Tag: វីរុសកូរ៉ូណា

  • ចេះតែរកនឹកឃើញហ្មង? ប្រទេស​ឥណ្ឌូនេស៊ី ប្រើ “ខ្មោច” ទប់ស្កាត់អ្នកចេញក្រៅផ្ទះ កាពារកូវីដ-19 ឆ្លង​រាល​ដាល​(មានឃ្លីប)

    ចេះតែរកនឹកឃើញហ្មង? ប្រទេស​ឥណ្ឌូនេស៊ី ប្រើ “ខ្មោច” ទប់ស្កាត់អ្នកចេញក្រៅផ្ទះ កាពារកូវីដ-19 ឆ្លង​រាល​ដាល​(មានឃ្លីប)

    ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងនីវយ៉ក ផូស្តិ៍ បានរាយការណ៍ថា បណ្ដុំកោះគើពូ នៅលើកោះជ្វារបស់ប្រទេស​ឥណ្ឌូនេស៊ី បានបញ្ចេញអៃឌៀប្លែកចម្លែកគ្មានអ្នកណាដូច សម្រាប់ចាត់ការពួកស្រុក ដែលល្មើសវិធានការបង្ខាំងខ្លួននៅតែក្នុងផ្ទះ និងរក្សាគម្លាតឆ្ងាយពីគ្នាខាងសង្គម កណ្ដាលការឆ្លងរាលដាលដ៏គួរឱ្យខ្លាចរបស់មេរោគវីរុសកូវីដ-19 ដោយការលែងខ្មោចឆៅ ឱ្យចេញលងបន្លាចក្នុងពេលរាត្រី…តែការពិត វិញ្ញាណខ្មោចទាំងនោះ មិនមែនជារបស់ពិតទេ គ្រាន់តែជាក្រុមអ្នកស្ម័គ្រចិត្ត តុបតែងកាយធ្វើជាវិញ្ញាណខ្មោចតែប៉ុណ្ណោះ។

    កាលពីពេលមុននេះ នៅតាមទីប្រជុំជននានានៅក្នុងទីជនបទក្នុងប្រទេសឥណ្ឌូនេស៊ី បានបញ្ចេញមនុស្សដែលតុបតែងរាងកាយដោយឈុតខ្មោចឆៅ ចេញមកអើតឡឺមៗ លឹបលៗនៅតាមដងផ្លូវ ដោយសង្ឃឹមថា ជំនឿក្នុងរឿងវិញ្ញាណខ្មោចព្រាយបិសាចបែបបុរាណៗមួយនេះ នឹងជួយការពារពួកអ្នកស្រុកឱ្យនៅតែក្នុងផ្ទះ និងមានសុវត្ថិភាពពីការឆ្លងរាលដាលនៃមេរោគវីរុសកូរ៉ូណាប្រភេទថ្មី។

    “យើងត្រូវការបង្កើតភាពខុសប្លែក និងរកឃើញវិធីដែលទទួលបានលទ្ធផលល្អ ព្រោះថា ខ្មោចពួចុង(Pocong- សាកសពមនុស្សដែលត្រូវបានរុំខ្ចប់ដោយក្រណាត់ស មានខ្សែចងជើង និងក្បាល) នេះ វាគួរឱ្យភ័យខ្លាច និងញ័ររន្ធត់ស្មារតីខ្លាំងណាស់ ពេលបានជួបនឹងភ្នែកស្រស់ៗ” អ្នកដឹកនាំក្រុមយុវជនរបស់ទីប្រជុំជនបានរៀបរាប់ឱ្យដឹងទៀតថា ក្រុមរបស់យើង បានរួមសហការជាមួយប៉ូលិសក្នុងការបញ្ចេញគំនិតប្លែកខុសគេមួយនេះ ដើម្បីគាំទ្រវិធានការនៅតែក្នុងផ្ទះ និងរក្សាគម្លាតឆ្ងាយពីគ្នាខាងសង្គម ក្នុងអំឡុងពេលឆ្លងរាលដាលរបស់មេរោគ​កូវីដ-19នេះ។

    ខ្មោចពួចុង តាមរឿងនិទានបានរៀបរាប់ថា បើសិនក្រោយរយៈពេល 40ថ្ងៃបន្ទាប់ពីស្លាប់ហើយ វិញ្ញាណរបស់អ្នកស្លាប់ នៅមិនទាន់បានទៅកាន់សុគតិភពនោះ សាកសពដែលត្រូវបានរុំខ្ចប់ដោយក្រណាត់សនោះ នឹងងើបចេញពីសេចក្ដីស្លាប់ ងើបចេញពីផ្នូរ ដើម្បីមកជម្រះរឿងរ៉ាវផ្សេងៗ ដែលនៅសេសសល់ ដោយប្រើវិធីលោតក្នុងការធ្វើដំណើរ។

    អ្នកស្រុកម្នាក់ បាននិយាយឱ្យដឹងថា តាំងពីមានវិញ្ញាណខ្មោចពួចុងចេញមក ឪពុកម្ដាយ និងក្មេងៗ ក៏លែងហ៊ានចេញពីផ្ទះតែម្ដង ពេលនេះ មនុស្សម្នាក៏លែងចេញមកជួបជុំប្រមូលផ្ដុំគ្នា ឬដើរលេងផ្ដេសផ្ដាស់តាមដងផ្លូវទៀតហើយ ក្រោយពីធ្វើពិធីឡៈម៉ាត នៅពេលល្ងាចចប់។

    បច្ចុប្បន្ននេះ ប្រទេសឥណ្ឌូនេស៊ី បានអះអាងអំពីចំនួនអ្នកឆ្លងមេរោគ 4,557នាក់ ក្នុងនោះមានអ្នកស្លាប់ 399នាក់ ក្នុងខណៈដែលកំពុងមានក្ដីកង្វល់ថា ចំនួននេះ នឹងកាន់តែកើនឡើងជារឿយៗ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • COVID-19! បច្ចុប្បន្ន​ភាព​នៃ​ករណី​ឆ្លង​មេរោគ និង​ស្លាប់​ នៅ​អាស៊ីអាគ្នេយ៍ សម្រាប់​ថ្ងៃទី​14​មេសា

    COVID-19! បច្ចុប្បន្ន​ភាព​នៃ​ករណី​ឆ្លង​មេរោគ និង​ស្លាប់​ នៅ​អាស៊ីអាគ្នេយ៍ សម្រាប់​ថ្ងៃទី​14​មេសា

    នៅ​តំបន់​អាស៊ីអាគ្នេយ៍​ទាំង​មូល​មាន​អ្នក​ជំងឺ​COVID-19សរុប​​20,001​នាក់​ កើន​769​ករណី​​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ ក្នុង​នោះ​មាន​ករណី​ស្លាប់​ ចំនួន​844​នាក់​។

    ហ្វីលីពីន​​បាន​លោត​រំលង​ម៉ាឡេស៊ី និង​បាន​ក្លាយ​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ក្នុង​តំបន់​ ដោយ​មាន​​អ្នក​ជំងឺ​សរុប​4,932​​នាក់​ និង​315​នាក់​បាន​បាត់​បង់​ជីវិត​។

    ម៉ាឡេស៊ី​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​សរុប​​4,817​នាក់ ក្នុង​នោះ​មាន​អ្នក​ជំងឺ​77​នាក់​បាន​ស្លាប់​។ ប្រទេស​នេះ មាន​អ្នក​ជំងឺCOVID-19 ​ច្រើន​ជាង​គេ​​​លំដាប់​ទី​2​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។

    ឥណ្ឌូនេស៊ី​ជា​សម្បុក​មេរោគ​COVID-19​ធំជាង​គេ​លំដាប់​ទី​3​នៅ​ក្នុង​តំបន់ ដោយ​មាន​អ្នក​ជំងឺ​សរុប​4,557​នាក់ និង​អ្នក​ស្លាប់​សរុប​ 399​នាក់។ អត្រា​នៃ​ការ​ស្លាប់ដោយ​សារ​វីរុស​COVID-19 ​របស់​ប្រទេស​នេះ​ ឈរ​លំដាប់​ទី​2​នៅ​ទ្វីប​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​។

    សិង្ហបុរី​ឈរ​លំដាប់​ទី​4​​ក្នុង​តំបន់​នេះ ដោយ​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​ចំនួន​2,918​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​9​នាក់​។

    ប្រទេស​ថៃ បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​28​នាក់ ធ្វើ​ឱ្យ​តួលេខ​សរុប​នៃ​អ្នក​ឆ្លង​មេរោគ​COVID-19 ក្នុង​ប្រទេស​នេះឡើង​ដល់​2,579​នាក់​ ក្នុង​នោះ​មាន​40​នាក់​បាន​ស្លាប់​។ អ្នក​ជំងឺ​ថ្មី​ភាគ​ច្រើន​គឺជា​អ្នក​រស់​នៅ​ក្នុង​រាជធានី​បាង​កក ក្នុង​នោះ​មាន​3​ករណី​ធ្លាប់​ទៅ​កាន់​ឥណ្ឌូនេស៊ី​ដើម្បី​ចូល​រួម​វិធី​បុណ្យ​សាសនា​​កាល​ពី​ខែ​មីនា​កន្លង​ទៅ​។

    វៀត​ណាម បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​សរុប​​265​នាក់ ភាគ​ច្រើន​គឺ​នៅ​រដ្ឋធានី​ហាណូយ​ និង​ទីក្រុង​សៃ​ហ្គន(ហូជីមិញ)។

    ប៊្រុយណេ​ មាន​អ្នកជំងឺ​កូរ៉ូណា​សរុប​136​នាក់ ក្នុង​នោះមាន​​អ្នកជំងឺ​ម្នាក់​បាន​បាត់​បង់ជីវិត​។

    កម្ពុជា​ គិត​មក​ដល់​ព្រឹក​នេះ បាន​រក​ឃើញ​​អ្នក​ជំងឺ​COVID-19 សរុប​​122​នាក់​ ក្នុង​នោះ​មាន​91​នាក់​បាន​ជា​សះ​ស្បើយ​ និង​31​នាក់​កំពុង​ទទួល​ការ​ព្យាបាល​។

    ប្រទេស​មីយ៉ានម៉ារ(ភូមា) មាន​អ្នក​ជំងឺ​សរុប​62​នាក់ ក្នុង​ចំណោម​នោះ​មាន​​4​នាក់​បាន​បាត់បង់​ជីវិត​។

    ប្រទេស​ឡាវ​គឺ​ជា​ដែន​ដី​ដែល​មាន​អ្នក​ជំងឺ​COVID-19 តិច​ជាង​គេ​បង្អស់​នៅ​ក្នុង​សមាគម​ប្រជា​ជាតិ​អាស៊ីអាគ្នេយ៍​(ASEAN) ដោយ​មាន​អ្នក​ជំងឺ​តែ​19​នាក់​ប៉ុណ្ណោះ​។

    ទីម័រ​ខាង​កើត​(Timor-Leste) ដែល​ជា​ប្រទេស​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែរនោះ​ មាន​អ្នក​ជំងឺ​COVID-19 ចំនួន​4​នាក់​ ក្នុង​នោះ​មាន​ម្នាក់​បាន​ជា​សះស្បើយ​។

    ទ្វីប​អាស៊ីទាំង​មូល​ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​​310,357​នាក់ និង​ស្លាប់​​11,356​នាក់​។

    ពិភពលោក​ទាំង​មូល​ គិត​មក​ដល់​ពេល​នេះ មាន​អ្នក​ឆ្លង​ជំងឺ​ជាង​1,924,600​នាក់​ និង​​អ្នក​ស្លាប់​ជាង​​119,600​នាក់​ដោយ​សារ​វីរុស​COVID-19 ក្នុង​នោះ​មាន​អ្នក​ជាសះស្បើយ​ជាង​445,000​នាក់​ និង​អ្នក​ជំងឺ​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​មាន​ចំនួន​51,764​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • រក​ឃើញស្រទាប់​ជាតិ​ស្ករ​ដែល​​ COVID-19 ប្រើ​ដើម្បី “បំបាំង​កាយ​” ពី​​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​មនុស្ស

    រក​ឃើញស្រទាប់​ជាតិ​ស្ករ​ដែល​​ COVID-19 ប្រើ​ដើម្បី “បំបាំង​កាយ​” ពី​​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​មនុស្ស

    ស្រទាប់​​ម៉ូលេគុល​ស្ករ​ glycan ជាប់​នៅ​លើ​ប្រូតេអ៊ីន​រាង​បន្លា​​របស់​​COVID-19 ធ្វើ​ឱ្យ​វីរុស​នេះ​ក្លាយ​ជា “ចចក​ពាក់​ស្បែក​ចៀម” ដែល​អាច​ជ្រែក​ចូល​ក្នុង​រាង​កាយ​មនុស្ស​ដោយ​មិន​ឱ្យ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ដឹង​បាន​។

    ក្រុម​អ្នកវិទ្យា​សាស្ត្រ​នៅ​សាកល​វិទ្យា​ល័យ​ Southampton ប្រទេស​អង់គ្លេស​ បាន​បង្កើត​គំរូ​​ 3D​នៅ​លើ​កុំព្យូទ័រ​ ហើយ​ពួក​គេ​ក៏បាន​រកឃើញ​​វិធី​ដែល​ COVID-19 “បន្លំ​ខ្លួន​” ដើម្បី​បំបាំង​កាយ​ពី​​​ប្រព័ន្ធ​​ការ​ពារ​រាង​កាយ​មនុស្ស​។ សាស្ត្រា​ចារ្យ​ Max Crispin ប្រធាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ឱ្យ​ដឹង​ថា មាន​បន្លាជាច្រើន​លូត​ចេញ​មក​ក្រៅ​ដើម្បី​តោង​ និង​វាយ​ប្រហារ​ទៅ​លើ​កោសិកា​។​ នេះ​គឺជា​ការ​រកឃើញ​ដំបូង​ដែល​បញ្ជាក់​​ថា បន្លា​របស់​វីរុស​COVID-19 ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​ម៉ូលេគុល​ស្ករ​1​ស្រទាប់​ដែល​មាន​ឈ្មោះ​ថា glycan ដែល​ជួយ​បិទ​បាំង​ប្រូតេអ៊ី​របស់​វីរុស​COVID នៅ​ពេល​ពួក​វា​រុល​ចូល​ក្នុង​រាង​កាយ​។ សាស្ត្រា​ចារ្យ​ Crispin រួម​នឹង​សហការី​របស់​គាត់ បាន​ប្រកាស​លទ្ធ​ផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ នៅ​លើ​ទស្សនាវដ្ដី bioRxivv កាល​ពី​ថ្ងៃទី​28​មីនា​ និង​កំពុង​រង់​ចាំ​ការ​ពិនិត្យ​ទទួល​ស្គាល់​ពី​គណៈ​កម្ម​ការ​ជំនាញ​។

    “ដោយ​វិធី​ប្រើ​ប្រាស់​​ស្រទាប់​ម៉ូលេគុល​ស្ករ​មក​គ្រប​ដណ្ដប់ វីរុស​ប្រភេទ​នេះ ត្រូវ​បាន​ប្រៀប​ប្រដូច​ទៅ​នឹង​ចចក​ពាក់​ស្បែក​ចៀម​យ៉ាង​ដូច្នោះ​ដែរ​។ ប៉ុន្តែ​ ការ​រក​ឃើញ​ដ៏សំខាន់​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​យើង​ នោះ​គឺ​សមត្ថ​ភាព​នៃ​ការ​លាក់​ខ្លួន​របស់​វីរុស​COVID-19 មិន​មាន​កម្រិត​ខ្ពស់​ដូច​បណ្ដា​វីរុស​ប្រភេទ​ផ្សេង​” នេះ​បើ​តាម​សាស្ត្រាចារ្យ​ Crispin។

    គំរូ​ 3D បង្ហាញ​អំពី​ប្រូតេអ៊ីន​រាង​បន្លា​របស់​វីរុស​COVID-19។​ រូប​ភាព​របស់​សាកល​វិទ្យា​ល័យ​ Southampton។
    គំរូ​ 3D បង្ហាញ​អំពី​ប្រូតេអ៊ីន​រាង​បន្លា​របស់​វីរុស​COVID-19។​ រូប​ភាព​របស់​សាកល​វិទ្យា​ល័យ​ Southampton។

    សាស្ត្រា​ចារ្យ​ Crispin បាន​បក​ស្រាយ​ថា វីរុស​HIV នៅ​ពេល​បាន​ចូល​ដល់​ក្នុង​រាង​កាយ​ វា​នឹង​​នៅ​គ្រប់​កន្លែង​​ក្នុង​​រាង​កាយ​របស់​អ្នកជំងឺ​ ហើយ​វា​តែង​លាក់​ខ្លួន​ពី​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ និង​មាន​ស្រទាប់ជាតិ​​ស្ករ​ glycan យ៉ាង​ក្រាស់​ដែល​មាន​តួនាទី​ដូច​ទៅ​នឹង​ខែល​​ការពារ​ការ​វាយ​ប្រហារ​ពី​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​របស់​មនុស្ស​។ ប៉ុន្តែ ក្នុង​ករណី​ COVID-19វិញ វីរុស​នេះ​មាន​លទ្ធភាព​លាក់​ខ្លួន​​ខ្សោយ​ជាង​វីរុស​HIV។ ស្រទាប់​ម៉ូលេគុល​ស្ករ​​ដែល​គ្រប​ដណ្ដប់​លើ​​ COVID-19 បង្ហាញ​ថា នេះ​គឺជា​ប្រភេទ​វីរុស​ដែល​មាន​ជំនាញ​ក្នុង​ការ “វាយ​ប្រហារ រួច​ហើយគេច​ខ្លួន​”​។ ក៏ប៉ុន្តែ ស្រទាប់​ម៉ូលេគុល​ជាតិ​ស្ករ​ glycan ដែល​មាន​កម្រិត​ស្ដើងបែប​នេះ​​ គឺមាន​ន័យ​ថា ប្រព័ន្ធ​ការ​ពារ​រាង​កាយ​មនុស្ស​ក៏​ត្រូវ​ប្រឈម​នឹង​ឧ​បសគ្គ​តិចតួច​​ក្នុង​ការ​កម្ចាត់​វីរុស​​ដោយប្រើ​​អង្គ​បដិបក្ខ​។ នេះ​គឺជា​សញ្ញា​គួរ​ឱ្យ​ត្រេក​អរ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​ន៍​វ៉ាក់សាំង​។

    សាស្ត្រា​ចារ្យ​ Crispin និង​សហការី​ បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ដោយ​ប្រើ​ឧបករណ៍​ពិសេស​​ដែល​មាន​ការ​រួម​ចំណែក​ពី​មូលនិធិ​ Bill and Melinda Gates តាម​រយៈ​គម្រោង​ជំនួយ​អន្តរជាតិ​ Collaboration for AIDS Vaccine Discovery៕

    ប្រភព៖ Independent

  • ចំនួន​អ្នក​ឆ្លង​​មេរោគ​កូរ៉ូណា​នៅ​ខេត្ត​ Hubei ថយ​ចុះ​ច្រើន ខណៈអ្នក​ស្លាប់​នៅ​ទូទាំង​ពិភពលោក​កើន​ដល់…

    ចំនួន​អ្នក​ឆ្លង​​មេរោគ​កូរ៉ូណា​នៅ​ខេត្ត​ Hubei ថយ​ចុះ​ច្រើន ខណៈអ្នក​ស្លាប់​នៅ​ទូទាំង​ពិភពលោក​កើន​ដល់…

    ខេត្ត​ Hubei ប្រទេស​ចិន មាន​អ្នក​ជំងឺ​កូរ៉ូណា​ថ្មី ចំនួន​349នាក់ ថយ​ចុះ​ច្រើន​បើ​ធៀប​នឹង​1,693​ករណី​កាល​ពី​ម្សិល​មិញ​។ ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ទូទាំង​ពិភពលោក បាន​កើន​ដល់​2,125នាក់។

    គណៈកម្ម​ការ​សុខា​ភិបាល​ខេត្ត​ Hubei ថ្ងៃ​នេះ បាន​ប្រកាស​ថា ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​កូរ៉ូណា​ក្នុង​ខេត្ត​នេះសរុប​62,031​នាក់ កើន​349​ករណី​ បើ​ធៀបនឹង​ម្សិល​មិញ។ នេះ​គឺជា​តួលេខ​កើន​ទាប​បំផុត​រាប់​ចាប់​តាំងពី​ថ្ងៃ​ទី25មករា។ អ្នក​ស្លាប់​បន្ថែម​នៅ​ក្នុង​ខេត្ត​នេះ​គឺ​108​នាក់ កើន​5,6% បើធៀប​នឹង​ម្សិល​មិញ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ក្នុង​ខេត្ត​ Hubei ឡើង​ដល់​2,029នាក់។

    ជាមួយ​នឹង​តូលេខ​ថ្មី​របស់​ខេត្ត Hubei ចំនួន​អ្នក​ស្លាប់​ទូទាំង​ប្រទេ​សចិន​ (ចិន​ដីគោក) កើន​ដល់ជាង​​2,112​នាក់។ ចំណែក​ចំនួន​អ្នក​ផ្ទុកមេរោគ​កូរ៉ូណា​សរុប​នៅ​ប្រទេស​នេះ មាន​ចំនួន​74,545នាក់ ក្នុង​នោះ​មាន​12,017នាក់ ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ​។ អ្នកជំងឺ​ដែល​បាន​ជាសះ​ស្បើយ មាន​ចំនួន​16,142នាក់។

    ដូច្នេះ នៅ​ទូទាំង​ពិភពលោក​ មាន​អ្នក​ឆ្លង​មេរោគ​នេះ​ចំនួន​75,666នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន​2,125​នាក់។ អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​16,342នាក់ និង​អ្នក​ជំងឺ​ដែល​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​មាន​ចំនួន​12,064នាក់។ ប្រទេស​អ៊ីរ៉ង់ កាល​ពី​ម្សិល​មិញ​ក៏​មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​គូរ៉ូណា​2នាក់ផង​ដែរ​។ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ដីគោក​ មាន​ចំនួន8នាក់ ក្នុង​នោះ​មាន​ប្រទេស​ជប៉ុន បារាំង ហ្វីលីពីន តៃ​វ៉ាន់ ហុង​កុង​ និង​អ៊ីរ៉ង់៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • អ្នក​ដំណើរ​ដែល​ចាក​ចេញ​ពី​កម្ពុជា​ ត្រូវ​បាន​ថៃ​រឹត​បន្តឹងខ្លាំង ទាក់​ទិននឹង​​មេរោគ​កូរ៉ូណា​

    អ្នក​ដំណើរ​ដែល​ចាក​ចេញ​ពី​កម្ពុជា​ ត្រូវ​បាន​ថៃ​រឹត​បន្តឹងខ្លាំង ទាក់​ទិននឹង​​មេរោគ​កូរ៉ូណា​

    អាកាស​យាន​ដ្ឋាន​នានា​នៅ​ប្រទេស​ថៃ កំពុង​តែ​ត្រូវ​បាន​រឹត​បង្កើន​ខ្លាំង​ ទៅ​លើ​ការ​ត្រួត​ពិនិត្យ​អ្នក​ដំណើរ​ទាំង​ឡាយ​ណាដែល​​ធ្វើ​ដំណើត​តាម​យន្ត​ហោះ​​មក​ពី​ប្រទេស​កម្ពុជា ក្រោយ​ពី​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​នាវា​ទេសចរណ៍​ MS Westerdam ចូល​ចត​នៅ​ឯកំពង់​ផែន​ខេត្ត​ព្រះសីហ​នុ។

    “វិធាន​ការ​រឹត​បន្តឹង​នានា​ត្រូវ​បាន​អនុវត្ត​នៅ​ឯព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ Suvarnabhumi និង​ Don Mueang រួម​នឹង​ ព្រលាន​យន្ត​ហោះ Phuket ដែល​មាន​ជើង​ហោះហើរ​ពី​ប្រទេស​កម្ពុជា​”។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​អាជ្ញាធរអាកាស​ចរណ៍​ថៃ (AOT)

    ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ Suvarnabhumi

    ការ​រឹត​បន្តឹង​​ខាងលើ​នេះ​ ត្រូវ​បាន​ AOT លើក​ឡើង​បន្ទាប់​ពី​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​នាវា​ទេសចរណ៍ MS Westerdam ចូល​ចត​ក្នុង​កំពង់​ផែន​ខេត្តព្រះសីហនុ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ដើម្បី​​សម្រួល​ឱ្យ​អ្នក​ទេសចរណ៍​​នៅ​លើ​កប៉ាល់​​នេះ បាន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​រៀង​ៗ​ខ្លួន​។

    សូម​រំឭកថា ក្រុម​មន្ត្រី​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី15កុម្ភៈ បាន​ឱ្យ​ដឹង​ថា ស្ត្រី​អ្នក​ទេសចរ​វ័យ​83ឆ្នាំ​ម្នាក់​ដែល​បាន​ស្ថិត​នៅ​លើ​នាវា​ Westerdam ត្រូវ​បាន​ម៉ាឡេស៊ី​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ COVID-19 បន្ទាប់​ពី​ជិះ​យន្ត​ហោះ​ពី​កម្ពុជា​ទៅ​កាន់​ម៉ាឡេស៊ី។ ម៉ាឡេស៊ី​បាន​ធ្វើតេស្ត​រក​មេរោគកូរ៉ូណា​​​លើ​ស្រ្តី​ដដែល​នេះ​ជា​លើក​ទីពីរ​ ទៅ​តាម​ការ​ស្នើរ​ពី​ភាគីកម្ពុជា​ ហើយ​ជា​លទ្ធ​ផល ស្ត្រី​នេះ​ពិត​ជាមាន​ផ្ទុក​មេរោគ​កូរ៉ូណា​ប្រាកដ​មែន។

    ព្រលាន​យន្ត​ហោះរបស់​ថៃ ​ចំនួន​3ខាង​លើ​ ត្រូវ​បាន​ AOT រៀប​ចំឱ្យ​មាន​កន្លែង​ចុះ​ចត​ដោយ​ឡែក សម្រាប់​យន្ត​ហោះ​ដែល​មក​ពី​កម្ពុជា ក្នុង​អំឡុង​ពេលចាប់​​ពី​ថ្ងៃទី​14កុម្ភ ដល់​ថ្ងៃទី​21កុម្ភៈ​ ឆ្នាំ​2020 ដូច​ទៅ​នឹង​ជើង​ហោះ​ហើរ​ពី​ប្រទេស​ចិន​។

    ចំណែក​ជើង​ហោះ​ហើរ​ TG585 របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ Thai Airways ​មាន​ដឹក​អ្នក​ដំណើរ27នាក់ ហោះ​ចេញ​ពី​ភ្នំ​ពេញ​ ក៏ត្រូវ​បាន​គេ​ត្រួត​ពិនិត្យ​សុខភាព​ចំពោះ​អ្នក​ដំណើរ​ទាំង​នោះ ប៉ុន្តែ​មិន​បាន​រក​ឃើញ​អ្នកដំណើរ​ណា​​ម្នាក់​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​នោះ​ទេ ដូច្នេះ​ទើប​ថៃ​បាន​អនុញ្ញាតឱ្យ​បន្ត​ដំណើរ​​ប្រកាន់​ប្រទេស​របស់​ពួក​គេ​។ នេះ​បើ​តាម​​សារព័ត៌មាន​ Nation Thailand។

    អាកាស​យាន​ដ្ឋាន​ទាំង​3ខាង​លើ​ ទទួល​ការ​ចុះ​ចត​ពី​យន្ត​ហោះ​ចំនួន​27ជើង​មក​ពី​​កម្ពុជា​ជារៀង​រាល់​ថ្ងៃ។​ ប្រទេសថៃ​មិន​អនុញ្ញាត​ឱ្យ​យន្តហោះ​​មកពី​​កម្ពុជា​ ចុះ​ចត​លើ​អាកាស​យាន​ដ្ឋាន​ណាមួយ​ផ្សេង​ទៀត​ ក្រៅ​តែ​ពី​ព្រលាន​យន្តហោះ​ទាំង​3ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​នោះ​ទេ​។

    អាសន្ន​រោគកូរ៉ូណា​​ Covid-19 បាន​ចាប់​ផ្ដើម​ផ្ទុះ​ការ​ឆ្លង​រាល​ដាល​ចេញ​ពី​ទី​ក្រុង​ Wuhan​ ខេត្ត​ Hubei នៃ​ប្រទេស​ចិន កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ2019 បច្ចុប្បន្ន​ បាន​លេច​មុខ​នៅ​ក្នុង​ប្រទេស​ និង​តំបន់​ចំនួន​27នៅ​ទូទាំង​ពិភពលោក បណ្ដល​ឱ្យ​មាន​អ្នក​ស្លាប់​ 1,775​នាក់​ និង​អ្នក​ដែល​បាន​ឆ្លង​មេរោគ​នេះ ចំនួន​71,331​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស