សំ​ប្រាក់​របស់​ក្រុម​សេដ្ឋី​ដែលមាន​បាន​ដោយ​ខ្លួនឯង

    លោក Corley ឱ្យដឹងថា ប្រការ​ដែល​សំខាន់បំផុត នោះ​គឺថា ក្រុមមនុស្ស​ដែលមាន​បំណង​ក្លាយជា​សេដ្ឋី តែងតែមាន​ស្មារតី​ទទួលខុសត្រូវ និង​អនុវត្តតាម​គោលការណ៍ ឬ​វិន័យ​នៃ​ការ​សន្សំ​ប្រាក់​ដ៏​តឹងរ៉ឹង។ ពួកគេ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ដែល Corley ហៅថា «ប្រព័ន្ធ​ប៉ោត​ដាក់​ទឹក» ដើម្បី​សន្សំសំច័យ​ប្រាក់។ ពួកគេ​បែងចែក​ខ្ទង់​សន្សំ​របស់ខ្លួន​ទៅជា 4 ប្រភេទធំ៖ ខ្ទង់​សន្សំ​សម្រាប់​ពេល​ចូលនិវត្តន៍ ខ្ទង់​សម្រាប់​ការចំណាយ​ដែលមាន​គម្រោង​ស្រាប់ ខ្ទង់​សម្រាប់​ការចំណាយ​បន្ទាន់ និង​ខ្ទង់​សម្រាប់​ចាយ​ទៅតាម​វដ្ដ។

    -ខ្ទង់​សន្សំ​សម្រាប់​ពេល​ចូលនិវត្តន៍៖ ជា​ប្រាក់​ដែល​ត្រូវបាន​វិនិយោគ​ដើម្បី​ការរីកចម្រើន ហើយ​វា​នឹង​ត្រូវបាន​ប្រើប្រាស់​ពេល​ពួកគេ​ឈប់​ធ្វើការ។

    -ខ្ទង់​សម្រាប់​ការចំណាយ​ដែលមាន​គម្រោង​ស្រាប់៖ រួមមាន ការចំណាយ​សម្រាប់​ការសិក្សា​ដែល​បានគ្រោង​ទុក​នាពេល​អនាគត ការចំណាយ​លើ​អាពាហ៍ពិពាហ៍​ផ្ទាល់ខ្លួន បង់​រំលស់​ផ្ទះ/ដី ឬ​ការចំណាយ​ដែលមាន​គម្រោងផ្សេងៗទៀត។

    -ខ្ទង់​សម្រាប់​ការចំណាយ​បន្ទាន់៖ នេះ​គឺជា​សាច់ប្រាក់​សុទ្ធ​ដែល​បាន​ត្រៀម​នៅក្នុង​ផ្ទះ​ដើម្បី​បង្ការ​ពេល​មាន​អាសន្ន​បន្ទាន់​កើតឡើង ដូចជា​ករណី​បាត់បង់​ការងារ ឬ​ជួប​បញ្ហា​គ្រោះថ្នាក់ និង​ជំងឺភ្លាម។ ខ្ទង់​នេះ​ត្រូវបាន​គេ​កំណត់​យ៉ាងតិចណាស់​ក៏​អាចឱ្យ​មនុស្ស​ម្នាក់​ចិញ្ចឹមជីវិត​បាន 6 ខែ ក្នុង​គ្រា​មិនមាន​ប្រាក់ចំណូល។

    -ខ្ទង់​សម្រាប់​ចាយ​ទៅតាម​វដ្ដ៖ ជា​ប្រាក់​សន្សំ​សម្រាប់​ការដើរ​ទេសចរណ៍ ឬ​សម្រាប់​ទិញ​អំណោយ​ចាំបាច់​ប្រចាំឆ្នាំ។

    យុទ្ធសាស្ត្រ​សន្សំសំច័យ​ដ៏​សាម​ញ្ញា​នេះ មាន​តួនាទី​យ៉ាងសំខាន់​ចំពោះ​សេដ្ឋី​ចំនួន​ជិត​ពាក់កណ្ដាល​ដែល Corley បាន​ស្រាវជ្រាវ។ ជា​លទ្ធផល ពួកគេ​អាចរ​ស់បាន​ដោយ​ប្រាក់ចំណូល​ប្រចាំខែ​ចំនួន 80% (ឬ​តិចជាង​នេះ)។ ហើយ​នៅពេល​បាន​ក្លាយជា​សេដ្ឋី ពួកគេ​នៅតែ​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​ខាងលើ ព្រមទាំង​មិនដែល​បង្ហាញ​អំពី​ភាពមានបាន​របស់​ពួកគេ។

    លោក Thomas C. Corley បាន​បន្ថែមថា៖ «ក្រុម​សេដ្ឋី​ដែលមាន​បាន​ដោយ​ខ្លួនឯង សុទ្ធ​តែមាន​ទម្លាប់​សន្សំសំច័យ និង​គោរព​តាម​គោលការណ៍​សន្សំសំច័យ​យ៉ាង​តឹងរឹង។ កាន់តែ​ឆាប់​សន្សំសំច័យ អ្នក​កាន់តែ​ឆាប់​មានទ្រព្យ​ច្រើន និង​ឆាប់​សម្រេចបាន​គោលដៅ​របស់ខ្លួន»៕

    ប្រភព៖ Business Insider
    ប្រែសម្រួល​៖ បុត្រា

  • សន្សំ​បាន 1,5000ដុល្លារ​អាមេរិក/ឆ្នាំ កំលោះ​ជនជាតិ​សិង្ហ​បុរស​ម្នាក់នេះ ចែករំលែក​អំពី​វិធីសាស្ត្រងាយៗក្នុងការ​សំច័យ​ប្រាក់​របស់ខ្លួន

    សន្សំ​បាន 1,5000ដុល្លារ​អាមេរិក/ឆ្នាំ កំលោះ​ជនជាតិ​សិង្ហ​បុរស​ម្នាក់នេះ ចែករំលែក​អំពី​វិធីសាស្ត្រងាយៗក្នុងការ​សំច័យ​ប្រាក់​របស់ខ្លួន

    សម្រាប់​មនុស្ស​ស្ទើរតែ​ទាំងអស់ ការ​សន្សំសំច័យ​ប្រាក់​គឺជា​បញ្ហាលំបាក​ដ៏​ធំ​មួយ ហើយ​មាន​មនុស្ស​ជាច្រើន​បាន​បរាជ័យ​ក្នុង​រឿងនេះ។ ក៏ប៉ុន្តែ បញ្ហា​នេះ​ទំនងជា​មិនអាច​កើតឡើង​ចំពោះ​កំលោះ​ម្នាក់​នៅក្នុង​អត្ថបទ​នេះឡើយ។

    ថ្មីៗនេះ Clyde Chye បាន​ចែករំលែក​អាថ៌កំបាំង​អំពី​ការ​សន្សំសំច័យ​ប្រាក់​របស់ខ្លួន​នៅលើ​បណ្ដាញ​សង្គម និង​ទទួលបាន​ចំណាប់អារម្មណ៍​យ៉ាងច្រើន។ Clyde Chye ឱ្យដឹងថា ខ្លួន​បាន​សន្សំសំច័យ​ប្រាក់​ដោយ​មិន​គោរព​ទៅតាម​គោលការណ៍​វិទ្យាសាស្ត្រ ឬ​វិធីសាស្ត្រ​ជាក់លាក់​ណាមួយ​ឡើយ។ Clyde Chye គ្រាន់តែ​និយាយ​ពាក្យ​ថា «No» ចំពោះ​ការដើរ​ផ្សារ​ទិញ​អីវ៉ាន់ និង​ការដើរ​ស៊ីចាយ​ហឺ​ហា តែប៉ុណ្ណោះ។

    ជា​លម្អិត Clyde Chye ឱ្យដឹងថា ជាធម្មតា ប្រាក់​សម្រាប់​ហូបចុក​ប្រចាំ​សប្ដាហ៍​របស់ខ្លួន​គឺ​ប្រមាណ​ជា 10ដុល្លារ​អាមេរិក។ ប៉ុន្តែ តួលេខ​នេះ​បាន​ថយ​ចុះមក​នៅត្រឹម​ពាក់កណ្ដាល គឺ​ស្មើនឹង 5 ដុល្លារ​អាមេរិក។ អាថ៌កំបាំង​ដែល Clyde Chye បាននិងកំពុង​ប្រើប្រាស់ នោះ​គឺថា កំលោះ​នេះ​ទិញ​តែ​អាហារ​ក្នុង​បរិមាណ​គ្រប់គ្រាន់​ប៉ុន្តែ ហើយក៏​មិន​ចូលចិត្ត​ទិញ​របស់​បញ្ចុះតម្លៃ​ក្នុង​ចំនួន​ច្រើន ឬ​ទំនិញ​សន្សំ​ពិន្ទុ​នោះដែរ។ សម្រាប់​ការចូល​ហាង​កាហ្វេ​វិញ កំលោះ​នេះ តែង​ចូលចិត្ត​ហាង​តូច​ល្មម​ដែលមាន​លក់​ភេសជ្ជ​ឆ្ងាញ់ ជំនួស​ឱ្យ​ហាង​ប្រែន។ និយាយ​អំពី​ខ្ទង់​ប្រាក់​សម្រាប់​ហូបចុក Clyde សន្សំ​បាន​ជាង 117ដុល្លារ/ខែ ហើយ​បើ​គិត​ពេញ​មួយឆ្នាំ​វិញ តួលេខ​នេះ​នឹង​ឡើងដល់​ជាង 1,400ដុល្លារ​អាមេរិក។

    សន្សំ​បាន 1,5000ដុល្លារ​អាមេរិក/ឆ្នាំ កំលោះ​ជនជាតិ​សិង្ហ​បុរស​ម្នាក់នេះ ចែករំលែក​អំពី​វិធីសាស្ត្រងាយៗក្នុងការ​សំច័យ​ប្រាក់​របស់ខ្លួន
    កំលោះ Clyde Chye (ស្ដាំ)

    មិន​ត្រឹមតែ​ប៉ុណ្ណោះ Clyde ថែមទាំង​បាន​សន្សំសំច័យ​ទៅលើ «ខ្ទង់​សម្រាប់​ស្នេហា» ទៀតផង។ Clyde និង​មិត្តស្រី​មិនដែល​ចេញទៅ​ញ៉ាំ​អាហារ​នៅ​ខាងក្រៅ ឬ​ទៅកាន់​រោងកុន​នោះដែរ តែ​ជំនួស​មកវិញ ពួកគេ​ជ្រើសរើស​ការ​ចម្អិន​អាហារ​នៅឯ​ផ្ទះ និង​មើល​ទូរទស្សន៍​ដែល​ពួកគេ​មាន ដោយសារតែ​ប្រាក់​ចំណាយ​សម្រាប់​សេវាកម្ម​ភាពយន្ត​អន​ឡាញ មានតម្លៃ​ទាប​ជាង​ឆ្ងាយ បើ​ធៀប​នឹង​ការទិញ​សំបុត្រ​មើល​នៅ​រោងកុន។ ការ​សំច័យ​ទាំងនេះ​បាន​ជួយ​ឱ្យ Clyde សន្សំ​បាន​ប្រហែល 7,300 ដុល្លារ​អាមេរិក/ឆ្នាំ។

    ទន្ទឹមនឹងនេះ Clyde Chye ក៏​ជ្រើសរើស​ការធ្វើដំណើរ​ដោយ​មធ្យោបាយ​សាធារណៈ ជំនួស​ឱ្យ​ការ​ជិះ​ម៉ូតូឌុប​បច្ចេកវិទ្យា​ថ្មី ឬ​ជួល​រថយន្ត។ កំលោះ​នេះ​ក៏​កម្រ​នឹង​ទិញ​ទំនិញ​តាម​អន​ឡាញ ប៉ុន្តែ​គាត់​ចូលចិត្ត​ទៅ​ទិញ​ផ្ទាល់ដៃ។ ខ្ទង់​ប្រាក់​ដែល​សន្សំ​បាន​ពី​ប្រការនេះ រួម​នឹង​ការមិន​ចេញទៅ​ជប់លៀង និង​ការចាយវាយ​ផ្ដេសផ្ដាស​ផ្សេងទៀត ជា​សរុប​ក្នុង​មួយឆ្នាំ Clyde សន្សំ​បាន​ជាង 15,000 ដុល្លារ​អាមេរិក។

    Clyde Chye និង​មិត្តស្រី
    Clyde Chye និង​មិត្តស្រី

    សកម្មភាព​របស់ Clyde បាន​នាំឱ្យ​មានការ​រិះគន់ថា ជីវិត​បែបនេះ​គឺ​ពិតជា​វេទនា និង​ខ្វះ​ភាពសប្បាយ​រីករាយ។ ក៏ប៉ុន្តែ Clyde បាន​ឆ្លើយតប​ថា ក្រៅពី​គោលដៅ​សន្សំសំច័យ សកម្មភាព​របស់ខ្លួន​ក៏បាន​ជួយ​ឱ្យមាន​សុខភាព​ល្អ​ជាង​មុន ដោយសារតែ​បាន​កាត់បន្ថយ​អាហារ​ដែលមាន​ខ្លាញ់​ច្រើន។ ជាង​នេះ Clyde អះអាងថា ខ្លួន​មិនមែនជា​មនុស្ស​ប្រភេទ​កំណាញ់​ជ្រុលនិយម​ឡើយ គាត់​ក៏​ចេះ​ចាយលុយ​ផងដែរ​នៅពេល​មានកម្ម​វិធីពិសេសៗ ឬ​ពេល​ចង់​បំបាត់​ភាព​តានតឹង​ម្ដងម្កាល​ជាដើម៕

    ប្រភព៖ Asiaone