Tag: រថយន្តអគ្គិសនី

  • ក្រុមហ៊ុន​វៀតណាម សង់រោង​ចក្រ​តម្លៃ 4 ពាន់​លាន​ដុល្លារ​នៅ​អាម៉េរិក ក្នុង​សប្ដាហ៍​ក្រោយ

    ក្រុមហ៊ុន​វៀតណាម សង់រោង​ចក្រ​តម្លៃ 4 ពាន់​លាន​ដុល្លារ​នៅ​អាម៉េរិក ក្នុង​សប្ដាហ៍​ក្រោយ

    នេះ​នឹង​ក្លាយជា​រោងចក្រ​ផលិត​​រថយន្ត​អគ្គិសនី​ដំបូង​នៅ Carolina ខាងជើង​របស់​ក្រុមហ៊ុន​វៀតណាម VinFast ដែល​នឹង​ផ្គត់ផ្គង់​សម្រាប់​ទីផ្សារ​អាម៉េរិក​ខាងជើង។

    នៅ​ថ្ងៃទី 19 កក្កដា 2023 នេះ VinFast បានប្រកាស​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅក្នុង​រដ្ឋ Carolina ខាងជើង របស់​សហរដ្ឋ​អាម៉េរិក នៅ​ថ្ងៃទី 28 កក្កដា​ខាងមុខ។ រោងចក្រ​នេះ​មាន​ទីតាំង​នៅក្នុង​តំបន់ឧស្សាហកម្ម Triangle Innovation Point របស់​ស្រុក Chatham ក្នុង​រដ្ឋ Carolina ខាងជើង។ គម្រោង​ដែល​ស្ថិតនៅលើ​ផ្ទៃដី​ប្រហែល 733 ហិកតា​នេះ គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​បាន 150,000 គ្រឿង/ឆ្នាំ នៅក្នុង​ដំណាក់កាល​ទីមួយ។

    យោងតាម​ក្រុមហ៊ុន VinFast រោងចក្រ​ខាងលើ​គ្រោង​នឹង​ផ្ដើម​ការផលិត​ចាប់ពី​ឆ្នាំ 2025។ មុន​នោះ VinFast ក៏បាន​ប្រកាសថា បានទទួល​ការអនុគ្រោះ​ក្នុងតម្លៃ 1.2 ពាន់​លាន​ដុល្លារ​ពី​រដ្ឋបាល​រដ្ឋ Carolina ខាងជើង, ទីក្រុង Sanford, តំបន់ Chatham និង​មូលនិធិ Golden Leaf ផងដែរ សម្រាប់​គម្រោង​សាងសង់​រោងចក្រ​នេះ។

    នៅ​ប្រទេស​វៀតណាម VinFast បានប្រគល់​រថយន្ត​អគ្គិសនី​ដល់ដៃ​អតិថិជន​ចំនួន​ជាង 11 ពាន់​គ្រឿង នៅក្នុង 6 ខែ​ដើម​ឆ្នាំនេះ ក្នុងនោះ​មាន 3,155 គ្រឿង ត្រូវបាន​ប្រគល់​ក្នុង​ខែមិថុនា​កន្លងទៅ៕

  • Ford បញ្ចុះតម្លៃ​រថយន្ត F-150 Lightning ពេល «សង្គ្រាម​រថយន្ត​អគ្គិសនី» កំពុង​តានតឹង

    Ford បញ្ចុះតម្លៃ​រថយន្ត F-150 Lightning ពេល «សង្គ្រាម​រថយន្ត​អគ្គិសនី» កំពុង​តានតឹង

    កាលពី​ថ្ងៃទី 17 កក្កដា ក្រុមហ៊ុន Ford បាន​បញ្ចុះតម្លៃ​រថយន្ត​អគ្គិសនី F-150 Lightning (បញ្ចុះតម្លៃ 17% សម្រាប់​កំណែ​ស្ដង់ដា) ព្រោះតែ​ចង់​បង្កើន​ចំណែក​ទីផ្សារ​របស់ខ្លួន នៅក្នុង​ទីផ្សារ​ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ Tesla។

    Ford បាន​ដំឡើងថ្លៃ Lightning កាលពីដើម​ឆ្នាំនេះ ហើយ​ក្រោយមក ក្រុមហ៊ុន​នេះ​ក៏​ឱ្យដឹងថា ពួកគេ​អាច​បញ្ចុះតម្លៃ​បន្ទាប់ពី​ការកែលំអ​នានា​សម្រាប់​រថយន្ត​នេះ។ ក្នុង​ត្រីមាស​ទី​ពីរ ចំនួន​រថយន្ត​អគ្គិសនី Ford ដែល​បាន​លក់​ចេញ បាន​ថយចុះ 2.8%។

    ការ​បញ្ចុះ​តម្លៃ​របស់​ Ford ​កើតឡើង​ក្នុង​គ្រា​ដែល​ការប្រកួត​ប្រ​ជែក​តម្លៃ​ដែល​បានចាប់ផ្ដើម​ដោយ Tesla កាលពី​ប៉ុន្មាន​ខែ​មុន ធ្វើឱ្យ​រថយន្ត​អគ្គិសនី​របស់​បណ្ដា​ក្រុមហ៊ុនចាស់ៗត្រូវ​គរ​លើ​គ្នា​នៅតាម​ទីតាំង​ចែកចាយ ដោយសារតែ​ល្បឿន​នៃ​ការលក់​ចេញ​បាន​ថមថយ។

    បច្ចុប្បន្ន កំណែ Lightning Pro មានតម្លៃ​ចាប់ពី 49,995 ដុល្លារ​អាម៉េរិក ទាប​ជាង​បន្តិច​បើ​ធៀប​នឹង​តម្លៃ 59,974 ដុល្លារ​ដែល​បាន​លក់​មុន​នោះ។ ចំណែក​កំណែ Platinum លំដាប់​ប្រណិត​ជាង​នឹងមាន​តម្លៃ 91,995 ដុល្លារ។ ដោយឡែក ភាគហ៊ុន​របស់ Ford ក៏បាន​ធ្លាក់​ថ្លៃ​នៅសល់ 14.09 ដុល្លារ/ហ៊ុន នៅពេល​បញ្ចប់​ការ​ជួញដូរ​​​កាលពី​ម្សិលមិញ៕

  • Tesla បង្អួត​រថយន្ត​អគ្គិសនី Cybertruck ដំបូង ក្រោយ​ការពន្យារពេល​ពីរ​ឆ្នាំ

    Tesla បង្អួត​រថយន្ត​អគ្គិសនី Cybertruck ដំបូង ក្រោយ​ការពន្យារពេល​ពីរ​ឆ្នាំ

    រថយន្ត​អគ្គិសនី​ប្រភេទ​ទ្រុង Cybertruck មួយគ្រឿង​ដំបូង​គេ ត្រូវបាន​ផលិត និង​ដំឡើង​រួចរាល់​នៅឯ​រោងចក្រ Gigafactory របស់​ក្រុមហ៊ុន Tesla នៅ Austin រដ្ឋ Texas សហរដ្ឋ​អាម៉េរិក។

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​បង្ហាញថា ​រថយន្ត​អ​គ្កី​ស​នី​ប្រភេទ​ទ្រុង​មួយគ្រឿង​របស់​ពួកគេ​ ​ត្រូវបាន​ផលិត​រួចរាល់ អម​ជាមួយនឹង​បុគ្គលិក​ខ្ទង់រយ​នាក់​ស្ថិត​នៅ​ជុំវិញ​រថយន្ត។

    ការផលិត Cybertruck ត្រូវបាន​ពន្យារពេល​អ​ស់​ពីរ​ឆ្នាំ ដូច្នេះ​ការមើលឃើញ​រថយន្ត​ដែល​ត្រូវបាន​ផលិត​រួចរាល់​នឹង​មក​នូវ​ភាព​ធូរស្រាល​ក្នុង​ចិត្ត​សម្រាប់​អ្នក​ដែល​បាន​បញ្ជា​ទិញ និង​កំពុង​ទន្ទឹងរង់ចាំ​ទទួល​ទំនិញ។

    នាយក​ប្រតិបត្តិ​របស់ Tesla លោក Elon Musk ថ្មីៗនេះ​បាន​សន្យាថា ព្រឹត្តិការណ៍​​ប្រគល់​រថយន្ត​អគ្គិសនី​ដល់ដៃ​អតិថិជន​នឹងត្រូវ​បានធ្វើ​ឡើង​នៅក្នុង​ត្រីមាស​ទី​បី​ឆ្នាំនេះ។ ប៉ុន្តែ​មិនបាន​លើកឡើង​អំពី​ពេលវេលា​ជាក់លាក់​នៅ​ឡើយ។

    Tesla បានបង្ហាញ Cybertruck កាលពី​ឆ្នាំ 2019 និង​កំណត់​គោលដៅ​ផលិត​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​ចុងឆ្នាំ 2021 ប៉ុន្តែ​កាលបរិច្ឆេទ​នេះ​ត្រូវបាន​ពន្យារពេល​ជា​ច្រើនលើក​មកហើយ។

    របាយការណ៍​នានា​បង្ហាញថា Cybertruck របស់​ Tesla ត្រូវ​បាន​បញ្ជាទិញ​​ជា​មុន​ជាង​មួយ​លាន​គ្រឿង​។ Cybertruck មាន​បី​កំណែ​សម្រាប់​ជ្រើសរើស និង​មានតម្លៃ​ចាប់ពី 39,900 ដល់ 69,900 ដុល្លារ​អាម៉េរិក អាស្រ័យទៅលើ​មុខងារ​នានា​របស់​កំណែនីមួយ។

    ក៏ប៉ុន្តែ ទិន្នន័យ​ស្ដីពី​តម្លៃ​ខាងលើនេះ​ត្រូវបាន​លុបចេញពី​គេហទំព័រ​របស់​ក្រុមហ៊ុន​នេះ​បាត់​ទៅ​ហើយ។ មនុស្ស​ជាច្រើន​យល់ថា តម្លៃ​របស់ Cybertruck នឹង​ខ្ពស់ជាង​តម្លៃ​ដែល​បាន​លុប​ខាងលើ៕

  • Elon Musk បើក​ក្រុមហ៊ុន​បច្ចេកវិទ្យា AI ​ថ្មី ដើម្បី​ទប់​ទល់​នឹង ChatGPT

    Elon Musk បើក​ក្រុមហ៊ុន​បច្ចេកវិទ្យា AI ​ថ្មី ដើម្បី​ទប់​ទល់​នឹង ChatGPT

    xAI គឺជា​ក្រុមហ៊ុន​ថ្មី​មួយ​ដែល​ត្រូវបាន​មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk បង្កើតឡើង​ក្នុង​បំណង​ផ្ដោតទៅលើ​ការស្វែងយល់​ឱ្យបាន​ច្បាស់​អំពី​ចក្រវាល និង​អភិវឌ្ឍ​ដំណោះស្រាយ​សម្រាប់​ជំនួស ChatGPT។

    យោងតាម​ប្រកាស​នៅលើ​គេហទំព័រ xAI កាលពី​ថ្ងៃទី 12 កក្កដា ក្រុមហ៊ុន​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក Elon Musk មាន​ប្រធាន​ចំនួន 12 រូប ជា​អ្នកជំនាញ​លំដាប់​កំពូល​ក្នុង​វិស័យ​បញ្ញា​សិប្បនិម្មិត (Artificial intelligence AI) ដែល​ធ្លាប់ធ្វើ​ការឱ្យ​បណ្ដា​ក្រុមហ៊ុនធំៗ មាន​ជាអាទិ៍ ក្រុមហ៊ុន Google, Microsoft និង Tesla ជាដើម។

    លោក Elon Musk និយាយថា «បើសិន​ប្រឹងប្រែង​ស្វែងយល់​អំពី​លក្ខណសម្បត្តិ​របស់​ចក្រ​វាល នេះ​ពិតជា​ប្រកាស​ល្អ​បំផុត​ដែល​ខ្ញុំ​អាច​គិត​ឃើញ​ពី​គំនិត​ស្ដីពី​សុវត្ថិភាព​សម្រាប់ AI។ ក្រុមហ៊ុន​នឹង​គាំទ្រ​ចំពោះ​ការយល់ឃើញ​ដែលថា មនុស្សជាតិ​អស្ចារ្យ​ជាង​ឆ្ងាយ ធៀប​នឹង​ពពួក​មិនមែន​មនុស្ស»។

    តំណាង​របស់ xAI ឱ្យដឹងថា ក្រុមហ៊ុន​នេះ​កំពុង​ញាប់ដៃ​ញាប់ជើង​ក្នុងការ​ជ្រើសរើស​វិស្វករ និង​អ្នកស្រាវជ្រាវ​ដែលមាន​បទពិសោធន៍។

    គិត​មកដល់​បច្ចុប្បន្ន លោក Elon Musk កំពុង​ជា​ស្ថាបនិក ជា​ម្ចាស់ ឬ​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla, បណ្ដាញ​សង្គម Twitter, ទីភ្នាក់ងារ​អវកាស SpaceX, ក្រុមហ៊ុន​សាងសង់​ផ្លូវ​ក្រោម​ដី និង​ហេដ្ឋារចនាសម្ព័ន្ធ រួម​នឹង​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ប្រព័ន្ធ​ប្រសាទ Neuralink៕

  • តម្លៃ​រថយន្ត​អគ្គិសនី​ថ្មី ធ្លាក់​ថ្លៃ​អស់ 20% ធៀប​នឹង​ឆ្នាំមុន

    តម្លៃ​រថយន្ត​អគ្គិសនី​ថ្មី ធ្លាក់​ថ្លៃ​អស់ 20% ធៀប​នឹង​ឆ្នាំមុន

    យោងតាម​ក្រុមហ៊ុន Kelley Blue Book តម្លៃ​ជា​មធ្យម​របស់​រថយន្ត​អគ្គិសនី​ថ្មី​នៅ​សហរដ្ឋ​អាម៉េរិក បាន និង​កំពុង​បន្ត​ធ្លាក់ចុះ​ពីមួយ​ខែ​ទៅ​មួយខែ រហូតដល់ 20% ធៀប​នឹង​ឆ្នាំ 2022។

    កាលពី​ខែឧសភា 2023 តម្លៃ​ជា​មធ្យម (ATP) សម្រាប់​រថយន្ត​អគ្គិសនី​គឺ 54,528 ដុល្លារ​អាម៉េរិក ខណៈ​កាលពី​ខែមករា 2023 រថយន្ត​អគ្គិសនី​មានតម្លៃ​ជាង 61,000 ដុល្លារ។ កាលពី​ខែមិថុនា 2022 ATP សម្រាប់​រថយន្ត​អគ្គិសនី​ថ្មី​នៅ​សហរដ្ឋ​អាម៉េរិក​គឺ 66,390 ដុល្លារ។ ដូច្នេះ តម្លៃ​ជា​មធ្យម​របស់​រថយន្ត​អគ្គិសនី​ថ្មី បាន​ថយចុះ​អស់​ជិត 13,000 ដុល្លារ​ក្នុង​មួយឆ្នាំ។

    Cox Automotive ដែលជា​ក្រុមហ៊ុន​នៅ​ពី​ក្រុង Kelley Blue Book បញ្ជាក់ថា Tesla (ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដែល​នាំមុខគេ​នៅ​សហរដ្ឋ​អាម៉េរិក) គឺជា​ដើមហេតុ​នៃ​ការធ្លាក់​ថ្លៃ​នេះ ដោយសារតែ​ក្រុមហ៊ុន​នេះ​បាន​ទម្លាក់​តម្លៃ​រថយន្ត​រប​ស់​ខ្លួន​ជា​បន្តបន្ទាប់​នាពេល​កន្លង។

    កត្តា​មួយ​ផ្សេងទៀត​ដែល​ត្រូវបាន Kelley Blue Book លើកឡើង នោះ​គឺ បរិមាណ​រថយន្ត​សល់​នៅ​ឃ្លាំង​របស់​ក្រុមហ៊ុន​មួយចំនួន បាន​កើនឡើង​ខ្ពស់​នៅក្នុង​ឆ្នាំនេះ៕

  • BYD ចាប់​ផ្ដើម​លក់​​រថយន្ត​អគ្គិសនី Dolphin នៅសិង្ហ​បុរី

    BYD ចាប់​ផ្ដើម​លក់​​រថយន្ត​អគ្គិសនី Dolphin នៅសិង្ហ​បុរី

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន BYD បានបង្ហាញ​វត្តមាន​រថយន្ត Dolphin នៅ​ប្រទេស​សិង្ហ​បុរី ក្នុង​យុទ្ធនា​ការបញ្ជ្រាប​ផលិតផល​ទៅគ្រប់​ទីផ្សារ។

    BYD បាន​ប្រារព្ធ​កម្មវិធី​បង្ហាញរ​ថ​យន្ត​អគ្គិសនី Dolphin ជាមួយនឹង​តំណាង​ចែកចាយ Vantage Automotive របស់​សិង្ហ​បុរី កាលពី​ថ្ងៃទី 03 កក្កដា។ Dolphin​ ដែលជា​រថយន្ត​អគ្គិសនី​ទី​ពីរ​របស់​ក្រុមហ៊ុន​នេះ​ដែល​ត្រូវបាន​ដាក់លក់​នៅ​ប្រទេស​សិង្ហបុរី បន្ទាប់ពី Atto 3។

    BYD បានដាក់​លក់ Atto 3 នៅ​សិង្ហ​បុរី​តាំងពី​ឆ្នាំ 2022 ហើយ​វា​គឺ​រថយន្ត​អគ្គិសនី​ដែល​លក់ដាច់​ជាងគេ​នៅក្នុង​តំបន់ នៅក្នុង 5 ខែ​ដើមឆ្នាំ។

    BYD ឱ្យដឹងថា Dolphin នឹង​ក្លាយជា​រថយន្ត​អគ្គិសនី​ដែល​ទទួលបាន​ការពេញនិយម​ខ្លាំង​ពី​អតិថិជន​គ្រប់​វ័យ​នៅ​សិង្ហ​បុរី ហើយ​វា​នឹង​ត្រូវបាន​ប្រជាជន​នៅទីនេះ​ស្គាល់​កាន់តែច្រើន។

    BYD Dolphin ត្រូវបាន​ដាក់លក់​តាំងពី​ថ្ងៃទី 29 សីហា 2021។ វា​គឺជារថ​យន្ត​ខ្នាតតូច​ល្មម និង​ដំណើរការ​ទាំងស្រុង​ដោយ​អគ្គិសនី ហើយ​បច្ចុប្បន្ន​មានតម្លៃ​ចាប់ពី 16,120 ដុល្លារ​អាម៉េរិក នៅ​ប្រទេស​ចិន។ នៅ​សិង្ហ​បុរី BYD Dolphin មានតម្លៃ​ចាប់ពី 156,888 ដុល្លារ​សិង្ហ​បុរី (115,900 ដុល្លារ​អាម៉េរិក)។

    BYD លក់​រថយន្ត​អគ្គិសនី​បាន 253,046 គ្រឿងក្នុង​ខែមិថុនា កើន 88.79% ធៀប​នឹង 134,036 គ្រឿងក្នុង​ដំណាក់កាល​ដូចគ្នា​កាល​ពី​​ឆ្នាំ 2022។

  • ក្រុមហ៊ុន​តៃវ៉ាន់ Foxconn ​​​ផលិត​​គ្រឿង​រថយន្ត​អគ្គិសនី​នៅ​វៀតណាម

    ក្រុមហ៊ុន​តៃវ៉ាន់ Foxconn ​​​ផលិត​​គ្រឿង​រថយន្ត​អគ្គិសនី​នៅ​វៀតណាម

    Foxconn ត្រៀម​វិនិយោគ​ប្រហែល 250 លាន​ដុល្លារ​អាម៉េរិក ទៅលើ​គម្រោង​ពីរ​នៅ​ប្រទេស​វៀតណាម ក្នុងនោះ​​ក៏​មានការ​ផលិត​គ្រឿងបន្លាស់​សម្រាប់​រថយន្ត​អគ្គិសនី​ផងដែរ។

    ឥរិយាបថ​ខាងលើនេះ​បញ្ជាក់​អំពី​ផែនការ​ធ្វើ​សកលភាវូបនីយកម្ម​រ​បស់ Foxconn ដើម្បី​ក្លាយជា «អ្នកលេង» នៅក្នុង​វិស័យ​​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី ក្រោយពី​បាន​ចំណាយពេល​ច្រើន​ឆ្នាំ​ក្នុងការ​ផ្ដោតលើ​ការដំឡើង​ផលិតផល​ឱ្យ Apple និង​បណ្ដា​ក្រុមហ៊ុនធំៗដទៃទៀត។

    ក្រុមហ៊ុន​​ខ្នាត​យក្ស​របស់​តៃវ៉ាន់ តាមរយៈ Foxconn Singapore នឹង​វិនិយោគ​ប្រហែល 250 លាន​ដុល្លារ​អាម៉េរិក ទៅលើ​តំបន់ឧស្សាហកម្ម​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម ដែល​នឹង «ផ្ដោតលើ​ការផលិត​គ្រឿងបន្លាស់​សម្រាប់​យានយន្ត​អគ្គិសនី ប្រព័ន្ធ​បញ្ជា និង​បណ្ដា​ផលិតផល​បច្ចេកវិទ្យា​ដ​ទៃទៀត ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​អនាគត»។ នេះ​បើតាម​ទំព័រ Reuters។

    គម្រោង​ខាងលើនេះ​នឹង​ជួយ​បង្កើន​ខ្ទង់​វិនិយោគ​សរុប​របស់ Foxconn នៅ​អាស៊ីអាគ្នេយ៍ ឡើងដល់ 3 ពាន់​លាន​ដុល្លារ​អាម៉េរិក៕

  • ក្រុម​មហាសេដ្ឋី​ដែល​​ពូកែ​រកប្រាក់​ជាងគេ​លើ​ពិភពលោក ក្នុង​ 6 ខែ​ដើម​ឆ្នាំ​ 2023

    ក្រុម​មហាសេដ្ឋី​ដែល​​ពូកែ​រកប្រាក់​ជាងគេ​លើ​ពិភពលោក ក្នុង​ 6 ខែ​ដើម​ឆ្នាំ​ 2023

    នៅ​ពាក់កណ្ដាល​ដើមឆ្នាំ​នេះ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla លោក Elon Musk ​រក​បាន​ 96.6 ពាន់​លាន​ដុល្លារ​អាម៉េរិក ខណៈដែល​ម្ចាស់​ក្រុមហ៊ុន Meta លោក Mark Zuckerberg រកបាន 59 ពាន់​លាន​ដុល្លារ។

    នៅក្នុង​រយៈពេល 6 ខែ​ដើមឆ្នាំ 2023 មនុស្ស​ចំនួន 500 នាក់​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​លើ​ពិភពលោក រកបាន​ប្រាក់​សរុប 852 ពាន់​លាន​ដុល្លារ។ បើ​គិត​ជា​មធ្យមភាគ មនុស្ស​ម្នាក់​រកបាន 14 លាន​ដុល្លារ​អាម៉េរិក/ថ្ងៃ។ នេះ​គឺជា​កំណើន​​ពាក់​កណ្ដាល​​ឆ្នាំ​ល្អ​បំផុត​របស់​ពួកគេ រាប់​ចាប់ពី​ចុងឆ្នាំ 2020 ជា​ពេលដែល​សេដ្ឋកិច្ច​ចាប់ផ្ដើម​ងើប​ឡើងវិញ​ក្រោយ​សម័យ​កូ​វីដ។ នេះ​បើតាម​ទិន្នន័យ​របស់ Bloomberg Billionaires Index។

    បណ្ដា​មហាសេដ្ឋីប្រាំ​រូប​​ដែលមាន​ទ្រព្យ​កើនឡើង​រហ័ស​ជាងគេ​លើ​ពិភពលោកនៅ​ 6 ខែ​ដើម​ឆ្នាំ​នេះ​ រួមមាន Elon Musk (96.6 ពាន់​លាន​ដុល្លារ), Mark Zuckerberg (58.9 ពាន់​លាន​ដុល្លារ), Jeff Bezos (47.4 ពាន់​លាន​ដុល្លារ), Larry Ellison (40.8 ពាន់​លាន​ដុល្លារ) និង Bernard Arnault (38.2 ពាន់​លាន​ដុល្លារ)។

    មូលហេតុ​ចម្បង​ដែល​បាន​ជួយ​ឱ្យ​ក្រុម​មហាសេដ្ឋី​ខាងលើ​រកបាន​ប្រាក់​ច្រើន និង​រហ័ស​ជាងគេ គឺ​មកពីផ្សារ​ហ៊ុន​ងើបឡើងវិញ នៅពេល​អ្នកវិនិយោគ​លែង​ខ្វល់​អំពី​ផលប៉ះពាល់​ពី​ការដំឡើង​ការប្រាក់​របស់​បណ្ដា​ធនាគារជាតិ ក៏ដូចជា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​វិបត្តិ​ធនាគារ​នៅ​សហរដ្ឋ​អាម៉េរិក៕

  • Ford ឈប់​ផលិត​រថយន្ត​ម៉ូ​ដែល Fiesta ដើម្បី​ទុក​កន្លែង​ឱ្យ SUV Explorer អគ្គិសនី

    Ford ឈប់​ផលិត​រថយន្ត​ម៉ូ​ដែល Fiesta ដើម្បី​ទុក​កន្លែង​ឱ្យ SUV Explorer អគ្គិសនី

    Ford ឈប់​ផលិត​រថយន្ត​ម៉ូ​ដែល​ដែល​លក់ដាច់​បំផុត Fiesta ដើម្បី​ត្រៀម​សម្រាប់​អនាគត​ដែល​ដំណើរការ​ដោយ​អគ្គិសនី​ទាំងស្រុង នោះ​គឺ​រថយន្ត SUV Explorer អគ្គិសនី​ដែល​ផលិត​នៅ​អាល្លឺម៉ង់​។

    យោងតាម Autocar ម៉ូ​ដែល Fiesta ចុងក្រោយ​នឹង​ចាក​ចេញពី​រោងចក្រ​ដំឡើង​នៅ​ថ្ងៃទី 07 កក្កដា​ខាងមុខ។ ក្រោយ​រយៈ​ពេល 47 ឆ្នាំ និង 8 ជំនាន់ យុគសម័យ Fiesta កំពុងតែ​ត្រូវបាន​បញ្ចប់​ដើម្បី​ទុក​កន្លែង​ឱ្យ​រថយន្ត​អគ្គិសនី។

    ឥរិយាបថ​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន​អាម៉េរិក​នេះ​ប្រកាសថា Ford នឹង​ក្លាយជា​យីហោ​ផលិត​រថយន្ត​អគ្គិសនី​ដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​ទាំងស្រុង​នៅ​អឺរ៉ុប​គិត​ត្រឹម​ឆ្នាំ 2030 តទៅ។ Ford នឹង​បញ្ចេញ​រថយន្ត​អគ្គិសនី​ចំនួន 9 ម៉ូ​ដែល​សម្រាប់​ឆ្នាំ 2024។

    រថយន្ត​ Ford Explorer អគ្គិសនី​

    Ford ក៏បាន និង​កំពុង​សហការ​ជាមួយ Volkswagen ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​ឱ្យបាន 1.2 លាន​គ្រឿងក្នុង 6 ខែ​ខាងមុខ។

  • ក្រុមហ៊ុន​ថ្មី​មួយ​របស់​វៀតនាម គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​ខ្នាតតូច ប្រជែង​នឹង VinFast, Wuling

    ក្រុមហ៊ុន​ថ្មី​មួយ​របស់​វៀតនាម គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​ខ្នាតតូច ប្រជែង​នឹង VinFast, Wuling

    ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដំបូង​របស់​ក្រុមហ៊ុន​វៀតណាម Thai Binh Hung Thinh (Thai Hung) នឹង​បង្ហាញ​វត្តមាន​ក្នុង​ទីផ្សារ​នៅ​ឆ្នាំក្រោយ។

    កាលពី​ថ្ងៃទី 28 មិថុនា 2023 ក្រុមហ៊ុន Thai Hung របស់​វៀតណាម និង​ក្រុមហ៊ុន Roding Mobility របស់​អាល្លឺម៉ង់ បាន​ចុះ​កិច្ចព្រមព្រៀង​ស្រាវជ្រាវ អភិវឌ្ឍ និង​ផលិត​ម៉ូតូ​អគ្គិសនី រថយន្ត​អគ្គិសនី​ខ្នាតតូច​នៅ​ប្រទេស​វៀតណាម។

    យោងតាម​កិច្ចព្រមព្រៀង​ខាងលើ Roding នឹង​ទទួលខុសត្រូវ​ក្នុង​ផ្នែក​ព្រឹក្សា​យោបល់​លើ​បញ្ហា​បច្ចេកទេស គ្រប់គ្រង​ដំណាក់កាល​ស្រាវជ្រាវ និង​អភិវឌ្ឍ​ផលិតផល រហូតដល់​ផលិត​បានជា​ស្ថាពរ។ ក្រោយមក បច្ចេកវិទ្យា​ទាំងមូល​របស់​ពួកគេ​នឹងត្រូវ​ផ្ទេរ​ទៅឱ្យ​ក្រុមហ៊ុន​វៀតណាម Thai Hung។

    ក្រុមហ៊ុន​វៀតណាម​នឹង​ទទួល​បច្ចេកវិទ្យា​ពី Roding ដើម្បី​ផលិត​ម៉ូតូ​អគ្គិសនី និង​រថយន្ត​អគ្គិសនី​ខ្នាតតូច​នៅ​វៀតណាម ដើម្បី​លក់​ក្នុងស្រុក។

    រោងចក្រ​របស់​ពួកគេ​នឹង​អាច​ផលិត​ម៉ូតូ​អគ្គិសនី និង​រថយន្ត​អគ្គិសនី​សរុប​បាន 15,000 គ្រឿង/ឆ្នាំ ក្នុងនោះ​រថយន្ត​អគ្គិសនី​នឹងមាន​ប្រហែល 5,000 គ្រឿង/ឆ្នាំ។ តាម​គម្រោង រោងចក្រ​ខាងលើ​នឹង​ដំណើរការ​ចាប់ពី​ត្រីមាស​ទី​បួន ឆ្នាំ 2023។ ផលិតផល​ដំបូង​របស់​ក្រុមហ៊ុន​ខាងលើ​នឹង​បង្ហាញខ្លួន​នៅ​ឆ្នាំ 2024។

    ដូច្នេះ Thai Hung នឹង​ក្លាយជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ទី​បី​ដែលមាន​រោងចក្រ​ដំឡើង​នៅ​វៀតណាម បន្ទាប់ពី VinFast របស់​មហាសេដ្ឋី​វៀតណាម និង Wuling របស់​ចិន៕