Tag: លី ហួរ

  • ឧកញ៉ាលី ហួរ៖ ចង់ធ្វើជាអ្នកមានត្រូវមានមហិច្ឆតាធំ

    ឧកញ៉ាលី ហួរ៖ ចង់ធ្វើជាអ្នកមានត្រូវមានមហិច្ឆតាធំ

    ភ្នំពេញៈ ផ្តើមចេញពីមាសមួយជី និងជ្រូកមួយក្បាល លោកឧកញ៉ាលី ហួរបានទទួលជោគជ័យយ៉ាងខ្លាំងក្នុងមុខជំនួញរបស់ខ្លួនលើច្រើនវិស័យ ប៉ុន្តែជំនួញរបស់លោកឧកញ៉ាបានលេចធ្លោក្នុងវិស័យអចលនទ្រព្យ។

    ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានរូបនេះបានចែករំលែកពីវិធីធ្វើជាអ្នកមានរបស់ខ្លួនកាលពីសប្តាហ៍មុនថា ចង់ធ្វើជាអ្នកមានត្រូវមានមហិច្ឆតាធំ និងត្រូវមានគោលដៅច្បាស់លាស់ថាខ្លួនចង់បានអ្វី និងធ្វើអ្វី ប៉ុន្តែមិនត្រូវធ្វើអ្វីដែលប្រាសចាកពីច្បាប់នោះទេ។ លោកឧកញ៉ាបានបន្តថា យើងមិនត្រូវអស់សង្ឃឹមក្នុងជីវិតទេ យើងត្រូវតែតស៊ូ និងត្រូវមានមហិច្ឆតា ព្រោះបើគ្មានមហិច្ឆតា យើងធ្វើអ្វីក៏អត់បានសម្រេចដែរ។

    លោកឧកញ៉ាបានបន្តថា “កុំគិតទុទិដ្ឋិថា ខ្លួនឯងធ្វើមិនបានឱ្យសោះ ព្រោះគេធ្វើបាន យើងក៏ធ្វើបានដែរ។ ត្រូវយល់ពីចំណុចនេះ”។ លោកបន្តថា “ទំរាំបានដូចសព្វថ្ងៃ អាយុខ្ញុំជាង 60ឆ្នាំទៅហើយ ហើយអ្នកណាថា អ្នកមានស្រួល?”។ លោកឧកញ៉ា លី ហួរ ជាអ្នកវិនិយោគគម្រោងអចលនទ្រព្យធំមួយនៅភាគខាងជើងរាជធានីភ្នំពេញ គឺគម្រោងបុរីវិមានភ្នំពេញ ដែលបច្ចុប្បន្នគម្រោងនេះបានបញ្ចប់ដំណាក់កាលទី4ហើយ។

    តើអ្នកមានគេកត់សម្គាល់លើកត្តាអ្វីខ្លះ? សម្រាប់លោកឧកញ៉ាលី ហួរបានថ្លែងថា តើអ្នកមានគេសម្គាល់លើអ្នកមានប្រាក់ប៉ុន្មានឬ? មិនទាន់មាននិយមន័យទេ តែសម្រាប់ទស្សនៈរបស់លោកគឺ អ្នកមានផ្ទះនៅ មានរថយន្ត និងមានប្រាក់ចាយ គឺជាអ្នកមានហើយ។ បើមានសុភមង្គលទៀត គឺពិសេសតែម្តង។ លោកបន្តថា ត្រូវគិតពីអនាគតវែងឆ្ងាយ ត្រូវធ្វើឲ្យបានល្អ ហើយការសាងអំពើល្អមិនមែនជារឿងងាយឡើយ បើយើងថាយើងជាអ្នកមានប្រាក់ ហើយថាខ្លួនឯងជាមនុស្សល្អដែរនោះ គឺមិនពិតទេ ទាល់តែសាធារណមតិឲ្យតម្លៃ។ លោកបន្តថា “ដូច្នេះការខិតខំយូរអង្វែង តស៊ូយូរអង្វែង ទើបយើងទទួលបានជោគជ័យ”៕

  • អ្នកវិនិយោគធំៗក្នុងស្រុកមានសុទិដ្ឋិនិយមពីវិស័យអចលនទ្រព្យនៅ 10ឆ្នាំខាងមុខ

    អ្នកវិនិយោគធំៗក្នុងស្រុកមានសុទិដ្ឋិនិយមពីវិស័យអចលនទ្រព្យនៅ 10ឆ្នាំខាងមុខ

    ភ្នំពេញៈ អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យធំៗក្នុងស្រុកបាន សម្តែងសុទិដ្ឋិនិយមចំពោះវិស័យសំណង់ និងអចលនវត្ថុថា នឹងបន្តរីកចម្រើនបន្ថែមទៀតនៅរយៈពេល 10ឆ្នាំខាងមុខ។

    លោកជំទាវឧកញ៉ា លឹម ឈីវហូ អគ្គនាយិកាក្រុមហ៊ុន Attwood Group បានថ្លែងក្នុងវេទិកាតុមូលដែលផ្តោតការពិភាក្សាលើប្រធានបទ “លំនៅដ្ឋាន ខុនដូ និងតំបន់សេដ្ឋកិច្ចពិសេស” ក្នុងសន្និសីទ និងពិព័រណ៍អចលនទ្រព្យកាលពីម្សិលមិញថា មានការព្រួយបារម្ភពីអ្នកវិនិយោគក្នុងស្រុកមួយចំនួននៅពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាឆ្នាំ2018ខាងមុខ ប៉ុន្តែលោកជំទាវនៅតែបន្តវិនិយោគ និងជឿជាក់លើស្ថិរភាពនយោបាយរបស់ប្រទេស និងការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។

    លោកជំទាវ លឹម ឈីវហូ បានបន្តថា “វិស័យនេះនៅតែមានការរីកចម្រើន និងទាក់ទាញអ្នកវិនិយោគថ្មីៗជាច្រើនទៀតមកកាន់កម្ពុជា ហើយលោកជំទាវទើបបានជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនចិនធំៗប្រមាណ 10ក្រុមហ៊ុនដែលចង់វិនិយោគលើវិស័យនេះនៅកម្ពុជា”។ លោកជំទាវបន្តថា “ប្រសិនជាប្រទេសចិនទម្លាក់អ្នកវិនិយោគមកតែបន្តិច កម្ពុជានឹងមានការរីកចម្រើនកាន់តែលឿនបន្ថែមទៀត”។

    លោកជំទាវបានបន្តថា ប្រសិនបើអ្នកវិនិយោគជប៉ុនតែ2ភាគរយ មកពីប្រទេសថៃមកវិនិយោគនៅកម្ពុជា ប្រជាជនកម្ពុជានឹងក្លាយជាអ្នកមានទាំងអស់គ្នា ព្រោះនៅប្រទេសថៃមានក្រុមហ៊ុនជប៉ុនរាប់ម៉ឺនក្រុមហ៊ុនដែលបាននិងកំពុងវិនិយោគនៅទីនោះ។

    លោកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge LandGroup បានថ្លែងថា លោកនៅតែមានសុទិដ្ឋិនិយមពីទីផ្សារអចលនវត្ថុនៅកម្ពុជា បើទោះជាគម្រោងដទៃទៀតអាចប្រឈមបញ្ហាក្តី ប៉ុន្តែគម្រោងរបស់លោកតែងទទួលបានជោគជ័យ ព្រោះលោកបានសិក្សាពីទីផ្សារច្បាស់លាស់ មានហិរញ្ញវត្ថុរឹងមាំ ហើយគម្រោងដែលលោកលក់ គឺលក់ Lifestyle មិនមែនលក់ខុនដូតែមួយមុខនោះទេ។

    ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ា លី ហួរ បានថ្លែងថា ប្រសិនជាកម្ពុជារក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយបែបនេះ វិស័យអចលនទ្រព្យនៅកម្ពុជានឹងបន្តរីកចម្រើនបន្តទៀត ដោយសារកំណើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋចូលមករស់នៅទីក្រុងភ្នំពេញ និងការកើនឡើងនូវចំនួនយុវជនដែលត្រូវការលំនៅដ្ឋានកើនឡើង។

    យោងតាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានរកឃើញថា ចាប់តាំងពីឆ្នាំ 2015ដល់ឆ្នាំ2030 កម្ពុជាត្រូវការលំនៅដ្ឋានចំនួន 80ម៉ឺនលំនៅដ្ឋានបន្ថែមទៀត ដោយសារ ចំនួនប្រជាជនរស់នៅរាជធានី ក្រុង និងទីប្រជុំជននៅឆ្នាំ2014 មានចំនួន 4.5លាននាក់ ស្មើនឹង 27.1ភាគរយ និងបន្តកើនឡើងដល់ 7.92លាននាក់នៅឆ្នាំ2030 ស្មើនឹង 44ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុប៕

  • ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជាកំពុងឆ្ពោះទៅមុខ

    ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជាកំពុងឆ្ពោះទៅមុខ

    ភ្នំពេញៈ ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធបច្ចេកវិទ្យាកំពុងបង្ហាញកំណើន និងសក្តានុពល ស្របពេលដែលនិន្នាការនេះកំពុងមានការរីកចម្រើននៅកម្ពុជា និងក្នុងពិភពលោក។

    លោកឧកញ៉ា សៀ រិទ្ធីអគ្គ នាយកក្រុមហ៊ុន World Bridge Land ដែលបានពង្រីកក្រុមហ៊ុនធ្វើពាណិជ្ជកម្មតាមបច្ចេកវិទ្យាអនឡាញគឺក្រុមហ៊ុន World Bridge Ecommerce តាមរយៈវេបសាយ Maiomall.com បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី21 មិថុនានេះថា កម្លាំងចលករនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅលើពិភពលោក កំពុងតែផ្លាស់ប្តូរ ព្រោះមនុស្សកាន់តែពិបាកក្នុងការធ្វើដំណើរ ហេតុនេះពួកគេចាប់ផ្តើមទិញទំនិញតាមអនឡាញ។

    លោកបន្តថា ចំណែកស្រុកខ្មែរវិញ ទោះបីជាមានប្រជាជនតិច តែមានប្រជាជនវ័យក្មេងច្រើន និងពួកគេប្រើប្រាស់អ៊ីនធើណេតច្រើន ហើយចរន្តនៃការធ្វើពាណិជ្ជកម្មកាន់តែផ្លាស់ប្តូរ និងចាប់ផ្តើមទិញ និងលក់ទំនិញតាមប្រព័ន្ធអនឡាញ។

    លោកបន្តថា “អ្នកដើរផ្សារទំនើប ពួកគេភាគច្រើនទៅញុំាអាហារ និងកម្សាន្ត ពួកគេមិនទិញទំនិញច្រើនដូចមុនទេ ពួកគេចាប់ផ្តើមកុម្ម៉ង់ទិញទំនិញតាមអនឡាញ ប៉ុន្តែដោយសារយើងមិនទាន់មានច្បាប់ E-commerce ទើបធ្វើឲ្យការលូតលាស់នៃវិស័យនេះនៅមានកម្រិត”។ លោកបន្តថា “វាត្រូវការពេលវេលា និងត្រូវការពង្រីកបណ្តាញទីផ្សារបន្ថែមទៅកាន់ប្រទេសឡាវ និងភូមានាពេលខាងមុខ”។

    លោកឧកញ៉ា សៀ រិទ្ធី បានបន្តថា “ទីផ្សារនេះកំពុងរីកចម្រើន ប៉ុន្តែនៅមានទំហំតូចនៅឡើយ ហេតុនេះទើបលោករំពឹងថា រយៈពេល 5ឆ្នាំខាងមុខទើបលោកអាចប្រមូលប្រាក់ចំណេញត្រឡប់មកវិញបាន”។

    អគ្គនាយកក្រុមហ៊ុនលីហួរគ្រុប លោកឧកញ៉ា លី ហួរ ដែលបានបើកសេវាផ្ទេរប្រាក់លីហួរបានថ្លែងថា សេវាកម្មផ្ទេរប្រាក់នៅកម្ពុជាមានទីផ្សារតូច និងប្រជាជនតិច ប៉ុន្តែនិន្នាការនេះកំពុងបង្ហាញសញ្ញារីកចម្រើនហើយ។ លោកបន្តថា ដោយសារទីផ្សារនេះតូច ប្រជាជនតិចបានធ្វើឲ្យការប្រកួតប្រជែងមានសភាពខ្លាំងក្លា ហេតុនេះការរីកចម្រើនរបស់ក្រុមហ៊ុននីមួយៗវាអាស្រ័យលើការសហការ និងការពង្រីកបណ្តាញរបស់ខ្លួនបានទូលំទូលាយកម្រិតណា។

    លោកបន្តថា “អ្នកជំនួញបច្ចុប្បន្នបាន និងកំពុងពង្រីកទីផ្សារចាប់ដៃគូជាមួយប្រទេសនានា ដើម្បីពង្រីកទីផ្សាររបស់ខ្លួនឲ្យកាន់តែទូលំទូលាយ ព្រោះនៅពេលទីផ្សាររបស់យើងទូលាយ ទើបយើងមានឱកាសរកផលចំណេញបាន”។ លោកបន្តថា “យើងត្រូវការការសហការ ព្រោះបើពឹងផ្អែកតែទីផ្សារក្នុងស្រុកមិនអាចទទួលបានជោគជ័យនោះទេ”៕