Tag: រដូវភ្លៀង

  • ទឹកជំនន់​វាយប្រហារ​ប្រទេស​ឥណ្ឌា ធ្វើឱ្យ​មនុស្ស 49 នាក់​បាត់​បង់ជីវិត

    ទឹកជំនន់​វាយប្រហារ​ប្រទេស​ឥណ្ឌា ធ្វើឱ្យ​មនុស្ស 49 នាក់​បាត់​បង់ជីវិត

    ភ្លៀង​ធំ​ដែល​បង្ក​ជា​ទឹកជំនន់ និង​បំណាក់​ដី បាន​បំផ្លាញ​ផ្ទះសំបែង បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 41 នាក់​បាត់​បង់ជីវិត​នៅ​ភាគ​ខាងជើង ខណៈ 9 នាក់​ផ្សេងទៀត​បាន​ស្លាប់​ដោយសារ​បាក់ស្រុត​វិហារ។

    រូបភាព​ពី​បណ្ដាញ​សង្គម​បង្ហាញថា ជំនន់​ទឹកភ្លៀង​ហូរ​ចុះ​ពី​ភ្នំ កួច​យក​ផ្ទាំង​ថ្មធំៗ និង​បំផ្លាញ​ផ្ទះ សំណង់​នានា​នៅក្នុង​រដ្ឋ Himachal Pradesh នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា។

    បន្ទាប់ពី​គ្រោះទឹកជំនន់ និង​បំណាក់​ដី​កើតឡើង សាកសព​មនុស្ស 49 នាក់​ត្រូវបាន​រកឃើញ គ្រា​ដែល​អាជ្ញាធរ​ក្នុង​តំបន់​កំពុង​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា។ ក្នុងចំណោម​អ្នកស្លាប់​សរុប មាន​យ៉ាងតិច 9 នាក់​បាន​ស្លាប់​នៅពេល​ទឹកជំនន់​ហូរ​កាត់ ធ្វើឱ្យ​វិហារ​មួយនៅ​ Shimla ត្រូវ​បាក់​រលំ។

    មនុស្ស 5 នាក់​ត្រូវបាន​សង្គ្រោះ​នៅ​ក្នុង​ហេតុ​ការណ៍​បាក់​រលំ​វិហារ​ខាងលើ ប៉ុន្តែ​នៅមាន​មនុស្ស​ពី 20 ទៅ 25 នាក់​ទៀត​កំពុង​ជាប់​ក្នុង​គំនរ​បាក់បែក ស្រប​ពេលដែល​សមត្ថកិច្ច​​កំពុង​ញាប់ដៃ​ញាប់ជើង​ជួយសង្គ្រោះ។

    អ្នកវិទ្យាសាស្ត្រ​បានឱ្យដឹងថា ការប្រែប្រួល​អាកាសធាតុ​កំពុងតែ​ធ្វើឱ្យ​រដូវភ្លៀង​នៅប្រទេស​​ឥណ្ឌា​ប្រែជា​វឹកវរ និង​ខុស​ធម្មតា​ បង្កឱ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​មុន៕

  • វិធីការពារកូនតូចឱ្យចៀសឆ្ងាយពីរោគគ្រុនផ្ដាសាយ រោគល្បីល្បាញប្រចាំរដូវភ្លៀង

    វិធីការពារកូនតូចឱ្យចៀសឆ្ងាយពីរោគគ្រុនផ្ដាសាយ រោគល្បីល្បាញប្រចាំរដូវភ្លៀង

    ពេលនេះចូលដល់រដូវភ្លៀងហើយ ធាតុអាកាសក៏ចាប់ផ្ដើមប្រែប្រួល ធ្វើឱ្យលោកឪពុកអ្នកម្ដាយចាប់ផ្ដើមមានកង្វល់ពាក់ព័ន្ធនឹងសុខភាពរបស់កូនតូច រួមទាំងជំងឺផ្សេងទៀតផង ហើយជំងឺដ៏ល្បីល្បាញប្រចាំរដូវភ្លៀង ក៏ប្រហែលជាគេចមិនផុតពី “ជំងឺគ្រុនផ្ដាសាយ” យ៉ាងពិតប្រាកដ។ លោកឪពុកអ្នកម្ដាយទាំងឡាយធ្លាប់នឹកឆ្ងល់ខ្លះទេថា ហេតុអីបានជាកូនក្មេងតូចៗងាយកើតជំងឺគ្រុនផ្ដាសាយម្ល៉េះ? ហើយបើកើតហើយ តើត្រូវធ្វើយ៉ាងណាស្រួល?

    …កុំអាលភ័យបារម្ភអី…មុនអ្វីទាំងអស់ យើងនាំគ្នាមកមើលពីមូលហេតុទាំងអស់គ្នាសិនថា ហេតុអីបានកូនតូចងាយកើតជំងឺគ្រុនផ្ដាសាយក្នុងរដូវភ្លៀងម្ល៉េះ?

    មូលហេតុចម្បងៗដែលធ្វើឱ្យកូនតូចកើតរោគគ្រុនផ្ដាសាយក្នុងអំឡុងរដូវភ្លៀង

    ជំងឺគ្រុនផ្ដាសាយ ភាគច្រើនមានមូលហេតុមកពីការឆ្លងមេរោគវីរុស ដែលអាចសាយភាយ និងចម្លងទៅមនុស្សជុំវិញខ្លួនដោយឆ្លងកាត់ប្រព័ន្ធដកដង្ហើម ការកណ្ដាស់ ការក្អក សំបោរ ទឹកមាត់ ការប៉ះពាល់វត្ថុដែលមានមេរោគគ្រុនផ្ដាសាយ។ ច្រើនប្រទះឃើញនៅលើក្មេងដែលមានប្រព័ន្ធប្រឆាំងជំងឺខ្សោយ ជាពិសេសក្មេងអាយុតិចជាង 6ឆ្នាំ ហើយរឹតតែជាទារកផង រឹតតែកើតការឆ្លងបានងាយទៅទៀត ហើយថែមទាំងក្នុងអំឡុងរដូវភ្លៀង អាកាសធាតុប្រែប្រួលញឹកញាប់ បន្តិចក្ដៅ បន្តិចត្រជាក់ផងនោះ រឹតតែធ្វើឱ្យក្មេងៗកើតជំងឺ្រុនផ្ដាសាយបានយ៉ាងងាយទៅតាមហ្នឹងដែរ…តែលោកឪពុកអ្នកម្ដាយកុំអាលទៅកង្វល់ព្រួយធ្វើអ្វី ព្រោះថា យើងអាចការពារជំងឺគ្រុនផ្ដាសាយឱ្យកូនៗបាន តាមចំណុចៗដូចខាងក្រោមនេះ ៈ

    វិធីការពារកូនតូចឱ្យចៀសឆ្ងាយពីជំងឺគ្រុនផ្ដាសាយក្នុងអំឡុងរដូវភ្លៀង មិនពិបាកឡើយ ចូរធ្វើតាមដូចតទៅនេះ ៈ

    • នាំកូនៗហាត់ប្រាណ ឬកម្រើកដៃជើង ធ្វើចលនារាងកាយឱ្យបានជាប់ជាប្រចាំ ដើម្បីសាងភាពកក់ក្ដៅដល់រាងកាយ ធ្វើឱ្យមានប្រព័ន្ធប្រឆាំងជំងឺដែលរឹតតែល្អឡើង។
    • ទទួលទានអាហារឱ្យបានគ្រប់ 5ប្រភេទក្រុម ដោយសង្កត់ធ្ងន់លើការញ៉ាំបន្លែ និងផ្លែឈើឱ្យបានច្រើន ជាពិសេសផ្លែឈើដែលមានវីតាមីន C ខ្ពស់ ដើម្បីឱ្យកូនមានប្រព័ន្ធប្រឆាំងជំងឺខ្លាំងក្នុងការតតាំងនឹងជំងឺគ្រុនផ្ដាសាយ។
    • ចំពោះទារក គួរឱ្យបៅទឹកដោះម្ដាយ ព្រោះទឹកដោះម្ដាយមានប្រព័ន្ធប្រឆាំងជំងឺដ៏ល្អ។
    • សម្រាកឱ្យបានគ្រប់គ្រាន់។ លោកឪពុកអ្នកម្ដាយត្រូវនាំកូនចូលគេងឱ្យបានទៀងពេល និងគេងឱ្យបានគ្រប់គ្រាន់តាមអំឡុងវ័យ។
    • អំឡុងពេលដែលអាកាសធាតុប្រែប្រួលញឹកញាប់ មានភ្លៀងធ្លាក់ស្ទើរតែរាល់ថ្ងៃ គួរចៀសវាងការនាំកូនចេញទៅក្រៅផ្ទះ ព្រោះបើកូនត្រូវលម្អងទឹកភ្លៀង ក៏អាចធ្វើឱ្យកូនកើតជំងឺគ្រុនផ្ដាសាយបានដូចគ្នាដែរ និងកុំភ្លេចត្រៀមឆត្រ និងអាវភ្លៀងផងបើចាំបាច់ត្រូវនាំកូនចេញទៅក្រៅដោយខានមិនបាន។
    • បើកូនទទឹកទឹកភ្លៀង សម្លៀកបំពាក់ទទឹក ឬសើម ចូរប្រញាប់ផ្លាស់ចេញ និងប្រញាប់នាំទៅងូតទឹក ព្រោះខណៈពេលនៅហាលភ្លៀង រាងកាយនឹងផ្លាស់ប្ដូរសីតុណ្ហភាពយ៉ាងឆាប់រហ័ស ទើបចាំបាច់ត្រូវងូតទឹកដើម្បីសម្រួលសីតុណ្ហភាពដល់រាងកាយ។
    • ចៀសវាងការនាំកូនទៅជិតអ្នកដែលកើតជំងឺគ្រុនផ្ដាសាយ រួមទាំងត្រូវលាងដៃឱ្យកូនគ្រប់ពេលមុនទទួលទានអាហារដើម្បីការពារមេរោគ។

    បើលោកឪពុកអ្នកម្ដាយការពារហើយ ធ្វើគ្រប់យ៉ាងហើយ តែកូននៅតែកើតគ្រុនផ្ដាសាយ ក៏មិនបាច់ទៅកង្វល់អ្វីដែរ ព្រោះទោះជាកូនគ្រុនក្ដៅខ្លួន មានហៀរសំបោរ កណ្ដាស់ញឹកញាប់ ដកដង្ហើមមិនស្រួលក៏ដោយ ក៏លោកឪពុកអ្នកម្ដាយនៅតែអាចមើលថែទាំកូន ជួយសម្រាលអាការទាំងនោះបានដោយការប្រើវត្ថុជំនួយការល្អដូចខាងក្រោមនេះបានដែរ ៈ

    • ឱ្យកូនគេងសម្រាកឱ្យបានច្រើន កុំរំខាន ឬបញ្ចេញសំឡេងខ្លាំងៗខណៈកូនកំពុងគេងសម្រាក។
    • ឱ្យកូនញ៉ាំទឹកដោះគោ ញ៉ាំអាហារទន់ៗ ដូចជាបបរ ឬទឹកស៊ុប ជាដើម ព្រោះអំឡុងពេលហ្នឹង កូនអាចមានអាការឈឺករួមជាមួយផង ទើបធ្វើឱ្យពិបាកក្នុងការលេបអាហាររឹងៗ ក្រៅពីនេះ គួរឱ្យកូនញ៉ាំទឹកឱ្យបានញឹកញាប់ ដើម្បីឱ្យមានស្លេស្ម៍ស្អិត។
    • បើកូនក្ដៅខ្លួន 37.5 – 38អង្សា ចូរសម្រាលអាការនេះដោយការយកក្រណាត់សើមមកជូតខ្លួនកូន តែបើកូនក្ដៅខ្លួនខ្លាំងចាប់ពី 38អង្សាឡើង ចូរឱ្យកូនញ៉ាំថ្នាំបញ្ចុះកម្ដៅ(ប៉ារ៉ាសេតាម៉ុល)រៀងរាល់ 4ម៉ោងម្ដង។
    • បើកូនមានអាការក្អក កណ្ដាស់ តឹងច្រមុះ ចូរឱ្យកូនញ៉ាំថ្នាំបំបាត់សំបោរ និងថ្នាំបំបាត់ក្អកសម្រាប់ក្មេងតូច។

    និងបើកូននៅតែក្ដៅខ្លួនមិនបាត់ ដាក់ថ្នាំ និងមើលថែទាំហើយនៅតែមិនបានធូរស្រាលនោះ ចូរប្រញាប់នាំកូនទៅជួបគ្រូពេទ្យ ឬទៅមន្ទីរពេទ្យដើម្បីពិនិត្យរកមូលហេតុពិតប្រាកដរបស់ជំងឺ និងសភាវជ្រៀតជ្រែកពីជំងឺផ្សេងទៀត

  • ក្រុម​ជំងឺ 5ប្រភេទ​ ដែល​គួរ​ប្រយ័ត្ន​ក្នុងអំឡុង“រដូវភ្លៀង”

    ក្រុម​ជំងឺ 5ប្រភេទ​ ដែល​គួរ​ប្រយ័ត្ន​ក្នុងអំឡុង“រដូវភ្លៀង”

    រដូវភ្លៀង​ គឺជា​រដូវ​មួយទៀត​ដែល​សម្បូរ​ដោយ​ជំងឺ​គ្រោះថ្នាក់​ ព្រោះ​ដោយសារតែ​ភាព​សើម​ទទឹក​ និង​ធាតុអាកាស​ដែល​ក្ដៅ​ហប់​ ទើប​វា​ជា​អំឡុង​ពេល​ដែល​មេរោគ​ វីរុស​ និង​បាក់​តេ​រី​ផ្សេង​ៗចម្រើន​ធំធាត់​បាន​ល្អ​ រួម​ទាំង​ជំងឺឆ្លង​ដែល​មាន​ជាមួយនឹង​ទឹកភ្លៀង​ក៏​មាន​ច្រើន​ដូចគ្នា​ដែរ​។

    ក្រុម​ជំងឺ​ 5ប្រភេទ​ដែល​ត្រូវ​ប្រយ័ត្ន​ក្នុង​អំឡុង​រដូវភ្លៀង​
    ក្រុម​ទី1​ ជា​ជំងឺឆ្លង​ខាង​ប្រព័ន្ធ​ដង្ហើម​ជំងឺឆ្លង​ខាង​ប្រព័ន្ធ​ដកដង្ហើម​ មាន​ដូចជា​ជំងឺ​ផ្ដាសាយធំ​ ដែលគេ​ប្រទះឃើញ​នៅ​លើ​មនុស្ស​គ្រប់​អាយុ​ និង​ឃើញ​មាន​ឈឺធ្ងន់​នៅ​លើ​ក្មេង​តូច​ ចំណែក​ឯអ្នក​ស្លាប់​បាត់បង់ជីវិត​ភាគច្រើន​ជា​មនុស្សចាស់​ ឬអ្នក​កើតជំងឺ​រ៉ាំរ៉ៃ​។ចំណែក​ឯជំងឺ​ហើម​សួត​ ឬរលាក​សួត​វិញ​ បណ្ដាលមកពី​មេរោគ​វីរុស​ ឆ្លងតាម​ការ​ប៉ះពាល់​សំបោរ​ ទឹកមាត់​ ឬការ​ក្អក​កណ្ដាស់​ដាក់គ្នា​។ អាច​ការពារ​បាន​ដោយ​ការ​ថែរក្សា​សុខភាព​ គេង​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​ ធ្វើ​ឱ្យ​រាងកាយ​កក់ក្ដៅ​ ឧស្សាហ៍​លាង​សម្អាត​ដៃ​ និង​មិន​ប្រើប្រាស់​របស់​ផ្ទាល់ខ្លួន​រួម​ជាមួយ​អ្នកដទៃ​។

    ក្រុម​ទី2​ មាន​ជំងឺ​ 5យ៉ាងដែល​មាន​សត្វ​មូស​ជា​ភ្នាក់ងារ​ចម្លងរោគ​ជំងឺ​ដែល​មាន​សត្វ​មូស​ជា​ភ្នាក់ងារ​ចម្លងរោគ​មាន​ដូចជា​ ជំងឺគ្រុនឈាម​ ជំងឺ​គ្រុន​រលាក​ខួរ​ក្បាល​ ជំងឺគ្រុនចាញ់​ គ្រុន​ឈឺសន្លាក់​ដោយសារ​មូស​ខ្លា​ ជំងឺឆ្លង​ដោយ​មេរោគ​វី​រុ​សហ្ស៊ី​កា​… តែ​ទាំងអស់​នេះ​អាច​ការពារ​បាន​ដោយ​ការ​កម្ចាត់​ប្រភព​បន្ត​ពូជ​របស់​សត្វ​មូស​ និង​ការពារ​ខ្លួនឯង​មិន​ឱ្យ​ត្រូវ​មូស​ខាំ​។

    ក្រុម​ទី3​ ជំងឺឆ្លង​តាមរយៈ​អាហារ​ និង​ទឹក​ជំងឺឆ្លង​តាម​អាហារ​ និង​ទឹក​ មាន​ដូចជា​ ជំងឺអាសន្នរោគ​ បណ្ដាលមកពី​មេរោគ​បាក់តេរី​ដែល​ប្រឡាក់ប្រឡូស​នៅក្នុង​អាហារ​ ទឹក​បរិភោគ​ ឬពី​សត្វ​រុយ​ដែល​ជា​ភ្នាក់ងារ​ចម្លងរោគ​។ចំណែក​ជំងឺ​រលាក​ថ្លើម​ប្រភេទA​ ឆ្លងតាម​រយៈ​ការ​ប៉ះពាល់​របស់របរ​ប្រើប្រាស់​ឡូកឡំ​គ្នា​ ទឹកមាត់​ និង​ឈាម​របស់​អ្នកជំងឺ​។ ជំងឺ​ទាំង2​ នេះ​អាច​ការពារ​បាន​ដោយ​ការ​ទទួលទាន​អាហារ​ដែល​ចម្អិន​ឆ្អិន​ល្អ​ ថ្មី​ៗ គ្មាន​សត្វ​រុយ​មក​រោម​ និង​អាហារ​នៅសល់​គួរ​កម្ដៅ​ឱ្យ​ក្ដៅ​ខ្លាំង​ មុននឹង​ទទួលទាន​ ចៀសវាង​ពី​អាហារ​ស្ទើរ​ឆ្អិន​ ស្ទើរ​ឆៅ​ ញ៉ាំទឹក​ស្អាត​ និង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​។

    ក្រុម​ទី4​ ជំងឺ​ឆ្លង​ផ្សេង​ៗជំងឺ​ឆ្លង​ផ្សេង​ៗ ដូចជា​ ជំងឺ​ដៃ​ ជើង​ មាត់​ ប្រទះ​ឃើញ​នៅ​លើ​កុមារ​ ដែល​រាតត្បាត​រៀងរាល់​ឆ្នាំ​ក្នុង​អំឡុង​រដូវភ្លៀង​ ដោយ​ឆ្លងតាម​រយៈ​ការ​ប៉ះពាល់​ទឹកសំបោរ​ ទឹកមាត់​ ឬលាមក​របស់​អ្នក​ជំងឺ​។ ចំណែក​ជំងឺ​លេប​តូ​ស្ប៉ៃ​រ៉ូ​ស៊ិស​ មេរោគ​បាក់តេរី​នឹង​ឆ្លង​ចូល​ទៅ​ក្នុង​រាងកាយ​មនុស្ស​តាមរយៈ​ស្នាមរបួស​ ស្នាម​ដាច់​រលាត់​ សាច់​ភ្នាស​ភ្នែក​ ច្រមុះ​ មាត់​ ឬត្បុល​ចូល​ទៅ​ក្នុង​ស្បែក​ដែល​ត្រាំទឹក​យូរ​រហូត​ទន់​។

    ក្រុម​ទី5​ មហន្ត​ភ័យ​ក្នុង​រដូវភ្លៀង​
    * គ្រោះថ្នាក់​ពី​ការ​ទទួលទាន​ផ្សិត​ពុល​ ដូច្នេះ​ទើប​មិន​គួរ​ទទួលទាន​ផ្សិត​ដែល​មិនធ្លាប់​ស្គាល់​ឡើយ​។
    * គ្រោះថ្នាក់​ពី​សត្វ​មានពិស​ : គួរ​រៀបចំផ្ទះ​ឱ្យ​បាន​ស្អាត​ មិន​ឱ្យ​ក្លាយជា​ជម្រក​របស់​សត្វ​មានពិស​ ប្រុងប្រយ័ត្ន​នៅពេល​ដែល​ត្រូវ​ចូល​ទៅ​ក្នុង​ទីកន្លែង​ដែល​ស៊ុបទ្រុប​ គំនរ​ស្មៅ​ ឬគំនរ​ឈើ​ជាដើម​។
    * ចំណែក​ឯមហន្ត​ភ័យ​ពី​ភ្លៀង​ផ្គរ​រន្ទះ​ : នៅ​ពេល​មាន​ភ្លៀង​ផ្គរ​រន្ទះ​ ចូរ​ពួន​សម្ងំ​នៅក្នុង​ទី​សុវត្ថិភាព​ ដូចជា​ក្នុង​អគារ​ខ្នាត​ធំ​ ហាម​ប្រើ​ទូរស័ព្ទ​ដៃ​នៅ​កណ្ដាល​ទីវាល​ខណៈ​កំពុង​កើតមាន​ព្យុះភ្លៀង​ផ្គរ​រន្ទះ​ ដោយសារតែ​វា​នឹង​នាំ​ក្រសែ​ចរន្ត​អគ្គិសនី​ចូល​មក​ក្នុង​ទូរស័ព្ទ​ដៃ​បាន​។
    * បើកបរ​រថយន្ត​ដោយ​ក្ដី​ប្រុងប្រយ័ត្ន​ ដោយសារតែ​ពេល​ភ្លៀង​ធ្លាក់​ ផ្លូវថ្នល់​នឹង​រអិល​ ធ្វើ​ឱ្យ​រយៈ​ចម្ងាយ​នៃ​ការដែល​រថយន្ត​នឹង​ឈប់​ វែង​ជាង​ប្រក្រតី​ និង​ថែមទាំង​កាត់បន្ថយ​ទស្សនវិស័យ​មើលឃើញ​ក្នុង​ការ​បើកបរ​ទៀតផង​៕

  • វិធីតុបតែងមុខសម្រាប់ដើមរដូវភ្លៀង

    វិធីតុបតែងមុខសម្រាប់ដើមរដូវភ្លៀង

    នៅក្នុង​ដើមរដូវ​ភ្លៀង​បែបនេះ​ អាកាសធាតុ​ប្រែប្រួល​មិន​ទៀង​នោះ​ទេ​ ម្តង​ក៏​ក្តៅ​ ម្តង​ក៏​ភ្លៀង​ តាមមិនទាន់​ទេ​។ បើដូច្នេះ​ អ្នក​ក៏​ត្រូវ​ត្រៀមខ្លួន​ជាស្រេច​ជាមួយនឹង​ការ​តុបតែង​មុខ​របស់​អ្នក​ឱ្យ​ត្រូវជា​មួយ​នឹង​អាកាសធាតុ​បែបនេះ​ផង​ ដោយ​ប្រើប្រាស់​ផលិតផល​តុបតែង​មុខ​ដែល​ផលិត​ឡើង​សម្រាប់​រដូវភ្លៀង​តែម្តង​ នោះ​គឺ​ ផលិតផល​តុបតែង​មុខ​បែប​ Waterproof​ ដែល​អាច​ធានា​បាន​ថា​ ទោះជា​មេឃ​ក្តៅ​ ឬមេ​ឃបង្អុល​ទឹកភ្លៀង​មក​នៅពេល​ណា​ក៏​អ្នក​មិន​បារម្ភ​ដែរ​ ព្រោះ​អ្នកមាន​របស់​ឈ្នះ​រួចរាល់​ហើយ​ចាស៎​។ តោះ​ចឹង​តុបតែង​រូប​សម្រស់​របស់​អ្នក​ឱ្យ​ស្រស់​ស្អាត​ ទប់ទល់​នឹង​រដូវភ្លៀង​ដែល​ទើបតែ​ចូល​មកដល់​នេះ​ដូចតទៅ​៕

  • ជំងឺ​ដែល​តែងកើតមាននៅក្នុងរដូវភ្លៀង

    ជំងឺ​ដែល​តែងកើតមាននៅក្នុងរដូវភ្លៀង

    មួយរយៈ​នេះ​ធាតុអាកាស​នៅក្នុង​ប្រទេស​យើង តិច​ក្តៅ តិច​រងា ថ្ងៃ​ខ្លះ​ភ្លៀង​ក៏​បង្អុរ​ចុះមក​ធ្វើឱ្យ​ទទឹក​សើមគ្រប់ៗគ្នា តែ​អ្វីដែល​គួរឱ្យ​បារម្ភ​នោះ ក៏​ប្រហែលជា​ចៀស​មិន​ផុតពី​រឿង​ជំងឺ​ដ​ង្កា​ត់​ដែល​នឹង​មកជា​មួយ​ទឹកភ្លៀង​នោះឡើយ។ ថ្ងៃនេះ ​ទំព័រ​សុខភាព ឡា​រ៉ែ​ន សូម​នាំ​មិត្ត​អ្នកអាន​ទាំងអស់គ្នា​មក​ត្រៀមខ្លួន​ចាំ​ទប់ទល់​នឹង​រោគា​ដែល​នឹង​មកជា-​មួយ​ទឹកភ្លៀង​ដូចខាងក្រោម​នេះ ៖

    1. ក្រុម​ជំងឺ​ខាង​ប្រព័ន្ធ​ដកដង្ហើម
    ក្នុង​រដូវភ្លៀង ធាតុអាកាស​ចាប់ផ្តើម​ត្រជាក់ និង​មាន​សំណើម​ខ្លាំង ធ្វើឱ្យ​មេរោគ​អាច​រីក​រាលដាល​បាន​យ៉ាង​ឆាប់រហ័ស បើសិន​ជាមាន​មេរោគ​រីក​រាលដាល​នៅក្នុង​ធាតុអាកាស ហើយ​យើង​ដកដង្ហើម​ស្រូប​ចូលទៅក្នុង​សួត អាច​នឹង​បង្ក​ឱ្យ​កើត​ជំងឺ​ខាង​ផ្លូវដង្ហើម​បានជា​ច្រើន ដូចជា ជំងឺ​ផ្តាសាយ គ្រុន​ផ្តាស​សាយ​ធំ និងរលាក​បំពង់​ដង្ហើម។ ដូច្នេះ​គួរ​ចៀសវាង​ការ​ស្ថិតនៅក្នុង​កន្លែង​ដែល​ចង្អៀត​ហប់ ខ្យល់អាកាស​ពិបាក​ចេញចូល និង​ចៀសវាង​ការ​នៅ​ជិត​អ្នក​ដែល​កើត​ជំងឺ​ទាំងនោះ ព្រោះ​មេរោគ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្សម្នា​ក់បាន​តាមរយៈ​ការដកដង្ហើម ទឹកមាត់ សំបោរ ឬ​កំហាក​ស្លេស្ម​របស់​អ្នកជំងឺ ដោយ​មេរោគ​នឹង​ឆ្លង​ចូល​តាម​ភ្នែក ច្រមុះ និង​មាត់ ឬ​តាមរយៈ​ការដែល​មនុស្ស​បាន​ប៉ះពាល់​វត្ថុ​ដែល​លាយឡំ​ជាមួយ​មេរោគ ដូចជា កន្សែង​ជូត​មុខ ស្លាបព្រា កែវ​ទឹក ការ​ថើប ឬ​ការដែល​ដៃ​ទៅ​ប៉ះ​មេរោគ ហើយ​យកទៅ​ញី​ភ្នែក ឬ​យកទៅ​កាន់​អ្វី​ញ៉ាំ​ជាដើម។

    2. ជំងឺគ្រុនឈាម
    នៅពេល​ធ្លាក់ភ្លៀង នឹង​តែងតែមាន​ទឹក​ដក់​នៅតាម​ទីកន្លែងផ្សេងៗ ធ្វើឱ្យ​កើតមាន​ការរីក​រាលដាល​ពូជ​របស់​មូស​ខ្លា​ដែលជា​ភ្នាក់ងារ​ចម្លងរោគ​គ្រុនឈាម។ បើ​កើត​ជំងឺគ្រុនឈាម អាច​នឹងមាន​កម្តៅ​ខ្លួន​ឡើង​ខ្ពស់​រយៈពេល2-3ថ្ងៃ (អាច​ក្តៅ​ខ្លាំង​ដល់40អង្សា​C) មិន​ឃ្លានបាយ ឈឺក្បាល ឈឺ​ចុក​រួយ​ពេញ​ខ្លួន មុខ​ឡើង​ក្រហម ចំពោះ​អ្នក​ដែលមាន​គ្រាប់​ឈាម​ទាប អាច​មើលឃើញ​ចំណុចឈាមក្រហមៗនៅលើ​ស្បែក បើ​ឃើញ​មានអាការ​ដូចដែល​បាន​រៀបរាប់​មកនេះ ចូរ​កុំ​បង្អង់​យូរ ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ និង​គួរ​ចៀសវាង​ពី​ទីកន្លែង​ដែលមាន​មូស ព្យាយាម​កុំឱ្យ​មូស​ខាំ ប្រើ​ថ្នាំ​បាញ់សម្លាប់​មូស បំផ្លាញ​ប្រភព​កំណើត​របស់​មូស ដូចជា ផ្កាប់​វត្ថុ​ដែល​ធ្វើឱ្យមាន​ទឹក​ដក់ និង​ចាក់ដី​លុប​កន្លែង​ដែលមាន​ទឹក​ដក់​ជាដើម។

    3. រោគ​ប៉េស្ត
    ជំងឺប៉េស្ត គឺជា​ជំងឺឆ្លង​ដែល​កើតចេញពី​សត្វ​កណ្តុរ​គ្រប់​ប្រភេទ ដោយ​មេរោគ​នឹង​ស្ថិតនៅក្នុង​ទឹកនោម​របស់​សត្វ​កណ្តុរ​ទាំងនោះ ទាំង​កណ្តុរស្រែ កណ្តុរ​ព្រៃ កណ្តុរ​ស្រុក កណ្តុរប្រែង និង​កណ្តុរ​ប្រមេះ ហើយ​មេរោគ​ប៉េស្ត​នេះ​នឹង​ចូលមកក្នុង​រាងកាយ​មនុស្ស​បាន​តាម​រយៈ​ស្នាមដំបៅ ឬ​របួស និង​ស្នាម​រលាត់​ដាច់ផ្សេងៗលើ​រាងកាយ។ ជំងឺ​នេះទោះ​ជាមាន​ថ្នាំ​ព្យាបាល​ឱ្យ​ជា​មែន តែ​ក៏​អាចធ្វើឱ្យ​ស្លាប់​បាន​ដូចគ្នា​ដែរ បើ​បានទទួល​ការព្យាបាល​មិន​ត្រឹមត្រូវ ឬ​យឺតយ៉ាវ។ អ្នកជំងឺ​នឹងមាន​អាការ​គ្រុនក្តៅ​ខ្លាំងភ្លាមៗ ឈឺក្បាល ច្រើនតែ​ឈឺ​សាច់ដុំ​ភ្លៅ និង​កំភួនជើង​យ៉ាងខ្លាំង និង​ភ្នែក​ក្រហម។ ប្រមាណ​ជា5-10%របស់​អ្នក​កើត​ជំងឺ​នេះ អាច​នឹងមាន​អាការ​ធ្ងន់ធ្ងរ ដូចជា ឌី​ហ្សា​នក្រលៀន​លែង​ដំណើរការ ឬ​អាច​ប្រកាច់​ទៀតផង ដូច្នេះ​គួរ​ចៀសវាង​ការដើរ​លុយ​ទឹក លុយ​ភក់​ដែល​ប៉​ប៉ិក​ប៉ប៉ាច់។ អ្នក​ដែល​ធ្វើ​ការងារ​ប្រថុយ-ប្រថាន​នឹង​ជំងឺ​នេះ គួរតែ​ពាក់​ស្រោមដៃ​ជ័រ ពាក់​ស្បែកជើង​ជ័រ​កវែង ការពារ​ខ្លួន​កុំឱ្យ​កើតមាន​របួស ឬ​ដំបៅ​នៅលើ​ជើង ឧស្សាហ៍​លាង​សម្អាត​ដៃ​ឱ្យបាន​ញឹកញាប់ ងូតទឹក​សម្អាត​រាងកាយ​ក្រោយពេល​ចប់​ពី​ការងារ កម្ចាត់​សំរាម​នៅក្នុង​ផ្ទះ និង​កន្លែងធ្វើការ​ចេញ​ឱ្យអស់ ជាពិសេស​កាកសំណល់​ក​ម្ទេ​ច​ចំណីអាហារ ដើម្បី​កុំឱ្យ​ក្លាយជា​ប្រភព​អាហារ​របស់​សត្វ​កណ្តុរ។

    4. ជំងឺឆ្លង​ខាង​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​ជួប​ញឹកញាប់
    មានដូចជា ជំងឺ​រាករូសភ្លាមៗ ជំងឺរាក​មួល និង​ពុល​អាហារ​ជាដើម ជំងឺ​ទាំងនេះ​បណ្តាលមកពី​ការទទួល​ទាន​អាហារ​ដែលមាន​ប្រឡាក់ប្រឡូស​មេរោគ​អតិសុខុមប្រាណដែល​បង្ក​ឱ្យ​កើតរោគ​នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារនៅក្នុង​ពោះវៀន ដោយ​អ្នកជំងឺ​នឹងមាន​អាការ​រាក បន្ទោបង់​ចេញមក​រាវ​ដូច​ទឹក អាចមាន​គ្រុនក្តៅខ្លួន ឈឺ​រមួល​នៅក្នុង​ពោះ ហើយ​បើ​មាន​ឆ្លងមេរោគ​មួល​ផង​នោះ អាចមាន​សំបោរ ឬ​ឈាម​លាយឡំ​មកជា​មួយ​លាមក​ទៀតផង។ ក្រៅពីនេះ​នៅមាន​មេរោគ​វីរុស​រលាក​ថ្លើម​ប្រភេទ A និង B ដែល​អាច​ឆ្លង​បាន​តាមរយៈ​ការទទួល​ទាន​អាហារ​ដែល​ប្រឡាក់ប្រឡូស​មេរោគ​ផងដែរ អ្នក​ដែលមាន​អាការ​រលាក​ថ្លើម​នឹងមាន​គ្រុន​ក្តៅខ្លួន ល្វើយ​អស់កម្លាំង មាន​អាការ​ខ្លួន​ឡើង​លឿង ភ្នែក​លឿង ក្អួតចង្អោរ ដូច្នេះ​ទើប​ក្នុង​រដូវភ្លៀង​នេះ​គួរ​ប្រយ័ត្នប្រយែង​រឿង​អាហារ​ការហូបចុក​ជាពិសេស ដោយ​គួរ​ទទួលទាន​តែ​អាហារ​ដែល​ធ្វើ​ឆ្អិនថ្មីៗ ស្អាត និង​ប្រើ​ស្លាបព្រា​សម្រាប់​ដួស​ម្ហូប​ដោយឡែក។

    5. ជំងឺភ្នែកក្រហម
    ជំងឺភ្នែកក្រហម បណ្តាលមកពី​មេរោគ​វីរុស​ដែលមាន​នៅក្នុង​ទឹក​កខ្វក់​ខ្ទាតចូល​ភ្នែក ការប៉ះពាល់​ទឹកភ្នែក​របស់​អ្នក​ដែល​កើត​ជំងឺភ្នែកក្រហម ហើយ​យកដៃ​ដែល​ប្រឡាក់​នោះមក​ប៉ះ​ភ្នែក​ខ្លួនឯង ឬ​បានទទួល​មេរោគ​ដែល​ខ្ចាត់ខ្ចាយ​នៅក្នុង​អាកាស ឬ​ក្នុង​អាង​ហែល​ទឹក។ ជាទូទៅ​មេរោគ​នឹង​សម្ងំ​ខ្លួន1-2ថ្ងៃ​មុននឹង​បង្ហាញ​អាការ​ឡើង។ នៅលើ​អ្នក​ដែល​កើត​ជំងឺភ្នែកក្រហម​អាច​ពិនិត្យឃើញ​មេរោគ​បង្ក​ជំងឺ​នៅ​ម្តុំ​បរិវេណ​ភ្នែក និង​ក្នុង​បំពង់ក​បាន​តាំង​ពីថ្ងៃ​បង្ហាញ​អាការ រហូតដល់14ថ្ងៃ​ក្រោយពី​ចាប់ផ្តើម​មាន​អាការ។ វិធី​ការពារ​គឺ កុំ​យកដៃ​ដែល​មិន​ស្អាត​មក​ប៉ះ ឬ​ញី​ភ្នែក លាង​សម្អាត​ដៃ​គ្រប់ពេល​មុននឹង​ប៉ះពាល់​ភ្នែក មិន​ប្រើប្រាស់​កន្សែង​ជូត​មុខ ឬ​ជូត​ខ្លួន​រួមជាមួយ​
    អ្នក​ដែល​កើត​ជំងឺភ្នែកក្រហម សំខាន់បំផុត​ត្រូវការពារ​មិនឱ្យ​ជំងឺឆ្លង​រាលដាល​ពី​ខ្លួនឯង​ទៅ​អ្នកដទៃ៕

  • គន្លឹះថែរក្សាសក់ងាយៗទាំង6យ៉ាងក្នុងរដូវភ្លៀង

    គន្លឹះថែរក្សាសក់ងាយៗទាំង6យ៉ាងក្នុងរដូវភ្លៀង

    នៅពេលដែលរដូវភ្លៀងបានមកដល់ នារីៗពិតជាពិបាកចិត្តបន្ដិចហើយក្នុងការថែរក្សាសរសៃសក់ឱ្យមានសភាពរស់រវើកគ្រប់ពេលវេលា។ បើអ្នកចាប់អារម្មណ៍ខ្លាំងពីបញ្ហាមួយនេះ ទស្សនាវដ្ដី ឡារ៉ែនសូមបង្ហាញជូននូវគន្លឹះទាំង6យ៉ាង ដើម្បីថែរក្សាសុខភាពសក់នារដូវភ្លៀងដូចខាងក្រោមនេះ។

    1. ចៀសវាងធ្វើឱ្យសក់សើមពេញមួយយប់
    សម្រាប់នារីៗដែលត្រូវទឹកភ្លៀង ហើយនៅសើមសក់នៅឡើយនោះ គប្បីជ្រើសរើសវិធីកក់សក់បន្ទាប់ពីត្រូវទឹកភ្លៀងរួច គឺប្រសើរបំផុតដើម្បីការពារជំងឺផ្ដាសាយ ព្រោះប្រសិនបើអ្នកមិនបានកក់សក់ទេ នោះសក់របស់អ្នកនឹងសើមនៅក្នុងរយៈពេលយូរពេញមួយយប់ និងធ្វើឱ្យសក់មានសភាពហើម ហើយមានក្លិនមិនល្អថែមទៀត ចំណែកឯជំងឺដែលនឹងតាមមកជាមួយដូចជាជំងឺផ្តាសាយជាដើមនោះនឹងចូលមកយារយីអ្នកជាមិនខាន។

    2. បន្ទាប់ពីកក់សក់រួច ត្រូវផ្លុំសក់ឱ្យស្ងួត
    ភាគច្រើនដូចដែលអ្នកបានដឹងហើយថាភ្លៀងនឹងធ្លាក់នៅក្នុងអំឡុងពេលល្ងាច បើអ្នកកក់សក់ក្រោយទទឹកទឹកភ្លៀង អ្នកត្រូវធ្វើការផ្លុំសក់ឱ្យស្ងួតមុនពេលចូលគេង ព្រោះមិនត្រូវបណ្ដោយឱ្យសក់សើមពេញមួយយប់នោះទេ។បន្ទាប់ពីផ្លុំសក់ហើយ ចូរប្រើក្រែមលាបបំប៉នសរសៃសក់ ដើម្បីឱ្យសក់មានសភាពរស់រវើកឡើងវិញមុនពេលចូលគេង។ ក៏ប៉ុន្ដែការផ្លុំសក់ជារៀងរាល់ថ្ងៃ ក៏មែនមែនជារឿងល្អសម្រាប់ការថែរក្សាសុខភាពសក់ប៉ុន្មានទេ ព្រោះសក់ងាយនឹងខូចដោយសារកម្ដៅខ្យល់ដែលភាយចេញពីម៉ាស៊ីនផ្លុំសក់។

    3. ចៀសវាងការប្រើផលិតផលថែរក្សាសក់បែបរលើបរលោង និងស្អិត
    ភាគច្រើនផលិតផលថែរក្សាសរសៃសក់មានធាតុផ្សំពីប្រេងច្រើន ក៏ប៉ុន្ដែនៅក្នុងអំឡុងរដូវភ្លៀងនេះ ការប្រើប្រាស់ផលិតផលថែរក្សាសក់ប្រភេទប្រេង គឺវាកាន់តែធ្វើឱ្យសក់របស់អ្នករលើបរលោងខ្លាំង និងស្អិត ពិតជាគួរឱ្យធុញ-ទ្រាន់ខ្លាំងណាស់។ វិធីសាស្ត្រដ៏ល្អមួយដែលអ្នកគួរអនុវត្តជាប្រចាំ គឺការជ្រើសរើសប្រើផលិតផលថែរក្សាសក់ណាដែលមិនសម្បូរដោយជាតិប្រេងច្រើនដូចជា ផលិតផលថែរក្សាសក់សម្រាប់កុមារជាដើម។

    4. អប់សក់ខ្លះ ដើម្បីថែទាំសរសៃសក់ និងស្បែកក្បាល
    អ្នកគប្បីអប់សរសៃសក់របស់អ្នកក្នុងមួយសប្តាហ៍ពី1ទៅ2ដង ដើម្បីជំនួយដល់សរសៃសក់ឱ្យបានជ្រៅ។ ត្រូវប្រើម្រាមដៃម៉ាស្សា ត្រង់ស្បែកក្បាលជារង្វង់មូលឱ្យសព្វ ដើម្បីជំរុញឱ្យឈាមរត់វិលបានល្អ និងជួយឱ្យការផលិតប្រេងពីឫសសក់បានប្រសើរឡើងថែមទៀតផង។

    5. ប្រើកន្សែងសម្ងួតសក់
    បន្ទាប់ពីលាងជម្រះសក់រួច អ្នកអាចយកកន្សែងមកផ្តិតពីគល់ដល់ចុងសក់ ប៉ុន្តែមិនត្រូវយកកន្សែងមករុំជុំវិញក្បាលរបស់អ្នកនោះទេព្រោះវាអាចបំផ្លាញឫសសក់របស់អ្នកបាន។មួយវិញទៀត ប្រសិនបើអ្នកយកកន្សែទៅញីឬត្រដុសនឹងសរសៃសក់ខ្លាំងពេក នោះសក់របស់អ្នក នឹងប្រែជារួញ និងសំពោងជាមិនខាន។ជំនួសដោយកន្សែង អ្នកគួរតែប្រើអាវយឺតណាមួយមកជំនួសវិញ ព្រោះវាទន់ និងផ្តល់ភាពងាយស្រួលជាង។

    6. ហាមប្រើក្រាសសិតសក់ខុស
    អ្នកគួរបញ្ឈប់ការសិតសក់ ដោយប្រើប្រាស់ក្រាសខុសប្រភេទចាប់ពីថ្ងៃនេះតទៅ។ ក្រាសសិតសក់ជ័រ ឬក្រាស់ដែលមានធ្មេញរឹង នឹងធ្វើឱ្យសក់របស់អ្នកចុះខ្សោយ និងខូច។ ហេតុនេះ អ្នកគួរតែប្រើក្រាស់ប្រភេទមូល ដែលមានធ្មេញរង្វើល ព្រោះគេចាត់ទុកវាជាប្រភេទក្រាស់ ដែលធ្វើឱ្យសក់រឹងមាំ ភ្លឺ រលោង និងមានសុខភាពល្អ។ គេធ្លាប់និយាយថា បើចង់បានសក់ទន់រលោងស្អាតទាល់តែ ឧស្សាហ៍សិតសក់ឱ្យបានញឹកញាប់។ ប៉ុន្តែ មានអ្នកមួយចំនួនទៀតក៏បាននិយាយថា សិតសក់ច្រើនដងពេកធ្វើឱ្យខូចសក់ ហេតុនេះ មនុស្សមួយចំនួនបែរជាមិនសូវសិតសក់ឱ្យបានត្រឹមត្រូវ ដូចជាសិតតែចុងៗសក់ជាដើមទៅវិញ។ ជាក់ស្តែង បើអ្នកសិតដល់ស្បែកក្បាល គឺជួយជំរុញការលូតលាស់នៃសក់ តែបើសិតញឹកញាប់ពេកក៏ធ្វើឱ្យជ្រុះសក់ផងដែរ។ ហេតុនេះ អ្នកអាចសិតសក់តែពេលណាដែលចាំបាច់ទៅបានហើយ ដូចជាពេលចងសក់ជាដើម៕

  • វិធីមើលថែទាំស្បែកក្នុងរដូវភ្លៀង

    វិធីមើលថែទាំស្បែកក្នុងរដូវភ្លៀង

    មួយរយៈនេះធាតុអាកាសងងឹតស្រទុំ ថ្ងៃខ្លះមានទាំងភ្លៀងធ្លាក់មកខ្លាំងទៀតផង ព្រះអាទិត្យមិនសូវជា​បង្ហាញ​ខ្លួន​​ឱ្យឃើញ​ដូចពេលរដូវក្តៅប៉ុន្មាន​ទេ នារីៗជាច្រើននាំគ្នារអ៊ូរទាំពីភាពសើមប៉ប៉ិកប៉ប៉ាក់របស់ស្បែក និងបញ្ហាស្បែក​ដែល​កើត​ឡើង ដូច្នេះថ្ងៃនេះ ឡារ៉ែន មានគន្លឹះល្អៗក្នុងការមើលថែទាំស្បែកស្អាតៗរបស់អ្នក​ក្នុងរដូវភ្លៀងបែបនេះមក​ជម្រាប​ជូន​ដូចខាងក្រោម៖

    ធាតុអាកាសដែលអុកមម៉ុកងងឹតស្រទុំបែបនេះ មនុស្សជាច្រើនតែងយល់ច្រឡំថា មិនចាំបាច់ប្រើ​គ្រីមការពារ​កម្តៅ​ថ្ងៃ​ទេ ព្រោះមិនសូវមានពន្លឺថ្ងៃក្តៅខ្លាំងប៉ុន្មានឡើយ ថែមទាំងខ្លាចថា ស្បែកនឹងឡើងស្អិតប៉ប៉ិកប៉ប៉ាក់ទៀតផង តែការពិតវិញ ទោះ​ជា​គ្មាន​ពន្លឺព្រះអាទិត្យមែន តែនៅក្នុងអំឡុងពេលថ្ងៃ ក៏នៅតែមានកាំរស្មី UV ដែលយើងមើលមិនឃើញចូលមកបំផ្លាញ​ស្រ-ទាប់​ស្បែកខាងក្នុង ដែលនាំឱ្យមាន​បញ្ហាស្លាកស្នាមមុនអាយុដែរ និងរួមទាំងកាំរស្មី UV ដែលចេញមកពីឧបករណ៍អគ្គិសនីទាំង​ឡាយដូចជាកុំព្យូទ័រ និងអំពូលភ្លើងជាដើម ដូច្នេះបើអ្នកធ្វេសប្រហែសមិនលាបគ្រីមការពារពន្លឺថ្ងៃនៅថ្ងៃណាមួយនោះ វាដូច​ជា​ការបើកឱកាសឱ្យកាំរស្មី UV ចូលមកដុតបំផ្លាញស្បែកដូច្នោះដែរ។ ឡារ៉ែន សូមណែនាំថា គួរជ្រើសរើសប្រើគ្រីមការពារ​ពន្លឺ​ថ្ងៃ​ណាដែលអាចការពារបានទាំង​កាំរស្មី UVA, UVB និងអនុមូលឥស្សរៈរៀងរាល់ពេលព្រឹកដោយជ្រើសរើសយករូបមន្ត​ការពារ​ទឹក មិនស្អិតប៉ប៉ិកប៉ប៉ាក់ស្បែក​​ដែលនាំ​ឱ្យ​​រំខានចិត្ត។

    ចំណែកនារីៗដែលត្រូវតុបតែងមុខទៅធ្វើការរៀងរាល់ថ្ងៃវិញ យើងសូមណែនាំថា គួរជ្រើស-រើសប្រើម្សៅ មេកអាប់​ដែល​​មាន​រូប​​​មន្ត​​ការពារទឹក ជាពិសេសបរិវេណកែវភ្នែក មិនដូច្នេះទេអាចនឹងបានក្លាយទៅជាភ្នែកខ្លាឃ្មុំភែនដាមិនខានហើយ​នៅពេលល្ងាចត្រូវលាងគ្រឿងសម្អាងឱ្យស្អាតហ្មត់ចត់ផង ព្រោះនៅក្នុងរដូវភ្លៀងងាយនឹងកើតមុនណាស់។ សម្អាតដោយឃ្លីន​ស៊ីងលាងគ្រឿង​សម្អាង និងជ្រើសរើសប្រើហ្វូមលាងមុខណាដែលមិនធ្វើឱ្យស្បែកមុខស្ងួតក្រៀម។ បន្ទាប់ពីលាងសម្អាតផ្ទៃ​មុខ​ហើយ អ្នកគួរជូតសម្អាត​ដោយថូននើរ៍ ដើម្បីសម្រួលសភាពស្បែកដែលអាចជ្រើសរើសប្រើបែបរូបមន្ត​កម្ចាត់សារធាតុ​ពុល​ដែល​នៅសេសសល់នៅលើផ្ទៃមុខ (Detoxifying Toner) ដើម្បីឱ្យស្បែកសម្រួលតុល្យភាព និងកម្ចាត់សារធាតុអនុមូលឥស្សរៈ ដើម្បីភាពស្រស់បស់ និងកាត់បន្ថយ​ការកើតមុនពីកាកសំណល់ដែលនៅសេសសល់លើផ្ទៃមុខ និងបញ្ចប់ដោយការលាប​គ្រីម​ថែ​បំប៉នស្បែកនៅពេលយប់ឱ្យនៅតែ​ស្រស់ស្អាត​សម្រាប់ព្រឹកថ្ងៃស្អែក។

    ក្រៅពីនេះ មិនត្រូវបណ្តែតបណ្តោយក្នុងការមើលថែទាំសុខភាពរាងកាយ ដើម្បីឱ្យស្បែកស្អាតចេញមកពីខាងក្នុង ដោយ​ការគេងសម្រាកឱ្យបានគ្រប់គ្រាន់ បរិភោគអាហារដែលមានគុណប្រយោជន៍ ដោយអាចទទួលទានវីតាមីន និងសារធាតុ​អំបិលរ៉ែ រួមទាំងការហាត់ប្រាណជាប់ជាប្រចាំ ហើយដែលសំខាន់នោះគឺគួរទទួលទានទឹកស្អាតក្នុងមួយថ្ងៃឱ្យបាន8-10កែវ ដោយ​ក្រេបតិចៗជាប់រហូតពេញមួយថ្ងៃ ដើម្បីរក្សាភាពស្រស់បស់របស់ស្បែក៕