Tag: យុវជន

  • ភ្នំពេញស្អាតផ្តើមចេញពីការចូលរួមរបស់យុវជន

    ភ្នំពេញស្អាតផ្តើមចេញពីការចូលរួមរបស់យុវជន

    ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានជម្រុញ​​ និងលើកទឹកចិត្តដល់ប្អូនៗយុវជន ចូលរួមអនុវត្ត និងផ្សព្វផ្សាយពីយុទ្ធនាការភ្នំពេញស្អាត ដល់ប្អូនៗដទៃទៀត ដើម្បីលើកកម្ពស់សោភណ្ឌភាពទីក្រុង និងមុខមាត់ប្រទេសជាតិ។ ឯកឧត្តមបានផ្តាំផ្ញើរដល់ប្អូនៗយុវជនត្រូវខិតខំសិក្សារៀនសូត្រ និងធ្វើទង្វើរល្អៗដល់សង្គមជាតិ ដើម្បីក្លាយយុវជនគំរូសម្រាប់មនុស្សជំនាន់ក្រោយ​ ជោគជ័យក្នុងជីវិតរបស់ប្អូនៗ គឺជោគជ័យរបស់ប្រទេសជាតិផងដែរ។ នេះជាប្រសាសន៌របស់ឯកឧត្តម ក្នុងកម្មវិធីផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងពីយុទ្ធនាការភ្នំពេញស្អាត នៅសាលារៀនវ៉េស្ទឡាញន៍ សាខាសន្ធរម៉ុក នៅថ្ងៃទី14 វិច្ឆិកា 2018។

    លោកជំទាវ ទេព កុលាប ដែលជាសហស្ថាបនិកនៃគម្រោងភ្នំពេញស្អាតបានមានប្រសាសន៍ថា សំរាម និងកាកសំណល់ផ្សេងៗ បង្ករឡើងដោយកត្តាជាច្រើនដូចជា ការប្រមូល និងទុកដាក់សំរាមនៅមានកំរិត ទម្លាប់របស់ប្រជាជនបោះចោលសំរាម ប្រជាជនទទួលបានការអប់រំពីផលប៉ះបាល់នៃកាកសំណល់តិចតួច កម្មវិធីអប់រំពីការគ្រប់គ្រងកាកសំណល់នៅគ្រឹះស្ថានអប់រំមិនសូវទូលំទូលាយ។

    លោកជំទាវបានបន្ថែមថា យុទ្ធនាការភ្នំពេញស្អាតបានចាប់ផ្តើមធ្វើឡើងក្នុងឆ្នាំ2017 ហើយនឹងបន្តធ្វើយុទ្ធនាការនេះរៀងរាល់ឆ្នាំ ក្នុងគោលបំណង​អប់រំ និងលើកទឹកចិត្តដល់ប្រជាជនក្នុងការចូលរួមសហការលើកកម្ពស់សោភណ្ឌភាពទីក្រុងតាមរយៈ ការមិនចោលសំរាមតាមទីសាធារណៈ ផ្សព្វផ្សាយដល់អ្នកនៅជុំវិញខ្លួន និងទុកដាក់កាកសំណល់ផ្សេងៗឱ្យបានត្រឹមត្រូវ។

    លោកជំទាវបានបន្តទៀតថា យុទ្ធនាការនេះមានការចូលរួមយ៉ាងផុលផុល និងទទួលបានការគាំទ្រពីយុវជន បណ្តាក្រុមហ៊ុនឯកជន សាលារៀនរដ្ឋ-ឯកជន សាកលវិទ្យាល័យ សមាគម អង្គការជាតិ-​អន្តរជាតិ ព្រមទាំងស្ថាប័នរាជរដ្ឋាភិបាល។

    ក្នុងកម្មវិធីនេះមានការរៀបចំល្បែងលេងកម្សាន្តផ្សេងៗ និងការពិភាក្សាជាក្រុមលើប្រធានបទខុសៗគ្នា ពាក់ព័ន្ធនឹងទីក្រុងស្អាត។

    គូរបញ្ជាក់ថាពាក់ពន័្ធនឹងការងារបរិស្ថាន និងអនាម័យ សាលារៀនវ៉េស្ទឡាញន៍តែងតែយកចិត្តទុកដាក់ និងចូលរួមអនុវត្តជាប្រចាំ ចាប់តាំងពីសាលារៀនបានបង្កើតឡើងក្នុងឆ្នាំ2008 ហើយសាលារៀននៅតែបន្តគាំទ្រយុទ្ធនាការ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សាបរិស្ថាតសហគមន៍ឱ្យបានស្អាត ព្រមទាំង  កាត់បន្ថយការចោលសំរាមនៅតាមទីសាធារណៈ។

  • តើការជ្រើសរើសជំនាញសិក្សាខុសធ្វើឱ្យយុវជនត្រូវប្រឈមនឹងអ្វីខ្លះ?

    តើការជ្រើសរើសជំនាញសិក្សាខុសធ្វើឱ្យយុវជនត្រូវប្រឈមនឹងអ្វីខ្លះ?

    ការជ្រើសរើសជំនាញសិក្សារបស់យុវជន គឺអាចជាការកំណត់វាសនាអនាគតធនធានមនុស្សរបស់សង្គមទាំងមូល។ នៅពេលយុវជនជ្រើសរើសជំនាញសិក្សាបានត្រឹមត្រូវ ហើយស្របនឹងតម្រូវការរបស់សង្គមនោះ វិស័យធនធានមនុស្សនឹងមានភាពរីកចម្រើនដែលធ្វើឱ្យបណ្តាវិស័យផ្សេងៗក៏អាចអភិវឌ្ឍទៅបានដោយរលូនដែរ។ ផ្ទុយទៅវិញបើយុវជនជ្រើសរើសជំនាញខុសនោះអាចនឹងប៉ះពាល់ដល់អនាគតរបស់ខ្លួន ជាពិសសេនឹងជះឥទ្ធិពលខ្លាំងចំពោះសង្គម ដូចជា បញ្ហាកង្វះធនធានមនុស្សធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍរបស់ប្រទេស ក៏ដូចជាការប្រកួតប្រជែងជាមួយបណ្តាប្រទេសនានាក្នុងតំបន់។

    ម្យ៉ាងវិញទៀត ការជ្រើសរើសជំនាញសិក្សានៅមហាវិទ្យាល័យក៏ដូចជាការជ្រើសរើសផ្លូវដើរដំបូងបំផុតសម្រាប់ជីវិតពួកគេផងដែរ។ មានន័យថា ពេលយុវជនសម្រេចចិត្តជ្រើសរើសជំនាញណាមួយមកសិក្សា គាត់ច្បាស់ជាត្រូវចាប់យកអាជីពនោះពេញមួយជីវិត។តែទោះបីជាយ៉ាងណាក៏ដោយ កន្លងមកមានយុវជនកម្ពុជាមិនតិចនាក់ទេ ដែលជ្រើសរើសជំនាញសិក្សាមិនត្រឹមត្រូវ ដោយសារតែមិនមានអ្នកតម្រង់ទិស ឬមិនយល់ដឹងពីគន្លឹះក្នុងការជ្រើសរើសជំនាញសិក្សាឱ្យបានត្រឹមត្រូវ។

    ឆ្លើយតបនឹងបញ្ហាកង្វះខាតចំណេះដឹងក្នុងការជ្រើសរើសជំនាញសិក្សារបស់យុវជន អតីតឯកអគ្គរាជទូតយុវជនស្ម័គ្រចិត្តរបស់អូស្ត្រាលី និងជាសហអ្នកនិពន្ធសៀវភៅបុគ្គលជោគជ័យជ្រើសរើសជំនាញត្រឹមត្រូវ លោក រិន រ៉ាវុធ បានថ្លែងថា ការជ្រើសរើសជំនាញសិក្សាឱ្យបានត្រឹមត្រូវគឺត្រូវផ្តោតលើកត្តាសំខាន់ៗចំនួន ២យ៉ាង គឺចំណង់ចំណូលចិត្ត និងទេពកោសល្យដែលខ្លួនមានពីកំណើត។ យុវជនត្រូវស្វែងរកឱ្យឃើញថា អ្វីជាចំណុចដែលខ្លួនស្រឡាញ់ពិតប្រាកដ មុននឹងសម្រេចចិត្តជ្រើសជំនាញណាមួយ ព្រោះក្តីស្រឡាញ់ជាកម្លាំងជំរុញអរូបិយមួយ ដែលធ្វើឱ្យយុវជនអាចបញ្ចេញអស់នូវសក្តានុពលរបស់ខ្លួនក្នុងការសិក្សាស្រាវជ្រាវដោយមិនខ្លាចនឿយហត់ ចំណែកឯទេពកោសល្យវិញ គឺរឹតតែចាំបាច់ដែលជំរុញឱ្យការសិក្សាទទួលបានជោគជ័យ។

    លោក រិន រ៉ាវុធ បាននិយាយថា៖ “គំរូនៃភាពថ្កុំថ្កើងរបស់បុគ្គលណាម្នាក់ ដែលយុវជនបានឃើញធ្វើឱ្យយុវជនចង់អនុវត្តដូចបុគ្គលដែលអស្ចារ្យនោះដែរ តែរូបភាពខាងក្រៅនេះ អាចធ្វើឱ្យយុវជនសម្រេចចិត្តជ្រើសរើសមុខវិជ្ជា ដែលប្រាសចាកពីទេពកោសល្យរបស់ខ្លួន”។

    លោក រ៉ាវុធ បានបន្តទៀតថា ធម្មជាតិបានផ្តល់ឱ្យមនុស្សនូវភាពខ្លាំងរៀងៗខ្លួន ហេតុនេះគ្រាន់តែស្រឡាញ់លើមុខវិជ្ជាណាមួយមិនគ្រប់គ្រាន់នោះទេ យុវជនត្រូវស្គាល់ពីចំណុចខ្លាំងរបស់ខ្លួន ដែលធម្មជាតិបានផ្តល់ឱ្យ ទើបអាចអភិវឌ្ឍសមត្ថភាពស្របនឹងសក្តានុពលរបស់ខ្លួនបាន។

    ផ្ទុយពីគំនិតខាងលើ លោក ស៊ិន បញ្ញាវុឌ្ឍី អតីតប្រធានដេប៉ាតឺម៉ង់វិទ្យាសាស្ត្រសេដ្ឋកិច្ច នៃសាកលវិទ្យាល័យបាត់ដំបង បានបង្ហាញថា ចំណង់ចំណូលចិត្តគឺជារឿងសំខាន់មួយ ចំពោះការសម្រេចចិត្តជ្រើសរើសជំនាញសិក្សា តែពេលខ្លះមុខវិជ្ជាដែលគាត់ស្រឡាញ់អាចមិនស្របទៅនឹងទីផ្សារការងារដែលសង្គមត្រូវការ ទីបំផុតគាត់ត្រូវបង្ខំចិត្តធ្វើការខុសជំនាញ។ ហេតុនេះយុវជនគួរពិចារណាលើគុណតម្លៃនៃមុខវិជ្ជា និងទីផ្សារការងារបន្ថែមលើក្តីស្រឡាញ់​ និងទេពកោសល្យដែលខ្លួនមាន ព្រោះគុណតម្លៃនៃចំណេះដឹងរបស់គាត់អាចត្រូវបានគេទទួលយកលុះត្រាតែទីផ្សារត្រូវការអាជីពដែលគាត់មាន។

    ស្របនឹងគំនិតនេះដែរ កញ្ញា ភឿក សៅរតនា មន្ត្រីសម្របសម្រួលគម្រោងបណ្តុះ បណ្តាលភាពជាអ្នកដឹកនាំរបស់យុវជននៃអង្គការ វីឌូ (Wedu) ប្រចាំនៅកម្ពុជាបានបង្ហាញថា ដើម្បីជ្រើសរើសជំនាញ បានត្រឹមត្រូវយុវជន គួរសិក្សាឱ្យបានច្បាស់ពីទីផ្សារការងារ ហើយការស្វែងយល់ពីទីផ្សារការងារត្រូវមានភាពឆ្លាតវៃ ស្របជាមួយនឹងទិសដៅនៃការអភិវឌ្ឍរបស់សង្គមនាពេលអនាគត។

    កញ្ញា ភឿក សៅរតនា បាននិយាយថា៖ “កន្លងមកយុវជនមិនបានយកចិត្តទុកដាក់ពីការជ្រើសរើសជំនាញតាមតម្រូវការទីផ្សារការងារជាក់ស្តែង ដែលធ្វើឱ្យគាត់ត្រូវប្រឈមមុខនឹងភាពលំបាកក្នុងការរកការងារធ្វើនៅពេលដែលគាត់រៀនចប់”៕

  • ហេតុអ្វីយុវជនខ្មែរគួរតែសរសេរ Blog?

    ហេតុអ្វីយុវជនខ្មែរគួរតែសរសេរ Blog?

    Blog គឺជាគេហទំព័រផ្ទាល់ខ្លួន ដែលបុគ្គលម្នាក់អាចសរសេរដើម្បីបញ្ចេញមតិយោបល់ ដើម្បីសរសេរពីគំនិតយល់ឃើញ ការកត់ត្រាពីព្រឹត្តិការណ៍ ឬការស្រាវជ្រាវណាមួយដែលបានដឹង រួមទាំងការសរសេរពីដំណើរជីវិតផ្ទាល់ខ្លួនជាដើម។ ការសរសេរ blog ជាវិធីសរសេររឿងដ៏ពេញនិយមរបស់យុវជន និងប្រជាជននៅទូទាំងពិភពលោកនៅក្នុងសម័យបច្ចេកវិទ្យានេះ។

    ទោះជាបណ្តាញសង្គម បានរីកដុះដាលខ្លាំងយ៉ាងណាក៏ដោយ តែទម្លាប់នៃការសរសេរ Blog នៅតែត្រូវបានគេថែរក្សា ហើយភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងបណ្តាញសង្គម និង Blog បានយ៉ាងងាយទៀតផង។ ខាងក្រោមនេះ ជាហេតុផលមួយចំនួនដែលយុវជនខ្មែរគួរតែសរសេរ Blog។

    1.Blog ជួយអភិវឌ្ឍការសរសេរ
    អត្ថបទនីមួយៗ ដែលសរសេរនៅក្នុង Blog ជាអត្ថបទដែលមនុស្សភាគច្រើនទុកចិត្តក្នុងការសរសេរជាងការសរសេរអត្ថបទជាផ្លូវការនានា ព្រោះថានៅក្នុង Blog ជាពិភពមួយដែលខ្លួនឯងជាម្ចាស់លើគេហទំព័រនោះដោយមិនមានអ្នកណាគ្រប់គ្រង ឬចាំស្តីឱ្យនោះទេ។ លើសពីនេះទៅទៀត អត្ថបទដែលបានផ្សាយនៅក្នុង Blog អាចទទួលបាននូវការផ្តល់យោបល់ពីសំណាក់អ្នកអានពីការគាំទ្រ រួមទាំងគំនិតសម្រាប់ការកែតម្រូវផងដែរ។ គំនិតទាំងនេះ នឹងក្លាយជាទុននៃការពិចារណាសម្រាប់អភិវឌ្ឍអត្ថបទរបស់ខ្លួនឱ្យកាន់តែមានលក្ខណៈជាសកលឡើងសម្រាប់សាធារណជន។

    2.Blog ជួយឱ្យខួរក្បាលមានរបៀប និងឆ្លាតជាងមុន
    ការសរសេរ Blog ជាការកត់ត្រានូវរឿងរ៉ាវ និងការយល់ឃើញរបស់បុគ្គលម្នាក់ៗ។ នៅពេលដែលពួកគេសរសេរអ្វីគ្រប់យ៉ាងទៅជាអត្ថបទ គេនឹងក្លាយជាមនុស្សដែលមានអារម្មណ៍ស្ងប់ ហើយស្គាល់ខ្លួនឯងកាន់តែច្បាស់។ ម្យ៉ាងវិញទៀត ការសរសេរអត្ថបទនីមួយៗ គឺអាចធ្វើឱ្យយើងមើលឃើញពីលទ្ធផលនៃការគិតរបស់ខ្លួនឯង ហើយងាយស្រួលដកស្រង់យកវាមកធ្វើជាផែនការសកម្មភាពនៅក្នុងជីវិតឆ្ពោះទៅរកការអភិវឌ្ឍថែមទៀតផង។

    3.Blog ជួយបង្កើនប្រជាប្រិយភាព
    ជាធម្មតាមនុស្សគ្រប់គ្នាសុទ្ធតែអាចក្លាយជាអ្នកនិពន្ធបានទាំងអស់ ហើយការគិតរបស់មនុស្សតែងតែមានចំណុចល្អរៀងៗខ្លួន ហេតុនេះប្រសិនបើអ្នកចូលចិត្តសរសេរ សូមអ្នកសរសេរនូវការយល់ឃើញជាវិជ្ជមានទាំងអស់ ហើយធ្វើការចែករំលែកនៅក្នុងBlog។ នៅពេលដែលអត្ថបទរបស់អ្នកត្រូវបានផ្សព្វផ្សាយជាសាធារណៈ និងជាប្រចាំ អ្នកនឹងអាចរកឃើញមនុស្សថ្មី ឬអាចទទួលបានការគាំទ្រពីអ្នកអាន ដែលវាជាកត្តាជំរុញឱ្យអ្នកកាន់តែខិតខំប្រឹងប្រែងដកស្រង់យកសក្តានុពលពីក្នុងខ្លួនមកសរសេរបានកាន់តែច្រើន ហើយអត្ថបទដែលសរសេរចេញពីចិត្តទាំងអស់នោះ អាចធ្វើឱ្យអ្នកក្លាយជាមនុស្ស ដែលទទួលបានការគាំទ្រពីមនុស្សទូទៅ ដែលអាចនឹងទទួលបានផលប្រយោជន៍ពីអត្ថបទរបស់អ្នកនៅពេលបន្ទាប់មក៕

  • យុវជនចាប់ផ្តើមជជែកពិភាក្សាពីវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចកម្ពុជា

    យុវជនចាប់ផ្តើមជជែកពិភាក្សាពីវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចកម្ពុជា

    យុវជនកម្ពុជាជាច្រើនក្រុមបានរួមគ្នាប្រកួតប្រជែងលើប្រធានបទសំខាន់ៗនៅក្នុងកម្មវិធី The perspective Cambodia ដែលជាកម្មវិធីជជែកតស៊ូមតិថ្នាក់ជាតិមួយសម្រាប់យុវជននៅកម្ពុជា។ ក្នុងនោះ ប្រធានបទ ស្តីពី «ការខ្ចីបំណុលពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនរបស់ប្រជាពលរដ្ឋបានជះឥទ្ធិពលអាក្រក់ទៅលើសេដ្ឋកិច្ចកម្ពុជានាពេលអនាគត» បានក្លាយជាប្រធានបទសំខាន់មួយដែលទទួលបានការចាប់អារម្មណ៍ពីគ្រប់សមាសភាពសង្គម។

    បេក្ខជននៃក្រុមដែលស្របលើប្រធានបទនេះ បានធ្វើការបកស្រាយដោយផ្តោតលើទឡ្ហីករណ៍សំខាន់ៗចំនួន 3គឺ ការយល់ដឹងពីផ្នែកហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជានៅមានកម្រិតនៅឡើយ ហើយការប្រើប្រាស់កម្ចីរបស់ប្រជាពលរដ្ឋខ្មែរមានហានិភ័យខ្ពស់ និងហានិភ័យនៃការកំណត់ពិដានអត្រាការប្រាក់។ ដោយក្រុមស្របបានធ្វើការបកស្រាយពីកម្រិតនៃការយល់ដឹងរបស់ប្រជាជនក្នុងការខ្ចីបំណុលពីធនាគារនៅទន់ខ្សោយដែលធ្វើឱ្យពួកគេស្ថិតក្នុងបំណុល ឬជួបហានិភ័យខ្ពស់ក្នុងការប្រើប្រាស់ថវិកាដែលបានមកពីកម្ចីទាំងអស់នោះ ដែលធ្វើឱ្យពួកគេត្រូវជួបភាពក្រីក្រ។ ពួកគេក៏បានបកស្រាយផងដែរពីការដាក់ពិដានអត្រាការប្រាក់ ឬការកំណត់ឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់កំណត់យកការប្រាក់ខ្ពស់បំផុតត្រឹម 18% ក្នុងមួយឆ្នាំ ដែលរុញច្រានឱ្យប្រជាជនកាន់តែច្រើនជាប់បំណុលធនាគារ។

    ចំណែកឯក្រុមបដិសេធវិញ ក៏បានឆ្លើយតបផងដែរដោយយោងលើទឡ្ហីករណ៍សំខាន់ៗចំនួន 3 ដូចគ្នា គឺទី1 ក្រុមបដិសេធបកស្រាយពីកម្មវត្ថុនៃកម្ចីរបស់ប្រជាពលរដ្ឋខ្មែរ ទី2គឺ កម្ចីធនាគារបានធ្វើឱ្យមានកំណើននៃអាជីវកម្មដែលអាចបង្កើនឱកាសការងារ និងកាត់បន្ថយភាពក្រីក្រ និងចំណុចចុងក្រោយគឺ កំណើនសេដ្ឋកិច្ច និងសេវាសាធារណៈ។ ក្រុមបដិសេធបានបកស្រាយថា តាមពិតទៅការខ្ចីបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនឹងមិនមានហានិភ័យនោះទេ ព្រោះកម្មវត្ថុនៃកម្ចីគឺដើម្បីយកទៅបង្កើនចំណូល និងផ្គត់ផ្គង់ជីវភាព។ ក្រុមបដិសេធក៏បានបកស្រាយផងដែរថា កម្ចីអាចជួយឱ្យមានភាពរីកចម្រើនទៅវិញទេក្នុងសង្គមកម្ពុជា។

    លោកជំទាវ ជា សិរី អគ្គនាយិកានៃអគ្គនាយកដ្ឋានបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានកោតសរសើរចំពោះយុវជនដែលបានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវលើប្រធានបទស្តីពីមីក្រូហិរញ្ញវត្ថុ ព្រោះវាជាប្រធានបទក្តៅ។ ប្រធានបទនេះជាប្រធានបទដែលមនុស្សគ្រប់គ្នាកំពុងចាប់អារម្មណ៍ ហើយចំណាប់អារម្មណ៍នេះ គឺមានទូទាំងពិភពលោក មិនមែនតែនៅកម្ពុជានោះទេ។
    លោកជំទាវ ជា សិរី មានប្រសាសន៍ថា៖ «ការតស៊ូមតិនេះគឺធ្វើបានល្អ តែការស្រាវជ្រាវរបស់ប្អូនៗនៅមានកម្រិតនៅឡើយ។ សម្រាប់ការសរសេរជានិក្ខេបបទ ឬការជជែកពិភាក្សាជាផ្លូវការគួរកុំយកទិន្នន័យ ក៏ដូចជាការអះអាងជាលក្ខណៈបុគ្គល ប្អូនៗគួរយកអំណះអំណាងដែលមានលក្ខណៈជាស្ថាប័នដែលគួរឱ្យទុកចិត្តបាន»។

    លោកជំទាវបានបន្ថែមទៀតថា យុវជនដែលធ្វើការជជែកពិភាក្សាស្តីពីប្រធានបទការខ្ចីបំណុលពីគ្រឹះស្ថានហិរញ្ញវត្ថបានជះឥទ្ធិពលលើសេដ្ឋកិច្ចនេះ គួរចែកឱ្យដាច់ពីសេដ្ឋកិច្ច ព្រោះសេដ្ឋកិច្ចមានច្រើន មានទាំងសេដ្ឋកិច្ចមីក្រូ និងសេដ្ឋកិច្ចលក្ខណៈម៉ាក្រូ។ អ្វីដែលបេក្ខជនបានលើកឡើងគឺគ្រាន់តែជាលក្ខណៈគ្រួសារ ឬពាក់ព័ន្ធនឹងបំណុលគ្រួសារតែប៉ុណ្ណោះ។ បេក្ខជនទាំងអស់គួរធ្វើការវិភាគលើបញ្ហាមីក្រូ ហើយទាញភ្ជាប់ទៅកាន់ការស្រាវជ្រាវ និងការបកស្រាយជាលក្ខណៈម៉ាក្រូ ហើយចំពោះឯកសារ និងការពន្យល់ផ្សេងៗទៀតដើម្បីជាការយល់ដឹងឱ្យកាន់តែច្បាស់ បេក្ខជនអាចទៅកាន់ធនាគារជាតិនៃកម្ពុជាដើម្បីសិក្សាឱ្យបានកាន់តែលម្អិត។

    នៅក្នុងកម្មវិធីជជែកតទល់នេះមានគណៈកម្មការចំនួន 5រូប គឺ លោកជំទាវ ជា សិរី អគ្គនាយិកានៃអគ្គនាយកដ្ឋានបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា កញ្ញា សឹង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ឈឹម សំណាង គ្រូបង្វឹកនៃកម្មវិធីទំពាំងស្នងឫស្សី លោក អ៊ុក កំពូល អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងលោក អួង បូរិន នាយកធនធានមនុស្សនៃក្រុមហ៊ុន aplus consulting៕

  • ឱកាសប្រកួតសម្រាប់យុវជន​ក្នុងតំបន់អាស៊ានបានមកដល់ទៀតហើយ

    ឱកាសប្រកួតសម្រាប់យុវជន​ក្នុងតំបន់អាស៊ានបានមកដល់ទៀតហើយ

    ​កិច្ចប្រជុំផ្លូវការរបស់អាស៊ានស្តីអំពីយុវជន​ (SOMY)​ បានប្រកាស​បើកឱ្យមានការប្រកួតអាស៊ានខ្សែរឿងវីដេអូយុវជ​នអាស៊ានប្រចាំឆ្នាំ លើកទី3 ដើម្បីឈ្នះដំណើរ​ទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី ។ ប្រធានបទសំខាន់ដែល​នឹង​ត្រូវលើកឡើងសម្រាប់ការប្រកួតនេះគឺ «តើរយៈពេល 50ឆ្នាំនៃ​អាស៊ាន​មានន័យយ៉ាងណាសម្រាប់យុវជន?» ដោយការប្រកួតនេះ​បានទទួលការគាំទ្រដោយអង្គការ USAID និងស្ថានបេសកកម្ម​របស់សហរដ្ឋអាមេរិកសម្រាប់អាស៊ាន  រួមជាមួយនឹង​មូលនិធិអាស៊ាន។

    ខ្សែរឿងវីដេអូដែលនឹងត្រូវប្រកួតនេះ ត្រូវបង្កើតឡើងក្នុងរយៈពេល​ 60នាទី ដោយផ្តោតសំខាន់ផងដែរលើ​សារៈសំខាន់​នៃអាស៊ាន និងសេចក្តីប្រាថ្នា​របស់អ្នកសម្រាប់​រយៈពេល 50ឆ្នាំក្រោយរបស់អាស៊ាន។ បេក្ខជន​ដែល​អាចដាក់ពាក្យប្រកួតបាន គឺត្រូវតែជាប្រជាជនក្នុងសហគមន៍​អាស៊ាន និង​មានអាយុចាប់ពី 18 ដល់​ 30ឆ្នាំ គិតត្រឹមថ្ងៃទី1 ខែកក្កដា ឆ្នាំ2017។

    សម្រាប់អ្នកដែលមានគំនិតច្នៃប្រឌិត​ខ្ពស់បំផុត 10 រូបនឹង​ត្រូវ​ជ្រើសរើសឱ្យចូលរួម​ក្នុងសិក្ខាសាលាស្តីពីការផលិត​ភាពយន្ត​នៅប្រទេសសិង្ហបុរី រួមជាមួយ​ទឹកប្រាក់​មួយចំនួនទៀត។ បេក្ខជន​ដែលមានបំណងចង់ដាក់ពាក្យប្រកួតសូមផ្ញើខ្សែរឿងវីដេអូឱ្យបានមុន​ថ្ងៃទី1 ខែកក្កដា ឆ្នាំ2017 តាមរយៈតំណភ្ជាប់ www.ASEANyouthvideocontest2017.com

     

  • Bill Gates ចង្អុលបង្ហាញផ្លូវដល់យុវជនដែលទើបនឹងបញ្ចប់ការសិក្សា…

    Bill Gates ចង្អុលបង្ហាញផ្លូវដល់យុវជនដែលទើបនឹងបញ្ចប់ការសិក្សា…

    គេហទំព័រ វេទិកាសេដ្ឋកិច្ចពិភពលោក បានចេញអត្ថបទមួយស្តីពីគំនិតរបស់មហាសេដ្ឋីពិភពលោកផ្នែកបច្ចេកវិទ្យា លោក Bill Gates ដែលបានបានផ្ញើសារដោយសំដៅទៅលើសិស្សនិស្សតរាប់ពាន់នាក់ដែលទើបបញ្ចប់ការសិក្សាថ្មីនៅក្នុងសហរដ្ឋអាមេរិក អំពីការងារ និងការអប់រំជីវិត ហើយវាក៏មានប្រយោជន៍ផងដែរសម្រាប់យុវជននៅកម្ពុជាយើង។

    នៅក្នុងចំណោមសារដែលលោក Bill Gates សរសេរនៅលើបណ្តាញ Twiter ចំនួន ១៤ជាប់ៗគ្នានោះ មហាសេដ្ឋីខាងលើចង្អុលបង្ហាញពីចំណុចសំខាន់ៗចំនួន ៣ ដែលអាចជួយឱ្យយុវជនមានជោគជ័យក្នុងការងារ និងជីវិត នោះគឺ ឥទ្ធិពល (Impact) សុភមង្គល (Happiness) និង វិវឌ្ឍន៍(Progress)។ នៅក្នុងចំណោមរឿងទាំង ៣ ខាងលើនេះ មិនមានចំណែកណាមួយដែលគាត់និយាយអំពីលុយនោះទេ ព្រោះគាត់ផ្តោតសំខាន់លើកត្តារបស់មនុស្សខ្លួនឯងខ្លាំងជាងកត្តាខាងក្រៅ។ លោក Bill Gates ក៏បានបង្ហាញផងដែរអំពី អាជីពការងារដែលនិស្សិតទើបនឹងបានបញ្ចប់ការសិក្សាគួរស្វែងរកនាពេលបច្ចុប្បន្ន។

    មហាសេដ្ឋីពិភពលោកខាងលើបានសរសេរថា៖ «ការងារច្នៃប្រឌិត ការងារផ្នែកថាមពល និងជីវសាស្រ្ត ជាមុខវិជ្ជាដែលធ្វើឱ្យអ្នកគ្រប់គ្នាទទួលបាននូវផលប្រយោជន៍ និងឥទ្ធិពលយ៉ាងធំ ដែលសិស្សនិស្សិតគួរជ្រើសរើសធ្វើជាអាជីពការងារ»។ ស្រដៀងគ្នានេះដែរ លោកក៏បានបង្ហាញអំពីវិស័យថាមពលនៅពេលដែលគាត់ធ្វើបទបង្ហាញនៅសាកលវិទ្យាល័យ Columbia University ថា៖«នាពេលបច្ចុប្បន្ននេះ ពិភពលោកត្រូវការធនធានយ៉ាងច្រើនដើម្បីធ្វើការអភិវឌ្ឍលើវិស័យថាមពលឱ្យកាន់តែមានគុណភាពល្អ ថោក និងស្អាត។ ហើយវិស័យបច្ចេកវិទ្យាជីវសាស្ត្រ ក៏កំពុងមានតម្រូវការខ្លាំងផងដែរ ព្រោះពិភពលោកកំពុងប្រឈមជាមួយបញ្ហាមួយចំនួនដែលត្រូវការសមិទ្ធផលថ្មីៗរបស់ពួកគេដូចជា ការដោះស្រាយបញ្ហាជំងឺមហារីក និងជំងឺធាត់ជ្រុលដែលកើតឡើងពីចំណីអាហារជាដើម»។

    ចំណុចដែល Bill Gates ផ្តោតខ្លាំងលើសិស្សនិស្សិតនៅលើពិភពលោកគឺ ត្រូវធ្វើការងារទាំងឡាយណាដែលអាចដោះស្រាយបញ្ហាមនុស្សបាន ហើយចាប់ផ្តើមពីពួកគេ នោះពិភពលោកនឹងកាន់តែមានលក្ខណៈប្រសើរឡើងមិនខាន៕

  • អាណាព្យាបាល និងយុវជនកម្ពុជាមួយចំនួនស្គាល់ពីជំនាញការងារមិនអស់

    អាណាព្យាបាល និងយុវជនកម្ពុជាមួយចំនួនស្គាល់ពីជំនាញការងារមិនអស់

    ការសិក្សា និងការជ្រើសរើសជំនាញការងារជារឿងចាំបាច់មួយសម្រាប់ជីវិតរបស់យុវជន ព្រោះនៅពេលដែលពួកគេមានក្តីស្រឡាញ់ពិតប្រាកដចំពោះការងារដែលខ្លួនកំពុងធ្វើ ពួកគេនឹងអាចអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯងបានល្អបំផុត។ តែប្រសិនបើពួកគេត្រូវបង្ខំចិត្តឱ្យជ្រើសរើសមុខវិជ្ជាណាមួយដែលខ្លួនមិនពេញចិត្តវិញ ពួកគេប្រាកដជាត្រូវប្រឈមមុខជាមួយបញ្ហាជាច្រើន ជាពិសេសគឺធ្វើការខុសជំនាញ ដែលអាចរាំងស្ទះដល់ដំណើរនៃការអភិវឌ្ឍសមត្ថភាពខ្លួនឯងក្នុងពិភពការងារ។

    លោក រិន រ៉ាវុធ អតីតឯកអគ្គរដ្ឋទូតយុវជនរបស់អូស្ត្រាលី និងជាអ្នកនិពន្ធសៀវភៅស្តីពីការជ្រើសរើសជំនាញបានលើកឡើងថា នៅកម្ពុជាដោយសារតែនៅទីជនបទភាគច្រើនមិនសូវសម្បូរអាជីពការងារ ឬស្ថាប័នសំខាន់ៗទៅដល់ អាណាព្យាបាលមួយចំនួនធំមិនបានស្គាល់អំពីជំនាញ និងអាជីពឱ្យបានច្បាស់លាស់នោះទេ កត្តានេះបានធ្វើឱ្យអាណាព្យាបាលទាំងអស់នោះ ចាប់ផ្តើមរុញច្រានកូនៗរបស់ពួកគាត់ ឬទាក់ទាញឱ្យជ្រើសរើសតែអាជីពមួយចំនួនតូចដែលគាត់បានស្គាល់នៅក្នុងសហគមន៍។

    លោក រ៉ាវុធ បាននិយាយថា៖ «មានយុវជនខ្លះមានសមត្ថភាពលើផ្នែកស្ថាបត្យកម្ម ឬផ្នែកបច្ចេកទេសជាដើម តែដោយសារតែអាណាព្យាបាលគាត់ស្គាល់តែជំនាញនៅក្នុងសហគមន៍ដូចជាគ្រូពេទ្យ ឬគ្រូបង្រៀនជាដើម គាត់ក៏បានដាក់កំហិតឱ្យកូនរបស់គាត់ចាប់យកអាជីពនោះទាំងសាមីខ្លួនកូនមិនមានទេពកោសល្យ ឬស្រឡាញ់ចូលចិត្តអាជីពទាំងនោះសោះ»។
    បញ្ហាដូចដែលបានរៀបរាប់ខាងដើមនេះ អាចរុញច្រានឱ្យយុវជនមួយចំនួនបាត់បង់ឱកាសក្នុងការអភិវឌ្ឍខ្លួនឯង ហើយនិងខកខានក្នុងចាប់យកឱកាសការងារនៅក្នុងសង្គមដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់ខ្លួនឯងទៀតផង។

    ទន្ទឹមនឹងឥទ្ធិពលរបស់ក្រុមគ្រួសារដែលអាចជះឥទ្ធិពលមិនល្អទៅលើកូនៗនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានបង្ហាញផងដែរថា យុវជនកម្ពុជាភាគច្រើនបានសិក្សាតែលើអាជីពគ្រប់គ្រង និងសេវាកម្ម ដែលអាជីពទាំងអស់នេះកំពុងតែលើសតម្រូវការរបស់សង្គម ហើយបែរជាមិនចាប់អារម្មណ៍ជំនាញបច្ចេកទេសផ្សេងៗដែលសង្គមកំពុងត្រូវការទៅវិញ។ ជំនាញអាជីពជាច្រើននៅក្នុងសាកលវិទ្យាល័យមួយចំនួន និងត្រូវជាមួយនឹងសមត្ថភាពរបស់យុវជនផងនោះ ត្រូវបានពួកគេមើលរំលង ឬមិនជ្រើសរើសយកវា ព្រោះពួកគេសម្លឹងមើលឃើញតែជ្រុងមួយនៃការងារដែលសម្បូរមនុស្សរៀន និងចាប់យកតែការងារមួយចំនួនដែលពួកគេធ្លាប់ស្គាល់តែប៉ុណ្ណោះ ហើយមិនព្រមព្យាយាមស្វែងយល់ពីអាជីពដទៃទៀតដែលមានលក្ខណៈពិសេសផ្សេងពីគ្នាឡើយ។

    ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែមានការអប់រំផ្សព្វផ្សាយពីទីភ្នាក់ងារជាតិមុខរបរ និងការងារ រួមទាំងក្រសួងអប់រំ យុវជន និងកីឡាផងនោះ យុវជនមួយចំនួនចាប់ផ្តើមស្គាល់ពីជំនាញដែលមានគុណតម្លៃសម្រាប់ខ្លួនឯង និងសង្គមកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ តែទោះបីជាយ៉ាងនេះក្តី ក៏វិសមភាពនៃការជ្រើសរើសជំនាញនាពេលបច្ចុប្បន្ន កំពុងស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភដែរ៕