Tag: លើសឈាម

  • ចម្លើយលើចំណុចសង្ស័យ 7រឿងដែលស្ត្រីមានគភ៌ចង់ដឹងបំផុត

    ចម្លើយលើចំណុចសង្ស័យ 7រឿងដែលស្ត្រីមានគភ៌ចង់ដឹងបំផុត

    ស្ត្រីដែលទើបតែមានគភ៌ជាលើកដំបូងដែលកើតមានក្តីសង្ស័យ និងមិនប្រាកដក្នុងចិត្តថា តើក្នុងអំឡុងពេលមានគភ៌នោះ ត្រូវមើលថែទាំអ្វីខ្លះទៀត ក្រៅពីការជ្រើសរើសចំណីអាហារត្រូវតាមភោជនាការរបស់ស្ត្រីមានគភ៌ហើយ ហាត់ប្រាណយ៉ាងត្រឹមត្រូវ និងសម្រាកយ៉ាងគ្រប់គ្រាន់ហើយ តើនៅមានរឿងអ្វីដែលគួរធ្វើបន្ថែមទៀតឬទេ? និងតើមានរឿងអ្វីខ្លះដែលគួរចៀសវាង? និងកិច្ចការងារពីមុនដែលធ្លាប់ធ្វើ តើអាចធ្វើបានទៀតឬទេ? ឬហុចផលអាក្រក់ប៉ុនណា?។ ចំណុចសង្ស័យទាំងនេះ សុទ្ធតែជារឿងដែលអ្នកមានផ្ទៃពោះនៅសង្ស័យច្រើនគ្នាណាស់ ដូច្នេះយើងនាំគ្នាមកបកស្រាយចំណុចសង្ស័យទាំងនេះទាំងអស់គ្នា។

    1-ទម្ងន់ខ្លួនដែលស័ក្តិសមសម្រាប់អ្នកមានគភ៌

    បើអ្នកមានគភ៌ទទួលទានអាហារតាមការណែនាំហើយ (ប្រូតេអុីន វិតាមីន សារធាតុរ៉ែ អុីយ៉ូដ កាល់ស្យូម ហ្វូលេត សារធាតុដែក)នោះ ទម្ងន់ខ្លួននឹងកើនឡើងប្រមាណជា 12 -15គីឡូក្រាម ជាមធ្យមកើន 1ខែ 2គីឡូក្រាម តែក្នុងត្រីមាសដំបូងទម្ងន់ខ្លួនអាចថយចុះ ដោយសារតែអាការចាញ់កូនដែលធ្វើឱ្យក្អួតចង្អោរញឹកញាប់ ឬមិនអាចញ៉ាំអាហារបានច្រើន។ ក្នុងត្រីមាសទី2 ជាអំឡុងពេលអស់អាការចាញ់កូនហើយ ស្ត្រីមានគភ៌អាចហាត់ប្រាណបានយ៉ាងត្រឹមត្រូវ ដើម្បីគ្រប់គ្រងកុំឱ្យទម្ងន់ខ្លួនកើនឡើងលឿនជ្រុលពេក។ ចំណែកត្រីមាសចុងក្រោយ ត្រូវប្រយ័ត្នប្រយែងបន្តិច ព្រោះឱកាសប្រសូតមុនកំណត់មានខ្ពស់ណាស់ បើសិនបញ្ចេញកម្លាំងធ្វើអ្វីមួយខ្លាំងជ្រុលពេក។ ក្នុងត្រីមាសនេះ ទម្ងន់ខ្លួនអ្នកម្តាយនឹងកើនឡើងខ្ពស់បំផុត។

    2-បើចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗ ក្នុងអំឡុងពេលមានគភ៌ត្រីមាសដំបូងដោយសារតែមិនដឹង តើនឹងមានគ្រោះថ្នាក់អ្វីដែរទេ?

    បើវ៉ាក់សាំងដែលចាក់នោះជាវ៉ាក់សាំងការពារតេតាណូស គ្រុនផ្តាសាយធំ ឬកញ្រ្ជឹល មិនជាគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃទេ និងជាការសាងប្រព័ន្ធការពារជំងឺឱ្យខ្លួនទារកទៀតផង។​ ពេញមួយរយៈពេល 9ខែ ស្ត្រីមានគភ៌អាចត្រូវចូលទៅទទួលយកការចាក់វ៉ាក់សាំងការពារជំងឺយ៉ាងត្រឹមត្រូវ ដើម្បីទារកចម្រើនធំធាត់ រឹងប៉ឹង និងពេញលេញ ប្រាសចាកជំងឺតម្កាត់។

    3-តើវីតាមីនបន្ថែម ចាំបាច់ដែរឬទេ?

    សារធាតុអាហារដែលអ្នកមានគភ៌គួរទទួលទានបន្ថែមនោះគឺ សារធាតុដែកដែលជួយគាំទ្រការធ្វើការងាររបស់ហ៊ីម៉ូគ្លោប៊ីនក្នុងគ្រាប់ឈាមក្រហម ដែលជាអ្នកនាំអុកស៊ីហ្ស៊ែនឆ្ពោះទៅទារកដែលនៅក្នុងផ្ទៃ បើអ្នកមានគភ៌បានទទួលសារធាតុដែកមិនគ្រប់គ្រាន់ នឹងធ្វើឱ្យកើតសភាវលោហិតស្លេកស្លាំង ហុចផលឱ្យកើតអាការនឿយល្វើយ ហត់ និងដកដង្ហើមមិនស្រួល។ ទាំងអស់នេះ ការទទួលទានសារធាតុដែកគួរស្ថិតក្នុងបរិមាណដែលសមល្មមតាមដែលរាងកាយត្រូវការ ចំណែកវិតាមីន និងសារធាតុអាហារផ្សេងទៀត បើទទួលទានអាហារគ្រប់ 5ប្រភេទក្រុមតាមពាក្យណែនាំរបស់គ្រូពេទ្យហើយនោះ មិនចាំបាច់ទទួលទានវីតាមីនបន្ថែមក៏បានដែរ តែគួរញ៉ាំទឹកដោះគោជាប្រចាំ ដើម្បីបង្កើនភាពរឹងមាំដល់ឆ្អឹងរបស់ទារកនៅក្នុងផ្ទៃ មិនគួរទទួលទានថ្នាំសារធាតុដែកលាយគ្នាជាមួយទឹកដោះគោឡើយ ព្រោះវាធ្វើឱ្យមានគុណវិបត្តិច្រើនជាងគុណសម្បត្តិ។

    4-ស្វាមីទ្រាំមិនបាន សុំមានភេទសម្ព័ន្ធក្នុងអំឡុងពេលមានគភ៌

    ការមានភេទសម្ព័ន្ធ មិនមែនជារឿងគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃទេ លើកលែងតែខាងប្រុសមានជំងឺកាមរោគ។ ក្នុងអំឡុងត្រីមាសទី3 សូមឱ្យលោកប្ដីអត់ទ្រាំបន្តិច ព្រោះជាដំណាក់កាលសំខាន់ណាស់ គភ៌របស់ភរិយាមិនគួរទទួលរងកម្លាំងញ័ររញ្ជួយអ្វីទាំងអស់ ដើម្បីការពារការប្រសូតមុនកំណត់ និងអាចធ្វើឱ្យទារកមិនរឹងប៉ឹងបាន។ បើត្រីមាសទី1 និង 2 ស្ត្រីមានគភ៌គួរសង្កេតមើលផងថា តើមានអាការខុសប្រក្រតីអ្វីឬទេ? ដូចជា ឈឺពោះមុនពេលកំណត់ និងមានឈាមធ្លាក់ចេញពីមាត់ស្បូន ជាដើម។ បើមានអាការទាំងនេះ គួរបញ្ឈប់ការមានភេទសម្ព័ន្ធ និងប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។

    5-ទឹកដោះដែលគួរញ៉ាំ

    ក្នុងអំឡុងពេលមានគភ៌ ស្ត្រីអាចញ៉ាំទឹកដោះបានគ្រប់ប្រភេទ ទាំងទឹកដោះគោ ទឹកដោះពពែ ឬទឹកសណ្តែកលឿង (មិនចាំបាច់តែទឹកដោះសម្រាប់ស្រ្តីមានគភ៌ក៏បានដែរ) និងគួរញ៉ាំឱ្យបានទ្វេដង ព្រោះរាងកាយរបស់អ្នកមានគភ៌ត្រូវការកាល់ស្យូម និងកូនតូចក៏ត្រូវការកាល់ស្យូមដែរ ព្រោះកាល់ស្យូមនេះជួយការពារសភាវលើសឈាមបាន។

    6-មុនប្រើថ្នាំក្នុងអំឡុងពេលមានគភ៌…

    …គួរប្រឹក្សាជាមួយគ្រូពេទ្យសម្ភព គឺជាវិធីដែលល្អបំផុត ព្រោះថ្នាំប្រភេទខ្លះមានគ្រោះថ្នាក់ដល់ទារក ដូចជាស្ត្រីមានគភ៌ដែលរក្សាសម្ផស្ស ត្រូវការញ៉ាំថ្នាំព្យាបាលមុន និងថ្នាំព្យាបាលមុនខ្លះជាប្រភេទលាប និងខ្លះទៀតជាប្រភេទលេប ដែលអាចចាត់ទុកថាជាប្រភេទថ្នាំគ្រោះថ្នាក់ ដែលមានផលប៉ះពាល់ទៅដល់ទារកនៅក្នុងគភ៌ អាចធ្វើឱ្យកើតពិការភាពបាន ដូច្នេះមុននឹងប្រើថ្នាំគួរប្រឹក្សាជាមួយគ្រូពេទ្យ និងត្រូវប្រាប់គ្រូពេទ្យគ្រប់ពេលថា ខ្លួនឯងមានគភ៌ ដើម្បីបានទទួលការផ្តល់ថ្នាំដែលត្រឹមត្រូវ។

    7-មានដុំសាច់ដុះលើរាងកាយក្នុងអំឡុងពេលមានគភ៌

    ភាពគ្រោះថ្នាក់ អាស្រ័យលើទីតាំង និងលក្ខណៈរបស់សាច់ដុះនោះ។ នៅពេលស្ទាបប៉ះ ស្ត្រីមានគភ៌គួរទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីវាយតម្លៃពីដុំសាច់ដុះនោះ និងធ្វើការព្យាបាលជាបន្ត។ យ៉ាងណាក៏ដោយ ការត្រៀមខ្លួនជាស្រេចមុនពេលមានគភ៌ គឺជារឿងចាំបាច់ ដូចជា ពិនិត្យរកមើលសាច់ដុះ និងធ្វើការព្យាបាលឱ្យជាសះស្បើយមុនពេលសម្រេចចិត្តមានគភ៌ វានឹងជួយកាត់បន្ថយសភាវគភ៌ប្រថុយប្រថានបាន។

    ការមើលថែទាំគភ៌យ៉ាងត្រឹមត្រូវតាមគោលភោជនាហារ និងពាក្យណែនាំរបស់ពេទ្យ ទារកនឹងធំធាត់ឡើងយ៉ាងល្អឥតខ្ចោះ និងរឹងប៉ឹង។ នៅពេលគេធំឡើង ឪពុក-ម្តាយនឹងមានមោទនភាពដែលបានមើលថែទាំគភ៌យ៉ាងល្អ។ បើមានចំណុចសង្ស័យអ្វីផ្សេងក្រៅពីនេះ ការប្រឹក្សាជាមួយពេទ្យសម្ភព នឹងទទួលបានការណែនាំយ៉ាងត្រឹមត្រូវ ព្រោះរាងកាយស្ត្រីម្នាក់ៗ មិនដូចគ្នាទេ ដូច្នេះហើយការទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញពេញមួយរយៈពេល 9ខែនោះ នឹងយល់បានច្បាស់ល្អជាង៕

  • តើការប្រសូតមុនពេលកំណត់មានអាការយ៉ាងណា? និងវិធីការពារការប្រសូតបុត្រមុនកំណត់

    តើការប្រសូតមុនពេលកំណត់មានអាការយ៉ាងណា? និងវិធីការពារការប្រសូតបុត្រមុនកំណត់

    មានអារម្មណ៍តានតឹង និងកង្វល់បារម្ភខ្លាំងណាស់ ខ្លាចកូនប្រសូតចេញមកមុនកាលកំណត់…ដូច្នេះតើស្រ្តីមានគភ៌ត្រូវការពារការប្រសូតបុត្រមុនពេលកំណត់នេះយ៉ាងណា?

    វិធីការពារការប្រសូតបុត្រមុនពេលកំណត់

    វេជ្ជបណ្ឌិតជំនាញខាងផ្នែកសម្ភពបានបង្ហើបឱ្យដឹងអំពីការប្រសូតបុត្រមុនពេលកំណត់ថា តាមរយៈការសិក្សាស្រាវជ្រាវពីព័ត៌មានបឋមពីមាតាដែលប្រសូតបុត្រមុនកំណត់បានរកឃើញថា ប្រមាណជា 60-70ភាគរយនៃស្រ្តីដែលមានអាយុក្នុងអំឡុង 20-34ឆ្នាំ មិនទាន់មានចំណេះដឹងរឿងការឈឺពោះប្រសូតមុនកំណត់នៅឡើយ ទើបវាជាមូលហេតុធ្វើឱ្យការចូលទៅព្យាបាលមានការយឺតយ៉ាវ ធ្វើឱ្យពេទ្យមិនអាចទប់ស្កាត់សភាវឈឺពោះមុនកំណត់បានទាន់ពេលវេលា ដូច្នេះសម្រាប់ចំណុចប្រតិបត្តិបឋមដើម្បីការពារសភាវប្រសូតបុត្រមុនពេលកំណត់មានដូចតទៅ ៖

    1. ទៅពិនិត្យគភ៌លើកដំបូងមុន 12សប្ដាហ៍
    2. បញ្ជាក់អាយុគភ៌ត្រឹមត្រូវមុន 20សប្ដាហ៍
    3. មានចំណេះដឹងរឿងការការពារការប្រសូតមុនកំណត់
    4. មកពិនិត្យគភ៌ឱ្យគ្រប់តាមការណាត់របស់ពេទ្យ
    5. ចិញ្ចឹមទារកក្នុងគភ៌ឱ្យធំធាត់
    6. ញ៉ាំថ្នាំតាមវេជ្ជបញ្ជាមិនខកខាន
    7. ងូតទឹកសម្អាតរាងកាយគ្រប់កន្លែងឱ្យបានស្អាតជានិច្ច
    8. ដើរ ឬធ្វើចលនាផ្សេងៗយ៉ាងប្រុងប្រយ័ត្ន
    9. រកពេលវេលាសម្រាក និងគេង​លក់ឱ្យបានគ្រប់គ្រាន់
    10. ប្រឹក្សាជាមួយគ្រូពេទ្យបើសិនមានការសង្ស័យណាមួយអំពីគភ៌របស់ខ្លួន
    11. ស្វាមី មិត្តភក្តិ ចៅហ្វាយនាយ គួរយល់ចិត្តអ្នកមានផ្ទៃពោះ
    12. ត្រូវមានភាពជឿជាក់ អាចថែទាំគភ៌បាន និងសុវត្ថិភាព។

    សញ្ញាដាស់តឿន 5យ៉ាងពីការប្រសូតមុនកំណត់

    1. អាការហើម និងសម្ពាធឈាមឡើងខ្ពស់ : អាការនេះមានឱកាសកើតឡើងបានចំពោះស្រ្តីមានគភ៌ដែលមានប្រវត្តិធ្លាប់កើតជំងឺលើសឈាម ទឹកនោមផ្អែម ឬស្រ្តីដែលធ្លាប់មានគភ៌កូនភ្លោះ។ អាចជាសញ្ញាមួយរបស់ការកើតសភាវគភ៌មានជាតិពុល ស្រ្តីដែលមានប្រវត្តិធ្លាប់កើតជំងឺទាំងនោះខណៈមានគភ៌ គួរតែប្រឹក្សាជាមួយគ្រូពេទ្យដើម្បីទទួលបានការមើលថែទាំយ៉ាងដិតដល់។
    2. មានទឹករំអិលឈាមចេញមកតាមរន្ធស្បូន : ទឹករំអិលឈាម ឬមានពណ៌ស្ករលាយឈាម ឬទឹករំអិលខាប់ៗជាដុំៗធ្លាក់ចេញមកតាមរន្ធស្បូន មិនថាច្រើន ឬតិចនោះទេ អាចបណ្ដាលមកពីមូលហេតុដែលមិនធ្ងន់ធ្ងរ ដូចជា រលាករន្ធស្បូន រលាកមាត់ស្បូន ឬមកពីមូលហេតុដែលធ្ងន់ធ្ងរខ្លាំង ដូចជា ស្បូនធ្លាក់ចុះទាប ឬទងសុករបូតមុនកំណត់ បង្ហាញអាការការបើករបស់ស្បូន អាចធ្វើឱ្យកើតការប្រសុតមុនកំណត់ ឬទារកក្នុងគភ៌មានឱកាសស្លាប់បាន។
    3.  មានអាការបែកទឹកភ្លោះ : បែកទឹកភ្លោះ គឺសភាវដែលកើតពីការបែក ឬធ្លាយរបស់ថង់ទឹកភ្លោះ ធ្វើឱ្យមានទឹកភ្លោះហៀរចេញមក។ ច្រើនតែកើតឡើងនៅពេលអាយុគភ៌ចាប់ផ្ដើមចូលជិតដល់ពេលប្រសូត តែករណីខ្លះក៏អាចកើតឡើងដែលនឹងនាំឆ្ពោះទៅរកការប្រសូតមុនពេលកំណត់បានដែរ ដោយសារតែការច្របាច់ខ្លួនរបស់ស្បូនយ៉ាងខ្លាំង ឬបណ្ដាលមកពីការបោកប៉ះដោយសារគ្រោះថ្នាក់ឧប្បត្តិហេតុ ដែលអាចហុចផលអាក្រក់ដល់ទារក ព្រោះនៅពេលថង់ទឹកភ្លោះបែកធ្លាយ មានទឹកហៀរចេញមក មេរោគក៏អាចនឹងចូលទៅក្នុងថង់ទឹកភ្លោះ បង្កឱ្យកើតការឆ្លងមេរោគដល់ទារក និងមានគ្រោះថ្នាក់ដល់ជីវិតបាន។
    4. មានអារម្មណ៍ថា កូនលែងសូវរើដូចប្រក្រតី : កូនក្នុងផ្ទៃនឹងចាប់ផ្ដើមរើក្នុងសប្ដាហ៍ទី17 តែក្នុងផ្ទៃពោះដំបូង ស្រ្តីមានគភ៌អាចនឹងមិនឃើញកូនរើសោះរហូតដល់ហួសសប្ដាហ៍ទី20 ក៏មាន។ ការមានអារម្មណ៍ថា កូនរើ គឺជាកត្តាជួយឱ្យវាយតម្លៃអំពីសុខភាពរបស់ទារកក្នុងគភ៌បាន ដូច្នេះស្រ្តីមានគភ៌គួរសង្កេត និងរាប់កូនចំនួនកូនរើតាំងពីសប្ដាហ៍ទី 28 រហូតដល់ពេលកំណត់ប្រសូត។ វិធីការរាប់ចំនួនកូនរើ គួរចាប់ផ្ដើមរាប់តាំងពីព្រឹក រហូតដល់ល្ងាច ឬយ៉ាងតិច 12ម៉ោង។ បើកូនរើគ្រប់ 10ដងក្នុងរយៈពេល 4ម៉ោង ក៏មិនចាំបាច់រាប់ទៀតទេ តែបើសិនជាកូនរើតិចជាង 10ដងក្នុងរយៈពេល 4ម៉ោង ចូរសាកល្បងសម្រាក 1ម៉ោង ហើយសង្កេតមើលម្ដងទៀត បើកូននៅតែមិនរើតាមដែលគួរនឹងរើ ឬកូនរើតិចជាងមុនច្រើន គួរប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យ។
    5. អាការពោះឡើងរឹងញឹកញាប់ : អាការពោះឡើងរឹង គឺការឈឺចាប់នៅម្ដុំពោះផ្នែកខាងក្រោម(ថ្ងាស) ចំណែកក្បាលពោះឡើងរឹងតឹងវិញ ជាសភាវដែលស្បូនច្របាច់ពង្រឹបខ្លួនជាដុំមូល។ ពេលស្រ្តីមានគភ៌យកដៃដាក់លើក្បាលពោះ នឹងមានអារម្មណ៍ថា ដូចមានដុំរឹងៗរុញឡើងមក ឬមានអារម្មណ៍ថាតឹងខ្លាំងនៅលើក្បាលពោះម្ដងម្កាលក្នុងរយៈពេលខ្លីៗ និងអ្នកខ្លះអាចនឹងមានអាការពោះឡើងរឹងនេះប្រមាណជារៀងរាល់ 10នាទីម្ដង និងកើតជាប់ជានិច្ច 4-5ដង ដែលអាការនេះបើបណ្ដោយទុកចោលយូរ នឹងធ្វើឱ្យមាត់ស្បូនបើកឡើង និងកើតការប្រសូតមុនកំណត់។

    វិធីការពារការប្រសូតមុនកំណត់គួរចាប់ផ្ដើមតាំងពីពេលដឹងខ្លួនថា មានគភ៌ ដោយស្រ្តីមានគភ៌គួរមើលថែទាំសុខភាពរាងកាយឱ្យរឹងប៉ឹង បន្ថយ និងបញ្ឈប់នូវអ្វីដែលធ្វើឱ្យកើតការប្រថុយប្រថាននឹងការប្រសូតមុនកំណត់ និងឧស្សាហ៍ទៅជួបគ្រូពេទ្យតាមការណាត់ ដើម្បីឱ្យពេទ្យវាយតម្លៃពីភាពប្រថុយប្រថាននឹងការប្រសុតមុនកំណត់ និងកុំភ្លេចថា ការពារជាមុនទើបជាការប្រសើរ៕

  • ទម្ងន់ខ្លួនទារកក្នុងគភ៌ក្នុងត្រីមាសនីមួយៗដែលម្ដាយគួរដឹង…

    ទម្ងន់ខ្លួនទារកក្នុងគភ៌ក្នុងត្រីមាសនីមួយៗដែលម្ដាយគួរដឹង…

    ទម្ងន់ខ្លួនរបស់ទារកក្នុងគភ៌ម្ដាយ នឹងបញ្ជាក់ប្រាប់ថា តើកូននៅក្នុងផ្ទៃម្ដាយនោះបរិបូរណ៍ឥតខ្ចោះប៉ុនណា? និងគួរបន្ថែមការបំប៉នគភ៌យ៉ាងណាដើម្បីឱ្យទារកក្នុងគភ៌មានទម្ងន់ខ្លួនដែលល្អបរិបូរណ៍ត្រូវតាមក្បួន។ ដូច្នេះទើបរឿងទម្ងន់ខ្លួនរបស់ទារកក្នុងគភ៌ គឺជារឿងសំខាន់មួយដែលស្រ្តីមានគភ៌ទាំងឡាយគួរតែជ្រាប…។

    ត្រីមាសដំបូង ៈ ចាប់ផ្ដើមតាំងពី 8សប្ដាហ៍ – 12សប្ដាហ៍ ទម្ងន់ខ្លួនទារកនឹងស្ថិតក្នុងទម្ងន់ប្រមាណជា 1 – 15ក្រាម ហើយទម្ងន់របស់ទារកនឹងចាប់ផ្ដើមកើនឡើងជារឿយៗរហូតដល់សប្ដាហ៍ទី16។

    ត្រីមាសទី2 ៈ  ចាប់ពីអំឡុងសប្ដាហ៍ទី17 – 20 ទម្ងន់របស់ទារកនឹងកើនឡើងម្ដងៗ 50ក្រាម និងនៅពេលចប់ត្រីមាសនេះ ទារកនឹងមានទម្ងន់ប្រមាណជា 600ក្រាម។

    ត្រីមាសទី3 ៈ ក្នុងអំឡុងពេលចុងក្រោយនៃការតាំងគភ៌នេះ ទម្ងន់ខ្លួនរបស់ទារកនឹងចាប់ផ្ដើមកើនឡើងច្រើនគឺ 6ដងពីត្រីមាសទី2 ដោយទម្ងន់ខ្លួនរបស់ទារកនឹងកើនឡើងក្នុងមួយសប្ដាហ៍ 200ក្រាម និងកើនឡើងជារឿយៗរហូតដល់ប្រមាណជា 3,400 – 3,700ក្រាម នៅពេលគ្រប់កំណត់ប្រសូត។

    ទម្ងន់ខ្លួនទារកច្រើន ឬតិចជ្រុលពេក អាចបញ្ជាក់ប្រាប់ពីភាពខុសប្រក្រតីរបស់ទារកបានដូចខាងក្រោមនេះ ៈ

    ទម្ងន់ខ្លួនរបស់ទារកតិចជ្រុលពេក ៈ អាចបណ្ដាលមកពីភាពខុសប្រក្រតីរបស់ក្រូម៉ូហ្សូម ឬទងសុកមានបញ្ហា ឬអាចកើតពីទារកខ្លួនឯង អាចធ្វើឱ្យការបញ្ជូនអុកស៊ីហ្ស៊ែន ឬសារធាតុអាហារទៅឱ្យទារកខុសប្រក្រតី ធ្វើឱ្យទារកបានទទួលសារធាតុអាហារមិនគ្រប់គ្រាន់នឹងតម្រូវការ ជាហេតុបណ្ដាលឱ្យទារកមានទំហំខ្លួនតូច ទម្ងន់តិច ដែលចំណុចនេះបើមិនបានទទួលការរក្សាព្យាបាលយ៉ាងត្រូវវិធីទេនោះ អាចធ្វើឱ្យទារកស្លាប់បាត់បង់ជីវិតបាន តែបើបណ្ដាលពីខ្លួនអ្នកម្ដាយវិញ អាចដោយសារតែអ្នកម្ដាយមានអាការគភ៌មានជាតិពុល លើសឈាម ឬទទួលសារធាតុអាហារមិនគ្រប់គ្រាន់ ជាពិសេសប្រូតេអ៊ីន។

    ទារកមានទម្ងន់ខ្លួនច្រើនជ្រុលពេក ៈ បញ្ហាច្រើនតែបណ្ដាលមកពីការដែលស្រ្តីមានគភ៌ញ៉ាំច្រើនជ្រុលពេក ធ្វើឱ្យកូនក្នុងគភ៌មានទម្ងន់ខ្លួនច្រើន ហើយស្រ្តីមានគភ៌ថែមទាំងប្រថុយប្រថាននឹងការកើតជំងឺទឹកនោមផ្អែមខណៈពេលតាំងគភ៌ទៀតផង។ ក្រៅពីនេះពេលដល់វេលាប្រសូតអាចធ្វើឱ្យពិបាកប្រសូត អាចនឹងត្រូវប្រើឧបករណ៍ខាងវេជ្ជសាស្រ្តជួយសម្រាល ឬបើទារកមានខ្លួនធំជ្រុលពេកអាចនឹងធ្វើឱ្យស្បូនរហែក ឬអាចត្រូវធ្វើការវះកាត់សម្រាលបុត្រ។ ក្មេងដែលកើតមកមានទម្ងន់ខ្លួនច្រើនតាំងពីពេលប្រសូតនឹងមានឱកាសកើតរោគធាត់នាពេលអនាគតបាន ព្រោះកោសិកាខ្លាញ់ក្នុងរាងកាយមានខ្នាតធំតាំងពីពេលប្រសូតដំបូងហ្នឹងឯង៕

  • ក្មេងធាត់ ប្រថុយប្រថាននឹងជំងឺ ឪពុកម្ដាយកុំបណ្ដោយ

    ក្មេងធាត់ ប្រថុយប្រថាននឹងជំងឺ ឪពុកម្ដាយកុំបណ្ដោយ

    សង្គមទីក្រុងនាពេលបច្ចុប្បន្នមានការផ្លាស់ប្ដូរខុសកាលពីអតីតកាលច្រើនណាស់ ទាំងសភាវការរស់នៅ និងការទទួលទានអាហារ ដែលការផ្លាស់ប្ដូរ និងប្រែប្រួលនេះមិនមែនកើតឡើងតែជាមួយមនុស្សធំនោះទេ តែនៅកើតមានចំពោះកុមារផងដែរ។ ដោយសារតែសភាវជុំវិញខ្លួនក្នុងពេលសព្វថ្ងៃនេះត្រូវប្រញាប់ប្រញាល់ និងប្រណាំងជាមួយពេលវេលា អាណាព្យាបាល ឬឪពុកម្ដាយអាចគ្មានពេលវេលាត្រៀមរៀបចំម្ហូបអាហារដែលមានគុណតម្លៃខាងភោជនាហារគ្រប់គ្រាន់សម្រាប់កូនៗ ទើបធ្វើឱ្យត្រូវសម្លឹងមើលអាហារសម្រេច ឬអាហារឆ្អិនស្រាប់កាន់តែច្រើនឡើង ដែលអាចធ្វើឱ្យក្មេងបានទទួលសារជាតិអាហារប្រភេទខ្លះច្រើនជ្រុលពេក ហុចផលឱ្យក្មេងកើតរោគធាត់បាន។

    គ្រូពេទ្យជំនាញខាងជំងឺកុមារបានរៀបរាប់ថា បច្ចុប្បន្នមានសញ្ញាក្នុងការរកឃើញថា មានសភាវធាត់កើតនៅលើកុមារកើនឡើង ដោយសារបច្ច័យខាងផ្នែកពូជអំបូរ អ័រម៉ូន ទង្វើក្នុងការរស់នៅ ការញ៉ាំអាហារដែលមិនត្រឹមត្រូវ និងខ្វះការហាត់ប្រាណ ដែលអាណាព្យាបាលអាចសង្កេតបានថា កូនៗមានសភាវធាត់ឬទេតាមរយៈការសាកល្បងប្រៀបធៀបជាមួយក្មេងក្នុងវ័យដូចគ្នា។

    បើរកឃើញថា កូនស្ថិតក្នុងសភាវប្រថុយនឹងការកើតរោគធាត់ យើងណែនាំឱ្យកូននាំទៅជួបគ្រូពេទ្យដើម្បីពិនិត្យវាយតម្លៃថា តើមានសភាវជ្រៀតជ្រែកពីរោគធាត់ហើយឬនៅ? ដូចជា វាស់សម្ពាធឈាម ពិនិត្យឈាមដើម្បីមើលកម្រិតជាតិខ្លាញ់ក្នុងឈាម ឬវាយតម្លៃថា មានអាការគេងស្រមុក និងឈប់ដកដង្ហើមខណៈគេងលក់ដែរឬទេ?។

    ផលអាក្រក់ពីការធាត់តាំងពីវ័យក្មេងខាងផ្នែករាងកាយ គឺការបង្កឱ្យកើតរោគ ដូចជារោគលើសឈាម រោគបេះដូង រោគឆ្អឹង និងសន្លាក់ និងផលអាក្រក់មួយផ្នែកទៀតគឺ បាត់បង់ភាពស្អាតសង្ហា និងការត្រូវសើចចំអកពីសំណាក់មិត្តភក្តិ អាចធ្វើឱ្យក្មេងមានអារម្មណ៍ថាជាចំណុចអាក្រក់របស់ខ្លួន។ ទាំងអស់នេះ បើនៅមិនទាន់រកឃើញសភាវជ្រៀតជ្រែកពីរោគផ្សេងៗទេនោះ រោគធាត់អាចការពារបានដោយការសាងទម្លាប់និស្ស័យស្រឡាញ់សុខភាពក្នុងការញ៉ាំដែលល្អតាំងពីតូចៗ។ ឪពុកម្ដាយអាចជួយសម្រកទម្ងន់ដល់កូនបាន ដោយការលើកទឹកចិត្តកូន កែសម្រួលទង្វើការញ៉ាំអាហារ មិនញ៉ាំអាហារផ្អែមខ្លាំង ប្រៃខ្លាំង ឬអាហារដែលមានខ្លាញ់ច្រើនជ្រុលជាដើម។

    ក្រៅពីនេះនៅអាចរួមគ្នាធ្វើកិច្ចការងារក្នុងក្រុមគ្រួសារដើម្បីឱ្យកូនបានហាត់ប្រាណ ដូចជាការបោសជូតសម្អាតផ្ទះ ការលេងកីឡា ជាដើម។ ទាំងអស់នេះ បើមនុស្សនៅក្នុងគ្រួសាររួមចិត្តរួមកាយគ្នាកែសម្រួលទង្វើក្នុងរឿងនៃការញ៉ាំអាហារ និងហាត់ប្រាណយ៉ាងជាប់លាប់ លើកទឹកចិត្តគ្នាទៅវិញទៅមក នោះកូនៗដែលអ្នកស្រឡាញ់នឹងឃ្លាតឆ្ងាយពីរោគធាត់ មានសុខភាពល្អ និងរឹងប៉ឹងបានជារៀងរហូត៕

  • នៅពេលខ្ញុំតាំងគភ៌ខែទី 6

    នៅពេលខ្ញុំតាំងគភ៌ខែទី 6

    ឈានចូលខែទី 6 សម្រាប់ការតាំងគភ៌ហើយណា៎…ក្នុងខែនេះទារកក្នុងផ្ទៃនឹងមានទំហំប្រមាណជា 13អ៊ិញ មានទម្ងន់ប្រមាណជា 800ក្រាម សាច់ស្បែកនៅតែស្ដើង និងរលោងភ្លឺ មិនទាន់មានខ្លាញ់នៅក្រោមស្រទាប់ស្បែកនៅឡើយ ចាប់ផ្ដើមមើលឃើញម្រាមដៃ និងម្រាមជើងរបស់ទារកបានច្បាស់ឡើង និងទារកនៅក្នុងគភ៌ចាប់ផ្ដើមចេះបើក-បិទភ្នែកបានហើយ។ គឺជាខែមួយទៀតដែលត្រូវមើលថែទាំជាពិសេស ដើម្បីសុវត្ថិភាពរបស់ស្រ្តីជាម្ដាយ និងសុខភាពដ៏រឹងប៉ឹងរបស់ទារកនៅក្នុងគភ៌។

    ក្នុងខែទី 6នៃការតាំងគភ៌នេះនឹងមានការប្រែប្រួលផ្សេងៗដែលស្រ្តីជាម្ដាយអាចដឹងបានដូចតទៅ ៈ

    . ទារកក្នុងផ្ទៃរើខ្លាំងជាងខែមុនៗយ៉ាងមើលឃើញច្បាស់តែម្ដង។

    . មានធ្លាក់សច្រើន។

    . អាចមានអាការឈឺរាងធ្ងន់ៗទៅក្រោមនៅម្ដុំក្បាលពោះផ្នែកខាងក្រោម។

    . ទល់លាមកច្រើនឡើង (គួរប្រយ័ត្ន កុំបណ្ដោយឱ្យទល់លាមកច្រើនថ្ងៃពេក)។

    . អាចកើតមានអាការចុកណែនក្នុងក្រពះ ដោយសារតែអាហារមិនរំលាយ និងហើមពោះ។

    . ឈឺក្បាលម្ដងម្កាល ស្រវាំងភ្នែក និងប្រយ័ត្នការកើតខ្យល់គញឹកញាប់។

    . តឹងច្រមុះ អាចមានឈាមហូរចេញមកតាមច្រមុះ និងហ៊ឹងត្រចៀកខ្លះៗ។

    . ពេលដុសធ្មេញ ងាយមានឈាមចេញតាមជើងធ្មេញ។

    . ឃ្លានញឹកញាប់។

    . កើតមានការហើមនៅលើផ្ទៃមុខ ជើង ភ្នែកគោល និងដៃ។

    . រមាស់នៅលើស្បែកម្ដុំក្បាលពោះ ព្រោះស្បែកម្ដុំក្បាលពោះចាប់ផ្ដើមរីកធំឡើង។

    . ឈឺខ្នងកាន់តែខ្លាំងឡើង។

    . សុដន់រីកកាន់តែធំឡើងទៀត

    . អាចកើតមានការភ្លេចភ្លាំង កម្រិតអារម្មណ៍នៅតែមិននឹងនរ តែល្អឡើងជាងខែមុនៗច្រើន។

    . ចាប់ផ្ដើមវិតក្កកង្វល់ អាចនឹងភ័យខ្លាចរឿងការឆ្លងទន្លេ(ការប្រសូត) ធ្វើឱ្យមានអារម្មណ៍តានតឹង។

    រឿងដែលគ្រូពេទ្យអ្នកមើលថែគភ៌ចង់ឱ្យស្រ្តីមានគភ៌ធ្វើក្នុងអំឡុងខែនេះមានដូចតទៅ ៈ

    1 . ថ្លឹងទម្ងន់ខ្លួន និងវាស់សម្ពាធឈាម។

    2 . ពិនិត្យជាតិស្ករ និងសារធាតុស៊ុតសនៅក្នុងទឹកមូត្រ។

    3 . ស្ដាប់សំឡេងលោតរបស់បេះដូងរបស់ទារកនៅក្នុងគភ៌។

    4 . ពិនិត្យមើលទំហំ និងរូបរាងរបស់ទារកក្នុងគភ៌។

    5 . ពិនិត្យមើលកម្ពស់របស់ស្បូន។

    6 . ពិនិត្យអាការហើមនៅលើដៃ និងជើង និងសរសៃឈាមនៅលើជើង។

    7 . ពិនិត្យរកមើលអាការខុសប្រក្រតីផ្សេងៗ(បើមាន)។

    រឿងដែលស្រ្តីមានគភ៌ត្រូវមើលថែទាំខ្លួនជាពិសេសក្នុងអំឡុងខែនេះគឺ ៈ

    1 . អាចមានអាការឈឺ និងស្ពឹកនៅតាមចុងដៃ ដោយសារតែសរសៃប្រសាទដៃត្រូវស្រទាប់សាច់ភ្នាសរួបរឹត តែស្រ្តីមានគភ៌អាចកែបញ្ហានេះបានដោយចៀសវាងពីការគេងសង្កត់លើដៃខ្លួនឯង ឬគេងបត់ដៃ។ បើមានអាការឈឺចុកចាប់ខ្លាំងគួរតែទៅប្រឹក្សានឹងគ្រូពេទ្យ និងគួរញ៉ាំវីតាមីន B6 ឱ្យច្រើនឡើង ហាមញ៉ាំថ្នាំបំបាត់ការឈឺសន្លាក់ជាដាច់ខាត និងត្រូវប្រឹក្សាជាមួយគ្រូពេទ្យគ្រប់ពេលមុនទទួលទានថ្នាំអ្វីក៏ដាោយ។

    2 . កើតអាការទល់លាមកខ្លាំងរហូតដល់បន្ទោបង់មានប្រឡាក់ឈាមមកជាមួយ ជាប្រក្រតី អាការនេះតែងជួបប្រទះនៅលើស្រ្តីមានផ្ទៃពោះពី 20 – 25ភាគរយ តែយ៉ាងណាក៏ដោយ គួរតែបានទទួលការពិនិត្យពីគ្រូពេទ្យ និងមើលថែទាំដោយខ្លួនឯងដោយការទទួលទានទឹកឱ្យបានច្រើន និងញ៉ាំអាហារដែលមានជាតិកាកសរសៃដើម្បីចៀសវាងពីអាការទល់លាមកនេះ។ ចូរឧស្សាហ៍គេងផ្អៀង និងមិនគួរស្ថិតក្នុងឥរិយាបថតែមួយក្នុងរយៈពេលយូរនោះទេ។ ពេលបន្ទោបង់មិនគួរអង្គុយប្រឹងខ្លាំងពេកទេ និងគួរមានកៅអីទាបមួយសម្រាប់ទ្រជើងដើម្បីបន្ថយកម្លាំងរុញច្រានក្នុងប្រអប់ពោះ។ បើសិនជាត្រូវការប្រើថ្នាំបន្ទន់លាមក គួរប្រឹក្សាជាមួយគ្រូពេទ្យ និងធ្វើការណែនាំរបស់គ្រូពេទ្យ។

    3 . ចូរប្រយ័ត្នសភាវគភ៌មានជាតិពុល ដែលគេច្រើនជួបប្រទះនៅពេលអាយុគភ៌បាន 20សប្ដាហ៍ឡើងទៅ។ ច្រើនជួបប្រទះនៅលើស្រ្តីដែលមានគភ៌ហើយមានរោគលើសឈាមកាលពីពេលមុន។ បើបានពិនិត្យគភ៌ជាប់ជាប្រចាំ ក៏នឹងជួយឱ្យពិនិត្យឃើញតាំងពីដំបូងៗ និងអាចការពារបានទាន់ពេល តែយ៉ាងណាក៏ដោយ បើកើតមានអាការទាំងនេះ ឬក៏អាការមួយណានោះ ត្រូវប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យជាបន្ទាន់ ដូចជាទម្ងន់ខ្លួនកើនឡើងយ៉ាងឆាប់រហ័សទាំងមិនបានញ៉ាំអាហារច្រើន មានអាការហើមមុខ និងដៃខ្លាំង ឈឺក្បាលដោយមិនដឹងមូលហេតុ និងស្រវាំងភ្នែក ជាដើម៕

  • ទោះអាយុច្រើន ក៏មានគភ៌ដោយសុវត្ថិភាពបានដែរ…

    ទោះអាយុច្រើន ក៏មានគភ៌ដោយសុវត្ថិភាពបានដែរ…

    ដោយឡៃហ្វ៍ស្តាយល៍របស់ស្រ្តីសម័យថ្មីដែលនៅមានអារម្មណ៍សប្បាយ និងចង់សាកល្បងជាមួយជីវិតការធ្វើការងារឱ្យបានយូរ ឬអ្នកខ្លះទៀតជានាងក្រមុំរើសច្រើនដែលនៅមិនទាន់ជួបបុរសត្រូវចិត្តនោះ ធ្វើឱ្យការសាងក្រុមគ្រួសារ និងការរៀបការក្រកើតឡើង ឱកាសក្នុងការនឹងមានបញ្ហាពាក់ព័ន្ធជាមួយការតាំងគភ៌ និងបញ្ហាផ្នែកសុខភាពរបស់ទារកពិតជាមានភាពអាចទៅរួចខ្ពស់។

    វេជ្ជបណ្ឌិតជំនាញផ្នែកស្រ្តី និងសម្ភពបានឱ្យដឹងថា ស្រ្តីដែលតាំងគភ៌នៅពេលខ្លួនអាយុច្រើន មានភាពប្រថុយប្រថានខ្ពស់ដោយសារកូននឹងកើតភាពខុសប្រក្រតីរបស់ចំនួនក្រូម៉ូហ្សូមដែលនឹងនាំឆ្ពោះទៅរកក្រុមអាការរលូតបាន ដោយសារតែការធ្វើការរបស់សម្បុកស៊ុតញីនឹងចុះខ្សោយនៅពេលស្រ្តីមានអាយុច្រើនឡើង ជាពិសេសក្នុងអំឡុងអាយុ 35ឆ្នាំឡើងទៅ ដោយពេទ្យនឹងផ្ដល់ការណែនាំ ដើម្បីជោះយកទឹកភ្លោះមកពិនិត្យរកមើលភាពខុសប្រក្រតីរបស់ក្រូម៉ូហ្សូមក្នុងអំឡុងអាយុគភ៌ប្រមាណ 17 – 22សប្ដាហ៍។ ស្រ្តីមានគភ៌គួរប្រាប់ និងប្រឹក្សាសុំការណែនាំពីគ្រូពេទ្យដើម្បីបានទទួលព័ត៌មានអំពីការតាំងគភ៌របស់ខ្លួនឱ្យបានច្រើនបំផុត និងពិភាក្សារួមគ្នាអំពីភាពប្រថុយប្រថានដែលអាចនឹងកើតឡើងចំពោះទារក និងការថែទាំរក្សាដែលត្រឹមត្រូវជាបន្ត។

    ក្រៅពីនេះ ការតាំងគភ៌នៅពេលអាយុច្រើន នៅធ្វើឱ្យកើតបញ្ហាទងសុកធ្លាក់ចុះទាប ទងសុករបកមុនពេលប្រសូត អ្នកខ្លះអាចកើតភាពខុសប្រក្រតីរបស់សរសៃឈាមដែលហូរទៅចិញ្ចឹមនៅទងសុក និងខ្លួនទារក ដែលជាហេតុធ្វើឱ្យទារកមានខ្លួនតូច និងមានសភាវក្រធំ ឬធំយឺតនៅក្នុងគភ៌ពិតជាអាចកើតឡើងខ្ពស់ ឬស្រ្តីខ្លះទៀតកើតរោគទឹកនោមផ្អែមខណៈមានគភ៌ដែលនឹងរកឃើញថា ទារកនឹងមានខ្លួនធំ និងពិបាកប្រសូតធ្វើឱ្យធ្លាក់ឈាមច្រើនក្រោយពេលប្រសូតបាន។

    ការពិនិត្យសុខភាពមុនពេលតាំងគភ៌មានភាពចាំបាច់ និងជួយកាត់បន្ថយក្ដីកង្វល់បានច្រើន ដោយសារតែដល់ពេលអាយុច្រើនឡើង ក៏នឹងមានជំងឺលើសឈាម ឬទឹកនោមផ្អែមខណៈពេលមានគភ៌កើតឡើងដែរ ហើយបើមានគភ៌នៅពេលអាយុច្រើនជាង 25ឆ្នាំផងនោះ នឹងកើតជំងឺទឹកនោមផ្អែម និងលើសឈាមខ្លាំងជាងមនុស្សទូទៅដល់ទៅ 2ដង ដូច្នេះការឃុំគ្រងការពារជំងឺមុនការតាំងគភ៌នឹងជួយកាត់បន្ថយជំងឺជ្រៀតជ្រែកទាំងនោះបាន៕

  • ផ្លែឈើ9ប្រភេទ ​ជួយ​កាត់បន្ថយ​អាការ​លើសឈាម ដែល​អ្នក​មិនគួរ​មើលរំលង

    ផ្លែឈើ9ប្រភេទ ​ជួយ​កាត់បន្ថយ​អាការ​លើសឈាម ដែល​អ្នក​មិនគួរ​មើលរំលង

    ជំងឺលើសឈាម ជា​ប្រភេទ​ជំងឺ​ស្ងប់ស្ងាត់​ដែល​មិនសូវ​បង្ហាញ​ពីស​ញ្ញា ឬ​អាការ​តាម​រាងកាយ ដោយ​អ្នកជំងឺ​រោគ​មួយ​នេះ ត្រូវ​ទទួល​ការព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ជា​រៀងរហូត​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ក៏ប៉ុន្ដែ ប្រសិនបើ​លោកអ្នក​ចង់​កាត់បន្ថយ​អាការ​ជំងឺ​ឱ្យបាន​ធូរស្រាល​ជាមុន ដោយ​មិន​ចង់​ប្រើប្រាស់​ឱសថ ទស្សនាវដ្ដី ឡា​រ៉ែ​ន សូម​ណែនាំ​អាហារ និង​ផ្លែឈើ ដែល​បរិភោគ​ហើយ អាចជួយ​បន្ថយ​អាការ​លើសឈាម​បាន​ដូចគ្នា។

    1. ចេក
    ជា​ប្រភេទ​ផ្លែឈើ​ដែល​អាចជួយ​កាត់បន្ថយ​អាការ​លើសឈាម​បាន ត្រូវបាន​គេ​ចាត់បញ្ចូល​នៅក្នុង​អម្បូរ​ផ្លែឈើ​ដែល​សម្បូរ​ទៅដោយ​សារធាតុ​ប៉ូ​តា​ស្យូ​ម ឬ​ជា​ផ្លែឈើ​ដែលមាន​ប៉ូ​តា​ស្យូ​ម​ច្រើន​បំផុត។ ផ្លែ​ចេក ក្រៅពី​សម្បូរ​ទៅដោយ​សារធាតុ​ប៉ូ​តា​ស្យូ​ម​ហើយ​នោះ វា​ក៏​ជា​ផ្លែឈើ​ដែលមាន​សូ​ដ្យូ​មតិ​ច​ផងដែរ។ ដូច្នេះហើយ​បានជា​ផ្លែ​ចេក អាចជួយ​ដល់​ប្រព័ន្ធ​បេះដូង និង​សរសៃឈាម​ដែលមាន​ប្រសិទ្ធភាព​បំផុត​តែម្ដង។

    2. ផ្លែស្វាយ
    ស្វាយ ក៏​ជា​ផ្លែឈើ​ដែល​ជួយ​កាត់បន្ថយ​អាការ​លើសឈាម​បាន​ដូចគ្នា​ដែរ ព្រោះ​នៅក្នុង​ផ្លែស្វាយ​មាន​សារធាតុ​អាហារ​ដែល​សំខាន់​ចំពោះ​ប្រព័ន្ធ​បង្ហូរឈាម​នៃ​សរសៃឈាម ដូចជា ប៉ូ​តា​ស្យូ​ម។ ដោយ​ផ្លែស្វាយ 100ក្រាម មាន​បរិមាណ​ប៉ូ​តា​ស្យូ​ម​ចំនួន186មី​លី​ក្រាម ហើយ​អ្វីដែល​សំខាន់​ជាង​នេះ ផ្លែស្វាយ មាន​សាច់​ពណ៌​លឿង​ដែល​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី ដែល​អ្នកវិទ្យាសាស្ត្រ​ស្រាវជ្រាវ​នៅក្នុង​មជ្ឈមណ្ឌល Hypertension Research បាន​បង្ហើប​ប្រាប់ថា ការទទួល​ទាន​អាហារ​ដែលមាន​សារធាតុ Beta Carotene ដូចដែល​មាននៅ​ក្នុង​សាច់​ផ្លែស្វាយ នោះ​អាចជួយ​កាត់បន្ថយ​អាការ​លើសឈាម​បាន​ផងដែរ។

    3. ផ្លែ Apricots (អែប​ព្រី​ខូ​ត)
    ផ្លែឈើ​មួយ​នេះ​មាន​សាច់​ពណ៌​លឿង ដែលជា​ផ្លែឈើ​ពិបាក​រក​បំផុត​នៅក្នុង​ប្រទេស​របស់​យើង តែ​យ៉ាងណាក៏ដោយ​វា​ក៏​ត្រូវបាន​គេ​ចាត់​ចូល​ជា​ប្រភេទ​ផ្លែឈើ​ដែល​អាច​កាត់បន្ថយ​អាការ​លើសឈាម​ផងដែរ។ គេ​សង្កេតឃើញថា នៅក្នុង​ប្រទេស​យើង​មិនបាន​លក់​ជា​ផ្លែឈើ​ស្រស់​នោះទេ មានតែ​ជា​ប្រភេទ​ដំណាប់​ច្រើនជាង។ តែ​យ៉ាងណាក៏ដោយ បើទោះបីជា​ដំណាប់ ក៏​វា​មាន​ផ្ទុក​នូវ​សារធាតុ​វីតាមីន C , Beta Carotene និង​អាហារ​កាក​សរសៃ​ដូចគ្នា​ដែរ ដែល​លោកអ្នក​អាច​ពិចារណា​ក្នុងការ​ជ្រើសរើស​យកមក​ទទួលទាន​បាន​ដោយ​មិន​លំបាក​ចិត្ត។

    4. ក្រូច
    ក្រៅពី​រសជាតិ​ជូរ​ផ្អែម​នៃ​សាច់​ក្រូច​ហើយ​នោះ ក្រូច​ក៏​ជា​ផ្លែឈើ​ដែលមាន​ហ្វៃ​បឺ​រ​ច្រើន វីតាមីន​C ច្រើន និង​ជា​ប្រភេទ​ផ្លែឈើ​ដែល​ជួយ​បន្ថយ​អាការ​លើសឈាម​មួយ​ប្រភេទ​ទៀត​ដ៏​គួរឱ្យ​ចាប់អារម្មណ៍។ ក្រូច​ជា​ផ្លែឈើ​ដែល​ងាយ​រក​ទិញ​យកមក​ទទួលទាន ហើយ​វា​មាន​លក់​សឹងតែ​គ្រប់​រដូវ​កាល​តែម្ដង ហើយ​អ្វីដែល​សំខាន់​នោះ ផ្លែក្រូច​ក៏​ជា​ប្រភេទ​ផ្លែឈើ​ដែលមាន​ជាតិ​កាក​សរសៃ​អាហារ ដែល​អាច​បំ​លែង​ទៅជា​សារធាតុចិញ្ចឹម​ផ្សេងទៀត​បាន​យ៉ាង​ងាយ​ទៀតផង។

    5. ផ្លែ​បឺ​រ
    បឺ​រ ជា​ផ្លែឈើ​ដែលមាន​អាស៊ី​អូ​លិ​ក ដែលជា​អាស៊ីត​ជួយ​ក្នុងការ​គ្រប់គ្រង​អាការ​លើសឈាម​បាន​មួយ​កម្រិត។ ក្រៅពីនេះ វា​ក៏មាន​សារធាតុ​ប៉ូ​តា​ស្យូ​ម ហ្វូ​លេ​ត វីតាមីន C និង​ជាតិ​សរសៃ ដែល​សុទ្ធសឹង​ជា​ប្រភេទ​សារធាតុចិញ្ចឹម​ដែលជា​ជំនួយ​ដល់​បេះដូង និង​ប្រព័ន្ធ​សរសៃឈាម។ សំខាន់​ជាងនេះទៅទៀត អាស៊ីត​មួយ​ប្រភេទ​នេះ ក៏​ជួយ​កាត់បន្ថយ​សារធាតុ​ខ្លាញ់ និង​កូ​ឡេ​ស្តូ​រ៉​ល​ដែលមាន​នៅក្នុង​សរសៃឈាម​បាន​ថែម​ទៀតផង។ ទើប​វា​ត្រូវបាន​ជួយ​ដល់​ប្រព័ន្ធ​បង្ហូរឈាម នៅក្នុង​សារពាង្គកាយ​របស់​អ្នក​ឱ្យមាន​សភាព​ងាយស្រួល និង​ជួយ​គ្រប់គ្រង​អាការ​លើសឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

    6. ឪឡឹក
    បើតាម​ការសិក្សា​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល American Journal of Hypertension បាន​បង្ហាញថា ផ្លែ​ឪឡឹក​បាន​ជួយ​បញ្ចុះ​គ្រាប់​ឈាម​ចំពោះ​អ្នកជំងឺ​លើសឈាម រួមទាំង​អ្នកជំងឺ​ដែលមាន​អាយុ​ច្រើន​ផងដែរ ព្រោះ​នៅក្នុង​ផ្លែឈើ​មួយ​ប្រភេទ​នេះ​សម្បូរ​ទៅដោយ​សារធាតុ Beta Carotene ច្រើន​បំផុត។

    7. ផ្លែ​ត្រសក់ស្រូវ
    ផ្លែ​ត្រសក់ស្រូវ ជា​ផ្លែឈើ​ដែលមាន​សាច់​ពណ៌​ទឹកក្រូច​ខ្ចី មាន​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ដូចជា Beta Carotene ល្មម​សមគួរ និង​មាន​បរិមាណ​វីតាមីន C ច្រើន។ បើ​ត្រឹមតែ​ផ្លែ​ត្រសក់ស្រូវ ¼ នៃ​ផ្លែ​ទាំងមូល អ្នក​អាច​ទទួលបាន​វីតា​មីន​C គ្រប់គ្រាន់​តាមបរិមាណ​ដែល​រាងកាយ​ត្រូវការ​នៅក្នុង​មួយថ្ងៃ។ វា​ក៏​ជា​ប្រភេទ​ផ្លែឈើ​ដែល​ត្រូវបាន​គេ​ចាត់ទុក​ក្នុង​ការជួយ​បន្ថយ​អាការ​លើសឈាម​បានដែរ ព្រោះ​វា​នៅមាន​ជាតិ​កាក​សរសៃ​ច្រើន កាឡូរី​ទាប និង​ជួយ​រក្សា​ទម្ងន់​បាន​ប្រសើរ​ទៀតផង។

    8. ផ្លែ​គី​វី ( Kiwi )
    គី​វី ជា​ប្រភេទ​ផ្លែឈើ​ដែលមាន​គុណ​តម្លៃ​ខាង​អាហារ​យ៉ាង​អស្ចារ្យ សម្បូរ​ទៅដោយ​វីតាមីន C ប៉ូ​តា​ស្យូ​ម និង​ហ្វៃ​បឺ​រ ដែលមាន​គុណប្រយោជន៍​ចំពោះ​ការកាត់បន្ថយ​អាការ​លើសឈាម​បាន​យ៉ាង​ល្អ។ វា​ក៏មាន​គុណប្រយោជន៍​ជួយ​ព្យាបាល​អ្នក​ដែលមាន​អាការ​តឹង​ពោះ អាហារ​មិន​រំលាយ អ្នក​គួរតែ​សាកល្បង​ទទួល​ទានផ្លែឈើ​មួយ​ប្រភេទ​នេះ មួយថ្ងៃ​ពីរ​ផ្លែ​ជាប្រចាំដើម្បី​ជួយ​ដល់​ពោះវៀន និង​ក្រពះ​របស់​អ្នក។

    9. ផ្លែ​ទំពាំងបាយជូរ​ក្រៀម
    ការលើកឡើង​របស់ United States Department of Agriculture បាន​បង្ហាញថា ផ្លែ​ទំពាំងបាយជូរ​ក្រៀម​កន្លះ​ពែង​កាហ្វេមាន​សារធាតុ​ប៉ូ​តា​ស្យូ​ម​ដល់​ទៅ456មី​លី​ក្រាម ដែល​អាច​ចាត់ទុកជា​ប្រភេទ​ផ្លែឈើ​ដែលមាន​គុណប្រយោជន៍​ចំពោះ​ការកាត់បន្ថយ​អាការ​លើសឈាម​បាន​យ៉ាង​ប្រសើរ។ អ្នក​គួរ​ជ្រើសរើស​ផ្លែ​ទំពាំងបាយជូរ​ក្រៀម​ណា ដែលមាន​ការបញ្ជាក់​ពី​បរិមាណ​ស្ករ​ទាប ឬ​មិនគួរ​ទទួលទានច្រើន​លើស​កំណត់​ពេក​ឡើយ ព្រោះ​ជាតិ​ស្ករ​ដែលមាន​នៅក្នុង​ទំពាំងបាយជូរ​ក្រៀម​អាចធ្វើឱ្យ​អ្នក​ធាត់​បាន​ដោយ​មិនដឹង​ខ្លួន៕