Tag: រោគផ្លូវដង្ហើម

  • សហរដ្ឋ​អាមេរិក​ត្រៀមវ៉ាក់​សាំង​ Covid-19 ថ្មី​រួច​រាល់​ហើយ​ សម្រាប់​ធ្វើ​តេស្ត​​​នៅ​លើ​មនុស្ស នាពេល​ខាង​មុខ

    សហរដ្ឋ​អាមេរិក​ត្រៀមវ៉ាក់​សាំង​ Covid-19 ថ្មី​រួច​រាល់​ហើយ​ សម្រាប់​ធ្វើ​តេស្ត​​​នៅ​លើ​មនុស្ស នាពេល​ខាង​មុខ

    វ៉ាក់​សាំង​ទប់​ស្កាត់​មេរោគ​ Covid-19 ឈុត​ដំបូង​បង្អស់​ ត្រូវ​បាន​ផលិត​រួច​រាល់​ហើយ ដោយ​ប្រើ​​ធាតុ​ហ្សែន mARN ដើម្បី​បង្កើត​ជា​ប្រូតេអ៊ីនជួយ​ឱ្យ​កោសិកា​អាច​ស្គាល់​វីរុស​ និង​កម្ចាត់​វា​ចោល​។

    Moderna Therapeutics ដែល​ជា​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ជីវ​សាស្ត្រ​មួយ​នៅ​ក្នុង​តំបន់​ Cambridge រដ្ឋ​ Massachusetts សហ​រដ្ឋ​អាមេរិក បាន​នាំ​យក​វ៉ាក់​សាំង​ Covid-19 ឈុត​ដំបូង​ មក​កាន់វិទ្យាស្ថាន​ជាតិគ្រប់​គ្រង​ផ្នែក​​អាឡែរហ្សី​ និង​ជំងឺ​ឆ្លង​(National Institute of Allergy and Infectious Diseases/NIAID) នៃ​មន្ទីរ​សុខា​ភិបាល​អាមេរិក​(National Institutes of Health/NIH) នៅ​តំបន់​ Bethesda ក្នុង​រដ្ឋ​​ Marryland ដើម្បី​ត្រៀម​សម្រាប់​ការ​ពិសោធ​​នៅ​លើ​មនុស្ស​​នា​ដើម​ខែ​មេសា​​ខាង​មុខ​។ វ៉ាក់​សាំង​នេះ​ត្រូវ​បាន​បង្កើតឡើង​​​ក្រោយរយៈ​ពេល​​​ត្រឹម​តែ​​42ថ្ងៃ​​​ប៉ុណ្ណោះ បន្ទាប់​ពី​ប្រទេស​ចិន​ប្រកាស​អំពី​របក​គំហើញទាក់​ទិន​នឹង​លំដាប់​ហ្សែន​របស់​មេរោគ​កូរ៉ូណា​កាល​ពី​ពាក់​កណ្ដាល​ខែ​មករា។

    វ៉ាក់​សាំង​ Covid-19 របស់​ Moderna ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដោយ​ប្រើ​ពេល​ដ៏​ខ្លី​ ដោយ​សារ​ការ​ប្រើ​ប្រាស់​វិធីសាស្ត្រ​ថ្មី​ទាក់​ទិន​នឹង​ហ្សែន​​ ដែល​នេះ​មិន​ទាម​ទារ​ឱ្យ​មាន​ការ​បណ្ដុះ​មេរោគ​នោះ​ទេ​។ ជំនួស​មក​វិញ វ៉ាក់​សាំង​នេះ​មាន​​ផ្ទុក​ mARN ដែល​ជាអង្គ​ធាតុ​តំណពូជបាន​មក​ពី​ DNA ដែល​អាច​ជួយ​​បង្កើត​ប្រូតេអ៊ីន។ នៅ​ពេល​ត្រូវ​បាន​ចាក់​បញ្ចូល​ទៅ​ក្នុង​រាង​កាយ​អ្នក​ជំងឺ វ៉ាក់​សាំង​នេះ​នឹងជួយជំរុញ​​ឱ្យ​កោសិកា​នៅ​ត្រង់​​កូន​កណ្ដុរ​(lymph nodes) ទទួលយក​ mARN ហើយ​បន្ទាប់​មក​វា​នឹង​ចាប់​ផ្ដើម​បង្កើត​ប្រូតេអ៊ីន​ដែល​ជួយ​កោសិកានៃ​ប្រព័ន្ធ​ការ​ពារ​រាងកាយ​ស្គាល់​មេរោគ និង​កម្ចាត់​វា​ចោល​។

    “mRNA ដូច​ទៅ​នឹង​ Software ជីវសាស្ត្រ។ វ៉ាក់​សាំង​របស់​យើង​ ដូច​ទៅ​នឹង​កម្មវិធី software សម្រាប់​រាង​កាយ​ វា​ជំរុញ​ឱ្យ​រាង​កាយ​បង្កើត​ប្រូតេអ៊ីន​ដើម្បី​អាច​បង្កើត​ប្រតិកម្ម​ការ​ពារ​រាង​កាយ​” នេះ​បើ​តាម​បណ្ឌិត​ Stephen Hoge ប្រធាន​ក្រុមហ៊ុន​ Moderna។ លោក​បន្ត​ថា វ៉ាក់​សាំង​ប្រភេទ​នេះ អាច​ត្រូវ​បាន​ផលិត​បាន​ឆាប់​រហ័ស​ក្នុង​បរិមាណ​ច្រើន​ ដែល​នេះ​អាច​ជួយកាត់​បន្ថយ​ពេល​វេលា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អាសន្ន​រោគ​ Covid-19៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • អ្នកវិទ្យាសាស្ត្រព្រមាន មេរោគ COVID-19 អាចនឹងទប់ទល់មិនឈ្នះ មនុស្សជាតិអាចឆ្លងមេរោគនេះ 70% និងស្លាប់ពី 10-100លាននាក់

    អ្នកវិទ្យាសាស្ត្រព្រមាន មេរោគ COVID-19 អាចនឹងទប់ទល់មិនឈ្នះ មនុស្សជាតិអាចឆ្លងមេរោគនេះ 70% និងស្លាប់ពី 10-100លាននាក់

    បណ្ដាញអ្នកសារព័ត៌មាន បានរាយការណ៍កាលពីថ្ងៃទី26 កុម្ភៈម្សិលមិញថា The Atlantic បានបោះពុម្ពផ្សាយអត្ថបទយោងតាមអ្នកជំនាញខាងផ្នែកជំងឺឆ្លងវិទ្យា នៃមហាវិទ្យាល័យហាវ៉ាដ សហរដ្ឋអាមេរិកដែលបានព្រមាន​ថា ការឆ្លងរាលដាលរបស់មេរោគវីរុស COVID-19 ដែលបានចម្លងមេរោគទៅមនុស្សជាង 80,000​នាក់​ និងមានអ្នកស្លាប់រួចទៅហើយចំនួនជិត 3,000នាក់នោះ អាចនឹងមិនអាចគ្រប់គ្រងបាន។

    ក្រៅពីនេះ អត្ថបទនោះនៅបានបង្ហើបឱ្យដឹងទៀតថា ទោះជាគ្រូពេទ្យនៅប្រទេសចិន អ៊ីរ៉ង់ អ៊ីតាលី និងប្រទេសជាច្រើនទៀតកំពុងព្យាយាមយ៉ាងខ្លាំងក្លាក្នុងការពិនិត្យរកអ្នកឆ្លងមេរោគ និងបង្ខាំងពួកគេទាំងនោះ​ក៏ដោយ តែនៅទីបំផុតទៅ មេរោគនេះក៏នៅតែឆ្លងរាលដាល និងចម្លងទៅប្រជាជននៅទូទាំងពិភពលោកក្នុងចំណែកប្រមាណជា 40-70%ក្នុងអំឡុងដំណាច់ឆ្នាំនេះ។

    “ខ្ញុំគិតថា លទ្ធផលដែលចេញមក វាអាចទៅរួចខ្លាំងជាងដែលថា ទីបំផុតទៅ ពិភពលោកនឹងមិនអាចគ្រប់គ្រងមេរោគនេះបាន” ម៉ាក លិបស៊ិតឆ៍ អ្នកជំនាញខាងជំងឺឆ្លងវិទ្យាបានបញ្ជាក់ប្រាប់ The Atlantic។ ក្រៅពីនេះ លិបស៊ីតឆ៍ បានបញ្ជាក់ទៀតថា មេរោគវីរុសនេះនឹងឆ្លងរាលដាលបានមួយចំណែក ព្រោះអ្នកឆ្លងមេរោគដែលមានអាការមិនធ្ងន់ធ្ងរនឹងមិនអាចរារាំងមិនឱ្យពួកគេចេញក្រៅផ្ទះទៅធ្វើកិច្ចការងារប្រចាំថ្ងៃបានទេ ទើបធ្វើឱ្យមេរោគវីរុសមានឱកាសចម្លងមេរោគបានច្រើនឡើង ជាពិសេស ចំពោះអ្នកឆ្លងមេរោគជាច្រើនដែលមិនបង្ហាញអាការ។

    ខណៈដែលសាស្ត្រាចារ្យ នីលស៍ ហ្គីលមែន មកពី Berggruen Institute បានសរសេរនៅក្នុងបណ្ដាញសង្គមធ្វីតធ្វើរ៍ផ្ទាល់ខ្លួនថា មានភាពអាចទៅរួចដែលថា មនុស្សជាតិនឹងឆ្លងមេរោគនេះ 70% និងបើគិតពីអត្រាការស្លាប់របស់អ្នកឆ្លងមេរោគត្រឹមតែ 1-3% ក៏អាចនឹងមានអ្នកស្លាប់ចាប់ពី 10-100លាននាក់ដែរ។

    ទាំងអស់នេះ ទោះជាអ្នកស្លាប់ពីការឆ្លងមេរោគ COVID-19 ភាគច្រើនជាមនុស្សដែលមានអាយុច្រើនស្រាប់ហើយក៏ពិតមែន តែក៏មានអ្នកស្លាប់នៅក្នុងប្រទេសចិន ជាមន្ត្រីពេទ្យដែលមានអាយុនៅតិចដូចគ្នាដែរ៕

    ប្រភព៖ សារព័ត៌មានបរទេស