Tag: យន្តហោះ

  • តើស្រ្តីមានផ្ទៃពោះ ជិះយន្តហោះបានដែរឬទេ?

    តើស្រ្តីមានផ្ទៃពោះ ជិះយន្តហោះបានដែរឬទេ?

    យើងទាំងអស់គ្នាប្រហែលជាធ្លាប់បានឮពីជំនឿកាលពីបុរាណដែលពាក់ព័ន្ធនឹងការហាមប្រាមមិនឱ្យស្រីៗធ្វើក្នុងអំឡុងពេលខ្លួនមានគភ៌ខ្លះៗមកហើយមិនខាន។ គឺជាការហាមប្រាមធម្មតាៗ ដូចជា ហាមកាន់កន្ត្រៃ ហាមទៅចូលរួមបុណ្យសព រហូតទៅដល់ហាមលាបពណ៌សក់ជាដើម ហើយស្រ្តីៗយើងក៏​ប្រហែល​ជាធ្លាប់បានឮមកខ្លះៗដែរហើយថា ស្ត្រីមានគភ៌ត្រូវបានហាមមិនឱ្យជិះយន្តហោះឡើយ តើជារឿងពិតឬដែលគេនិយាយថា ការធ្វើដំណើរតាមយន្តហោះក្នុងអំឡុងពេលមានផ្ទៃពោះនឹងបង្កឱ្យមានគ្រោះថ្នាក់? ដូច្នេះសរុបមកថា តើស្រ្តីមានផ្ទៃពោះអាចជិះយន្តហោះបានដែរឬទេ? ឡា រ៉ែនមានចម្លើយសម្រាប់សំនួរនេះ…។

    អ្នកជំនាញការផ្នែកសុខភាពស្រ្តី បានរៀបរាប់ផ្ទុយពីចំណុចហាមប្រាមចាស់ៗដែលលោកអ្នកធ្លាប់បានឮមកនោះថា នៅក្នុងផ្នែកជំនួញ ការធ្វើដំណើរដោយយន្តហោះមិនមានភាពប្រថុយប្រថានជាពិសេសណាមួយសម្រាប់ស្ត្រីមានគភ៌ដែលមានសុខភាពរឹងមាំ​ល្អ ឬសូម្បីតែចំពោះទារកនៅក្នុងផ្ទៃឡើយ តែហេតុផលធំចម្បងគឺ ជាក្តីកង្វល់របស់ក្រុមហ៊ុនអាកាសចរណ៍នោះទៅវិញទេ ព្រោះ​មាន​​​ភាពអាចទៅរួចច្រើនដែលស្រ្តីមានគភ៌នឹងប្រសូតបុត្រនៅក្នុងយន្តហោះដែលកំពុងហោះហើរ ដែលធ្វើឱ្យក្រុមហ៊ុន​អាកាសចរណ៍​នោះត្រូវចេញថ្លៃចាយវាយបន្ថែមតាមច្បាប់កំណត់ និងថែមទាំងជាការរុកគួនរំខានអ្នកដំណើរដទៃទៀតផង។

    ខាងក្រោមនេះ គឺគន្លឹះសំខាន់ៗសម្រាប់ស្រ្តីមានគភ៌ខណៈជិះយន្តហោះ ៈ

    1. ក្រោកឡើងដើររយៈចម្ងាយខ្លីៗតាមផ្លូវដើរនៅក្នុងយន្តហោះរៀងរាល់ 30នាទីម្តង បើសិនជាមានសុវត្ថិភាពក្នុងការធ្វើ។
    2. សណ្តូកជើងឱ្យត្រង់ និងធ្វើចលនាជើងបែប អៃហ្សូមេធ្រិក(Isometric)។
    3. ញ៉ាំទឹកឱ្យបានច្រើន។
    4. ជ្រើសរើសកន្លែងអង្គុយដែលនៅក្បែរបន្ទប់ទឹក។
    5. គួរបំពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យទាប ម្តុំជុំវិញឆ្អឹងត្រគាកជាប់រហូតក្នុងពេលធ្វើដំណើរ។
    6. ចៀសវាងអាហារដែលធ្វើឱ្យកើតមានហ្កាស និងអាហារដែលបម្រើនៅក្នុងយន្តហោះ។ ព្យាយាមយកអាហាររបស់ខ្លួនឯងទៅទុកញ៉ាំ។

    ការធ្វើដំណើរក្នុងរយៈដំបូងនៃការមានគភ៌ គឺមានសុវត្ថិភាព តែអ្វីដែលគួរប្រុងប្រយ័ត្ននោះគឺ អាការពាក់ព័ន្ធនឹងការមានគភ៌ ដូចជាអាការចាញ់កូនដែលអាចនឹងកាន់តែអាក្រក់ឡើង ដូច្នេះអ្នកគួរមានថង់សម្រាប់ក្អួតនៅជិតខ្លួន 2 – 3សម្រាប់។

    មានស្រ្តីជាច្រើនមានអារម្មណ៍ថា សប្បាយ និងស្រួលខ្លួនល្អឡើងវិញនៅក្នុងអំឡុងត្រីមាសទី2 នៃការមានគភ៌។ អាការចាញ់កូនរបស់អ្នកបាត់ទៅវិញហើយ នៅក្នុងត្រីមាសនេះមានភាពប្រថុយប្រថានតិចបំផុតក្នុងការប្រសូតមុនកំណត់ ទើបមិនមែនជារឿង​ប្លែក​ឡើយដែលស្រ្តីជាច្រើនឆ្លៀតឱកាសនេះធ្វើដំណើរទៅកម្សាន្តនៅទីឆ្ងាយ តែយ៉ាងណាក៏ដោយអ្នកគួរប្រយ័ត្នរឿងប្រព័ន្ធឈាមរត់ផង។ យើងមានពាក្យណែនាំដើម្បីជួយឱ្យលំហូរវិលរបស់លោហិតរបស់ស្រ្តីមានគភ៌ដំណើរការយ៉ាងប្រក្រតី ដូចខាងក្រោម ៖

    • គួរស្លៀកសម្លៀកបំពាក់ណាដែលធូររលុងសប្បាយស្រួលខ្លួន។
    • គួរពាក់ស្រោមជើងបារ៍ដែលមានភាពរឹប ដើម្បីជួយបង្កើនការហូរវិលរបស់ឈាមពីកជើងទៅរកបេះដូង និងសួតរបស់អ្នក។
    • ចៀសវាងការអង្គុយគងអន្ទាក់ខ្លា។
    • ញ៉ាំទឹកឱ្យបានច្រើន ដើម្បីរក្សាភាពស្រស់ថ្លាក្នុងរាងកាយ។

    រឿងមួយទៀតដែលជួយរក្សាលំហូរវិលរបស់លោហិតបានច្រើននោះ គឺការធ្វើចលនារាងកាយដោយការក្រោកឡើងដើរនៅតាម​ផ្លូវ​ដើរ​ក្នុងយន្តហោះ សណ្តូកជើង និងពង្រឹងសាច់ដុំជើងរៀងរាល់កន្លះម៉ោងម្ដង បង្វិលកជើងទៅមក និងកម្រើកម្រាមជើង។ អ្វីទាំងអស់នេះ គឺជាឧទាហរណ៍តូចៗដែលស្រ្តីមានគភ៌អាចធ្វើបាននៅនឹងកន្លែងដែលខ្លួនអង្គុយដោយមិនរំខានអ្នកធ្វើដំណើរដែលអង្គុយក្បែរឡើយ៕

  • ហោះហើរដើរលេងសប្បាយ តាមនិស្ស័យអ្នកម្ដាយពពោះ

    ហោះហើរដើរលេងសប្បាយ តាមនិស្ស័យអ្នកម្ដាយពពោះ

    រៀបផែនការប្រុងទៅហាន់នីមូនលើកទី2 ជាមួយស្វាមីជាច្រើនខែមកហើយ និងសង្ស័យប្រហែលជាបេប៊ីចង់ទៅដើរលេងដែរហើយមើលទៅ ទើបមកចាប់កំណើតចំពេលហ្នឹងតែម្ដង តែក៏មិនខូចផែនការដែរ…សុំពេលឱ្យម៉ាក់ត្រៀមខ្លួនថែមបន្តិច ម៉ាក់នឹងនាំកូន(ក្នុងផ្ទៃ)ហោះទៅដើរលេងជាមួយដែរមិនខាន។

    អ្នកជំនាញខាងសរសេរអត្ថបទស្រ្តីមានផ្ទៃពោះ និងទារកបានគាំទ្រថា “អ្នកនឹងគ្មានថ្ងៃបានធ្វើដំណើរយ៉ាងងាយស្រួល និងមានសេចក្ដីសុខស្មើនឹងពេលនេះទៀតឡើយ ដូច្នេះចូរទៅដើរលេងសម្រាកកម្សាន្ត និងធ្វើឱ្យខ្លួនឯងមានសេចក្ដីសុខ ខណៈដែលគ្រប់យ៉ាងនៅល្អប្រសើរ(ពោះនៅតូច)នៅឡើយ” បើអ្នកគ្មានចំណុចអ្វីគួរឱ្យប្រយ័ត្នប្រយែងដែលនឹងធ្វើឱ្យមិនគួរធ្វើដំណើរដោយយន្តហោះ ដូចជា សភាវស្បូនធ្លាក់ចុះទាបមាត់ស្បូនយារ ឬមានប្រវត្តិធ្លាប់រំខានដោយការរលូតបុត្រនោះ ក៏ទៅប្រឹក្សាគ្រូពេទ្យសម្ភពផ្ទាល់ខ្លួនម្ដងទៀត រួចហើយត្រៀមខ្លួនហោះទៅដើរលេងកម្សាន្តបានតែម្ដង។

    អំឡុងពេល

    ប៉ាន់ប្រមាណអំឡុងពេលហោះហើរទៅដើរលេងកម្សាន្តក្នុងចន្លោះត្រីមាសទី 2 ព្រោះស្រ្តីមានគភ៌ភាគច្រើននឹងចាប់ផ្ដើមស៊ាំធ្លាប់នឹងការមានគភ៌ហើយ អាការចាញ់កូនក៏ធូរស្រាលចុះ ថែមទាំងក្បាលពោះក៏នៅមិនទាន់ធំ និងធ្ងន់រហូតទៅណាមកណាលំបាក ឬប្រថុយប្រថាននឹងការប្រសូតមុនកំណត់ដូចត្រីមាសទី 3ដែរ(ក្រុមហ៊ុនអាកាសចរណ៍ភាគច្រើនៗតែហាមបម្រើសេវាហោះហើរឆ្លងប្រទេសសម្រាប់ស្រ្តីតាំងគភ៌ចាប់ពី 28 – 30សប្ដាហ៍ឡើងទៅ)។

    ប្រវត្តិ/ធានាសុខភាព

    ស្រ្តីមានគភ៌គួរដាក់សៀវភៅប្រវត្តិការតាមដានផ្ទៃពោះតាមខ្លួនទៅជាមួយផង ដើម្បីក្រែងលោឈឺថ្កាត់អ្វី នឹងបានយកប្រវត្តិនោះទៅឱ្យគ្រូពេទ្យនៅក្នុងប្រទេសដែលខ្លួនទៅសម្រាកកម្សាន្តនោះពិនិត្យមើលដើម្បីប្រកបក្នុងការវិនិច្ឆ័យ និងបើគ្មានពេលរៀបចំទេនោះ គួរយកលេខទូរស័ព្ទរបស់លោកគ្រូពេទ្យដែលពិនិត្យគភ៌ជាប្រចាំទៅជាមួយផងក៏បាន។

    ជ្រើសរើសកៅអីអង្គុយ

    កៅអីអង្គុយជាប់ផ្លូវដើរ ជាជម្រើសដែលស័ក្តិសមបំផុត ព្រោះស្រ្តីមានគភ៌នឹងត្រូវក្រោកទៅចូលបន្ទប់ទឹកញឹកញាប់ជាងមនុស្សឯទៀត(ខានទស្សនាទេសភាពដែលអង្គុយនៅជាប់មាត់បង្អួចសិនទៅ) និងបើជ្រើសរើសបាន គួរជ្រើសរើសអង្គុយកៅអីជួរមុខដែលអាចសណ្ដូកជើងបានស្រួលផង។ នៅពេលអង្គុយលើកៅអីហើយ កុំភ្លេចបំពាក់ខ្សែក្រវាត់សុវត្ថិភាពក្រោមពោះផង។

    ការពារអាការខ្វះជាតិទឹក

    អាកាសធាតុនៅក្នុងយន្តហោះនឹងស្ងួតជាងប្រក្រតី ស្រ្តីមានគភ៌គួរការពារអាការខ្វះជាតិទឹកដោយការញ៉ាំទឹកឱ្យបានញឹកញាប់ តែបើសិនខ្លាចថាអ្នកបម្រើលើយន្តហោះដើរមកចាក់ទឹកឱ្យញឹកញាប់នោះ អ្នកអាចដាក់តាមខ្លួននូវបំពង់ទឹកតូចមួយក្នុងកាបូបស្ពាយទៅជាមួយ និងគ្រាន់តែសុំឱ្យបុគ្គលិកលើយន្តហោះជួយចាក់ទឹកឱ្យពេញទុកញ៉ាំក៏បាន។

    ការពារប្រគ្រីវកាច់ / ហើមជើង

    ស្លៀកសម្លៀកបំពាក់ណាដែលសប្បាយៗស្រួលខ្លួន ចៀសវាងខោណាដែលរឹតតឹងណែនភ្លៅ និងកំភួនជើង ដោះស្បែកជើងចេញ ហើយដាក់ជើងលើភ្នាក់ជើង ឬដាក់កាបូបធ្វើដំណើរនៅខាងក្រោមកៅអីខាងមុខ ហើយដាក់ជើងគងសម្រាកលើនោះក៏បាន។ ក្រោកឡើងដើរទៅ-មកនៅតាមផ្លូវដើរដើម្បីផ្លាស់ប្ដូរឥរិយាបថរៀងរាល់ 1ម៉ោងម្ដង និងសណ្ដូកជើងដើម្បីឱ្យយឺតសរសៃរៀងរាល់កន្លះម៉ោងម្ដង។ អ៎! កុំភ្លេចត្រៀមស្រោមជើងស្ដើងៗ ឬស្បែកជើងផ្ទាត់ទៅជាមួយទុកពាក់ដើរទៅ-មកផងក៏រឹតតែល្អទៅទៀត៕

  • នៅពេលខ្ញុំតាំងគភ៌ចូលដល់ខែទី 8

    នៅពេលខ្ញុំតាំងគភ៌ចូលដល់ខែទី 8

    មកដល់ខែទី 8នេះ វិវឌ្ឍនាការរបស់ទារកនៅក្នុងគភ៌ ខ្លួននឹងវែងឡើងប្រមាណជា 18អ៊ិញ មានទម្ងន់ខ្លួនប្រមាណជា 2,000 – 2,500ក្រាម ក្បាលធំពេញទំហឹងហើយ។ ទារកអាចឮសូរសំឡេង និងមើលឃើញបានហើយ អវយវៈខាងក្នុងពេញលេញឥតខ្ចោះ និងចាប់ផ្ដើមធ្វើការហើយ លើកលែងតែសួតប៉ុណ្ណោះដែលនៅមិនទាន់ពេញលេញល្អ 100%។

    ក្នុងខែទី 8នៃការតាំងគភ៌នេះ នឹងមានការប្រែប្រួលផ្សេងៗដែលអនាគតអ្នកម្ដាយអាចមានអារម្មណ៍ដឹងបានដូចតទៅ៖

    – ទារកក្នុងគភ៌នឹងរើខ្លាំងឡើង និងទៀងពេលជាប់លាប់។

    – អនាគតអ្នកម្ដាយអាចនឹងកើតមានអាការទល់លាមកញឹកញាប់ច្រើនឡើង។

    – អាចមានអាការឈឺផ្សារក្នុងក្រពះ អាហារមិនរំលាយ និងហើមពោះ ជាដើម។

    – ឈឺក្បាលម្ដងម្កាល ស្រវាំងភ្នែក និងអាចកើតខ្យល់គញឹកញាប់ទៀតផង។

    – តឹងច្រមុះ អាចមានឈាមហូរចេញមកតាមច្រមុះ និងហ៊ឹងត្រចៀក។

    – ងាយមានឈាមចេញមកតាមជើងធ្មេញជាងប្រក្រតី ពេលដុសសម្អាតធ្មេញ។

    – កើតប្រគ្រីវកាច់នៅលើជើងញឹកញាប់។

    – ហើមកជើង និងខ្នងជើង អាចមានហើមនៅលើមុខ និងដៃផងដែរ។

    – រមាស់នៅលើស្បែកក្បាលពោះ។

    – មានអាការឈឺខ្នង។

    – មានអាការសរសៃឈាមត្បៀតនៅលើជើង។

    – កើតឫសដូងបាតញឹកញាប់ ឬងាយកើតជាងប្រក្រតី។

    – ដកដង្ហើមខ្លីៗ និងពិបាកដកដង្ហើម។

    – គេងមិនលក់ ឬគេងលក់មិនពេញភ្នែក។

    – ស្បូននឹងបង្រួញខ្លួនញឹកញាប់ជាងមុន។

    – អ៊ីកអ៊ាក និងប្រថុយប្រថាននឹងការរអិលដួល គួរបង្កើនការប្រយ័ត្នប្រយែងឱ្យខ្លាំងជាពិសេស។

    – មានទឹកដោះពណ៌លឿងៗហូរចេញមកពីក្បាលសុដន់។

    – ឆាប់ភ្លេចច្រើនជាងមុន។

    – រំភើប ញាប់ញ័រ និងវិតក្កកង្វល់។

    រឿងដែលគ្រូពេទ្យអ្នកពិនិត្យគភ៌ចង់ឱ្យអ្នកធ្វើក្នុងអំឡុងខែនេះ មានដូចជា ៈ

    1. ថ្លឹងទម្ងន់ខ្លួន និងវាស់សម្ពាធឈាម។
    2. ពិនិត្យជាតិស្ករ និងសារធាតុស៊ុតសក្នុងទឹកមូត្រ។
    3. ស្ដាប់សំឡេងលោតរបស់បេះដូងរបស់ទារកក្នុងផ្ទៃ។
    4. ពិនិត្យមើលទំហំ និងរូបរាងរបស់ស្បូន ដោយការពិនិត្យបរិវេណក្បាលពោះ។
    5. កម្ពស់របស់ស្បូន។
    6. អាការហើមនៅលើដៃ និងជើង និងសរសៃឈាមត្បៀតនៅលើជើង។
    7. អាការខុសប្រក្រតីផ្សេងៗ(បើសិនជាមាន)

    រឿងដែលត្រូវមើលថែទាំជាពិសេសនៅក្នុងខែនេះគឺ ៈ

    1. គួរចៀសវាងការធ្វើដំណើរផ្លូវឆ្ងាយ ដើម្បីការពារការប្រសូតមុនកាលកំណត់ ឬមិនអាចទំនាក់ទំនងជាមួយគ្រូពេទ្យអ្នកពិនិត្យថែទាំគភ៌បានទាន់ពេលវេលា។ បើសិនចាំបាច់មែនទែន គួរប្រឹក្សាគ្រូពេទ្យ និងសុំលិខិតធានាអំពីគ្រូពេទ្យថា អាចធ្វើដំណើរផ្លូវឆ្ងាយបាន ក្នុងករណីដែលត្រូវធ្វើដំណើរដោយយន្តហោះ និងក្នុងករណីដែលត្រូវធ្វើដំណើរដោយរថយន្ត មិនគួរបើកបរដោយខ្លួនឯងឡើយ។
    2. ជ្រើសរើសវិធីការប្រសូតបុត្រឱ្យស័ក្តិសមនឹងខ្លួនឯង។
    3. អាចនឹងកើតការបង្រួញ និងពង្រឹងខ្លួនរបស់ស្បូន ដែលនឹងកើតឡើងក្នុងអំឡុង 2 – 3ខែមុនប្រសូត។ ការពង្រឹងខ្លួនរបស់ស្បូននឹងមិនធ្វើឱ្យឈឺចាប់ខ្លាំងពេកទេ និងនឹងធូរស្រាលទៅវិញនៅទីបំផុត។ ចូរគេងសម្រាក ឬនៅស្ងៀមៗនឹងធ្វើឱ្យអាការឈឺចាប់ថយចុះ។ អាការនេះនឹងកើនខ្លាំងឡើងជារឿយៗរហូតទៅដល់ខែចុងក្រោយនឹងជាការឈឺដាស់តឿន និងនាំឆ្ពោះទៅរកការឈឺមែនទែន ដោយមានការបើកឡើងរបស់ស្បូនរួមជាមួយផងដែរ ដែលចុងក្រោយនឹងនាំទៅរកការប្រសូតជាស្ថាពរ៕
  • អ្នកបើកយន្តហោះម្នាក់ បើកយន្តហោះអំពាវនាវឱ្យប្រជាជនក្នុងពិភពលោកប្រយុទ្ធនឹង “COVID-19” ដោយការ “ស្ថិតនៅក្នុងផ្ទះ”

    អ្នកបើកយន្តហោះម្នាក់ បើកយន្តហោះអំពាវនាវឱ្យប្រជាជនក្នុងពិភពលោកប្រយុទ្ធនឹង “COVID-19” ដោយការ “ស្ថិតនៅក្នុងផ្ទះ”

    វីរុសធ្វើឱ្យពួកយើងត្រូវតែ “ឈានរំលង” ក្ដីភ័យខ្លាចទៅមុខឱ្យបាន
    និងរួមកម្លាំងកាយ កម្លាំងចិត្តគ្នា ធ្វើនូវអ្វីដែលម្នាក់ៗអាចធ្វើបានដោយមិនពិបាក
    ដើម្បី “បញ្ឈប់ការឆ្លងរាលដាល” របស់មេរោគវីរុសកូវីដ-19
    ដោយវិធីមួយ គឺ “ផ្អាកការធ្វើដំណើរ” និង “ស្ថិតនៅក្នុងផ្ទះ” ក្នុងអំឡុងពេលនេះ។
    វេបសាយព័ត៌មាន UPI បានរាយការណ៍ថា ថ្មីៗនេះ មានអ្នកបើកយន្តហោះជនជាតិអូទ្រីសម្នាក់
    បាននាំយន្តហោះម៉ាស៊ីន1 ប្រភេទ ដៃម៉ន់ ឌីអេ 40 ដៃម៉ន់ ស្តារ៍
    បើកហោះឡើងចេញពីអាកាសយានដ្ឋាន វីនើ ណយឆ៍ ដាត់ថ៍ ក្នុងប្រទេសអូទ្រីស
    ឆ្ពោះទៅទីក្រុង ហ្គ្រាស ភាគខាងត្បូងទីក្រុង វៀនណា ដោយប្រើរយៈពេលហោះហើរ 24នាទី…។
    ទាំងអស់នេះ គឺមិនមែនដើម្បី “ដឹកជញ្ជូនអ្នកដំណើរ” នោះទេ
    តែ ត្រូវការ “ផ្ញើសារ” ឱ្យមនុស្សគ្រប់គ្នា ពួតដៃគ្នា “ស្ថិតនៅក្នុងផ្ទះ”
    ផ្អាកការធ្វើដំណើរដែលមិនសំខាន់ ឬមិនចាំបាច់ក្នុងអំឡុងពេលនេះ
    ដើម្បីជួយគ្នាបញ្ឈប់ការឆ្លងរាលដាលរបស់វីរុសកូវីដ-19 ដោយខ្សែផ្លូវហោះហើរ ដែលអ្នកបើកយន្តហោះរូបនោះបានហោះឆ្លងកាត់
    ពេលគូសភ្ជាប់គ្នាជាខ្សែតាមប្រព័ន្ធរ៉ាដាហើយនោះ វាចេញជាតួអក្សរដែលមានន័យថា “STAY HOME”
    ឬ “ស្ថិតនៅក្នុងផ្ទះ” ណា៎ទាំងអស់គ្នា!!!

    ប្រភព៖ សារព័ត៌មានបរទេស