Tag: សក្តានុពល

  • រ៉ុក្កែត​ Space One របស់​ជប៉ុន ផ្ទុះ​ខ្ទេច​ ពេល​ទើប​ហោះ​ឡើង​ពី​ប្រព័ន្ធ​ទម្រ

    រ៉ុក្កែត​ Space One របស់​ជប៉ុន ផ្ទុះ​ខ្ទេច​ ពេល​ទើប​ហោះ​ឡើង​ពី​ប្រព័ន្ធ​ទម្រ

    ការ​បាញ់បង្ហោះ​រ៉ុក្កែត​ជាលើក​ដំបូង​របស់​ Space One ដែល​ជា​ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​ ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន បាន​ទទួល​បរាជ័យ​ នៅ​ពេល​រ៉ុក្កែត​ផ្ទុះ​ ខណៈទើប​​ហោះ​ឡើង​ពី​ជើង​ទ្រ​។

    កាល​ពី​ព្រឹក​ថ្ងៃទី 13 មីនា ក្រុម​ហ៊ុន​អវកាស​ជប៉ុន បាន​បាញ់​បង្ហោះ​រ៉ុក្កែត​មួយ​គ្រឿង​ដែល​មាន​ឈ្មោះ​ថា KAIROS លេខ​ 1 ដើម្បី​នាំ​យក​ផ្កាយ​រណប​សិប្បនិម្មិត​ទៅ​កាន់​គន្លង​គោចរ​។

    បើ​សិន​បាន​ឆ្លង​ផុត​ឧបសគ្គ​នេះ Space One នឹង​ក្លាយ​ជា​ក្រុម​ហ៊ុន​ឯកជន​ដំបូង​គេ​របស់​ជប៉ុន ដែល​បាញ់បង្ហោះ​រ៉ុក្កែត​ឡើង​ទៅ​កាន់​គន្លង​តារាវិថី​ដោយ​ជោគ​ជ័យ​។

    នៅ​ក្នុង​​ដំណាក់​កាល​ត្រៀម​​ ក្រុម​ការ​ងារ​មិន​បាន​រកឃើញ​បញ្ហាណា​មួយ​ឡើយ​។ រ៉ុក្កែត​ដែល​មាន​ 4 ជាន់ ​ប្រវែង 18 ម៉ែត្រ និង​ទម្ងន់ 23 តោន របស់ Space One ក៏​ហោះ​ឡើង​ត្រូវ​ទៅ​តាម​ការ​គ្រោង​ទុក​ នៅ​វេលា​ម៉ោង 11:01 (ម៉ោង​នៅ​ប្រទេស​ជប៉ុន​)។

    ក៏ប៉ុន្តែ រ៉ុក្កែត​បាន​ផ្ទុះ​ បន្ទាប់ពី​ហោះ​ឡើង​ពី​ប្រព័ន្ធ​ទម្រ​បាន​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។ បំណែក​ខ្លះ​របស់​វា​បាន​ធ្លាក់​ទៅ​លើ​ភ្នំ​នៅ​ក្បែរ​នោះ ចំណែក​ខ្លះ​ទៀត​ក៏​ធ្លាក់​ទៅ​លើ​សមុទ្រ​។

    នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​បរាជ័យ​ដ៏ធំ​មួយ​សម្រាប់​ការ​ប្រឹង​ប្រែង​របស់​ជប៉ុន ដើម្បី​ចូល​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​បាញ់​បង្ហោះ​ផ្កាយ​រណប ​ដែល​មាន​សក្តានុពល​ក្នុង​ការ​រក​ផល​ចំណេញ​។

     

  • វិនិយោគគិនជប៉ុន និងកម្ពុជា ប្រមាណ 60 ក្រុមហ៊ុន រៀបចំវេទិកា​មួយ​ដើម្បី​​ស្វែងយល់​ដោយ​ផ្ទាល់​ពីឱកាស និង​សក្តានុពល​វិនិយោគ​នៅស្រុក​ខ្មែរ

    វិនិយោគគិនជប៉ុន និងកម្ពុជា ប្រមាណ 60 ក្រុមហ៊ុន រៀបចំវេទិកា​មួយ​ដើម្បី​​ស្វែងយល់​ដោយ​ផ្ទាល់​ពីឱកាស និង​សក្តានុពល​វិនិយោគ​នៅស្រុក​ខ្មែរ

    កាល​ពីថ្ងៃ​ទី 20 ខែវិច្ឆិកា 2023 វេទិកា «ធុរកិច្ច ភាពជា​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា និង​វិនិយោគិន​ជប៉ុន» ដើម្បី​សិក្សា​ស្វែងយល់​ដោយ​ផ្ទាល់​ពីឱកាស និង​សក្តានុពល​វិនិយោគ​នៅ​ក្នុង ​កម្ពុជា ក៏​ដូចជា​ការស្វែងរក​ដៃគូ និង​ កិច្ច​សហប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន ត្រូវ​បាន​រៀប​ចំ​ឡើងដោយ​មាន​ការ​ផ្តូចផ្តើម​ពី​ធនាគារ អេស៊ីលីដា និង សហការដោយ​សមាគម​ជប៉ុន-កម្ពុជា។

    ជំនួប​ធុរកិច្ចនេះ​រៀបចំឡើងនៅទី​ស្នាក់ការកណ្តាលរបស់ធនាគារ អេស៊ីលីដា ដោយមានការចូលរួមពីអ្នកវិនិយោគជប៉ុនមក​ពី​ 28 ក្រុមហ៊ុន និង អ្នកវិនិយោគកម្ពុជា មក​ពី​​ក្រុមហ៊ុន​ជាង​ 30 ស្ថាប័ន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ ក្រសួង​ព័ត៌មាន​ កាល​ពី​ដើម​សប្ដាហ៍​នេះ​។

    លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិធនាគារ អេស៊ីលីដា ឱ្យ​ដឹង​ថា ជំនួប​ធុរកិច្ច​ខាង​លើ​នេះ​គឺ​ជាឱកាសសម្រាប់ឱ្យអ្នកវិនិយោគកម្ពុជា-ជប៉ុន ជួបគ្នា និង​សិក្សា​ស្វែងរក​អត្ថប្រយោជន៍​រួម​នៃ​ការវិនិយោគ​ដ៏​មាន​សក្តានុពល​នៅ កម្ពុជា។

    វិនិយោគិន​ជប៉ុន​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ក្នុង​ការ​វិនិយោគ​នៅ​លើ​ទឹក​ដី​កម្ពុជា ដែល​ជា​ទីកន្លែង​ផ្តល់​នូវ​សុខ​សន្តិភាព​ពេញ​លេញ និងសម្បូរ​បែប។

    នេះជាលើកទីបី​ហើយដែលធនាគារ អេស៊ីលីដា សហការជាមួយសមាគម​ជប៉ុន-កម្ពុជា រៀបចំវេទិកា «​ធុរ​កិច្ច រវាង​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា និង​វិនិយោគិន​ជប៉ុន»។ វេទិកានេះ ត្រូវបានគេរំពឹងថា ​ជា​ជំនួប​ដ៏​វិសេស​វិសាល ដើម្បី​ពង្រឹង និង​ បំពេញ​តម្រូវការ​ជូន​ធុរជន​ក្នុងការស្វែងយល់ពីវិស័យធុរកិច្ចនានា​នៅ​កម្ពុជា​៕

  • ពិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌល ជួសជុលរថយន្ត Ford សាខាជ្រោយចង្វារ

    ពិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌល ជួសជុលរថយន្ត Ford សាខាជ្រោយចង្វារ

    ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford នៅក្នុងទីផ្សារប្រទេសកម្ពុជា បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វារ។ កម្មវិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣​ ក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន RMA Cambodia រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ១០០ នាក់។

    ឆ្លៀតក្នុងឱកាសនេះដែរ លោក សេង វឹង នាយកគ្រប់គ្រងទូទៅផ្នែករថយន្តFord នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “ សព្វថ្ងៃនេះក្រុមហ៊ុន Ford មានអគារតាំងបង្ហាញរថយន្តចំនួន ៣ ដែលកំពុងដំណើរការនៅក្នុងរាជធានីភ្នំពេញ និងចំនួន ២ ទៀតនៅតាមបណ្តាលខេត្តគឺ ខេត្តកំពង់ចាម និងខេត្តសៀមរាប ហើយខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយចំពោះពិធីសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញរថយន្ត Ford សាខាទី ៦ នេះ។ ហើយយើងក៏បាននឹងកំពុងតែត្រៀមខ្លួនក្នុងការបើកដំណើរការអគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford ៣ទីតាំងបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលមានសក្តានុពលនានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងផ្តល់ភាពងាយស្រួលជូនដល់អតិថិជនទូទាំងប្រទេសកម្ពុជា។ ”

    លោក DJ. Simpson នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “ ពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វារនេះ គឺជាសក្ខីភាពនៃការពង្រីកវិសាលភាពរបស់ក្រុមហ៊ុន អ អិម អេ ដើម្បីផ្តល់នូវសេវាកម្មប្រកបដោយទំនុកចិត្តដល់អតិថិជនគ្រប់រូប ជាពិសេសអតិថិជននៅក្នុងរាជធានីភ្នំពេញ។ យើងខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជន និងដៃគូរបស់យើងនៅក្នុងប្រទេសកម្ពុជា សម្រាប់ការបន្តគាំទ្រផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន Ford ។ ភាពជោគជ័យរបស់យើងនឹងមិនអាចកើតឡើងបានទេ ប្រសិនបើគ្មានការគាំទ្រពីសំណាក់អថិតិថជនគ្រប់ជាន់ថ្នាក់។”

    គួរបញ្ជាក់ផងដែរថា អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វារនេះ មានទីតាំងស្ថិតនៅអគារលេខ ៤១៨ ផ្លូវលេខ ៦ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ ៤,០២៤ ម៉ែត្រការ៉េ។ មជ្ឍមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាជ្រោយចង្វារនេះ មានប៉ុងសម្រាប់ជួសជុលរថយន្តចំនួន ២០ និងសម្ភារៈបរិក្ខារក៏ដូចជាឧបករណ៍សម្រាប់ជួសជុលរថយន្តដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបៗជំនាន់ចុងក្រោយ រួមជាមួយនឹងជាងជំនាញជួសជុលរថយន្តដែលទទួលបានបណ្តុះបណ្តាលផ្ទាល់ពីរោងចក្រFordជាច្រើនរូប រង់ចាំបម្រើសេវាកម្មជូនដល់អតិថិជនប្រកបដោយ គុណភាព ប្រសិទ្ធភាព និងទំនុកចិត្តថែមទៀតផង។

    សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងទីតាំង ក៏ដូចជាសេវាកម្មផ្សេងៗរបស់អគារតាំងបង្ហាញ និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វារ សូមលោកអ្នកធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ 017 999 027​ ឬ 087 999 079។

  • ក្រៅពី​ព្រះសីហនុ តើ​ខេត្ត​ណា​ទៀត​ដែល​ដីធ្លី​មាន​សក្តានុពល​ខ្លាំង?

    ក្រៅពី​ព្រះសីហនុ តើ​ខេត្ត​ណា​ទៀត​ដែល​ដីធ្លី​មាន​សក្តានុពល​ខ្លាំង?

    បច្ចុប្បន្ន​តម្លៃ​ដី​នៅ​ខេត្ត​ព្រះសីហនុ​កំពុង​ឡើងថ្លៃ​ខ្ពស់​ខ្លាំង ដោយសារ​វិនិយោគិន​ចូលទៅ​បណ្តាក់ទុន​ជាច្រើន​នៅ​ទីនោះ ហើយ​បន្ទាប់ពី​ខេត្ត​មួយ​នេះខេត្ត​មួយចំនួនទៀត​ក៏មាន​សក្តានុពល​ខ្លាំង​ដែរ ដូចជា​ខេត្តសៀមរាប កំពត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ក្រុង​បាវិត​ខេត្តស្វាយរៀង ជាដើម។

    លោក គឹម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា មានប្រសាសន៍ថាបន្ទាប់ពី​ខេត្ត​ព្រះសីហនុ គឺ​ខេត្តសៀមរាប​ដែលមាន​ចរន្ត​ដីធ្លី និង​សំណង់​ខ្លាំង​ទន្ទឹមគ្នា​ដែរ ដោយសារ​ខេត្ត​នោះ​មាន​សក្តានុពល​ខ្លាំង​ខាង​វិស័យ​ទេសចរណ៍​ដែល​ធ្វើឱ្យ​សំណង់​សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះល្វែង និង​សកម្មភាព​ពុះ​ដីឡូត៍​លក់​នៅ​ទីនោះ​កំពុងមាន​សកម្មភាព​ខ្លាំង​ដូច​ទីក្រុងធំៗផ្សេងទៀត​ដែរ។

    លោក​ថា បន្ទាប់ពី​ខេត្តសៀមរាប គឺ​ខេត្តកំពត ជា​ខេត្ត​ជាប់មាត់​សមុទ្រ​ដូច​ខេត្ត​ព្រះសីហនុ​ដែរ និង​មាន​សក្តានុពល​ខាង​វិស័យ​ទេសចរណ៍​ខ្លាំង​ផងដែរធ្វើឱ្យ​សកម្មភាព​ទិញ-លក់​អចលនទ្រព្យ​នៅ​ទីនោះ​កំពុង​កញ្ជ្រោល​ឡើង​ខ្លាំង ខណៈដែល​អ្នកវិនិយោគធំៗជនជាតិខ្មែរ និង​ជនបរទេស​ចាប់ផ្តើម​បោះទុន​សម្រាប់​ទិញ​អចលនទ្រព្យ​នៅ​ទីនោះ​ដើម្បី​ទុក​លក់​បន្ត ឬ​ពុះ​ឡូត៍​លក់​ស្វែងរក​ប្រាក់ចំណេញ​ទៅ​ថ្ងៃ​ខាងមុខ។

    ក្រៅពី​ខេត្ត​ទេសចរណ៍​ខាងលើ ក្រុង​ប៉ោយប៉ែត​ដែលជា​តំបន់​ជាប់​ព្រ​ដែន​ជាមួយ​ប្រទេស​ថៃ​ក៏​វិស័យ​អចលនទ្រព្យ​មាន​សក្តានុពល​ខ្លាំង​ដូចគ្នា​ដែរ ដោយសារ​វា​ជា​ច្រក​អន្តរជាតិ និង​ជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​កម្ពុជា-ថៃ។ បច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត​បាន​ក្លាយជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​មួយ​សំខាន់​ដែលមាន​ការរីកលូតលាស់​ខ្លាំង​ផ្នែក​ខាង​សំណង់​សណ្ឋាគារ កាស៊ីណូ រោងចក្រ សហគ្រាស​នានា រីកដុះដាល​យ៉ាង​លឿន​នៅ​ទីនោះ។ ផ្អែកលើ​ការរីកដុះដាល​ខាង​សំណង់​នេះ បានធ្វើឱ្យ​តម្លៃ​ដី​នៅ​តំបន់​ព្រំដែន​ភាគ​ខាងលិច​ប្រទេស​កម្ពុ​ជាមួយនេះ​កំពុងមាន​សក្តានុពល​ខ្លាំង​ដែរ តាមរយៈ​ការសាងសង់​សំណង់ផ្ទះ​ល្វែង និង​ការ​ពុះ​ដីឡូត៍​លក់​កំពុងមាន​ការគាំទ្រ​ខ្លាំង​ពី​អតិថិជន។ ក្រុង​ប៉ោយប៉ែត​សម្បូរ​ទៅដោយ​អ្នក​ចំណាកស្រុក​មកពី​បណ្តា​ខេត្តផ្សេងៗទៅ​រស់-នៅ​ទីនោះ ដើម្បីប្រកបមុខរបរ​អាជីវក​ម្មផ្សេងៗទៅតាម​ជំនាញ​របស់​គ្រួសារនីមួយៗ ដែល​ពូក​គាត់​មាន​តម្រូវការ​ចាំបាច់​ក្នុង​ការទិញ​ផ្ទះ ឬ​ទិញ​ដី​សាងសង់​ផ្ទះ​រស់នៅ​ផ្ទាល់ខ្លួន​សម្រាប់​រក្សា​លំនឹង​គ្រួសារ ជាជាង​ជួល​ផ្ទះ​គេ​រស់នៅ​បណ្តោះអាសន្ន​នោះ។

    បន្ទាប់ពី​ក្រុង​ប៉ោយប៉ែត តំបន់​ព្រំដែន​ដែលមាន​សក្តានុពល​មួយទៀត គឺ​ក្រុង​បាវិត ខេត្តស្វាយរៀង ជា​ច្រកព្រំដែន​អន្តរជាតិ​កម្ពុជា-វៀតណាម ស្ថិត​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា​ដែល​បច្ចុប្បន្ន នៅ​ទីនោះ​ក៏មាន​សកម្ម​ភាពរស់រវើក​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន និង​ជាទី​ប្រជុំជន​ដែលមាន​មនុស្ស​រស់នៅ​ច្រើន។ ងាក​មក​វិស័យ​សំណង់​វិញ ក៏មាន​ការ-រីកដុះដាល​ជា​បន្តបន្ទាប់​ដែរ ដូចជា​សំណង់​សណ្ឋា-គារ កាស៊ីណូ និង​មានការ​សាងសង់​ផ្ទះល្វែង ការ​ពុះ​ដីឡូត៍​សម្រាប់​លក់​បង់​រំលស់​ដូច​នៅ​ទីក្រុង​ភ្នំពេញ​ដែរ។ ត្រង់ចំណុច​នេះ​លោក គីម ហ៊ាង បញ្ជាក់ថា “ស្រុកកំណើត​ខ្ញុំ គឺ​នៅ​ទីនោះ កាលពី20មុន ដី​តំបន់​នោះ 1ហិកតា​តម្លៃ1ជី​មាស ក៏​មិនមាន​អ្នកទិញ​ដែរ ព្រោះ​មិនមាន​អ្នកណា​ដឹងថា វា​នឹង​ឡើងថ្លៃ​ដូច្នេះ​ឡើយ។ ពីមុន​ដីធ្លី​នៅ​ទីនោះ​ជា​កន្លែង​ដែល​កសិករ​ធ្វើស្រែ និង​ដើរ​ចាប់​ត្រី ប៉ុន្តែ​មកទល់ពេលនេះ​ដី​ទាំងអស់​នោះបាន​ឡើងថ្លៃ​យ៉ាងខ្លាំង 1ហិកតា 30
    ម៉ឺន​ដុល្លារ រហូតដល់ 3លាន​ដុល្លារ ដោយ​គ្មាន​អ្នកណាម្នាក់​អាច​នឹកស្មាន​ដល់”។

    ក្រៅពី​សំណង់​ទាំងនោះ ក្រុង​បាវិត​ក៏មាន​សក្តានុពល​ខ្លាំង​ក្នុង​វិស័យ​ឧស្សាហកម្ម​ដែរ មាន​រោងចក្រ​សហគ្រាស មាន​តំបន់​សេដ្ឋកិច្ច​ពិសេស បង្កឱ្យមាន​សកម្មភាព​រស់​រវើក និង​រីកចម្រើន​ខ្លាំង​ក្នុង​វិស័យ​ឧស្សាហកម្ម បន្ទាប់ពី​រាជធានី​ភ្នំពេញ ដែល​អាច​ផ្តល់​ការងារ និង​ប្រាក់ចំណូល​ដល់​ពលរដ្ឋ​នៅក្នុង​តំបន់ និង​អ្នក​ចំណាកស្រុក​ឱ្យ​ពួកគេ​បាន​ដោះស្រាយជីវភាព និង​សន្សំ​ប្រាក់​មួយចំនួន​ទិញ​ដី​យកចំណេញ ឬ​ទិញ​ដី​សាង​សង់ផ្ទះ​សម្រាប់​ស្នាក់នៅ​ផ្ទាល់ខ្លួន​ផងដែរ។

    អ្វីដែល​ជាការ​កត់សម្គាល់​មួយទៀត​គឺ ខេត្តកណ្តាល​ក៏មាន​សក្តានុពល​ខ្លាំង​ផងដែរ ក្នុងការ​ពុះ​ដីឡូត៍ និង​សាងសង់​ផ្ទះល្វែង​លក់ ស្ទើរ​មិន​ចាញ់​រាជធានី​ភ្នំពេញ​ឡើយ ខណៈដែល​ក្រុមហ៊ុនធំៗបាន​ទៅ​បោះទីតាំង​មាន​សក្តានុពល​សាងសង់​សំណង់​បុរីទំនើបៗ និង​អគារ​ខុន​ដូ​ខ្ពស់​ស្កឹមស្កៃ​នៅ​មាត់ទន្លេ​បាសាក់​បង្កើតជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ខណៈ​ខេត្ត​មួយ​នេះ​មាន​ទីតាំងនៅ​ជិត​រាជធានី​ភ្នំពេញ ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅ-មក​បំពេញការងារ និង​ប្រក​បរបរផ្សេងៗ ហើយ​ខេត្ត​នេះ​ក៏មាន​ច្រកទ្វារ​អន្តរជាតិ​មួយ​ផងដែរ គឺ​ច្រកព្រំដែន​ជ្រៃ​ធំ​ក្នុងការ-​ដោះដូរ​ទំនិញ​ជាមួយ​ប្រទេស​វៀតណាម។

    ទោះជា​ដូច្នេះ​ក្ដី លោក គឹម ហ៊ាង បាន​បញ្ជាក់ថាមិន​មែនមាន​ត្រឹមតែ​ខេត្ត ឬ​ច្រកព្រំដែន​ខាងលើ​ប៉ុន្មាន​នោះទេ​ដែលមាន​សក្តានុពល​ដីធ្លី ខេត្តបាត់ដំបង​ដែលជា​ខេត្ត​មួយ​ល្បីល្បាញ​ខាង​ផលិត​ស្រូវ និង​ខេត្តកំពង់ចាម​ដែលមាន​សក្តានុពល​ខាង​ដំណាំ​កៅស៊ូ និង​ដំណាំ​កសិកម្ម​ផ្សេងទៀត បច្ចុប្បន្ន​ក៏មាន​សក្តានុពល​ខ្លាំង​ផងដែរ​ក្នុងការ​សាងសង់​សំណង់​សណ្ឋាគារ ផ្ទះសំណាក់ ឬ​ផ្ទះល្វែង​សម្រាប់​លក់​ទៅឱ្យ​អតិថិជន ដែល​អាចធ្វើឱ្យ​ទីក្រុង​ទាំងនោះ​កំពុងមាន​ការផ្លាស់ប្តូរ​មុខមាត់​របស់ខ្លួន​កាន់តែប្រសើរឡើងៗដែរ៕

  • រកឱ្យឃើញ​សក្តានុពល​ពិត​របស់ខ្លួន​ជាមុនសិន សឹម​សម្រេចចិត្ត​ជ្រើសរើស​សាកលវិទ្យាល័យ

    រកឱ្យឃើញ​សក្តានុពល​ពិត​របស់ខ្លួន​ជាមុនសិន សឹម​សម្រេចចិត្ត​ជ្រើសរើស​សាកលវិទ្យាល័យ

    ការស្វែងរក​សក្តានុពល​ពិត​របស់​ខ្លួនឯង ជា​ធាតុ​សំខាន់​មួយ​ដែល​សិស្ស​ត្រូវតែ​ដឹង​មុនពេល​ជ្រើសរើស​ជំនាញ​សិក្សា​នៅ​កម្រិត​មហាវិទ្យាល័យ តែ​គួរឱ្យ​សោកស្ដាយ​ណាស់​ដែលមាន​សិស្ស​ជាច្រើន​មិនសូវ​បាន​រកឃើញ​ក្តី​ស្រមៃ​ពិតប្រាកដ ដែល​កត្តា​នេះហើយ​ធ្វើឱ្យ​ពួកគេ​ជ្រើសរើស​ជំនាញ​ខុសពេល​សិក្សា​នៅ​មហាវិទ្យាល័យ។

    ស្ថាប័ន​អប់រំ​សំខាន់​នានា​លើ​ពិភពលោក បានបង្ហាញ​ពី​វិធីផ្សេងៗគ្នា ដែល​សូម្បីតែ​គេហទំព័រ​អប់រំធំៗជាច្រើន​បានបង្ហាញ​នូវ​វិធីខុសៗគ្នា តែ​ជារួម​វិញ យើង​ឃើញថា វិធី​ស្វែងរក​សក្តានុពល​របស់​មនុស្ស​មាន​ដូចខាងក្រោម​នេះ៖

    1. ស្វែងយល់​ខ្លួនឯង​ដោយ​យក​ទ្រឹស្តី​ពហុ​បញ្ញា​ជា​គោល

    មនុស្សម្នាក់ៗមាន​សក្តានុពលផ្សេងៗគ្នា តែ​នៅ​ក្នុងនោះ​លោក Howard Gardner ដែលជា​អ្នក​ចិត្តសាស្ត្រ​ល្បីល្បាញ​មួយរូប បាន​សង្ខេប​ពី​សក្តានុពលសំខាន់ៗរបស់​មនុស្ស​ទាំងអស់​ជា 8 ផ្នែក​គឺ

    ផ្នែក​ទី1 មនុស្ស​ពូកែ​ផ្នែក​ភាសា

    ផ្នែក​ទី2 មនុស្ស​ពូកែ​ផ្នែក​តក្ក​វិទ្យា និង​គណិតវិទ្យា

    ផ្នែក​ទី3 មនុស្ស​ពូកែ​ផ្នែក​តន្ត្រី

    ផ្នែក​ទី4 មនុស្ស​ពូកែ​ផ្នែក​រាងកាយ និង​ចលនា

    ផ្នែក​ទី5 មនុស្ស​ពូកែ​ក្នុងការ​ស្មាន​ពី​ទ្រង់ទ្រាយ​ក្នុង​លម្ហ

    ផ្នែក​ទី6 មនុស្ស​ពូកែ​យល់​ពី​ខ្លួនឯង

    ផ្នែក​ទី7 មនុស្ស​ពូកែ​ទំនាក់ទំនង​បុគ្គល​ដទៃ ឬ​ពូកែ​ស្វែងយល់​ពី​អ្នកដទៃ

    និង​ផ្នែក​ទី8 គឺ​មនុស្ស​ពូកែ​ផ្នែក​ធម្មជាតិ។

    នៅក្នុង​ផ្នែក​ទាំងអស់នេះ មនុស្សម្នាក់ៗតែងតែមាន​ជំនាញ ឬ​មាន​សក្តានុពល​ខ្លាំង​បំផុត 1 ហើយ​បូក​រួមទាំង​សក្តានុពល​បន្ទាប់បន្សំ​ដែល​បូក​បញ្ចូល​ជាមួយនឹង​ផ្នែកផ្សេងៗមួយចំនួនទៀត ដែល​ទាមទារ​ឱ្យ​មនុស្សម្នាក់ៗ ជាពិសេស​សិស្ស​ដែល​ត្រៀម​ជ្រើសរើស​ជំនាញ​សិក្សា​ត្រូវ​សង្កេត​ឱ្យបាន​ដិតដល់​ថា តើ​ខ្លួនឯង​ជា​មនុស្ស​ប្រភេទ​ណា។

    2. រកឱ្យឃើញ​នូវ​អ្វីដែល​ខ្លួន​ចូលចិត្ត​បំផុត

    ការស្រឡាញ់ ជំ​រុញឱ្យ​មនុស្ស​មាន​សក្តានុពល ព្រោះ​នៅពេលដែល​មនុស្ស​ស្រឡាញ់​អ្វីមួយ​ខ្លាំង គេ​នឹង​ហ៊ាន​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​សម្រេច ឬ​យក​ឱ្យបាន​នូវ​អ្វីដែល​ខ្លួន​ស្រឡាញ់​នោះ។ សម្រាប់​សិស្ស​និស្សិត​ក៏​ដូចគ្នា​ដែរ សូមអ្នក​ស្វែងរក​ឱ្យឃើញ​នូវ​ទម្លាប់សាមញ្ញៗទាំងឡាយណា​ដែល​អ្នក​គិតថា ធ្វើ​វា​ហើយ​សប្បាយចិត្ត​បំផុត ដូចជា​ការចូល​ចិត្ត​សរសេរ​ខ្លាំង ចូលចិត្ត​ប្រើ​ឧបករណ៍​អេឡិចត្រូនិក​ខ្លាំង ចូលចិត្ត​រៀបចំផ្ទះ​ខ្លាំង ចូលចិត្ត​អាន​សៀវភៅ​ខ្លាំង ចូលចិត្ត​ធ្វើ​លំ​ហាត់​ខ្លាំង ឬ​ចូលចិត្ត​ការនិយាយ​ខ្លាំង​ជាដើម។ បន្ទាប់មក​អ្នក​អាច​ស្វែងយល់​ឱ្យ​កាន់តែ​លម្អិត​លើ​ជំនាញ​មួយចំនួន​ថា មាន​ជំនាញ​អ្វីខ្លះ​ដែល​ត្រូវ​នឹង​ចំណូលចិត្ត ហើយ​ដែល​អ្នក​គិតថា បានធ្វើ​វា​ហើយនឹង​មិនចេះ​ធុញទ្រាន់​អស់​មួយជីវិត។

    3. ព្យាយាម​ស្គាល់​អាជីព​ឱ្យបាន​ច្រើន

    អាជីព​នៅលើ​ពិភពលោក​មាន​ច្រើនណាស់ ហើយ​ក៏មាន​អាជីព​ជាច្រើន​ដែល​មនុស្ស​មិនបាន​ដឹង​ពី​សារៈសំខាន់​របស់​វា ហេតុនេះហើយ​ទើប​មាន​អាជីព​ខ្លះ​មិនសូវ​សំខាន់​តែមាន​មនុស្ស​រៀន​ច្រើន ហើយ​ខ្លះទៀត​សំខាន់​ហើយ​ល្អ តែ​មនុស្ស​មិន​ព្រម​រៀន។ តាមពិតទៅ តាម​ការស្រាវជ្រាវ​រប​ស់​អ្នក​អប់រំ​នៅ​កម្ពុជា​ជាច្រើន​សុទ្ធតែ​បាន​សន្និដ្ឋាន​ដូចគ្នា​ថា ការជ្រើសរើស​មុខវិជ្ជា​ខុស​របស់​និស្សិត​កម្ពុជា​អាចមកពី​កត្តា​មិន​ស្គា​ល់ពី​គុណ​តម្លៃពិត​ប្រាកដ​របស់​មុខវិជ្ជា​ឱ្យបាន​ច្រើន ដែលជា​ហេតុ​ធ្វើឱ្យ​ពួកគេ​ខ្វះ​ជម្រើស​ក្នុងការ​សិក្សា​អ្វីដែល​ថ្មី ត្រូវ​នឹង​ចំណង់​ចំណូលចិត្ត ហើយ​សង្គម​កំពុង​ត្រូវការ​ខ្លាំង៕