Tag: រថយន្តអគ្គិសនី

  • ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនីចិន Aion ចាប់​ផ្ដើម​វាយ​លុក​ទីផ្សារ​អាស៊ី​អាគ្នេយ៍

    ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនីចិន Aion ចាប់​ផ្ដើម​វាយ​លុក​ទីផ្សារ​អាស៊ី​អាគ្នេយ៍

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន Aion ដែលជា​យីហោ​មួយ​របស់ GAC (Guangzhou Automobile Corporation) បាន​ចូលមក​កាន់​ទីផ្សារ​ប្រទេស​ថៃ និង​ក្លាយជា​អ្នក​ផលិត​រថយន្ត​អគ្គិសនី​ថ្មី​បំផុត​របស់​ចិន​ដែល​ធ្វើ​ដូច្នេះ។

    កាលពី​ថ្ងៃទី 28 មិថុនា GAC Aion បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​ស្ដីពី​កិច្ចសហការ​ជាមួយ​តំណាង​ចែកចាយ​នៅ​ប្រទេស​ថៃ ដើម្បីនាំ​រថយន្ត​អគ្គិសនី​​ចូលមក​ទីផ្សារ​នេះ​ជា​ផ្លូវការ បើកផ្លូវ​ឱ្យ Aion ចាប់​ផ្ដើម​ធ្វើ​អន្តរ​ជាតូបនីយកម្ម​យីហោ​របស់​ខ្លួន​។ ក្រុមហ៊ុន​នេះ​នឹង​បើក​ទីស្នាក់ការ​កណ្ដាល​នៅ​អាស៊ីអាគ្នេយ៍​លើ​ទឹកដី​ថៃ​ក្នុងឆ្នាំនេះ។

    GAC Aion ឱ្យដឹងថា ការផលិត​បណ្ដា​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដែល​ផ្គត់ផ្គង់​សម្រាប់​ទីផ្សារ​ថៃ កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​មមា​ញឹក។ ក្នុង​អនាគត ក្រុមហ៊ុន​នេះ​ក៏​នឹង​ពង្រីក​វត្តមាន​របស់ខ្លួន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​​ផងដែរ។

    អំពី​ការលក់​រថយន្ត​អគ្គិសនី នៅ​ប្រទេស​ចិន GAC Aion ឈរ​លំដាប់​ទី​ពីរ​បន្ទាប់ពី BYD។ នេះ​បើតាម​បញ្ជី​ចំណាត់ថ្នាក់​របស់​សមាគម​រថយន្ត​ដឹក​អ្នកដំណើរ​ចិន (CPCA)។

  • Leaf Shiro គឺជា​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​បំផុត​របស់ Nissan

    Leaf Shiro គឺជា​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​បំផុត​របស់ Nissan

    Nissan Leaf គឺជា​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដែលមាន​វត្តមាន​យូរ​បំផុត​លើ​ទីផ្សារ ដោយ​ស៊េរី​ជំនាន់​ដំបូង​របស់ Leaf បានបង្ហាញ​ខ្លួន​តាំងពី 13 ឆ្នាំមុន។

    បច្ចុប្បន្ន Nessan សម្រេចចិត្តថា ដល់ពេល​ត្រូវ​កែលំអ Leaf ឡើងវិញ។ រថយន្ត​រាមច្បង​របស់ Nissan Leaf Shiro គឺ Nissan Leaf N-Connecta។

    កាលពី 5 ឆ្នាំមុន Nissan Leaf នៅតែ​លក់ដាច់​ខ្លាំង ព្រោះ​មានតម្លៃ​ទាប។ បច្ចុប្បន្ន Nissan Leaf Shiro មានតម្លៃ 35,180 ដុល្លារ​អាម៉េរិក ទាប​ជាង 2,500 ដុល្លារ ធៀប​នឹង Nissan Leaf N-Connecta។

  • Great Wall Motor ផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ

    Great Wall Motor ផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ

    Great Wall Motor (GWM) គ្រោង​នឹង​សាងសង់​រោងចក្រ​ផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី​អគ្គិសនី​នៅ​ប្រទេស​ថៃ ហើយ​អាច​ស្រាវជ្រាវ និង​អភិវឌ្ឍ​សម្រាប់​រថយន្ត​ទ្រុង​អគ្គិសនី​ផងដែរ។

    ប្រទេស​ថៃ​គឺជា​ខឿនសេដ្ឋកិច្ច​សម្រាប់​ការផលិត​រថយន្ត​ធំជាងគេ​លំដាប់​ទី​ដប់​របស់​ពិភពលោក និង​មាន​គោល ដៅ​ប្ដូរ​ទៅរក​ការផលិត​រថយន្ត​អគ្គិសនី​ឱ្យបាន 30% ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។ រាជរដ្ឋាភិបាល​ថៃ​ក៏​កំពុងផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​អ្នក​ផលិត​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​នៅក្នុង​ស្រុក។

    GWM បាន​ទិញ​រោងចក្រ​មួយ​របស់ GM កាលពី​ឆ្នាំ 2020 ហើយ​ចាប់ពីពេលនោះ GWM បាន​ផលិត​រថយន្ត hybrid Haval នៅ​ប្រទេស​ថៃ។ ឆ្នាំ 2021 GWM បានបង្ហាញ​រថយន្ត Ora Good Cat នៅ​ប្រទេស​ថៃ ហើយ​បច្ចុប្បន្ន​វា​គឺជា​ម៉ូ​ដែល​រថយន្ត​ដែល​លក់ដាច់​ជាងគេ​នៅ​ប្រទេស​នេះ។ GWM ក៏មាន​គម្រោង​ផលិត​រថយន្ត​អគ្គិសនី Ora Good Cat EV នៅ​ប្រទេស​ថៃ នា​ឆ្នាំ 2024 ដែល​អាច​លក់​ក្នុងតម្លៃ 24,475 ដុល្លារ​អាម៉េរិក/គ្រឿង។

    ការសាងសង់​រោងចក្រ​ដំឡើង​ថ្ម​ផ្ទុក​អគ្គិសនី​ថ្មី​នៅ​ប្រទេស​ថៃ នឹងត្រូវ​ចំណាយ​ប្រាក់​ពី 14 ដល់ 28 លាន​ដុល្លារ។ លោក Narong Sritayon ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​របស់ GWM នៅ​ប្រទេស​ថៃ និយាយថា រោងចក្រ​នេះ​អាច​នឹង​ត្រូវបាន​ប្រើប្រាស់​ជា​កន្លែង​ផលិត និង​ផ្គត់ផ្គង់​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី​នាពេលខាងមុខ៕

  • សេវាកម្ម​កែច្នៃ​រថយន្ត​សាំង​ទៅជា​រថយន្ត​អគ្គិសនី​កំពុង «ផ្ទុះ​ការនិយម» នៅ​សហរដ្ឋ​អាម៉េរិក

    សេវាកម្ម​កែច្នៃ​រថយន្ត​សាំង​ទៅជា​រថយន្ត​អគ្គិសនី​កំពុង «ផ្ទុះ​ការនិយម» នៅ​សហរដ្ឋ​អាម៉េរិក

    ការកែច្នៃ​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង​ទៅជា​រថយន្ត​អគ្គិសនី​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំង​នៅ​សហរដ្ឋ​អាម៉េរិក ខណៈ​យានដ្ឋាន​នានា​​នាំគ្នា​ផ្ដល់​សេវា​កម្មនេះ​កាន់តែច្រើន។

    ចំណាប់អារម្មណ៍​របស់​អ្នកប្រើប្រាស់​ចំពោះ​រថយន្ត​អគ្គិសនី​កំពុងតែ​ស្ថិតក្នុង​កម្រិត​ខ្ពស់បំផុត នៅពេល​ចំនួន​រថយន្ត​អគ្គិសនី​ថ្មី​ត្រូវបាន​លក់​ចេញ កើន 55% នៅ​ឆ្នាំ 2022 ធៀប​នឹង​ឆ្នាំ 2021។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​អង្គការ​ថាមពល​អន្តរ​ជាតិ (IEA)។ ប៉ុន្តែ រថយន្ត​សាំង​ក៏​នៅតែ​គ្រប់គ្រង​ទីផ្សារ​រថយន្ត​ទាំងមូល ហើយ​ប្រការនេះ​អាច​នៅតែ​កើតឡើង​ក្នុង​អនាគត​ខ្លី​ខាងមុខ។

    ក្នុង​កាលៈទេសៈ​នេះ វិស័យ​ឧស្សាហកម្ម​ថ្មី​មួយ​កំពុង​ត្រូវបាន​បង្កើតឡើង និង​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​សាធារណជន។ មជ្ឈមណ្ឌល​ផ្ដល់​សេវាកម្ម​កែច្នៃ​រថយន្ត​សាំង​ទៅជា​រថយន្ត​អគ្គិសនី​កំពុងតែ​រីក​មាឌ។

    Michael Bream ដែលជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​យានដ្ឋានរ​ថ​យន្ត​អគ្គិសនី EV West នៅ California សហរដ្ឋ​អាម៉េរិក គឺជា​មួយ​ក្នុងចំណោម​យានដ្ឋាន​នាំមុខគេ​នៅក្នុង​ការផ្ដល់​សេវាកម្ម​កែច្នៃ​រថយន្ត​សាំង​ទៅជា​រថយន្ត​អគ្គិសនី។ យានដ្ឋាន​នេះ​កំពុងតែ​មមាញឹក​ខ្លាំង ហើយ​អតិថិជន​ខ្លះ​​ត្រូវ​រង់ចាំ​រហូតដល់​ទៅ 4 ឬ 5 ឆ្នាំ ​ទើប​ដល់​វេន​ទទួល​សេវា​កម្មនេះ។

    EV West ផ្ដល់​សេវាកម្ម​ប្ដូរ​ម៉ាស៊ីន​ចំហេះ​ក្នុង​ទៅជា​ម៉ូ​ទ័​រ​អគ្គិសនី​កម្លាំង​រហូតដល់ 550 សេះ។ EV West ប្រើ​ប្រាស់​ម៉ូទ័រ​អគ្គិសនី​​របស់ Tesla។ យោងតាម​អ្នកជំនាញ ការចំណាយ​ជា​មធ្យម​លើ​ការប្ដូរ​ម៉ាស៊ីន​នេះ​គឺ​ប្រហែល​ពី 7,000 ទៅ 9,000 ដុល្លារ​អាម៉េរិក/រថយន្ត​មួយ​គ្រឿង។ យានដ្ឋាន​របស់ Bream ទទួល​ប្ដូរ​ម៉ាស៊ីនរថយន្តថ្លៃៗ និងកម្រៗ ដូច្នេះ តម្លៃ​ក៏​ខ្ពស់ ពោលគឺ​ពី 18,000 ដល់ 30,000 ដុល្លារ​អាម៉េរិក។

    នៅ​សហរដ្ឋ​អាម៉េរិក ក្រៅពី​បណ្ដា​យានដ្ឋាន​ជំនាញ គេ​ក៏​ឃើញ​មាន​យានដ្ឋានតូចៗ និង​ក្រុម​ជាង​ច្នៃប្រឌិត​ជាច្រើន នាំគ្នា​ចូលរួម​រកស៊ី​ក្នុង​វិស័យ​ឧស្សាហកម្ម​ថ្មី​នេះ​ផងដែរ៕

  • ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​វៀតណាម ច្របាច់​បញ្ចូលគ្នា​នឹង​​ក្រុមហ៊ុន​អាម៉េរិក​

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​វៀតណាម ច្របាច់​បញ្ចូលគ្នា​នឹង​​ក្រុមហ៊ុន​អាម៉េរិក​

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​វៀតណាម VinFast បានដាក់​ឯកសារ​ទៅកាន់​ស្ថាប័ន​គ្រប់គ្រង​មូល​ប​ត្រ​នៅ​សហរដ្ឋ​អាម៉េរិក ប្រកាសថា នឹង​សម្រេចបាន​ការច្របាច់បញ្ចូល​គ្នា​ជាមួយ Black Spade Acquisition ក្នុង​ឆ្នាំ 2023។

    យោងតាម​សារព័ត៌មាន Reuters ការច្របាច់បញ្ចូលគ្នារ​វាង​ក្រុមហ៊ុនវៀតណាម VinFast និង​ក្រុមហ៊ុន​អាម៉េរិក Black Spade នេះ​កំពុងស្ថិត​ក្នុងដំណាក់កាល Black Spade ស្នើ​សូមឱ្យ​អ្នកវិនិយោគ​ពន្យារ​ពេលធ្វើ​សកម្មភាព​ពីថ្ងៃ​ទី 20 កក្កដា 2023 ទៅ​ថ្ងៃទី 20 កក្កដា 2024។

    VinFast មានតម្លៃ​មូលធន​ទីផ្សារ​ប្រហែល 23 ពាន់​លាន​ដុល្លារ​អាម៉េរិក។ តម្លៃ​នេះ​គឺ​យោងទៅតាម​ការសម្រេចរ​បស់​ក្រុមហ៊ុន​អាម៉េរិក Black Spade។

    រថយន្តអគ្គិសនី​របស់ VinFast

    Black Spade Acquisition គឺជា​ក្រុមហ៊ុន SPAC (បង្កើតឡើង​ក្នុង​គោលដៅ​ពិសេស)។ បណ្ដា​ក្រុមហ៊ុន SPAC ប្រមូល​ទុន​តាមរយៈ​ការធ្វើ IPO និង​ប្រើប្រាស់​ខ្ទង់​វិនិយោគ​ដែល​ប្រមូលបាន​ទៅ​ទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​គោលដៅ​ដទៃ។ ការធ្វើ IPO លើ​ផ្សា​រមូល​ប​ត្រ​តាមរយៈ​ការច្របាច់បញ្ចូល​ជាមួយ SPAC កំពុង​ក្លាយជា​និន្នាការ​ថ្មី ព្រោះតែ​ជួយ​ឱ្យ​បណ្ដា​ក្រុមហ៊ុន​រំលង​ចោល​ដំណើរការ​តាម​​ទម្លាប់​មុន​ៗ​​របស់ Wall Street។

    VinFast ត្រូវបាន​ដំណើរការ​តាំងពី​ឆ្នាំ 2019 ដោយមាន​រោងចក្រ​​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​វៀតណាម និង​កំពុង​រៀប​គម្រោង​សាងសង់​រោងចក្រ​ទី​ពីរ​នៅ​សហរដ្ឋ​អាម៉េរិក។ ថ្មីៗនេះ លោក Pham Nhat Vuong ដែលជា​ប្រធាន​ក្រុមហ៊ុន VinGroup (ក្រុមហ៊ុនមេ​របស់ VinFast) និយាយថា VinFast អាច​​​មាន​ប្រាក់ចំណេញ​ចាប់​ពី​​ឆ្នាំ 2025៕

  • រថយន្ត Concept Nyobolt EV បញ្ចូល​អគ្គិសនី​មួយ​ពេញ​ក្នុង​រយៈពេល 6 នាទី

    រថយន្ត Concept Nyobolt EV បញ្ចូល​អគ្គិសនី​មួយ​ពេញ​ក្នុង​រយៈពេល 6 នាទី

    ការចំណាយ​ពេល​យូរ​ក្នុងការ​បញ្ចូល​ថាមពល​ថ្ម​គឺជា​រឿង​ដែល​ត្រូវបាន​រិះគន់​បំផុត​របស់​រថយន្ត​អគ្គិសនី មិន​ថា​ជា​ប្រភេទ​ទំនើប ឬ​តម្លៃ​ថ្លៃ ហើយ​វា​មិនអាច​យកឈ្នះ​លើ​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង នាបច្ចុប្បន្ន។ ប៉ុន្តែ ពេលនេះ​មាន​ក្រុមហ៊ុន​មួយ​បានប្រកាស​ព័ត៌មាន​ដ៏​ប្រសើរ​សម្រាប់​រថយន្ត​អគ្គិសនី។

    ក្រុមហ៊ុន Nyobolt ដែលជា​អ្នក​អភិវឌ្ឍ​ថ្ម​ផ្ទុក​អគ្គិសនី មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ចក្រភព​អង់គ្លេស បានប្រកាសថា ពួកគេ​មាន​បច្ចេកវិទ្យា​ថ្មី អនុញ្ញាតឱ្យ​បញ្ចូល​ថាមពល​អគ្គិសនី​បាន​រហ័ស​បំផុត។ ក្រុមហ៊ុន​នេះ​កំពុង​ដាក់តាំង​បង្ហាញ​រថយន្ត​ប្រភេទ​កីឡា​គំរូ​មួយគ្រឿង​ដែល​ដំណើរការ​ដោយ​អគ្គិសនី បំពាក់​ថ្ម​ផ្ទុក​ថាមពល​ដែល​អាច​បញ្ចូល​អគ្គិសនី​មួយ​ពេញ​ក្នុង​រយៈពេល​មិន​ដល់ 6 នាទី។

    រថយន្ត​គំរូ​នេះ​មាន​ថ្ម 35 គីឡូ​វ៉ាត​ម៉ោង ដែល​អាចឱ្យ​រត់​បាន​ចម្ងាយ​ប្រហែល 250 គីឡូម៉ែត្រ ក្រោយពី​បញ្ចូល​អគ្គិសនី​មួយ​ពេញ នៅពេល​ត្រូវបាន​ដំឡើង​ក្នុង​រថយន្ត coupe កីឡា ដែលមាន​ទម្ងន់​ប្រហែល​ជាង 1,500 គីឡូក្រាម។

    Nyobolt ប្រកាសថា ថ្ម​ផ្ទុក​ថាមពល​ថ្មី​របស់​ពួកគេ​ត្រូវបាន​ធ្វើតេស្ត​ដោយ​ការបញ្ចូល​ថាមពល​អគ្គិសនី​ជាង 2,000 លើក និង​ទទួលបាន​លទ្ធផល​ល្អ។

  • តម្លៃ​រថយន្ត​អគ្គិសនី​ថយចុះ​ជាង 10% ធៀប​នឹង​ឆ្នាំ​កន្លង

    តម្លៃ​រថយន្ត​អគ្គិសនី​ថយចុះ​ជាង 10% ធៀប​នឹង​ឆ្នាំ​កន្លង

    យោងតាម​ទិន្នន័យ​ស្ដីពី​តម្លៃ និង​ចំនួន​រថយន្ត​ដែល​បាន​លក់​ចេញ​ថ្មី​បំផុត ដែល​ស្រាវជ្រាវ​ដោយ Kelley Blue Book ជា​មធ្យម រថយន្ត​អគ្គិសនី​បាន​ធ្លាក់​ថ្លៃ 14% នៅក្នុង​ខែឧសភា​ឆ្នាំ 2023 បើ​ធៀប​នឹង​ដំណាក់​ដូចគ្នា​ក្នុង​ឆ្នាំ 2022។

    ការ​គណនា​របស់ Kelley Blue Book បង្ហាញថា តម្លៃ​ជា​មធ្យម​របស់​រថយន្ត​អគ្គិសនី​ថ្មី​មួយគ្រឿង​នៅក្នុង​ខែឧសភា 2023 គឺ 55,488 ដុល្លារ ខ្ពស់ជាង​ប្រហែល 158 ធៀប​នឹង​ខែមេសា 2023 ប៉ុន្តែ​ទាប​ជាង 9,370 ដុល្លារ បើ​ធៀប​នឹង​ខែឧសភា 2022។ តម្លៃ​រថយន្ត​អគ្គិសនី​ថ្មី​បាន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​នៅក្នុង​ខែមិថុនា 2022 ប៉ុន្តែ បច្ចុប្បន្ន តម្លៃ​នោះបាន​បាត់​បង់​​ប្រហែល 5,800 ដុល្លារ។

    Michelle Krebs អ្នកវិភាគ​ទីផ្សារ​របស់​ក្រុមហ៊ុន Cox Automotive ឱ្យដឹងថា ចំនួន​រថយន្ត​អគ្គិសនី​ដែល​បាន​លក់​ចេញ​ក្នុង​ខែឧសភា 2023 កើន​ប្រហែល 4.7% ធៀប​នឹង​ខែមេសា 2023 និង​កើន 44% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​ក្នុង​ឆ្នាំ 2022។

    ការធ្លាក់​ថ្លៃ​របស់​រថយន្ត​អគ្គិសនី​អាច​បណ្ដាលមកពី​កត្តា​ជាច្រើន ក្នុងនោះ​មាន​ជាអាទិ៍ អត្រាពន្ធអាករ​ថយចុះ អ្នកទិញ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ក្នុងការ​ទទួលបាន​ប្រាក់ឧបត្ថម្ភ និង​ប្រាក់កម្ចី​អត្រា​ការ​ប្រាក់​ទាប​ រាប់ពាន់​ដុល្លារ​ពី​រដ្ឋ​ជាដើម។ ក្រៅពីនេះ ការបញ្ចុះ​តម្លៃ​រថយន្ត​របស់ Tesla ក៏បាន​​ធ្វើឱ្យ​ក្រុមហ៊ុន​ដទៃ​ត្រូវ​កាត់បន្ថយ​ប្រាក់ចំណេញ​ដើម្បី​អាច​លក់​រថយន្ត​អគ្គិសនី​ក្នុងតម្លៃ​ដែល​អាច​ប្រកួតប្រជែង​បាន៕

  • រថយន្ត​អគ្គិសនី​តូច​បំផុត​របស់​ក្រុម​ហ៊ុន​វៀតណាម VinFast បង្ហាញ​ខ្លួន​

    រថយន្ត​អគ្គិសនី​តូច​បំផុត​របស់​ក្រុម​ហ៊ុន​វៀតណាម VinFast បង្ហាញ​ខ្លួន​

    រថយន្ត​អគ្គិសនី​តូច​បំផុត​របស់​ក្រុម​ហ៊ុន​វៀតណាម VinFast ដែល​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​កាល​ពី​ល្ងាច​ថ្ងៃទី 08 មិថុនា គ្រោង​នឹង​ប្រគល់​ដល់​ដៃ​អតិថិជន​នៅក្នុង​ត្រីមាស​ទី​បី​ឆ្នាំ​ក្រោយ​។

    តំណាង​របស់​ក្រុម​ហ៊ុន​ VinFast ឱ្យ​ដឹង​ថា រថយន្ត​អគ្គិសនី VF 3 នឹង​ជា​ម៉ូដែល​រថយន្ត​តូច​ជាង​គេ​ដំបូង​បំផុត​របស់​​ក្រុមហ៊ុន​នេះ​។

    VF 3 មាន​បណ្ដោយ​សរុប 3,114 មិល្លីម៉ែត្រ ខ្លី​ជាង​ Kia Morning ដែល​មាន​បណ្ដោយ​ 3,595 មិល្លីម៉ែត្រ​ ប៉ុន្តែវែង​ជាង​ 197 មិល្លីម៉ែត្រ បើ​ធៀប​នឹង​រថយន្ត​អគ្គិសនី​​ដែល​ជិត​បង្ហាញ​ខ្លួន​ក្នុង​ទីផ្សារ​​របស់​ក្រុម​ហ៊ុន​ចិន Wuling​។

    រថយន្ត​អគ្គិសនី VF 3 មាន​ទ្វារ​ពីរ​នៅ​សង​ខាង​ និង​ទ្វារ​​មួយ​នៅ​ខាង​ក្រោយ​ ហើយ​អាច​ជិះ​បាន​ប្រាំ​នាក់​។ យោង​​តាម​ក្រុម​ហ៊ុន​វៀតណាម VF 3 ដែល​មាន​ពីរ​កំណែ​គឺ Eco និង Plus នេះ នឹង​មាន​តម្លៃ​ទាប​ សម​ស្រប​សម្រាប់​ទី​ផ្សារ​ក្នុង​ស្រុក​។

    បច្ចុប្បន្ន ម៉ូដែល​រថយន្ត​អគ្គិសនី​​​​​មាន​តម្លៃ​ទាប​បំផុត​របស់ VinFast គឺ​ VF 5 Plus ដោយ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​​ 538 លាន​ដុង​ ដែល​ប្រហែល​នឹង​ 22,900 ដុល្លារ​អាម៉េរិក)​៕

  • រថយន្ត​អគ្គិសនីដំបូង​​របស់ Fiat មាន​រូប​រាង​តូច​ច្រលឹង​ដូច​ Citroen Ami

    រថយន្ត​អគ្គិសនីដំបូង​​របស់ Fiat មាន​រូប​រាង​តូច​ច្រលឹង​ដូច​ Citroen Ami

    ក្រុម​ហ៊ុន Fiat បង្កើត​បាន​រថយន្តអគ្គិសនី​ដ៏​ស្រស់​ស្អាតផ្ទាល់​ខ្លួន​នៅ​ក្នុង​ series 500​។ ក្រុម​ហ៊ុន​នេះ​បាន​បង្ហាញ​រថយន្ត​អគ្គិសនី Topolino ដែលជា​កំណែ​ថ្មី​របស់​រថយន្ត​អគ្គិសនី​ខ្នាត​តូច Citroen Ami ក្នុងនោះ​ ក្បាល​រថយន្ត​ត្រូវ​រចនា​ឡើងវិញ ខណៈ​ដែល​ដំបូល​ធ្វើ​ពី​ក្រណាត់​ អាច​បើកបិទ​បាន​។

    រថយន្ត​អគ្គិសនី Fiat ​Topolino ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្គត់​ផ្គង់កម្លាំង​របស់​រថយន្ត​អគ្គិសនី Citroen ​Ami (Citroen និង Fiat សុទ្ធ​តែ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់ Stellantis) និង​មាន​រូប​រាង​ដូច​គ្នា​ស្ទើរ​តែ​ទាំង​ស្រុង​ ក្រៅ​តែ​ពី​ភាព​ខុស​គ្នា​ដែល​បាន​និយាយ​ខាងលើ​។ Fiat Topolino ប្រើ​ប្រាស់​ថ្ម 5.5 គីឡូវ៉ាត់​ម៉ោង អាច​ធ្វើ​ដំណើរ​បាន​ 76 គីឡូម៉ែត្រ និង​ល្បឿន​អតិបរមា​ 45 គីឡូម៉ែត្រ​/ម៉ោង​។ ដូចទៅ​នឹង​ Citroen Ami ម្ចាស់​រថយន្តអាច​បញ្ជា​ Fiat Topolino ​នៅ​ក្នុង​ក្រុង​ដោយ​​មិន​បាច់​មាន​ប័ណ្ណ​បើកបរ​។

    ក្រុម​ហ៊ុន Stellantis បាន​កំណត់​គោលដៅ​​លក់​រថយន្ត​ទេសចរណ៍​អគ្គិសនី​ឱ្យ​បាន​ 100% នៅ​ឆ្នាំ​ 2030​។ ពុំ​ទាន់​មាន​ព័ត៌មាន​ស្ដី​ពីតម្លៃ​របស់រថយន្ត​អគ្គិសនី​ Fiat Topolino ប៉ុន្តែ វា​អាច​ត្រូវ​បាន​ដាក់​ឱ្យ​ជួល​ក្នុង​តម្លៃ​ 26.73 ដុល្លារ​/ខែ​ ដោយ​ត្រូវ​ទូទាត់​មុន​ 4,116 ដុល្លារ​អាម៉េរិក​៕

  • រថយន្ត​អគ្គិសនី​នឹងមាន​តម្លៃ​ស្មើនឹង​រថយន្ត​សាំង​ចាប់ពី​ឆ្នាំ 2030?

    រថយន្ត​អគ្គិសនី​នឹងមាន​តម្លៃ​ស្មើនឹង​រថយន្ត​សាំង​ចាប់ពី​ឆ្នាំ 2030?

    អគ្គនាយក​ប្រតិបត្តិ​របស់ Ford អះអាងថា ដល់​ក្រោយ​ឆ្នាំ 2030 ការចំណាយ​ក្នុង​ការផលិត​រថយន្ត​អគ្គិសនី​នឹង​អាច​ប្រហាក់ប្រហែល​នឹង​ការផលិត​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង។

    តម្លៃ​រថយន្ត​អគ្គិសនី​បានចាប់ផ្ដើម​ថយចុះ ក្នុងនោះ​មាន​ម៉ូ​ដែល​ខ្លះ​ក៏​អាច​ប្រកួតប្រជែង​បាន​យ៉ាង​ល្អ​ជាមួយនឹង​រថយន្ត​ប្រើ​សាំង។ ថ្លែងប្រាប់ Reuters កាលពីពេលថ្មីៗនេះ CEO របស់​ក្រុមហ៊ុន Ford លោក Jim Farley យល់​ថា ការចំណាយ​លើ​ការផលិត​រថយន្ត​អគ្គិសនី​នៅតែ​ខ្ពស់ជាង​បើ​ធៀប​នឹង​កំណែ​ប្រពៃណី។

    លោក Jim Farley ជឿថា យ៉ាងហោចណាស់​ក៏​ត្រឹម​ក្រោយ​ឆ្នាំ 2030 ទើប​រថយន្ត​អគ្គិសនី​មានតម្លៃ​ស្មើនឹង​រថយន្ត​ប្រេងសាំង នៅពេល​រថយន្ត​អគ្គិសនី​ជំនាន់​ទី​ពីរ ឬ​ទី​បី​បង្ហាញខ្លួន។

    ប្រហែល​ពី​ឆ្នាំ 2030 ដល់ 2035 ការចំណាយ​លើ​ការផលិត​រថយន្ត​អគ្គិសនី​នឹង​ថយចុះ​ដោយសារតែ​តម្រូវការ​កម្មករ​​ទាប​ជាង​បច្ចុប្បន្ន ព្រោះថា​បរិមាណ​គ្រឿងបន្លាស់​របស់​រថយន្ត​អគ្គិសនី​តិចជាង​ធៀប​នឹង​រថយន្ត​ប្រេងសាំង។ ទន្ទឹមនឹងនេះ ការដែល​ថ្ម​ផ្ទុក​ថាមពល​មាន​ទំហំ​តូច​ក៏​ប្រើប្រាស់​វត្ថុធាតុដើម​តម្លៃ​ទាប និង​តិចជាង​ធៀប​នឹង​ថ្ម​ធំ ក៏​រួមចំណែក​ធ្វើឱ្យ​តម្លៃ​រថយន្ត​ធ្លាក់ចុះ។

    ក្រៅពីនេះ ក្រុមហ៊ុន​នានា​ក៏​អាច​កាត់បន្ថយ​ការចំណាយ​តាមរយៈ​ការលក់​រថយន្ត​តាម​អន​ឡាញ និង​លក់​សេវាកម្ម​ឌីជីថល​សម្រាប់​រថយន្ត​អគ្គិសនី​របស់​ពួកគេ​ផងដែរ៕