Tag: រិទ្ធ អូមេហ្កា

  • ប្អូនថ្លៃអ្នកដឹកនាំសម្ដែងនៅថោន រិទ្ធ អូមេហ្កា ឡើងកូដជាតួឯកក្នុងបទ«ម៉ែជេរ»

    ប្អូនថ្លៃអ្នកដឹកនាំសម្ដែងនៅថោន រិទ្ធ អូមេហ្កា ឡើងកូដជាតួឯកក្នុងបទ«ម៉ែជេរ»

    ប្អូនថ្លៃរបស់អ្នកដឹកនាំសម្ដែងល្បីនៅផលិតកម្មថោន រិទ្ធ អូមេហ្កា ត្រូវគេបង្ហើបប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា បានទទួលតំណែងសម្ដែងជាតួឯកក្នុងបទ«ម៉ែជេរ» ដែលជាបទផ្ទុះរបស់តារាចម្រៀង រ៉ាប៊ី។ តារាឯកប្រុសរូបនេះ គឺជាតារាសម្ដែងវ័យក្មេងមានឈ្មោះ វណ្ណ វឌ្ឍនៈ ហៅ Ellex កំពុងទទួលបានការចាប់អារម្មណ៍មិនតិចនោះទេពីសំណាក់មហាជន ជាពិសេសលើរូបសម្បត្តិ មុខមាត់ និងសមត្ថភាពសម្ដែង។

    ជុំវិញការបកស្រាយប្រាប់ពីអាថ៌កំបាំងប្អូនប្រុសថ្លៃ លោក រិទ្ធ អូមេហ្កា ប្រាប់ឡារ៉ែនថា លោក វណ្ណ វឌ្ឍនៈ (Ellex) ពិតជាប្អូនរបស់ភរិយាលោក ដែលលោកយកមកជំរុញ និងបណ្ដុះនៅក្នុងសិល្បៈសិល្បៈ។ យ៉ាងណាមិញលោកថា ប្អូនថ្លៃរបស់ខ្លួនមិនមែនលោកយកមកលើកដោយមិនមានសមត្ថភាពនោះទេ ដោយលោកថាប្អូនថ្លៃរបស់ខ្លួនមានទាំងរូបសម្បត្តិ សមត្ថភាព និងត្រេមុខត្រូវតាមការចង់បានក្នុងបទចម្រៀងដែលលោកផលិត។

    លោកបន្ដថា មុននឹងជ្រើសយកតារាវ័យក្មេង វណ្ណ វឌ្ឍនៈ (Ellex) សុទ្ធតែមានឯកភាពពីសំណាក់ផលិតករ និងក្រុមការងាររបស់ថោន ហើយអ្វីដែលលោកកាន់តែមានកម្លាំងចិត្តគឺផលិតករផ្សេងទៀតសុទ្ធតែសរសើរនៅពេលយកប្អូនថ្លៃមកសម្ដែង។ លោកថាតារាមួយចំនួនមិនប្រាកដថាមានសមត្ថភាពសម្ដែងបានខ្លាំងជាងប្អូនថ្លៃរបស់លោកនោះទេ ទើបលោកសម្រេចជ្រើសយកប្អូនថ្លៃអោយសម្ដែងក្នុងបទ”ម៉ែជេរ” ដើម្បីផ្ដល់ឱកាសឱ្យកាន់តែមានកេរ្តិ៍បោះសំលេងតែម្ដង។ ស្របជាមួយគ្នានេះ លោកបន្ថែមទៀតថា ការលើកស្ទួយរបស់លោក មិនរំពឹងថាប្អូនថ្លៃនឹងក្លាយជាតារាល្បីនោះទេ ក្នុងពេលដែលគ្រួសារក៏គ្រាន់តែចង់ឱ្យគេប្រឡូកលេងៗមុនពេលរៀនចប់តែប៉ុណ្ណោះ។

    សូមបញ្ជាក់ផងដែរថា ប្អូនថ្លៃរបស់លោក រិទ្ធ អូមេហ្កា ត្រូវគេឃើញបង្ហាញមុខលើកដំបូងក្នុងផលិតកម្មថោន ក្នុងបទ«មនុស្សស្រីធម្មតាម្នាក់ មិនសមអោយបងខូចចិត្ត » របស់តារាចម្រៀង អេនី កាលពីកន្លងទៅផងដែរ តែមិនត្រូវបានទម្លាយពីអត្តសញ្ញាណជាប្អូនថ្លៃអ្នកដឹកនាំនោះឡើយ៕

  • រិទ្ធ អូមេហ្កា ទទូចឱ្យម្ចាស់គណនីក្លែងក្លាយចេញមកតតាំងគ្នានៅមុខច្បាប់

    រិទ្ធ អូមេហ្កា ទទូចឱ្យម្ចាស់គណនីក្លែងក្លាយចេញមកតតាំងគ្នានៅមុខច្បាប់

    បន្ទាប់ពីអ្នកដឹកនាំសម្ដែងនៅក្នុងផលិតកម្មថោន លោក រិទ្ធ អូមេហ្កា បានធ្វើការរិះគន់ចំពោះបទចម្រៀង និងការដឹកនាំសម្ដែងរបស់ផលិតកម្ម សាស្តា ដែលបានបង្ហាញពីរូបភាពរោលរាលក្ដៅសាច់នៅលើគ្រែក្នុងបទចម្រៀងដែលលោកមើលឃើញថា មិនសមរម្យ និងបង្កភាពអសីលធម៌នៅក្នុងសង្គមនោះ ភ្លាមៗស្រាប់តែមានគណនីហ្វេសប៊ុកក្លែងក្លាយមួយចូលមកទម្លាយរឿង អ្នកដឹកនាំសម្ដែង​ប្រុសរូបនេះទាមទារគេងជាមួយតារាស្រី ប្រសិនបើតារាស្រីនោះចង់ល្បីក្នុងបទចម្រៀងរបស់លោក។ គណនីនោះមានឈ្មោះថា «ចាំណាស់មនុស្សដែលធ្វើឱ្យខ្ញុំឈឺចាប់» បានបង្ហោះថា ទាមទារគេងជាមួយតារាស្រីៗ បើតារាម្នាក់នោះចង់ល្បីក្នុងស្នាដៃរបស់លោកនោះ គឺដោយសារតែលោកចេញមុខរិះគន់MVបទចម្រៀងក្នុងផលិតកម្មមួយ ដែលបានផលិតសាច់រឿងស្រៀវស្រើបក្ដៅសាច់ ដែលលោកគិតថា មានសាច់រឿងប្រាសចាសនឹងវប្បធម៌ប្រពៃណីខ្មែរ។

    ក្ដៅស្លឹកត្រចៀកភ្លែតតែម្ដង! លោក រិទ្ធ អូមេហ្កា ក៏បានបង្ហោះសារតបតវិញថា «ម្ចាស់ Account នេះ ខ្ញុំនឹងឱ្យគេធ្វើការស្រាវជ្រាវរកប្រភព​ អ្នកណាជាម្ចាស់​Account នេះ អ្នកឯងកំពុងនិយាយបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំហើយ​ ហ៊ានមកនិយាយចំពោះមុខច្បាប់ទេ? ខ្ញុំនិយាយ ព្រោះខ្ញុំទើសដោយសារអ្នកនាំសម្តែងអត់ខួរ​ បែរជានិយាយថាខ្ញុំដាក់កំហិតឱ្យតួស្រីដេកជាមួយខ្ញុំ?  តាំងពីខ្ញុំធ្វើការនេះ3ឆ្នាំហើយ​ ខ្ញុំមិនដែលធ្វើរឿងថោកទាបបែបនេះទេ​ តួដែលខ្ញុំដឹក​ ហើយហៅថតអាចហៅមកសួរបាន ហើយមួយទៀត តួស្រីក្នុងផលិតកម្មសាស្តាដែលខ្ញុំបានរិះគន់​ អាចហៅមកសួរបាន ស្គាល់ខ្ញុំទេ? អ្នកឯងហ៊ានចេញមកនិយាយតទល់គ្នានៅប៉ុស្តិ៍ប៉ូលីស ចំពោះមុខច្បាប់អត់? បទខ្ញុំផលិតមួយៗមិនដែល​មានឈុតឱបថើបគ្នា​ កខ្វក់បែបនេះទេ​ អាចឆែកមើលបាន!!!! ។ បញ្ចាក់ : គ្មានអ្នកផ្សេងណាថតអត់ខួរបែបនេះទេ? អ្នកឯងស្គាល់ខ្ញុំឱ្យច្បាស់​  លេងខុសមនុស្សហើយ»។

    លោក រិទ្ធ បានបង្ហោះសារឆ្លើយតបនឹងការបង្ខូចឈ្មោះនោះ ដោយបញ្ជាក់យ៉ាងក្ដែងៗជាសាធារណៈថា ខ្ញុំប្រឡូកក្នុងការងារនេះ(ដឹកនាំសម្ដែង)ជាង3ឆ្នាំហើយ ខ្ញុំមិនដែលបានយកឈ្មោះជា Director ទៅដាក់កំហិតដោះដូរក្នុងការហៅគេថតទេ។ ដោយសារបុគ្គលម្នាក់ប្រើ Account Facebook fake មកនិយាយលាបពណ៍បង្ខូចឈ្មោះខ្ញុំ បន្ទាប់ពីខ្ញុំរិះគន់ទៅលើផលិតកម្មមួយ ដែលផលិតចម្រៀងSex។ អាចហៅតួដែលខ្ញុំធ្លាប់ហៅថតបានល្បីក្នុងបទខ្ញុំ តើមានអ្នកណាដែលខ្ញុំបានប៉ះពាល់ខ្លួនប្រាណខ្លះ? ខ្ញុំហៅតួថតសំដៅលើសមត្ថភាព នឹងត្រេមុខស៊ីនឹងសាច់រឿងខ្ញុំសសេរឡើង និយាយបែបនេះគឺប៉ះពាល់កិត្តិយសខ្ញុំ ការងារខ្ញុំ នឹងគ្រួសារខ្ញុំខ្លាំងណាស់។ ខ្ញុំធ្វើការមួយនេះដោយបេះដូង នឹងការស្រឡាញ់ អ្នកដែលបានស្គាល់ខ្ញុំ នឹងការងារខ្ញុំ បានដឹងហើយថាខ្ញុំយ៉ាងណា? សូមកុំព្យាយាមលាបពណ៍ខ្ញុំអី!!! សូមជួយShare រកយុត្តិធម៌ឱ្យខ្ញុំផង។ រាល់តួដែលខ្ញុំជ្រើសរើសយកមកសម្តែងក្នុងបទខ្ញុំ ខ្ញុំពឹងលើសមត្ថភាពតួសម្តែង នឹងត្រេមុខតួ ខ្ញុំមិនដែលប្រើតួខ្សែ ឬចង់បានប្រយោជន៍ពីតួសម្តែងមកវិញដោះដូរនឹងការហៅថតទេ ព្រោះខ្ញុំស្រឡាញ់ស្នាដៃខ្ញុំ ខ្ញុំមិនប្រើតួដែលមិនត្រូវនឹងសាច់រឿងខ្ញុំទេ ទោះគ្នាឯងសុំថតក៏ដោយ សូមជួយរកយុត្តិធម៍ចំពោះអ្វីដែលខ្ញុំកសាងកន្លងមកផង។ អ្នកដែលនិយាយបង្ខូចឈ្មោះខ្ញុំបែបនេះ កុំប្រើAcc Fake! និយាយតទល់គ្នា និងអាចហៅតួស្រីណាដែលខ្ញុំបានប៉ះពាល់មក? តែបើវាមិនមែនជាការពិត អ្នកឯងត្រៀមខ្លួនប្រឈមមុខនឹងផ្លូវច្បាប់ចុះ!!! ហ៊ានទេ?។

    មកទល់ពេលនេះ មិនទាន់ដឹងថាអ្នកដែលប្រើគណនីហ្វេសប៊ុកក្លែងក្លាយវាយប្រហារចំពោះរូបលោក ជាអ្នកណានៅឡើយទេ ប៉ុន្តែលោកថាខ្លួនមានវិធីស៊ើបដឹងថាជាអ្នកណា ជាពិសេសដោយសារតែម្ចាស់គណនីនោះបានបញ្ចេញប្រតិកម្មបន្ទាប់ពីលោករិះគន់ការផលិតបទចម្រៀងរបស់ផលិតកម្មមួយ៕

  • អ៊ើនុះ!!!  អ្នកដឹកនាំសម្ដែង រិទ្ធ អូមេហ្កា រិះគន់បទចម្រៀង «ស្រីមុខលុយ» ថា ដូចជារឿងក្ដៅសាច់

    អ៊ើនុះ!!!  អ្នកដឹកនាំសម្ដែង រិទ្ធ អូមេហ្កា រិះគន់បទចម្រៀង «ស្រីមុខលុយ» ថា ដូចជារឿងក្ដៅសាច់

    កំពុងតែមានការភ្ញាក់ផ្អើលខ្លាំងនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្រោយពេលដែលតារាសម្ដែងនៅក្នុង MVបទចម្រៀង  «ស្រីមុខលុយ» បានបញ្ចេញឃ្លីបវីដេអូខ្លីដែលបង្ហាញពីសកម្មភាពក្រៅឆាកយ៉ាងសិចស៊ីក្ដៅគគុកនៅលើគ្រែរួចមក ស្រាប់តែថ្មីៗនេះ ខាងផលិតកម្មបានបញ្ចេញវីដេអូបទចម្រៀងរបស់ខ្លួនឱ្យមហាជនបានទស្សនាពេញៗតែម្ដង។

    គ្រាន់តែ MVចម្រៀងបទមួយនេះចេញមិនទាន់បានប៉ុន្មានម៉ោងផង ភ្លាមៗនោះអ្នកដឹកនាំសម្ដែងនៅក្នុងផលិតកម្មថោន លោក រិទ្ធ អូមេហ្កា បានចេញសាររិះគន់ការផលិត MV ចម្រៀងមួយនេះយ៉ាងចាស់ដៃតែម្ដង និងផ្ដោតសំខាន់ទទូចឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គួរចាត់វិធានការលើអ្នកដឹកនាំសម្តែង​ រឺផលិតកម្មនេះ។

    នៅក្នុងសាររបស់អ្នកដឹកនាំសម្ដែងរូបនេះ បានរៀបរាប់ថា « ខ្ញុំឆ្ងល់មួយ ផលិតកម្មសាស្តាហ្នឹង គេផលិតចម្រៀង​ ឬផលិតរឿងPorn? តម្រូវពីផលិតកម្ម​ ឬមកពីអ្នកដឹកនាំសម្តែងគ្មានខួរ? បទចម្រៀង ប៉ារ៉ូលដូចអត់មានស៊ីគ្នានឹងរឿងលើគ្រែសោះ​ ចុះម្តេច MV គ្រប់បទមានតែឱបថើបគ្នាលើគ្រែ​ ក្នុងបន្ទប់ទឹកបែបនេះ? គិតថាធ្វើអ៊ីចឹងទៅល្បីមែន? ការក្បត់វាអាចមានច្រើនរូបភាពមិនចាំបាច់តែ​ …គ្នាបានគេហៅក្បត់ទេ? ចង់ឃើញមុខអ្នកដឹកនាំសម្តែងហ្នឹងមុខម៉េចបានខួរក្បាលគិតចេញតែរឿងអ៊ីចឹង?»។  

    អូហូ! ពិតជាមិនធម្មតាមែន ការរិះគន់នេះពិតជាចាក់ដោតដល់ទាំងម្ចាស់ផលិតកម្ម និងអ្នកដឹកនាំសម្ដែងក្នុងបទចម្រៀងនេះដែលបានបង្ហាញឈ្មោះថា «Mr. City»មែន!។ លោក រិទ្ធ បានបន្ដទៀតថា «ខ្ញុំនិយាយព្រោះខ្ញុំទើស​ ហើយក្នុងនាមខ្ញុំជាអ្នកផលិតមួយរូបដែរ ខ្ញុំខ្មាស់គេជំនួស​ គ្មានអ្វីថ្មីបែរជានាំរឿងថោកដល់វិស័យសិល្បៈ មិនបានលើកស្ទួយមកជាន់ពន្លិច​ យកសិល្បៈជាឈ្នាន់ធ្វើរឿងថោកទាប​។ សុំទោសបើខ្ញុំនិយាយខុស​ តែខ្ញុំវាទើសភ្នែកពេក​ ក្រសួងវប្បធម៌គួរចាត់វិធានការលើអ្នកដឹកនាំសម្តែង​ ឬផលិតកម្មនេះ»។

    សូមជម្រាបផងដែរថា បទចម្រៀង «ស្រីមុខលុយ» មានការចូលរួមសម្ដែងឈុតឆាកសិចស៊ីរោលរាលស្រៀវស្រើបរវាងតារាសម្ដែងស្រី កញ្ញា វ៉ាន់ វល័ក្ខ និងលោក សុវណ្ណ ចាន់រតនា នៅក្នុងបទចម្រៀងរបស់ផលិតកម្ម សាស្តា ដែលអ្នកទាំងពីរតម្រូវឱ្យសម្តែងនៅលើគ្រែជាមួយគ្នាស្រស់ៗ ឆៅៗ នូវឈុតឆាកស្រៀវស្រើបកាមារម្មណ៍ពិតៗ ហើយផ្លាស់ប្ដូរអារម្មណ៍សម្ដែងភ្លាមៗ ហួសពីការស្មាននៅក្នុងបន្ទប់ទឹក ដោយមិនមានការកាត់តសូម្បីតែបន្តិច៕

    https://www.youtube.com/watch?v=rL8xIkCPhkY&t=7s