Tag: វីរុសកូរ៉ូណា

  • អ្នក​ជំងឺ​កូរ៉ូណា​នៅ​សហរដ្ឋ​អាមេរិក​កើន​លើស​1.4​លាន​នាក់​! អ្នក​ជំនាញ​ថា​ វីរុស​អាច​ផ្ទុះ​ឆ្លង​ជា​លើក​ទីពីរ​

    អ្នក​ជំងឺ​កូរ៉ូណា​នៅ​សហរដ្ឋ​អាមេរិក​កើន​លើស​1.4​លាន​នាក់​! អ្នក​ជំនាញ​ថា​ វីរុស​អាច​ផ្ទុះ​ឆ្លង​ជា​លើក​ទីពីរ​

    សហរដ្ឋអាមេរិក​បាន​រកឃើញ​អ្នក​ជំងឺ​COVID-19ថ្មី​ជិត​24,000​នាក់​ក្នុង​រយៈ​ពេល​24ម៉ោង​ចុង​ក្រោយ​នេះ​ ធ្វើ​ឱ្យ​តួលេខ​អ្នក​ជំងឺ​កូរ៉ូណា​សរុប​ឡើង​ដល់​ជាង​1.4​លាន​នាក់​ ក្នុង​នោះ​មាន​ជាង​83,000​នាក់​បាន​បាត់បង់ជីវិត​។

    តួលេខ​នៃ​អ្នកជំងឺ​សរុប​ និង​អ្នកស្លាប់​សរុប​ដោយ​សារ​វីរុស​COVID-19នៅ​សហរដ្ឋ​អាមេរិក​នា​ពេល​បច្ចុប្បន្ន​គឺ​ 1,407,928​នាក់ និង​83,357​នាក់​ បន្ទាប់​ពី​ប្រទេស​នេះ​​ទើប​បាន​រកឃើញ​អ្នកជំងឺ​ថ្មី​23,895​នាក់ និង​អ្នក​ស្លាប់​ថ្មី​1,654​នាក់​បន្ថែម​ទៀត​​ក្នុង​ថ្ងៃ​នេះ​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​នៅ​សហរដ្ឋ​អាមេរិក​ក៏​បាន​កើន​ឡើង​ដល់​293,074​នាក់​។ នេះ​បើ​តាម​ Worlddometer ជា​គេហទំព័រ​​ដែល​ធ្វើ​បច្ចុប្បន្ន​ភាពនៃ​ស្ថាន​ភាព​វីរុស​COVID-19 លឿន​ជាង​គេ​បំផុត​។

    អភិបាល​រដ្ឋ​នូវយ៉ក លោក​ Andrew Cuomo កាល​ពីថ្ងៃទី​12​ឧសភា​​(13ឧសភា​នៅ​កម្ពុជា) បាន​ប្រកាស​ថា​ មាន​អ្នក​ស្លាប់​ថ្មី​ចំនួន​195​នាក់​នៅ​ក្នុង​រដ្ឋ​នីវ​យ៉ក ធ្វើ​ឱ្យ​អ្នកស្លាប់​សរុប​ដោយ​សារ​វីរុស​កូរ៉ូណា​ក្នុង​រដ្ឋ​នេះ​ឡើង​ដល់​21,835​នាក់​ ក្នុង​គ្រា​ដែល​តំបន់​ចំនួន​3​របស់​នីវ​យ៉ក ជិត​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​ បន្ទាប់​ពី​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ដែល​លោក Cuomo បាន​ដាក់​ចេញ​។

    ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សុខាភិបាល​របស់​សេតវិមាន​ លោក Anthony Fauci បាន​ព្រមាន​ថា បើ​សិន​ជា​​តំបន់​នានា​ប្រញាប់​ប្រញាល់​បើក​ទ្វារ​សេដ្ឋ​កិច្ច​ឡើង​វិញ​ នោះ​អាច​នឹង​មាន​ “ផលវិបាក​ធ្ងន់​ធ្ងរ”។​ លោក​ថា បណ្ដា​រដ្ឋ​ដែល​មើល​ស្រាល​ការ​ព្រមាន​របស់​ក្រុម​អ្នក​ជំនាញ​ការ​ ពួក​គេ​នឹង​មាន​ “ហានិភ័យ​ខ្ពស់​ក្នុង​ការ​ធ្វើ​ឱ្យ​​វីរុស​នេះ​​ផ្ទុះ​ឆ្លង​រាល​ដាល​​​ជា​លើក​ទីពីរ​ដោយ​មិន​អាច​គ្រប់គ្រង​បាន​”៕

    ប្រភព​៖​ សារ​ព័ត៌មាន​បរទេស​

  • ជាង​3.9​លាន​​នាក់​​ឆ្លង​​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក​

    ជាង​3.9​លាន​​នាក់​​ឆ្លង​​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក​

    វីរុស​COVID-19 បាន​សម្លាប់​មនុស្ស​ជាង​270,000​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​ជាង​3.9​លាន​នាក់​ នៅ​ទូទាំង​ពិភពលោក។

    ប្រទេស​និង​ដែន​ដី​ចំនួន​212​ក្នុង​ពិភពលោក គិត​មក​ដល់​ថ្ងៃ​នេះ​(8ឧសភា) មាន​អ្នក​ឆ្លង​វីរុស​​COVID-19 សរុប​3,915,974​នាក់ និង​អ្នក​ស្លាប់​សរុប​270,297​នាក់​។ អ្នកជំងឺ​កើន​97,410​នាក់ និង​អ្នក​ស្លាប់​កើន​6,188​នាក់​បើ​ធៀប​នឹង​តួលេខ​ម្សិល​មិញ​។ អ្នកជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​ក៏​បាន​កើន​ដល់​1,335,241​នាក់​ហើយ​ដែរ។ នេះ​បើ​តាម​ស្ថិតិ​របស់​ WorldMeters។

    ទ្វីប​អាមេរិក​គឺ​ជា​សម្បុក​មេរោគ​ធំបង្អស់​ក្នុង​ពិភពលោក ក្នុង​នោះ​អាមេរិក​ខាង​ជើង​​មាន​អ្នក​ជំងឺ​សរុប​1,411,447​នាក់ អាមេរិក​ខាង​ត្បូង​មាន​267,787​នាក់ ខណៈ​ទ្វីបអឺរ៉ុប​មាន​​1,553,700​នាក់ អាស៊ី​មាន​618,505​នាក់ និង​អាហ្វ្រិក​មាន​55,319​នាក់​។

    ជាង​3.9​លាន​​នាក់​​ឆ្លង​​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក​សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​សម្បុក​មេរោគ​កូរ៉ូណា​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក ដោយ​មាន​អ្នកជំងឺ​សរុប​1,290,242​នាក់ និង​អ្នក​ស្លាប់​សរុប​76,864​នាក់​ ក្នុង​មាន​អ្នកជំងឺ​ថ្មី​ចំនួន​32,191​នាក់ និង​អ្នក​ស្លាប់​ថ្មី​​មាន​ចំនួន​2,674​នាក់​។

    ប្រទេស​ដែល​មាន​អ្នកជំងឺ​COVID-19 សរុប​លើស​ពី​100,000​នាក់ ​មាន​10​ប្រទេស​ គឺ​សហរដ្ឋ​អាមេរិក​ អេស្ប៉ាញ​ អ៊ីតាលី អង់គ្លេស​ រុស្ស៊ី​ បារាំង អាល្លឺម៉ង់ ប្រេស៊ីល ទួរគី និង​អ៊ីរ៉ង់។ ចំណែក​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​លើស​ពី 10,000​នាក់​ រួម​មាន​5​ប្រទេស​ គឺ​សហរដ្ឋ​អាមេរិក អង់គ្លេស​ អ៊ីតាលី អេស្ប៉ាញ និង​ប្រទេស​បារាំង​៕

    ប្រភព​៖​ សារ​ព័ត៌មាន​បរទេស

  • ទាហាន​រុស្ស៊ី ជិត​900​នាក់​ បាន​ឆ្លង​វីរុស​COVID-19

    ទាហាន​រុស្ស៊ី ជិត​900​នាក់​ បាន​ឆ្លង​វីរុស​COVID-19

    របាយការណ៍​ដំបូង​ពី​ទីក្រុង​ម៉ូស្គូ ស្ដី​អំពី​ស្ថាន​ភាព COVID-19 ​ក្នុង​ជួរ​កង​ទ័ព​រុស្ស៊ី​ បាន​ឱ្យ​ដឹង​ថា ទាហាន​ចំនួន​874​នាក់​នៃ​ប្រទេស​នេះ បាន​ឆ្លង​វីរុសបង្ក​ជំងឺ​​រលាក​សួត​ប្រភេទ​ ក្នុង​នោះ​មាន​ទាហាន​4​នាក់​កំពុង​ស្ថិត​ក្នុង​សភាព​ធ្ងន់​ធ្ងរ​។

    “ការ​ធ្វើ​តេស្ត​រក​មេរោគ​ក្នុង​ជួរ​កង​ទ័ព​រស្ស៊ី រាប់​ចាប់ពី​ខែ​មីនា ដល់​ថ្ងៃទី​26​មេសា​ បាន​បង្ហាញ​ថា​ ទាហាន​ចំនួន​874​នាក់ មាន​លទ្ធផល​​វិជ្ជ​មាន​ជាមួយ​នឹង​ COVID-19។ ក្នុង​ចំណោម​នេះ មាន​314​នាក់​កំពុង​ទទួល​ការ​ព្យាបាល​នៅ​ក្នុងមន្ទីរ​ពេទ្យរបស់​​ក្រសួង​ការ​ពារ​ជាតិ​ 175​នាក់​ទទួល​​ការ​ព្យាបាល​នៅ​ក្នុង​បន្ទាយ​ 6​នាក់​ព្យាបាល​នៅ​មន្ត្រី​ពេទ្យ​សាធារណៈ និង​379នាក់​ទៀត​កំពុងបង្ខាំង​ខ្លួន​ក្នុងផ្ទះ​” នេះ​បើ​តាម​ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ ​ប្រកាស​កាល​ពី​ម្សិលមិញ​។

    កង​ទ័ព​រុស្ស៊ី​បាន​ឱ្យ​ដឹង​បន្ថែម​ថា ទាហាន​4នាក់​មាន​អាការ​ធ្ងន់​ធ្ងរ​បន្ទាប់​ពី​បាន​ឆ្លង​វីរុស​COVID-19 ក្នុង​នោះ​មាន​អ្នក​ជំងឺ​ម្នាក់​ត្រូវ​បំពាក់​ម៉ាស៊ីន​ជំនួយ​ដង្ហើម​។ 15​នាក់​​ស្ថិត​ក្នុង​ស្ថាន​ភាព​មធ្យម ​ក្រៅ​ពី​នេះ​គឺ​ពុំ​ទាន់​មាន​រោគ​សញ្ញា​​នៅ​ឡើយ។ ជាង​នេះ កង​ទ័ព​រុស្ស៊ី​ក៏បាន​រក​ឃើញ​បុគ្គលិក​ផ្នែក​ស៊ីវិល​របស់​ខ្លួន​ចំនួន​245​នាក់​ និង​សិក្ខាកាម​​779​នាក់​នៅ​តាម​បណ្ដា​សាលា​យោធា​ ក៏​មាន​ផ្ទុក​វីរុស​នេះ​ ប៉ុន្តែ​ភាគ​ច្រើន​ពុំ​ទាន់​មាន​រោគ​សញ្ញា។

    របាយ​ការណ៍​បាន​សរសេរ​ថា “ទាហាន​ទាំង​អស់​ត្រូវ​បាន​ពិនិត្យ​សុខភាព​រៀង​រាល់​ថ្ងៃ​។ យាន​យន្ត​ទាំង​អស់​របស់​កង​ទ័ព​ ក៏ត្រូវ​បាន​បាញ់​ថ្នាំ​សម្លាប់​មេរោគ​យ៉ាង​ទៀត​ទាត់​ផងដែរ​”។

    កង​ទ័ព​រុស្ស៊ី កាលពី​សប្ដាហ៍​មុន​បាន​ប្រកាស​ថា ទាហាន​របស់​ខ្លួន​រាប់​ពាន់​នាក់ ដែល​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​ធ្វើ​ការ​ហ្វឹក​ហាត់​សម្រាប់​ពិធី​ព្យុហយាត្រា​​រំឭក​ពី​ជ័យ​ជម្នះ​​នៅ​ទីក្រុង​ម៉ូស្គូ ត្រូវ​បង្ខំ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​2សប្ដាហ៍​ បន្ទាប់​ពី​ត្រឡប់​មក​កាន់​អង្គ​ភាព ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​វីរុស​COVID-19។​ ប៉ុន្តែ កង​ទ័ព​រុស្ស៊ី​មិន​បាន​បញ្ជាក់​ថា នេះ​ជា​វិធាន​ការ​ដើម្បី​ទប់​ស្កាត់​​ជា​មុន​ ឬ​មួយ​មាន​ករណី​ឆ្លង​មេរោគ​រួច​ហើយ​នោះ​ទេ​។

    COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និងដែន​ដី​ចំនួន​210​ ក្នុង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជិត​3​លាន​នាក់​បាន​ឆ្លង​មេរោគ និង​ជាង​206,000​នាក់​បាន​បាត់​បង់ជីវិត​។ កាលពី​ម្សិល​មិញ រុស្ស៊ី​បាន​រាយការណ៍​ថា​ ប្រទេស​នេះ​ មាន​អ្នក​ជំងឺ​80,949​នាក់​បាន​ឆ្លង​វីរុស​ ក្នុង​នោះ​មាន​747​នាក់​បាន​ស្លាប់ និង​6,767​នាក់​បាន​ជា​សះស្បើយ​។ រដ្ឋាភិបាល​ប្រទេស​នេះ​បាន​ធ្វើ​តេស្ត​រក​មេរោគ​COVID-19 សរុប​ជាង​2.8​លាន​នាក់​នៅ​ទូទាំង​ប្រទេស​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • មនុស្ស​ជិត​197,000​នាក់​បាន​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​សកល​លោក

    មនុស្ស​ជិត​197,000​នាក់​បាន​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​សកល​លោក

    ពិភពលោក​ទាំង​មូល​មាន​អ្នក​ស្លាប់​ជិត​197,000​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺ​ជាង​​2,8​លាន​នាក់​ ដែល​ភាគ​ច្រើន​កើត​ឡើង​នៅ​ក្នុង​ទ្វីប​អឺរ៉ុប និង​អាមេរិក។

    យោង​តាម​សាកល​វិទ្យា​ល័យ​ Johns Hopkins ​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ ក្នុង​ពិភពលោក បាន​រក​ឃើញ​អ្នក​ជំងឺ​COVID-19 ចំនួន​2,826,847​នាក់​ ក្នុង​នោះ​ក៏​មាន​អ្នក​ស្លាប់​ប្រមាណជា​197,082​​នាក់​ផងដែរ​ ដោយ​មាន​អ្នកជំងឺ​ថ្មី​82,396​​នាក់ និង​អ្នក​ស្លាប់​ថ្មី​5,617​នាក់​។ ចំណែក​អ្នកជំងឺ​ដែល​បាន​ជា​សះស្បើយ​មាន​ចំនួន​779,774​នាក់​។

    សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​សម្បុក​មេរោគ​កូរ៉ូណា​ធំជាង​គេ​ក្នុង​ពិភពលោក​ ជាមួយ​នឹង​អ្នកជំងឺ​សរុប​923,612​នាក់ និង​ស្លាប់​សរុប​51,017​នាក់​។ អ្នក​ជំងឺ​ថ្មី​ កើន​37,170​នាក់​ និង​អ្នក​ស្លាប់​កើន​ 1,858​នាក់។

    អេស្ប៉ាញ​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​ក្នុង​ពិភពលោក និង​ជា​ “វាល​ពិឃាត” របស់​ COVID-19 ធំជាង​គេ​លំដាប់​ទី​3​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក និង​អ៊ីតាលី​។ អេស្ប៉ាញ​មាន​អ្នក​ស្លាប់​សរុប​ឡើង​ដល់​ជាង​22,500​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​ជិត​220,00​0​នាក់​។ អ្នកជំងឺ​ថ្មី​ មាន​6,740​នាក់​ និង​អ្នក​ស្លាប់​ថ្មី​​ មាន​367​នាក់​។

    អ៊ីតាលី​៖ អ្នក​ជំងឺ​ថ្មី​3,021​នាក់ អ្នក​ស្លាប់​ថ្មី​​420​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​192,994​នាក់ និង​អ្នក​ស្លាប់​សរុប​25,969​នាក់​។

    បារាំង​៖ មាន​អ្នកជំងឺ​ថ្មី​1,645​នាក់ អ្នក​ស្លាប់ថ្មី​389​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​159,828​នាក់​ និង​អ្នក​ស្លាប់​សរុប​22,245​នាក់​។

    អាល្លឺម៉ង់​​ត្រូវ​បាន​វាយ​តម្លៃ​ថា​ បាន​ប្រតិកម្ម​ឆាប់​រហ័ស​ទៅ​នឹង​ COVID-19 ហើយ​អាច​គ្រប់​គ្រប​វីរុស​បាន​យ៉ាង​ល្អ​នៅ​ដំណាក់​កាល​ដំបូង​។ ប៉ុន្តែ អធិការបតី​ Angela Merkel បាន​ព្រមាន​ថា នេះ​គ្រាន់​តែ​ជា​ចំណុច​ចាប់​ផ្ដើម​ដំបូង​នៃ​រោគ​រាត​ត្បាត​តែ​ប៉ុណ្ណោះ។ អាល្លឺម៉ង់​ បច្ចុប្បន្ន​មាន​អ្នកជំងឺ​សរុប​143,464​នាក់ និង​អ្នក​ស្លាប់​សរុប​5,760​នាក់​ ក្នុង​នោះ​អ្នក​ជំងឺ​ថ្មី​មាន​1,870​នាក់​ និង​អ្នក​ស្លាប់ថ្មី​185​នាក់​។

    អង់គ្លេស​ទើបបាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​ 5,386​នាក់​ និង​អ្នក​ស្លាប់​ថ្មី​684​នាក់​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ជំងឺ​សរុប​ឡើង​ដល់​143,464​នាក់​ និង​អ្នក​ស្លាប់​សរុប​​19,506​នាក់។

    អ៊ីរ៉ង់​បាន​ក្លាយ​ជា​សម្បុក​មេរោគ​ធំជាង​គេ​នៅ​ក្នុង​ទ្វីប​អាស៊ី ដោយ​មាន​អ្នក​ជំងឺ​សរុប​88,194​នាក់។ ប្រទេស​នេះ​ទើប​​មាន​អ្នកស្លាប់​ថ្មី​93​នាក់​ ​នេះ​ជា​ថ្ងៃ​ទី​11​ហើយ​ដែល​​តួលេខ​អ្នក​ស្លាប់​ថ្មី​ក្រោម​100​នាក់​។ អ៊ីរ៉ង់​មាន​អ្នក​ស្លាប់​សរុប​5,574​នាក់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • WHO ដាស់តឿនពិភពលោក៖ កុំប្រហែស! ព្រោះ កូវីដ-19 នៅជាមួយយើងយូរតទៅទៀត…

    WHO ដាស់តឿនពិភពលោក៖ កុំប្រហែស! ព្រោះ កូវីដ-19 នៅជាមួយយើងយូរតទៅទៀត…

    ខណៈដែលប្រទេសជាច្រើនកំពុងស្ថិតក្នុងអំឡុងពេលបន្ធូរបន្ថយវិធានការបិទប្រទេស ដើម្បីកាត់បន្ថយផលប៉ះពាល់ខាងសេដ្ឋកិច្ច ដែលបណ្ដាលមកពីការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 នោះ លោក ថេដ្រូស អាត់ហាណូម គីប្រ៊ីយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក ឬ WHO បានចេញមកដាស់តឿនប្រទេសនានាថា ចូរកុំធ្វើអ្វីខុសឆ្គងឱ្យសោះ ព្រោះនៅមានដំណើរផ្លូវវែងឆ្ងាយតទៅទៀត ដែលត្រូវដើរ ហើយវីរុសកូវីដ-19 នឹងនៅជាមួយយើងយូរតទៅទៀត។

    លោក គីប្រ៊ីយេស៊ុស ថ្លែងថា “ប្រទេសភាគច្រើន នៅតែកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការឆ្លងរាលដាលប៉ុណ្ណោះ ខណៈដែលប្រទេស ដែលមានការឆ្លងរាលដាលតាំងពីដំបូងៗនោះ ខណៈនេះ ក៏កំពុងរកឃើញការឆ្លងរាលដាលថ្មីៗកើតឡើងដូចគ្នា..”

    លោកប្រធានអង្គការ WHO បានសម្ដែងក្ដីកង្វល់ពាក់ព័ន្ធនឹងសញ្ញានៃការកើនឡើងក្នុងការឆ្លងរាលដាលដ៏ធំមួយនៅក្នុងផ្លែកខ្លះរបស់ទ្វីបអាហ្វ្រិក ខណៈដែលការឆ្លងរាលដាលនៅក្នុងអឺរ៉ុបខាងលិច មើលទៅហាក់ដូចជាកំពុងស្ថិតក្នុងសភាវស្មើ និងថយចុះជាបណ្ដើរៗហើយ។

    លោក គីប្រ៊ីយេស៊ុស បានដាស់តឿនថា នៅតែមានចន្លោះប្រហោងជាច្រើនទៀត ក្នុងការដាក់វិធានការដើម្បីការពារការឆ្លងរាលដាលរបស់មេរោគវីរុសកូវីដ-19 ទូទាំងពិភពលោក និងគ្មានប្រទេសណាមួយក្នុងពិភពលោក មានភាពត្រៀមខ្លួនរួចជាស្រេចគ្រប់យ៉ាងឡើយ។ ប្រទេសនានាចាំបាច់ត្រូវចំណាយប្រាក់ពាក់ព័ន្ធនឹងការត្រៀមខ្លួនឱ្យរួចជាស្រេច ព្រោះក្នុងខណៈពេលនេះ មានត្រឹមតែ 76% ប៉ុណ្ណោះ ដែលមានប្រព័ន្ធតាមដានដែលអាចត្រួតពិនិត្យរកអ្នកឆ្លងមេរោគបាន។

    ស្ថិតក្រោមពាក្យរិះគន់ថា WHO ឆ្លើយតបនឹងការឆ្លងរាលដាលរបស់មេរោគកូវីដ-19 មិនបានល្អគ្រប់គ្រាន់នោះ លោកគីប្រ៊ីយេស៊ុស នៅតែអះអាងថា ការប្រកាសសភាវអាសន្នកម្រិតពិភពលោក ដែលជាការប្រកាសកម្រិតខ្ពស់បំផុតរបស់អង្គការមួយនេះកាលពីថ្ងៃទី30 មករាកន្លងទៅ គឺជាពេលវេលាដែលសមរម្យហើយ និងស្ថិតក្នុងអំឡុងពេលដែលពិភពលោកមានពេលវេលាល្មមគ្រប់គ្រាន់ សម្រាប់ទប់ទល់នឹងស្ថានការណ៍ទាំងនោះ ដោយខណៈនោះ មានអ្នកឆ្លងមេរោគកូវីដ-19 នៅក្រៅប្រទេសចិន មានត្រឹមតែ 82នាក់ប៉ុណ្ណោះ។

    ចំណែកលោក ម៉ៃក៏ រ៉ៃអាន់ អ្នកជំនាញការរបស់អង្គការ WHO បានដាស់តឿនថា ការបើកដំណើរការទេសចរណ៍លឿនជ្រុលពេក ត្រូវមានការគ្រប់គ្រងចាត់ការភាពប្រថុយប្រថានយ៉ាងប្រុងប្រយ័ត្ន ព្រោះខណៈពេលនេះ ក្នុងតំបន់ខ្លះរបស់ទ្វីបអាហ្វ្រិក ដូចជា សូម៉ាលី ជាដើម បានរកឃើញការកើនឡើងនៃអ្នកឆ្លងមេរោគដល់ទៅជិត 300% ក្នុងអំឡុងសប្ដាហ៍កន្លងទៅ ដែលការណ៍នេះបានបង្ហាញឱ្យឃើញថា ស្ថានការណ៍ការឆ្លងរាលដាលធំនៅក្នុងទ្វីបអាហ្វ្រិក ទើបតែចាប់ផ្ដើមប៉ុណ្ណោះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • COVID-19 នៅ​អាស៊ីអាគ្នេយ៍៖ សិង្ហបុរី​ឈរ​កំពូល​តារាង​ ខណៈ​ដែល​4​ប្រទេស​​ទៀត​មិន​ទាន់​មាន​ករណី​ស្លាប់​

    COVID-19 នៅ​អាស៊ីអាគ្នេយ៍៖ សិង្ហបុរី​ឈរ​កំពូល​តារាង​ ខណៈ​ដែល​4​ប្រទេស​​ទៀត​មិន​ទាន់​មាន​ករណី​ស្លាប់​

    នៅ​អាស៊ីអាគ្នេយ៍​ តួលេខ​នៃ​អ្នក​ជំងឺ​ COVID-19 បាន​កើន​លើស​30,000​នាក់​។ សិង្ហបុរី​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​ក្នុង​តំបន់​នេះ​ ដោយ​មាន​អ្នក​ជំងឺ​សរុប​8,014​នាក់ កើន​1,426​ករណី ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​11​នាក់​។

    ក្រសួង​សុខាភិបាល​សិង្ហបុរី​ បាន​ឱ្យ​ដឹង​ថា ករណី​ឆ្លង​ថ្មី​ភាគ​ច្រើន​នៅ​ក្នុង​ជំរំ​ស្នាក់​នៅ​របស់​ពលករ​បរទេស​ ខណៈ​ដែល​16​ករណី​គឺជា​ជនជាតិ​សិង្ហបុរី​ និង​អ្នក​ស្នាក់​នៅ​អចិន្ត្រៃយ៍​។ 90%​នៃ​អ្នក​ជំងឺ​សរុប​នៅ​សិង្ហបុរី​ គឺជាប់​ទាក់​ទង​ជាមួយ​​បុគ្គលិក​បរទេស​។

    ឥណ្ឌូនេស៊ី មាន​អ្នកជំងឺ​ថ្មី​185​នាក់ និង​អ្នក​ជំងឺសរុប​6,760​នាក់​ ខណៈ​អ្នកស្លាប់​ថ្មី​មាន​8​នាក់ និង​អ្នក​ស្លាប់​សរុប​ឡើង​ដល់​590​នាក់ ក្នុង​នោះ​មាន​វេជ្ជ​បណ្ឌិត​20​រូប​ផងដែរ​។

    ហ្វីលីពីន​៖ អ្នក​ស្លាប់​សរុប​បាន​កើន​ដល់​428​នាក់ បន្ទាប់​ពី​មាន​ករណី​ស្លាប់​ថ្មី​19​នាក់​កាល​ពី​ម្សិល​មិញ​។ អ្នក​ជំងឺថ្មី​មាន​ចំនួន​200​នាក់ និង​អ្នក​ជំងឺ​សរុប​មាន 6,459​នាក់​។

    ម៉ាឡេស៊ី មាន​អ្នក​ជំងឺ​ថ្មី​36​នាក់ និង​អ្នក​ជំងឺសរុប​មាន 5,425​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​89​នាក់​។

    ប្រទេសថៃ​៖ ថ្ងៃ​នេះ​បាន​រាយការណ៍​ថា មាន​អ្នក​ជំងឺ​ថ្មី​27​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺសរុប​2,792​នាក់។ ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ប្រទេស​នេះមាន​47​នាក់​។

    ឡាវ និង​ទីម័រ​ខាង​កើត​នៅ​តែ​ជា​ប្រទេស​ដែល​មាន​អ្នកជំងឺCOVID-19 តិច​ជាង​គេ​បង្អស់​ក្នុង​តំបន់​អាស៊ិអាគ្នេយ៍​ ដោយ​មាន​អ្នកជំងឺ​សរុប​ជា​បន្ត​បន្ទាប់​គឺ​19 និង​22​នាក់​។ វៀតណាម ឡាវ​ កម្ពុជា​ និង​ទីម័រ​ខាង​កើត​គឺជា​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ដែល​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារ​វីរុស​ COVID-19 នៅ​ឡើយ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ជិត​170,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក​

    ជិត​170,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក​

    សកល​លោក​ទាំង​មូល​មាន​អ្នក​ស្លាប់​​ជិត​170,000​នាក់​​ ក្នុង​ចំណោម​អ្នក​ជំងឺ​COVID-19​​​ ជិត​2.5​លាន​នាក់​ ដែល​ភាគ​ច្រើន​នៅ​សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​។

    ស្ថិតិ​របស់​សាកល​វិទ្យា​ល័យ Johns Hopkins របស់​សហរដ្ឋ​អាមេរិក បាន​ឱ្យ​ដឹង​ថា មនុស្ស​​ចំនួន​ 2,470,410​នាក់​ បាន​ឆ្លង​វីរុស​ COVID-19 នៅ​ក្នុង​ប្រទេស​ និងដែន​ដី​ចំនួន​210​ នៅ​ទូទាំង​ពិភព​លោក​ ក្នុង​នោះ​មាន​ 169,595​​នាក់​បាន​ស្លាប់​។ អ្នក​ជំងឺ​ថ្មី​ កើន​76,117​នាក់ និង​អ្នក​ស្លាប់​ថ្មី​កើន​4,657​នាក់ បើ​ធៀប​នឹង​ម្សិល​មិញ​។

    សហរដ្ឋ​អាមេរិក​ នៅ​តែ​ជា​សម្បុកមេរោគ​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក ដោយ​មាន​អ្នក​ជំងឺ​សរុប​782,159​នាក់ អ្នក​ស្លាប់​សរុប​41,872​នាក់​។ អ្នកជំងឺ​ COVID-19 ដែល​បាន​ជា​សះស្បើយ​ក្នុង​ប្រទេស​នេះ កើន​ដល់​71,832​នាក់​។

    អេស្ប៉ាញ​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​ទី2​ក្នុង​ពិភពលោក ដោយ​មាន​អ្នក​ស្លាប់​20,852​នាក់​ ខណៈ​ដែល​អ្នក​ជំងឺ​ថ្មី​មាន​ចំនួន​4,266​នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នកជំងឺ​សរុប​ឡើង​ដល់​200,210​នាក់​។ ប្រទេស​នេះ​​ទើប​បាន​ជួប​តួលេខ​​នៃ​អ្នក​ស្លាប់​ដោយសារ​ COVID-19 ទាប​បំផុត​ក្នុង​អំឡុង​1​ខែ​មក​នេះ​ ហើយ​ក៏ជា​លើក​ដំបូង​ដែល​អេស្ប៉ាញ​មាន​អ្នក​ស្លាប់​តិច​ជាង​400​នាក់​ក្នុង​1​ថ្ងៃ​ រាប់​ចាប់​ពី​រោគ​រាត​ត្បាត​នេះ​ឆ្លង​ដល់​ប្រទេស​នេះ​។

    អ៊ីតាលី៖ អ្នកជំងឺ​ថ្មី​2,256​នាក់ អ្នក​ជំងឺ​សរុប​181,228​នាក់ ខណៈ​​អ្នក​ស្លាប់ថ្មី​454​នាក់ អ្នក​ស្លាប់​សរុប​24,114​នាក់។

    បារាំង​៖ អ្នក​ជំងឺ​ថ្មី​3,585​នាក់ អ្នកស្លាប់​ថ្មី​574​នាក់ និង​អ្នកជំងឺ​សរុប​156,479​នាក់​ អ្នក​ស្លាប់​សរុប​20,292​នាក់​។

    អាល្លឺម៉ង់​៖ អ្នកជំងឺ​ថ្មី​1,469​នាក់ អ្នក​ស្លាប់ថ្មី​120​នាក់​ ចំណែក​អ្នក​ជំងឺ​សរុប​មាន​146,653​នាក់ និង​អ្នក​ស្លាប់​សរុប​4,706​នាក់​។

    អង់គ្លេស​៖ អ្នក​ជំងឺ​ថ្មី​4,676​នាក់ អ្នកស្លាប់​ថ្មី​449​នាក់ និង​អ្នកជំងឺ​សរុប​124,743​នាក់ អ្នក​ស្លាប់​សរុប​16,509​នាក់។

    ប្រទេស​ចិន៖ តួលេខ​ចុង​ក្រោយ​បង្ហាញ​ថា ប្រទេស​នេះ​មាន​អ្នកជំងឺសរុប​83,817​នាក់ និង​អ្នក​ស្លាប់​សរុប​4,636​នាក់​។

    អ៊ីរ៉ង់​នៅ​តែ​ជា​សម្បុកមេរោគ​ធំជាង​គេ​ទី​2​នៅ​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​ ដោយ​មាន​អ្នក​ជំងឺសរុប​83,505​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់5,209​នាក់​​។ អ្នកជំងឺ​ថ្មី​ និង​អ្នក​ស្លាប់​ថ្មី​នៅ​ប្រទេស​នេះ គឺ​មាន​1,294​ និង​91​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ស្ថិតិ​ថ្មីនៅ​អាស៊ីអាគ្នេយ៍​៖ 5ប្រទេស​ដែល​មាន​អ្នកជំងឺ​COVID-19 ច្រើន​ជាង​1,000​នាក់​

    ស្ថិតិ​ថ្មីនៅ​អាស៊ីអាគ្នេយ៍​៖ 5ប្រទេស​ដែល​មាន​អ្នកជំងឺ​COVID-19 ច្រើន​ជាង​1,000​នាក់​

    ឥណ្ឌូនេស៊ី បាន​លោត​រំលង​ម៉ាឡេស៊ី​ និង​ក្លាយ​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​លំដាប់​ទី​2​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ បន្ទាប់​ពី​ហ្វីលីពីន​ ដែល​ជា​ប្រទេស​មាន​អ្នកជំងឺ​ថ្មី​ជាង​1,000​នាក់​។

    ប្រទេស​ឥណ្ឌូនេស៊ី​ថ្ងៃ​នេះ​បាន​រាយ​ការណ៍​ថា បាន​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​380​នាក់ និង​អ្នក​ស្លាប់​ថ្មី​29​នាក់​ដោយ​សារ​វីរុស​COVID-19 នាំ​ឱ្យ​ចំនួន​អ្នក​ជំងឺ​សរុប​នៅ​ប្រទេស​នេះ​ កើន​ដល់​5,516​នាក់ និង​អ្នក​ស្លាប់​សរុប​ឡើង​ដល់​498​នាក់​។

    ​តួលេខនៃ​​អ្នក​ជំងឺ​COVID-19 របស់​ឥណ្ឌូនេស៊ី ក៏បាន​កើន​លើស​ម៉ាឡេស៊ី​ ហើយក្លាយ​ជា​​សម្បុក​មេរោគ​កូរ៉ូណា​ធំជាង​គេ​លំដាប់​ទី​2​នៅ​អាស៊ីអាគ្នេយ៍​។ ប្រទេស​នេះ​បាន​ប្រកាស​អាសន្ន​ចាប់​ពី​ចុង​ខែ​មីនា​ដើម្បី​ទប់​ទល់​នឹង​វីរុស​នេះ​។ រដ្ឋាភិបាល​ក៏បាន​ប្រកាស​ផ្ដល់​ជំនួយ​ដល់​ពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​ផងដែរ​។

    ឥណ្ឌូនេស៊ី​បាន​ធ្វើ​តេស្ត​រក​មេរោគ​ជូន​ប្រជាជន​ជិត​40,000​នាក់​ ខណៈ​ដែល​អ្នក​ជំងឺ​បាន​កើន​ឡើង​ដល់​ជាង​11,800​នាក់​។ ក្រុម​មន្ត្រី​រដ្ឋា​ភិបាល​ឥណ្ឌូនេស៊ី បាន​ឱ្យ​ដឹង​ថា​​ តួលេខ​នៃ​ករណី​ឆ្លង​វីរុស​នៅក្នុង​ប្រទេស​នេះ​អាច​​ឡើង​ដល់​ចំណុច​កំពូល​នៅ​ដើម​ខែ​ឧសភា​ខាង​មុខ​។

    ចំណែក​ហ្វីលីពីន​វិញ នៅ​តែ​បន្ត​ជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ខណៈ​បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​207​នាក់​ និង​អ្នក​ស្លាប់​ថ្មី​13​នាក់​បន្ថែម​ទៀត​ នាំ​ឱ្យ​អ្នក​ជំងឺ​សរុប​ឡើង​ដល់​5,660​នាក់ និង​អ្នក​ស្លាប់​សរុប​362​នាក់​។ អ្នក​ជំងឺ​បាន​ជា​សះ​ស្បើយ​ក្នុង​ប្រទេស​នេះ​ក៏បាន​កើន​ដល់​435​នាក់​។

    ម៉ាឡេស៊ីបាន​រកឃើញ​ករណី​ឆ្លង​ថ្មី​110​នាក់​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​អ្នកជំងឺ​សរុប​កើន​ដល់​5,182​នាក់​ ខណៈ​អ្នក​ស្លាប់​បាន​ឡើង​ដល់​84​នាក់​ ដោយ​មាន​ករណី​ស្លាប់​ថ្មី​1​នាក់ក្នុង​ថ្ងៃ​នេះ​។

    ម៉ាឡេស៊ី​បាន​ចេញ​បញ្ជា​ដាក់​បម្រាម​គោចរ​ទូទាំង​ប្រទេស​​ចាប់​ពី​ថ្ងៃទី​18​មីនា​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​COVID-19។ ក្រៅ​ពី​បិទ​ព្រំដែន​ ប្រទេស​នេះ​ក៏​បាន​បិទសាលា​រៀន​ក្នុង​រយៈ​ពេល​2សប្ដាហ៍ និង​ហាម​ប្រារព្ធ​ពិធី​ជួប​ជុំ​ផ្សេងៗ​ផងដែរ​។ វិហារ​សាសនា និង​ហាង​លក់​ដូរ​ផ្សេង​ៗ លើក​លែង​តែ​ផ្សារ​ទំនើប​ និង​ធនាគារ ក៏ត្រូវ​បាន​ផ្អាក​ដំណើ​ការ​។

    សិង្ហបុរី​ ថ្ងៃនេះ​ក៏បាន​រកឃើញ​អ្នកជំងឺ​ថ្មី​447​នាក់ ធ្វើ​ឱ្យ​អ្នកជំងឺ​សរុប​ឡើង​ដល់​3,699​នាក់​ ក្នុង​នោះ​មាន​10​នាក់​បាន​បាត់​បង់​ជីវិត​។

    នៅ​ក្នុង​ករណី​ឆ្លង​មេរោគ​ថ្មី មាន​404​ករណី​ជាប់ទាក់​ទិន​នឹង​តំបន់​ស្នាក់​នៅ​របស់​​ពលករ​បរទេស​ 5ករណី​គឺជា​ពលករ​ក្រៅ​ស្រុក​រស់នៅ​តំបន់​ផ្សេង និង​38​ករណី​គឺ​ឆ្លង​ពី​សហគមន៍។

    ខាងក្រោម​នេះ​គឺជា​តារាង​ស្ថិតិ​ថ្មី​នៃ​ករណី​ឆ្លង​ និង​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​អាស៊ីអាគ្នេយ៍៖

    ស្ថិតិ​ថ្មីនៅ​អាស៊ីអាគ្នេយ៍​៖ 5ប្រទេស​ដែល​មាន​អ្នកជំងឺ​COVID-19 ច្រើន​ជាង​1,000​នាក់​ប្រភព៖ សារ​ព័ត៌មានបរទេស

  • ជិត​134,000​នាក់​ស្លាប់​ដោយ​សារ​COVID-19 នៅ​ទូទាំង​ពិភពលោក

    ជិត​134,000​នាក់​ស្លាប់​ដោយ​សារ​COVID-19 នៅ​ទូទាំង​ពិភពលោក

    ពីភពលោក​ទាំង​មូល​មាន​អ្នក​ស្លាប់​ជិត​134,000​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺជាង​2លាន​នាក់​ ដោយ​​សារ​បាន​ឆ្លង​វីរុស​​COVID-19​។

    យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យា​ល័យ​ Johns Hopkins បាន​ឱ្យ​ដឹង​ថា ទូទាំង​ពិភពលោក​ មាន​មនុស្ស​ 1,056,055​​​នាក់​បាន​ឆ្លង​វីរុស និង​133,572​នាក់​បាន​បាត់​បង់ជីវិត​ដោយ​សារ​តែ​ COVID-19។ បច្ចុប្បន្ន វីរុស​នេះ​បាន​រាត​ត្បាត​ដល់​ប្រទេស​ និង​ដែន​ដី​ចំនួន​210​នៅ​លើ​ភព​ផែន​ដី​។ អ្នកជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​ មាន​ចំនួន​509,741​នាក់​ ខណៈ​អ្នកជំងឺ​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​មាន​ចំនួន​51,144​នាក់​។

    សហរដ្ឋ​អាមេរិក​​នៅ​តែ​ជា​សម្បុក​មេរោគ​ធំជាង​គេ​ក្នុង​ពិភពលោក​​ ដោយ​មាន​អ្នក​ជំងឺ​សរុប​636,350​នាក់ និង​ស្លាប់​​សរុប​27,940​នាក់​។ អ្នក​ជំងឺ​កើន​33,361​នាក់ និង​អ្នក​ស្លាប់​កើន​2,365​នាក់​ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​។

    អេស្ប៉ាញ​៖ អ្នក​ជំងឺ​ថ្មី​3,584​នាក់ និង​អ្នក​ស្លាប់​ថ្មី​453​នាក់​។ អ្នក​ជំងឺ​សរុប​177,644​នាក់ និង​អ្នក​ស្លាប់​សរុប​18,708​​នាក់​។ ប្រទេស​នេះ ជា​សម្បុក​មេរោគ​ធំជាង​គេ​នៅ​អឺរ៉ុប និង​ធំលំដាប់​ទី​2​នៅ​ក្នុង​ពិភពលោក​។

    អ៊ីតាលី​៖ អ្នកជំងឺថ្មី​2,667​នាក់ និង​អ្នក​ស្លាប់​ថ្មី​578​នាក់​។ អ្ន​ក​ជំងឺ​សរុប​165,155​នាក់ និង​អ្នក​ស្លាប់​សរុប​21,645​នាក់​។

    បារាំង​៖ អ្នកជំងឺ​ថ្មី​4,560​នាក់ និង​អ្នក​ស្លាប់​ថ្មី​1,438​នាក់។ អ្នក​ជំងឺសរុប​147,863​នាក់ និង​អ្នក​ស្លាប់​សរុប​17,167​នាក់​។ អ្នកជំងឺ​ដែល​ត្រូវ​ការ​ព្យាបាល​សកម្ម​បាន​​ថយ​ចុះ​បន្តិច​ក្នុង​រយៈ​ពេល​7ថ្ងៃ​ចុង​ក្រោយ​នេះ​។

    អាល្លឺម៉ង់​៖ អ្នក​ជំងឺ​ថ្មី​1,246​នាក់ និង​ស្លាប់​ថ្មី​97​នាក់​។ អ្នកជំងឺ​សរុប​133,456​នាក់ និង​អ្នកស្លាប់​សរុ​3,592​នាក់​។ ប្រទេស​នេះ​ចាប់​ផ្ដើម​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​ក្នុង​ការ​ធ្វើ​ដំណើរ​ចាប់​ពី​ថ្ងៃទី​15​មេសា​។ ចុះណែក​​ហាង​ដែល​មាន​ទំហំ​ក្រោម​ 800​ម៉ែត្រ​ក្រឡា​​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ឡើង​វិញ​បើ​សិន​ជា​មាន​ “គម្រោង​រក្សា​អនាម័យ” ត្រឹម​ត្រូវ​។ ប៉ុន្តែ បម្រាម​ដែល​មិន​ឱ្យ​ជួប​ជុំ​លើស​ពី​2​នាក់​នៅ​ទី​សាធារណៈ​ នៅ​តែ​អនុវត្ត​ធម្មតា​ លើក​លែង​តែ​ជា​សមាជិក​ក្នុង​គ្រួសារ​។

    អង់គ្លេស​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​5​នៅ​អឺរ៉ុប ដោយ​មាន​អ្នកជំងឺសរុប​98,476​នាក់​ និង​អ្នក​ស្លាប់សរុប​12,868​នាក់​។ អ្នក​ជំងឺថ្មីមាន4,603​នាក់ និង​អ្នក​ស្លាប់​ថ្មី​761​នាក់​។ ស្ថិតិ​អំពី​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​អង់គ្លេស​ ត្រូវ​បាន​គិត​តែ​អ្នក​ជំងឺ​ដែល​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​ប៉ុណ្ណោះ​។

    ប្រទេស​ចិន​ និង​កូរ៉េខាងត្បូង​មិន​ទាន់​ប្រកាស​ស្ថិតិ​ថ្មី​នៅ​ឡើយ​សម្រាប់​ថ្ងៃ​នេះ ប៉ុន្តែ តួលេខ​ចុង​ក្រោយ​របស់​ចិន​ឱ្យ​ដឹង​ថា អ្នក​ជំងឺ​សរុប​របស់​ប្រទេស​នេះ មាន​ចំនួន​82,295នាក់​ និង​អ្នក​ស្លាប់​សរុប​មាន​ចំនួន​​3,342នាក់ ខណៈ​កូរ៉េខាង​ត្បូង​ មាន​អ្នក​ជំងឺ​សរុប​10,591នាក់ និង​ស្លាប់​សរុប​225​នាក់​។

    អ៊ីរ៉ង់​នៅ​តែ​បន្ត​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​នៅ​អាស៊ី​ ដោយ​មាន​អ្នកជំងឺ​សរុប​76,389​នាក់ និង​ស្លាប់​សរុប​4,777​នាក់​។ អ្នក​ជំងឺ​ថ្មី1,512​នាក់ និង​ស្លាប់​ថ្មី​94​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • នៅមានវីរុស “រង់ចាំចម្លង” មកមនុស្ស រាប់សែនរាប់លានទៀត!!

    នៅមានវីរុស “រង់ចាំចម្លង” មកមនុស្ស រាប់សែនរាប់លានទៀត!!

    ក្រុមអ្នកស្រាវជ្រាវវិភាគពីមហាវិទ្យាល័យកាលីហ្វ័រនៀ តំបន់ដេវីស រដ្ឋកាលីហ្វ័រនៀ សហរដ្ឋអាមេរិក ដឹកនាំដោយសាស្ត្រាចារ្យ គ្រីស្ទីន ឃ្រូឌើរ ចនសុន នាយិកាមជ្ឈមណ្ឌលការឆ្លងរាតត្បាតដើម្បីសិក្សាស្រាវជ្រាវមេរោគ ក្នុងសាខាស្ថាប័ន វ័នហ៊ែល នៃគ្រោងការគ្រូពេទ្យសត្វ របស់យូស៊ី ដេវីស បានផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយដោយការវិភាគព័ត៌មានពីការឆ្លងរាលដាលរបស់មេរោគវីរុស ពីសត្វមករកមនុស្ស រួមទាំងអស់ 140ប្រភេទ។

    ទាំង 140ប្រភេទនេះ ជាមេរោគវីរុសដែលរកឃើញឆ្លងរាលដាលនៅលើមនុស្ស និងជាមេរោគដែលរកឃើញថា មាននៅក្នុងសត្វស្ពីហ្ស៊ីស៍ផ្សេងៗតាំងពីពេលមុនរួចមកហើយ ដោយចំនួននេះរាប់តែមេរោគដែលបានបង្ហាញខ្លួនមុនឆ្នាំ2014 ប៉ុណ្ណោះ។

    លទ្ធផលសរុបរបស់ការងារស្រាវជ្រាវមួយនេះ គួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង ដោយលោកស្រី ឃ្រូឌើរ៍ ចនសុន បានសរុបលទ្ធផលដូចតទៅ…៖

    “ការចម្លងរបស់វីរុសទាំងឡាយពីសត្វមកមនុស្ស គឺជាលទ្ធផលដោយផ្ទាល់ពីទង្វើរបស់មនុស្សយើង ដែលចូលទៅពាក់ព័ន្ធជាមួយជីវិតសត្វក្នុងព្រៃធម្មជាតិ និងទីស្នាក់អាស្រ័យរបស់ពួកវា”

    ហេតុផលដែលជួយឱ្យមើលឃើញរូបភាពច្បាស់លាស់ខ្លាំងឡើងនោះគឺ សត្វផ្សេងៗដែលត្រូវមនុស្សរុករានរហូតស្ទើរតែផុតពូជ ដោយសារតែមនុស្សចូលទៅបំផ្លាញទីតាំងដែលជាទីកន្លែងស្នាក់អាស្រ័យរបស់ពួកវា ឬចូលទៅប្រមាញ់ ដាក់អន្ទាក់ចាប់ ទាំងដើម្បីយកមកធ្វើជាអាហារ និងដើម្បីជំនួញសត្វព្រៃ ទាំងក្នុងប្រទេស និងក្រៅប្រទេសទាំងឡាយនោះ មានមេរោគវីរុសស្ថិតនៅក្នុងខ្លួនវាជាច្រើនប្រភេទ ច្រើនជាងចំនួនប្រភេទវីរុសដែលយើងទាំងអស់គ្នាស្គាល់ និងដឹងថា បានឆ្លងរាលដាល ក្លាយជាជំងឺរាតត្បាតនៅលើមនុស្សដល់ទៅទ្វេគុណឯណោះ ពេលនាំយកមកប្រៀបធៀបជាមួយសត្វដែលជិតផុតពូជដោយវិធីការផ្សេងៗ។

    លោកស្រី ឃ្រូឌើរ ចនសុន បានប្រាប់បន្តទៀតថា៖ “លទ្ធផលរបស់ទង្វើចូលទៅបំផ្លាញ កម្ទេចទីកន្លែងរស់នៅ ឬចាប់ ឬប្រមាញ់សត្វព្រៃទាំងនោះ គឺសត្វទាំងនោះបានចម្លងមេរោគវីរុសដែលពួកវាមាននៅក្នុងខ្លួន មកឱ្យយើង រឹតតែទង្វើបំផ្លាញសត្វព្រៃបែបៗនេះ កើតឡើងច្រើនប៉ុនណា ភាពប្រថុយប្រថានក្នុងការកើតការឆ្លងរាលដាលរបស់វីរុស ពីសត្វមកមនុស្ស ក៏រឹតតែកើនឡើងច្រើនប៉ុននោះដែរ”

    លោកស្រី បានបន្តថា៖ “ជាសំណាងអាក្រក់ខ្លាំងណាស់ ដែលក្នុងករណីខ្លះរបស់ការទទួលមេរោគដែលចម្លងមកពីសត្វ ចូលមកបែបនេះ មានបច្ច័យផ្សេងដទៃទៀតជាច្រើន ដែលចៃដន្យចូលមករួមចំណែកដែរ ទើបធ្វើឱ្យកើតករណីធ្ងន់ធ្ងរឡើង ដូចសភាវកោលាហលដែលយើងកំពុងជួបប្រទះក្នុងពេលបច្ចុប្បន្ននេះ ជាដើម”

    ការរកឃើញលើកនេះ គឺជាភ័ស្តុតាងបន្ថែម ដែលមានកាន់តែច្រើនឡើងជារឿយៗ។ ក្នុងអំឡុងជាច្រើនសិបឆ្នាំកន្លងមកនេះ យើងបានបំផ្លាញតំបន់ព្រៃភ្នំ បំផ្លាស់ប្ដូរស្ថានភាពតំបន់ព្រៃ ឱ្យក្លាយជាទីប្រជុំជន ជាទីក្រុង និងការពង្រីកតំបន់ធ្វើកសិកម្ម ដែលកាន់តែធំឡើងជារឿយៗ ដើម្បីតបស្នងតម្រូវការបរិភោគរបស់ប្រជាជនលើពិភពលោក ដែលកើនច្រើនឡើងជារឿយៗដូចគ្នា ដែលអ្វីទាំងអស់នេះ សុទ្ធតែធ្វើឱ្យមនុស្សចូលទៅប៉ះពាល់ជិតស្និទ្ធជាមួយហ្វូងសត្វព្រៃដែលមានមេរោគវីរុសនៅក្នុងខ្លួនពួកវាដ៏ច្រើនមហាសាលទាំងនោះច្រើនឡើង និងកាន់តែច្រើនឡើង៕

    ប្រភព៖ សារព័ត៌មានបរទេស