Tag: វិកលចរិត

  • អតីត​ភរិយា​របស់​ស្ថាបនិក Google និយាយ​ពី​​រឿង​សហាយស្មន់​នឹង​ម្ចាស់ SpaceX

    អតីត​ភរិយា​របស់​ស្ថាបនិក Google និយាយ​ពី​​រឿង​សហាយស្មន់​នឹង​ម្ចាស់ SpaceX

    មួយឆ្នាំ​ក្រោយពី​មាន​ពាក្យ​ច​ចរាម​អា​រ៉ា​ម​ដែលថា បាន​សហាយស្មន់​នឹង Elon Musk អ្នកស្រី Nicole Shanahan អតីត​ភរិយា​របស់​ស្ថាបនិក Google បាន​ចេញមុខ​បដិសេធ និង​បក​ស្រាយ ហើយ​ថា «បាន​ធ្លាក់​ទឹកចិត្ត​ទាំងស្រុង»។

    ឆ្លើយតប​នឹង​សំណួរ​របស់ People កាលពី​ថ្ងៃទី 05 កក្កដា អ្នកស្រី Nicole Shanahan និយាយថា មិន​មានរឿង​សហាយស្មន់​ជាមួយនឹង​មហាសេដ្ឋី Elon Musk ទាល់តែសោះ។ អ្នកស្រី​ឱ្យ​ដឹង​ថា គ្រាន់តែ​ជជែក​ជាមួយ CEO របស់ SpaceX និង Tesla ដូច​ទៅនឹង​មិត្ត​រួមការ​ងារ។

    «ខ្ញុំ​ជជែក​ជាមួយ Musk អំពី​កូនស្រី​ដែលមាន​ជំងឺ​អូ​ទី​ស្សឹម ព្រោះ​គាត់​គ្រប់គ្រង Neuralink ជា​ក្រុមហ៊ុន​ជំនាញ​ខាង​​ស្រាវ​ជ្រាវ​​ប្រព័ន្ធ​ប្រសាទ» អ្នកស្រី Shanahan រៀបរាប់​ដូច្នេះ។ មុន​នោះ លោក Musk ធ្លាប់បាន​និយាយថា ឈី​ប​ខួរក្បាល​របស់ Neuralink នៅ​ថ្ងៃ​ណាមួយ​ប្រាកដជា​អាច​​ព្យាបាល​ជំងឺ​អូ​ទី​ស្សឹម និង​ជំងឺ​វិកលចរិត​មិន​ខាន។

    អ្នកស្រី Shanahan បញ្ជាក់ថា «នោះ​គឺជា​ការជជែក​ប្រកបដោយ​អត្ថន័យ។ ក៏ប៉ុន្តែ វា​បែរជា​ត្រូវបាន​លាប​ពណ៌​ដោយ​វិធី​មិន​សមស្រប។ រឿង​នោះ​មិន​យុត្តិធម៌»។

    កាលពី​ខែកក្កដា​ឆ្នាំមុន WSJ បាន​រាយការណ៍​ថា លោក Musk មាន​ទំនាក់ទំនង​រយៈពេល​ខ្លី​ជាមួយនឹង Shanahan នៅក្នុង​ពិធីបុណ្យ Art Basel នៅ Miami កាលពី​ខែធ្នូ 2021។ ពេលនោះ Sergey Brin ដែល​ជា​សហ​ស្ថាបនិក​របស់ Google និង​ភរិយា កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​មុន​បែក​គ្នា ប៉ុន្តែ​នៅតែ​រស់​ជាមួយគ្នា។

    ក្នុង​ពិធីជប់លៀង​មួយ​កាលពីដើមឆ្នាំ 2022 Musk ត្រូវបាន​គេ​ជឿថា បាន​លុតជង្គង់​សូមទោស​នៅ​ចំពោះមុខ Brin អំពី​ទង្វើ​​របស់ខ្លួន។ Brin ទទួលយក​ការ​សូមអភ័យ​ទោស​នេះ ប៉ុន្តែ​ទំនាក់ទំនង​របស់​ពួកគេ​មិនបាន​ល្អ​ដូច​មុន។ យោងតាម​ឯកសារ​ដែល​បាន​ដាក់​ឡើង​តុលាការ​នៅ​ខណ្ឌ Santa Clara កាលពី​ខែមករា 2022 លោក Brin បានដាក់​ពាក្យ​សូម​លែងលះ ដោយ​លើក​មូល​ហេតុថា «មាន​បញ្ហា​មិន​ចុះសម្រុង​គ្នា​ដែល​មិនអាច​ផ្សះផ្សារ​បាន»។

    Shanahan ឱ្យដឹងថា អ្នកស្រី និង Brin ទើបតែ​បាន​លែងលះ​ជា​ផ្លូវការ​កាលពីពេលថ្មីៗនេះ បន្ទាប់ពី​បាន​ដោះស្រាយ​បញ្ហា​ផ្លូវច្បាប់​ដែល​បាន​ស៊ីពេល​អស់ 17 ខែ។

    Shanahan បច្ចុប្បន្ន​គឺជា​មេធាវី​ធ្វើការ​នៅ California ហើយក៏​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​ច្បាប់ ClearAccessIP និង​មូលនិធិ Bia-Echo។ Brin និង Shanahan បាន​ស្គាល់គ្នា​កាលពី​ឆ្នាំ 2015 ហើយ​បាន​រៀបការ​កាលពី​ឆ្នាំ 2019 និង​មាន​កូនស្រី​ម្នាក់។ មុន​ការ​ចាប់ដៃគ្នា ពួកគេ​សុទ្ធតែជា​មនុស្ស​ដែល​ធ្លាប់បាន​លែងលះ​ប្ដី​ប្រពន្ធ​ម្ដង​រួចហើយ។

    យោងតាម Business Insider មហាសេដ្ឋី Brin និង Larry Page បាន​បង្កើត​ក្រុមហ៊ុន Google កាលពី​ឆ្នាំ 1998 និង​បានរួម​ចំណែក​ជួយ​ឱ្យ​ក្រុមហ៊ុន​អ៊ី​ន​ធើ​ណិ​ត​នេះ​ក្លាយជា​ក្រុមហ៊ុន​ដែលមាន​តម្លៃ​​មូលធន​ទីផ្សារ​ខ្ពស់​ជាងគេ​មួយ​នៅក្នុង​ពិភព​លក៕

  • រឿងវិកលចរិតចំណាយអស់15,000ដុល្លាស្វែងរកទីផ្សារ5ប្រទេស តែបានត្រឹមបទពិសោធ

    រឿងវិកលចរិតចំណាយអស់15,000ដុល្លាស្វែងរកទីផ្សារ5ប្រទេស តែបានត្រឹមបទពិសោធ

    រយៈពេលជាង8ខែ បន្ទាប់ពីរឿង “វិកលចរិត” បញ្ចាំងចប់ក្នុងស្រុកបានត្រឹមតែថ្លៃដើម តែទឹកចិត្តអ្នកផលិតរឿងនេះ នៅតែចង់សាកល្បងសម្លឹងទៅទីផ្សាក្រៅស្រុកដដែល ព្រោះថា​ រឿងរបស់ខ្លួនបានទទួលស្គាល់ដោយអន្តរជាតិ និងទទួលពានពីប្រទេសចិន ទើបធ្វើឱ្យលោក ហ៊ុយ យ៉ាឡេង កាន់តែមានកម្លាំងចិត្តហើយវិនិយោគបន្ថែមទៅលើទីផ្សារលក់ភាពយន្តដ៏ធំនៅហុងកុង។

    បើទោះបីជាទីបញ្ចប់ពុំបានលទ្ធផលល្អមែន តែបទពិសោធកន្លងមក លោកមិនទាន់អស់ចិត្តឡើយ លោកបានបន្តដំណើរចេញចូលប្រទេសថៃ និងឡាវបន្តទៀត ហើយទំនាក់ទំនងយ៉ាងយូរទម្រាំបានបញ្ចាំង។

    គួរកត់សម្គាល់ដែរថា នេះជាលើកទីមួយហើយដែលភាពយន្តរបស់លោកបានដាក់បញ្ចាំងនៅប្រទេសថៃ និងឡាវ ហើយទទួលបានកម្រៃដើមមកវិញ តែក្នុងចេតនាដែលចង់សងគុណដល់សង្គមដែលជួយលោកកន្លងមកនោះ លោកក៏បង្កើតកម្មវិធីមនុស្សធម៌ គឺរាល់ថវិកាដែលបានមកពីការដាក់បញ្ចាំងទាំងបីប្រទេសនោះ នឹងដកមួយ1ដុល្លាក្នុង1សំបុត្រជួយដល់កុមារកំព្រាដោយរំពឹងថា នឹងមានអ្នកគាំទ្រច្រើនគួរសមចូលទស្សនារឿងមួយនេះ តែផ្ទុយទៅវិញចំនួនអ្នកទស្សនាកម្ពុជា បានប្រមាណជា781នាក់ ប្រទេសឡាវបានត្រឹម 267នាក់ និងថៃចំនួន11នាក់ប៉ុណ្ណោះ បើបូកសរុបទាំងបីប្រទេសបានត្រឹមតែអ្នកទស្សនា1059 នាក់ប៉ុណ្ណោះ។

    គួរបញ្ជាក់ផងដែរថា អ្នកដឹកនាំរូបនេះក៏មិនភ្លេចការងារមនុស្សធម៌ដែលលោកបានបង្កើតឡើងដែរ បើទោះបីសរុបចំណូលចំណាយមិនទទួលបានដូចក្ដីរំពឹងទុក និងថែមទាំងត្រូវសងចំណាយទៅលើសេវាផ្សព្វផ្សាយរបស់ក្រុមហ៊ុនចែកចាយកុន ពូព្រហ្ម ទៀតក៏ដោយ។ លោកថា បើចំនួនអ្នកមើល1059នាក់ដែលត្រូវស្មើនឹង1059ដុល្លា លោកដាច់ខាតត្រូវតែធ្វើតាមពាក្យសន្យាដែលបានធ្វើនៅចំពោះមុខទស្សនិកជនកន្លងមក ដោយស្វែងរកថវិកាជូនមណ្ឌលកុមារកំព្រាកម្ពុជាឱ្យបាន តែលោកសូមឱ្យប្រធានមណ្ឌលអនុគ្រោះពន្យារពេលបន្តិចដើម្បីស្វែងរកថវិកាជូន។

    ទន្ទឹមនឹងនេះផងដែរ លោកក៏សូមអំពាវនាវដល់អ្នកដែលមានចិត្តសប្បុរសចូលរួមការងារមនុស្សធម៌នេះ ព្រមទាំងបញ្ជាក់នៅលើ Facebook Page របស់លោកនៅពេលក្រោយ៕

  • សូមសរសើរ! ជិះឡានរាប់ពាន់គីឡូម៉ែត្រឆ្លង 2ប្រទេសដើម្បីភាពយន្ត

    សូមសរសើរ! ជិះឡានរាប់ពាន់គីឡូម៉ែត្រឆ្លង 2ប្រទេសដើម្បីភាពយន្ត

    ក្រោយពីបាននាំយកខ្សែភាពយន្ដរឿង “វិកលចរិត” ទៅចាក់បញ្ជាំងនៅលើឆាកអន្ដរជាតិរួចមក អ្នកដឹកនាំរឿងនេះបានលាន់មាត់ថា ទោះមិនទទួលបានផលច្រើនមែន តែនេះជាជំហានដំបូង ផ្លែផ្កាដំបូងហើយដែលលោកហ៊ុយ យ៉ាឡេងទទួលបានពីការខំប្រឹងប្រែងដើម្បីស្វែងរកទីផ្សារភាពយន្តក្រៅស្រុក ហើយក៏ជាបទពិសោធមួយសម្រាប់ខ្សែភាពយន្ដខ្មែរយើងដែរ។

    ដោយសារត្រូវជិះរថយន្ដរាប់ពាន់គីឡូម៉ែត្រឆ្លងប្រទេស2ដើម្បីខ្សែភាពយន្តខ្មែរយើង លោក ហ៊ុយ យ៉ាឡេង បានបា្រប់អ្នកសារព័ត៌មាន ឡារ៉ែនថា “រឿងរបស់យើងមិនទាន់ទទួលបានផ្លែផ្កា និងមានទស្សនិកជនចូលរួមទស្សនាច្រើននៅឡើយទេ ទាំងប្រទេសថៃ និងឡាវ ដោយហេតុថា គេមិនទាន់ស្គាល់រឿងខ្មែរ ព្រមទាំងអ្នកដែលបានចូលទៅទស្សនា ភាគច្រើនគឺជាយុវវ័យ ដូច្នោះហើយ គឺនៅមិនទាន់មានភាពទូលំទូលាយក្នុងការស្គាល់អំពីខ្សែភាពយន្ដខ្មែរ រួមទាំងគំនិតជាតិនិយមរបស់ជនជាតិថៃ និងឡាវផងដែរ”។ មិនតែប៉ុណ្ណោះ អ្នកដឹកនាំរឿងរូបនេះក៏បានបន្ថែមថា “នេះជាបទពិសោធលើកដំបូងហើយ ដែលយើងបានយល់ដឹងអំពីការនាំភាពយន្ដទៅកាន់ឆាកអន្ដរជាតិ”។

    ដោយឡែក ពីដំបូងឡើយលោក ហ៊ុយ យ៉ាឡេង ធ្លាប់បានបញ្ចេញព័ត៌មានអំពីការដកប្រាក់ពីការទិញសំបុត្រចំនួន 1 ដុល្លារ ហើយបរិច្ចាគចំពោះកុមារបាត់បង់សតិបញ្ញា និងកុមារកំព្រានៅកម្ពុជា តែផ្ទុយទៅវិញបែរជាខកបំណង ព្រោះថា ភាពយន្ដមួយនេះមិនទទួលបានផ្លែផ្កាច្រើនពីប្រទេសថៃ និងឡាវឡើយ គឺមានតែប្រទេសកម្ពុជាមួយតែប៉ុណ្ណោះ ដែលទទួលបានការគាំទ្រ។

    គួរបញ្ជាក់ដែរថា លោក ហ៊ុយ យ៉ាឡេង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ឡារ៉ែនថា “មានតែកម្ពុជាទេដែលទទួលបានអ្នកទស្សនាច្រើនជាងគេ បើគិតពីថ្ងៃដាក់បញ្ជាំងរហូតមកដល់ពេលនេះ ហើយទោះជាយើងមិនបានកម្រៃពីការដាក់បញ្ចាំងនៅបរទេសក៏ដោយ ក៏លោកនៅបន្ដបរិច្ចាគដោយទឹកចិត្តសប្បុរសធម៌ទៅកាន់កុមារកំព្រា និងបាត់បង់សតិបញ្ញា នៅកម្ពុជាយើងដែរ ព្រោះថា នេះជាប្រវត្តិសាស្ត្រដំបូងដែលកុនខ្មែរបានទៅបញ្ជាំងនៅអន្តរជាតិ ហើយចូលរួមកម្មវិធីសប្បុរសធម៌ផងដែរ”។

    ទោះបីជាមិនទទួលបានផ្លែផ្កា និងមានការតស៊ូនឿយហត់ជាច្រើនក៏ដោយ តែក៏ទទួលបានមកវិញនូវបទពិសោធថ្មីៗជាច្រើន ព្រោះថា វាធ្វើឱ្យយើងមើលឃើញថា ប្រជាជនគេនៅតែគាំទ្រភាពយន្តគេខ្លាំងជាងភាពយន្តបរទេស តែភាពយន្តមួយនេះទទួលបានចំណុចល្អត្រង់ថា ទស្សនិកជនទាំងអស់ចូលមើលរឿងខ្មែរយើងហើយមិនដើរចេញពាក់កណ្តាលទីទេ គឺមើលរហូតដល់ចប់ ហើយសរសើរភាពយន្តយើងថាល្អមើលណាស់ គ្រាន់តែនេះជាលើកដំបូង នៅមិនមានការផ្សព្វផ្សាយទាក់ទាញឱ្យពួកគាត់ចូលមើលភាពយន្តខ្មែរយើង៕

     

  • ព្រឺសម្បុរ និងស្រក់ទឹកភ្នែកក្នុងព្រឹត្តិការណ៍សម្ពោធរឿង “វិកលចរិត” ម្ដងទៀត

    ព្រឺសម្បុរ និងស្រក់ទឹកភ្នែកក្នុងព្រឹត្តិការណ៍សម្ពោធរឿង “វិកលចរិត” ម្ដងទៀត

    កាលពីរាត្រីថ្ងៃទី26 ខែកក្កដា ឆ្នាំ2017 នៅបរិវេណរោងភាពយន្ដទំនើប Major Cineplex ក្នុងផ្សារទំនើប AEON មានរៀបចំកម្មវិធីអបអរ និងបើកសម្ពោធការចាក់បញ្ជាំងរឿង “វិកលចរិត” ព្រមៗគ្នា3ប្រទេស រួមមាន កម្ពុជា ថៃ ឡាវ ហើយអ្វីដែលកាន់តែពិសេសទៅទៀតនេះគឺ ចំណូលដែលបានពីការចាក់បញ្ជាំងរឿងនេះក្នុងទាំង3ប្រទេសនោះនឹងត្រូវដក 1 ដុល្លារពីតម្លៃសំបុត្រកុន1សន្លឹកដើម្បីយកទៅបរិចា្ចគដល់កុមារកំព្រា និងកុមារបាត់បង់សតិបញ្ញានៅកម្ពុជាផងដែរ។

    ព្រឹត្តិការណ៍ដែលនឹកស្មានមិនដល់នៅរាត្រីថ្ងៃនោះបានធ្វើឱ្យអ្នកទស្សនា និងអ្នកគាំទ្រដែលស្រឡាញ់​វិស័យភាពយន្ដ ព្រមទាំងទស្សនិកជនដែលបានមកចូលរួមក្នុងកម្មវិធីសម្ពោធរឿង “វិកលចរិត” ទាំងក្នុង និងក្រៅកម្រាលព្រំក្រហមបានព្រឺសម្បុររំភើប និងចេញទឹកភ្នែករលីងរលោង ខណៈដែលប្អូនៗកុមារកំព្រាដែលមកពីមណ្ឌុលកុមារកំព្រាលោកតា ហ្វ៊ុយ សូ ចេញមកសម្ដែងនូវចម្រៀងមួយបទដែលមានចំណងជើងថា “ជីវិតក្មេងកំព្រា”​ អមទៅដោយពន្លឺភ្លើងទៀនដែលបង្ហាញពីភាពកក់ក្ដៅឡើងវិញ ព្រោះកន្លងមកធ្លាប់តែរស់នៅក្នុងភាពឯកា កណ្ដោចកណ្ដែង ជាហេតុធ្វើឱ្យមានកម្លាំងជំរុញទឹកចិត្ត និងជំពប់អារម្មណ៍ទស្សនិកជនដែលបានចូលរួមទាំងអស់ឱ្យទប់ទឹកភ្នែកស្ទើរតែមិនបាន។

    ក្នុងនោះដែរលោក មាតុចក្រ ឬ ហ៊ុយ យ៉ាឡេង បានប្រាប់អ្នកយកព័ត៌មានគេហទំព័រ ឡារ៉ែនថា គោលគំនិតដែលលោកបាននឹកឃើញយកទស្សនីយភាពពន្លឺភ្លើងទៀនដែលសម្ដែងដោយកុមារកំព្រាទាំងអស់នេះមកជូន ក៏ព្រោះតែលោកចង់បង្ហាញអំពីស្មារតីរួបរួមគ្នា សាមគ្គីភាពគ្នាដែលផ្ដល់នូវភាពកក់ក្ដៅទៅកាន់កុមារកំព្រាកម្ពុជាទាំងអស់ឱ្យទស្សនិកជនបានដឺង ព្រមទាំងមកទស្សនារឿងនេះទាំងអស់គ្នាទោះជាអ្នកខ្លះធ្លាប់បានទស្សនាហើយ និងមិនទាន់ហើយក្ដី ព្រោះថា ការទស្សនាម្ដង ស្មើនឹងបានរួមចំណែកបរិច្ចាគ 1 ដុល្លារទៅកាន់កុមារកំព្រា និងកុមារបាត់បង់សតិបញ្ញាទាំងអស់ដែលជាជនជាតិខ្មែរយើង។

    គួរបញ្ជាក់ផងដែរថា អ្នកដឹកនាំរឿងរូបនេះបានបញ្ជាក់ហើយបញ្ជាក់ទៀតថា នេះអាចចាត់ទុកថា ជាប្រវត្តិសាស្ត្រដំបូងបង្អស់របស់កម្ពុជាហើយដែលកុនរបស់កូនចៅខ្មែរយើងបានដាក់បញ្ជាំងដល់ទៅ 3 ប្រទេសរួមគ្នា និងបានចូលរួមបរិច្ចាគថវិកាពី 3 ប្រទេស កម្ពុជា ថៃ ឡាវ ទៅដល់មន្ទីរពេទ្យកុមាជាតិ និងកុមារកំព្រានៅក្នុងប្រទេសកម្ពុជា ព្រោះថា ទម្រាំតែទទួលបានការយល់ព្រមឱ្យចាក់បញ្ជាំងនៅស្រុកគេ គឺមានការឆ្លងកាត់ការសម្រិតសម្រាំងជាច្រើនដំណាក់កាល។

    ដូច្នេះជាចុងក្រោយនេះ កូនខ្មែរ និងជាអ្នកដឹកនាំរឿងរូបនេះមានក្ដីរំពឹង និងសង្ឃឹមថា កូនខ្មែរដែលស្រឡាញ់កុនខ្មែរ និងសិល្បៈវប្បធម៌ខ្មែរទាំងអស់នឹងទៅជួយគាំទ្រលើកស្ទួយខ្សែភាពយន្ដខ្មែរមួយនេះដែលការចូលទស្សនារបស់អ្នកគឺ ស្មើនឹងការជួយសង្គមជាតិដោយបានបរិច្ចាគទៅដល់ប្អូនៗកុមារដែលកំពុងរង់ចាំជំនួយពីអ្នកទាំងអស់គ្នាជាទស្សនិកជន៕

  • រឿង  “វិកលចរិត” នឹងដកចំណូលពីការលក់សំបុត្រទាំង 3 ប្រទេសទៅជួយកុមារកំព្រា

    រឿង  “វិកលចរិត” នឹងដកចំណូលពីការលក់សំបុត្រទាំង 3 ប្រទេសទៅជួយកុមារកំព្រា

    ដើម្បីអបអរការដាក់បញ្ចាំងរឿង “វិកលចរិត” ក្នុង 3 ប្រទេសដំណាលគ្នា រួមមាន កម្ពុជា ថៃ ឡាវ នៅថ្ងៃទី3 ខែសីហា ឆ្នាំ 2017 ខាងមុខនេះ រាល់ការទិញសំបុត្រទស្សនារឿងនេះ និងត្រូវបរិច្ចាគជួយដល់កុមារកំព្រា និងក្មេងៗបាត់បង់សតិបញ្ញានៅកម្ពុជាចំនួន 1 ដុល្លារសហរដ្ឋអាមេរិកក្នុងមួយសន្លឹក ដែលទង្វើសប្បុរសធម៌នេះនឹងក្លាយជាកម្លាំងជំរុញចិត្តដល់កុមារនៅកម្ពុជាផងដែរ។

    ក្នុងនាមជាកូនខ្មែរដែលស្នេហាជាតិ និងគោរពដូនតាប្រទេសកំណើតរបស់ខ្លួន លោក ហ៊ុយ យ៉ាឡេង ឬឈ្មោះហៅក្រៅថា មាតុចក្រ ដែលជាអ្នកដឹកនាំរឿង និងជាតួសម្ដែងនៅក្នុងរឿងខាងលើនេះបានចេញសារមួយនៅលើទំព័រ Facebook Page ថា “ដើម្បីតបស្នងសងគុណដល់ប្រជាជាតិខ្ញុំ! ដើម្បីអបអរសាទររឿង “វិកលចរិត” ដែលបាន​ចាក់បញ្ចាំងក្នុង​៣ប្រទេសព្រមគ្នា ខ្មែរ ថៃ ឡាវនោះ រាល់តម្លៃសំបុត្រ១សន្លឹកទូទាំងបីប្រទេសនោះនឹងត្រូវដកចំនួន១ដុល្លារដើម្បីជួយដល់កុមារកំព្រា និងក្មេងៗបាត់បង់ស​តិបញ្ញានៅកម្ពុជា”។ ទន្ទឹមនឹងនោះលោកក៏បានប្រាប់អ្នកសារព័ត៌មាន ឡារ៉ែន ថា ” រឿង វិកលចរិត គ្រោងធ្វើការសម្ពោធជាថ្មីម្ដងទៀតនៅថ្ងៃទី26 ខែកក្កដា ឆ្នាំ2017 នេះ”។

    គួររំឭកផងដែរថា ដោយសារតែអ្នកដឹកនាំរឿងរូបនេះសង្កេតឃើញថា នៅមានកូនខ្មែរជាអ្នកស្រឡាញ់ និងគាំទ្រវិស័យភាពយន្ដខ្មែរជាច្រើននាក់ទៀតមិនទាន់បានទស្សនារឿង “វិកលចរិត” នេះ និងដើម្បីបានទស្សនាជាថ្មីម្ដងទៀតនោះ លោកសង្ឃឹមថា កូនខ្មែរគ្រប់រូបនឹងមិនខកខានក្នុងការទស្សនារឿងដ៏ល្អមើលមួយនេះឡើយ ដូចគ្នានោះដែរ ទស្សនិកក៏នឹងបានចូលរួមចំណែកក្នុងការចូលរួមបរិច្ចាគថវិកាជួយដល់កុមារកំព្រា និងក្មេងៗបាត់បង់សតិបញ្ញានៅកម្ពុជាផងដែរ។ ដូច្នោះហើយ ប្រសិនបើជាជនរួមជាតិណាមិនទាន់បានទស្សនារឿងនោះ សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅឱ្យសោះ សូមអញ្ជើញទៅទស្សនាទាំងអស់គ្នានៅគ្រប់រោងភាពយន្តទូទាំងរាជធានីភ្នំពេញ និងខេត្តសៀមរាប៕

  • លោក ហ៊ុយ យ៉ាឡេង ដឹកនាំតួ​2ដួងក្នុងរឿង«វិកលចរិត» ចូលឆាកអន្ដរជាតិ

    លោក ហ៊ុយ យ៉ាឡេង ដឹកនាំតួ​2ដួងក្នុងរឿង«វិកលចរិត» ចូលឆាកអន្ដរជាតិ

    ស្របពេលដែល​រឿង “វិលចរិត” នឹងដាក់បញ្ចាំងជាថ្មីក្នុង3ប្រទេស​ដំណាលគ្នា​មាន កម្ពុជា  ថៃ  និងឡាវនោះ លោក ហ៊ុយ យ៉ាឡេង បានដឹកនាំតួសំខាន់ៗពីរដួងផ្សេងទៀតគឺ កញ្ញា ឆុំ វត្តី និងលោក វណ្ណី ពិសិដ្ឋ និងបានផ្តល់បទសម្ភាសផ្តាច់មុខ​ជាមួយគេហទំព័រ ឡារ៉ែន កាលពីល្ងាចថ្ងៃទី​19 ខែកក្កដា ឆ្នាំ​2017 នៅផ្សារទំនើបអ៊ីអនម៉ល។​

    ផលិតករ ហ៊ុយ យ៉ាឡេង បានប្រាប់ថា សម្រាប់រឿង «វិកលចរិត» ដែលនឹងដាក់បញ្ចាំងក្នុង3ប្រទេសដំណាលគ្នានោះនឹងធ្វើឡើងនៅថ្ងៃទី​3 ខែសីហា ឆ្នាំ​2017 ខាងមុខនេះ។​ លោកថា ការយករឿងទៅដាក់បញ្ចាំងនៅក្រៅប្រទេស ជាពិសេសប្រទេសថៃ តែម្តង ពិតជាមានផលលំបាកខ្លាំងណាស់ ដោយត្រូវទៅរក​អ្នកបកប្រែភាសាថៃធ្វើការទំនាក់ទំនង​សព្វបែបយ៉ាង ដូចជាបញ្ចូលសំឡេងជាភាសាថៃ ដោយប្រើប្រាស់ពេលវេលាដល់ទៅ៤ខែឯណោះ។​

    តួសុភាព(ហ៊ុយ យ៉ាឡេង) ក្នុងរឿងវិកលចរិកខាងលើ បានបន្តថា ផលលំបាកធំបំផុត គឺការឆ្លងរឿងទៅកាន់ប្រទេសគេ ត្រូវប្រើប្រាស់ រយៈពេល ១ខែ ទើបអាច​ដាក់បញ្ចាំង ក្នុងរោងកុនបាន។ លោកថា ការឆ្លងពិបាក ដោយសារតែ​រឿងគេ មានរាប់រយរឿង ហើយរឿងយើងទៅក្រោយគេ នៅក្រោមគេ ទម្រាំដល់យើង ត្រូវប្រើប្រាស់ពេលយូរ ។​

    បើទោះបីជាប្រើប្រាស់ពេលយូរយ៉ាងនេះក្តី លោកបំណងចង់បង្ហាញស្នាដៃនៃខ្សែភាពយន្តខ្មែរ ទៅកាន់ប្រទេសគេ យើងត្រូវ​អត់ធ្មត់ ក៏ព្រោះតែចង់ឲ្យថៃ​ទទួលស្គាល់ស្នាដៃខ្មែរ ដូច​ជំនាន់មុន​ ខណៈរឿងខ្មែរខ្ពស់ជាងគេ តែពេលនេះគេខ្ពស់ជាងយើង​។​

    លោកថា ការចង់បង្ហាញរឿង វិកលចរិក ទៅកាន់ថៃ និង ឡាវ​ ព្រោះតែចង់ឲ្យប្រទេសគេ គិតថា កុនខ្មែរមិនអន់នោះទេ ផលិតឡើង មានគុណភាព និងកំពុងងើបឡើងវិញហើយ ។​

    ដោយឡែកលោក វណ្ណី ពិសិដ្ឋ និង កញ្ញា ឆុំ វត្តី ក៏បានប្រាប់ថា ដល់ពេលឃើញរឿង«វិកលចរិក» ដែលខ្លួនសម្តែង ចេញបង្ហាញ ខ្លួនលើឆាកអន្តរជាតិ ជាពិសេស​ដាក់បញ្ចាំងនៅ ថៃ និងឡាវ អ៊ីចឹង ពួកយើងពិតជាសប្បាយចិត្ត រកអ្វីថ្លែងមិនត្រូវនោះទេ ។ ពួកយើង គិតថាវា​ជាមោទនភាពមួយ សម្រាប់ខ្លួនឯង និងសង្គមជាតិទាំងមូល ដែលរឿងខ្មែរ អាចដាក់បញ្ចាំង បាននៅក្រៅប្រទេស យ៉ាងដូច្នោះ ។ ម្យ៉ាងវិញពួកយើងគិតថា វាជាចំណែកមួយ ដែលជួយឲ្យ ភាពយន្តខ្មែរ ងើបឡើងវិញ ដើម្បីប្រកួតប្រជែង លើទីផ្សារ អន្តរជាតិ ។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់សូមទស្សនា វីដេអូសម្ភាស ហ៊ុយ យ៉ាឡេង ដឹកនាំតួ​ពីរដួងក្នុងរឿង«វិកលចរិក» ចូលឆាកអន្ដរជាតិផ្តល់សម្ភាសន៍ផ្តាច់មុខអោយឡារ៉ែន ខាងក្រោមនេះ៖​

  • វណ្ណី ពិសិដ្ឋ ល្បីមធ្យម តែសម្ងំថតសុទ្ធតែរឿងចេញបញ្ចាំងនៅក្រៅប្រទេស

    វណ្ណី ពិសិដ្ឋ ល្បីមធ្យម តែសម្ងំថតសុទ្ធតែរឿងចេញបញ្ចាំងនៅក្រៅប្រទេស

    លោក វណ្ណី ពិសិដ្ឋ តួអង្គសំខាន់នៅក្នុងរឿង “វិកលចរិត” បច្ចុប្បន្ននេះកំពុងមមាញឹកយ៉ាងខ្លាំងនៅក្នុងអាជីពសម្តែង និងការងារសិល្បៈផ្សេងៗទៀត មិនថាការងារជាពិធីករ ឬដឹកនាំកម្មវិធីផ្សេងៗនោះទេ។ ទន្ទឹមនឹងនេះរឿង “វិកលចរិត” ក៏កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីសំណាក់ប្រិយមិត្តតាមបណ្តាញសង្គមនានា ដោយសារតែនេះជាខ្សែភាពយន្តភ័យរន្ធត់ដំបូងគេរបស់ខ្មែរដែលមានលក្ខណៈខុសប្លែកពីខ្សែភាពយន្តនានាកន្លងមកទាំងបច្ចេកទេស និងគុណភាព។

    តារាសម្បុរខ្មៅស្រអែមរូបនេះមានសមត្ថភាព និងទេពកោសល្យសម្តែងខ្ពស់ ទើបលោកតែងតែមានឱកាសទទួលបានការអញ្ជើញឲ្យដើរលើកម្រាលព្រំក្រហមក្នុងមហោស្រពភាពយន្តអន្តរជាតិនៅតាមបណ្តាប្រទេសផ្សេងៗ ដូចជា ប្រទេសចិន កូរ៉េ ជប៉ុន និងស្វ៊ីស ជាដើម។ ក្នុងនេះរឿងដែលលោកបានចូលរួមសម្ដែង និងបានឆ្លងទៅបញ្ចាំងនៅលើឆាកអន្ដរជាតិមានដូចជារឿង “គ្រាប់ពេជ្រចុងក្រោយ” រួមទាំងរឿង “វិកលចរិត” នេះផងដែរ។

    យ៉ាងណាមិញ វណ្ណី ពិសិដ្ឋ បានប្រាប់អ្នកយកព័ត៌មានគេហទំព័រ ឡារ៉ែន ថា នៅថ្ងៃទី3 ខែសីហា ឆ្នាំ2017​ នេះនឹងមានការចាក់បញ្ចាំងរឿង “វិកលចរិត” នៅក្នុងប្រទេសកម្ពុជាដំណាលគ្នាជាមួយប្រទេសថៃ និងឡាវផងដែរ លោកថា “សម្រាប់ខ្ញុំ ការចូលរួមគាំទ្រទាំងអស់គ្នាពីសំណាក់ទស្សនិកជន ចំពោះសិល្បករ សិល្បការិនី ក៏ដូចជាផលិតករ គឺជាការលើកទឹកចិត្តដើម្បីផលិតរឿងឱ្យកាន់តែល្អឡើងថែមទៀតនៅថ្ងៃខាងមុខ”។

    គួររំឭកផងដែរថា អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ រឿងនេះធ្លាប់ត្រូវបានគណៈកម្មការវាយតម្លៃភាពយន្តអន្តរជាតិចេញលិខិតទទួលស្គាល់គុណភាពចំពោះខ្សែភាពយន្តមួយនេះ ហើយក៏ត្រូវបាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជ្រើសរើសធ្វើជាតំណាងភាពយន្តកម្ពុជាយកទៅចាក់បញ្ចាំងនៅមហោស្រពភាពយន្តអន្តរជាតិនៅប្រទេសចិននាពេលកន្លងមកដែរ៕