Tag: រថយន្តអគ្គិសនី

  • Tesla នឹង​ផលិត​រថយន្ត​តម្លៃ​ទាប​ នៅ​ពេល​សហការ​ជាមួយ​ CATL

    Tesla នឹង​ផលិត​រថយន្ត​តម្លៃ​ទាប​ នៅ​ពេល​សហការ​ជាមួយ​ CATL

    Tesla កំពុង​សហការ​ជាមួយ​ CATL ដែល​ជា​ក្រុម​ហ៊ុន​ផលិត​ថ្ម​ផ្ទុក​ថាមពល​ធំបំផុត​នៅ​ប្រទេស​ចិន​ ដើម្បី​អភិវឌ្ឍ​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​ដែល​ជិត​នឹង​បង្ហាញ​វត្តមាន​។

    ជំនួស​ឱ្យ​ការ​នាំចូល​ថ្ម​ផ្ទុក​អគ្គិសនី​ពី CATL ក្រុម​ហ៊ុន​អាម៉េរិក​ Tesla នឹង​ជួល ក៏​ដូច​ជា​សហការ​ជាមួយ​ក្រុម​ហ៊ុន​ចិន​នេះ ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្ម​ប្រភេទ​ថ្មី​។ កិច្ចសហការ​នេះ​នឹង​នាំ​មក​នូវ​ផលប្រយោជន៍​សម្រាប់​ភាគី​ទាំង​សង​ខាង​។ ក្នុង​នោះ Tesla អាច​ផលិត​ថ្ម​ផ្ទុក​ថាមពល​ទំនើប​ក្នុង​តម្លៃ​ទាប​។ ក្រៅ​ពី​នេះ Tesla ក៏​នឹង​អាច​បំពេញ​លក្ខខណ្ឌ​គ្រប់​គ្រង​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​ពន្ធដារ​របស់​សហរដ្ឋ​អាម៉េរិក​ផងដែរ​។

    ចំណែក​ផល​ប្រយោជន៍​ដែល​ក្រុម​ហ៊ុន​ចិន CATL នឹងទទួល​បាន​វិញ រួមមាន​៖ ពង្រីក​ទីផ្សារ​ទៅ​កាន់​សហរដ្ឋ​អាម៉េរិក និង​អឺរ៉ុប ហើយ​អាច​រក្សា​តំណែង​នាំ​មុខ​គេ​ក្នុង​ទីផ្សារ​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី​។

    ទំនាក់​ទំនង​រវាង Tesla និង CATL បាន​នាំ​ឱ្យ Tesla ប្រកាស​ថា​ ខ្លួន​កំពុង​ត្រៀម​ផលិតរថយន្ត​អគ្គិសនី​ដែល​មាន​តម្លៃ​ 25,000 ដុល្លារ​អាម៉េរិក​។

  • CEO របស់ Xiaomi បង្ហើប​ឱ្យ​ដឹង​តម្លៃ​របស់​រថយន្ត​អគ្គិសនី​ដែលជិត​បង្ហាញ​ខ្លួន

    CEO របស់ Xiaomi បង្ហើប​ឱ្យ​ដឹង​តម្លៃ​របស់​រថយន្ត​អគ្គិសនី​ដែលជិត​បង្ហាញ​ខ្លួន

    អគ្គនាយក​ប្រតិបត្តិ​របស់ក្រុម​ហ៊ុន​ចិន​ Xiaomi នា​ថ្ងៃ​នេះ​ បាន​ឱ្យ​ដឹង​ថា គោល​ដៅ​របស់លោក​សម្រាប់​រថយន្ត​អគ្គិសនី​ដំបូង​របស់​ក្រុម​ហ៊ុន​ គឺ​វា​នឹង​ជា «រថយន្ត​ស្អាត​បំផុត​ ងាយ​ស្រួល​បើកបរ​បំផុត និង​ឆ្លាត​វៃបំផុត» ហើយ​មាន​តម្លៃ​ក្រោម​ 69,424 ដុល្លារ​អាម៉េរិក​។

    នៅ​ថ្ងៃ​ទី​ 28 ខាង​មុខ Xiaomi នឹង​ប្រកាស​តម្លៃ​​ជា​ផ្លូវ​ការ​ ហើយ​ក៏​ចាប់​ផ្ដើម​ទទួល​ការ​បញ្ជា​ទិញ​សម្រាប់​រថយន្ត​អគ្គិសនី SU7។

    លោក Lei Jun ដែល​ជា​ CEO របស់ Xiaomi បាន​អួត​ថា SU7 មាន​បច្ចេកវិទ្យា​ដែល​អាច​បង្កើន​ល្បឿន​បាន​ល្អ​ជាង​រថយន្ត​អគ្គិសនី​ Tesla របស់​អាម៉េរិក និង Porsche របស់​អាល្លឺម៉ង់​ទៅ​ទៀត​។

  • BYD ​​ផលិត​រថយន្ត​អគ្គិសនី​នៅ​ឥណ្ឌូណេស៊ី​ ឆាប់​ៗ​នេះ

    BYD ​​ផលិត​រថយន្ត​អគ្គិសនី​នៅ​ឥណ្ឌូណេស៊ី​ ឆាប់​ៗ​នេះ

    ថ្មី​ៗ​នេះ រថយន្ត​មន្ត្រីមួយ​រូប​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ឆ្នាំ 2026 ក្រុម​ហ៊ុន​ចិន BYD នឹង​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​នេះ​។

    Luhut Panjaitan រដ្ឋមន្ត្រី​សម្រប​សម្រួល​កិច្ច​ការ​សមុទ្រ និង​វិនិយោគ​ កាល​ពី​ថ្ងៃទី 20 មីនា ​បាន​បង្ហោះ​​សារ​​លើ​គណនី​ Instagram របស់​ខ្លួន​ ឱ្យ​ដឹង​ថា BYD គ្រោង​នឹងប្រារព្ធ​ពិធីសម្ពោធ​បើក​ការដ្ឋាន​សាងសង់​រោង​ចក្រ​មួយ​ក្នុង​ទឹក​ដី​ឥណ្ឌូណេស៊ី​ នៅ​ខែ​កក្កដា​ខាងមុខ​។

    រដ្ឋមន្ត្រី​រូប​នេះ​បន្ថែម​ថា BYD បាន​ដាក់​គោលដៅ​ផលិត​រថយន្ត​អគ្គិសនី​របស់​ខ្លួន​នៅ​ឥណ្ឌូណេស៊ី ចាប់​ពី​ដើម​ឆ្នាំ 2026​។

    កាល​ពី​ខែ​មករា រដ្ឋមន្ត្រី​សេដ្ឋកិច្ចឥណ្ឌូណេស៊ី ក៏​ធ្លាប់​បាន​ឱ្យ​ដឹង​ថា BYD មាន​គម្រោង​វិនិយោគ​ 1.3 ពាន់​លាន​ដុល្លារ​ ដើម្បី​សង់​រោង​ចក្រ​ដែល​អាច​ផលិត​រថយន្ត​អគ្គិសនី​បាន 150,000 គ្រឿង​/ឆ្នាំ​ នៅ​ប្រទេស​នេះ​។

    ចំណែក​ខាង​ BYD ក៏​បាន​ប្រាប់​ថា កំពុង​កសាង​ហេដ្ឋារចនាសម្ព័ន្ធសម្រាប់​គាំទ្រ​ដល់​ការ​ផលិត​រថយន្ត​អគ្គិសនី​របស់​ខ្លួន​ ហើយ​ថា នឹង​បង្កើត​បណ្ដាញ​លក់រាយ​រហូត​ដល់ 50 ទីតាំង​ នៅ​ចុង​ឆ្នាំ 2024​។

  • Shell បិទ​ទ្វារ​ស្ថានីយ​ប្រេង​សាំង​ 1,000 កន្លែង ដើម្បី​ងាក​ទៅ​រក​​ស្ថានីយ​សាកថ្ម​រថយន្ត​អគ្គិសនី

    Shell បិទ​ទ្វារ​ស្ថានីយ​ប្រេង​សាំង​ 1,000 កន្លែង ដើម្បី​ងាក​ទៅ​រក​​ស្ថានីយ​សាកថ្ម​រថយន្ត​អគ្គិសនី

    ក្រុម​ហ៊ុន​ប្រេង​ឥន្ធនៈ​ Shell កំពុង​រក​វិធី​បិទ​ទ្វារស្ថានីយលក់​រាយ​​ប្រេង​សាំង​រហូត​ដល់ 1,000 កន្លែង​ ក្នុង​ពេល​ឆាប់​ៗ​​ខាង​មុខ​ ដើម្បី​ងាក​ទៅ​រក​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​ ដែល​ពិភព​លោក​កំពុង​នាំ​គ្នា​ជំរុញ​យ៉ាង​ខ្លាំង​ក្លា។

    នៅ​ក្នុង​របាយការណ៍​ថ្មី​បំផុត​របស់​ខ្លួន ក្រុម​ហ៊ុន Shell ដែល​មាន​ទីស្នាក់ការ​នៅ​ចក្រភព​អង់គ្លេស បាន​ឱ្យ​ដឹង​ថា ខ្លួន​មាន​គម្រោង​បិទ​ទ្វារ​ទីតាំង​លក់​រាយ​ប្រេង​សាំង​ចំនួន 500 កន្លែង​/ឆ្នាំ សម្រាប់​ឆ្នាំ 2024 និង​ 2025​។ ជំនួស​មក​វិញ ក្រុម​ហ៊ុន​នេះ​គ្រោង​នឹង​ផ្ដោត​ទៅ​លើ​ការ​ពង្រីក​បណ្ដាញ​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​ ហើយ​សង្ឃឹម​ថា ចំនួន​ស្ថានីយ​សាក​ថ្ម​រថយន្ត​អគ្គិសនី​របស់​ខ្លួន​នឹង​កើន​ដល់​ 200,000 កន្លែង​នៅ​ក្នុង​ឆ្នាំ 2030​ ច្រើន​ជាង​ឆ្ងាយ​បើ​ធៀប​នឹង 54,000 កន្លែង​ នា​បច្ចុប្បន្ន​។

    Shell ក៏​កំពុង​តែ​មាន​ផែនការ​វិនិយោគ​ពី 10 ទៅ 15 ពាន់​លាន​ដុល្លារ​អាម៉េរិក ទៅ​ក្នុង​បណ្ដា​គម្រោងដែល​​បំភាយ​ឧស្ម័ន​កាបូន​កម្រិត​ទាប​ផងដែរ​។

    នៅ​សហរដ្ឋ​អាម៉េរិក ក្រុម​ហ៊ុន​ដែល​កំពុង​នាំមុខ​គេ​ក្នុង​វិស័យ​បញ្ចូល​ថាមពល​ល្បឿន​លឿន​សម្រាប់​រថយន្ត​អគ្គិសនី​ ដែល​ហៅ​ថា Supercharger គឺ​ Tesla ដោយ​រួម​ចំណែក​រហូត​ដល់ 61.7% នៃ​បណ្ដា​ញ​សាក​ថ្ម​ EV នៅ​លើ​ទឹក​ដី​នេះ​ ខណៈ​ដែល​ ​Shell Recharge របស់ក្រុម​ហ៊ុន​អង់គ្លេស​នៅ​សហរដ្ឋ​អាម៉េរិកវិញ មាន​ចំណែក​ប្រមាណ 1.7% ប៉ុណ្ណោះ​ នៅ​ក្នុង​វិស័យ​នេះ​។

  • BYD បង្ហាញកំណែ​ថ្មី​របស់ Frigate 07 ជាមួយ​នឹង​តម្លៃ​ទាប​ជាង​ 13%

    BYD បង្ហាញកំណែ​ថ្មី​របស់ Frigate 07 ជាមួយ​នឹង​តម្លៃ​ទាប​ជាង​ 13%

    BYD កំពុង​អភិវឌ្ឍ​កំណែ​ចាស់​នៃ​រថយន្ត​អគ្គិសនី​របស់​ខ្លួន​។ ពេល​នេះ ដល់​វេន Frigate ដែល​ជា​ SUV លំដាប់​កំពូល​របស់​គ្រួសារ​ Ocean ដែល​ត្រូវ​បាន​កែ​លម្អ​។

    កាល​ពី​ថ្ងៃទី 18 មីនា BYD បាន​បង្ហាញ​កំណែ​ថ្មី​របស់​ SUV Frigate 07 និង​មាន​ឈ្មោះ​ថា Frigate 07 Glory Edition។ កំណែ​ថ្មី​នេះ​មាន​តម្លៃ​ចាប់​ពី 24,980 ដុល្លារ​អាម៉េរិក​។

    ទំហំ​រូប​រាង​របស់ Frigate 07 Glory Edition មិន​ប្រែ​ប្រួល​ ពោល​គឺ​ មាន​បណ្ដោយ​ ទទឹង និ​ងកម្ពស់​ជា​បន្ទាប់​គឺ 4,820, 1,920 និង 1,750 មិល្លីម៉ែត្រ​។ ចំណែក​ប្រវែង​បណ្ដោយ​ជាមូលដ្ឋាន​គឺ 2,820 មិល្លីម៉ែត្រ​។

    BYD លក់​រថយន្ត​អគ្គិសនី​បាន​ 122,311 គ្រឿង​ក្នុង​ខែ​កុម្ភៈ 2024​។ ក្រុម​ហ៊ុន​នេះ​កំពុង​ជំរុញ​ការ​បន្ទាន់​សម័យ​រថយន្ត​អគ្គិសនី​របស់​ខ្លួន ដោយ​សង្ឃឹម​ថា នឹង​អាច​ពន្លឿន​ដំណើរ​ការ​ដណ្ដើម​យក​ចំណែក​ទីផ្សាររបស់​រថយន្ត​អគ្គិសនី ​ពី​រថយន្ត​ប្រើ​ប្រាស់​ម៉ាស៊ីន​ចំហេះ​ក្នុង​។

  • ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​អាស៊ី​អាគ្នេយ៍ នឹង​ផ្ទុះ​ការ​ពេញ​និយម​ខ្លាំង​ក្លា​

    ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​អាស៊ី​អាគ្នេយ៍ នឹង​ផ្ទុះ​ការ​ពេញ​និយម​ខ្លាំង​ក្លា​

    ដោយសារ​តែ​មាន​ការ​បារម្ភ​អំពី​ការ​ប្រែ​ប្រួល​អាកាសធាតុ​ រថយន្ត​អគ្គិសនី​កំពុង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ រដ្ឋាភិបាល​ ក្រុម​ហ៊ុន​ និង​អ្នក​វិនិយោគ​នៅ​ទូទាំង​សកល​លោក​។

    នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​មាន​ភាព​ក្មេង​ខ្ចី​នៅ​ឡើយ​ ដោយ​រួម​ចំណែក​មិន​ដល់ 2% នៃ​រថយន្ត​អគ្គិសនី​ទូទាំង​ពិភពលោក​។ ក៏ប៉ុន្តែ ​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​របស់​អង្គការ​ EY បង្ហាញ​ថា ចំនួន​រថយន្ត​អគ្គិសនី​នៅ​ក្នុង​ប្រទេស​ចំនួន​ 6 ក្នុង​តំបន់​នេះ​ ដែលរួម​មាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ សិង្ហបុរី ហ្វ៊ីលីពីន និង​វៀតណាម នឹង​បាន​ឃើញ​កំណើន​ទ្វេគុណ​ជា​រៀង​រាល់​ឆ្នាំ​ ដោយ​នឹង​សម្រេច​បាន​ពី 16 ទៅ 39% ក្នុង​ដំណាក់​កាល​ពី​ឆ្នាំ 2021 ដល់ 2035​។

    យោង​តាម​អង្គការ EY ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​នៃ​វិស័យ​រថយន្ត​អគ្គិសនី​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ក្នុង​ដំណាក់​កាល​ខាងលើ គ្រោង​នឹង​សម្រេច​បាន​ពី 80 ទៅ 100 ពាន់​លាន​ដុល្លារ​​អាម៉េរិក ខ្ពស់​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ 2 ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ 2021​។

    នៅ​កម្ពុជា ក៏​មាន​ក្រុម​ហ៊ុន​មួយ​កំពុង​ផលិត​ និង​ចែក​ចាយ​ត្រីចក្រយានយន្ត​អគ្គិសនី​

    ការ​កើន​ឡើង​នៃ​ចំនួន​យាន​យន្ត​អគ្គិសនី​នេះ​ គ្រោង​នឹង​កើត​មាន​ចំពោះ​យាន​យន្ត​អគ្គិសនី​ទាំង​បី​ប្រភេទ រួម​មាន រថយន្ត​ទេសចរណ៍ រថយន្ត​ពាណិជ្ជកម្ម និង​ទោ/ត្រីចក្រយានយន្ត​។

  • Honda សហការជាមួយ Nissan ដើម្បីផលិតរថយន្តអគ្គិសនីតម្លៃទាប

    Honda សហការជាមួយ Nissan ដើម្បីផលិតរថយន្តអគ្គិសនីតម្លៃទាប

    Nissan ត្រូវ​បាន​គេ​ជឿ​ថា កំពុង​ពិចារណា​លើ​ការ​ចាប់​ដៃ​ជាមួយ​ Honda ដើម្បី​អាច​អភិវឌ្ឍ​ថ្នាល​បច្ចេកវិទ្យា​ EV រួម​។ នេះ​បើ​តាម Nikkei Asia ដក​ស្រង់​ប្រភព​ព័ត៌មាន​ពី​ Nissan។

    បច្ចុប្បន្ន Honda Motor មាន​រថយន្ត​អគ្គិសនី​ពីរ​ម៉ូដែល​ ដែល​ត្រូវ​បាន​ដាក់​លក់​នៅ​សហរដ្ឋ​អាម៉េរិក នោះ​គឺ Honda Prologue និង Acura ZDX។ រថយន្ត​ទាំង​ពីរ​ម៉ូដែល​នេះ គឺជា​សមិទ្ធផល​នៃ​កិច្ច​សហការ​រវាងក្រុម​ហ៊ុន​ជប៉ុន Honda និង​ក្រុម​ហ៊ុន​អាម៉េរិក General Motors។

    ពេល​នេះ Honda អាច​សហការ​ជាមួយ​ដៃគូ​នៅ​ប្រទេស​ជប៉ុន ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​ដែល​កាន់​តែ​ធូរ​ថ្លៃ​ជាង​មុន​។ ក៏ប៉ុន្តែ Nikkei ចេញ​ផ្សាយ​ថា​ ការពិភាក្សា​ផ្ទៃ​ក្នុង​របស់​ Nissan កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​ ខណៈ​ដែល​ការ​យល់​ឃើញ​របស់​ Honda ទាក់​ទិន​នឹង​កិច្ច​សហការ​នេះ មិន​ទាន់​ច្បាស់​លាស់​។

    ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រភព​ព័ត៌មាន​របស់ Nikkei ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​ Honda និង Nissan អាច​ចាប់​ដៃ​គ្នា​ដើម្បី​ប្រកួត​ប្រជែង​នឹង​ក្រុម​ហ៊ុន​ចិន BYD ដែល​កំពុង​ធ្វើ​ព្យុះ​ បង្ក​ភ្លៀង​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​លើពិភពលោក​៕

  • ​Huawei និង BAIC ជិត​បង្ហាញ​វត្តមានរថយន្ត​សេដាន​អគ្គិសនី​ Stelato S9

    ​Huawei និង BAIC ជិត​បង្ហាញ​វត្តមានរថយន្ត​សេដាន​អគ្គិសនី​ Stelato S9

    រថយន្ត​គំរូ​ដំបូង​ដែលត្រូវ​បាន​សហការ​ផលិត​ដោយ​ក្រុម​ហ៊ុន Huawei និង BAIC BluePark (SHA: 600733) ដែល​ជា​សាខា​ក្រុម​ហ៊ុន​រថយន្ត​អគ្គិសនី​របស់​សាជីវកម្ម​រថយន្ត​ប៉េកាំង (BAIC Group) គ្រោង​នឹង​បង្ហាញ​វត្តមាន​នៅ​ក្នុង​ពិព័រណ៍​រថយន្ត​ប៉េកាំង​ នៅ​ថ្ងៃទី 20 តុលា​ឆ្នាំ​នេះ​។

    ក្រសួង​ឧស្សាហកម្ម​ និង​បច្ចេកវិទ្យា​ព័ត៌មាន​ចិន (MIIT) កាល​ពី​ថ្ងៃទី 12 មីនា បាន​បង្ហាញ​បញ្ជី​ឈ្មោះ​បណ្ដា​​រថយន្ត​គំរូ​ថ្មី​បំផុត​ដែល​នឹង​​ត្រូវ​បាន​អនុញ្ញាត​ឱ្យលក់​ដើម្បី​ប្រមូល​មតិ​ពី​អ្នក​ប្រើ​ប្រាស់​​ ក្នុង​នោះ​ក៏​មាន​ Stelato S9 ផងដែរ​។

    រថយន្ត​នេះ​ត្រូវ​បាន​ផលិត​ដោយ​ក្រុម​ហ៊ុន BAIC BluePark និង​ត្រូវ​បាន​ហៅ​ថា Xiangjei S9 ហើយ​​មាន​ស្លាក​សញ្ញា​ពាណិជ្ជកម្ម Stelato នៅ​ផ្នែក​ខាង​ក្រោយ​។

    BAIC BluePark ឱ្យ​ដឹង​ថា ខ្លួន​កំពុង​សហការ​ជាមួយ Huawei ដើម្បី​អភិវឌ្ឍ​យីហោ​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា Xiangjei (នៅ​ក្នុង​ភាសា​ចិន)។ ព័ត៌មាន​នៅ​លើ​ឯកសារ​ដែល​បាន​បញ្ជូន​ទៅកាន់​ស្ថាប័ន​មាន​សមត្ថកិច្ច​បង្ហាញ​ថា ឈ្មោះ​ផ្លូវ​ការ​ជា​ភាសា​អង់គ្លេស​របស់ Xiangjie គឺ Stelato។

    Stelato S9 គឺជា​រថយន្ត​ប្រភេទ​សេដាន ដំណើរ​ការ​ដោយ​អគ្គិសនី​។ រថយន្ត​នេះ​នឹង​មាន​ 3 កំណែ​សម្រាប់​ជ្រើស​រើស​ រួម​មាន 2 កំណែ​មាន​​ម៉ាស៊ីន​ 1 គ្រឿង និង​មួយ​កំណែ​មាន​ម៉ាស៊ីន​ពីរ​គ្រឿង​។

  • BYD កំពុង «​រំដោះ​ទីផ្សារ» ​ពី​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង

    BYD កំពុង «​រំដោះ​ទីផ្សារ» ​ពី​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង

    របាយការណ៍​ថ្មី​មួ​យ​បាន​ប្រកាស​ថា ថ្នាល​បច្ចេកវិទ្យា​ EV ថ្មី​ របស់​ក្រុម​ហ៊ុន​ចិន​ BYD នឹង​កាត់បន្ថយ​ការ​ចំណាយ​បន្ថែម​ទៀត នៅ​ពេល​ក្រុម​ហ៊ុន​នេះ​ចាប់​ផ្ដើម​ «សង្គ្រាម​រំដោះ» ប្រឆាំង​នឹង​រថយន្ត​ប្រើ​សាំង​។

    ក្រោយ​ពី​បាន​យក​ឈ្នះ​លើ​ Tesla ដើម្បី​ក្លាយ​ជា​អ្នក​ផលិត​រថយន្ត​អគ្គិសនី​ធំ​ជាង​គេ​លើ​ពិភពលោក​នៅ​ក្នុង​រយៈ​ពេល​ 3 ខែ​ចុង​ឆ្នាំ 2023 ក្រុម​ហ៊ុន​ BYD ក៏​​ប្រកាស​ថា Tesla មិន​មែនជា​គូប្រជែង​។

    BYD បាន​បង្កើត​សង្គ្រាម​តម្លៃ​ជាមួយ​នឹង​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង (ICE) កាល​ពី​ខែ​កន្លង​ ដោយ​បង្ហាញ​វត្តមាន​រថយន្ត​អគ្គិសនី​ Qin Plus EV និង PHEV ថ្មី​។ ចាប់​ផ្ដើម​ពី​តម្លៃ 15,200 ដុល្លារ​អាម៉េរិក រថយន្ត​អគ្គិសនី​ថ្មី​របស់​ BYD បើក​ទំព័រ​ថ្មី​សម្រាប់​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​ជាងរថយន្ត ICE។

    ជាង​នេះ កំណែ​ DM-I (PHEV) ថែម​ទាំង​មាន​តម្លៃ​ទាប​ជាង​ ពោល​គឺ​ចាប់​ពី​ប្រហែល​ 11,000 ដុល្លារ​ ដោយ​ប្រើ​ប្រាស់​ថ្ម​ផ្ទុក​អគ្គិសនី​ដែល​អាច​ឱ្យ​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ 120 គីឡូម៉ែត្រ បន្ទាប់ពី​បញ្ចូល​អគ្គិសនី​មួយ​ពេញ​។

    Qin Plus ដែល​ដំណើរ​ការ​ដោយ​អគ្គិសនីពី​ថ្ម​ 48 kWh ឬ​ 57.6 kWh អាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ​រហូត​ដល់ 420 គីឡូម៉ែត្រ និង 510 គីឡូម៉ែត្រ​។

    យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់ 36kr ក្រុម​ហ៊ុន​ BYD នឹង​ប្រើប្រាស់​រាល់​ចំណុច​ខ្លាំងផ្នែក​បច្ចេកវិទ្យា​​របស់​ខ្លួន​ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​នឹង​រថយន្ត​សាំង​ នៅ​ 3 ឆ្នាំ​ខាង​មុខ​។

    ប្រព័ន្ធ DM-I ជំនាន់​បន្ទាប់​របស់ BYD នឹង​អនុញ្ញាត​ឱ្យរថយន្ត​ប្រភេទ​ PHEV ធ្វើដំណើរ​បាន​រយៈ​ចម្ងាយ​ជាង 2,000 គីឡូម៉ែត្រ។ ប្រការ​នេះ​នឹង​ធ្វើ​ឱ្យ​រថយន្ត​សាំង​ពិបាក​ប្រកួត​ប្រជែង​។

    យោង​តាម Electrek គោល​ដៅ​ចម្បង​របស់ BYD គឺ​ការ​ដណ្ដើម​យក​ចំណែក​ទីផ្សារ​ពី​រថយន្ត​ដំណើរ​ការ​ដោយ​ប្រេង​សាំង​ ក្នុង​រង្វង់​ 3 ឆ្នាំ​ខាង​មុខ​៕

  • Kia សង់រោង​ចក្រ​ផលិត​ EV នៅ​ប្រទេស​ថៃ ដើម្បី​ប្រជែង​នឹង​ Toyota និង BYD?

    Kia សង់រោង​ចក្រ​ផលិត​ EV នៅ​ប្រទេស​ថៃ ដើម្បី​ប្រជែង​នឹង​ Toyota និង BYD?

    ក្រុម​ហ៊ុន Kia បាន​កែលម្អ​ស្លាក​យីហោ​ នៅ​ពេល​វិស័យ​ឧស្សាហកម្ម​ងាក​ទៅ​រក​រថយន្ត​អគ្គិសនី​ ដោយ​ប្រើ​ប្រាស់​ឡូហ្គោ​ និង​រចនា​បថ​ថ្មី​។

    ក្រុម​ហ៊ុន​កូរ៉េខាងត្បូងមួយ​នេះ​​ ក៏​កំពុង​ឈាន​ទៅ​រក​ការ​សម្រេច​បាន​ជោគជ័យ​ជាមួយ​នឹងរថយន្ត​​ម៉ូដែល​ SUV អគ្គិសនី​កៅអីបី​ជួរ​ដំបូង​របស់​ខ្លួន នោះ​គឺ EV9។

    Kia បាន​បង្ហើប​ឱ្យ​ដឹង​អំពី​រថយន្ត​អគ្គិសនី​ថ្មី​នៅ​ក្នុង​ព្រឹត្តិការណ៍​ «ថ្ងៃ EV» កាល​ពី​ខែ​តុលា​ 2023។ ពួក​គេ​បាន​បញ្ជាក់​ថា SUV EV5 នេះ​ នឹង​ជា​គូ​ប្រជែង​របស់ Volvo EX30 និង​មាន​តម្លៃ​ចាប់​ពី​ 35,000 ដុល្លារ​អាម៉េរិក​។

    ម៉ូដែល​ concept ថ្មី​​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ គឺ EV3 និង EV4។ EV3 គឺជា​ម៉ូដែល​រថយន្ត​អគ្គិសនី​ខ្នាត​តូច​របស់ EV9 និង​មាន​តម្លៃ​ទាប​ជាង​។

    រថយន្ត​អគ្គិសនី​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​ Kia ដើម្បី​ធ្វើ​ពិពិធកម្ម​រថយន្ត​អគ្គិសនី​ជាមួយ​នឹង​តម្លៃ​ទាប​ ចាប់​ពី 30,000 ដល់ 80,000 ដុល្លារ​។

    Kia អាច​នាំ​រថយន្ត​អគ្គិសនី​ដែល​មាន​តម្លៃ​ទាប​ទៅ​កាន់​ទីផ្សារ​បរទេស​ មាន​ដូច​ជា ថៃ ជា​ដើម ជា​ទីផ្សារ​ដែល​មាន​គូប្រជែង​ច្រើន​ ក្នុង​នោះ​មាន​ Toyota ផងដែរ​។

    ក្រុម​ប្រឹក្សា​វិនិយោគ​ថៃ (BOI) ឱ្យ​ដឹង​ថា Kia កំពុង​ពិនិត្យ​លើ​ការ​វិនិយោគ​ទៅ​មក​កាន់​ប្រទេស​នេះ​ បន្ទាប់​មាន​ព័ត៌មាន​ថា ក្រុម​ហ៊ុន​នេះ​បាន​ប្ដូរទិសដៅ​ចេញ​ពី​ប្រទេស​ថៃ​។

    ថៃ​គឺជា​ប្រទេស​ផលិត​ និង​នាំ​ចេញ​រថយន្ត​ធំបំផុត​នៅ​អាស៊ី​។ ប្រទេស​នេះ​កំពុងទាក់​ទាញ​ការ​វិនិយោគ​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​ និង​មាន​គោល​ដៅ​ធ្វើ​ឱ្យ​រថយន្ត​អគ្គិសនី​គ្របដណ្ដប់ចំណែក​ទី​ផ្សារ​​ 30% នៃ​រថយន្ត​សរុប​ដែល​ផលិត​ក្នុង​ស្រុក​ នៅ​ឆ្នាំ 2030​។

    មន្ត្រី​ថៃ​មួយ​រូប កាល​ពី​ដើម​សប្ដាហ៍​នេះ​ ឱ្យ​ដឹង​ថា Tesla ក៏​កំពុង​ចរចា​ជាមួយ​អាជ្ញាធរ​ថៃ ​អំពី​រោង​ចក្រ​ថ្មី​ដែល​អាច​ទាក់​ទង​នឹង​ការ​ផលិត​រថយន្ត​អគ្គិសនី និង​ថ្មផ្ទុក​ថាមពល​។

    នៅ​ប្រទេស​ថៃ បើ​ទោះ​បណ្ដា​ក្រុម​ហ៊ុន​ដូច​ជា​ Toyota និង​ Honda ធ្លាប់​បាន​គ្រប់​គ្រង​ទីផ្សារ​នេះ ប៉ុន្តែ​បច្ចុប្បន្ន បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន បាន​សន្យា​ថា នឹង​វិនិយោគ​ជាង 1.44 ពាន់​លាន​ដុល្លារ​អាម៉េរិក ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​នេះ៕