Tag: លេងហ្គេម

  • យុគសម័យនៃស្មាតហ្វូនត្រកូល Reno Series នឹងមកដល់ឆាប់ៗនេះ….

    យុគសម័យនៃស្មាតហ្វូនត្រកូល Reno Series នឹងមកដល់ឆាប់ៗនេះ….

    ថ្មីៗនេះនៅតាមបណ្តាប្រទេសមួយចំនួនដូចជា ចិន ម៉ាឡេស៊ី ថៃ បានប្រកាសចេញលក់ជាផ្លូវការហើយនូវស្មាតហ្វូន OPPO ជំនាន់ចុងក្រោយ Reno10 Series 5G យ៉ាងជោគជ័យជាមួយសន្ទុះគាំទ្រខ្លាំងក្លាពីអ្នកប្រើប្រាស់ជុំវិញពិភពលោក​។ អ្វីដែលចាប់អារម្មណ៍គឺស្មាតហ្វូននេះ នៅតែបន្តឈរឈ្មោះជា​ «អ្នកជំនាញ Portrait» ដើម្បីផ្តល់នូវបទពិសោធថតរូប និងវីដេអូល្អបំផុតប្រកបដោយបច្ចេកវិទ្យាច្នៃប្រឌិត ទំនើប និងឈានមុខគេក្នុងវិស័យស្មាតហ្វូន។

    ចម្ងល់ជាច្រើនទៅលើ OPPO Reno10 Series តើពេលណានឹងបង្ហាញខ្លួននៅប្រទេសកម្ពុជា? គួររម្លឹកថាសម្រាប់ត្រកូល Reno Series បានបង្ហាញខ្លួននៅកម្ពុជា ជាមួយការច្នៃប្រឌិតអស់រយៈពេល 4 ឆ្នាំនិងចេញលក់នូវម៉ូដែលចំនួន 9 ជំនាន់មកហើយតាំងពី OPPO Reno រហូតដល់ OPPO Reno8 T Series ដែលបានចេញលក់កាលពីអំឡុងដើមឆ្នាំ 2023។ ដូចនេះតើនៅត្រីមាសទី 3 ក្នុងឆ្នាំ 2023 នេះ OPPO នឹងបង្ហាញតួឯកថ្មីក្នុងត្រកូល Reno នេះ?

    ទន្ទឹមគ្នានេះបើយោងតាមផុសមួយនៅលើ Facebook ផេគរបស់ OPPO ប្រចាំប្រទេសកម្ពុជាថ្មីៗនេះ ត្រៀមបញ្ចេញនូវស្មាតហ្វូនបច្ចេកវិទ្យាឈានមុខ OPPO Reno10 Series ជំនាន់ថ្មីនេះហើយ ប៉ុន្តែសម្រាប់ព័ត៌មានជាក់លាក់នោះគឺនៅមិនទាន់ច្បាស់នៅឡើយទេ។

    អ្វីដែលកាន់តែពិសេសនៅលើ Facebook ផេគ OPPO ក៏បើកឲ្យអតិថិជននិងហ្វេនៗចូលលេងហ្គេមងាយៗដោយគ្រាន់តែឆ្លើយនូវសំណួរ តើមួយណាជារូប Portrait? ដោយគ្រាន់តែជ្រើសរើសរូបមួយក្នុងចំណោមរូបទាំងបី រួចអនុវត្តតាមលក្ខខណ្ឌងាយៗដើម្បីមានឱកាសឈ្នះរង្វាន់កាសឥតខ្សែ Enco Buds2 ចំនួនមួយរង្វាន់ ។

    ដូច្នេះ តើអ្នកត្រៀមខ្លួនរួចហើយឬនៅ? ដើម្បីស្វាគមន៍ OPPO Reno10 Series ដែលនឹងមកឆាប់ៗនេះ ដែលមានការ upgrade មុខងារពិសេសៗជាច្រើន និងមុខងារថតរូបស្អាតៗប្លែកៗយល់ចិត្តអ្នកចូលចិត្តថតរូបជាពិសេស។ សម្រាប់ព័ត៌មានលម្អិតអំពីស្មាតហ្វូននេះ សូមរង់ចាំតាមដាននៅលើផេគ Facebook ផ្លូវរបស់ក្រុមហ៊ុន OPPO

  • និស្ស័យល្អ 10យ៉ាង ដែលឪពុកម្ដាយសម័យថ្មីគួរបង្រៀនដល់កូន

    និស្ស័យល្អ 10យ៉ាង ដែលឪពុកម្ដាយសម័យថ្មីគួរបង្រៀនដល់កូន

    ការបង្ហាត់កុមារឱ្យមានទស្សនគតិ និងឧបនិស្ស័យក្នុងការរស់នៅឱ្យបានល្អត្រឹមត្រូវ ទាំងរឿងការចូលក្នុងសង្គម និងចេះ​ហាត់មើលថែទាំសុខភាពតាំងពីអាយុនៅតិចៗ នឹងធ្វើឱ្យរឿងល្អៗទាំងអស់នេះនៅដក់ជាប់នឹងខ្លួនគេរហូតមួយជីវិត ហើយ​ខាង​​​ក្រោមនេះ គឺជារឿងសំខាន់ៗដែលអាណាព្យាបាលសម័យថ្មីគួរតែបង្រៀនឱ្យកូនៗប្រត្តិបត្តិឱ្យក្លាយជាទម្លាប់និស្ស័យ ៖

    1.ញើសសំបោរឱ្យអស់

    រឹតតែបង្ហាត់ឱ្យកុមារឆាប់ចេះញើសសំបោរលឿនប៉ុនណា បញ្ហាសុខភាពរបស់ពួកគេនឹងឆាប់បានថយចុះលឿនប៉ុននោះដែរ ព្រោះច្រមុះដែលពោរពេញដោយសំបោរ គឺជាផ្នែកមួយនៃបញ្ហាត្រចៀក និងរោគផ្សេងទៀតជាច្រើន។

    2.បរិភោគអាហារពេលព្រឹករាល់ថ្ងៃ

    អាហារពេលព្រឹក គឺជាពេលអាហារដ៏សំខាន់បំផុត ព្រោះនឹងជួយឱ្យក្មេងគិត និងរៀនបានកាន់តែល្អឡើង អាណា​ព្យា​​បាលគួ​រ​​រក​​នឹកអាហារពេលព្រឹកប្លែកៗថ្មីៗ ដើម្បីឱ្យកូនៗមានអារម្មណ៍ចង់ញ៉ាំ ដោយសាកល្បងប្តូរពីបាយសាច់ជ្រូក មកជានំសាំងវិច ឬនំប៊ើហ្គ៊ើជាដើម។

    3.ការពារស្បែករបស់ខ្លួនឯង

    អ្នកដែលកើតរោគមហារីកស្បែកភាគច្រើន ច្រើនតែកើតដោយសារការហាលកម្ដៅថ្ងៃ​ដែលសន្សំបន្តិចម្តងៗតាំងពីវ័យកុមារមកម្ល៉េះ។ ចូរបង្រៀនឱ្យកុមារយល់ដឹងអំពីរឿងនេះ និងលាបឡេការពារកម្ដៅថ្ងៃ​ មុនពេលចេញក្រៅផ្ទះគ្រប់ពេល។

    4.កម្រើករាងកាយ និងហាត់ប្រាណ

    កុមារៗឥឡូវនេះច្រើនតែចូលចិត្តអង្គុយលេងហ្គេមកុំព្យូទ័រ ឬមើលទូរទស្សន៍យូរៗដោយមិនកម្រើកខ្លួនទៅណា ធ្វើឱ្យអាចកើតជម្ងឺផ្សេងៗជាញឹកញាប់ ដូច្នេះឪពុកម្ដាយគួរបង្ហាត់ឱ្យគេចេះធ្វើកិច្ចការឯទៀតខ្លះផង ដូចជាបង្ហាត់ឱ្យចេះហាត់ប្រាណតាមរយ:ការធាក់កង់ ឬលេងបាល់បោះជាដើម។

    5.ថែទាំសុខភាពមាត់ធ្មេញរបស់ខ្លួនឯង

    បង្រៀនកូនៗថា ការមិនដុសសម្អាតធ្មេញ ឬបណ្តោយឱ្យធ្មេញពុក នឹងមានជំងឺអាក្រក់ផ្សេងទៀតកើតឡើង។ បង្រៀនឱ្យគេចេះដុសធ្មេញឱ្យបានត្រឹមត្រូវ និងនាំទៅទិញច្រាសដុសធ្មេញម៉ូដណាដែលគេស្រឡាញ់ ដើម្បីជាការជំរុញឱ្យគេកាន់តែចង់ដុសធ្មេញឡើង។

    (នៅមានត)

  • ឪពុកម្ដាយសម័យថ្មី កុំភ្លេចជួយជំរុញកូនតូចឱ្យចេះសរសេរ ព្រោះជាវិវឌ្ឍនាការសំខាន់របស់កុមារតូច

    ឪពុកម្ដាយសម័យថ្មី កុំភ្លេចជួយជំរុញកូនតូចឱ្យចេះសរសេរ ព្រោះជាវិវឌ្ឍនាការសំខាន់របស់កុមារតូច

    ទោះជាបច្ចុប្បន្នជាយុគសម័យនៃបច្ចេកវិទ្យាទំនើប ដែលងាកទៅខាងណាក៏ឃើញតែស្មាតហ្វូន និងកុំព្យូទ័រក៏ដោយ តែការបង្ហាត់កូនតូចឱ្យចេះកាន់ប៊ិច ឬខ្មៅដៃសរសេរ គឺជារឿងមួយសំខាន់ណាស់សម្រាប់ក្មេងវ័យមុនចូលរៀនមត្តេយ្យ ព្រោះការសរសេរមានចំណុចល្អច្រើនណាស់សម្រាប់កុមារតូចៗ ដូចជាការជួយហ្វឹកហាត់សាច់ដុំប្រអប់ដៃរបស់កុមារ ជួយឱ្យកុមារចេះសង្កេត និងចេះប្រើខួរក្បាលផងដែរ។ ខាងក្រោមនេះជាដំណាក់កាលនៃការចេះកាន់ខ្មៅដៃសរសេរ ឬគូសវាសរបស់កុមារតូចៗតាមវ័យដែលអាណាព្យាបាលគួរតែដឹង។

    ដំណាក់កាលទី1 គូសវាស (ក្មេងតូចវ័យ 2 – 3ឆ្នាំ) គ្រវាសគ្រវាត់គ្មានគោលដៅ។ ចាប់ខ្មៅដៃបាន ក៏គូសវាសជាខ្សែផ្សេងៗជំពាក់វាក់វ័ណ្ឌគ្នាពេញក្រដាស ទាំងភ្នែកអាចនឹងមិនបានមើលដៃ ឬក្រដាស(ដែលខ្លួនឯងសរសេរ)ផង។

    ដំណាក់កាលទី2 គ្រប់គ្រងការគូសវាស (អាយុ 3ឆ្នាំ) ទោះជាស្នាមគូសវាសមិនខុសគ្នាពីដំណាក់កាលដំបូងមែន តែយ៉ាងហោច​ណាស់ ក៏គេចាប់ផ្តើមចេះគ្រប់គ្រងការធ្វើចលនារបស់សាច់ដុំដៃរបស់ខ្លួនឯងបានហើយ និងចេះសរសេរយ៉ាងមានទិសដៅច្រើនជាងមុនបន្តិចហើយ។

    ដំណាក់កាលទី3 (អាយុ 3 – 4 ឆ្នាំ) កូនតូចនឹងចូលចិត្តគូសតាមស្នាមពង្រាងអុចៗ ឬគូសជាន់ពីលើតាមតួអក្សរដែលគេចង់សរសេរ តែឪពុកម្ដាយក៏កុំទៅនឹកសង្ឃឹមថា កូនតូចនឹងសរសេរជាន់ពីលើពង្រាងនោះបានស្អាតល្អឱ្យសោះ ព្រោះវានៅតែវៀចទៅឆ្វេង ទៅស្តាំ និងទ្រេតទ្រោតដដែល ដូច្នេះអ្នកម្តាយគួរកុំគិតតែពីទិញសៀវភៅគំរូហាត់សរសេរឱ្យកូនហាត់សរសេរច្រើនពេកអី និងកុំភ្លេចថា ការចូលចិត្តរបស់កូនតូច វាគ្រាន់តែជាវិវឌ្ឍនាការមួយអំឡុងពេលប៉ុណ្ណោះ មិនដូច្នោះទេកូនអាចនឹងធុញទ្រាន់ និងហត់បានដូចគ្នា។

    ដំណាក់កាលទី4 អាចសរសេរឈ្មោះខ្លួនឯងបាន សរសេរតាមពាក្យផ្សេងៗបាន (អាយុ 4ឆ្នាំ) ចាប់ផ្តើមសរសេរពាក្យដែលមាន​អត្ថន័យចំពោះខ្លួនឯងបាន ដូចជាឈ្មោះរបស់ខ្លួនឯង ឬប្រយោគដែលអ្នកគ្រូ(សាលាមត្តេយ្យ)ធ្លាប់និយាយប្រាប់ ហើយគេចង់សរសេរ(រឿងនិទាន ឬទីកន្លែងដែលគេចូលចិត្ត) ពេលអ្នកគ្រូសរសេរឱ្យមើល គេនឹងព្យាយាមសរសេរតាម។

    ដំណាក់កាលទី5 គិតរកនឹកសរសេរពាក្យ (អាយុ 4 – 5ឆ្នាំ) ពេលកូនតូចបានឮ បានស្តាប់ពាក្យអ្វីមក ដូចជា ស្រឡាញ់ម៉ាក់ ជាដើម គេនឹងយក​ពាក្យនោះ​មកគិត និងសរសេរលើក្រដាស់ថា “ស្រឡាញ់ម៉ាក់” ទោះជាអក្សរមិនសូវស្អាតមែន តែក៏អាចនិយាយបានថា កូនតូចចេះសរសេរហើយ។

    ដំណាក់កាលទី6 សរសេរបានយ៉ាងត្រឹមត្រូវ (អាយុ 5 – 7ឆ្នាំ) ពេលអ្វីគ្រប់យ៉ាងត្រៀមជាស្រេចរួចហើយ ពេលនោះគេនឹង​សរសេរ​ពាក្យ​ផ្សេងៗបានដោយខ្លួនឯងយ៉ាងចំណាន និងកាន់តែត្រឹមត្រូវឡើងទៀតផង។

    ទម្រាំតែគេអភិវឌ្ឍឡើងបានជាដំណាក់ៗបែបនេះ មិនមែនចេះតែត្រឹមត្រូវទៅតាមអាយុប៉ាច់ៗនោះទេ។ កូនតូចអាចនឹងវិវឌ្ឍយឺត-លឿនមិនស្មើគ្នាទេ អាស្រ័យលើបទពិសោធដែលក្មេងម្នាក់ៗប្រមូលសន្សំបានមក។ ការហ្វឹកហាត់វិវឌ្ឍនាការនេះ មាននៅក្នុងកិច្ច​ការងា​រ​​ប្រចាំ​ថ្ងៃបែបងាយៗដូចជា ការហែកក្រដាស កាត់ក្រដាស ជួយម៉ាក់ដួសបាយ កៀបដុំទឹកកក បើក-បិទគម្របដប និងកិច្ចការ​ងារដែលធ្វើរួមគ្នា មិនថាតែការអានសៀវភៅ និយាយរឿងនិទាន លេងហ្គេមដែលពាក់ព័ន្ធនឹងពាក្យ ដូចជាលេងតពាក្យចុងជួន សង្កេត​ពាក្យដែលដូចគ្នាតាមស្លាកឃោសនាពាណិជ្ជកម្មនៅតាមផ្លូវថ្នល់ ជាដើម។

    ធ្វើកិច្ចការងារបែបនេះឱ្យក្លាយទៅជារឿងប្រក្រតី ពេលនោះកុមារនឹងសរសេរបានដោយខ្លួនឯង និងសរសេរយ៉ាងមាន​សេចក្តី​សុខទៀតផង៕

  • កូនៗឈ្លោះគ្នា ឪពុកម្ដាយត្រូវធ្វើម៉េច?

    កូនៗឈ្លោះគ្នា ឪពុកម្ដាយត្រូវធ្វើម៉េច?

    “ម៉ាក់អ៊ើយ អាបងចូលមកក្នុងបន្ទប់កូនទៀតហើយ!”

    “ម៉ាក់!! អាអូនមិនព្រមឱ្យកូនលេងរបស់លេងដែរទេ”

    “ឱ្យប្អូនលេងសិនទៅ”

    “អត់ទេ! កូនលេងមុន!”

    “ដណ្ដើមហ្អេ៎? នេះនែ!!(ផាច់ៗ…វាយគ្នា)”

    ស្ថានការណ៍បែបហ្នឹង ធ្លាប់ជួបទេ? បើសិនជាផ្ទះរបស់អ្នកមានអាល្អិតយ៉ាងតិច 2នាក់រស់នៅក្រោមដំបូលតែមួយ ប្រាកដណាស់ថា ហេតុការណ៍ស្រដៀងៗដែលអ្នកគ្រូ ឆវី លើកជាឧទាហរណ៍ខាងលើនេះ ប្រហែលជាធ្លាប់កើតឡើងចំពោះអ្នកខ្លះមិនខាន។ ការឈ្លោះទាស់ទែងគ្នារវាងបង-ប្អូន គឺជារឿងប្រក្រតីដែលកើតឡើងគ្រប់ផ្ទះ ហើយបើសិនជាលោកឪពុកអ្នកម្ដាយចេះទប់ទល់យ៉ាងត្រូវវិធី វានឹងជួយកាត់បន្ថយបញ្ហាដែលអាចនឹងកើតឡើងក្នុងរយៈពេលវែងបាន។ ខាងក្រោមនេះគឺ វិធី និងគន្លឹះល្អៗដើម្បីឱ្យឪពុកម្ដាយអាចដោះស្រាយបញ្ហាកូនៗឈ្លោះគ្នាបានយ៉ាងត្រឹមត្រូវ និងល្អប្រសើរ…។

    • បំបែកជើងខ្លាំងទាំងពីរចេញពីគ្នា ទុករហូតទាល់តែស្ងប់អារម្មណ៍ ៈ ក្នុងករណីខ្លះអាចត្រឹមតែឱ្យកូនទាំងពីរឈប់និយាយ និងឈប់ធ្វើអ្វីគ្រប់យ៉ាងសិន មុននឹងលោកអ្នកចូលទៅកែបញ្ហាជម្លោះទាស់ទែងនោះ តែបើលោកអ្នកត្រូវការឱ្យរឿងហ្នឹងក្លាយជាបទពិសោធដែលកូនៗនឹងបានរៀនយល់ដឹង គួរតែរង់ចាំរហូតទាល់តែអារម្មណ៍របស់ពួកគេស្ងប់ទៅវិញសិន សឹមអប់រំពួកគេ។
    • កុំដាក់សម្ពាធ ឬព្យាយាមរកអ្នកខុស ៈ នៅពេលកូនទាំង 2នាក់ឈ្លោះគ្នា រឿងដែលកើតឡើងក្មេងទាំងពីរត្រូវតែទទួលខុសត្រូវរួមគ្នា។
    • ព្យាយាមសាងស្ថានការណ៍ដែលគ្រប់គ្នាទទួលបានប្រយោជន៍ ៈ ដូចជាហៅថា ស្ថានការណ៍ឈ្នះ-ឈ្នះ(win-win situation)ដើម្បីឱ្យគ្រប់គ្នាបានរៀនយល់ដឹងពីអ្វីម្យ៉ាង ដូចជា នៅពេលដែលកូន 2នាក់ត្រូវការលេងរបស់លេងតែមួយដូចគ្នា អ្នកអាចនឹងប្ដូរទៅជាឱ្យកូនៗបានលេងហ្គេមណាដែលអាចលេងដំណាលគ្នាបានទាំងពីរនាក់ជំនួសវិញ ជាដើម។

    កែសម្រួលនិស្ស័យ បង-ប្អូនត្រូវតែមិនឈ្លោះគ្នា

    តទៅនេះ គឺជារឿងងាយៗដែលលោកអ្នកអាចធ្វើបាននៅក្នុងជីវិតប្រចាំថ្ងៃ ដើម្បីកាត់បន្ថយជម្លោះរវាងបង-ប្អូន។

    • ដាក់ច្បាប់ ជាពិសេសក្នុងរឿងទង្វើ ៈ ប្រាប់កូនៗថា ក្មេងៗមិនគួរនិយាយពាក្យអាក្រក់ស្ដាប់ ស្រែកគំហកដាក់មុខគ្នា ឬធ្វើមុខមាំកាចដាក់គ្នាទេ និងអធិប្បាយឱ្យស្ដាប់ថា នឹងមានអ្វីកើតឡើងបើសិនជាកូនល្មើសច្បាប់ដោយការបញ្ចេញទង្វើដែលមិនគួរឱ្យប្រាថ្នាផ្សេងៗចេញមក ដើម្បីឱ្យក្មេងៗបានដឹងថា គេត្រូវតែទទួលខុសត្រូវចំពោះទង្វើរបស់គេ។
    • កុំបណ្ដោយឱ្យកូនៗធ្វើឱ្យអ្នកគិតថា អ្នកត្រូវតែបង្ហាញពីភាពយុត្តិធម៌គ្រប់ពេលឱ្យសោះ ព្រោះក្នុងករណីខ្លះ អាល្អិតម្នាក់ក៏នឹងចាំបាច់ត្រូវទទួលខុសត្រូវលើទង្វើរបស់ខ្លួនច្រើនជាងអាល្អិតម្នាក់ទៀតដែរ។
    • ផ្ដល់នូវការចាប់អារម្មណ៍ចំពោះកូនៗយ៉ាងស្មើភាពគ្នាជាប់ជានិច្ច ជាពិសេសក្រោយការឈ្លោះទាស់ទែងគ្នា។ បើកូនបងចង់ចេញទៅដើរលេង ក៏គួរតែនាំគេទៅ តែពេលត្រឡប់មកវិញ បើកូនប្អូនត្រូវការឱ្យអ្នកនិយាយរឿងនិទានឱ្យស្ដាប់ អ្នកក៏ត្រូវតែធ្វើដែរ។
    • ប្រាកដក្នុងចិត្តថា កូនម្នាក់ៗមានទីកន្លែងផ្ទាល់ខ្លួន និងមានពេលវេលាផ្ទាល់ខ្លួនដែលគេអាចនឹងបានលេងដូចដែលគេត្រូវការដោយមិនចាំបាច់មានបង ឬប្អូនតាមជាប់ទៅជាមួយផង។
    • សម្ដែងឱ្យកូនឃើញ និងអធិប្បាយឱ្យកូនយល់ថា សម្រាប់រូបអ្នក សេចក្ដីស្រឡាញ់ជារឿងដែលត្រូវមានព្រំដែន។
    • ធ្វើឱ្យកូនដឹងថា ពួកគេមានភាពសំខាន់ និងនឹងបានទទួលការមើលថែទាំឱ្យមានសុវត្ថិភាព រួមទាំងតម្រូវការទាំងឡាយដែលស្ថិតលើហេតុផលរបស់កូនដែលនឹងបានទទួលការតបស្នង។
    • ធ្វើកិច្ចការងាររួមគ្នាទាំងគ្រួសារ ព្រោះវានឹងជួយកាត់បន្ថយភាពតានតឹងរវាងបងប្អូនដែលឈ្លោះគ្នាបាន ព្រោះក្នុងកិច្ចការងារទាំងនោះ គ្រប់គ្នានឹងបានទទួលការយកចិត្តទុកដាក់យ៉ាងស្មើៗគ្នា។
    • បើកូនឈ្លោះគ្នាដដែលៗ ក្នុងរឿងដដែលៗ ដូចជាដណ្ដើមគ្នាប្រើកុំព្យូទ័រ ជាដើម អាណាព្យាបាលគួរតែធ្វើតារាងកាលវិភាគការប្រើការរឿងអ្វីមួយនោះសម្រាប់កូនម្នាក់ៗ តែបើនៅតែឈ្លោះគ្នាទៀត ពួកគេទាំងពីរនឹងលែងទទួលបានឱកាសនោះទៀត។
    • បើកូនៗនៅតែឈ្លោះគ្នាញឹកញាប់ លោកអ្នកគួរណាត់ថ្ងៃនិយាយគ្នាក្នុងក្រុមគ្រួសារ ដើម្បីរំឭកអំពីច្បាប់ដែលប្រើក្នុងគ្រួសារ និងរំឭកឡើងវិញនូវភាពជោគជ័យក្នុងការកែបញ្ហាឈ្លោះទាស់ទែងដែលទាំងអស់គ្នាអាចធ្វើបានកាលពីពេលកន្លងៗមក។ លោកអ្នកអាចសាកល្បងប្រើវិធីឱ្យរង្វាន់នៅពេលកូនអាចលេង ឬធ្វើការអ្វីមួយរួមគ្នាបានដោយមិនមានជម្លោះ ដូចជាបើកូនមិនមានឈ្លោះគ្នាសោះក្នុងមួយថ្ងៃ កូនៗនឹងបានជ្រើសទិញនំដែលខ្លួនឯងចូលចិត្តញ៉ាំ ឬមិនមានឈ្លោះគ្នាមួយសប្ដាហ៍ ប៉ាម៉ាក់នឹងនាំទៅដើរលេង ជាដើម។
    • កុំភ្លេចថា ក្មេងៗម្នាក់ៗត្រូវការពេលវេលានៅឆ្ងាយពីបងប្អូន និងក្រុមគ្រួសារខ្លះដែរ ដូច្នេះលោកអ្នកអាចនឹងរៀបចំឱ្យកូនៗបានទៅលេងផ្ទះមិត្តភក្តិជិតដិត ឬឱ្យកូនម្នាក់ៗទៅដើរលេងតែម្នាក់ឯងជាមួយអ្នកក៏បាន។

    *** ខណៈដែលកូនៗរៀនយល់ដឹងក្នុងការចេះរម្ងាប់អារម្មណ៍ គេក៏ថែមទាំងបានរៀនយល់ដឹងពីជំនាញសំខាន់ដែលនឹងប្រើប្រាស់ក្នុងការរស់នៅ ដូចជារឿងការទទួលយកគំនិតយោបល់របស់អ្នកដទៃ ការសម្រុះសម្រួល ការតវ៉ា និងការគ្រប់គ្រងទង្វើច្រងេងច្រងាងរបស់ខ្លួនឯង ជាដើម។

    ប៉ាម៉ាក់មិននៅ កូនៗមិនឈ្លោះគ្នា

    កុំភ្លេចណា៎ថា ការដែលអាល្អិតៗរបស់លោកអ្នកឈ្លោះគ្នា ពេលខ្លះក៏ដើម្បីទាមទារការចាប់អារម្មណ៍អំពីលោកឪពុកអ្នកម្ដាយដែរ ដូច្នេះ នៅពេលដែលវាអ៊ីចឹង លោកអ្នកក៏គួរតែរកមើលពេលវេលាទំនេរខ្លះដើម្បីឱ្យខ្លួនឯងបានធ្វើអ្វីម្យ៉ាងដែលជាការងារផ្ទាល់ខ្លួនដោយគ្មានកូនៗនៅក្បែរខ្លះផង ព្រោះ…ជឿអ្នកគ្រូ ឆវី ចុះថា នៅពេលដែលលោកអ្នកមិននៅ កូនៗនឹងរស់នៅជាមួយគ្នាបានយ៉ាងល្អប្រសើរ៕

  • នៅពេលកូនតូចឈានចូលខែទី 12 (អាយុ 1ឆ្នាំ)

    នៅពេលកូនតូចឈានចូលខែទី 12 (អាយុ 1ឆ្នាំ)

    ខែទី 12

    លក្ខណៈរបស់កូនតូច

    នៅពេលកូនអាយុជិតគ្រប់ 1ឆ្នាំ ភាពរពឹសរបស់កូនក៏រឹតតែខ្លាំងក្លាទ្វេគុណឡើងដែរ ទោះជាក្មេងខ្លះនៅមិនទាន់អាចដើរបានក៏ដោយ តែក៏អាចវារបានលឿនរហូតឪពុកម្ដាយដេញតាមចាប់មិនទាន់ក៏មាន។ កាលនៅជាក្មេងតូច ការចិញ្ចឹមមើលថែក្មេងប្រុស និងក្មេងស្រីមិនទាន់មានភាពខុសប្លែកពីគ្នាប៉ុន្មានឡើយ តែពេលមកដល់វ័យនេះ នឹងហាក់ដូចជាមើលឃើញច្បាស់លាស់ហើយ ដូចជា ក្មេងប្រុសនឹងមានសញ្ញារពឹសចេញឱ្យឃើញយ៉ាងច្បាស់តែម្ដង ធ្វើចលនារហ័សរហួន ចំណែកក្មេងស្រីនឹងហាក់ដូចជារាងនឹងធឹងបន្តិច ខ្លាំងទៅខាងបញ្ចេញសំឡេង ចង់និយាយស្ដីច្រើនជាង ដែលទាំងអស់នេះជាវិវឌ្ឍនាការប្រក្រតីរបស់ក្មេង។

    វ័យនេះ ក្ដីចង់ដឹងចង់ឃើញកើនឡើងកាន់តែច្រើន ដូច្នេះអ្នកម្ដាយហាមភ្លេចខ្លួនជាដាច់ខាត មិនថាតែតោងឡើងជណ្ដើរ មួលបើកចង្រ្កានហ្គាស ទាញឌុយភ្លើង បើកគម្របដបលេង សុទ្ធតែជារឿងដែលគួរឱ្យចាប់អារម្មណ៍សម្រាប់កូនតូចទាំងអស់។

    ដល់វ័យត្រូវប្ដូរទឹកដោះឱ្យហើយ

    អ្នកម្ដាយគួរចាប់ផ្ដើមប្ដូរពីទឹកដោះគោម្សៅទៅជាទឹកដោះគោប្រអប់បានហើយ ដោយឱ្យបឺតពីប្រអប់ដោយបំពង់បឺតតែម្ដង ឬចាក់ដាក់កែវញ៉ាំក៏បាន ព្រមទាំងចាប់ផ្ដើម(ឱ្យផ្ដាច់)ឱ្យឈប់រវល់ជាមួយដបទឹកដោះគោបានហើយ។ នៅពេលកូនធ្វើបានសម្រេច ក៏កុំភ្លេចសរសើរ និងបញ្ចេញកាយវិការត្រេកអរឱ្យកូនបានឃើញផង កូននឹងមានមោទនភាព។ វិធីផ្ដាច់ដបទឹកដោះគោគឺ ដំបូងៗអ្នកម្ដាយគួរគេងជាមួយកូន និយាយរឿងនិទានឱ្យកូនស្ដាប់ ឬបំពេរកូនរហូតដល់គេងលក់ ព្រោះបើមានអ្នកម្ដាយនៅគេងជាមួយ កូនច្រើនតែមិននឹកឃើញដបទឹកដោះគោទេ។ នៅពេលធ្វើដូច្នេះបានមួយរយៈពេលហើយ ចូរយកដបទឹកដោះគោទៅលាក់ទុកកុំឱ្យកូនឃើញរហូតតែម្ដង។

    នៅពេលកូនមិនព្រមញ៉ាំបាយ

    ប្រយោជន៍ដែលបានមកពីបាយគឺ ម្សៅ និងជាតិស្ករ និងប្រូតេអ៊ីន ឬញ៉ាំនំប៉័ង និងគុយទាវក៏ទទួលបានម្សៅ និងជាតិស្ករដូចគ្នា ចំណែកត្រី ស៊ុត និងសាច់សត្វវិញផ្ដល់ប្រូតេអ៊ីនច្រើនជាងបាយ ដូច្នេះទោះជាកូនមិនព្រមញ៉ាំបាយមែន តែបើបានអាហារផ្សេងគ្រប់គ្រាន់ក៏មិនមានបញ្ហាអ្វីដែរ តែបើមិនព្រមញ៉ាំបាយ ហើយញ៉ាំតែនំពេញមួយថ្ងៃដែលមានតែម្សៅ និងស្ករក្នុងបរិមាណច្រើន នឹងធ្វើឱ្យកូនឆ្អែត មិនចង់ញ៉ាំបាយ ធ្វើឱ្យខ្វះសារធាតុអាហារ។ បើកូនមានទម្លាប់បែបនេះ ចូរបបួលកូនវារ ឬរត់លេង ឬលេងបិទពួនដេញចាប់ឱ្យបានច្រើន នោះកូនក៏នឹងញ៉ាំបាយបានច្រើនឡើងដោយឯកឯង ដោយអ្នកម្ដាយមិនចាំបាច់បង្ខំឡើយ ព្រោះការដែលកូនបានរត់លេងច្រើននេះ វាប្រៀបដូចជាការហាត់ប្រាណម្យ៉ាងដែរ។ ឯក្មេងដែលឪពុក ម្ដាយ តា យាយតឹងរ៉ឹងខ្លាំង មិនសូវបណ្ដោយឱ្យចេញទៅរត់លេងក្រៅផ្ទះ ច្រើនតែជាក្មេងដែលស្ពឹកស្រពន់ មិនសូវញ៉ាំ មិនសូវមានកម្លាំង និងឈឺញឹកញាប់។ តែយ៉ាងណាក៏ដោយ អ្នកម្ដាយត្រូវចេះសង្កេតមើលថា តើកូនមិនព្រមញ៉ាំបាយដោយសារអ្វី ទើបអាចកែបញ្ហាបានត្រូវ។

    អាការដែលអាចកើតឡើង

    . ធ្មេញកូននៅមិនទាន់ដុះឡើង

    ទោះជាដឹងថា ក្មេងខ្លះឆាប់ដុះធ្មេញ និងក្មេងខ្លះក្រដុះធ្មេញក៏ដោយ តែបើកូនអាយុមួយខួបហើយនៅមិនទាន់ឃើញមានធ្មេញផុសឡើងមួយគ្រាប់ណាសោះនោះ ឪពុកម្ដាយប្រហែលជានឹកកង្វល់ចិត្តមិនតិចឡើយ។ ការពិតទៅ កូនមានធ្មេញនៅក្រោមអញ្ចាញរួចរាល់ហើយ គ្រាន់តែក្រផុសឡើងមកលើសាច់អញ្ចាញប៉ុណ្ណោះ ដូច្នេះអ្នកម្ដាយមិនគួរនឹកកង្វល់ច្រើនពេកឡើយ គួររង់ចាំពេលវេលាបន្តិចទៀត។ មិនគួរទិញថ្នាំវីតាមីនបន្ថែមមកឱ្យកូនញ៉ាំដោយមិនបានប្រយ័ត្នប្រយែងនោះឡើយ ព្រោះនឹងធ្វើឱ្យកូនបានទទួលវីតាមីនច្រើនជ្រុល រហូតកើតអាការធុញទ្រាន់ទឹកដោះគោ ចង់ញ៉ាំតែទឹក ទឹកផ្លែឈើ និងអាចមានអាការជ្រៀតជ្រែកផ្សេងទៀតដូចជា ក្អួតចង្អោរ ហើមពោះ នោមច្រើន និងញឹកញាប់ ទាល់តែឈប់ឱ្យញ៉ាំវីតាមីនទើបបាត់ជាដើម ហើយការឱ្យកូនញ៉ាំកាល់ស្យូម ក៏មិនបានជួយឱ្យធ្មេញឆាប់ដុះឡើងដែរ។

    វិវឌ្ឍនាការរបស់កូន

    – រាងកាយ

    . ឡើងចុះជណ្ដើរកាន់តែពូកែឡើង។

    . ចេះរុញរបស់ផ្សេងៗចេញឆ្ងាយពីខ្លួនបាន។

    . ក្មេងខ្លះអាចដោះខោខ្លួនឯងបានហើយ។

    . ចេះប្រើដៃចាប់នេះ ចាប់នោះបានកាន់តែពូកែឡើង។

    . អាចកាន់វត្ថុ2 នៅក្នុងដៃតែម្ខាងបាន។

    . ចេះចាប់ស្លាបព្រាដើម្បីដួសអាហារដាក់ចូលមាត់បានខ្លះហើយ។

    . ព្យយាមចាប់របស់របរបង្វិលលេង និងចូលចិត្តមើលរបស់ដែលវិលបាន។

    – សង្គមជុំវិញខ្លួន

    . ចេះធ្វើត្រាប់តាមអាកប្បកិរិយាមនុស្សធំបានច្រើនឡើង។

    . ចេះនិយាយមួយម៉ាត់ៗបានច្រើនឡើង តែក្មេងស្រីនឹងឆាប់ចេះនិយាយជាងក្មេងប្រុស។

    . ដឹងពីអារម្មណ៍របស់អ្នកដទៃបានច្រើនឡើង។

    . ខ្លាចមនុស្សមិនដែលស្គាល់(ប្លែកមុខ) និងទីកន្លែងថ្មីៗ ប្លែកៗដែលមិនធ្លាប់ស្គាល់។

    . យល់ដឹងពីហ្គេមដែលកំពុងលេងច្រើនជាងមុន និងចេះលេងហ្គេមបានច្រើនមុខហើយ។

    . កាន់តែចេះបដិសេធការញ៉ាំខ្លាំងជាងមុន និងចាប់ផ្ដើមហួងហែងរបស់លេងខ្លះៗហើយ។

    – លេងជាមួយកូនឱ្យបានញឹកញាប់

    . គួរឱ្យកូនហាត់ដើរដោយខ្លួនឯង ដោយរៀបចំបរិវេណជុំវិញទីនោះឱ្យមានសុវត្ថិភាព កុំឱ្យកូនមានគ្រោះថ្នាក់នៅពេលដួល។ របស់ជ្រុងៗ ស្រួចៗត្រូវប្រមូលទុកឱ្យអស់។ ពេលរៀបចំទីកន្លែងរួចហើយ មិនចាំបាច់ដើរតាមកូនគ្រប់ពេលនោះទេ កូនដួលខ្លះ អីខ្លះគឺជារឿងធម្មតាបើមានកម្រាលព្រំពីក្រោម តែដែលត្រូវប្រយ័ត្នគឺ កម្រាលឥដ្ឋ ឬក្ដារឈើ។

    . អ្នកម្ដាយគួរឧស្សាហ៍និយាយឈ្មោះអវយវៈផ្សេងៗឱ្យកូនបានស្ដាប់ ព្រមទាំងចង្អុលបង្ហាញផង ដើម្បីកូនបានរៀនយល់ដឹងអំពីរាងកាយរបស់ខ្លួនឯងច្រើនឡើង។

    . កុំនិយាយពាក្យថា “កុំ” ជាមួយកូនតូចគ្រប់តែរឿងពេកបើជារឿងដែលមិនមានគ្រោះថ្នាក់ ឧស្សាហ៍ឱ្យកូនបានធ្វើដោយខ្លួនឯង ដើម្បីឱ្យកូនបានរៀនយល់ដឹង៕

  • តារាថៃណាខ្លះ ជំនាញលេងហ្គេម និងលេងជក់រហូតដល់ដាច់បាយ?

    តារាថៃណាខ្លះ ជំនាញលេងហ្គេម និងលេងជក់រហូតដល់ដាច់បាយ?

    ប្រសិនបើឱ្យនិយាយពីរឿងតារាលេងហ្គេមវិញនោះ គេហទំព័រ​ ឡារ៉ែន សូមជម្រាបថា មានតារាថៃ 7ដួង ដែលមានភាពស្ទាត់ជំនាញខ្លាំងបំផុតខាងការលេងហ្គេម និងលេងជក់រហូតដល់ដាច់បាយដាច់ទឹកក៏មានដែរ  ព្រោះតែសប្បាយជក់ចិត្ត និងជាការលំហែអារម្មណ៍ក្រោយពីមមាញឹកនឹងការងារ ដែលក្រុមតារាៗទាំងនោះបានបង្ហើបប្រាប់ថា ការលេងហ្គេម គឺធ្វើឱ្យមានភាពសប្បាយ និងមានសមត្ថភាពខាងបញ្ញារៀងៗខ្លួន។ តើមិត្តអ្នកអានចង់ដឹងទេថា តារា 7ដួងនោះ មានតារាណាខ្លះ សូមទស្សនាខាងក្រោមនេះជាបន្ត៖

    1.DJ ផ្លាគុង គឺ​ជា​កំពូល​អ្នក​លេង​ហ្គេម​តែ​ម្ដង  គឺ​ថា ​ហ្គេម​អី​ក៏​ចេះ​លេង​ដែរ!!

    2.គ្រូបង្វឹក Stamp អៈភីវ៉ាត់ ញៀន​ហ្គេម​ដល់​ថ្នាក់​សូម្បី​តែ​ថ្ងៃ​រៀបការ​ក៏​រៀប​ចំ Zone ទុក​លេង​ហ្គេម​ដែរ។

    3.កំពូលតារាសម្ដែង អាំ ផាត់ឆារ៉ាផា ចូលចិត្ត​លេង​ហ្គេម​ Dota 2 និង​លេង​ជា​ប្រចាំ​ទៀត​ផង។

    4.តារាស្រីវ័យក្មេង Bebeចូលចិត្ត​លេង​ហ្គេម Disney Infinity Seven knights និង Dota 2។

    5.តារា​ចម្រៀង Cutto Lipta ចូលចិត្ត​លេង​ហ្គេម Dota 2,Starcraft និង Command & Conquer។

    6.តារា​សម្ដែងប្រុសវ័យក្មេង Bank Hormones ពូកែលេង​ហ្គេមប្រភេទ PalyStation 4 ដូច​ជា fifa, Call of Duty និង Gta។

    7.ពិធីការិនី និងជា​តារា​សម្ដែង មេយ៍ ភីមឆៈណាត ជំនាញ​ហ្គេម Dota2 និង​ PalyStation 4៕