Tag: សង្គមចិន

  • អូយ បារម្ភជំនួស! ជនជាតិចិនជាច្រើនម៉ឺននាក់ប្រជ្រៀតគ្នាទៅកម្សាន្ត “ភ្នំហួងសាន” ក្រោយ​ទើប​រួច​ផុត​វិបត្តិកូវីដ-19

    អូយ បារម្ភជំនួស! ជនជាតិចិនជាច្រើនម៉ឺននាក់ប្រជ្រៀតគ្នាទៅកម្សាន្ត “ភ្នំហួងសាន” ក្រោយ​ទើប​រួច​ផុត​វិបត្តិកូវីដ-19

    ទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើល…មនុស្សម្នាចំនួនដ៏ច្រើននាំគ្នាសម្រុកទៅភ្នំហួងសាន ក្នុងមណ្ឌលអានហ៊ុយ ប្រទេស​ចិន បានបង្ហាញឱ្យឃើញពីភាពស្មុគស្មាញដែលប្រទេសនេះអាចនឹងប្រឈមនាពេលអនាគត ក្នុងខណៈដែលប្រទេសមួយនេះកំពុងព្យាយាមវិលត្រឡប់មករកសភាវប្រក្រតី និងព្យាយាមទប់ស្កាត់ការរស់ឡើងវិញរបស់វីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ឱ្យបាននោះ។

    ជ្រលងភ្នំទេសចរណ៍ដ៏ពេញនិយមដែលស្ថិតនៅភាគខាងកើតឆៀងខាងត្បូងរបស់ប្រទេសចិន ត្រូវបិទការបម្រើសេវាកម្មជាថ្មីម្ដងទៀត ក្រោយពីមនុស្សម្នាជាច្រើនម៉ឺននាក់ បានប្រជ្រៀតគ្នាដើរ ក្លាយជាខ្សែផ្លូវវែងមួយបន្តកន្ទុយគ្នា បំណងឡើងទៅកម្សាន្តលើភ្នំ ក្នុងអំឡុងថ្ងៃចុងសប្ដាហ៍កន្លងទៅ ក្រោមក្ដីបារម្ភកង្វល់យ៉ាងខ្លាំងថា វាអាចនឹងក្លាយជាគំនរភ្លើងដែលនឹងធ្វើឱ្យផ្ទុះវិបត្តិការឆ្លងរាលដាលរបស់មេរោគកូវីដ-19 ឡើងជាថ្មីម្ដងទៀត។

    ប្រជាជនជាច្រើនម៉ឺននាក់នាំគ្នាចេញមកដើរលេងកម្សាន្ត ក្រោយពីរដ្ឋបាលមណ្ឌលអានហ៊ុយ មានប្រូម៉ូសិនដើរកម្សាន្តហ្វ្រ៊ី 29កន្លែង សង្ឃឹមបង្កើនចំនួនអ្នកទេសចរ ដែលបានចាប់ផ្ដើមតាំងពីថ្ងៃសៅរ៍(ទី4មេសា)ចុងសប្ដាហ៍កន្លងទៅ។

    ក្នុងផែនការជំរុញវិស័យទេសចរណ៍នេះ អ្នកទេសចរត្រូវបានសំណូមពរឱ្យបង្ហាញពីស្ថានភាពខាងសុខភាពតាម​រយៈអ៊ែបភ្លីខេសិនមួយ ពាក់ម៉ាស់អនាម័យការពារ និងមានមន្ត្រីចាំត្រួតពិនិត្យសីតុណ្ហភាពរាងកាយ មុននឹងអនុញ្ញាតឱ្យឡើងទៅ…។

    អូយ បារម្ភជំនួស! ជនជាតិចិនជាច្រើនម៉ឺននាក់ប្រជ្រៀតគ្នាទៅកម្សាន្ត “ភ្នំហួងសាន” ក្រោយទើបរួចផុតវិបត្តិកូវីដ-19

    តែយ៉ាងណាក៏ដោយ កាលពីថ្ងៃអាទិត្យ(ទី5មេសា) មន្ត្រីនៅឯឧទ្យាននោះ បានប្រាប់ថា ចាំបាច់ត្រូវបិទមណ្ឌលទេសចរណ៍មួយនេះជាថ្មីម្ដងទៀត ដោយសារតែចំនួនអ្នកទេសចរបានកើនលើសចំនួនដែលបានកំណត់ទុក 20,000នាក់ក្នុង 1ថ្ងៃ និងសំណូមពរឱ្យទៅដើរលេងកម្សាន្តនៅទីកន្លែងផ្សេងទៀត ឬរង់ចាំមកកម្សាន្តនៅភ្នំមួយនេះ នាឱកាសក្រោយទៀតក៏បាន។

    អូយ បារម្ភជំនួស! ជនជាតិចិនជាច្រើនម៉ឺននាក់ប្រជ្រៀតគ្នាទៅកម្សាន្ត “ភ្នំហួងសាន” ក្រោយទើបរួចផុតវិបត្តិកូវីដ-19រូបថត និងវីដេអូ ដែលបានផ្សព្វផ្សាយនៅលើ វើយប៉ ផ្លាតហ្វ៉មព័ត៌មានបណ្ដាញសង្គមអនឡាញរបស់ចិន បានបង្ហាញឱ្យឃើញពីហ្វូងមនុស្សដ៏ច្រើនកុះករ ប្រជ្រៀតគ្នាដើរឡើងទៅលើភ្នំ ក្នុងអំឡុងថ្ងៃឈប់សម្រាក 3ថ្ងៃ នៃថ្ងៃឆេងម៉េង។ មានអ្នកលេងបណ្ដាញសង្គមជាច្រើនបានបញ្ចេញការយល់ឃើញ ដូចជា “វិស័យទេសចរណ៍បាន​រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដូចគ្នានឹងវិស័យឧស្សាហកម្មដទៃទៀតដែរ តែមេរោគឆ្លងរាតត្បាត នៅមិនទាន់ចប់ទេ បើអ្នកត្រូវការបើកកន្លែងទេសចរណ៍ឡើងវិញ អ្នកចាំបាច់ត្រូវតែកំណត់ចំនួនអ្នកទេសចរ”។

    ប្រទេសចិនបានរាយការណ៍ថា បានរកឃើញអ្នកឆ្លងមេរោគកូវីដ-19 ថ្មីនៅក្នុងថ្ងៃចន្ទ(ទី6មេសា) ម្សិលមិញ ត្រឹមតែ 39នាក់ប៉ុណ្ណោះ និងមានអ្នកស្លាប់បន្ថែម 2នាក់នៅក្នុងប្រទេស៕

    ប្រភព៖ សារព័ត៌មានបរទេស

  • មេរៀន1ទៀតពីការបិទទីក្រុង! ជីវិតគូអាពាហ៍ពិពាហ៍ចិនដួលរលំ “បែកគ្នា ល្អជាងនៅជុំគ្នា”

    មេរៀន1ទៀតពីការបិទទីក្រុង! ជីវិតគូអាពាហ៍ពិពាហ៍ចិនដួលរលំ “បែកគ្នា ល្អជាងនៅជុំគ្នា”

    សារព័ត៌មានក្រៅប្រទេស បានរាយការណ៍នៅថ្ងៃម្សិលមិញ(ទី6មេសា)ថា អត្រាការលែងលះគ្នារបស់គូស្វាមី-ភរិយាជនជាតិចិន ដែលកំពុងកើនឡើង មានផលប៉ះពាល់សំខាន់ ក្រោយពីការរស់នៅជាមួយគ្នាជាប់រហូតក្នុងអំឡុងពេលវិបត្តិរោគឆ្លងរាតត្បាត គឺជាការដាស់តឿនដល់បណ្ដាប្រទេសទាំងឡាយក្នុងពិភពលោក ដែលកំពុងប្រើវិធានការបិទទីក្រុង។

    របាយការណ៍បានបន្តថា ក្រោយពីបញ្ចប់វិធានការបង្ខាំងឱ្យនៅតែក្នុងផ្ទះដោយរដ្ឋចិនកាលពីខែមីនា រឿងដំបូងគេដែលគូស្វាមី-ភរិយាចិនចំនួនដ៏ច្រើននាំគ្នាធ្វើ គឺទៅដាក់ឯកសារសុំលែងលះគ្នា។

    សារព័ត៌មានខាងលើ បានលើកយកបទសម្ភាសរបស់អ្នកស្រី អ៊ូ(ឈ្មោះឧបមា) ជាស្ត្រីមេផ្ទះ វ័យ 30ឆ្នាំ ក្នុងមណ្ឌលក្វាងទុង ភាគខាងត្បូងប្រទេសចិន ដែលបានប្រើពេលវេលាទាំងយប់ទាំងថ្ងៃ ជិត 2ខែ នៅរួមគ្នាជាមួយស្វាមីដែលមិនបានចេញទៅធ្វើការ។ ទង្វើរបស់ស្វាមី ទោះជាការលេងជាមួយកូន ក្នុងពេលដែលកូនៗគួរតែចូលគេងជារឿងតូចតាចក៏ដោយ តែការយល់ឃើញមិនត្រូវគ្នាជាច្រើន បានក្លាយជាភាពគួរឱ្យធុញទ្រាន់ និងគួរឱ្យរំខានហួសនឹងទ្រាំបាន។

    “គាត់ជាអ្នកបង្កបញ្ហានៅក្នុងផ្ទះ” អ្នកស្រីនិយាយ “ខ្ញុំលែងត្រូវការទ្រាំតទៅទៀតហើយ យើងឯកភាពថានឹងលែងគ្នា ហើយរឿងបន្តទៅទៀត គឺរកមេធាវី”

    ទោះជាចិន បានចេញផ្សាយពីស្ថិតិនៃការលែងលះទូទាំងប្រទេសត្រឹមតែ1ឆ្នាំ 1ដងក្ដី តែរបាយការណ៍របស់សារព័ត៌មានពីតំបន់ផ្សេងៗក្នុងប្រទេសចិនបានបង្ហាញឱ្យដឹងថា មានការបង្ហើបឱ្យដឹងពីចំនួនគូលែងលះដែលកើនឡើងនៅក្នុងខែមីនា រាប់ចាប់ពីសប្ដាហ៍កន្លងមក ហេតុការណ៍នៃអំពើហិង្សាក្នុងគ្រួសារក៏កើនឡើងទ្វេគុណដែរ។

    សញ្ញាទាំងនេះ អាចជាការព្រមាន ជាប្រផ្នូលអាក្រក់សម្រាប់គូស្នេហ៍ក្នុងតំបន់ផ្សេងៗទៀតទូទាំងពិភពលោក បើសិនគ្មានការយល់ចិត្តអាណិតអាសូរគ្នាទេ ការរស់នៅជាមួយគ្នាជាប់រហូត គឺជាវិបត្តិដ៏ធំ។

    ទីក្រុងស៊ីអាន ក្នុងភាគកណ្ដាលប្រទេសចិន និងទីក្រុងតាចូវ៍ ក្នុងមណ្ឌលសេឆួន សុទ្ធតែមានរបាយការណ៍នៃការប្ដឹងផ្ដល់សុំលែងលះច្រើនជាប្រវត្តិសាស្ត្រដូចគ្នា នៅអំឡុងដើមខែមីនាកន្លងទៅ។

    លោក ស្ទីហ្វ លី មេធាវីរឿងក្ដីក្នុងគ្រួសារនៃទីក្រុងសៀងហៃ នៅឯទីស្នាក់ការច្បាប់ Gentle & Trust បានថ្លែងថា មានពាក្យបណ្ដឹងសុំលែងលះកើនឡើង 25% ចាប់តាំងពីការបិទទីក្រុងបានធូរស្រាលកាលពីពាក់កណ្ដាលខែមីនា។

    នៅពេលមេរោគវីរុសរាតត្បាតនាចុងខែមករា គូស្នេហ៍ក្នុងទីក្រុងជាច្រើន ត្រូវទ្រាំជាប់នៅក្រោមដំបូលផ្ទះតែមួយជាមួយគ្នា ពេលខ្លះក៏មានបងប្អូនរបស់គូស្នេហ៍ចូលមកបន្ថែមទៀត ដែលសម្រាប់មនុស្សជាច្រើន មានអារម្មណ៍ថា រឿងនេះ វាជ្រុលហួសលើសលប់ក្នុងការទ្រាំបាន។

    លោក លី បានបញ្ជាក់ថា៖ “រឹតតែពួកគេប្រើពេលវេលានៅជាមួយគ្នាយូរប៉ុនណា ពួកគេក៏រឹតតែស្អប់គ្នាច្រើនឡើងប៉ុននោះដែរ”

    អាជ្ញាធរចិនរំពឹងថា ការរស់នៅជាមួយគ្នារហូតដល់ទីបញ្ចប់ នឹងនាំឆ្ពោះទៅរកការធំធាត់ឡើងយ៉ាងកក់ក្ដៅរបស់ក្មេង និងជួយសងមកវិញនូវការតាំងគភ៌ដែលថយចុះដល់កម្រិតទាបបំផុតរាប់ចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិនក្នុងឆ្នាំ1949 មក។

    ទោះជាមានការបន្ធូរបន្ថយគោលនយោបាយ “កូនតែ1” និងការជំរុញដើម្បីឱ្យស្ត្រីរៀបការ និងមានបុត្រ “ក្នុងខណៈដែលអ្នកនៅផ្ទះក្នុងអំឡុងពេលដែលមានការឆ្លងរាតត្បាត គោលការណ៍ “កូនទី2” ត្រូវបានបន្ធូរបន្ថយ ដូច្នេះការនៅផ្ទះ និងការមានកូនទី2 ក៏អាចជួយប្រទេសរបស់អ្នកបានដែរ”

    តែនៅក្នុងការពិតវិញ លទ្ធផលរបស់ការព្យាយាមទាំងនេះមិនបានបង្ហាញឱ្យឃើញឡើយ ផ្ទុយទៅវិញ ក្នុងសារព័ត៌មានចិន បែរជាពេញទៅដោយរបាយការណ៍នៃការឈ្លោះទាស់ទែងគ្នារបស់គូស្វាមី-ភរិយា។

    អ្នកស្រី ហ្វឹង យួន សហស្ថាបនិក Equality ដែលជាអង្គការអភិវឌ្ឍន៍ឯកជនក្នុងទីក្រុងប៉េកាំង ដែលធ្វើការលើប្រធានបទ អំពើហិង្សាផ្លូវភេទ បានថ្លែងថា មានសំណូមពរចូលមកអង្គការរបស់អ្នកស្រីកើនឡើង ដើម្បីសុំជំនួយ។

    Sixth Tone សារព័ត៌មានអនឡាញរបស់ទីក្រុងសៀងហៃ បានរាយការណ៍ថា ប៉ូលិសនៅក្នុងតំបន់មួយតាមបណ្ដោយដងទន្លេយ៉ង់ហ្ស៊ី ក្នុងមណ្ឌលហ៊ូពេយភាគកណ្ដាល ជិតកន្លែងដែលផ្ទុះការឆ្លងរាតត្បាតធំនៅក្នុងវូហាន បានទទួលរបាយការណ៍អំពីហេតុការណ៍អំពើហិង្សាក្នុងគ្រួសារក្នុងខែកុម្ភៈ ចំនួន 162លើក កើនឡើង 47លើក បើធៀបនឹងខែមុនហ្នឹង។

    ព័ត៌មាន និងស្ថិតិថ្មីៗបំផុតទាំងអស់នេះ អាចជាការព្រមានសម្រាប់ប្រទេសផ្សេងៗនៅក្នុងពិភពលោកដែលកំពុងប្រើវិធានការបិទទីក្រុង អំពីអ្វីដែលពួកគេត្រូវតែមានខ្លាំងបំផុត នោះគឺ “ការយល់ចិត្ត និងអាណិតអាសូរគ្នាទៅវិញទៅមក” ឱ្យដល់ទីបំផុត៕

    ប្រភព៖ សារព័ត៌មានបរទេស