Tag: វិវឌ្ឍនាការរបស់ក្មេង

  • វិវឌ្ឍនាការរបស់ក្មេងអាយុ 18ខែយ៉ាងណាខ្លះ? អ្នកម្ដាយត្រូវដឹង…

    វិវឌ្ឍនាការរបស់ក្មេងអាយុ 18ខែយ៉ាងណាខ្លះ? អ្នកម្ដាយត្រូវដឹង…

    វិវឌ្ឍនាការរបស់កុមារអាយុ 18ខែ ឬវ័យ 1ឆ្នាំកន្លះនេះ លោកឪពុកអ្នកម្ដាយប្រហែលជាល្មមមើលឃើញពីនិស្ស័យ ឬទេពកោសល្យរបស់កូនតូចខ្លះៗហើយថា តើមានបុគ្គលិកលក្ខណៈយ៉ាងណាខ្លះ?។ ក្មេងម្នាក់ៗមានចំណាប់អារម្មណ៍ផ្សេងៗពីគ្នា មានរូបបែបនៃការរៀនយល់ដឹងមិនដូចគ្នា បុគ្គលិកភាពក៏មិនដូចគ្នា ដូច្នេះទើបលោកឪពុកអ្នកម្ដាយមិនគួរប្រៀបធៀបកូនយើងជាមួយកូនរបស់អ្នកដទៃឡើយ។ ថ្ងៃនេះ ឡារ៉ែនសូមអញ្ជើញលោកឪពុកអ្នកម្ដាយមកមើលពីវិវឌ្ឍនាការក្នុងផ្នែកនីមួយៗរបស់កូនតូចវ័យ 18ខែនេះវិញប្រសើរជាង…។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 18ខែ ខាងផ្នែករាងកាយ

    ក្មេងវ័យ 18ខែ មានវិវឌ្ឍនាការខាងបណ្ដុំសាច់ដុំធំ ខ្លាំងជាងបណ្ដុំសាច់ដុំតូចៗ។ ក្មេងភាគច្រើននឹងចេះដើរបានចំណានហើយ និងថែមទាំងចូលចិត្តដើរបានពេញមួយថ្ងៃ ហើយក្មេងខ្លះថែមទាំងអាចចេះដើរថយក្រោយបានទៀតផង។ ក្មេងវ័យនេះនឹងចូលចិត្តលេងតោងឡើងលើកៅអី តុ គ្រែ និងចាប់ផ្ដើមចេះលោតបានខ្លះហើយ តែជាការលោតជើងទាំងពីរដំណាលគ្នា។ អាចឈានឡើងកាំជណ្ដើរបានដោយខ្លួនឯង តែនៅត្រូវមានអ្នកជួយទាញដៃម្ខាងឡើង។ ចំណែកពេលចុះវិញ នឹងនៅតែប្រើក្បាច់វារយកគូទចុះមុនដដែល ហើយការចាប់កាន់ក៏ធ្វើបានល្អហើយ ដោយសារតែភ្នែក និងដៃធ្វើការសហការគ្នាបានល្អហ្នឹងឯង និងអាចប្រើដៃមួលបើកបិទដៃទ្វារ ឬក្បាលរ៉ូប៊ីណេទឹកដោយដៃខាងដែលថ្នឹកបានហើយ។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 18ខែ ខាងផ្នែកសតិបញ្ញា និងការរៀនយល់ដឹង

    ពីអំឡុងអាយុ 18ខែដល់ 2ឆ្នាំ កូននឹងចាប់ផ្ដើមអភិវឌ្ឍចំណេះដឹងអំពីការមាន និងការបាត់ទៅវិញរបស់មនុស្ស និងវត្ថុរបស់របរផ្សេងៗដែលគេធ្លាប់ឃើញ ឬធ្លាប់លេងហើយ។ កូនតូចនឹងចាប់ផ្ដើមចេះចាំចំណាំបាន និងដឹងពីវត្ថុដែលគេធ្លាប់ឃើញ ទោះជាមិនឃើញនៅពីមុខគេនៅពេលហ្នឹងក៏ដោយ ក៏គេនឹងនៅតែដឹងថា នៅមាន ហើយនឹងព្យាយាមរករបស់ ឬវត្ថុនោះ(ឬមនុស្ស ដូចជាម្ដាយ)បានដែរ។ ដូចជាបើលោកអ្នកយកវត្ថុណាមួយឱ្យគេមើល រួចហើយយកទៅលាក់នៅក្រោមភួយ ដោយធ្វើឱ្យគេមើលឃើញនៅនឹងមុខនោះ គេនឹងដឹងភ្លាមថា វត្ថុនោះនៅក្រោមភួយ ហើយនឹងប្រញាប់យកដៃចាប់ទាញភួយចេញដើម្បីឱ្យបានឃើញវត្ថុនោះជាមិនខាន។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 18ខែ ខាងផ្នែកភាសា និងការទំនាក់ទំនង

    កូនចាប់ផ្ដើមយល់ពីពាក្យដែលនឹងប្រើសម្រាប់ប្រាប់ជាភាសាបានច្រើនឡើងហើយ ទោះជាបញ្ចេញសំឡេងចេញមកបានមិនអស់គ្រប់ពាក្យក៏ដោយ និងចេះនិយាយជាប្រយោគខ្លីបាន ដូចជាទៅដើរលេង ញ៉ាំទឹក ម៉ាក់ព…ជាដើម។ អ្នកម្ដាយចាំបាច់ត្រូវបង្កើន និងជំរុញវិវឌ្ឍនាការដល់កូនជាបន្តបន្ទាប់យ៉ាងជាប់លាប់ ដោយជំរុញឱ្យកូននិយាយឱ្យបានញឹកញាប់ បង្ហាត់ឱ្យគេចេះហៅឈ្មោះវត្ថុនោះគ្រប់ពេល ឬសួរជាសំណួរដើម្បីឱ្យកូនមានឱកាសបានរំឭកពីអ្វីដែលបានរៀនយល់ដឹងកន្លងមកដើម្បីឆ្លើយចេញមកជាពាក្យសំដីបាន។

    ឪពុកម្ដាយគួរចាប់ផ្ដើមបង្រៀនកូនឱ្យស្គាល់ “ខុស-ត្រូវ” និង “គួរ-មិនគួរ” ផង ដោយការធ្វើខ្លួនជាគំរូ និងសម្ដែងចេញពីក្ដីសុភាព ក្ដីគោរព និងភាពអនុគ្រោះចំពោះអ្នកដទៃ។ មិនគួរប្រើអំពើហិង្សា ដូចជាការវាយ ឬការស្រែកជេរបញ្ចោរថាឱ្យក្មេងធ្វើជាការបង្ហាត់បង្រៀនកុមារឡើយ ព្រោះអំពើហិង្សាដែលមនុស្សធំធ្វើទៅលើក្មេង មិនបានជួយធ្វើឱ្យអ្វីៗល្អប្រសើរឡើងឡើយ តែវាថែមទាំងធ្វើឱ្យគ្រប់យ៉ាងកាន់តែអាក្រក់ទៅ ក្មេងនឹងរឹតតែតតាំងខ្លាំងឡើង ហើយនឹងរៀនយល់ដឹងថា ការប្រើកម្លាំងបាយជារឿងធម្មតា ដែលគេក៏អាចប្រើកម្លាំងបាយទៅលើអ្នកដទៃបានដូចគ្នាដើម្បីឱ្យបាននូវអ្វីដែលខ្លួនត្រូវការ ព្រោះគេធំធាត់ឡើងមកក្នុងសភាវបែបហ្នឹង ដែលនេះគឺជាបញ្ហាធំមួយនៅពេលអនាគត៕

  • វិវឌ្ឍនាការរបស់ក្មេងអាយុ 17ខែយ៉ាងណាខ្លះ…អ្នកម្ដាយត្រូវតែដឹង!

    វិវឌ្ឍនាការរបស់ក្មេងអាយុ 17ខែយ៉ាងណាខ្លះ…អ្នកម្ដាយត្រូវតែដឹង!

    វិវឌ្ឍនាការរបស់ក្មេងអាយុ 17ខែ គួរតែរីកចម្រើនយ៉ាងណាខ្លះ លោកឪពុកអ្នកម្ដាយត្រូវតែដឹង…ដូច្នេះពេលនេះ យើងនាំគ្នាមកតាមដានមើលពីវិវឌ្ឍនាការរបស់ក្មេងពេលចូលមកដល់វ័យ 17ខែអំពីអ្វីដែលគេគួរតែធ្វើបានក្នុងវិវឌ្ឍនាការលើផ្នែកនីមួយជាមួយឡារ៉ែនទាំងអស់គ្នាជាបន្តដូចតទៅ។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 17ខែ ខាងផ្នែករាងកាយ និងការធ្វើចលនា

    ក្មេងមកដល់វ័យនេះ ចាប់ផ្ដើមដើរបានយ៉ាងចំណាប់ហើយ ចាប់ផ្ដើមចេះតោងឡើងទៅកាន់ទីកាន់តែខ្ពស់ឡើង ដូចជាចូលចិត្តតោងឡើងគ្រែ ឡើងកៅអី និងកាំជណ្ដើរជាដើម។ ពេលអ្នកម្ដាយបើកបទភ្លេងឱ្យគេស្ដាប់ គេនឹងចូលចិត្តរាំតាមចង្វាក់ភ្លេង និងរឿងដែលគេចូលចិត្តបំផុតនោះ គឺមួលកុងតាក់ផ្សេងៗរបស់វិទ្យុ ទូរទស្សន៍ចុះឡើងតាមដែលគេអាចមួលបាន ជាពិសេសបណ្ដាកុងតាក់ទាំងឡាយណាដែលពេលមួលហើយ នឹងមានសំឡេង ឬរូបភាពផ្លាស់ប្ដូរឱ្យគេឃើញ។ ដោយសារតែអំឡុងពេលនេះ សាច់ដុំចង្កោមតូចៗរបស់ក្មេងមានការវិវឌ្ឍដ៏ល្អ ធ្វើឱ្យគេអាចចាប់ កាន់ ឬសង្កត់ ចុចវត្ថុដែលមានទំហំតូចៗបាន។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 17ខែ ខាងផ្នែកសតិបញ្ញា និងការរៀនយល់ដឹង

    កូនតូចក្នុងវ័យនេះ ពេលបង្ហាត់បង្រៀនអ្វី គេនឹងធ្វើបានទាំងអស់ ដូចជា បង្រៀនឱ្យចេះស្លៀកខោ បង្រៀនឱ្យចេះប្រមូលរបស់លេងទុកដាក់ក្នុងកន្រ្តក ជាដើម។ កូនចាប់ផ្ដើមចេះប្រើពាក្យខ្លីៗដើម្បីចង់ប្រាប់ថា គេត្រូវការអ្វី ដូចជាប្រើពាក្យថា “ម៉ាំ” ឬ “ញ៉ាំ” ដើម្បីប្រាប់ឱ្យឪពុកម្ដាយបានដឹងថា គេឃ្លានហើយ ជាដើម។ល។ ក្មេងវ័យនេះ ជាវ័យដែលកំពុងរៀនយល់ដឹង ចូលចិត្តក្នុងការស្ទាប ឬប៉ះពាល់របស់ ឬវត្ថុផ្សេងៗជុំវិញខ្លួន ដូច្នេះឪពុកម្ដាយគួរប្រើឱកាសនេះក្នុងការជំរុញ បង្កើនវិវឌ្ឍនាការល្អៗដល់កូន ដោយបបួលកូនចាប់កាន់ និងពិនិត្យមើលវត្ថុរបស់របរផ្សេងៗដែលមាននៅក្នុងផ្ទះ ដើម្បីឱ្យកូនបានរៀនយល់ដឹង និងស្គាល់ភាពខុសគ្នាម្នាក់មួយបែបនៃរបស់ទាំងនោះ និងអ្វីដែលសំខាន់ ក្មេងវ័យនេះ នៅតែចូលចិត្តធ្វើត្រាប់តាមកាយវិការរបស់មនុស្សធំ មិនថាតែឥរិយាបថអង្គុយញាំអាហារ ការនិយាយទូរស័ព្ទ ជាដើម ដូច្នេះលោកឪពុកអ្នកម្ដាយចាំបាច់ត្រូវតែធ្វើជាគំរូដ៏ល្អដល់កូន។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 17ឆ្នាំ ខាងផ្នែកភាសា និងការទំនាក់ទំនង

    ក្មេងវ័យនេះនឹងចេះនិយាយពាក្យផ្សេងៗបានល្អច្រើនជាងមុនហើយ និងចាប់ផ្ដើមចេះរួមពាក្យឱ្យក្លាយជាប្រយោគងាយៗ ខ្លីៗ ដូចជា “អត់ទៅ” “ដើរលេង” ឬ”ចាប់ចាប” ជាដើម។ ឪពុកម្ដាយត្រូវនិយាយជាមួយកូនឱ្យបានច្រើន នាំកូននិយាយពាក្យផ្សេងៗ ថ្មីៗ ដោយចាប់ផ្ដើមពីពាក្យ 2ព្យាង្គ បន្ថែមឡើងជារឿយៗ។ ការហៅឈ្មោះកូនឱ្យបានញឹកញាប់ ក៏ជាការជំរុញ និងបង្កើនវិវឌ្ឍនាការខាងផ្នែកភាសាដ៏ល្អយ៉ាងគ្រប់ផ្នែករបស់កូនតូចដែរ។

    លោកឪពុក អ្នកម្ដាយកុំភ្លេចបំពេញបន្ថែមបទពិសោធថ្មីៗទៅកូន ដើម្បីឱ្យកូនបានរៀនយល់ដឹង និងប្រមូលសន្សំបទពិសោធ ដើម្បីវិវឌ្ឍនាការដ៏ល្អគ្រប់ផ្នែករបស់កូនតូច៕

  • វិវឌ្ឍនាការរបស់ក្មេងអាយុ 15ខែយ៉ាងណាខ្លះ…អ្នកម្ដាយត្រូវតែដឹង!

    វិវឌ្ឍនាការរបស់ក្មេងអាយុ 15ខែយ៉ាងណាខ្លះ…អ្នកម្ដាយត្រូវតែដឹង!

    វិវឌ្ឍនាការរបស់ក្មេងអាយុ 15ខែគួរតែមានបែបណាខ្លះនោះ លោកឪពុកអ្នកម្ដាយគួរតែដឹង ដូច្នេះសូមនាំគ្នាមកតាមដានអំពីការវិវឌ្ឍអ្វីខ្លះដែលកូនតូចគួរតែធ្វើបានក្នុងផ្នែកនីមួយៗពេលដែលគេមានអាយុ 15ខែព្រមៗគ្នាជាមួយនឹងឡារ៉ែនដូចតទៅ…។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 15ខែ ផ្នែករាងកាយ និងការធ្វើចលនា

    កូនតូចក្នុងវ័យនេះគួរតែដើរបានពូកែហើយ និងចូលចិត្តអូស ឬរុញរបស់លេងដើរទៅមក និងក្មេងខ្លះអាចហាត់ដើរថយក្រោយបាន។ ចាប់ផ្ដើមចេះប្រើស្លាបព្រា និងសមក្នុងការដួសចំណីអាហារបានកាន់តែចំណានឡើង កូននឹងចូលចិត្តឱ្យលោកឪពុកអ្នកម្ដាយលេងល្បែងកម្សាន្តជាមួយគេ ដូចជាលើកដៃចង្អុលត្រចៀក ហើយសួរថា ត្រចៀកនៅឯណា? ឬសម្លឹងកញ្ចក់មើលខ្លួនឯង ហើយសួរថា អ្នកណាគេហ្នឹង?ជាដើម។ កូននឹងចូលចិត្តយករបស់របរទម្លាក់ចូលទៅក្នុងឡាំង និងចូលចិត្តសាកល្បងមើលថា របស់ណានឹងចង្អៀត ឬល្មមជាមួយប្រឡោះណា(គួររករបស់លេងដែលជាប្រអប់ដែលមានគម្របជាប្រឡោះទំហំខុសៗគ្នា និងមានរបស់លេងតូចៗជាជ័រប្លាស្ទិកដែលមានរូបរាងផ្សេងៗដែលមានទំហំធំល្មមឱ្យកូនបានសាកល្បងដាក់ចូលទៅក្នុងប្រឡោះនីមួយៗនោះ ដើម្បីហ្វឹកហាត់ជំនាញក្នុងការសង្កេតពីរូបរាងដែលខុសប្លែកពីគ្នា)។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 15ខែ ផ្នែកសតិបញ្ញា និងការរៀនយល់ដឹង

    ដោយសារតែក្មេងចាប់ផ្ដើមបំបែកខ្លួនឯងចេញពីម្ដាយបាន និងកំពុងហ្វឹកហាត់ជួយខ្លួនឯងនោះ ទើបក្មេងមើលទៅហាក់ដូចជាមិនព្រមស្ដាប់បង្គាប់មនុស្សធំដែលតែងនៅចាំហាមមិនឱ្យគេធ្វើនេះធ្វើនោះ ឬត្រូវការឱ្យគេត្រូវតែធ្វើតាមអ្វីដែលមនុស្សធំប្រាប់ឱ្យធ្វើ តែគេក៏មិនព្រមធ្វើតាមដែរ ព្រោះគេត្រូវការធ្វើជាអ្នកសម្រេចចិត្តដោយខ្លួនឯង( Sense of self )ទើបធ្វើឱ្យឪពុកម្ដាយជាច្រើនអាចមានអារម្មណ៍ថា កូនចាប់ផ្ដើមឌឺ និងរឹងហើយ។ ដូច្នេះបើឪពុកម្ដាយយល់ដឹងពីដំណាក់កាលនៃការវិវឌ្ឍរបស់កូនក្នុងអំឡុងអាយុនេះហើយ ក៏នឹងមិនមានអារម្មណ៍ខឹងសម្បា ហើយនឹងមិនព្យាយាមពោលពាក្យថា “ហាមធ្វើ…កុំណា៎…” ឬនឹងមិនឆេវឆាវឡើយ។ យើងគួរតែរិះរកវិធីក្នុងការកាត់បន្ថយបញ្ហាភាពមិនជំទាស់គ្នានេះដោយការនិយាយ ឬបង្ហាញចេញក្នុងលក្ខណៈវិជ្ជមាន ដូចជាជំនួសឱ្យពាក្យដែលចង់និយាយថា “កុំកាន់កែវហ្នឹងណា៎!” មកជានិយាយថា “កូនសម្លាញ់មកលេងជាមួយម៉ាក់នៅកន្លែងនេះមកកូន” ជាដើម ដែលនឹងធ្វើឱ្យកូនស្ដាប់បង្គាប់យើងច្រើនជាង។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 15ខែ ផ្នែកភាសា និងការទំនាក់ទំនង

    ក្មេងចាប់ផ្ដើមនិយាយជាពាក្យសម្ដីបានច្រើនឡើងហើយ ចាប់ផ្ដើមយល់ដឹងពីភាសា អាចធ្វើតាមបញ្ជា 2 – 3ម៉ាត់បាន និងអាចឆ្លើយតប ឬប្រាប់ឈ្មោះវត្ថុបានត្រឹមត្រូវហើយ។ មានឧបករណ៍ដែលជួយក្នុងការជំរុញវិវឌ្ឍនាការ គឺកូនបាល់ តុក្កតា កូនឡាន-ល- ដោយអ្នកម្ដាយអាចបង្ហាត់កូនបានក្នុងគ្រប់ស្ថានការណ៍ ឬតាមទីកន្លែងផ្សេងៗបានដើម្បីជាការជំរុញវិវឌ្ឍនាការផ្នែកការយល់ដឹងពីភាសាឱ្យកាន់តែលឿនឡើង។

    លោកឪពុកអ្នកម្ដាយត្រូវយល់ថា ក្មេងម្នាក់ៗកើតមកព្រមជាមួយគុណលក្ខណៈប្រចាំខ្លួនដោយឡែកពីគ្នា និងមានវិធីក្នុងការតបស្នងទៅអ្នកដទៃ និងរឿងផ្សេងៗតាមបែបរបស់ខ្លួនគេដែលខុសពីក្មេងឯទៀត ដែលនៅពេលគេធំឡើង គុណសម្បត្តិ និងបុគ្គលិកលក្ខណៈដោយឡែកទាំងនេះនឹងបង្ហាញឡើងយ៉ាងច្បាស់ ដែលការចិញ្ចឹមមើលថែឱ្យស៊ីចង្វាក់គ្នានឹងតម្រូវការរបស់កូន នឹងរឹតតែក្លាយជាការបង្កើន និងជំរុញឱ្យគេអាចនាំផ្នែកដែលល្អរបស់ខ្លួនឯងចេញមកប្រើប្រាស់បាន ដែលវានឹងក្លាយជាគោលសំខាន់ក្នុងការជួយឱ្យកូនធំធាត់ឡើងក្លាយជាមនុស្សដែលទទួលបានជោគជ័យនាពេលអនាគតបាន៕

  • វិវឌ្ឍនាការរបស់ក្មេងអាយុ 14ខែយ៉ាងណាខ្លះ…អ្នកម្ដាយត្រូវដឹង!

    វិវឌ្ឍនាការរបស់ក្មេងអាយុ 14ខែយ៉ាងណាខ្លះ…អ្នកម្ដាយត្រូវដឹង!

    វិវឌ្ឍនាការរបស់ក្មេងអាយុ 14ខែ ៈ ក្នុងអំឡុងវ័យនេះ អាចហៅបានថា ទាំងជាអ្នកស្រាវជ្រាវ និងជាអ្នកតតាំងតូចល្អិតម្នាក់។ កូនកំពុងស្ថិតក្នុងវ័យដែលមានវិវឌ្ឍនាការឆាប់រហ័ស ដូច្នេះឪពុកម្ដាយចាំបាច់ត្រូវផ្ដល់ភាពសំខាន់ ត្រូវជំរុញ និងតាមដានវិវឌ្ឍនាការរបស់កូនជាប់ជានិច្ច។ ថ្ងៃនេះ ឡារ៉ែនសូមនាំលោកឪពុកអ្នកម្ដាយមកមើលពីវិវឌ្ឍនាការផ្សេងៗរបស់កូនតូចវ័យ 14ខែទាំងអស់គ្នាដូចខាងក្រោម។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 13ខែខាងផ្នែករាងកាយ និងការធ្វើចលនា

    វិវឌ្ឍនាការផ្នែករាងកាយ និងការធ្វើចលនាដែលកូនគួរតែធ្វើបានគឺ ក្នុងអំឡុងអាយុនេះ កូនគួរតែចេះធ្វើដៃ “បា៎យ…បា៎យ” បានហើយ និងនៅលើក្មេងខ្លះអាចនឹងចេះប្រមៀលបាល់លេងទៅមកបាន អាចញ៉ាំទឹកពីកែវបាន និងខ្លះទៀតនឹងចាប់ផ្ដើមធ្វើខ្លួនដូចជា “មនុស្សធំជាងគេ” នៅក្នុងផ្ទះទៀតផង។ កូនក្នុងវ័យនេះ គួរតែចេះឈរដោយខ្លួនឯងបានយូរហើយ និងអាចអង្គុយចុះវិញបានដោយខ្លួនឯង និងក្រោកឈរបានដោយខ្លួនឯង និងនៅលើក្មេងខ្លះដែលមានភាពចំណានរហ័សរហួន អាចនឹងដើរបានយ៉ាងចំណាប់ និងអាចដើរថយក្រោយបានខ្លះៗហើយ។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 14ខែខាងផ្នែកសតិបញ្ញា និងការរៀនយល់ដឹង

    ក្មេងក្នុងវ័យនេះជាក្មេងដែលចង់ដឹង-ចង់សាកល្បងគ្រប់យ៉ាង។ ដោយក្ដីរំភើបត្រេកអរដែលគេអាចដើរទៅរកអ្វីដែលគេចាប់អារម្មណ៍បានដោយងាយនោះ ធ្វើឱ្យកូនមើលឃើញអ្វីក៏គួរឱ្យចាប់កាន់ គួរឱ្យចង់សាកទាំងអស់ ដូច្នេះហើយទើបលោកឪពុកអ្នកម្ដាយត្រូវពិនិត្យមើលសភាពក្នុងបន្ទប់របស់កូន និងក្នុងផ្ទះត្រង់កន្លែងដែលកូននឹងអាចទៅដល់បានឱ្យមានសុវត្ថិភាព ដូចជាចាក់សោថតតុ ថតទូ យកបង់ស្អិតបិទបាំងរន្តដោតភ្លើងអគ្គិសនិ ប្រមូលទុកដាក់វត្ថុមុតស្រួច ឬគ្រឿងកែវចានដែលងាយបែកឱ្យផុតពីដៃកូន ជាដើម ។ វានឹងធ្វើឱ្យឪពុកម្ដាយអាចសប្បាយចិត្តបានថា កូននឹងមានសុវត្ថិភាពបានមួយកម្រិត។ លោកអ្នកអាចនឹងរកឡាំងក្រដាស ឬឡាំងជ័រមួយសម្រាប់ឱ្យកូនទុកដាក់របស់លេងយ៉ាងមានសុវត្ថិភាព និងទុកឱ្យរើជ្រាវលេង និងយកចេញ-ចូលបានយ៉ាងងាយស្រួលដោយខ្លួនឯង ហើយគេនឹងចូលចិត្តខ្លាំងណាស់ដែលបានជួយប៉ាម៉ាក់ “ទុកដាក់របស់របរ” និងនេះហើយគឺ ការរៀនយល់ដឹងដ៏សំខាន់មួយកម្រិតទៀតសម្រាប់កូន។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 14ខែខាងផ្នែកភាសា និងការទំនាក់ទំនង

    កូននឹងរៀនយល់ដឹងពីស័ព្ទផ្សេងៗថ្មីៗរៀងរាល់ថ្ងៃ ហើយនឹងនិយាយបានកាន់តែច្រើនពាក្យឡើង។ គេនឹងចាប់ផ្ដើមដឹងថា គេត្រូវការអ្វី និងដឹងពីវិធីក្នុងការប្រាប់ប៉ាម៉ាក់ថា អ្វីគឺជារឿងដែលគេត្រូវការ។ ការបង្កើន និងជំរុញវិវឌ្ឍនាការផ្នែកភាសា និងការទំនាក់ទំនង ឪពុកម្ដាយគួរបង្ហាត់កូនឱ្យនិយាយលើផ្នែករបស់វាក្យស័ព្ទផ្សេងៗ អាចជាស័ព្ទបរទេសដែលងាយស្រួលបញ្ចេញសំឡេងដែលកូនអាចនិយាយបានដើម្បីជំនាញខាងភាសាដ៏ល្អរបស់កូននៅថ្ងៃអនាគត។

    អ្វីដែលសំខាន់នោះគឺ ក្មេងក្នុងវ័យនេះចាប់ផ្ដើមត្រូវការភាពជឿជាក់ក្នុងចិត្ត និងរឿងផ្សេងៗ​ដែលជួយឱ្យគេមានអារម្មណ៍សប្បាយចិត្ត ដូច្នេះហើយទើបយើងមើលឃើញថា ក្មេងខ្លះចាប់ផ្ដើមចូលចិត្តតុក្កតា ក្មេងខ្លះចាប់ផ្ដើមស្រឡាញ់ភួយ ឬខ្នើយ ជាអ្វីមួយដែលគេនឹងអាចងាកទៅរក និងកាន់ជាប់ក្នុងដៃដើម្បីភាពសប្បាយចិត្តនៅពេលពេលកើតមានអារម្មណ៍ខ្លាច ឬមិនសប្បាយចិត្ត ជាពិសេសនៅពេលនឿយហត់ ឬងងុយគេង និងពេលដែលប៉ាម៉ាក់មិនបាននៅជិតកូន ដែលការស្រឡាញ់ចូលចិត្ត ឬញៀនវត្ថុអស់ទាំងនេះគឺជាដំណាក់កាលការវិវឌ្ឍដែលប្រក្រតី និងមិនមានផលប៉ះពាល់អវិជ្ជមានចំពោះក្មេងនាពេលអនាគតឡើយ ទើបឡារ៉ែនចង់ណែនាំឱ្យលោកឪពុកអ្នកម្ដាយយល់ដឹងពីគេ និងយល់ព្រមឱ្យគេបានមានវត្ថុទាំងនោះនៅក្បែរកាយនៅពេលដែលគេនឹកឃើញវា។

    រឿងវិវឌ្ឍនាការរបស់កូនជារឿងល្អិតល្អន់ លោកឪពុកអ្នកម្ដាយត្រូវយល់ដឹង និងគួរតាមដានការជំរុញវិវឌ្ឍនាការយ៉ាងជាប់លាប់។ ដោយក្ដីស្រឡាញ់ និងបារម្ភពីអ្នកគ្រូ ឆវី៕

  • វិវឌ្ឍនាការរបស់ក្មេងអាយុ 13ខែយ៉ាងណាខ្លះ…អ្នកម្ដាយត្រូវដឹង!

    វិវឌ្ឍនាការរបស់ក្មេងអាយុ 13ខែយ៉ាងណាខ្លះ…អ្នកម្ដាយត្រូវដឹង!

    ការចិញ្ចឹមកូនអាចជារឿងពិបាកសម្រាប់លោកឪពុកអ្នកម្ដាយថ្មោងថ្មី ព្រោះការមានកូនគឺជាចំណុចចាប់ផ្ដើមនៃការរស់នៅបែបក្រុមគ្រួសារដែលគ្រប់បរិបូរណ៍ ដូច្នេះរឿងដែលលោកឪពុកអ្នកម្ដាយត្រូវប្រតិបត្តិនោះគឺ ការយកចិត្តទុកដាក់ និងតាមដានវិវឌ្ឍនាការរបស់កូនក្នុងគ្រប់អំឡុងវ័យ ដើម្បីជំរុញ និងបង្កើនវិវឌ្ឍនាការគ្រប់ផ្នែកដល់កូនតូច។ ថ្ងៃនេះ យើងនាំគ្នាមកពិនិត្យមើលពីវិវឌ្ឍនាការរបស់កូនតូចអាយុ 13ខែជាមួយ ឡារ៉ែនទាំងអស់គ្នា។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 13ខែ ផ្នែកសតិបញ្ញា និងការរៀនយល់ដឹង

    ការដែលកូនចាប់ផ្ដើមធ្វើដោយខ្លួនឯង មិនត្រូវការឱ្យអ្នកណាមកបីពរូបគេទៅកន្លែងផ្សេងៗដូចកាលពីមុននោះ មានន័យថា គេមានភាពត្រៀមខ្លួនរួចរាល់ហើយក្នុងការឈានឆ្ពោះទៅកាន់ពិភពលោកដ៏ធំទូលាយដោយខ្លួនឯងហើយ។ កូននឹងចាប់ផ្ដើមពិនិត្យមើលវត្ថុផ្សេងៗ ចាប់ផ្ដើមចាប់កាន់របស់របរ ក្មេងខ្លះអាចនឹងចាប់ផ្ដើមគូរជារាងខ្សែវែងដោយខ្មៅដៃដែលនៅក្នុងដៃ តែគ្រាន់តែជាការគូសវាសទូទៅប៉ុណ្ណោះ មិនមែនជារូបរាងអ្វីមួយនោះទេ។ ក្មេងខ្លះទៀតអាចនឹងចាប់កាន់ស្លាបព្រាញ៉ាំបាយបាន តែក៏នៅមិនទាន់អាចបញ្ចុកចូលមាត់ខ្លួនឯងបាននៅឡើយ។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 13ខែ ផ្នែកភាសា និងការទំនាក់ទំនង

    ការទំនាក់ទំនងឆ្លើយឆ្លងជាមួយមនុស្សដទៃរបស់ក្មេងវ័យនេះ ក្មេងនឹងចាប់ផ្ដើមមានពាក្យសម្ដីមួយម៉ាត់ៗដែលមានអត្ថន័យ ដូចជា ម៉ាក់ម៉ាក់ ឬប៉ាប៉ា ជាដើមបានហើយ និងទោះជាកូនតូចទើបនឹងចេះនិយាយបានតែប៉ុន្មានម៉ាត់មែន តែក៏នឹងមានវិធីក្នុងការប្រាប់ឱ្យលោកឪពុកអ្នកម្ដាយបានដឹងថា គេត្រូវការអ្វី ដូចជាចង្អុលឱ្យដាក់គេចុះទៅដីនៅពេលត្រូវការចុះដី ឬទាញដៃ ទាញអាវឪពុកម្ដាយនៅពេលគេត្រូវការឱ្យឪពុកម្ដាយងាកមកចាប់អារម្មណ៍រូបគេា និងមើលទៅហាក់ដូចជាគេស្ដាប់យល់ពីអ្វីដែលឪពុកម្ដាយនិយាយបានល្មមសមគួរហើយ ដូចជាពេលលោកអ្នកលេងជាមួយគេ ឬប្រាប់ឱ្យគេធ្វើអ្វីជាដើម។ នៅពេលប្រើពាក្យសម្ដីងាយៗជាមួយគេ ដូចជា “អ៊ើ…ចាំមើលមើល៍ វានឹងយ៉ាងម៉េចវិញ បើ…” កូនតូចនឹងមើលទៅប្រៀបដូចជាអ្នកសាកល្បងតូចមួយ គេកំពុងរៀនយល់ដឹង មើលប្រតិកម្មតបស្នងរបស់វត្ថុផ្សេងៗ ឬមនុស្សជុំវិញខ្លួន មើលថា តើនឹងទៅជាយ៉ាងម៉េចវិញ…បើ…ដូចជាសាកល្បងយកកូនពែងទម្លាក់ទៅលើដី ឬសាកល្បងយកដៃទៅប្រឡូកប៉ូកប៉ាកជាមួយចំណីអាហារដែលនៅក្នុងចានខាងមុខខ្លួន…កូននឹងចាំសង្កេតមើលថា

    តើនឹងមានអ្វីកើតឡើងនៅពេលដែលគេធ្វើបែបហ្នឹង និងដោយសារតែការចងចាំរបស់កូនតូចនៅមិនទាន់អភិវឌ្ឍពេញទំហឹង ទើបកូនចូលចិត្តធ្វើរឿងមួយនោះដដែលៗ។

    សម្រាប់ក្មេងវ័យនេះ មានរឿងមួយទៀតដែលអ្នកម្ដាយនឹងត្រូវផ្ដល់ភាពសំខាន់ដែរនោះគឺ រឿងការទទួលយកវ៉ាក់សាំងការពារជំងឺរបស់កូនតូចដែលនឹងមានវ៉ាក់សាំងសំខាន់ៗជាច្រើនមុខដែលនឹងត្រូវចាក់នៅក្នុងអំឡុងពេលនេះ ដូចជា វ៉ាក់សាំងការពារជំងឺគ្រុនរលាកស្រោមខួរ វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើង ជាដើម។

    លោកឪពុកអ្នកម្ដាយទាំងឡាយសូមកុំភ្លេចតាមដានវិវឌ្ឍនាការរបស់កូនតូចក្នុងគ្រប់អំឡុងវ័យ ព្រមទាំងបង្កើនវិវឌ្ឍនាការរបស់កូនតូចឱ្យបានជាប់លាប់ផង។ ដោយក្ដីស្រឡាញ់ និងបារម្ភពី ទស្សនាវដ្ដី ឡារ៉ែន៕

  • វិវឌ្ឍនាការរបស់ក្មេងអាយុ 14ខែយ៉ាងណាខ្លះ… អ្នកម្ដាយត្រូវដឹង!

    វិវឌ្ឍនាការរបស់ក្មេងអាយុ 14ខែយ៉ាងណាខ្លះ… អ្នកម្ដាយត្រូវដឹង!

    វិវឌ្ឍនាការរបស់ក្មេងអាយុ 14ខែ
    ក្នុងអំឡុងវ័យនេះ អាចហៅបានថា ទាំងជាអ្នកស្រាវជ្រាវ និងជាអ្នកតតាំងតូចល្អិតម្នាក់។ កូនកំពុងស្ថិតក្នុងវ័យដែលមានវិវឌ្ឍនាការឆាប់រហ័ស ដូច្នេះឪពុកម្ដាយចាំបាច់ត្រូវផ្ដល់ភាពសំខាន់ ត្រូវជំរុញ និងតាមដានវិវឌ្ឍនាការរបស់កូនជាប់ជានិច្ច។ ថ្ងៃនេះ ឡារ៉ែន សូមនាំលោកឪពុកអ្នកម្ដាយមកមើលពីវិវឌ្ឍនាការផ្សេងៗរបស់កូនតូចវ័យ 14ខែទាំងអស់គ្នាដូចខាងក្រោម។

    វិវឌ្ឍនាការរបស់ក្មេងអាយុ13ខែ ខាងផ្នែករាងកាយ និងការធ្វើចលនា
    វិវឌ្ឍនាការផ្នែករាងកាយ និងការធ្វើចលនាដែលកូនគួរតែធ្វើបានគឺ ក្នុងអំឡុងអាយុនេះ កូនគួរតែចេះធ្វើដៃ “បា៎យ…បា៎យ” បានហើយ និងនៅលើក្មេងខ្លះអាចនឹងចេះប្រមៀលបាល់លេងទៅមកបាន អាចញ៉ាំទឹកពីកែវបាន ហើយខ្លះទៀតនឹងចាប់ផ្ដើមធ្វើខ្លួនដូចជា “មនុស្សធំជាងគេ” នៅក្នុងផ្ទះទៀតផង។ កូនក្នុងវ័យនេះ គួរតែចេះឈរដោយខ្លួនឯងបានយូរហើយ និងអាចអង្គុយចុះវិញបានដោយខ្លួនឯង និងក្រោកឈរបានដោយខ្លួនឯង ចំណែកនៅលើក្មេងខ្លះដែលមានភាពចំណានរហ័សរហួន អាចនឹងដើរបានយ៉ាងចំណាប់ និងអាចដើរថយក្រោយបានខ្លះៗហើយ។

    វិវឌ្ឍនាការរបស់ក្មេងអាយុ14ខែខាងផ្នែកសតិបញ្ញា និងការរៀនយល់ដឹង
    ក្មេងក្នុងវ័យនេះជាក្មេងដែលចង់ដឹង ចង់សាកល្បងគ្រប់យ៉ាង។ ដោយក្ដីរំភើបត្រេកអរដែលគេអាចដើរទៅរកអ្វីដែលគេចាប់អារម្មណ៍បានដោយងាយនោះ ធ្វើឱ្យកូនមើលឃើញអ្វីក៏គួរឱ្យចាប់កាន់ គួរឱ្យចង់សាកទាំងអស់ដូច្នេះហើយទើបលោកឪពុកអ្នកម្ដាយត្រូវពិនិត្យមើលសភាពក្នុងបន្ទប់របស់កូន និងក្នុងផ្ទះត្រង់កន្លែងដែលកូននឹងអាចទៅដល់បានឱ្យមានសុវត្ថិភាព ដូចជា ចាក់សោថតតុ ថតទូ យកបង់ស្អិតបិទបាំងរន្ធដោតភ្លើងអគ្គិសនីប្រមូលទុកដាក់វត្ថុមុតស្រួច ឬគ្រឿងកែវចានដែលងាយបែកឱ្យផុតពីដៃកូនជាដើម។ វានឹងធ្វើឱ្យឪពុកម្ដាយអាចសប្បាយចិត្តបានថា កូននឹងមានសុវត្ថិភាពបានមួយកម្រិត។ លោកអ្នកអាចនឹងរកឡាំងក្រដាស ឬឡាំងជ័រមួយសម្រាប់ឱ្យកូនទុកដាក់របស់លេងយ៉ាងមានសុវត្ថិ-ភាព និងទុកឱ្យរើជ្រាវលេង ឬយកចេញចូលបានយ៉ាងងាយស្រួលដោយខ្លួនឯង ហើយគេនឹងចូលចិត្តខ្លាំងណាស់ដែលបានជួយប៉ាម៉ាក់ “ទុកដាក់របស់របរ” នេះហើយគឺការរៀនយល់ដឹងដ៏សំខាន់មួយកម្រិតទៀតសម្រាប់កូន។

    វិវឌ្ឍនាការរបស់ក្មេងអាយុ14ខែ ខាងផ្នែកភាសា និងការទំនាក់ទំនង
    កូននឹងរៀនយល់ដឹងពីស័ព្ទផ្សេងៗថ្មីៗរៀងរាល់ថ្ងៃហើយនឹងនិយាយបានកាន់តែច្រើនពាក្យឡើង។ គេនឹងចាប់ផ្ដើមដឹងថា គេត្រូវការអ្វី និងដឹងពីវិធីក្នុងការប្រាប់ប៉ាម៉ាក់ថា អ្វីគឺជារឿងដែលគេត្រូវការ។ ការបង្កើន និងជំរុញវិវឌ្ឍនាការផ្នែកភាសា និងការទំនាក់ទំនង ឪពុកម្ដាយគួរបង្ហាត់កូនឱ្យនិយាយលើផ្នែករបស់វាក្យស័ព្ទផ្សេងៗ អាចជាស័ព្ទបរទេសដែលងាយស្រួលបញ្ចេញសំឡេងដែលកូនអាចនិយាយបាន ដើម្បីជំនាញខាងភាសាដ៏ល្អរបស់កូននៅថ្ងៃអនាគត។

    អ្វីដែលសំខាន់នោះគឺ ក្មេងក្នុងវ័យនេះចាប់ផ្ដើមត្រូវការភាពជឿជាក់ក្នុងចិត្ត និងរឿងផ្សេងៗ​ដែលជួយឱ្យគេមានអារម្មណ៍សប្បាយចិត្ត ដូច្នេះហើយទើបយើងមើលឃើញថា ក្មេងខ្លះចាប់ផ្ដើមចូលចិត្តតុក្កតា ក្មេងខ្លះចាប់ផ្ដើមស្រឡាញ់ភួយ ឬខ្នើយ ជាអ្វីមួយដែលគេនឹងអាចងាកទៅរក និងកាន់ជាប់ក្នុងដៃ ដើម្បីភាពសប្បាយចិត្តនៅពេលពេលកើតមានអារម្មណ៍ខ្លាច ឬមិនសប្បាយចិត្ត ជាពិសេសនៅពេលនឿយហត់ ឬងងុយគេង និងពេលដែលប៉ាម៉ាក់មិនបាននៅជិតកូន ដែលការស្រឡាញ់ចូលចិត្ត ឬញៀនវត្ថុអស់ទាំងនេះគឺជាដំណាក់កាលនៃវិវឌ្ឍដែលប្រក្រតី និងមិនមានផលប៉ះពាល់អវិជ្ជមានចំពោះក្មេងនាពេលអនាគតឡើយ ទើប ឡារ៉ែន ចង់ណែនាំឱ្យលោកឪពុកអ្នកម្ដាយយល់ដឹងពីគេ និងយល់ព្រមឱ្យគេអាចមានវត្ថុទាំងនោះនៅក្បែរកាយនៅពេលដែលគេនឹកឃើញវា។

    រឿងវិវឌ្ឍនាការរបស់កូនជារឿងល្អិតល្អន់ លោកឪពុកអ្នកម្ដាយត្រូវយល់ដឹង និងគួរតាមដានការជំរុញវិវឌ្ឍនាការយ៉ាងជាប់លាប់។ ដោយក្ដីស្រឡាញ់ និងបារម្ភពីអ្នកគ្រូ ឆវី៕