Tag: រាជរដ្ឋាភិបាល

  • វៀតណាម មិន​ព្រម​បន្ថយ​អត្រាពន្ធ​នាំចូល​រថយន្ត​អគ្គិសនី ខណៈ​កម្ពុជា​បញ្ចុះ​ 50%​

    វៀតណាម មិន​ព្រម​បន្ថយ​អត្រាពន្ធ​នាំចូល​រថយន្ត​អគ្គិសនី ខណៈ​កម្ពុជា​បញ្ចុះ​ 50%​

    ថ្មីៗនេះ សំណើសុំ​បញ្ចុះ​អត្រាពន្ធ​នាំចូល​រថយន្ត​អគ្គិសនី​របស់បណ្ដា​​ក្រុមហ៊ុន​ និង​ស្ថាប័ន​មួយចំនួន​នៅ​ប្រទេស​វៀតណាម បានទទួល​ចម្លើយ​ជា​ផ្លូវការ​ពី​ក្រសួង​ហិរញ្ញវត្ថុ​ប្រទេស​នេះ។

    ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម កាលពី​ចុងឆ្នាំ​កន្លង បាន​ស្នើឱ្យ​រដ្ឋាភិបាល កុំ​អនុម័ត​គោលនយោបាយ​កាត់បន្ថយ​អត្រាពន្ធ​ពិសេស​ចំពោះ​ការ​នាំចូល​រថយន្ត​អគ្គិសនី ដោយ​លើកហេតុ​ផល​​ថា វៀតណាម​មាន​គោលនយោបាយ​បញ្ចុះ​អត្រាពន្ធ​ជាច្រើន​រួច​ហើយ ក្នុងនោះ​ក៏​អត្រាពន្ធ​នាំចូល​គ្រឿងបន្លាស់​សម្រាប់​ការផលិត និង​ដំឡើងរថយន្ត​អគ្គិសនី​ ដែល​បញ្ចុះ​មក​​​នៅ 0% ជាដើម ដើម្បី​ជំរុញ​វិស័យ​ឧស្សាហកម្ម​បៃតង​នៅ​ប្រទេស​នេះ។

    ចំពោះ​អ្នកប្រើប្រាស់​វិញ រដ្ឋាភិបាល​វៀតណាម​អនុវត្ត​គោលនយោបាយ​អនុគ្រោះ​ពន្ធ​ប្រថាប់ត្រា 0 ដុង ក្នុង​រង្វង់​បី​ឆ្នាំ ចាប់ពី​ខែមីនា 2022 និង​បញ្ចុះ​ពន្ធ​នេះ 50% នៅ​ពីរ​ឆ្នាំ​បន្ទាប់។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម​។

    ជាង​នេះ ក្រសួង​ខាង​លើ​បាន​បញ្ជាក់​ថា ការបញ្ចុះ​អត្រាពន្ធ​នាំចូល​ចំពោះ​រថយន្ត​អគ្គិសនី ក៏​នឹង​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​របស់​រថយន្ត​ផលិត​ក្នុងស្រុក​ត្រូវ​ថយចុះ ប៉ះពាល់​ដល់​ប្រភព​ចំណូល​របស់​រដ្ឋ និង​បន្ថែម​សម្ពាធ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​គម​នា​គម​ក្នុងប្រទេស​នេះ​ផងដែរ។

    សំណើសុំ​មិន​បញ្ចុះ​អត្រាពន្ធ​សម្រាប់​ការ​នាំចូល​រថយន្ត​អគ្គិសនី​របស់​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម ក៏ត្រូវ​បាន​ឧបនាយករដ្ឋមន្ត្រី​វៀតណាម Le Minh Khai អនុម័ត​រួចហើយ​កាលពី​ចុងឆ្នាំ 2022។

    នេះ​គឺជា​ការបដិសេធ​ជា​ផ្លូវការ​ទៅនឹង​សំណើសុំ​បញ្ចុះ​អត្រាពន្ធ​ដែល​ក្រុមហ៊ុន TMT ​ដៃគូ​សហការ​របស់​សម្ព័ន្ធ​ក្រុមហ៊ុនចិន​-​អាម៉េរិក SGMW (SAIC-GM-Wuling) នៅ​វៀតណាម និង​សមាគម​អាជីវកម្ម​មេកានិច​វៀតណាម (VAMI) ដែល​បានស្នើ​មុន​នោះ។

    នៅ​កម្ពុជា ដើម្បី​លើកទឹកចិត្ត​ឱ្យមាន​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​កាន់តែច្រើន​ថែមទៀត រាជរដ្ឋាភិបាល​បាន​ទម្លាក់​ពន្ធ​នាំចូល​រថយន្ត​អគ្គិសនី​ចំនួន 50% ខណៈដែល​ការនាំ​ចូល​យានយន្ត​ដែល​ដើរ​ដោយ​ប្រេងឥន្ធនៈ តម្រូវឱ្យ​បង់ពន្ធ​នាំចូល​រហូតដល់ 120%។ នេះ​បើតាម ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ថ្លែង​នៅក្នុង​ពិធី «អបអរសាទរ​ខួប​បី​ឆ្នាំ និង​ការដាក់​តាំងពិព័រណ៍​ល​ក់​លេខ​ពិសេស​ផ្ទាល់ខ្លួន» នៅ​សួនច្បារ​វត្ត​បទុម​វ​តី កាលពី​ព្រឹក​ថ្ងៃទី 07 មីនា 2023៕

  • អត្ត​ព​លិ​ក​កម្ពុជា «ហោះ» ទៅលើ​​អាកាស​ អុជ​ព្រះ​អគ្គិ​ជ័យ​ស៊ី​ហ្គេម​លើក​ទី 32 បញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​ចាប់ផ្ដើម​ជា​ផ្លូវការ

    អត្ត​ព​លិ​ក​កម្ពុជា «ហោះ» ទៅលើ​​អាកាស​ អុជ​ព្រះ​អគ្គិ​ជ័យ​ស៊ី​ហ្គេម​លើក​ទី 32 បញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​ចាប់ផ្ដើម​ជា​ផ្លូវការ

    ទិដ្ឋភាព «ហោះ​ឡើង» ទៅ​អុជ​ព្រះ​អគ្គិ​ជ័យ​កីឡា​ស៊ី​ហ្គេម របស់​កីឡាការិនី​តៃ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី បាន​បិទ​បញ្ចប់​ពិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ី​ហ្គេម) លើក​ទី 32 កាលពី​យប់​ថ្ងៃទី 05 ឧសភា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។

    ប៉ុន្មាន​សប្ដាហ៍​មុន​នោះ ព្រះ​អគ្គិ​ជ័យ​កីឡា (ភ្លើង​គប់) ស៊ី​ហ្គេម ត្រូវបាន​យក​អណ្ដាតភ្លើង​ពី​ពន្លឺព្រះអាទិត្យ​នៅ​ប្រាសាទអង្គរវត្ត។ នៅឯ​ទីលាន​បាល់ទាត់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ពេល​ទទួលបាន​ព្រះ​អគ្គិ​ជ័យ​កីឡា​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កំពូល​កីឡាការិនី​ជូ​ជិត​ស៊ូ (Jujutsu) របស់ កម្ពុជា កញ្ញា ខាន់ ជេ​សា  (Jessa Khan) ក៏​កាន់​រត់​ចុះ​ទៅលើ​ឆាក ហើយ​ប្រគល់ជូន​ជើងឯក​កីឡាការិនី​ប៉េតង់​ពិភពលោក កែ ឡេង។ បន្ទាប់ពី​បាន​ឆ្លងកាត់​ដៃ​របស់​អត្ត​ព​លិ​ក​ឆ្នើម​ជាច្រើនរូប​របស់​កម្ពុជា ព្រះ​អគ្គិ​ជ័យ​កីឡា​ក៏បាន​ទៅដល់​ដៃ សន សៀវ​ម៉ី ដើម្បីឱ្យ​កំពូល​កីឡាការិនី​តៃ​ក្វាន់​ដូ​រូបនេះ ធ្វើ​សកម្មភាព​ចុងក្រោយ​នៃ​ការអុជ​ព្រះ​អគ្គិ​ជ័យ​កីឡា។

    សន សៀវ​ម៉ី អាយុ 27 ឆ្នាំ មាន​កម្ពស់ 1.83 ម៉ែត្រ គឺជា​និមិត្តរូប​នៃ​ជោគជ័យ​របស់​វិស័យ​កីឡា​កម្ពុជា។ សៀវ​ម៉ី ធ្លាប់​ដណ្ដើមបាន​មេដាយមាស​បី​គ្រឿង​នៅ​ស៊ី​ហ្គេម​ឆ្នាំ 2013, 2017, 2019 ហើយក៏​ជា​អត្ត​ព​លិ​ក​កម្ពុ​ជាដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ដណ្ដើមបាន​មេដាយមាស​នៅ​ព្រឹត្តិការណ៍​កីឡា​អាស៊ី (ASIAD) លើក​ទី 17 នៅ Incheon ឆ្នាំ 2014។

    នៅក្នុង​ឈុត​អុជ​ព្រះ​អគ្គិ​ជ័យ ខ្សែកាប​បាន​ជួយ​ឱ្យ សៀវ​ម៉ី ដែលមាន​គប់​នៅ​នឹង​ដៃ «ហោះ​ឡើង» លើ​អាកាស ទៅ​ក្បែរ​ទីតាំង​អេក្រង់ hologram ដែល​បន្ទាប់មក​បញ្ចាំង​ទស្សនីយភាព​ដុំ​ភ្លើង​ដ៏​អស្ចារ្យ មុនពេល​នាគ​ទេព​បង្ហាញខ្លួន និង​លេប​យក ហើយ​ព្រួស​បាល់​ភ្លើង​សំដៅ​គប់​ស៊ី​ហ្គេម។ អណ្ដាតភ្លើង​ស៊ី​ហ្គេម​ក៏​ឆេះ​ឡើង​នៅលើ​វិមាន​អគ្គិ​ជ័យ​កីឡា​របស់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ បញ្ជាក់ថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 បានចាប់ផ្ដើម​ជា​ផ្លូវការ។

    ឈុត​ឆាក​អុជ​ព្រះ​អគ្គិ​ជ័យ​ស៊ី​ហ្គេម​នេះ​ក៏បាន​បិទ​បញ្ចប់​ពិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 ដែល​ធ្វើឡើង​រយៈពេល 150 នាទី កាលពី​យប់​ថ្ងៃទី 05 ឧសភា 2023 ផងដែរ៕

    កីឡាការិនី​តៃ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី
    កីឡាការិនី​តៃ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី «ហោះឡើង»
    កីឡាការិនី​តៃ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី «ហោះឡើង»
    អណ្ដាតភ្លើង​ស៊ី​ហ្គេម​ក៏​ឆេះ​ឡើង​នៅលើ​វិមាន​អគ្គិ​ជ័យ​កីឡា​របស់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ

    មហា​ទស្សនីយភាព​នៅ​មុន​ពិធី​អុជ​ព្រះអគ្គិជ័យ​កីឡា ៖

     

  • អត្ត​ព​លិ​ក​ហែល​ទឹក​​កម្ពុជា​​ឈ្នះ​មេដាយមាស​នៅ​ស៊ី​ហ្គេម​នឹង​ទទួលបាន​មួយ​ម៉ឺន​ដុល្លារ​ថែម​ពីលើ​ប្រាក់ឧបត្ថម្ភ

    អត្ត​ព​លិ​ក​ហែល​ទឹក​​កម្ពុជា​​ឈ្នះ​មេដាយមាស​នៅ​ស៊ី​ហ្គេម​នឹង​ទទួលបាន​មួយ​ម៉ឺន​ដុល្លារ​ថែម​ពីលើ​ប្រាក់ឧបត្ថម្ភ

    ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បានប្រកាស​ផ្តល់ប្រាក់​លើកទឹកចិត្ត​ចំនួន​មួយ​ម៉ឺន​ដុល្លារ​ដល់​អត្ត​ព​លិ​ក​ទាំងឡាយណា​ដែល​ឈ្នះ​មេដាយមាសក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម បន្ថែម​លើ​ថវិកា​ដែល​ឧ​ប​ត្ត​ម្ភ​ដោយ​រាជរដ្ឋាភិបាល។

    ក្នុង​ពិធី​ជួប​សំណេះសំណាលជាមួយ​គ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន 49 រូប កាលពី​ថ្ងៃទី 04 ឧសភា នា​ទីស្តីការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បានឧបត្ថម្ភ​ដល់​កីឡាករ កីឡាការិនី និង​គ្រូបង្វឹក​វិញ្ញាសា​កីឡាហែលទឹក ដែល​នឹងចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ស៊ី​ហ្គេម​លើក​ទី 32 ក្នុងម្នាក់ៗ 200 ដុល្លារ​អាមេរិក បន្ថែម​ពីលើ​ទឹកប្រាក់​ដែល​ឧបត្ថម្ភ​ចំនួន 500 ដុល្លាររបស់​​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា។ ជាពិសេស ចំពោះ​អត្ត​ព​លិ​ក​ដែល​ដណ្តើមបាន​មេដាយមាស នឹង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​មួយ​ម៉ឺន​ដុល្លារ​បន្ថែមទៀត។

    ឯកឧត្តម ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​សហព័ន្ធ បាន​ថ្លែង​កោតសរសើរ និង​អរគុណ​ដល់​កីឡាករ កីឡាការិនី និង​គ្រូបង្វឹក​គ្រប់រូប ដែល​បាន​ចំណាយ​ទាំង​កម្លាំងកាយ​ចិត្ត និង​ពេលវេលា ក្នុងការ​ហ្វឹកហាត់​តាំង​ពី​ដើម​រហូតមក​ដល់​ការប្រកួត​នាពេលនេះ។

    ប្រាក់រង្វាន់​លើក​ទឹក​ចិ​ត្ដរបស់ រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ជ័យលាភី​មេដាយ​អត្ត​ព​លិ​ក​កម្ពុជា នៅក្នុង​ការប្រកួត​​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី 32 រួមមាន អត្ត​ព​លិ​ក​ដណ្ដើមបាន​មេដាយមាស​នឹង​ទទួលបាន 40 លាន​រៀល មេដាយប្រាក់​នឹង​ទទួលបាន 30 លាន​រៀល និង​មេដាយ​សំរឹទ្ធ​នឹង​ទទួលបាន 16 លាន​រៀល៕

  • ថ្ងៃ​ទី 05 ឧសភា​នេះ កម្ពុជា​សម្ពោធ​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 ជា​ផ្លូវការ

    ថ្ងៃ​ទី 05 ឧសភា​នេះ កម្ពុជា​សម្ពោធ​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 ជា​ផ្លូវការ

    ពិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 ជា​ផ្លូវការ​នេះ នឹងត្រូវ​ធ្វើឡើង​នា​វេលា​ម៉ោង 19 នៅឯ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ស្ថិតក្នុង​រាជធានី​ភ្នំពេញ។

    មកដល់​បច្ចុប្បន្ន ម្ចាស់ផ្ទះ​កម្ពុជា​នៅតែ​មិន​បញ្ចេញ​ព័ត៌មាន​លំអិត​អំពី​កម្មវិធី និង​ការសំដែង​នានា​នៅក្នុង​ពិធី​​សម្ពោធ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 ក្រៅតែពី​ពេលវេលា ទីតាំង និង​បណ្ដា​មន្ត្រីជាន់ខ្ពស់​ដែល​អញ្ជើញ​ចូលរួម។ ក្រុម​អ្នកយកព័ត៌មាន​ក៏​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​ទស្សនា​ការហាត់​សម ព្រោះ​គណៈកម្មការ​ស៊ី​ហ្គេម​ចង់​បង្កើត​កម្មវិធី​ដ៏​ទាក់ទាញ​មួយ​ទៅតាម​ស្ដង់ដា​អូឡាំពិក។

    ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ គណៈ​កម្មាធិការ​​ជាតិ CAMSOC កាលពី​ថ្ងៃទី 24 មេសា បានឱ្យដឹងថា កម្ពុជា​ត្រូវតែ​ប្រារព្ធ​ពិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍​ប្រកប​ដោយ​ការទាក់ទាញ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ទៅតាម​ស្ដង់ដា​អូឡាំពិក ពុំមែន​លំដាប់​តំបន់​ដូច​​ប្រទេស​ដទៃ។ គ្រប់គ្នា​នឹង​បានឃើញ​ចំណុច​ដ៏​អស្ចារ្យ​របស់​ពិធី​នេះ។

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តោ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​មិន​យក​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​ពិធី​សម្ពោធ​នេះ​ផងដែរ។ សម្ដេច​មាន​ប្រសា​សន៍​ថា មនុស្ស​ជាង​កន្លះ​លាន​នាក់​ចង់​ចូល​ទស្សនា ប៉ុន្តែ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ អាចដាក់​មនុស្ស​បានតែ​ពី 60,000 ទៅ 70,000 នាក់​ប៉ុណ្ណោះ។ ទោះជា​យ៉ាងណាក៏ដោយ បញ្ហា​នេះ​ត្រូវបាន​ដោះស្រាយ​តាមរយៈ​ការដំឡើង​ឆាក​បញ្ចាំង​ស្លាយ​ផ្សាយ​បន្ត​ផ្ទាល់​នៅតាម​បណ្ដា​ខេត្ត-ក្រុង​។

    ទីលាន​បាល់ទាត់​មរតក​តេ​ជោ ស្ថិតក្នុង​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ នៅ​សង្កាត់​ព្រែ​កតាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ត្រូវបាន​សម្ពោធ​ការដ្ឋាន​សាងសង់​កាលពី​ខែសីហា 2017 ហើយ​បួន​ឆ្នាំ​ក្រោយមក​ក៏បាន​សម្រេច​ជា​ស្ថាពរ។ ការចំណាយ​សម្រាប់​ការសាងសង់​ពហុ​កីឡដ្ឋាន​នេះ​គឺ​ប្រហែល 160 លាន​ដុល្លារ​អាម៉េរិក ជា​ជំនួយ​របស់​ប្រទេស​ចិន។

    យោងតាម​គេហទំព័រ​ស៊ី​ហ្គេម​លើក​ទី 32 ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​នៅ​កម្ពុជា មាន​សមាជិក​ចូលរួម​ប្រហែល 12,000 នាក់ មកពី 11 ប្រតិភូ ដោយ​មិនទាន់​រាប់បញ្ចូល​ក្រុម​អាជ្ញាកណ្ដាល។ អ្នកយកព័ត៌មាន​ជាង 2,000 នាក់​ក៏បាន​ទទួល​កាត​ចុះឈ្មោះ​ចូល​យក​ព័ត៌មាន ក្នុងនោះ​មាន 907 នាក់​មកពី​បរទេស។

    ស៊ី​ហ្គេម​លើក​ទី 32 ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ និង​ទីក្រុង​បួន​ផ្សេងទៀត ចាប់ពី​ថ្ងៃទី 29 មេសា​ដល់ 16 ឧសភា ដោយមាន​កីឡា 36 ប្រភេទ ចែកជា 584 វិញ្ញាសា។ កាលពី​ថ្ងៃទី 04 ឧសភា គណៈកម្មការ​ស៊ី​ហ្គេម​បានប្រគល់​មេដាយ​ចំនួន 9 គ្រឿង​ដំបូង​ជូន​អត្តពលិក​ ក្នុងនោះ​ម្ចាស់ផ្ទះ​កម្ពុជា​នាំមុខគេ​ដោយ​ដណ្ដើមបាន​មេដាយមាស​ប្រាំ​គ្រឿង។ ហ្វ៊ី​លី​ពី​ន​ដណ្ដើមបាន​មេដាយមាស​ពីរ​គ្រឿង ខណៈ​ថៃ និង​ឡាវ​ទទួលបាន​មួយគ្រឿង ពី​ប្រភេទ​កីឡា​គុន ជូ​ជិត​ស៊ូ (Jujutsu) និង​ល្បុក្កតោ។

    នៅក្នុង​ថ្ងៃទី 05 ឧសភា​នេះ ស៊ី​ហ្គេម​លើក​ទី 32 នឹងមិនមាន​ការប្រកួត​កីឡា​ណាមួយ​ឡើយ ដោយ​ផ្ដោតទៅលើ​តែ​ពិធី​សម្ពោធ​ជា​ផ្លូវការ។

    បទ​ចម្រៀង​ផ​ផ្លូវការ​របស់​ស៊ី​ហ្គេម​លើក​នេះ​គឺ​បទ Cambodian Pride ដែល​បច្ចុប្បន្ន​​ចំនួន​​​អ្នក​ចូល​មើល​​បាន​កើន​ឡើង​ដល់​ជាង 65 លាន​លើក​នៅលើ YouTube ក្រោយពី​បង្ហោះ​បាន​ជាង​បី​សប្ដាហ៍។ រូបតំណាង​ស៊ី​ហ្គេម​លើក​ទី 32 គឺ​កូន​ទន្សាយ​ពីរ​ក្បាល មួយ​ឈ្មោះ រំដួល និង​មួយ​ឈ្មោះ បុរី។

    ចំណែក​ពិធី​បិទ​ស៊ី​ហ្គេម​លើក​ទី 32 វិញ នឹងត្រូវ​ធ្វើឡើង​ក្នុង​​ថ្ងៃទី 17 ឧសភា នៅឯ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ៕

  • រាជរដ្ឋាភិបាល​បន្ត​ការអនុវត្ត​កម្មវិធី​ “គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​”

    រាជរដ្ឋាភិបាល​បន្ត​ការអនុវត្ត​កម្មវិធី​ “គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​”

    រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC​) និង​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO​) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តី​ពី​កម្មវិធី​“គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​” សម្រាប់​បន្ត​អនុវត្ត​នៅ​ឆ្នាំ2020​ ដល់​ឆ្នាំ2022​ ដែល​អនុស្សរណៈ​នេះ​គ្រប​ដណ្តប់​លើ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ និង​វាយនភណ្ឌ​ កាបូប​ និង​សម្ភារ​សម្រាប់​ធ្វើដំណើរ​ ដែល​ពិធី​ចុះហត្ថលេខា​នេះ​បាន​ធ្វើឡើង​នៅ​សណ្ឋាគារ​សាន់​វេ​ កាលពី​ថ្ងៃទី21​ ខែវិច្ឆិកា​ ឆ្នាំ2019​ ។

    ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​មានប្រសាសន៍​ថា​៖“នេះ​ជា​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​លើក​ទី6​ ដែល​គ្រប​ដណ្តប់​លើ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ វាយនភណ្ឌ​ កាបូប​ និង​សម្ភារ​សម្រាប់​ធ្វើដំណើរ​។ អនុស្សរណៈ​នៃ​ការយោគយល់​ថ្មីនេះ​ នឹង​បន្ត​ទ្រទ្រង់​ផ្នែក​ហិរញ្ញវត្ថុ​ និង​កិច្ចសហការ​កាន់តែ​ប្រសើរ​ រួម​ទាំង​ការផ្ទេរ​ចំណេះដឹង​ផ្នែក​អធិការកិច្ច​ដល់​មន្ត្រី​នៃ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​ស្ថានការណ៍​បច្ចុប្បន្ន​ និង​ទៅ​អនាគត​”។

    ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ផ្សារភ្ជាប់​ពាណិជ្ជកម្ម​ជាមួយនឹង​បទដ្ឋាន​ការងារ​ចាប់តាំងពី​ឆ្នាំ2001មក​ ដើម្បី​កែ​លម្អ​លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ និង​វាយនភណ្ឌ​ ដែល​ទទួលស្គាល់​ស្តង់​ដាការ​ងារ​ជា​អន្តរជាតិ​ តាមរយៈ​ការអនុវត្ត​ច្បាប់​ការងារ​របស់​កម្ពុជា​។

    ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​លើក​ឡើង​ថា​ តាមរយៈ​ការអនុវត្ត​គោលនយោបាយ​ នៃ​ការ​ផ្សារភ្ជាប់​ពាណិជ្ជកម្ម​ជាមួយនឹង​បទដ្ឋាន​ការងារ​នេះ​ បាន​ប្រែ​ក្លា​យកេរិ៍្ដ​ឈ្មោះ​របស់​កម្ពុជា​ទៅជា​ ប្រទេស​ដែល​ឈានមុខ​គេ​ក្នុង​គោលនយោបាយ​ពាណិជ្ជកម្ម​អន្តរជាតិ​ និង​បាន​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ ប្រទេស​គំរូ​សម្រាប់​ប្រទេស​មួយចំនួន​យក​ទៅ​ធ្វើជា​បទ​ពិសោធ​សម្រាប់​អនុវត្ត​ និង​រៀនសូត្រ​តាម​។ គោលនយោបាយ​នេះ​ បាន​ជំរុញ​ការ​ទាក់ទាញ​វិនិយោគទុន​ បង្កើត​ការងារ​ និង​ប្រាក់ចំណូល​សម្រាប់​កម្មករ​ កម្មការិនី​ ក៏ដូចជា​គ្រួសារ​របស់​ពួកគាត់​ឱ្យ​កាន់តែ​ប្រសើរ​ទ្បើង​ និង​ចូលរួម​ចំណែក​កសាង​នូវ​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅជា​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ជាលំដាប់​។

    ឯកឧត្តម​បាន​បញ្ជាក់​ថា​ គោលនយោបាយ​នេះ​ក៏បាន​ធ្វើ​ឱ្យ​វិស័យ​ពាណិជ្ជកម្ម​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ដែល​ក្នុង​រយៈពេល​ 2ទសវត្សរ៍​ចុងក្រោយ​នេះ​ កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ជាមធ្យម​ 7% រៀងរាល់​ឆ្នាំ​ ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការធានា​បាន​នូវ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ក៏ដូចជា​បាន​រួមចំណែក​ក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

    ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្ដិ​ បាន​បញ្ជាក់​បន្ថែម​ថា​ ការអនុវត្ត​គោលនយោបាយ​នៃ​ការ​ផ្សារភ្ជាប់​ ពាណិជ្ជកម្ម​ជាមួយនឹង​បទដ្ឋាន​ការងារ​ ក៏បាន​បង្កើន​ទំនុកចិត្ត​ដល់​អ្នកបញ្ជា​ទិញ​ និង​ម៉ាក​យី​ហោ​ល្បី​ៗ ក្នុង​ការ​ដាក់​បន្ថែម​ការ​បញ្ជាទិញ​ផលិតផល​សម្លៀកបំពាក់​ និង​វាយនភណ្ឌ​នៅ​កម្ពុជា​ពី​ 1ឆ្នាំ​ ទៅ​ 1ឆ្នាំ​ កាន់តែ​ច្រើន​ឡើង​ផង​ដែរ​។

    ជាក់ស្តែង​ការនាំចេញ​របស់​កម្ពុជាក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ នៅ​ឆ្នាំ​2001​ មាន​ទឹកប្រាក់​សរុប​ 1,188លាន​ដុល្លារ​អាមេរិក​ កើន​រហូតដល់​ទឹកប្រាក់​សរុប​ 12,895លាន​ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ2018​។ ក្នុង​នោះ​ការនាំចេញ​សម្លៀកបំពាក់​ និង​វាយនភណ្ឌ​ មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ ដែល​នៅ​ឆ្នាំ2001​ មាន​ទឹកប្រាក់​ត្រឹមតែ​ 828លាន​ដុល្លារ​អាមេរិក​ បាន​កើន​ដល់​ 7,779លាន​ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ2018​។

    ឯកឧត្តម​ អុិ​ត សំ​ហេង​ រដ្ឋ​មន្ដ្រី​ក្រសួងការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក៏បាន​បញ្ជាក់​ដែរ​ថា​៖“រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចាត់ទុក​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​ក្នុង​ការចូលរួម​ចំណែក​លើ​ការធានា​នូវ​សិទ្ធិ​ការងារ​ និង​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​សម្រាប់​បងប្អូន​កម្មករ​ និយោជិត​ និង​ផ្អែកលើ​ភាព​ជោគជ័យ​នៃ​ការអនុវត្ត​គម្រោង​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ សម្រេច​បន្ត​អនុស្សរណៈ​ នៃ​ការយោគយល់​គ្នា​ ក្នុង​ការអនុវត្ត​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​ នៅ​កម្ពុជា​សម្រាប់​ឆ្នាំ2020​-2022​ ”។

    ឯកឧត្ដម​បន្ដ​ថា​ ការសម្រេច​នេះ​គឺ​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ផង​ដែរ​ទៅ​នឹង​ផែនការ​សហប្រតិបត្តិ​ការ​និង​សមាហរណកម្ម​របស់​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​ ជាមួយនឹង​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដែល​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​បេសកកម្ម​លើកកម្ពស់​ “លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យ​វាយនភណ្ឌ​ និង​សម្លៀកបំពាក់​នៅ​កម្ពុជា​ សមស្រប​តាម​បទដ្ឋាន​ការងារ​ស្នូល​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​ និង​ស្របតាម​ច្បាប់​ស្តី​ពី​ការងារ​កម្ពុជា​”។

    លោក​ឧកញ៉ា​ វ៉ាន់​ ស៊ូ​អៀង​ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បានឱ្យ​ដឹង​ថា​ សមាគម​រោងចក្រ​កាត់ដេរ​ នឹង​បន្ត​ធ្វើការ​ជា​មួយ​ររោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ និង​រាជរដ្ឋាភិបាល​ នៃ​ ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​រក្សា​ការផលិត​ សុវត្ថិភាព​ការងារ​ និង​ការងារ​ ប្រកបដោយ​ចីរភាព​ សម្រាប់​ជា​កម្លាំង​ពលកម្ម​របស់​កម្ពុជា​យើង​។

    លោក​ Grame​ Buckley​ នាយក​ការិយាល័យ​អង្គការ​ពលកម្ម​អន្ដរ​ជាតិ​ខាង​ការងារ​ ILO​ ប្រចាំ​ប្រទេស​កម្ពុជា​ ឡាវ​ និង​ថៃ​ បាន​កត់សម្គាល់​ថា​ ដោយ​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​ និង​សមាគម​រោងចក្រ​កាត់ដេរ​ យើង​នឹង​រួមគ្នា​លើកកម្ពស់​ការងារ​សមរម្យ​សម្រាប់​កម្មករ​រាប់​រយ​ ពាន់​នាក់​ ជាពិសេស​ស្ត្រី​ ហើយ​ក៏​ជួយ​កម្មករ​ និយោជិត​ ក្នុង​ការ​អភិវឌ្ឍ​ជំ​នាញ​ថ្មី​ៗ អាជីវកម្ម​ ដើម្បី​ទទួល​ប្រាក់ចំណេញ​កាន់តែ​ច្រើនជាង​មុន​ និង​ក្រុម​គ្រួសារ​ពួកគេ​ឱ្យ​ចាក​ផុត​ពី​ភាព​ក្រីក្រ​។

    គួរ​បញ្ជាក់​ថា​ នេះ​ជា​អនុស្សរណៈ​លើក​ទី6​ ហើយ​ ក្នុង​ការ​បន្ត​ទ្រទ្រង់​ផ្នែក​ហិរញ្ញវត្ថុ​ និង​កិច្ចសហការ​កាន់តែ​ប្រសើរ​ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​ស្ថានការណ៍​បច្ចុប្បន្ន​ និង​ទៅ​អនាគត​។ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ ភាគី​ទាំង3ខាងលើ​នេះ​លើក​ទី1ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ28​ ខែវិច្ឆិកា​ឆ្នាំ2003​ ដើម្បី​បន្ត​អនុវត្តន៍​ គម្រោង​សហប្រតិបត្តិ​ការ​បច្ចេកទេស​ដែល​មានឈ្មោះ​ថា​ “ការធានា​ ថា​លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យ​វាយនភណ្ឌ​ និង​សម្លៀកបំពាក់​នៅ​កម្ពុជា​ សមស្រប​តាម​បទដ្ឋាន​ការងារ​ស្នូល​ ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​ និង​ស្របតាម​ច្បាប់​ស្តី​ពី​ការងារ​កម្ពុជា​”សម្រាប់​រយៈពេល​ 2ឆ្នាំ​ ហើយ​គម្រោង​នេះ​ ត្រូវ​បាន​ផ្លាស់​ប្តូរ​ឈ្មោះ​ទៅជា​ “គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​” រហូតមកដល់​បច្ចុប្បន្ន​៕

  • រាជរដ្ឋាភិបាល​៖ ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ នឹង​មាន​គោលនយោបាយ​លើកកម្ពស់​គាំទ្រ​ដល់​ផលិតភាព​

    រាជរដ្ឋាភិបាល​៖ ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ នឹង​មាន​គោលនយោបាយ​លើកកម្ពស់​គាំទ្រ​ដល់​ផលិតភាព​

    រាជរដ្ឋាភិបាល​កម្ពុជា​ចង់​ឃើញ​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ដែល​កំពុង​ដំណើរការ​រៀបចំ​បង្កើត​នោះ​ មាន​គោលនយោបាយ​គាំទ្រ​ដល់​ការ​លើកកម្ពស់​ផលិតភាព​របស់​សហគ្រាស​ទាំងនោះ​ ដើម្បី​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។ នេះ​បើ​តាម​ព័ត៌មាន​ស្តី​ពី​កិច្ចប្រជុំ​នៅ​ទី​ស្តី​ការក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

    ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ផ្តល់​ការណែនាំ​ដល់​ក្រុមការងារ​សម្រាប់​ការងារ​បង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ឱ្យ​យកចិត្ត​ទុកដាក់​លើ​ការរៀបចំ​ផែនការ​អាជីវកម្ម​របស់​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​។

    ពោល​គឺ​ ដើម្បី​ធានា​ឱ្យ​បាន​ថា​ ធនាគារ​នេះ​នឹងអាច​ដើរតួ​នាទី​ជា​ធនាគារ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​គាំទ្រ​ដល់​ការ​លើកកម្ពស់​ផលិតភាព​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​ ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ ជាពិសេស​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ2015​-2025​។

    ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ បាន​ស្នើ​ឱ្យ​ក្រុមការងារ​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​សិក្សា​អំពី​លទ្ធភាព​ឱ្យ​ធនាគារ​ជំរុញ​ការអនុវត្ត​គោលនយោបាយ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​ស្ថិត​ក្នុង​វិស័យ​អាទិភាព​ ដូច​ជា​កសិ​-ឧស្សាហកម្ម​ វិស័យ​ផលិតកម្ម​ វិស័យ​ទេសចរណ៍​ ជាដើម​ ក្នុង​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​។

    សូម​បញ្ជាក់​ថា​ ក្នុង​កិច្ចប្រជុំ​នោះ​បាន​ពិភាក្សា​លើ​របៀបវារៈ​សំ​ខាន់​ៗ រួមមាន​ ទី1​-ផែនការ​អា​ជី​កម្ម​ ទី2​-រចនាសម្ព័ន្ធ​គ្រប់គ្រង​ធនាគារ​ និង​ទី3​-កិច្ចការ​ផ្សេង​។ អង្គប្រជុំ​បាន​ឯកភាព​ជាគោល​ការណ៍​លើ​ផែនការអាជីវកម្ម​ ផែនការ​ហិរញ្ញវត្ថុ​រយៈពេល​ 3ឆ្នាំ​ និង​ការ​ជ្រើសរើស​បេក្ខភាព​ជា​ថ្នាក់​ដឹក​ នាំ​ជាន់ខ្ពស់​របស់​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​។

    ការកំណត់​បេសកកម្ម​របស់​ធនាគារ​នេះ​ក្នុង​ការជំរុញ​ និង​គាំទ្រ​ការ​ផ្តល់​ហិរញ្ញប្បទាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ជាពិសេស​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​បម្រើ​ដល់​ការនាំចេញ​ និង​បង្កើត​ខ្សែ​ចង្វាក់​តម្លៃ​ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សេដ្ឋកិច្ច​ជាតិ​។ ទន្ទឹម​នេះ​ អង្គប្រជុំ​ក៏​លើកឡើង​ពី​ការងារ​ចាំបាច់​មួយចំនួន​ទៀត​ដែល​ជា​មូលដ្ឋាន​សម្រាប់​ការបង្កើត​ និង​ដំណើរការ​ធនាគារ​នេះ​ផង​ដែរ​។

    ជា​រួម​ មកទល់​ពេលនេះ​ ការសិក្សា​អំពី​លទ្ធភាព​នៃ​ការបង្កើត​ក្របខ័ណ្ឌ​ច្បាប់​ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​ ព្រមទាំង​ការរៀបចំ​ផែនការអាជីវកម្ម​ និង​រចនាសម្ព័ន្ធ​ដឹកនាំ​របស់​ធនាគារ​ដើម្បី​ឈាន​ដល់​ការបង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ ត្រូវ​បាន​និង​កំពុង​រៀបចំ​ស្ទើរតែ​បញ្ចប់​ទាំងស្រុង​ហើយ​។ ជាមួយគ្នា​នេះ​ដែរ​ ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​ចាប់​ដំណើរការ​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។

    សូម​រំឭក​ថា​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​ បានសម្រេច​ផ្តល់​ថវិកា​ចំនួន​ 100លាន​ដុល្លារ​អាមេរិក​ សម្រាប់​ការបង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ សំដៅ​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន៕

  • រាជរដ្ឋាភិបាល​រៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​

    រាជរដ្ឋាភិបាល​រៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​

    រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាប់ផ្តើម​រៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ហើយ​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ដែល​ជា​ជន្ទល់​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​រឹងមាំ​ និង​ប្រកប​ទៅ​ដោយ​និរន្តរភាព​។

    យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​(ចុះ​ថ្ងៃទី19​-04​-19​)បានឱ្យ​ដឹង​ថា​ ដោយហេតុថា​ផលិតផល​ទេសចរណ៍​កម្ពុជា​នៅ​មានកម្រិត​ បើ​ធៀប​នឹង​ប្រទេសជិតខាង​ កម្ពុជា​ត្រូវ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ជាចាំបាច់​សំដៅលើ​កកម្ពស់​ភាព​ប្រកួតប្រជែង​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ ជាពិសេស​ទេសចរណ៍​បែប​វប្បធម៌​ និង​ធម្មជាតិ​ដែល​ជា​ផលិតផល​ឈានមុខ​គេ​របស់​កម្ពុជា​។

    សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា​ ការ​លើកកម្ពស់​សេវា​មួយ​ស្តង់ដារ​មួយ​ គឺជា​បទដ្ឋាន​នៃ​សេវា​ទេសចរណ៍​ឱ្យ​ស្រប​ទៅតាម​ស្តង់ដារ​អាស៊ាន​ ស្រប​ពេល​ដែល​ទស្សនវិស័យ​នៃ​បុគ្គលិក​ម្នាក់​ជំនាញ​មួយ​ ជា​ការ​គិត​គូ​ថ្មី​ សំដៅ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​តាមរយៈ​ការ​បង្កើន​ចំនួន​ និង​គុណភាព​នៃ​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​។

    ក្រសួងទេសចរណ៍​បាន​រៀបចំ​វិធានការ​ក្នុង​ការ​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​តាមរយៈ​ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ ការ​លើកកម្ពស់​សេវា​មួយ​ស្តង់ដារ​មួយ​ បុគ្គលិក​ម្នាក់​ជំនាញ​មួយ​ និង​ទេសចរណ៍​វៃឆ្លាត​(Smart​ Tourism​)។

    ជាមួយគ្នា​នេះ​ ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​វៃឆ្លាត​សំដៅ​ដល់​ការ​ធ្វើ​ឌីជីថល​រូប​នី​យក​ម្ម​(Digitalization​)ក្នុង​ដំណើរការ​នៃ​ការគ្រប់គ្រង​ និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ ការ​ធ្វើដំណើរ​ បដិសណ្ឋារ​កិច្ច​ និង​ឧស្សាហកម្ម​ម្ហូបអាហារ​ជាដើម​។

    វិធានការ​ខាងលើ​ត្រូវ​បាន​គាំទ្រ​ដោយ​អភិក្រម4​ ដែល​ជាគោល​ការណ៍​គ្រឹះ​នៃ​ផែនការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ រួមមាន​ការ​ពង្រឹង​យន្តការ​ស្ថាប័ន​ ការ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ និង​ក្រៅប្រទេស​ និង​ការសម្រប​សម្រួលការ​ធ្វើដំណើរ​ និង​ការ​ដឹកជញ្ជូន​ទេសចរណ៍​។

    សូម​បញ្ជាក់​ថា​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដែល​បាន​បើក​កិច្ចប្រជុំ​ស្តី​ពី​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជាក្រោម​អធិបតីភាព​ឯកឧត្តម​ អូន​ ព័ន្ធ​មុ​ន្នី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដែល​មានការ​ចូលរួម​ពី​មន្ត្រី​បច្ចេកទេស​របស់ក្រ​សួង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ បាន​គាំទ្រ​ចំពោះ​វិធានការ​របស់ក្រ​សួង​ទេសចរណ៍​កម្ពុជា​ដែល​បាន​ដាក់ចេញ​នូវ​របៀបវារៈ​ចំនួន3​ ជា​សំខាន់​គឺ​៖ 1-វិធានការ​ចាំបាច់​ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍​។ 2-ការ​លើកទឹកចិត្ត​ដល់​គោលនយោបាយ​ទេសចរណ៍​ផ្ទះ​សម្រាប់​ទេសចរណ៍​វ័យ​ចំណាស់​ និង3​-ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ខេត្តរតនគិរី​ឱ្យទៅ​ជាស​មា​ហរ​ណកម្ម​ពិសេស​ និង​ការរៀបចំ​ផែនការមេ​ និង​ផែនការ​សកម្មភាព​ជម្រុ​ញអភិវឌ្ឍន៍​ខេត្ត​កែប​ឱ្យ​ក្លាយជា​“តំបន់​ទេសចរណ៍​សម្រាក​លម្ហែ​កម្រិតខ្ពស់​” ​;និង​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​។

    ចំពោះ​វិធានការ​ទី1​ និង​ទី2​ ក្នុង​ការ​លើកស្ទួយ​វិស័យ​ទេសចរណ៍​នោះ​ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងទេសចរណ៍​បាន​ និង​កំពុង​អនុវត្ត​ជា​បណ្តើរ​ៗហើយ​ តែ​ដោយឡែក​ចំពោះ​វិធានការ​ទី3​ ការរៀបចំ​ប្លង់​មេ​ដើម្បី​ដាំ​បន្លែ​ និង​ផ្កា​ ពិសេស​រៀបចំ​សាង​សង់​ព្រលា​នយន្តហោះ​នៅ​ខេត្តមណ្ឌលគិរី​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​ និង​ការ​ដឹកជញ្ជូន​នោះ​នឹង​មានការ​ពិភាក្សា​បន្ថែម​ទៀត​។

    ឯកឧត្តម​បណ្ឌិត​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍​ថា​ ក្នុង​ការដឹកនាំ​មន្ត្រី​ក្រសួង​ជួប​ប្រជុំ​ជាមួយ​ឯកឧត្តម​បណ្ឌិ​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដើម្បី​ពិភាក្សា​ និង​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​នៅ​ខេត្តមណ្ឌលគិរី​ និង​បណ្តា​ខេត្ត​មួយចំនួន​ទៀត​នោះ​ គឺ​សម្រាប់​ខេត្តមណ្ឌលគិរី​ ជា​ខេត្ត​មាន​លក្ខខណ្ឌ​អាកាសធាតុ​ល្អ​ប្រសើរ​ ដែល​អាច​ដាំ​បន្លែ​ និង​ផ្កា​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ស្រុក​ ព្រោះ​បច្ចុប្បន្ន​យើង​បាន​នាំចូល​បន្លែ​ និង​ផ្កា​ជាច្រើន​ពី​ប្រទេសជិតខាង​។

    ឯកឧត្តម​បណ្ឌិត​បន្ត​ថា​៖“នៅក្នុង​ផែនការ​នេះ​ គឺ​រដ្ឋាភិបាល​នឹង​សាង​សង់​ព្រលា​នយន្តហោះ​ខ្នាត​តូច​មួយ​ដើម្បី​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​នៅ​ខេត្ត​នេះ​ និង​សម្រាប់​ដឹកជញ្ជូន​ទំនិញ​ បន្លែ​ ផ្កា​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ទេសចរណ៍​ដទៃទៀត​។ លោក​បន្ត​ថា​ ការសម្រេច​ផែនការ​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ចំណេញ​ច្រើន​ ដោយ​កាត់បន្ថយ​ការ​ធ្លុះធ្លាយ​លើ​វិស័យ​ទេសចរណ៍​បាន​ច្រើន​”។

    ឯកឧត្តម​ ថោង​ ខុន​ បាន​បន្ត​ថា​ ផែនការ​នេះ​នឹង​បញ្ចប់​ការសិក្សា​ក្នុងរយៈពេល​ 6ខែ​ ហើយ​នៅពេល​សិក្សា​ចប់​ រដ្ឋាភិបាល​នឹង​អនុវត្ត​ផែនការ​ដោយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដើម្បី​ផ្តល់​ឱកាស​ និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ឱ្យ​ចូលរួម​ក្នុង​ការ​វិនិយោគ​លើ​គម្រោង​នេះ​។

    ដោយឡែក​ចំពោះ​វិធានការ​ទី3​ ដដែល​នេះ​ រាជរដ្ឋាភិបាល​ក៏បាន​និង​កំពុង​រៀបចំ​ខេត្ត​កែប​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​កម្រិតខ្ពស់​ ដែល​ការ​អភិវឌ្ឍ​ខេត្ត​កែប​ឱ្យ​ក្លាយទៅជា​តំបន់​ទេសចរណ៍​សម្រាក​លម្ហែ​កម្រិតខ្ពស់​នេះ​ គឺ​រាប់បញ្ចូល​ទាំង​ទីក្រុង​ឆ្នេរខ្សាច់​ កោះ​ ផ្សារ​ កំពង់ផែ​ទេសចរណ៍​ ភូមិដ្ឋាន​ប្រជាពលរដ្ឋ​ មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ ក៏ដូចជា​រមណីយដ្ឋាន​ទេសចរណ៍​នានា​ផង​ដែរ​ ប៉ុន្តែ​អាច​នឹង​មិន​មានការ​បង្កើត​ឱ្យ​មាន​ “កាស៊ីណូ​” និង​រោងចក្រ​សហគ្រាស​ឡើយ​។

    ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ កន្លងមក​រាជរដ្ឋាភិបាល​បាន​គិត​បែបនេះ​ ហើយ​បាន​និង​កំពុង​ចាប់ផ្តើម​រៀបចំផែនការ​មេ​ដើម្បី​រៀបចំ​ខេត្ត​កែប​ជា​តំបន់​ទេសចរណ៍​កម្រិតខ្ពស់​ និង​ជា​តំបន់​ទេសចរណ៍​បៃតង​ ជាពិសេស​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ដើម្បី​បម្រើ​វិស័យ​ទេសចរណ៍​ឱ្យ​បាន​ល្អ​ប្រសើរ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ និង​ការ​ធ្វើ​បដិសណ្ឋារ​កិច្ច​ឱ្យ​បាន​កាន់តែ​ល្អ​សម្រាប់​ភ្ញៀវ​ទេសចរ​ផង​ដែរ​។

    ឯកឧត្តម​ ថោង​ ខុន​ បាន​បញ្ជាក់​ថា​៖“ហេតុនេះ​ហើយ​ទើប​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ត្រៀម​រៀបចំ​ខេត្ត​កែប​ឱ្យទៅ​ជា​តំបន់​ទេសចរណ៍​កម្រិតខ្ពស់​ ជា​តំបន់​ទេសចរណ៍​បៃតង​ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​រោងចក្រ​សហគ្រាស​ និង​ការ​វិនិយោគ​កាស៊ីណូ​នៅក្នុង​ខេត្ត​នេះ​ទេ​”។

    ក្រសួងទេសចរណ៍​ក៏បាន​លើកទឹកចិត្ត​ឱ្យ​មានការ​បង្កើត​លំនៅឋាន​ទី2​ សម្រាប់​ភ្ញៀវ​ទេសចរ​វ័យ​ចំណាស់​ ឬចូលនិវត្តន៍​នៅ​ខេត្ត​កែប​នេះ​ផង​ដែរ​ ដើម្បី​ឱ្យ​ពួកគេ​ពន្យារពេល​ក្នុង​ការ​ទស្សនា​ និង​ស្នាក់នៅ​ក្នុងរយៈពេល​យូរ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ជំរុញ​ឱ្យ​ពួកគេ​មានការ​ចំណាយ​ច្រើន​។

    បើ​តាម​ឯកឧត្តម​ ថោង​ ខុន​ ក្រៅពី​គម្រោង​អភិវឌ្ឍន៍​ខេត្ត​កែប​នេះ​ រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​លើ​ការសិក្សា​រៀបចំ​ “ខេត្តកំពត​ទៅជា​តំបន់​ទេសចរណ៍​វប្បធម៌​បេតិកភណ្ឌ​ និង​កសិ​-ទេសចរណ៍​”ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​និង​កំពុង​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​មួយ​ ក្នុង​គម្រោង​កិច្ច​សហប្រតិបត្តិ​ការ​មហា​អនុ​តំបន់​ទន្លេមេគង្គ​ដែល​អាច​នឹង​បញ្ចប់​នៅដើម​ឆ្នាំ2020​ ខាងមុខ​ផង​ដែរ​៕

  • រាជរដ្ឋាភិបាល​ផ្តល់​ការលើកទឹកចិត្ត​ពន្ធ​ក្នុង​វិស័យ​មូល​ប​ត្រ

    រាជរដ្ឋាភិបាល​ផ្តល់​ការលើកទឹកចិត្ត​ពន្ធ​ក្នុង​វិស័យ​មូល​ប​ត្រ

    ដើម្បី​អភិវឌ្ឍ​វិស័យ​មូល​ប​ត្រ​កម្ពុជា និង​ជំរុញឱ្យមាន​ការចុះបញ្ជី​ក្នុង​ផ្សារ​មូល​ប​ត្រ​កម្ពុជា​ពី​សំណាក់​ក្រុមហ៊ុន​នានា ថ្មីៗនេះ​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​អនុក្រឹត្យ​ស្តីពី​ការលើកទឹកចិត្ត​ពន្ធ​ក្នុង​វិស័យ​មូល​ប​ត្រ។

    យោងតាម​អនុក្រឹត្យ​លេខ០១ អនក្រ.បក ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃ4 ខែមករា ឆ្នាំ2019 ស្តីពី​ការលើកទឹកចិត្ត​ពន្ធដារ​ក្នុង​វិស័យ​មូល​ប​ត្រ និង​បើកផ្លូវ​ឱ្យមាន​ក្រុមហ៊ុន​ជាច្រើន​មក​ចុះបញ្ជី​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ដើម្បី​អភិវឌ្ឍ​វិស័យ​មួយ​នេះ​ឱ្យមាន​ភាព-​រីកចម្រើន​ទៅមុខ។

    អនុក្រឹត្យ​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​ក្រុមហ៊ុន ឬ​សហគ្រាស​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ ឬ​មូល​ប​ត្រ​បំណុល​លើកដំបូង​ជា​សាធារណៈ​ដែល​ទទួលបាន​ការអនុញ្ញាត​ពី​គណៈកម្មការ​មូល​ប​ត្រ ហៅថា គ.ម.ក និង​បាន​ចុះបញ្ជី​ជួញដូរ​មូល​ប​ត្រ​នៅ​ទីផ្សារ​មូល​ប​ត្រ​ប្រតិ​ស្រុត។

    ការលើកទឹកចិត្ត​ពន្ធដារ​ក្នុង​វិស័យ​មូល​ប​ត្រ​បាន​ផ្តល់ជូន​អ្នកវិនិយោគ​សាធារណៈ​ដែល​កាន់កាប់ និង​ឬ ទិញ-លក់​មូល​ប​ត្រ​រដ្ឋ មូល​ប​ត្រ​កម្មសិទ្ធិ និង​ឬមូល​ប​ត្រ​បំណុល​ដែល​បាន​បោះផ្សាយ​លក់​ជា​សាធារណៈ និង​បាន​ចុះបញ្ជី​ជួញដូរ​មូល​ប​ត្រ​នៅ​ទីផ្សារ​មូល​ប​ត្រ​ប្រតិ​ស្រុត។ សម្រាប់​គោលដៅ​នៃ​អនុក្រឹត្យ​នេះ គឺ​អ្នក​វិនិយោគសាធារណៈ រួមទាំង​អ្នកវិនិយោគ​និវាស​ន​ជន និង​អ​និវាស​ន​ជន។

    ក្រុមហ៊ុន ឬ​សហគ្រាស បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ និង​ឬ​មូល​ប​ត្រ​បំណុល​លើកដំបូង​ជា​សាធារណៈ ដែល​ទទួលបាន​ការអនុញ្ញាត​ពី​គណៈកម្មការ​មូល​ប​ត្រ ហៅថា គ.ម.ក និង​បាន​ចុះបញ្ជី​ជួញដូរ​មូលប​ត្រ​នៅ​ទីផ្សារ​មូល​ប​ត្រ​ប្រតិ​ស្រុត គិត​ចាប់​ពីថ្ងៃ​ដែល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន ត្រូវបំពេញ​បែបបទ​ជូន​អគ្គនាយកដ្ឋាន​ពន្ធដារ​តាមរយៈ គ.ម.ក នៅ​រាល់​មុន​ការិយបរិច្ឆេទ​បង់ពន្ធ​សម្រាប់​ឆ្នាំសារពើពន្ធនីមួយៗដើម្បី​ទទួលបាន​ការលើកទឹកចិត្ត​ដោយ​បន្ថយពន្ធ​លើ​ប្រាក់ចំណូល​ចំនួន 50ភាគរយ​នៃ​ពន្ធ​លើ​ប្រាក់ចំណូល ត្រូវ​បង់​ក្នុង​រយៈពេល​នៃ​ការទទួលបាន​ការលើក​ទឹកចិត្ត​ពន្ធដារ។

    ការលើកទឹកចិត្ត​ពន្ធដារ​មាន​រយៈពេល 3ឆ្នាំ និង​ត្រូវ​គិត​ចាប់ផ្តើម​ពី​ដើមឆ្នាំ​ជាប់ពន្ធ​ដែល​មូល​ប​ត្រ​នោះ​ត្រូវបាន​បោះផ្សាយ​លក់​ជា​សាធារណៈ​ក្នុងករណី​ដែល​ការបោះ​ផ្សាយ​លក់​នោះ​ធ្វើឡើង​ក្នុងអំឡុងពេល 6ខែ ដើមឆ្នាំ​ជាប់ពន្ធ​នោះ ឬក៏​ដើមឆ្នាំ​ជាប់ពន្ធ​បន្ទាប់ពី​ឆ្នាំ​ជាប់ពន្ធ​ដែល​មូល​ប​ត្រ​នោះ​ត្រូវ​បោះផ្សាយ​លក់​ជា​សាធារណៈ​ក្នុងករណី​ដែល​ការបោះ​ផ្សាយ​លក់​នោះ​ធ្វើឡើង​ក្នុងអំឡុងពេល 6ខែ​ចុងឆ្នាំ​ជាប់ពន្ធ និង​អំឡុងពេល​ណាមួយ​ដែល​ទទួលបាន​ការអនុញ្ញាត​ពី​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

    ចំពោះ “ក្រុមហ៊ុន ឬ​សហគ្រាស​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ និង​ឬ​មូល​ប​ត្រ​បំណុល​លើកដំបូង​ជា​សាធារណៈ​ដែល​ទទួលបាន​ការអនុញ្ញាត​ពី​គណៈកម្មការ​មូល​ប​ត្រ ហៅថា គ.ម.ក និង​បាន​ចុះបញ្ជី​ជួញដូរ​មូល​ប​ត្រ​នៅ​ទីផ្សារ​មូល​ប​ត្រ​ប្រតិ​ស្រុត ក្នុង​រយៈពេល 3ឆ្នាំ គិត​ចាប់​ពីថ្ងៃ​ដែល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន ត្រូវ​ទទួលបាន​ការអនុគ្រោះ​បំណុល​ពន្ធ​ដែល​រួម​ប​ញ្ជូ​ល​ពន្ធ​លើ​ប្រាក់ចំណូល​ទាំងស្រុង ពន្ធ​កាត់​ទុក អាករ​លើ​តម្លៃបន្ថែម អាករ​ពិសេស​លើ​ទំនិញ និង​សេវា​មួយចំនួន អាករ​ស្នាក់នៅ អាករ​បំភ្លឺ​សាធារណៈ”។

    ការអនុគ្រោះ​បំណុល​ពន្ធ​ទាំងស្រុង គឺ​បំណុល​ពន្ធ​ចាប់ពី​កាលបរិច្ឆេទ N-2 ដល់ N-10 សម្រាប់​ក្រុមហ៊ុន ឬ​សហគ្រាស​ដែល​បាន​បំពេញ​លក្ខខណ្ឌ​ក្នុងការ​ចុះបញ្ជី​នៅ​ទីផ្សារ​គោល។ បំណុល​ពន្ធ​ចាប់ពី​កាលបរិច្ឆេទ N-2 ដល់ N-10 សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​បាន​បំពេញ​លក្ខខណ្ឌ​ក្នុងការ​ចុះបញ្ជី​នៅ​ទីផ្សារ​កំណើន។ (ឆ្នាំ N គឺជា​ឆ្នាំ​ដែល​ក្រុមហ៊ុន ឬ​សហគ្រាស​ធ្វើការ​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ និង​ឬ​មូល​ប​ត្រ​បំណុល​ជា​សាធារណៈ​ជា​លើកដំបូង)។

    អនុក្រឹត្យ​ក៏បាន​លើកទឹកចិត្ត​ពន្ធ​កាត់​ទុក​ដល់​អ្នកវិនិយោគ​មូល​ប​ត្រ​ផងដែរ ដោយ​អ្នក​វិនិយោគសាធារណៈ ត្រូវ​ទទួលបាន​ការបន្ថយ​ពន្ធ​កាត់​ទុក50ភាគរយ​លើ​ប្រាក់ និង​ឬ​ភាគលាភ​ដែល​បានមកពី​ការកាន់កាប់ និង​ឬ​ទិញ​មូល​ប​ត្រ​រដ្ឋ មូល​ប​ត្រ​កម្មសិទ្ធិ និង​មូល​ប​ត្រ​បំណុល​សម្រាប់​រយៈពេល3ឆ្នាំ គិត​ចាប់​ពីថ្ងៃ​ដែល អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន។

    ដោយឡែក​ក្រុមហ៊ុន ឬ​សហគ្រាស​ដែល​មិនត្រូវ​បានទទួល​ការលើកទឹកចិត្ត​ពន្ធ​លើ​ប្រាក់ចំណូល​ក្នុងករណី​ក្រុមហ៊ុន​នោះ​ជា​សហគ្រាស​វិនិយោគ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ដែល​កំពុងស្ថិត​នៅក្នុងរ​យៈ​ពេល​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល ដូច​មានចែង​ក្នុង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្តីពី​ការវិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

    អគ្គនាយកដ្ឋាន​ពន្ធដា​រ​អាច​ស្នើសុំ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​តាមរយៈ គ.ម.ក ដើម្បី​បញ្ឈប់​ការលើកទឹកចិត្ត​ពន្ធដារ និង​ការអនុគ្រោះ​បំណុល​ពន្ធ ក្នុងករណី​ក្រុមហ៊ុន ឬ​សហគ្រាស​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ ឬ​មូល​ប​ត្រ​បំណុល​លើកដំបូង​ជា​សាធារណៈ​មិនបាន​ដាក់​លិខិត​ប្រកាស​សារពើពន្ធ​ប្រចាំខែ តាម​កាលកំណត់​របស់​រដ្ឋបាល​សារពើពន្ធ។ មិនបាន​ដាក់​លិខិត​ប្រកាស​សារពើពន្ធ​ប្រចាំឆ្នាំ​សម្រាប់​ឆ្នាំសារពើពន្ធ និង​បង់ប្រាក់​ពន្ធ​តាម​កាលកំណត់ នឹងមិន​អនុញ្ញាតឱ្យ​រដ្ឋបាល​សារពើពន្ធ​ធ្វើ​សវនកម្ម​លើ​បញ្ជី​កា​គណនេយ្យ ឬ​ឯកសារផ្សេងៗនិង​មិនបាន​បង់ពន្ធ​អាករ​ទាំង​អស់ ពន្ធ​បន្ថែម និង​ការប្រាក់​ដែល​បានកំណត់​សម្រាប់​រយៈពេល​ជាប់ពន្ធ ដែល​បានធ្វើ​សវនកម្ម​រួច​ដោយ​រដ្ឋបាល​សារពើពន្ធ។

    ដោយឡែក​ក្រុមហ៊ុន ឬ​សហគ្រាស​ដែល​ទទួលបាន​ការលើក​ទឹកចិត្ត​ពន្ធ​លើ​ប្រាក់ចំណូល​មិនបាន​អនុវត្ត​តាមច្បាប់​ស្តីពី​ការបោះ​ផ្សាយ និង​ការជួញដូរ​មូល​ប​ត្រ​មហាជន និង​បទ​ប្បញ្ញត្តិ​នានា​ពាក់ព័ន្ធ​នឹង​វិស័យ មូល​ប​ត្រ គ.ម.ក អាច​ស្នើសុំ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ ដើម្បី​បញ្ឈប់​ការលើកទឹកចិត្ត​ពន្ធ​បាន។

    ចំពោះ​ក្រុមហ៊ុន​ដែល​បាន​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ ឬ​មូល​ប​ត្រ​បំណុល​លើកដំបូង​សាធារណៈ និង​ដែល​បាន​ចុះបញ្ជី​ជួញដូរ​មូល​ប​ត្រ​នៅ​ទីផ្សារ​មូល​ប​ត្រ​ប្រតិ​ស្រុត​រួចហើយ តែ​មិនទាន់​ទទួលបាន​ការលើកទឹកចិត្ត​ពន្ធដារ​នោះ ក៏ត្រូវ​បានផ្តល់​ការលើកទឹកចិត្ត​ពន្ធដារ​ផងដែរ។

    លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​អគ្គនាយក​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​តដែលជា​ស្ថាប័នហិរញ្ញវត្ថុ​ដំបូង​គេ​ដែល​បាន​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល​នៅក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​ថ្លែងថា វា​ជា​រឿង​ល្អ ដែល​អាចជួយ​ជំរុញ​ផ្សារ​ហ៊ុន​នៅ​កម្ពុជា​កាន់តែ​ល្អប្រសើរ​ឡើង។

    លោក​ឧកញ៉ា​បន្ថែមថា ការអនុគ្រោះ​ពន្ធ​នេះ គឺជា​ការចាប់ផ្តើម​ដ៏​ត្រឹមត្រូវ ដោយសារតែ​ក្រុមហ៊ុន​មួយចំនួនធំ​បានចាប់ផ្តើម​អនុវត្ត​តាមច្បាប់ តាម​ទម្លាប់ គោលការណ៍​បាន​ត្រឹមត្រូវ​ច្រើន​ហើយ ដូចជា​ទៅលើ​ប្រព័ន្ធ​គណនេយ្យ ប្រព័ន្ធគ្រប់គ្រង និង​អភិបាលកិច្ច​ល្អ។ លោក​ឧកញ៉ា​បន្តថា ក្រុមហ៊ុន​ទាំងអស់​នោះបាន​បំពេញ​បានល្អ​ច្រើន​ទៅលើ​គុណវុឌ្ឍិ ជាពិសេស​ទៅលើ​ប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុ និង​អភិបាលកិច្ច​ល្អ។

    លោក​ឧកញ៉ា​បន្តទៀតថា៖“វា​ជាការ​លើកទឹកចិត្ត​មួយ​ដ៏​ល្អ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ការលើកទឹកចិត្ត​នេះ​អាច​នឹង​ជំរុញឱ្យមាន​ក្រុមហ៊ុន​ច្រើនឡើង​ក្នុង​ទីផ្សារ​ហ៊ុន ហើយ​ខ្ញុំ​ជឿថា ប្រជាជន​ចាប់ផ្តើម​យល់ និង​មាន​ទំនុកចិត្ត​លើ​ផ្សារ​ហ៊ុន ដូចនេះ​វា​ជាការ​ចាប់ផ្តើម​ដ៏​ល្អ​មួយ”៕