Tag: រថភ្លើង

  • ចិន​បង្កើត​ម៉ាស៊ីន​រថភ្លើង​ដំណើរការ​ដោយ​អ៊ីដ្រូសែន «ខ្លាំង​បំផុត​លើ​ពិភពលោក»

    ចិន​បង្កើត​ម៉ាស៊ីន​រថភ្លើង​ដំណើរការ​ដោយ​អ៊ីដ្រូសែន «ខ្លាំង​បំផុត​លើ​ពិភពលោក»

    ក្បាលម៉ាស៊ីន​អ៊ីដ្រូសែន​ដំបូង​របស់​ប្រទេស​ចិន Ningdong ដែល​កែច្នៃ​ពី​ម៉ាស៊ីន​ចំហេះ​ក្នុង បាន​ចាក​ចេញពី​រោងចក្រ Datong ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ CRRC កាលពី​ថ្ងៃទី 15 មិថុនា 2023។

    សារព័ត៌មាន SCMP បាន​រាយការណ៍​ថា Ningdong ត្រូវបាន​បង្ហាញថា​ជា​ក្បាលម៉ាស៊ីន​ដែល​ដំណើរការ​ដោយ​អ៊ីដ្រូសែន​កម្លាំង​ខ្លាំង​បំផុត​លើ​ពិភពលោក ដែលមាន​សក្ដានុពល​ធំធេង​ក្នុង​ការជំនួស​ម៉ាស៊ីន​​រថភ្លើង​ទាំងអស់​ដែល​ដំណើរការ​ដោយ​ប្រេងសាំង​នៅ​ប្រទេស​ចិន​។ វា​អាច​ផ្ទុក​អ៊ីដ្រូសែន​ចំនួន 270 គីឡូក្រាម និង​បើកបរ​បន្តបន្ទាប់​រយៈ​ពេល 190 ម៉ោង។

    «អ៊ីដ្រូសែន​គឺជា​ថាមពល​ស្អាត អាច​កកើត​ឡើងវិញ។ ការចំណាយ​លើ​ការប្រើប្រាស់​ក្បាលម៉ាស៊ីន​រថភ្លើង​ដំណើរការ​ដោយ​អ៊ីដ្រូសែន គឺ​ប្រហាក់ប្រហែល​នឹង ½ នៃ​ការចំណាយ​លើ​ម៉ាស៊ីន​ចំហេះ​ក្នុង» Liang Zhenzhong អគ្គនាយករង​របស់ CRRC Datong បញ្ជាក់​ដូច្នេះ។

    ម៉ាស៊ីន​អ៊ីដ្រូសែន​ដំណើរការ​នៅពេល​ឧស្ម័ន​អ៊ីដ្រូសែន​ប្រតិកម្ម​ជាមួយនឹង​អុកស៊ីសែន​នៅក្នុង​ថ្ម​ផ្ទុក​ថាមពល បង្កើតបានជា​អគ្គិសនី និង​ចំហាយ​ទឹក។ អនុផល​របស់​ប្រតិកម្ម​នេះ​មិន​ប៉ះពាល់​ដល់​បរិស្ថាន ដោយសារ​​បំ​ភាយ​តែ​កម្ដៅ និង​ទឹក។

    រថភ្លើង​អ៊ីដ្រូសែន​ដឹក​អ្នកដំណើរ​ដំបូង​គេ​លើ​ពិភពលោក​បានធ្វើ​សកម្មភាព​ពាណិជ្ជកម្ម​តាំងពី​ឆ្នាំ 2018 និង​ធ្វើដំណើរ​បាន​ជាង 220,000 គីឡូម៉ែត្រ នៅ 8 ប្រទេស​ក្នុង​ដំ​តន់​អឺរ៉ុប គិត​ត្រឹម​ខែមករា 2023។ នេះ​បើ​យោងតាម​ក្រុម​ផលិត​រថភ្លើង​បារាំង Alstom។

  • បច្ចេកវិទ្យា​នៅ​ពីក្រោយ​រថភ្លើង​ពាណិជ្ជកម្ម​ល្បឿន​លឿន​ជាងគេ​លើ​លោក

    បច្ចេកវិទ្យា​នៅ​ពីក្រោយ​រថភ្លើង​ពាណិជ្ជកម្ម​ល្បឿន​លឿន​ជាងគេ​លើ​លោក

    ប្រព័ន្ធ​បណ្ដែត​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​ជួយ​ឱ្យ​រថភ្លើង​​អណ្ដែត​​សៀង​ហៃ (Shanghai Maglev train or Shanghai Transrapid) បំបាត់ចោល​ភាព​កកិត និង​មាន​ល្បឿន​ឡើងដល់ 480 គីឡូម៉ែត្រ/ម៉ោង លឿន​ជាងគេ​បង្អស់​ក្នុងចំណោម​រថភ្លើង​ពាណិជ្ជកម្ម​នាបច្ចុប្បន្ន។

    ដោយមាន​ល្បឿន​ធម្មតា​ប្រហែល 435 គីឡូម៉ែត្រ/ម៉ោង រថភ្លើង​អណ្ដែង​ប្រើ​កម្លាំង​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​សៀង​ហៃ ធ្វើដំណើរ​លើផ្លូវ​ដែក​ប្រវែង 30 គីឡូម៉ែត្រ​ដែល​ត​ភ្ជាប់​ទីក្រុង​សៀង​ហៃ​ជាមួយនឹង​អាកាសយានដ្ឋាន​អន្តរជាតិ Pudong ដោយ​ចំណាយពេល​តែ 7 នាទី និង 30 វិនាទី​ប៉ុណ្ណោះ។

    ក៏ប៉ុន្តែ ក្រុម​អ្នកជំនាញ​មិនទាន់​ចាប់ផ្ដើម​ពិនិត្យ​ទៅលើ​ល្បឿន​អតិបរមា​​ដែល​រថភ្លើង​នេះ​អាច​រត់​បាន​នៅឡើយ ព្រោះថា រថភ្លើង​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​គំរូ​មួយ​របស់​ជប៉ុន អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន 600 គីឡូម៉ែត្រ/ម៉ោង។

    កត្តា​ដែល​ធ្វើឱ្យ​ទាំងពីរ​ខាងលើ​មាន​ភាពខុសគ្នា ធៀប​នឹង​បណ្ដា​រថភ្លើង​ល្បឿន​លឿន​ក្នុង​ប្រពៃណីបច្ចុប្បន្ន​ គឺ​មេដែក។ រថភ្លើង​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​ហៅថា Maglev ប្រើប្រាស់​មេដែក​ដើម្បី​បណ្ដែត រុញ និង​នាំ​រថភ្លើង​ឱ្យធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវដែក។

    ផ្លូវដែក​បែប​ប្រពៃណី​តែងតែ​មានការ​កកិត ប៉ុន្តែ​បណ្ដាញ​ផ្លូវដែក និង​រថភ្លើង​ប្រើ​កម្លាំង​មេដែក (Maglev Train​) ​​វិញ បាន​លុបបំបាត់​បញ្ហា​កកិត​នេះ តាមរយៈ​ការ​បណ្ដែត​រថភ្លើង​ឱ្យមាន​គម្លាត និង​នៅ​ពីលើ​ផ្លូវដែក។ ដោយសារតែ​មិនមាន​កម្លាំង​កកិត កម្លាំង​ទប់​របស់​បរិយាកាស​ជុំវិញ​គឺជា​ឧបសគ្គ​តែមួយគត់​ដែល​ធ្វើឱ្យ​រថភ្លើង Maglev រត់​យឺត។

    មេដែក​ដែល​ប្រើប្រាស់​ក្នុង​បណ្ដាញ​ផ្លូវ​រថភ្លើង​អណ្ដែត​នេះ​មិនមែនជា​ប្រភេទ​ដែល​យើង​អា​ចរក​ទិញ​បាន​នៅ​គ្រប់​ទីផ្សារ​នោះទេ។ ប៉ុន្តែ វា​គឺជា​មេដែក​អគ្គិសនី​កម្លាំង​ខ្លាំង ជួយ​ឱ្យ​រថភ្លើង​បរ​ក្នុង​ល្បឿន​លឿន​ខ្លាំង។

    បច្ចេកវិទ្យា​នៅ​ពីក្រោយ​រថភ្លើង​អណ្ដែត​​សៀង​ហៃ (Shanghai Maglev train)

    រថភ្លើង​ប្រភេទ​ខាងលើ​របស់​ជប៉ុន និង​ចិន ប្រើប្រាស់​ប្រព័ន្ធ​ព្យួរ​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច EMS (Electromagnetic suspension)។ ដោយ​ការប្រើប្រាស់​បច្ចេកវិទ្យា EMS រថភ្លើង​ត្រូវបាន​មេដែក​អគ្គិសនី​រុញ​ឡើង​ផុតពី​ផ្លូវដែក​ម៉ាញ៉េ​ទិច ធ្វើឱ្យ​វា​អណ្ដែត​ក្នុង​បរិយាកាស ប្រៀប​ដូច​កំពុង​ហោះ​។

    រថភ្លើង​នេះ​អណ្ដែត​ពីលើ​ផ្លូវដែក​ប្រហែល 10 មិល្លីម៉ែត្រ គ្រប់គ្រាន់​អាច​លុបបំបាត់​​ភាព​កកិត។ មេដែក​អគ្គិសនី​លើ​រថភ្លើង​នេះ​បង្កើត​អគ្គិសនី​ប្រភេទ​ចរន្តឆ្លាស់ (AC) ហើយ​កម្លាំង​ទាញ និង​រុញ​កើតឡើង​ដំណាលគ្នា រុញ​រថភ្លើង​ឆ្ពោះទៅមុខ។ បច្ចេកវិទ្យា​នេះ​ជួយ​ឱ្យ​រថភ្លើង​អណ្ដែត​សៀង​ហៃ​របស់​ចិន ​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន 480 គីឡូម៉ែត្រ/ម៉ោង និង​បង្កើតបាន​កំណត់ត្រា​ស្ដីពី​រថភ្លើង​ពាណិជ្ជកម្ម​​ដែល​មាន​ល្បឿន​លឿន​បំផុត​លើ​ពិភពលោក។

    ក៏ប៉ុន្តែ ផ្លូវដែក​​សម្រាប់​រថភ្លើងអណ្ដែត​សៀងហៃ​​របស់​ចិន​ខាងលើ​ មាន​តម្លៃ​រហូត​ដល់​ 1.3 ពាន់​លាន​ដុល្លារ​អាម៉េរិក និង​ត្រូវ​ចំណាយពេល​បី​ឆ្នាំ​ក្នុងការ​ស្ថាបនា៕

  • រថភ្លើង​បី​ខ្សែ​បុក​គ្នា​នៅ​ឥណ្ឌា ធ្វើឱ្យ​មនុស្ស​រាប់​រយ​​នាក់​បាត់​បង់ជីវិត

    រថភ្លើង​បី​ខ្សែ​បុក​គ្នា​នៅ​ឥណ្ឌា ធ្វើឱ្យ​មនុស្ស​រាប់​រយ​​នាក់​បាត់​បង់ជីវិត

    រថភ្លើង​ដឹក​អ្នកដំណើរ​ពីរ​គ្រឿង និង​រថភ្លើង​ដឹកទំនិញ​មួយគ្រឿង បាន​បុក​គ្នា​នៅ​ប្រទេស​ឥណ្ឌា បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 233 នាក់​បាត់​បង់ជីវិត និង​ជាង 850 នាក់​រងរបួស។

    រថភ្លើង​ល្បឿន​លឿន​ដឹក​អ្នកដំណើរ Bengaluru – Howrah កាលពី​ព្រលប់​ថ្ងៃទី 02 មិថុនា 2023 បាន​ធ្លាក់​ពី​ផ្លូវដែក​នៅ Balasore ក្នុង​រដ្ឋ Odisha នៅ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា។ ទូ​មួយចំនួន​របស់​រថភ្លើង​នេះ​ត្រូវ​ក្រឡាប់​ទៅលើ​ផ្លូវដែក​នៅក្បែរនោះ។

    រថភ្លើង​ល្បឿន​លឿន​ដឹក​អ្នកដំណើរ Shalimar – Chennai ពេលនោះ​កំពុងធ្វើដំណើរ​ជិត​ដល់​កន្លែងកើតហេតុ​។ ដោយសារ​ចាប់​ហ្វ្រាំង​មិនទាន់ រថភ្លើង​នេះ​ក៏​បុក​ពេញទំហឹង​ទៅលើ​ទូ​មួយចំនួន​របស់​រថភ្លើង Bengaluru – Howrah ដែល​បាន​ក្រឡាប់​មកលើ​ផ្លូវ បណ្ដាលឱ្យ​ទូ​មួយចំនួន​របស់​រថភ្លើង Shalimar – Chennai ត្រូវ​ក្រឡាប់ និង​ទះ​ទង្គិច​នឹង​រថភ្លើង​ដឹកទំនិញ​ដែល​កំពុង​ចត​នៅក្បែរ។

    សមត្ថកិច្ច​បានឱ្យដឹង​ថា រថយន្ត​សង្គ្រោះ​ជាង 100 គ្រឿង រួម​នឹង​ក្រុម​សង្គ្រោះ 8 អង្គភាព ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ។ មនុស្ស​យ៉ាងតិច 233 នាក់​បាន​ស្លាប់ ហើយ​ចំនួន​នេះ​អាច​នឹង​កើនឡើង​បន្តទៀត ខណៈដែល​មនុស្ស​ប្រហែល 850 នាក់​ត្រូវ​រងរបួស និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។

    នៅ​ប្រទេស​ឥណ្ឌា គុណភាព​បណ្ដាញ​ផ្លូវដែក​​កំពុង​​ទ្រុឌទ្រោមខ្លាំង​ ​ព្រោះ​តែ​ត្រូវបាន​ស្ថាបនា ប្រើប្រាស់​តាំងពី​យូរ ខណៈ​ការថែទាំ និង​ជួសជុល​ធ្វើឡើង​មិន​ពេញលេញ ដែល​នេះ​អាចជា​មូលហេតុ​មួយ​ដែលនាំឱ្យ​ឥណ្ឌា​ជួប​គ្រោះថ្នាក់​ច្រើន​ ទាក់ទង​នឹង​ផ្លូវដែក។

    កាលពី​ឆ្នាំ 2021 ប្រទេស​ឥណ្ឌា​មាន​មនុស្ស​ជាង 16,000 នាក់​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ផ្លូវដែក​ជិត 18,000 ករណី៕

  • ចិន​សាកល្បង​ដំណើរការ​ផ្លូវដែក​ល្បឿន​លឿន​ឆ្លងកាត់​សមុទ្រ​ដំបូង​របស់ខ្លួន

    ចិន​សាកល្បង​ដំណើរការ​ផ្លូវដែក​ល្បឿន​លឿន​ឆ្លងកាត់​សមុទ្រ​ដំបូង​របស់ខ្លួន

    រថភ្លើង​ល្បឿន​លឿន​បាន​រត់​សាកល្បង​នៅលើ​កំណាត់​ផ្លូវដែក​ប្រវែង​ជាង 277 គីឡូម៉ែត្រ ត​ភ្ជាប់​ទីក្រុង Fuzhou ទៅកាន់​ទីក្រុង Xiamen កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​។

    ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ឆ្លងកាត់​សមុទ្រ​ដំបូង​របស់​ប្រទេស​ចិន ចាប់ផ្ដើម​ដំណើរការ​កែតម្រូវ​ប្រព័ន្ធ និង​ដំណើរការ​សាកល្បង​ជាមួយនឹង​រថយន្ត​មួយ​ខ្សែ​ដែល​ចេញដំណើរ​ពី​ស្ថានីយ Fuzhou នៃ​ខេត្ត Fujian កាលពី​ថ្ងៃទី 20 ឧសភា ឆ្នាំ 2023។

    ការស្ថាបនា​ផ្លូវដែក​ដែល​ត​ភ្ជាប់​ទី Fuzhou ទៅនឹង​ទីក្រុង Xiamen បានចាប់ផ្ដើម​កាលពី​ខែកញ្ញា ឆ្នាំ 2017។ ផ្លូវដែក​នេះ​បាន​ឆ្លង​ផុត​ដំណាក់កាល​ធ្វើតេស្ត​អសកម្ម​កាលពី​ខែកុម្ភៈ 2023។

    ផ្លូវដែក​ប្រវែង 277.42 គីឡូម៉ែត្រ​នេះ​ធ្វើដំណើរ​ឆ្លងកាត់​ទីក្រុង​មួយចំនួន​ដូចជា ទីក្រុង Putian, Quanzhou, Zhangzhou និង​ឆ្លងកាត់​ស្ពាន​ចំនួន​បី​ដែល​ឆ្លងកាត់​ឆកសមុទ្រ Meizhou, Quanzhou និង Anhai។

    តាម​ផែនការ ផ្លូវដែក​នេះ​នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ចាប់ពី​ចុងខែ​កញ្ញា​ឆ្នាំនេះ ហើយ​វា​នឹង​​ជួយ​ឱ្យ​ការ​ធ្វើ​ដំណើរ​​​ពី​ទីក្រុង Fuzhou ទៅនឹង​ទីក្រុង Xiamen ​ចំណាយពេល​មិន​ដល់​មួយ​ម៉ោង ព្រម​ទាំង​​អាច​បើកបរ​ក្នុង​ល្បឿន​អតិបរមា 350 គីឡូម៉ែត្រ/ម៉ោង៕

  • គម្រោង​សាងសង់​កោះ​វេជ្ជសាស្ត្រ​រាង​អឌ្ឍចន្ទ​​ប្រកប​ដោយ​បច្ចេក​វិទ្យា​ខ្ពស់​នៅ​ទីក្រុង​ឌូ​បៃ

    គម្រោង​សាងសង់​កោះ​វេជ្ជសាស្ត្រ​រាង​អឌ្ឍចន្ទ​​ប្រកប​ដោយ​បច្ចេក​វិទ្យា​ខ្ពស់​នៅ​ទីក្រុង​ឌូ​បៃ

    Kalbod Design ដែលជា​ស្ទូ​ឌី​យោ​មួយ​នៅ​រដ្ឋធានី​តេ​ហេ​រ៉ង់ (ប្រទេស​អ៊ីរ៉ង់) បានបង្ហាញ​គម្រោង​កោះ​វេជ្ជសាស្ត្រ​ឌូ​បៃ ដែលមាន​អគារ​កប់​ពពក​ទំហំ​មួយ​លាន​ម៉ែត្រការ៉េ ដ៏​លេចធ្លោ​នៅ​ចំ​កណ្ដាល។

    កោះ​ថ្មី​នេះ​មាន​ឈ្មោះថា ទីក្រុង​ថែទាំ​សុខភាព​ឌូ​បៃ (Dubai Healthcare City) ដែលជា​តំបន់​ចម្រុះ​អណ្ដែត​លើ​ផ្ទៃ​ទឹក ផ្ដោត​សំខាន់​លើ​ការផ្ដល់សេវា​ថែទាំ​សុខភាព​គុណភាព​ខ្ពស់ បំពាក់​បច្ចេកវិទ្យា​ទំនើប និង​ប្រកបដោយ​ស្ថិរភាព ព្រមទាំង​គោរព​តាម​លក្ខខណ្ឌ​នៃ​ភូមិសាស្ត្រ និង​សង្គម​ដ៏​ពិសេស​របស់​តំបន់។ Design Boom ចុះផ្សាយ​ព័ត៌មាន​នេះ​កាលពី​ថ្ងៃទី 15 ឧសភា។

    ទីក្រុង​ថែទាំ​សុខភាព​ឌូ​បៃ មាន​រូបរាង​ដូច​​អឌ្ឍចន្ទ ឬ​ដូច​ចំណិតដូង និង​រួមផ្សំ​ជាមួយនឹង​កត្តា​រចនាបថ​រូបវិទ្យា​ក្នុង​សាសនា​អ៊ីស្លាម។ កោះ​នេះ​ដំណើរការ​ដូច​ទៅនឹង​តំបន់​ចម្រុះ​ក្នុង​អគារ ដោយមាន​ប្រព័ន្ធ​គមនាគមន៍​ក្នុង​ទឹក​ដោយឡែក តំបន់​លំនៅ​ដែលមាន​រុក្ខជាតិ​បៃតង​ត្រជាក់​សម្រាប់​អ្នកជំងឺ បណ្ដា​មជ្ឈមណ្ឌល​អប់រំ និង​អភិវឌ្ឍ។ល។

    ច្រកចូល​កោះ​នេះ​ត្រូវបាន​ស្ថាបនា​ក្រោម​ទឹក ដើម្បី​កាត់បន្ថយ​ការធ្វើ​ចរាចរណ៍​របស់​រថយន្ត​នៅលើ​កោះ។ ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​ទឹក​រួមមាន ប្រព័ន្ធ​រថភ្លើង​អគ្គិសនី និង​រថយន្ត​អគ្គិសនី។ គ្រប់កន្លែង​នៅលើ​កោះ​នេះ​សុទ្ធ​តែមាន​ស្ថានីយ​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ។ ចំណែក​អ្នក​ថ្មើរជើង​វិញ គឺអាច​ដើរ​នៅលើ​កោះ​នេះ​ដោយ​សេរី។

    កោះ​នេះ​មាន​បី​តំបន់សំខាន់ៗ ក្នុងនោះ តំបន់​អប់រំ និង​ស្រាវជ្រាវ​ស្ថិតនៅ​ចំ​កណ្ដាល ខណៈ​តំបន់​វេជ្ជសាស្ត្រ និង​អគារ​ស្នាក់នៅ ស្ថិតនៅ​ជុំវិញ។ បណ្ដា​ផ្លូវ​ស្ថិតនៅ​ទី​ខ្ពស់​ចន្លោះ​តំបន់​នានា​នឹង​នាំមក​នូវ​ខ្យល់​បរិសុទ្ធ និង​មាន​តួនាទី​ជា​លំហ​បៃតង។ អ្នក​ថ្មើរជើង​អាច​ផ្លាស់​ទី​ក្នុង​កម្ពស់ផ្សេងៗគ្នា អាច​គយគន់​ទេសភាព​ដ៏​អស្ចារ្យ​របស់​ឌូ​បៃ និង​ឈូង​សមុទ្រ​ពែ​ក្ស។

    នៅ​កណ្ដាល​កោះ​គឺជា​អគារ​ខ្ពស់កប់ពពក​ទំហំ​រហូតដល់​មួយ​លាន​ម៉ែត្រការ៉េ បែង​ចែកជា​ពីរ​ផ្នែក រួមមាន ផ្នែក​ ​ផ្ទាល់​ដី មាន​ទំហំ 670,000 ម៉ែត្រការ៉េ សម្រាប់​សកម្មភាព​អប់រំ និង​ផ្នែក​ខាងលើ​ដែលមាន​រាង​ដូច​អឌ្ឍចន្ទ​ ទំហំ 330,000 ម៉ែត្រការ៉េ សម្រាប់​ធ្វើជា​សាល​តាំងពិព័រណ៍ បន្ទប់ពិសោធន៍ និង​អភិវឌ្ឍ សួន​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា បណ្ណាល័យ និង​ពិព័រណ៍​សមិទ្ធផល​បច្ចេក​វិទ្យា​ឌីជីថល។ ក្រៅពី​អគារ​នៅ​ចំ​កណ្ដាល Dubai Healthcare City នឹងមាន​អគារ​ចំនួន 14 ផ្សេងទៀត​ដែលមាន​មុខងារ​វេជ្ជសាស្ត្រ និង​សណ្ឋាគារ​ចំនួន 24 នៅលើ​ក្បាល​ទាំងពីរ​របស់​កោះ។

    គ្រប់​អគារ​សុទ្ធ​តែមាន​សួនច្បារ​​នៅខាងមុខ និង​ដាំ​រុក្ខជាតិ​ច្រើន​ប្រភេទ ដែល​នាំមក​នូវ​ម្លប់​ត្រជាក់ និង​ខ្យល់​បរិសុទ្ធ​បែប​ធម្មជាតិ រួមចំណែក​លើកកម្ពស់​គុណភាព​បរិយាកាស​របស់​​ឌូ​បៃ៕

  • រថភ្លើង​​អាកាស​ បរ​ក្រោម​​ផ្លូវដែក​មួយ​ជួរ​​នៅ​ប្រទេស​ចិន ដំណើរ​ការ​ស្វ័យ​ប្រវត្ត

    រថភ្លើង​​អាកាស​ បរ​ក្រោម​​ផ្លូវដែក​មួយ​ជួរ​​នៅ​ប្រទេស​ចិន ដំណើរ​ការ​ស្វ័យ​ប្រវត្ត

    រថភ្លើង​ដែលមាន​ល្បឿន 60 គីឡូម៉ែត្រ/ម៉ោង​ ​ស្ថិតនៅក្នុង​ទីក្រុង Wuhan ខេត្ត Hubei ប្រទេស​ចិន ​ដំណើរការ​ដោយ​ស្វ័យប្រវត្ត និង​ស្ងាត់ នាំមក​នូវ​បទពិសោធន៍​ផាសុកភាព​ដល់​អ្នកដំណើ​រ។

    រថភ្លើង​ដែល​មាន​ឈ្មោះថា «Optics valley photon» ត្រូវ​បាន​ព្យួរ​ក្រោម​​ផ្លូវដែក​​មួយ​ជួរ​ ធ្វើឱ្យ​វា​ដូច​ទៅនឹង​កា​រ​បរ​ត្រលប់​ពីលើ​មកក្រោម។ នៅពេល​រត់​ខាងលើ​ទីក្រុង​នៅពេល​យប់ រថភ្លើង​នេះ​មាន​ពន្លឺ​ដ៏​ស្រស់​ស្អាត​។

    ធៀប​នឹង​រថភ្លើង​អគ្គិសនី​ក្រោម​ដី​ដែល​បរ​លើផ្លូវ​ដែក​ពីរ​ជួរ​បច្ចុប្បន្ន រថភ្លើង​ព្យួរ​ក្រោម​ផ្លូវដែក​មួយ​ជួរ​នេះ​ស្ងាត់ ល្អ​ និង​មាន​ផាសុកភាព​ជាង។ រថភ្លើង​នេះ​ក៏​មិន​ត្រូវបាន​រំខាន​ដោយ​មនុស្ស ឬ​យានយន្ត​ដទៃ។ អស្ចារ្យ​ជាង​នេះ នោះ​គឺ​អ្នកដំណើរ​អាច​គយ​គន​ទេសភាព​ទីក្រុង​ពី​ជ្រុង​មួយ​ខុសពី​រថភ្លើង​ធម្មតា តាមរយៈ​បាត​ធ្វើ​ពី​កញ្ចក់​។​

    រថភ្លើង​ព្យួរ​បញ្ច្រាស​ក្រោម​ផ្លូវដែក​មួយ​ជួរ​នេះ​ដំណើរការ​ប្រកបដោយ​ភាព​ឆ្លាត​វៃ ក្នុង​ល្បឿន​អតិបរមា 60 គីឡូម៉ែត្រ/ម៉ោង។ ដំណើរការ​ទាំងស្រុងរ​បស់​រថភ្លើង​នេះ រួមមាន ការ​បើក​បិទ​ទ្វារ ការ​ចាប់ផ្ដើម​រត់ និង​ការ​ចូល​ចត​ក្នុង​ស្ថានីយ គឺ​សុទ្ធតែ​ធ្វើឡើង​ដោយ​ស្វ័យប្រវត្ត​ ​មិនបាច់​មាន​​ជំនួយ​ពី​មនុស្ស​។

    រថភ្លើង​នេះ​កំពុងដំណើរការ​ដូច​ទៅនឹង​ផ្លូវ​ទស្សនកិច្ច​សម្រាប់​ទេស​ចរ​នៅ​តំបន់​អភិវឌ្ឍ​បច្ចេកវិទ្យា​ជាន់ខ្ពស់ East Lake (East Lake Hi-tech Development Zone) របស់​ទីក្រុង Wuhan។

  • ស្ពាន​សម្រាប់​ផ្លូវរថភ្លើង​​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក

    ស្ពាន​សម្រាប់​ផ្លូវរថភ្លើង​​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក

    (ឥណ្ឌា) – ស្ពាន Chenab ដែលមាន​កម្ពស់ 359 ម៉ែត្រ​ធៀប​នឹង​ផ្ទៃ​ទឹកទន្លេ Chenab ក្នុង​តំបន់ Jammu និង Kashmir គ្រោង​នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​ចាប់ពី​ចុងខែ​ធ្នូ 2023 ឬ​ដើមខែ​មករា 2024។

    ស្ពាន​ដែលមាន​ប្រវែង 1,315 ម៉ែត្រ​នេះ ស្ថិតក្នុង​គម្រោង​នាំយក​បណ្ដាញ​ផ្លូវដែក​ទៅកាន់​តំបន់​ជ្រលង​ភ្នំ Kashmir។ ក្រៅពី​ស្ពាន Chenab គម្រោង​ផ្លូវដែក Udhampur-Srinagar-Baramulla (USBRL) ក៏មាន​ទាំង​ផ្លូវ​រូង​ក្រោម​ដី​វែង​ជាងគេ​ប្រចាំ​ប្រទេស និង​ស្ពាន​ខ្សែកាប​ដំបូង​សម្រាប់​ផ្លូវដែក​ឥណ្ឌា​ផងដែរ។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន CNN។

    សម្រាប់​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ការវិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ស្ពាន Chenab និង​គម្រោង USBRL ជាដើម គឺជា​វិធី​ដែលមាន​ប្រសិទ្ធភាព​ដើម្បី​បង្កើន​ការតភ្ជាប់​ក្នុងសង្គម ភ្ជាប់​តំបន់​ដាច់ស្រយាល​​ជាមួយ​នឹង​​ទីក្រុងធំៗ។ ការតភ្ជាប់ Kashmir និង​តំបន់​ដទៃទៀត​នេះ នឹង​ពង្រឹង​ការអភិវឌ្ឍ​ឧស្សាហកម្ម និង​កសិកម្ម​ក្នុង​តំបន់។

    មុន​នោះ ផ្លូវ​តែមួយ​ខ្សែ​គត់​ដែល​ត​ភ្ជាប់​តំបន់ Kashmir ជាមួយនឹង​តំបន់​នានា​នៅ​ឥណ្ឌា គឺ​ផ្លូវជាតិ Sringar-Jammu ប្រវែង 300 គីឡូម៉ែត្រដែល​បត់បែន​ខ្លាំង​។ ផ្លូវ​នេះ​ត្រូវ​បិទ​នៅ​រដូវរងា ហើយ​តែងតែ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍។

    ឥណ្ឌា​បាន និង​កំពុងតែ​វិនិយោគ​ជាច្រើន​ទៅលើ​ការស្ដារ និង​ធ្វើឱ្យ​ប្រសើរឡើង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន។ កាលពី​ខែកុម្ភៈ 2023 លោក Modi បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កំណាត់​ផ្លូវ​ដំបូង​របស់​ផ្លូវ​ល្បឿន​លឿន​ប្រវែង 1,386 គីឡូម៉ែត្រ ត​ភ្ជាប់​រដ្ឋធានី​ញូវដែលី ជាមួយនឹង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មុម​បៃ។ ដំណើរការ​សាងសង់​ផ្លូវ​របៀងដឹក​ជញ្ជូន​​នៅ​ភាគ​ខាងលិច​ប្រទេស​​ក៏​កំពុង​ត្រូវបាន​ធ្វើឡើង ដែល​នេះ​នឹង​ជួយ​កាត់បន្ថយ​សម្ពាធនៃ​​​បណ្ដាញ​ផ្លូវដែក​នៅ​ឥណ្ឌា៕

  • ផ្លូវដែក​ឡាវ-ចិន ដឹកជញ្ជូន​ទំនិញ​បាន​ជាង ១០ ពាន់​លាន​យុន ក្រោយ​ដំណើរការបាន ៩ ខែ

    ផ្លូវដែក​ឡាវ-ចិន ដឹកជញ្ជូន​ទំនិញ​បាន​ជាង ១០ ពាន់​លាន​យុន ក្រោយ​ដំណើរការបាន ៩ ខែ

    ខ្សែ​រថភ្លើង​ឡាវ-ចិន ដឹកជញ្ជូន​ទំនិញ​អន្តរជាតិ​បាន​រាប់លាន​តោន គិត​ជាត​ម្លៃ​បាន​ជាង ១០ ពាន់​លាន​យុន ក្រោយពី​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ចុងឆ្នាំ​កន្លង។

    យោងតាម Global Times ចាប់តាំងពី ផ្លូវដែក​ចិន-ឡាវ បាន​ដំណើរការ​កាលពី​ថ្ងៃទី ០៣ ធ្នូ ២០២១ អាជ្ញាធរ​នៅ​កំពង់ផែ Mohan នៃ​ខេត្ត Yunnan ប្រទេស​ចិន ដែល​ស្ថិត​នៅជាប់​នឹង​ព្រំដែន​ជាមួយ ប្រទេស​ឡាវ បានអនុញ្ញាត​ឱ្យ​រថភ្លើង​ឆ្លងកាត់​ព្រំដែន​ចំនួន ១,៨៦៨ ជើង។ ទំនិញ​សរុប​ដែល​ត្រូវបាន​ដឹក​តាម​ខ្សែ​រថភ្លើង​នេះ​មាន​ចំនួន ១.២៨ លាន​តោន ក្នុងនោះ​មាន ៣៤០,០០០ តោន គឺជា​ទំនិញ​នាំ​ពី​ប្រទេស​ចិន ចូល​ប្រទេស​ឡាវ និង ៩៤០,០០០ តោន ជា​ទំនិញ​នាំ​ពី ប្រទេស​ឡាវ ចូល ប្រទេស​ចិន។

    ទំនិញ​ដែល​ត្រូវបាន​ដឹក​ជញ្ជូន​​តាម​រយៈ​​ផ្លូវដែក​ចិន-ឡាវ នេះ មាន​ចំនួន​ប្រមាណ ២ ពាន់​មុខ រួម​មានដូចជា ផលិតផល​អេឡិចត្រូនិក ផ្ទាំង​សូ​ឡា ឧបករណ៍​ទូរគមនាគមន៍។ល។ គិត​មកដល់​ដើមខែ​សីហា​កន្លងទៅ ផ្លូវដែក​នេះ​ក៏​ដឹកជញ្ជូន​អ្នកដំណើរ​បាន ៥.៥៤ លាន​ជើង​រួចហើយ​ដែរ។

    ផ្លូវដែក​ចិន-ឡាវ គឺជា​គម្រោង​ស្ថិតក្នុង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ ដែល​បង្កើតឡើង​ដោយ​ប្រទេស​ចិន។ ផ្លូវដែក​នេះ​រត់​ឆ្លងកាត់ ៣០ ខេត្ត និង​តំបន់​ស្វយ័ត​នៅក្នុង​ទឹកដី​របស់ ប្រទេស​ចិន និង ៨ ប្រទេស​នៅ តំបន់​អាស៊ីអាគ្នេយ៍ មានដូចជា ប្រទេស​ឡាវ, មី​យ៉ាន​ម៉ា, ថៃ និង វៀតណាម ជាដើម។

    ផ្លូវដែក​ចិន-ឡាវ បាន​ក្លាយជា​ភ្នាក់ងារ​ត​ភ្ជាប់​ដ៏​សំខាន់​រវាង ប្រទេស​ចិន ជាមួយនឹង​បណ្ដា​ប្រទេស​នៅក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់ ប្រទេស​ចិន។

    ផ្លូវដែក​ប្រវែង ១,០៣៥ គីឡូម៉ែត្រ​នេះ អាចជួយ​សន្សំសំច័យ​ប្រាក់​ក្នុងការ​ដឹកជញ្ជូន​បាន​ពី 40-50% សម្រាប់​បណ្ដា​ក្រុមហ៊ុន អាជីវករ​នាំចេញ នាំចូល។ ប្រការនេះ​នាំឱ្យ ប្រទេស​ចិន និង​ប្រទេស​មួយចំនួន​នៅ អាស៊ីអាគ្នេយ៍ កំពុងមាន​គម្រោង​ពង្រីក​ផ្លូវដែក​នេះ​បន្ថែមទៀត៕

  • ប្រជាជន​កម្ពុជានឹង​អាច​ធ្វើ​ដំណើរទៅប្រទេស​សិង្ហបុរីបានតាមរថភ្លើង

    ប្រជាជន​កម្ពុជានឹង​អាច​ធ្វើ​ដំណើរទៅប្រទេស​សិង្ហបុរីបានតាមរថភ្លើង

    ប្រជាជន​កម្ពុជានឹង​អាចមានលទ្ធភាព​ធ្វើ​ដំណើរតាម​រថភ្លើង​ឆ្ពោះ​ទៅ​ប្រទេស​សិង្ហបុរីបានដោយឆ្លងកាត់ប្រទេសថៃ ​ដោយ​មិន​ចាំបាច់​ជិះ​យន្ត​ហោះ​ទៀតឡើយ។ នេះបើតាមការ​បញ្ជាក់ពីឯកឧត្តម​ទេស​រដ្ឋមន្រ្តី ​ស៊ុន ចាន់​ថុល រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ញ្ជូនដែលបានថ្លែងប្រាប់​អ្នក​សារ​ព័ត៌មាន​នៅក្នុង​ពិធី​ដាក់ឱ្យ​ដំណើរ​ការផ្លូវ​រថភ្លើង​ពី​ពោធិ៍សាត់ ​ទៅ​ភ្នំពេញ​។

    ឯកឧត្តម ស៊ុន ចាន់​ថុល បានថ្លែងថា ប្រជាពលរដ្ឋខ្មែរដែលចង់​ធ្វើ​ដំណើរ​តាម​រថភ្លើង​ពី​កម្ពុជា​ទៅ​សិង្ហបុរី​(Singapore)អាច​ជិះ​រថភ្លើង​បន្ត​ពី​ប្រទេស​ថៃទៅបាន ​ព្រោះ​ថៃ​មានខ្សែ​រថភ្លើង​ភ្ជាប់ទៅសិង្ហបុរីស្រាប់​។ ជាមួយគ្នានោះដែរ ​កម្ពុជា​ក៏​កំពុង​ស្នើ​ខាង​ថៃ ​ឱ្យសិក្សាការ​តភ្ជាប់​រថភ្លើង​របស់​កម្ពុជា​ទៅ​សិង្ហបុរីត្រង់​តែម្ដង​​ដោយ​មិន​បាច់​ចាំ​ឱ្យ​អ្នក​ដំណើរ​ដូរ​រថភ្លើង​នោះ​ទេ។​​​​​ ​​​​​ជាងនេះទៀតកម្ពុជា និង​ថៃក៏កំពុង​ត្រៀម​ចុះ​កិច្ច​ព្រម​ព្រៀង​ដាក់​ឱ្យ​ប្រតិបត្តិការ​តភ្ជាប់​ខ្សែ​រថភ្លើង​រវាង​ប្រទេស​ទាំងពីរនៅថ្ងៃខាងមុខផងដែរ។​

    ឯក​ឧត្តម ​បានបញ្ជាក់បន្ថែមទៀតថា៖ «ផ្លូវ​រថភ្លើង​ភ្ជាប់​ព្រំដែន​កម្ពុជា-ថៃ​ត្រង់​ចំណុច​ប៉ោយ​ប៉ែត​យើង​បាន​ធ្វើ​រួចរាល់​អស់​ហើយ យើងរង់​ចាំ​តែ​មេ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ​ជួប​គ្នា ​និង​ចុះ​ហត្ថលេខា​ប៉ុណ្ណោះ​»។ ​​​​​​​

    គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី​​6 កក្កដាកន្លងទៅ ​តំណាង​មន្ត្រី​មក​ពី​ភាគី​ថៃ​បាន​មក​ចរចា​ជាមួយ​​​​​​​ភាគីកម្ពុជារួចរាល់ហើយ និង​មិន​យូរ​នោះ​ទេ កិច្ចព្រមព្រៀង​នេះនឹង​បញ្ចប់​ជា​ផ្លូវការ។ ទ​ន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី​ ​លោក ​ប្រាយុធ ចាន់អូឆា បាន​សន្យា​ថា​ នឹង​ផ្ដល់​ក្បាលរថភ្លើងចំនួន​ ​4គ្រឿងដល់​កម្ពុជា​ផង​ដែរ​។​​

    តែទោះបីជាភាគីទាំង2 បានបញ្ចប់​កិច្ចព្រមព្រៀងជា​ផ្លូវការហើយក្ដី ក៏មិនមែនបានន័យថាយើងនឹងបើកការធ្វើដំណើរនាថ្ងៃនោះដែរ ដោយហេតុថានៅមានកិច្ចព្រមព្រៀងដទៃទៀតជាច្រើនដែលត្រូវបំពេញដូចជាសមត្ថកិច្ចតាមព្រំដែនដែលត្រូវរៀបចំទាំងសងខាង ពោលគឺទ្វេភាគីត្រូវត្រៀមខ្លួនឱ្យរៀបរយសិនទើបអាចធ្វើដំណើរបានដោយសុវត្ថិភាពទៅដល់គោលដៅ៕