Tag: វិធីបង្ហាត់កូន

  • វិធីបង្ហាត់កូនឱ្យមានភាពឆ្លាតវាងវៃ ទាំង IQ, EQ, CQ, MQ, PQ, AQ និង SQ (តចប់)

    វិធីបង្ហាត់កូនឱ្យមានភាពឆ្លាតវាងវៃ ទាំង IQ, EQ, CQ, MQ, PQ, AQ និង SQ (តចប់)

    MQ ៈ ភាពឆ្លាតវៃខាងសីលធម៌ ចរិយាធម៌

    ប្រហែលជាមិនល្អឡើយ បើក្មេងៗមានភាពឆ្លាតវៃ តែខ្វះសីលធម៌ មិនដឹងខុសត្រូវ ល្អអាក្រក់ និងក្លាយជាមនុស្សបរាជ័យនាពេលអនាគត។ ការបង្ហាត់ក្មេងៗឱ្យមាន MQ (Moral Quotient) ដែលល្អ គឺអាចជួយឱ្យគេចេះគិតទប់ស្កាត់ចិត្តខ្លួនឯងបាន ចេះជ្រើសរើសផ្លូវដែលត្រឹមត្រូវ មិនបៀតបៀនអ្នកដទៃ និងប្រាកដណាស់ ឪពុកម្ដាយមានចំណែកសំខាន់ណាស់ក្នុងការបណ្ដុះ MQ ឱ្យកូនៗ។

    វិធីជំរុញ MQ ដល់កូនជាទីស្រឡាញ់

    • ធ្វើជាគំរូដ៏ល្អដល់ក្មេងៗ ព្រោះក្មេងៗតែងតែរៀនយល់ដឹងតាមរយៈការជ្រួតជ្រាប និងធ្វើតម្រាប់តាម ជាពិសេសក្នុងអំឡុងពេលតាំងគភ៌ អ្នកម្ដាយគួរធ្វើចិត្តឱ្យសប្បាយៗ មិនធុញថប់តានតឹង ព្រោះភាពធុញថប់តានតឹងរបស់ម្ដាយ នឹងហុចផលទៅដល់អារម្មណ៍ និងចរិតនិស្ស័យរបស់កូននៅពេលប្រសូតចេញមក។
    • ផ្ដល់សេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ ដើម្បីសាងជាមូលដ្ឋានគ្រឹះដល់ក្មេងៗឱ្យសម្លឹងមើលជុំវិញខ្លួនក្នុងន័យវិជ្ជមាន មានសេចក្ដីសុខ ដែលជាគ្រឹះនៃទង្វើដ៏ល្អជាបន្ត។
    • បង្រៀនឱ្យកូនស្គាល់ពីការឱ្យ ការចែករំលែក ស្គាល់ការសូមទោសនៅពេលធ្វើខុស អរគុណនៅពេលមានអ្នកដទៃប្រគល់រឿងល្អៗឱ្យ​ ដោយមិនបង្ខំកូន តែចូរធ្វើជាគំរូ និងផ្ដល់កម្លាំងចិត្ត និងកោតសរសើរ។
    • បង្រៀនឱ្យកូនជាទីស្រឡាញ់មានវិន័យ និងមានភាពទទួលខុសត្រូវ ចេះគិតត្រិះរិះថា អ្វីគួរធ្វើ ឬមិនគួរធ្វើ និងឱ្យគេបានទទួលខុសត្រូវលើទង្វើរបស់គេដោយខ្លួនឯង។

    PQ ៈ ភាពឆ្លាតវៃដែលកើតចេញពីការលេង

    PQ (Play Quotient) កើតចេញពីជំនឿដែលថា ការលេងអាចជួយជំរុញវិវឌ្ឍនាការតាមវ័យដល់កុមារបានជាច្រើនផ្នែក។ ក្មេងដែលមាន PQ ល្អ នឹងអាចបូកផ្សំបទពិសោធរបស់គេ ចំណេះដឹង និងការនឹកស្រមៃមកច្នៃប្រឌិតប្រើបានយ៉ាងល្អប្រសើរ។ ការជួយជំរុញការលេងដល់កូនជាទីស្រឡាញ់ គឺជារឿងសំខាន់ខ្លាំងណាស់។

    វិធីជំរុញ PQ ដល់កូនសម្លាញ់

    • ឪពុកម្ដាយត្រូវឧស្សាហ៍លេងជាមួយកូន ដោយអាចមិនចាំបាច់ត្រូវប្រើរបស់លេងថ្លៃៗ តែចូរចាំទុកជាប់ជានិច្ចថា ឪពុកម្ដាយ គឺជារបស់លេងដែលប្រសើរបំផុតរបស់កូន ត្រឹមតែមានឪពុកម្ដាយលេងជាមួយ ក៏កូនមាន PQ ដ៏ល្អបានទៅហើយ។
    • ឱ្យក្មេងតូចៗបានលេងទៅតាមវ័យរបស់គេ មិនចាប់បង្ខំញាត់ចំណេះដឹង ឬច្បាស់លាស់ខ្លាំងជ្រុលពេក រហូតដល់កូនសម្លាញ់គ្មានពេលវេលាសម្រាក ឬបានលេងសប្បាយនោះឡើយ។
    • ជ្រើសរើសរបស់លេងឱ្យស័ក្តិសមទៅតាមវ័យរបស់ក្មេង។ អនិញ្ញាតឱ្យក្មេងៗបានលេងសប្បាយ ទោះជាប្រឡាក់ប្រឡូសខ្លះក៏ដោយ ដូចជា លេងនៅក្នុងកន្លែងក្មេងលេង លេងដីខ្សាច់ ឬលេងដីឥដ្ឋ ជាដើម។

    AQ ៈ ភាពឆ្លាតវៃក្នុងការប្រឈមនឹងបញ្ហា និងពុះពារឧបសគ្គ

    ជីវិតពិតជាមិនមែនងាយស្រួលនោះទេ មិនថាអ្នកណាក៏ដោយ ក៏ត្រូវតែជួបនឹងបញ្ហា និងឧបសគ្គជានិច្ច។ ឪពុកម្ដាយមិនអាចនៅឃុំគ្រងការពារក្មេងៗបានរហូតនោះទេ តែការបណ្ដុះ AQ (Adversity Quotient) ដែលល្អ នឹងក្លាយជាអាវុធសំខាន់ដែលធ្វើឱ្យពួកគេធំធាត់ឡើងបានយ៉ាងរឹងមាំ។

    វិធីជំរុញ AQ ដល់កូនសម្លាញ់

    • ឱ្យក្មេងៗបានហ្វឹកហាត់ប្រឈមបញ្ហាដោយខ្លួនឯង ដោយមានឪពុកម្ដាយនៅចាំមើល និងចាំជួយពីចម្ងាយ។
    • ឱ្យក្មេងៗបានធ្វើកិច្ចការងារជាមួយមិត្តភក្តិ ដើម្បីរៀនយល់ដឹងពីសម្របខ្លួនពេលជួបនឹងបញ្ហា ឬឧបសគ្គ។
    • នៅចាំផ្ដល់កម្លាំងចិត្ត ពេលកូនភ្លាត់ភ្លាំង មិនបន្ទោសបន្ថែម ឬការពារកូនខ្លាំងជ្រុលពេក។
    • បង្ហាត់ឱ្យកូនភាពឧស្សាហ៍ សង្វាត និងព្យាយាមធ្វើរឿងអ្វីមួយដោយការតាំងចិត្តរហូតទាល់តែសម្រេច មិនបោះបង់ចោលដោយងាយៗ។

    SQ ៈ ភាពឆ្លាតវៃក្នុងការចូលសង្គម

    មិនអាចបដិសេធបានឡើយថា ការចេះសម្របសម្រួលខ្លួនឱ្យចូលជាមួយសង្គម និងមនុស្សជុំវិញខ្លួននេះ គឺជារឿងសំខាន់ក្នុងការរស់នៅរបស់មនុស្សយើង ព្រោះតឱ្យពូកែប៉ុនណា ឆ្លាតប៉ុនណា តែបើវិវឌ្ឍនាការផ្នែកសង្គមមិនល្អ នោះច្បាស់ជាបរាជ័យក្នុងជីវិតមិនខាន ដូច្នេះហើយទើបក្មេងៗត្រូវមាន SQ (Social Quotient) ឬភាពឆ្លាតវៃក្នុងការចូលសង្គមដែលល្អ ដើម្បីឱ្យកូនចេះសម្របសម្រួលខ្លួនចូលជាមួយសង្គមបានហ្នឹងឯង។

    វិធីជំរុញ SQ ដល់កូនសម្លាញ់

    • សម្រាប់ក្មេងតូចៗ លោកឪពុកអ្នកម្ដាយត្រូវតែតបស្នងតម្រូវការរបស់ក្មេងៗយ៉ាងស័ក្តិសម ដើម្បីឱ្យកូនមានអារម្មណ៍ជឿទុកចិត្ត មានសុវត្ថិភាព មានអារម្មណ៍ថាបានទទួលសេចក្ដីស្រឡាញ់ និងមើលឃើញគុណតម្លៃរបស់ខ្លួនឯង។
    • នៅលើក្មេងវ័យ 1ខួបឡើងទៅដែលចាប់ផ្ដើមមានវិវឌ្ឍនាការផ្នែកសង្គមហើយនោះ ឪពុកម្ដាយអាចបង្ហាត់ឱ្យកូនចេះសង្កេតមើលអ្នកដទៃ បង្រៀនឱ្យយល់ដឹងពីភាពខុសប្លែក ស្គាល់ពីសិទ្ធិរបស់ខ្លួនឯង និងផ្ដល់កិត្តិយសដល់អ្នកដទៃ ដូចជា របស់ដែលត្រូវលេងរួមគ្នា ត្រូវតែចែកគ្នាលេង ត្រូវថែរក្សារបស់សួនរួម ជាដើម។
    • បង្រៀនឱ្យកូនស្គាល់ការរង់ចាំ អត់ធន់ អត់ទ្រាំ និងគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបាន។
    • បង្រៀនឱ្យកូនចេះចែករំលែក ស្គាល់វិធីចងមិត្តជាមួយអ្នកដទៃ។
    • មើលថែទាំកូនឱ្យមានសុខភាពល្អ ឫកពារល្អ កិរិយាមាយាទល្អ ដើម្បីឱ្យកូនងាយបានទទួលការទទួលស្គាល់ក្នុងសង្គម។

    ភាពឆ្លាតវៃទាំង 7ផ្នែកនេះ គឺជារឿងដែលឪពុកម្ដាយគួរចាប់ផ្ដើមបណ្ដុះដល់កូនតាំងពីនៅតូចៗ ដោយចាប់ផ្ដើមពីការផ្ដល់អារម្មណ៍ដែលស្ថិតស្ថេរ សុវត្ថិភាព សេចក្ដីស្រឡាញ់ និងធ្វើឱ្យគេមើលឃើញគុណតម្លៃរបស់ខ្លួនឯង មុននឹងអភិវឌ្ឍឡើងជាបណ្ដើរៗទៅតាមវ័យ។ សាកល្បងធ្វើតាមពាក្យណែនាំដែលឡារ៉ែនរួបរួមមកជូនក្នុងថ្ងៃនេះលមើល ដើម្បីកូនតូចធំធាត់ឡើង រឹងមាំ និងមានសេចក្ដីសុខ៕

  • វិធីបង្ហាត់កូនឱ្យមានភាពឆ្លាតវាងវៃ ទាំង IQ, EQ, CQ, MQ, PQ, AQ និង SQ

    វិធីបង្ហាត់កូនឱ្យមានភាពឆ្លាតវាងវៃ ទាំង IQ, EQ, CQ, MQ, PQ, AQ និង SQ

    មិនថាឪពុកម្ដាយណា ក៏ដូចឪពុកម្ដាយណាដែរ គឺសុទ្ធតែចង់ឱ្យកូនធំធាត់ឡើងក្លាយជាមនុស្សដែលមានគុណភាព ទាំងផ្នែកសតិបញ្ញា និងផ្លូវចិត្ត។ ក្នុងយុគសម័យមួយ ឪពុកម្ដាយអាចនឹងចាប់អារម្មណ៍តែរឿងការបង្ហាត់កូនសម្លាញ់ឱ្យមាន IQល្អ តែលុះពេលវេលាកន្លងទៅ ក៏ចាប់ផ្ដើមនាំគ្នាយកចិត្តទុកដាក់រឿង EQ កាន់តែខ្លាំងឡើង តែ…ប៉ុនហ្នឹងនៅមិនទាន់គ្រប់គ្រាន់ទេ ថ្ងៃនេះ ឡារ៉ែន នឹងនាំលោកឪពុកអ្នកម្ដាយទាំងអស់មកស្គាល់ពីភាពឆ្លាតវាងវៃទាំង 7ផ្នែកដែលក្មេងៗគួរតែមានដើម្បីឱ្យពួកគេចេះសម្របខ្លួនរស់នៅក្នុងពិភពលោកដែលកាន់តែពិបាករស់នៅនេះបានយ៉ាងមានសេចក្ដីសុខ និងមានជោគជ័យក្នុងជីវិត។

    IQ ៈ ភាពឆ្លាតវៃខាងសតិបញ្ញា

    IQ(Intelligence Quotient) ឬភាពឆ្លាតវៃខាងសតិបញ្ញា…ប្រហែលជាភាពឆ្លាតវាងវៃមួយដែលលោកឪពុកអ្នកម្ដាយធ្លាប់ស្គាល់ច្បាស់រួចមកហើយ ព្រោះនរណាៗក៏ចង់ឱ្យកូនឆ្លាត និងទទួលបានភាពជោគជ័យដូចគ្នាទាំងអស់។ ដូច្នេះហើយទើបឪពុកម្ដាយគួរតែជំរុញ IQ ដល់កូន ដើម្បីឱ្យក្មេងៗចេះគិតវិភាគ ដែលអាចធ្វើឱ្យទទួលបានជោគជ័យក្នុងការរៀនយល់ដឹងពីអ្វីផ្សេងៗបាន។

    វិធីជំរុញ IQ ដល់កូនសម្លាញ់

    • អានរឿងនិទានឱ្យកូនស្ដាប់តាំងពីកូននៅតូចៗ។
    • ឱ្យកូនញ៉ាំអាហារដែលមានគុណប្រយោជន៍គ្រប់ចំនួន។
    • បង្ហាត់កូនឱ្យចេះគិតវិភាគតាមរយៈហ្គេមងាយៗស្រួលៗ មិនពិបាកគិត សមនឹងវ័យ។
    • ឱ្យក្មេងៗបានគេងសម្រាក និងហាត់ប្រាណយ៉ាងសមល្មម ដើម្បីឱ្យខួរក្បាលរបស់គេបានទទួលការអភិវឌ្ឍយ៉ាងពេញទំហឹង។

    EQ ៈ ភាពឆ្លាតវាងវៃខាងអារម្មណ៍

    បន្ទាប់ពី IQ លោកឪពុកអ្នកម្ដាយទាំងឡាយក៏ប្រហែលជាធ្លាប់ដឹងពី EQ(Emotional Quotient) ឬភាពឆ្លាតវៃខាង អារម្មណ៍ខ្លះៗហើយមិនខាន។ យើងទាំងអស់គ្នាជឿថា បើសិនកូនជាទីស្រឡាញ់បានទទួលការអភិវឌ្ឍ IQ ល្អ តែ EQ មិនល្អ ក៏អាចនឹងធ្វើឱ្យគេបរាជ័យក្នុងជីវិតបានដែរ ដូចជា អាចក្លាយជាក្មេងរៀនពូកែដែលមិនអាចទប់ទល់នឹងបញ្ហា ឬភាពអស់សង្ឃឹមបានរហូតឈានឆ្ពោះទៅរកការបំផ្លាញខ្លួនឯងដូច្នោះដែរ។ ឪពុកម្ដាយអាចអភិវឌ្ឍ EQ ឱ្យកូនបានតាមវិធីដូចតទៅនេះ ៈ

    វិធីជំរុញ EQ ដល់កូនសម្លាញ់

    • ផ្ដល់សេចក្ដីស្រឡាញ់ ភាពកក់ក្ដៅដល់កូនតាំងពីកូននៅតេះតះ ដើម្បីសាងអារម្មណ៍ជឿទុកចិត្ត សម្ព័ន្ធភាពជិតស្និទ្ធ។
    • បង្រៀនក្មេងតូចៗឱ្យស្គាល់ពីអារម្មណ៍របស់ខ្លួនឯង បង្រៀនឱ្យកូនស្គាល់ឈ្មោះរបស់អារម្មណ៍ផ្សេងៗដែលកំពុងកើតឡើងចំពោះគេ។
    • បង្ហាត់ក្មេងៗឱ្យចេះចាត់ការជាមួយអារម្មណ៍ផ្សេងៗយ៉ាងស័ក្តិសម រួមទាំងឪពុកម្ដាយខ្លួនឯងក៏ត្រូវយល់ និងដឹងពីវិធីចាត់ការអារម្មណ៍របស់កូនដែរ។
    • បង្ហាត់ឱ្យក្មេងៗចេះកែបញ្ហាដោយខ្លួនឯង ដោយឪពុកម្ដាយនឹងលូកដៃចូលជួយនៅពេលដែលហួសពីកម្លាំងរបស់កូនប៉ុណ្ណោះ។

    CQ ៈ ភាពឆ្លាតវៃក្នុងការចាប់ផ្ដើមច្នៃបង្កើត

    CQ (Creativity Quotient) ជាភាពឆ្លាតវៃក្នុងការគិត ចាប់ផ្ដើមច្នៃបង្កើតអ្វីថ្មីៗ ដែលនេះជារឿងសំខាន់ខ្លាំងណាស់សម្រាប់កុមារក្នុងយុគសម័យដែលពោរពេញទៅដោយតម្រូវការអៃឌៀប្លែកថ្មី និងការកែសម្រួលខ្លួន។ ឪពុកម្ដាយអាចជួយឱ្យកូនអភិវឌ្ឍ CQ របស់គេបានតាមវិធីផ្សេងៗ ដូចខាងក្រោមនេះ ៈ

    វិធីជំរុញ CQ ឱ្យកូនជាទីស្រឡាញ់

    • បង្កើតការនឹកស្រមៃដល់ក្មេងៗ ដូចជា និទានរឿងឱ្យស្ដាប់ បបួលគូររូប ស្ដាប់បទភ្លេង ឬកិច្ចការងារផ្សេងៗតាមដែលក្មេងៗចូលចិត្ត។
    • ជំរុញឱ្យកូនគិតជាបន្តបន្ទាប់ ជាក្មេងប៉ឹនសួរ ប៉ឹនសង្កេត និងប៉ឹនឆ្ងល់។
    • ឱ្យកូនបានធ្វើអ្វីផ្សេងៗដោយខ្លួនឯង មិនយករង្វង់គំនិតរបស់ឪពុកម្ដាយមកគ្របសង្កត់ពីលើកូន ព្រមទាំងកោតសរសើរលើភាពឧស្សាហ៍ព្យាយាមរបស់ក្មេងៗពេលគេតាំងចិត្តធ្វើអ្វីផ្សេងៗ។
    • នាំក្មេងៗចេញទៅរៀនយល់ដឹងពីរឿងរ៉ាវផ្សេងៗដែលមានប្រយោជន៍ ដូចជានាំទៅសារមន្ទី ឬទស្សនាការសម្ដែងសម្រាប់កុមារ។

    (នៅមានត)

  • វិធីបង្ហាត់កូនតូចឱ្យមានការវិវឌ្ឍទាំងរាងកាយ និង ផ្លូវចិត្តដ៏ល្អតាំងពីនៅក្នុងគភ៌

    វិធីបង្ហាត់កូនតូចឱ្យមានការវិវឌ្ឍទាំងរាងកាយ និង ផ្លូវចិត្តដ៏ល្អតាំងពីនៅក្នុងគភ៌

    ក្តី​ស្រឡាញ់​ និង​សម្ព័ន្ធ​ទាក់ទង​រវាង​ម្តាយ​ និង​កូន​…ចាប់ផ្តើម​ឡើង​តាំងពី​អ្នកម្តាយ​មានគភ៌​ថ្មី​ៗ ភ្លាម​ៗម៉្លេះ​ អ្វី​ៗគ្រប់យ៉ាង​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកម្តាយ​សុទ្ធតែ​ហុច​ផល​ទៅដល់​កូនតូច​ក្នុង​គភ៌​ជានិច្ច​ ទាំង​ខាង​រូបកាយ​ អារម្មណ៍​ និង​ផ្លូវចិត្ត​។ បើសិនជា​ស្ត្រី​មានគភ៌​មាន​សុខភាព​ផ្លូវចិត្ត​ល្អ​ កូន​តូច​ដែល​នៅក្នុង​គភ៌​ក៏​មានការ​វិវឌ្ឍ​ល្អ​ដែរ​ តែ​ផ្ទុយ​ទៅវិញ​… បើស្ត្រី​មានគភ៌​ស្ថិត​ក្នុង​សភាវ​ផ្លូវចិត្ត​ដែល​មាន​ភាព​តឹងតែង​ធុញថប់​ ឆាប់​ខឹង​ ឬឆាប់​ភ័យ​បារម្ភ​ជាប់​ជាប្រចាំ​ ដែល​មួយ​ចំណែក​បណ្តាល​មក​ពី​កម្រិត​អ័រម៉ូន​នៅក្នុង​រាងកាយ​មានការ​ប្រែប្រួល​ និង​មួយចំណែកទៀត​មក​ពី​អារម្មណ៍​ដែល​ចេះតែ​គិតថា​ ខ្លួនឯង​នឹង​ចុះ​អន់ថយ​ទាំង​ខាង​រូបរាងកាយ​ មុខមាត់​ និង​ការ​ចងចាំ​នៅពេល​តាំង​គភ៌​នោះ​ កូនតូច​នៅក្នុង​គភ៌​ក៏​នឹង​បាន​ទទួល​ផល​ប៉ះពាល់​មិនល្អ​ រហូតដល់​មានការ​វិវឌ្ឍ​យឺត​យ៉ាវ​ទៅតាម​នោះ​ដែរ​។
    ដូច្នេះហើយ​ទើប​ការ​ត្រៀមខ្លួន​ធ្វើជា​អ្នកម្តាយ​ដ៏​ល្អ​ គឺជា​រឿង​មួយ​សំខាន់​បំផុត​ និង​អាច​ធ្វើ​បាន​យ៉ាង​ងាយ​ៗដូច​ខាងក្រោម​នេះ​៖

    ១.​ ធ្វើ​ចលនា​រាងកាយ
    ​ជួយ​អភិវឌ្ឍ​ខួរក្បាល​កូន​… ការ​ធ្វើ​ចលនា​នៅ​ទីនេះ​មានន័យថា​ ធ្វើ​ចលនា​រាងកាយ​យ៉ាង​សម​ល្មម​ដែល​នឹង​ហុច​ផល​ល្អ​ដល់​ទឹកភ្លោះ​នៅក្នុង​ស្បូន​ និង​សភាព​ជុំវិញ​ខ្លួន​កូនតូច​នៅក្នុង​គភ៌​ ធ្វើ​ឱ្យ​កូនតូច​មាន​អារម្មណ៍​ដូច​បាន​ទទួលការ​ប៉ះពាល់​ដោយដៃ​របស់​អ្នកម្តាយ​ផ្ទាល់​ ជួយ​អភិវឌ្ឍ​ប្រព័ន្ធ​សរសៃប្រសាទ​ទទួលដឹង​ និង​អារម្មណ៍​ ហើយ​ថែមទាំង​មានការ​ពត់ពេន​ខ្លួនប្រាណ​ទៅ​តាម​ចង្វាក់​ការ​ធ្វើ​ចលនា​របស់​ម្តាយ​ទៀតផង​។ តែ​ចំណុច​គួរ​ប្រយ័ត្ន​ គឺ​កុំ​ធ្វើ​ចល​នា​ខ្លាំង​ៗ និង​ច្រើន​ ឬយូរ​ជ្រុល​ពេក​ ព្រោះ​នឹង​ធ្វើ​ឱ្យ​កូនតូច​មិនបាន​សម្រាក​ និង​ហត់​តាម​ម្ដាយ​ដែរ​ ហើយ​ទារក​នៅក្នុង​គភ៌​អាច​នឹង​បញ្ចេញ​អាការ​ធាក់​ ឬរើ​យ៉ាង​ធុញថប់​ជាដើម​។

    ២. សំឡេង​
    ជួយ​អភិវឌ្ឍ​អារម្មណ៍​របស់​កូន​… ដោយសារ​ប្រព័ន្ធ​សរសៃប្រសាទ​ខាង​ការ​ស្តាប់​របស់​កូនតូច​ក្នុង​គភ៌​ចាប់ផ្តើម​ធ្វើការ​ពេល​អាយុ​បាន​ 18សប្តាហ៍​ និង​ការបាន​ឮនឹង​វិវត្ត​បន្ត​ទៅទៀត​ជា​រឿយ​ៗតាមលំដាប់​នោះ​ រលក​សំឡេង​ដែល​មាន​គ្រោង​សាង​ដ៏​ស័ក្តិសម​ល្អ​នឹង​ជួយ​ជំរុញ​បណ្តាញ​សរសៃប្រសាទ​ដែល​ពាក់ព័ន្ធ​ជាមួយ​ការបាន​ឮឱ្យ​អភិវឌ្ឍ​ប្រព័ន្ធ​ការងារ​បាន​កាន់តែ​លឿន​ឡើង​។ នៅពេល​កូនតូច​ប្រសូត​ចេញ​មក​ហើយនឹង​ធ្វើ​ឱ្យ​សមត្ថភាព​ក្នុង​ការ​រៀង​លំដាប់​ការ​គិត​នៅក្នុង​ខួរក្បាល​ មាន​អារម្មណ៍​ធូរស្រាល​ និង​អាច​ចងចាំ​រឿង​រ៉ាវ​ផ្សេង​ៗបាន​យ៉ាង​ល្អ​។
    ទារក​នឹង​មានការ​អភិវឌ្ឍ​សមត្ថភាព​ក្នុង​ការ​ទទួលដឹង​ពាក់ព័ន្ធ​នឹង​ចង្វាក់​របស់​សំឡេង​តាំងពី​នៅក្នុង​គភ៌​ម្ដាយ​ អាច​ឆ្លើយតប​នឹង​សំឡេង​ដែល​មាន​ចង្វាក់​លឿន​ និង​យឺត​បាន​។ ចេះ​បែងចែក​សំឡេង​ដែល​ធ្លាប់ស្គាល់​តាំងពី​នៅក្នុង​គភ៌​ម្ដាយ​ ដូចជា​សំឡេង​ម៉ាក់​ សំ​ឡេង​ប៉ា​ ដែល​បើ​សិន​ជា​សំឡេង​ដែ​លល្អៗ​ផង​នោះ​ ទារក​នឹង​កើតក្តី​សប្បាយចិត្ត​ និង​មាន​អារម្មណ៍ល្អ​។ ការ​ដែល​ស្ត្រី​មានគភ៌​ឧស្សាហ៍​និយាយ​ជាមួយ​កូន​តូច​ក្នុង​ផ្ទៃ​ រួម​ទាំង​ការ​បើក​បទ​ភ្លេង​បំពេ​រផង​នោះ​នឹង​ជួយ​សាង​សម្ព័ន្ធភាព​ដ៏​ល្អ​រវាង​ម្តាយ​ និង​ទារក​បាន​។

    ៣. អាហារ
    ជួយ​បង្កើន​ការ​អភិវឌ្ឍ​របស់​កូន​… អាហារ​ដែល​អ្នកម្តាយ​ទទួលទាន​ចូល​ទៅ​ នៅ​មិនទាន់​បញ្ជូន​ទៅដល់​ទារ​កភ្លាម​ៗទេ​ តែ​សារជាតិ​អាហារ​ផ្សេង​ៗទាំងនោះ​នឹង​ស្ថិតនៅ​ក្នុង​ខ្លួន​អ្នកម្តាយ​ ព្រោះ​លំហូរ​វិល​នៃ​ឈាម​របស់​អ្នកម្តាយ​ និង​កូន​នៅ​ផ្សេង​ពីគ្នា​ តែ​មាន​ចំណុច​តភ្ជាប់​គ្នា​តាម​រយ:ទងសុក​ ហើយ​សារធាតុ​អាហារ​ដែ​លល្អៗ​នឹង​ត្រូវ​បឺត​ជញ្ជក់​ទៅ​ឱ្យ​កូន​តាម​រយ:ទងសុក​នេះឯង​។ ដូច្នេះ​បើ​អ្នកម្តាយ​ចង់ឱ្យ​កូន​បាន​ទទួល​សារធាតុ​អាហារ​ដែល​ល្អ​ មានផល​ល្អ​ដល់​ការ​វិវត្ត​របស់​ទារក​នោះ​ គួរតែ​ទទួលទាន​អាហារ​ឱ្យ​គ្រប់5ប្រភេទ​ក្រុម​ ដើម្បី​ឱ្យ​កូនតូច​អាច​ទាញ​យក​ទៅ​ប្រើប្រាស់​ក្នុង​បរិមាណ​ដែល​គ្រប់គ្រាន់​។
    ការដែល​ទារក​អាច​បឺត​ជញ្ជក់​យក​សារធាតុ​អាហារ​បាន​ល្អ​ ឬមិន​ល្អ​នោះ​ វា​អាស្រ័យ​នៅ​លើ​ទងសុក​ដែរ​ បើ​ទងសុក​មាន​ទំហំ​តូច​ ការ​បឺត​ជញ្ជក់​អាហារ​នឹង​បាន​តិច​ជាងទង​សុក​ដែល​មាន​ទំហំ​ធំ​ តែ​វិធី​ដែល​ល្អ​បំផុត​នោះ​គឺ​ អ្នកម្តាយ​ត្រូវ​ទទួលទាន​អាហារ​ដែល​មានប្រយោជន៍​ឱ្យ​បាន​ច្រើន​បំផុត​ ដើម្បី​មានផល​ល្អ​ដល់​ការ​វិវត្ត​របស់​ទារក​នៅក្នុង​គភ៌​។
    ទារក​នៅក្នុង​គភ៌​… គឺជា​វ័យ​នៃ​ការពឹងពាក់​លើ​អ្នកម្តាយ​ មិនទាន់​អាច​ជួយ​ ឬឆ្លើយតប​នឹង​តម្រូវការ​របស់​ខ្លួនឯង​បានទេ​ ដូច្នេះ​បើ​អ្នកម្តាយ​ចិញ្ចឹម​ និង​ថែទាំ​យ៉ាង​ត្រឹមត្រូវ​នោះ​ វា​នឹង​ហុច​ផល​ឱ្យ​កូនតូច​កើតមាន​អារម្មណ៍​កក់ក្តៅ​ ជឿជាក់​លើ​សុវត្ថិភាព​ រហូតដល់​មានការ​វិវឌ្ឍ​ដ៏​ល្អ​ឡើង​តាមលំដាប់​ជាមិនខាន​៕