Tag: វីតាមីន B12

  • ការចិញ្ចឹមកូនក្នុងសតវត្សរ៍ទី21 ត្រូវត្រៀមជាស្រេចសម្រាប់កូនប៉ុនណាទើបគ្រប់គ្រាន់?

    ការចិញ្ចឹមកូនក្នុងសតវត្សរ៍ទី21 ត្រូវត្រៀមជាស្រេចសម្រាប់កូនប៉ុនណាទើបគ្រប់គ្រាន់?

    ត្រូវទទួលស្គាល់ថា ពិភពលោករាល់ថ្ងៃនេះវិលលឿនមែនទែន មិនដូចយុគសម័យយើងកាលពីអតីតឡើយ ក្មេងដែលកើត និងធំធាត់ឡើងក្នុងយុគសតវត្សរ៍ទី21នេះ កំពុងជួបជាមួយយុគសម័យដែលមានការផ្លាស់ប្ដូរលឿនបំផុតក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។ ឪពុកម្ដាយខ្លួនឯងក៏កំពុងតែប្រឈមនឹងការសាកល្បងដែលមិនធ្លាប់កើតឡើងពីមុនដូចគ្នាដែរ ឧទាហរណ៍ដូចជា អាជីពមុខរបរជាច្រើនកាលពីអតីតកាលត្រូវរលាយបាត់អស់ ខណៈពេលជាមួយគ្នាក៏មានអាជីពថ្មីៗដែលមិនធ្លាប់នឹកស្មានបានកើតឡើង ដូចជា Youtuber ឬ Caster ការសរសេរ Coding របស់លេង ឬវិធីការរៀនយល់ដឹងបែបថ្មីៗដែលធ្វើឱ្យបទពិសោធកាលពីអតីតកាលរបស់ឪពុកម្ដាយលែងអាចជួយក្នុងការចិញ្ចឹមកូនបានតទៅទៀត។

    3រឿងចម្បងៗគឺ Skillsets /ចំណេះដឹង/វិធីគិត ដែលឪពុកម្ដាយមិនធ្លាប់ជួបពីមុនមក ដូចជា Collaborative skills, Active learning, Analytical thinking ទាំងអស់នេះធ្វើឱ្យកើតមានសម្ពាធក្នុងការចិញ្ចឹមកូនដែលឪពុកម្ដាយត្រូវព្យាយាមត្រៀមកូនឱ្យរួចជាស្រេច តែទោះជាប្រឹងព្យាយាមយ៉ាងណា ក៏យើងគ្មានថ្ងៃដឹងបានឡើយថា វាគ្រប់គ្រាន់ឬអត់? ព្រោះពិភពលោកនាពេលអនាគត អាចមានរឿងជាច្រើនទៀតដែលយើងគិតមិនដល់ ទាំងផ្នែកការរស់នៅ ការរៀនសូត្រ និងធ្វើការនាពេលអនាគត រួមទាំងការរស់នៅរួមគ្នាក្នុងសង្គមផងដែរ។

    រឿងមួយគត់ដែលឪពុកម្ដាយក្នុងសតវត្សរ៍ទី21 ធ្វើបានល្អបំផុតគឺ ការត្រៀមឱ្យរួចជាស្រេចឱ្យកូន ជាមួយនឹងការរៀនយល់ដឹង និងប្រឈមជាមួយគ្រប់ស្ថានការណ៍ដែលកើតឡើង ដើម្បីថា ទោះជាគេនឹងជួបរឿងអ្វីនៅពេលអនាគត ក៏អាចទប់ទល់បានយ៉ាងទាន់សភាពការណ៍ ត្រៀមជាស្រេចក្នុងការរៀនយល់ដឹងរឿងរ៉ាវផ្សេងៗដែលកើតឡើងបានយ៉ាងពេញប្រសិទ្ធភាពបំផុត។

    ដែលមុននឹងត្រៀមឱ្យរួចជាស្រេចនេះ ឪពុកម្ដាយត្រូវមានការយល់ដឹងពាក់ព័ន្ធការអភិវឌ្ឍខួរក្បាលរបស់កូន ព្រោះខួរក្បាលបំពេញតួនាទីពាក់ព័ន្ធនឹងការរៀនយល់ដឹង ការគិត និងការចងចាំ ជាឧបករណ៍ដ៏សំខាន់ក្នុងការរៀនយល់ដឹងយ៉ាងគ្មានទីបញ្ចប់។ ដោយតាំងពីកើតមករហូតដល់អាយុ 6ឆ្នាំ ជាអំឡុងពេលដែលខួរក្បាលសាងកោសិកាប្រសាទចំនួនដ៏ច្រើន ធ្វើឱ្យខួរក្បាលមានទំហំដ៏ធំ និងធំឡើងលឿន។ បន្ទាប់ពីនោះក្នុងអំឡុងអាយុ 6-12ឆ្នាំ ជាអំឡុងវ័យដែលមានការតភ្ជាប់ការធ្វើការងាររបស់ខួរក្បាលឱ្យមានប្រសិទ្ធភាពខ្លាំងឡើង ដោយកម្មវិធីដែលហៅថា Synaptic pruning ឬកម្មវិធីកាត់តុបតែងចរន្តប្រព័ន្ធប្រសាទ។ កោសិកាខួរក្បាលផ្នែកណាបានប្រើ បានត្រូវជំរុញនឹងត្រូវបានរក្សាទុក ផ្នែកដែលមិនបានប្រើក៏នឹងត្រូវកាត់ចោល។ កោសិកាប្រសាទផ្នែកដែលត្រូវបានជ្រើសរើសរក្សាទុក នឹងបានទទួលការអភិវឌ្ឍបន្ត ដូច្នេះ បើខួរក្បាលកុមារមិនបានទទួលការអភិវឌ្ឍ កោសិកាខួរក្បាលដែលគួរមានឱកាសអភិវឌ្ឍ ក៏នឹងចុះខ្សោយបាត់ទៅ ធ្វើឱ្យជំនាញ ឬសមត្ថភាពផ្សេងៗបាត់បង់អស់នៅពេលធំឡើង។ ក្រៅពីនេះ ខួរក្បាលនៅត្រូវការ គ្លុយខូស(ជាតិស្ករ) និងអុកស៊ីហ្ស៊ែនដែលជាថាមពលចម្បងក្នុងការធ្វើការងារ ជាពិសេសអុកស៊ីហ្ស៊ែន ដែលខួរក្បាលត្រូវការច្រើនដល់ទៅ 20%របស់អុកស៊ីហ្ស៊ែនដែលមនុស្សយើងដកដង្ហើមចូលទៅក្នុងរាងកាយ។ រឹតតែមានការរៀនយល់ដឹងច្រើន ខួរក្បាលរឹតតែត្រូវការសារធាតុអាហារ និងអុកស៊ីហ្ស៊ែនច្រើនឡើងដែរ។

    តើឪពុកម្ដាយអាចត្រៀមភាពត្រៀមរួចជាស្រេចឱ្យកូនយ៉ាងណាបាន?

    1. បង្ហាត់ឱ្យកូនចេះជួយខ្លួនឯង : អាចបង្ហាត់បានតាំងពីកូននៅតូច ដូចជាញ៉ាំបាយ ងូតទឹក ដុសធ្មេញខ្លួនឯង ធ្វើឱ្យកូនមានអារម្មណ៍ថា ខ្លួនឯងអាចប្រើការបាន ធ្វើអ្វីក៏បាន ស្រឡាញ់ និងមានមោទនភាពលើខ្លួនឯង ឬដែលហៅថា Self-esteem ដែលជានេះដំណាក់កាលដំបូងរបស់ការអភិវឌ្ឍខួរក្បាល។
    2. បណ្ដោយឱ្យកូនលេង ព្រោះការលេង គឺការងាររបស់កូន : អំឡុងពេលដែលកូនលេង នឹងកើតមានការកំណត់គោលដៅរយៈខ្លីជាលើកៗដោយធម្មជាតិ។ មានការប្រើម្រាមដៃទាំងដប់ និងប្រព័ន្ធប្រសាទប៉ះពាល់ទាំង5 ធ្វើឱ្យខួរក្បាលផ្នែកខាងមុខបានទទួលការអភិវឌ្ឍ។ ឧទាហរណ៍ ការលេងដែលជួយជំរុញខួរក្បាលកូន មានដូចជា ការផាត់ពណ៌ សូនរូបដីឥដ្ឋ លេងតម្រៀបរូប តោងឡើង ជាដើម។
    3. សាងសម្ព័ន្ធភាពដ៏ល្អដោយការចិញ្ចឹមកូនបែបវិជ្ជមាន : ដោយការបង្ហាត់បង្រៀនកូនដោយហេតុផល បើកឱកាសឱ្យកូនចេះគិតវិភាគ យល់ដឹង ដោះស្រាយបញ្ហាដោយខ្លួនឯង ដែលនឹងជួយអភិវឌ្ឍ “ខួរក្បាលផ្នែកគិត” បន្តឆ្ពោះទៅរកការរៀនយល់ដឹងដ៏ច្រើនទៀត។ ឯការសម្លុត ទិតៀន ចម្អក ឬដាក់ទោសឱ្យរាងចាល នឹងធ្វើឱ្យកូនមានអារម្មណ៍ថាមិនមានសុវត្ថិភាព ហើយខួរក្បាលមិនបានទទួលការអភិវឌ្ឍ។
    4. យកចិត្តទុកដាក់រឿងភោជនាហារ : ជាពិសេសបំផុត សារធាតុអាហារដែលប្រើក្នុងការអភិវឌ្ឍខួរក្បាលរបស់កូន មានដូចជា ប្រូតេអ៊ីន អាស៊ីតខ្លាញ់ចាំបាច់ DHA និង ARA សារធាតុដែក អ៊ីយ៉ូដ វីតាមីន A វីតាមីន B12 ដែលអាចធ្វើបានតាំងពីពេលកូនកើតមក ដោយការចិញ្ចឹមកូនដោយទឹកដោះម្ដាយយ៉ាងតិច 6ខែ តាមដោយការមើលថែទាំកូនឱ្យបានទទួលអាហារស័ក្តិសមទៅតាមវ័យ ដូចជា ស៊ុត ត្រីសមុទ្រ ល្ពៅ មើមការ៉ុត បន្លែស្លឹកបៃតង ទឹកស៊ុបដែលមានគុណប្រយោជន៍ ជាដើម។

    ជាសរុបទៅគឺ បើសួរថា តើការចិញ្ចឹមកូនក្នុងសម័យនេះ មានអ្វីដែលខុសប្លែកពីសម័យមុនខ្លះនោះ ចម្លើយក៏គឺ គោលការណ៍ជាមូលដ្ឋានគ្រឹះមិនខុសគ្នាទេ បើខុសក៏ត្រង់រឿថតិចណូឡូជី ដូច្នេះយើងត្រូវត្រៀមកូនឱ្យរួចជាស្រេចក្នុងការរៀនយល់ដឹងគ្រប់ពេលវេលា ដោយសង្កត់ធ្ងន់លើការអភិវឌ្ឍជំនាញគ្រប់ផ្នែក ទាំងជំនាញការធ្វើឱ្យខ្លួនមានសុវត្ថិភាព និងជំនាញក្នុងការរស់នៅ រួមទាំងយកចិត្តទុកដាក់លើរឿងភោជនាហារដែលមានផលល្អចំពោះខួរក្បាល ដើម្បីឱ្យកូនអាចរស់នៅក្នុងសង្គមបានយ៉ាងមានសេចក្ដីសុខ និងក្លាយជាបុគ្គលដែលទទួលបានជោគជ័យក្នុងសតវត្សរ៍ទី 21នេះ៕

  • ឪពុកម្ដាយថ្មោងថ្មីគួរដឹង…សភាវកូនតូចស្លេកស្លាំង សង្កេតយ៉ាងណា?

    ឪពុកម្ដាយថ្មោងថ្មីគួរដឹង…សភាវកូនតូចស្លេកស្លាំង សង្កេតយ៉ាងណា?

    សភាវស្លេកស្លាំង ជាអាការដែលគេប្រទះឃើញនៅលើកុមារតូចៗ បង្ហាញពីភាពខុសប្រក្រតីរបស់រាងកាយដែលស្បែក ឬសាច់ភ្នាសក្នុងរាងកាយមានពណ៌ស្លេក ដែលអាចកើតឡើងបានទូទាំងរាងកាយ ឬអាចកើតនៅលើតែបរិវេណណាមួយ និងច្រើនតែកើតឡើងនៅលើផ្ទៃមុខ សាច់ភ្នាសក្នុងមាត់ អណ្ដាត និងកែវភ្នែក។ នៅពេលដែលរាងកាយមានបរិមាណគ្រាប់ឈាមក្រហមថយចុះ ឬភាពខាប់របស់ “អេម៉ូគ្លោប៊ីន” ថយចុះនឹងធ្វើឱ្យសុខភាពរបស់កូនមិនរឹងមាំ រួមទាំងមានវិវឌ្ឍនាការខាងផ្នែកផ្សេងៗយឺតយ៉ាវទៀតផង ដូច្នេះលោកឪពុកអ្នកម្ដាយចាំបាច់ត្រូវសិក្សារឿងសភាវកូនស្លេកស្លាំងនេះផង ដើម្បីទុកជាគន្លងក្នុងការការពារ និងព្យាបាលដូចខាងក្រោមនេះ…។

    កូនស្លេកស្លាំង ធ្វើម្ដេចឪពុកម្ដាយដឹងបាន?

    ការសង្កេតមើលថា តើកូនស្លេកស្លាំងឬទេនោះ អ្នកម្ដាយអាចដឹងបានតាមរយៈការសង្កេតមើលថា កូនមានអាការនឿយដង្ហក់ ឆាប់ហត់ជាងធម្មតា ដកដង្ហើមញាប់ សាច់ស្បែកឡើងស្លេក ឬលឿង ខុសប្រក្រតីពីពណ៌ស្បែកដើម។ អាចសង្កេតនៅលើបបូរមាត់ ឬផ្នែកក្នុងត្របកភ្នែកខាងក្រោម និងការមើលនៅលើស្បែកដូចជា លើផ្ទៃមុខអាចនឹងពិបាកសម្គាល់ បើក្មេងមានសម្បុរ-ស តែបើសិនជាត្រូវការចង់ដឹងច្បាស់លាស់ ត្រូវជោះឈាមពិនិត្យមើលពណ៌ និងចំនួនរបស់គ្រាប់ឈាមក្រហម។ បើរកឃើញថា កូនមានអាការទាំងនោះ ឪពុកម្ដាយមិនគួរប្រហែស និងបណ្ដែតបណ្ដោយឡើយ ព្រោះអាការទាំងនោះ បើមិនបានទទួលការព្យាបាល អាចហុចផលអាក្រក់ដល់វិវឌ្ឍនាការរបស់កូនជាច្រើនទៀត។

    កូនស្លេកស្លាំង មានមូលហេតុមកពីអ្វី?

    បញ្ហារោគស្លេកស្លាំងអាចកើតឡើងដោយសារច្រើនមូលហេតុ ដោយអាចបណ្ដាលមកពីការដែលរាងកាយខ្វះសារធាតុអាហារប្រភេទខ្លះ ដូចជាខ្វះសារធាតុដែក ប្រូតេអ៊ីន អាស៊ីតហ្វូលិក និងវីតាមីន B12 ដែលជាសារធាតុសំខាន់ក្នុងការផលិតឈាម។ ការខ្វះសារធាតុទាំងនេះនឹងធ្វើឱ្យក្មេងស្លេកស្លាំងបាន និងការប្រសូតមុនកំណត់ ការមានព្រូន ឬមានសភាវខាងពូជអម្បូរប្រភេទម្យ៉ាង

    ក៏ជាមូលហេតុដែលធ្វើឱ្យក្មេងកើតជំងឺស្លេកស្លាំង។ ភាគច្រើនជំងឺស្លេកស្លាំង ច្រើនបណ្ដាលមកពីការខ្វះសារធាតុដែក ឬអាចហៅម្យ៉ាងទៀតថា “ជំងឺឈាមស្លេក”។

    កូនស្លេកស្លាំង តើត្រូវព្យាបាលឬទេ?

    បើឪពុកម្ដាយរកឃើញថា កូនកើតជំងឺស្លេកស្លាំង ឬមានអាការប្រថុយនឹងការកើតជំងឺស្លេកស្លាំង ឪពុកម្ដាយមិនគួរប្រហែសឡើយ ត្រូវប្រញាប់នាំកូនទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាល ព្រោះអាការរបស់ជំងឺស្លេកស្លាំងនេះ បើមិនបានទទួលការព្យាបាលទេនោះ អាចហុចផលអាក្រក់ដល់វិវឌ្ឍនាការរបស់កូនជាច្រើនទៀត ដូចជាអាចបណ្ដាលឱ្យខួរក្បាលធ្វើការយឺតយ៉ាវ ដោយសារតែបានទទួលអុកស៊ីហ្ស៊ែនពីគ្រាប់ឈាមក្រហមតិចតួច បណ្ដាលឱ្យមានអារម្មណ៍មិនស្វាហាប់ ស្ពឹកស្រពន់ អាចហុចផលឱ្យកូនរៀនយល់ដឹងយឺតជាងក្មេងក្នុងវ័យដូចគ្នា ដោយសារតែសភាវស្លេកស្លាំងធ្វើឱ្យកូនមិនឃ្លានចំណីអាហារ ញ៉ាំបានតិច ធ្វើឱ្យរាងកាយកាន់តែខ្វះសារធាតុអាហារ ហុចផលប៉ះពាល់ដល់សុខភាពធ្វើឱ្យសុខភាពរបស់កូនមិនរឹងមាំ ងាយឈឺថ្កាត់ និងថែមទាំងធ្វើឱ្យកូនមានការចម្រើនធំធាត់យឺតទៀតផង។

    កូនស្លេកស្លាំង តើត្រូវចិញ្ចឹម និងមើលថែទាំយ៉ាងណា?

    ការមើលថែទាំ ពេលកូនមានសភាវស្លេកស្លាំង ឪពុកម្ដាយអាចធ្វើបាន គឺប្រតិបត្តិតាមពាក្យណែនាំរបស់គ្រូពេទ្យ ឱ្យកូនញ៉ាំថ្នាំយ៉ាងត្រឹមត្រូវតាមវេជ្ជបញ្ជា មើលថែទាំលើរឿងអនាម័យរបស់កូនដើម្បីកាត់បន្ថយឱកាសឆ្លងមេរោគផ្សេងទៀត។ គួរឱ្យកូនញ៉ាំអាហារដែលមានប្រយោជន៍គ្រប់ 5ប្រភេទក្រុមឱ្យបានរាល់ថ្ងៃ ដើម្បីឱ្យកូនបានទទួលសារធាតុអាហារគ្រប់ចំនួន ដើម្បីឱ្យរាងកាយកូនបានរឹងមាំ និងដែលសំខាន់មួយទៀត គឺ​ត្រូវនាំកូនទៅជួបគ្រូពេទ្យតាមការណាត់ និងប្រញាប់ទៅជួបមុនណាត់នៅពេលដែលអាការផ្សេងៗកាន់តែអាក្រក់ឡើង ឬមានអាការមិនប្រក្រតីណាមួយខុសពីមុន។

    សភាវស្លេកស្លាំងលើកុមារតូចជារឿងគួរឱ្្យខ្លាច តែក៏អាចការពារបានយ៉ាងងាយដែរ ដោយចាប់ផ្ដើមពីការឱ្យញ៉ាំអាហារឱ្យបានគ្រប់ 5ប្រភេទក្រុម ទាំងបាយ ស៊ុតក្រហម សាច់សត្វ បន្លែផ្លែឈើ និងអាហារដែលមានសារធាតុដែកដែលមាននៅក្នុងសាច់ក្រហម ស៊ុតក្រហម គ្រឿងក្នុងសត្វ ថ្លើមជ្រូក ឈាមជ្រូក គ្រាប់ធញ្ញជាតិ បន្លែស្លឹកបៃតង និងទឹកដោះ ជាដើម។ ចំពោះទារកទើបនឹងកើតបានទទួលសារធាតុអាហារពីទឹកដោះម្ដាយ អ្នកម្ដាយអាចបង្កើនបានដោយការញ៉ាំអាហារដែលមានសារធាតុដែកខ្ពស់។ ត្រឹមតែប៉ុណ្ណឹង អ្នកម្ដាយក៏អាចការពារកូនតូចពីសភាវខ្លួនប្រាណស្លេកស្លាំងបានហើយ៕

  • គ្រោះថ្នាក់ 12យ៉ាង ចំពោះរាងកាយដោយសារការខ្វះ “វីតាមីន B12”

    គ្រោះថ្នាក់ 12យ៉ាង ចំពោះរាងកាយដោយសារការខ្វះ “វីតាមីន B12”

    កំលោះៗ ក្រមុំៗអាចនឹងស៊ាំធ្លាប់នឹងវីតាមីនតែប៉ុន្មានមុខប៉ុណ្ណោះ ព្រោះភាគច្រើនច្រើនតែងរកវីតាមីនមកញ៉ាំដើម្បីតែភាពស្រស់ស្អាត ដូចជាវីតាមីនC ដើម្បីថែបំប៉នស្បែក ឬវីតាមីនA ដើម្បីបំប៉នកែវភ្នែកជាដើម តែការពិតទៅវីតាមីន B ក៏សំខាន់ចំពោះរាងកាយ​មិនតិចជាងវីតាមីនប្រភេទផ្សេងទៀតឡើយ​ ជាពិសេសវីតាមីន B12 ដែលមានភាពសំខាន់ចំពោះប្រព័ន្ធផ្សេងៗរបស់រាងកាយ ប្រព័ន្ធប្រសាទ និងខួរក្បាលច្រើនលើសពីយើងគិតទៅទៀត។ បើរាងកាយមិនបានទទួលវីតាមីន B12 គ្រប់គ្រាន់ អាចនឹងបង្កឱ្យកើតគ្រោះថ្នាក់ដល់រាងកាយក្នុងផ្នែកផ្សេងៗបាន។

    ប្រយោជន៍របស់វីតាមីន B12
    វីតាមីនB មានចំណែកជួយក្នុងការផលិតកោសិកាគ្រាប់ឈាមក្រហម បំប៉នប្រព័ន្ធប្រសាទ និងខួរក្បាល បង្កើនកម​្មវិធីការផលិត DNA និងជួយដល់ការធ្វើការងាររបស់ប្រព័ន្ធផ្សេងៗក្នុងរាងកាយ។ ជាមធ្យមមនុស្សក្នុងវ័យធ្វើការគួរបានទទួលវីតាមីន B12 ក្នុង1ថ្ងៃ 2.4មីក្រូក្រាម ហើយវីតាមីន B12 ក៏ដូចវីតាមីនដទៃទៀតដែរដែលរាងកាយមិនអាចផលិតដោយខ្លួនឯងបាន​ និងត្រូវតែទទួលបានពីអាហារដែលអ្នកទទួលទានប៉ុណ្ណោះ។

    បច្ច័យប្រថុយប្រថានដែលអាចធ្វើឱ្យរាងកាយបានទទួលវីតាមីនB12តិចជ្រុល
    បើលោកអ្នកមានទង្វើដូចតទៅនេះ លោកអ្នកអាចប្រថុយនឹងការបានទទួលវីតាមីន B12 តិចជ្រុល ៖
    ទទួលទានមំសវិរតិ(មិនបរិភោគសាច់​សត្វ) ឬទទួលទានអាហារបួសរយៈពេលយូរ និងមិនបានទទួលទានវីតាមីនបន្ថែម ព្រោះវីតាមីនB12 គ្មាននៅក្នុងបន្លែទេ តែមាននៅក្នុងសាច់សត្វ ស៊ុត សត្វស្លាប​ អាហារប្រភេទទឹកដោះ និងអាហារផ្សេងទៀតដែលធ្វើពីសាច់សត្វ។

    អ្នកកើតជំងឺ ខ្រូន (Crohn ជាភាពខុស ប្រក្រតីរ៉ាំរ៉ៃរបស់ពោះវៀនធំ ធ្វើឱ្យកើតការឈឺក្ដៅផ្សារក្រហាយ និងហើមប្រព័ន្ធរំលាយ អាហារ) និងអ្នកដែលត្រូវញ៉ាំថ្នាំបញ្ចុះជាតិអាស៊ីតក្នុងក្រពះជាប្រចាំ ដែលអាចធ្វើឱ្យរាងកាយបឺតយកវីតាមីនB12 បាន តិច ព្រោះវីតាមីន B12 នឹង ត្រូវបឺតជ្រាបយកបានត្រូវតែមានជាតិអាស៊ីតនៅក្នុងប្រព័ន្ធរំលាយអាហារ។

    អាយុច្រើនឡើង ធ្វើឱ្យការផលិតទឹករំលាយអាហារ(អាស៊ីត)ក្នុងក្រពះថយចុះទៅតាមវ័យដែលធ្វើឱ្យការបឺតជ្រាបយកវីតាមីន B12 បានតិចទៅតាមហ្នឹងដែរ។

    គ្រោះថ្នាក់ចំពោះសុខភាពដោយសារការខ្វះវីតាមីន B12
    1. ប្រព័ន្ធការទទួលដឹង(វេទនារម្មណ៍) ធ្វើ
    ការខុសប្រក្រតី ដូចជាការដឹងពីរសជាតិ ឬការ ទទួលដឹងក្លិនផ្លាស់ប្ដូរ។
    2. មានអាការស្ពឹក ឬស្រពន់នៅលើដៃ ជើង និងបាតជើង។
    3. ពិបាកដើរ បាត់បង់ភាពរហ័សរហួន(ដើរ ទ្រេតទ្រោត ជើងទាំងពីរដើរមិនមានតុល្យភាពគ្នា)។
    4. ប្រថុយនឹងសភាវលោហិតស្លេក។
    5. ហើម ឬរលាកអណ្ដាត។
    6. រិះគិត ឬ វិភាគរឿងផ្សេងៗដើម្បីរកហេតុ ផលមិនសូវបាន ឬការចងចាំបាត់បង់អស់មួយ ចំណែក។
    7. ទប់ ឬទ្រាំការបន្ទោបង់មិនបាន។
    8. សុខភាពជារួមចុះទន់ខ្សោយ។
    9. ឆាប់ ឬងាយនឿយល្វើយ។
    10. ឆាប់ ឬងាយវិតក្កកង្វល់ និងស្រេ្ត
    11. សោកសៅ ឬចេះតែមើលឃើញទិដ្ឋ- ភាពអាក្រក់ៗ។
    12. ប្រថុយប្រថាននឹងជំងឺដែលពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទ ខួរក្បាល និងលោហិត។

    វិធីបង្កើនបរិមាណវីតាមីន B12 ក្នុងរាងកាយ
    1. ទទួលទានវីតាមីន B12 បន្ថែមពីពេលញ៉ាំអាហារប្រក្រតី(គួរទៅទទួលយកការប្រឹក្សានិងពិនិត្យសុខភាពដោយលម្អិត។អំពីគ្រូពេទ្យមុននឹងទិញមកទទួលទាន)។
    2.ទទួលអាហារដែលមានវីតាមីនB12ឱ្យបានច្រើនឡើង ដូចជា សាច់សត្វ សាច់ត្រី អាហារសមុទ្រ ផលិតផលធ្វើពីទឹកដោះគោផ្សេងៗ។

    ចំណេះដឹងបន្ថែមដែលមនុស្សយើងច្រើនតែយល់ខុសពាក់ព័ន្ធនឹងវីតាមីន B12
    អត្ថបទនៅក្នុងអុីនធើណិតអាចមាន ការអធិប្បាយថា វីតាមីនB12អាចការពារជំងឺខួរ ក្បាលចុះខ្សោយ ជំងឺបេះដូង ជំងឺរ៉ាំរ៉ៃ គ្រោះថ្នាក់ផ្សេងៗ រួមទាំងកែបញ្ហាសភាវគ្មានបុត្រ ជំងឺសើរស្បែក និងជំងឺផ្សេងៗទៀតជាច្រើនទៀត ដែលទាំងអស់នេះច្រើនតែចេញមកពីការសិក្សាវិ ភាគ ដែលមិនទាន់មានភ័ស្តុតាងច្បាស់លាស់នៅឡើយ។