Tag: រដ្ឋបាលរាជធានីភ្នំពេញ

  • ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកគ្រោងនឹង​ដាក់ឱ្យដំណើរការនៅដើមសប្តាហ៍ក្រោយ​

    ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកគ្រោងនឹង​ដាក់ឱ្យដំណើរការនៅដើមសប្តាហ៍ក្រោយ​

    ភ្នំពេញ៖ លោក ចៅ សុភៈភិបាល អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ កាល​ពី​ថ្ងៃទី 1 ខែវិច្ឆិកាម្សិលមិញ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ចុះធ្វើ​ទស្សនកិច្ចស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក រាជធានី​ភ្នំ​ពេញ ដោយមានការចូលរួមពីលោកអគ្គនាយករង ប្រធាននាយកដ្ឋានជំនាញក្រោមឱវាទ និងមន្ត្រីបច្ចេកទេស ក្រោមការសម្របសម្រួលពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុនសាងសង់។

    គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះគ្រោងធ្វើការប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ និងដាក់ឱ្យដំណើរការនៅដើមសប្តាហ៍ទីពីរ នៃខែវិច្ឆិកា ឆ្នាំ 2023 ខាងមុខ។

    ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ សាងសង់ដោយក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈួរ (Kubota-Metawater Joint Venture) លើផ្ទៃដីទំហំ 3 ហិកតា ស្ថិតនៅភូមិព្រែកតាគង់មួយ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន និង​មានតម្លៃប្រមាណ 20 លានដុល្លារអាមេរិក៕

  • ស្ពានកោះពេជ្រ-កោះនរា នឹង​ត្រូវ​បាន​បើក​ឱ្យ​ធ្វើ​ចរាចរណ៍​បណ្ដោះ​អាសន្ន​នៅខែក្រោយ

    ស្ពានកោះពេជ្រ-កោះនរា នឹង​ត្រូវ​បាន​បើក​ឱ្យ​ធ្វើ​ចរាចរណ៍​បណ្ដោះ​អាសន្ន​នៅខែក្រោយ

    ស្ពានកោះពេជ្រ-កោះនរា ដែល​ស្ថិត​ក្នុង​រាជធានីភ្នំ​ពេញ​ត្រូវបានតភ្ជាប់រួច​រាល់​ ហើយ​គ្រោងនឹងត្រូវ​​សម្ពោធដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននៅថ្ងៃទី 27 តុលា 2023។

    ដំណឹង​ខាងលើ​នេះ​គឺ​យោង​ទៅ​តាមពិធីភ្ជាប់ស្ពានដែល​ត្រូវ​បាន​ប្រារព្ធឡើងកាល​ពី​ថ្ងៃ​ទី 13 កញ្ញា 2023 ក្រោមអធិបតីភាពឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ និងអ្នកឧកញ៉ាពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC។

    ស្ពានបេតុង​ខ្សែ​កាប​កោះពេជ្រ-កោះនរានេះ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ និង​ខណ្ឌ​ចំការមន ​រាជធានីភ្នំពេញ។ ស្ពាន​នេះ​មានបណ្តោយប្រវែង 824 ម៉ែត្រ ទទឹងប្រវែង 24.5 ម៉ែត្រ និងមានសសរខ្សែកាបកម្ពស់ 60 ម៉ែត្រចំនួនពីរ​ដើម ដែលមានចម្លាក់ក្បាច់ខ្មែរ។ នៅរដូវ​វស្សា កម្ពស់ពីផ្ទៃទឹកទៅស្ពានសម្រាប់នាវាចរណ៍​ មានកម្ពស់អប្បបរមា 8 ម៉ែត្រ។

    ស្ពានកោះពេជ្រ​-កោះនរា មានគន្លង​ចរាចរណ៍​ទ្វេរទិស ពីរទៅ និង​ពីរមក ក្នុង​នោះគន្លងនីមួយៗមានទទឹង 3.25 ម៉ែត្រ និងមានគន្លងសម្រាប់ទោចក្រយានយន្ត មួយ​ទៅ​ មួយ​មក ដែលមានទទឹង 1.25 ម៉ែត្រ។

    ស្ពាន​នេះ​ត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ និង​ ​ប្រើ​ប្រាស់​ទុនវិនិយោគ 38 លានដុល្លារអាម៉េរិក​៕

  • រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការផ្តល់សេវារថយន្តក្រុង (City Bus) និងសេវាកាណូត (Taxi Boat) របស់រដ្ឋាករស្វយ័តដឹងជញ្ជូនសាធារណៈ ជាបណ្តោះអាសន្ន

    រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការផ្តល់សេវារថយន្តក្រុង (City Bus) និងសេវាកាណូត (Taxi Boat) របស់រដ្ឋាករស្វយ័តដឹងជញ្ជូនសាធារណៈ ជាបណ្តោះអាសន្ន

    រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់សេវារថយន្តក្រុង (City Bus) និងសេវាកាណូត (Taxi Boat) របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ទាំងអស់ ឱ្យបានជ្រាបថាបច្ចុប្បន្ន មេរោគកូវីដ ១៩ (Covid-19) កំពុងរាតត្បាតនៅទូទាំងពិភពលោក ហើយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ ក្រសួងសុខាភិបាលបានរកឃើញមានអ្នកផ្ទុកមេរោគកូរីដ ១៩ (Covid-19) មួយចំនួន ហើយរាជរដ្ឋាភិបាលក៏បានចាត់វិធានការទប់ស្កាត់ការចម្លង និងការរីករាលដាលនៃមេរោគកូវីដ ១៩ (Covid-19) នេះផងដែរ។

    ដូចនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការចម្លង និងការរីករាលដាលមេរោគកូវីដ ១៩ (Covid-19) នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការផ្តល់សេវារថយន្តក្រុង (City Bus) និងសេវាកាណូត (Taxi Boat) ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ស្ថានការណ៍នៃមេរោគកូវីដ ១៩ (Covid-19) បានធូរស្បើយ។

    រដ្ឋបាលរាជធានីភ្នំពេញមានក្តីសង្ឃឹមទុកជាមុនថាសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់សេវារថយន្តក្រុង (City Bus) និងសេវាកាណូត (Taxi Boat) យោគយល់អធ្យាស្រ័យ និងចូលរូមទប់ស្កាត់កាវរីករាលដាលមេរោគកូវីដ ១៩ (Covid-19) នេះទាំងអស់គ្នា៕

    ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖