Tag: វីរុសកូវីដ១៩

  • “ទ្រឹស្ដី​ឃុបឃិត” សង្ស័យ​ថា Bill Gates ជា​អ្នក​បង្កើត​វីរុស​COVID-19(មាន​វីដេអូ)

    “ទ្រឹស្ដី​ឃុបឃិត” សង្ស័យ​ថា Bill Gates ជា​អ្នក​បង្កើត​វីរុស​COVID-19(មាន​វីដេអូ)

    ​ការ​វាយ​ប្រហារ​ទៅ​លើ​មហា​សេដ្ឋី​លំដាប់​លេខ​2​ក្នុង​ពិភពលោក កំពុង​តែ​កើត​ឡើង​នៅ​ពាស​ពេញ​បណ្ដាញសង្គម​ Facebook Twitter និង Youtube ដោយ​ចោទ​ប្រកាន់​ ឬ​សង្ស័យ​ថា លោក​​ជា​​អ្នក​បង្កើត​វីរុស​កូរ៉ូណា​ ដើម្បី​បាន​ចំណេញ។

    កាល​ពី​ឆ្នាំ​2015 នៅក្នុង​កម្មវិធី​ TED Talks លោក​ Bill Gates បាន​ព្រមាន​ថា បញ្ហា​ប្រឈម​ធំបំផុត​របស់​មនុស្ស​លោក​ មិន​មែន​ជា​សង្គ្រាម​នុយក្លេអែរនោះ​ទេ ប៉ុន្តែ​វា​គឺជា​វីរុស​ឆ្លង​មួយ​ប្រភេទ​ ដែល​នឹង​គំរាម​កំហែង​ដល់​ជីវិត​មនុស្ស​រាប់​លាន​នាក់​។

    ការ​ព្យាករ​របស់​លោក​ Bill Gates ​បាន​ក្លាយ​ជា​ការ​​​ពិត​ នៅ​ពេល​COVID-19 បាន​កើត​ឡើង​។ ប្រសាសន៍​កាល​ពី​5ឆ្នាំ​មុន​របស់​សហ​ស្ថាបនិក​ Microsoft បាន​ក្លាយ​ជា​ប្រធាន​បទ​មួយ​ដែល​ត្រូវ​បាន​អ្នក​លេង​អ៊ីនធើណិត​ចាប់​អារម្មណ៍​ ដោយ​មាន​អ្នក​ចូល​មើល​ជាង​25​លាន​លើក​នៅ​លើ​ Youtube។ ក៏ប៉ុន្តែ ក្រុម​អ្នក​ប្រឆាំង​វ៉ាក់​សាំង និង​ក្រុម​អ្នក​ប្រាជ្ញ​ឆ្វេង​​​និយម បាន​យក​វីដេអូ​ខាងលើ​នេះ ទុក​ដូច​ជា​ភ័ស្ដុតាង​ដើម្បី​ចោទ​លោក​ Bill Gates ថា បាន​រៀប​ចំគម្រោង​​​ប្រើ​ប្រាស់​វីរុស​នេះ​​ដើម្បី​គ្រប់​គ្រង​ប្រព័ន្ធ​សុខាភិបាល​ទូទាំង​ពិភពលោក។

    យោង​តាម​ក្រុម​ហ៊ុន​វិភាគ​ទូរគមនាគមន៍​ Zignal Labs ទ្រឹស្ដី​ឃុបឃិត​ទាក់​ទិន​នឹង​លោក Bill Gates គឺជា​ព័ត៌មាន​ដែល​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​បំផុត​ក្នុង​ចំណោម​ដំណឹង​ចចាម​អារ៉ាម​ស្ដី​អំពី​វីរុស​កូរ៉ូណា​។ ចាប់​ពី​ខែ​កុម្ភៈ​ ដល់​ខែ​មេសា​នេះ មាន​ការ​និយាយ​ដល់​បញ្ហា​នេះ​ដល់​ទៅ​1.2​លាន​លើក​ នៅ​លើ​បណ្ដាញ​សង្គម និង​ទូរទស្សន៍​ ពោល​គឺច្រើន​ជាង​33% បើ​ធៀប​នឹង​ទ្រឹស្ដី​ឃុបឃិត​ទាក់​ទិន​នឹង​5G។

    ស្ថិតិ​របស់​សារ​ព័ត៌មាន​ New York Times បាន​បង្ហាញ​ថា មាន​អត្ថបទ​ជាង​16​,000​​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ Facebook ជាមួយ​នឹង​ការ​បញ្ចេញ​មតិ​ជិត​900​,000​លើក​ទាក់​ទិន​នឹង​ការ​ចោទ​ប្រកាន់​ខាង​លើ​នេះ​។ នៅ​លើ​ Youtube គេ​ឃើញ​មាន​វីដេអូ​ចំនួន​10 ដែល​បាន​ចោទ​លោក​ Bill Gates ដែល​វា​ស្ថិត​ក្នុងចំណោម​​វីដេអូកំពូល​ៗ​ត្រូវ​បាន​បង្ហោះនៅ​ក្នុង​ខែ​មីនា​ និង​ខែ​មេសា​ ដោយ​មាន​អ្នក​ចូល​មើល​ជិត​5លាន​លើក​។

    រលក​នៃ​ការ​សង្ស័យ​ទៅ​លើ​លោក​ Bill Gates កាន់​តែ​ធំឡើង​ៗនៅ​ពេល​លោក​បាន​ស្នើ​ឱ្យ​បិទ​សាលា​រៀន​ទូទាំង​សហរដ្ឋ​អាមេរិក និង​​រិះ​គន់​ទៅ​លើ​ការ​ផ្អាក​ជំនួយ​ដល់​អង្គការ​សុខភាព​ពិភព​លោក​​​ពី​សំណាក់​​ប្រធានាធិបតី​ Donald Trump។ Claire Wardle នាយក​ប្រតិបត្តិ​របស់​ First Draft ដែលជា​អង្គ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការខ្វែង​គំនិតគ្នា​​លើ​អ៊ីនធឺណិតបាន​ថ្លែង​ថា “បណ្ដា​ទ្រឹស្ដី​ឃុប​ឃិត​ស្ដី​អំពី​លោក​ Bill Gates អាច​ធ្វើ​ឱ្យ​ខូច​ខាត​ដល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​ស្រាវ​ជ្រាវ​វ៉ាក់​សាំង​ប្រឆាំង​វីរុស​កូរ៉ូណា​។ ព័ត៌មាន​ក្លែង​ក្លាយ​នេះ​ អាច​បង្កជា​ការ​ផ្ដួច​ផ្ដើម​សម្រាប់​យុទ្ធ​នាការ​អំពាវ​នាវឱ្យ​អ្នក​រាល់​គ្នា​បដិសេធ​ការ​ចាក់​វ៉ាក់​សាំង​ប្រឆាំង​វីរុស​”។

    មក​ដល់​បច្ចុប្បន្ន មហាសេដ្ឋី​ Bill Gates មិន​ទាន់​​មាន​ប្រតិ​កម្ម​ណា​មួយ​ទៅ​នឹង​ព័ត៌មាន​ក្លែង​ក្លាយ​ខាង​លើ​នៅ​ឡើយ​។ កាល​ពី​ថ្ងៃទី​15​មេសា​ មហា​សេដ្ឋី​រូប​នេះ​បាន​ផ្ញើ​​ការថ្លែង​អំណរ​អរគុណ​​ទៅ​ដល់​បុគ្គលិក​សុខាភិបាល​។ សារ​​របស់​លោក​ ទទួល​បាន​មតិ​ឆ្លើយ​តប​ជាង​14,000​លើក​ ក្នុង​នោះ​គេ​ឃើញ​មាន​មតិ​ជ្រុល​និយម​មិន​តិច​នោះ​ទេ​។ ទន្ទឹម​នឹង​នេះ​​ រូប​ភាព​ poster មួយ​នៃ​ខ្សែ​ភាព​យន្ត​ Kill Bill ត្រូវ​បាន​កាត់​ត​ទៅ​ជា​ “Kill Bill Gates” ក៏​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​នោះ​ដែរ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • នាវិកជិត​700​នាក់​របស់​ក្រុម​នាវា​ផ្ទុក​យន្តហោះ​បារាំង បាន​ឆ្លង​COVID-19

    នាវិកជិត​700​នាក់​របស់​ក្រុម​នាវា​ផ្ទុក​យន្តហោះ​បារាំង បាន​ឆ្លង​COVID-19

    ក្រសួង​ការ​ពារ​ជាតិ​បារាំង​បាន​បញ្ជាក់​ថា នាវិក​ចំនួន​688​នាក់​នៅ​លើ​នាវា​ផ្ទុក​យន្តហោះ​ Charles de Gaulle និង​នាវា​ចម្បាំង​អមដំណើរ​1គ្រឿង​ទៀត បាន​ឆ្លង​វីរុស​COVID-19។

    “សមាជិក​ក្រុម​នាវិក​ទាំង​អស់​ដែល​បាន​ឆ្លង​វីរុស​នេះ គឺ​ស្មើ​នឹង​1/3​ នៃ​កងកម្លាំងសរុប​​ក្នុង​ក្រុម​ប្រយុទ្ធ​នៃ​នាវា​ផ្ទុក​យន្ត​ហោះ​ Charles de Gaulle។ នាវិក​31​នាក់​ ក្នុង​ចំណោម​នាវិក​ដែល​បាន​ឆ្លង​មេរោគ​នេះ ត្រូវ​បាន​បញ្ជូន​ចូល​មន្ទីរពេទ្យ​ ក្នុង​នោះ​ដែរ​ក៏មាន​ម្នាក់​កំពុង​ទទួល​ការ​ព្យាបាល​សកម្ម” នេះ​បើ​តាម​ក្រសួង​ការ​ពារ​ជាតិ​បារាំង​​។ អ្នកជំងឺ​ទាំង​នេះ​ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ Charles de Gaulle និង​នាវា​ចម្បាំង​1ក្នុង​ចំណោម​​នាវា​ចម្បាំង​2គ្រឿង​ដែល​អម​ការ​ពារ​នាវា​ផ្ទុក​យន្តហោះ​ Charles de Gaulle។

    ក្រសួង​ការ​ពារ​ជាតិ​បារាំង​ឱ្យ​ដឹង​ថា នាវិក​ចំនួន​1,767​នាក់​ ក្នុង​ចំណោម​នាវិក​ជាង​2,000​នាក់​ដែល​ស្ថិត​ក្នុង​​ក្រុម​ប្រយុទ្ធ​របស់​នាវា​ផ្ទុក​យន្ត​ហោះ Charles de Gaulle​ ត្រូវ​បាន​ធ្វើតេស្ត​រក​មេរោគ​រួចហើយ​។ នាវិក​530​នាក់ កំពុង​រង់​ចាំ​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​។

    Charles de Gaulle​ រួម​នឹង​នាវា​ចម្បាំង​2គ្រឿង​ទៀត ត្រូវ​បាន​បញ្ជា​ឱ្យ​ត្រឡប់​មក​កាន់​កំពង់ផែ​ឆាប់​ជាង​ផែន​ការ​ដែល​បាន​កំណត់​ចំនួន​10​ថ្ងៃ​ បន្ទាប់​ពី​មាន​នាវិក​ម្នាក់​មាន​រោគ​សញ្ញា​នៃ​​វីរុស​COVID-19។ កង​ទ័ព​ជើង​ទឹក​បារាំង​ បាន​ចាប់​ផ្ដើម​ធ្វើ​តេស្ត​រក​មេរោគ​ជូន​នាវិក​ទាំង​អស់​របស់​ក្រុម​នាវា​ខាងលើចាប់​ពី​ថ្ងៃទី​8មេសា​ ហើយ​បាន​រកឃើញ​​40​ករណី​ឆ្លង​មេរោគ​។ មក​ដល់​ថ្ងៃទី​12​មេសា​ តួលេខ​នេះ​បាន​កើន​ឡើង​ដល់​50​ករណី​ ក្នុង​ចំណោម​នាវិក​66​នាក់​ដែល​ត្រូវ​បាន​ពិនិត្យ​សុខ​ភាព​។

    នាវិកជិត​700​នាក់​របស់​ក្រុម​នាវា​ផ្ទុក​យន្តហោះ​បារាំង បាន​ឆ្លង​COVID-19នាវិក​ និង​អ្នក​បើក​បរ​យន្តហោះ​ទាំង​អស់​នៃ​ក្រុម​ប្រយុទ្ធ​របស់​នាវា​ផ្ទុក​យន្តហោះ​ Charles de Gaulle កំពុង​បង្ខាំង​ខ្លួន​ក្នុង​រយៈ​ពេល​14​ថ្ងៃ​។ ប្រភព​ចម្លង​នៃ​ករណី​នេះ​មិន​ទាន់​ត្រូវ​បាន​រក​ឃើញ​នៅ​ឡើយ​ ប៉ុន្តែ​ក្រុម​នាវា​ចម្បាំង​ខាង​លើ​នេះ​​កំពុង​ត្រូវ​បាន​បាញ់​ថ្នាំ​សម្លាប់​មេរោគ​។

    កង​ទ័ព​ជង​ទឹក​សហ​រដ្ឋ​អាមេរិកបាន​ឱ្យ​ដឹង​ថា នាវិក​2រូប​ក្នុង​ចំណោម​4រូប​នៃ​ប្រទេស​នេះ ដែល​ធ្លាប់​បាន​ធ្វើ​ការ​នៅ​លើ​នាវា​ Charles de Gaulle ក៏បាន​ឆ្លង​វីរុស។ ក្រុម​នាវិក​4រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ការ​លើ​នាវា​ Charles de Gaulle ទៅតាម​គម្រោង​ផ្លាស់​ប្ដូរ​ធនធាន​មនុស្ស​ រវាង​សហរដ្ឋ​អាមេរិក និង​បារាំង​។

    Charles de Gaulle គឺជា​នាវា​បញ្ជា​ការ​​របស់​កង​ទ័ព​ជើង​ទឹក​បារាំង​ និង​ជា​នាវា​ផ្ទុក​យន្តហោះ​ដើរ​ដោយ​ថាម​ពល​នុយក្លេអែរ​តែ​មួយ​គត់​នៅ​លើ​ពិភពលោក​ ដែល​មិន​មែនជា​កម្មសិទ្ធិ​របស់​សហរដ្ឋអាមេរិក​។ នាវា​នេះត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​លើ​មហា​សមុទ្រ​អាត្លង់ទិក​ ក្នុង​ក្របខណ្ឌ​សម​យុទ្ធ​របស់​ NATO បន្ទាប់​ពី​បាន​ចូល​រួម​ក្នុង​យុទ្ធ​នាការ​ Chammal ដែល​​ស្វែង​រក​​​ក្រុម​សំណល់​​នៃ​​អង្គ​ការ​​រដ្ឋ​ឥស្លាម (ISIS) នៅ​អ៊ីរ៉ាក់ និង​ស៊ីរី៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស