Tag: ម៉ុងហ្គោលី

  • គម្រោង​ផលិត​អគ្គិសនី​ពីកម្លាំងខ្យល់​នៅ​លើ​ដីគោក​ធំបំផុត​របស់​ប្រទេស​ចិន​

    គម្រោង​ផលិត​អគ្គិសនី​ពីកម្លាំងខ្យល់​នៅ​លើ​ដីគោក​ធំបំផុត​របស់​ប្រទេស​ចិន​

    គម្រោង​ផលិត​អគ្គិសនី​ពីកម្លាំងខ្យល់​នៅ​លើ​ដីគោក​ធំបំផុត​របស់​ប្រទេស​ចិន បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ពេញ​លេញ ​នៅ​តំបន់​សមុទ្រ​ខ្សាច់​ ស្ថិត​ក្នុង​តំបន់​ស្វយ័ត​ម៉ុងហ្គោលី​ខាង​ក្នុង (អ៊ីនណឺរម៉ុងហ្គោលី – Inner Mongolia)។

    យោង​តាម​ក្រុម​ហ៊ុន​អគ្គិសនី​នុយក្លេអែរ​ចិន (CGN) គម្រោង​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់ Hinggan League អានុភាព​ប្រចាំ​ឆ្នាំ​លើស​ពី 10 ពាន់​លាន​គីឡូវ៉ាត់​ម៉ោង (kWh) របស់​ក្រុម​ហ៊ុន​នេះ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​បណ្ដាញ​អគ្គិសនី​កាល​ពី​ថ្ងៃទី 10 ខែ​ធ្នូ​ ឆ្នាំ 2023​។ នេះ​គឺជា​មួយ​ក្នុង​ចំណោម​ស្ថានីយផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​ និង​កម្ដៅ​ព្រះ​អាទិត្យ​ទ្រង់​ទ្រាយ​ធំ​ដំបូង​របស់​ប្រទេស​ចិន​ នៅ​ក្នុង​តំបន់​សមុទ្រ​ខ្សាច់​។

    ដោយ​ប្រើប្រាស់​ម៉ូទ័រ​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​ និង​មាន​អានុភាព​រួម​ 3 លាន​គីឡូវ៉ាត់​ អគ្គិសនី​ដែល​ផលិត​ដោយ​ស្ថានីយ​ខាង​លើ​នេះ​ អាច​ជួយ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ធ្យូង​ថ្ម​បាន​ប្រហែល 2.96 លាន​តោន​ និង​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូន​ឌីអុកស៊ីតប្រហែល​ 8.02 លាន​តោន​ ជា​រៀង​រាល់​ឆ្នាំ​៕

  • រង្វង់​មូល​បៃតងកំពុង​​កែប្រែ​សមុទ្រ​ខ្សាច់​នៅ​ប្រទេស​ចិន​ទៅជា​ដី​មាន​ជីជាតិ

    រង្វង់​មូល​បៃតងកំពុង​​កែប្រែ​សមុទ្រ​ខ្សាច់​នៅ​ប្រទេស​ចិន​ទៅជា​ដី​មាន​ជីជាតិ

    បណ្ដា​រង្វង់​មូល​ពណ៌​បៃតង​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ការស្រោចស្រព អនុញ្ញាតឱ្យ​កសិករ​ដាំ​រុក្ខជាតិ​ដែលមាន​តម្លៃ​ខ្ពស់​នៅលើ​សមុទ្រ​ខ្សាច់​ទំហំ​មួយ​លាន​ហិកតា។

    សមុទ្រ​ខ្សាច់ Ulan Buh ដែលមាន​ផ្ទៃក្រឡា​មួយ​លាន​ហិកតា គឺជា​សមុទ្រ​ខ្សាច់​ធំជាងគេ​លំដាប់​ទី 8 នៅ​ប្រទេស​ចិន។ Ulan Buh ធ្លាប់​ល្បី​ឈ្មោះថា​ជា​ប្រភព​នៃ​ព្យុះ​ខ្សាច់​ប្រចាំឆ្នាំ​ដែលតែង​តែ​​វាយលុក​ភាគ​ខាងជើង​ប្រទេស​ចិន។

    បច្ចុប្បន្ន វិធានការ​ជាច្រើន​ត្រូវបាន​អនុញ្ញាត​ដើម្បី​ទប់​ទល់នឹង​បញ្ហា​ខាងលើ ក្នុងនោះ​មានដូចជា ការរារាំង​ខ្យល់ និង​ការកែលំអ​បរិស្ថាន​ធម្មជាតិ​ជាដើម ហើយ​បណ្ដា​រង្វង់​មូល​ពណ៌​បៃតង​នេះ​គឺជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ខាងលើ ក៏ដូចជា​សកម្មភាព​ស្រោចស្រព​ដំណាំ​របស់​ពលរដ្ឋ​ក្នុង​តំបន់។ ចំពោះ​ការដាំដុះ ការស្រោចស្រព​តាមបែប​បាញ់​ទឹកជា​រង្វង់​មូល​នេះ​គឺជា​វិធី​ដែលមាន​ប្រសិទ្ធភាព​នៅក្នុង​ការរក្សា​ទឹក។

    ដោយ​ការប្រឹងប្រែង​ដើម្បី​កែលំអ​លក្ខខណ្ឌ​ធម្មជាតិ ដី​ជាង 30,000 ហិកតា​នៅ​តំបន់​សមុទ្រ​ខ្សាច់ Ulan Buh នេះ ត្រូវបាន​ប្រើប្រាស់​ដើម្បី​ដាំ​រុក្ខជាតិ​ដែលមាន​គុណភាព​ខ្ពស់ ដែល​ភាគច្រើន​គឺជា​ស្រូវ​សាលី, ស្មៅ leymus chineensis និង​ស្មៅ alfalfa ជាដើម។ បរិមាណ​នៃ​ដំណាំ​ខាងលើ រកប្រាក់​ចំណូល​ប្រចាំឆ្នាំបាន​​លើសពី 97.7 លាន​ដុល្លារ​អាម៉េរិក។

    បច្ចុប្បន្ន បណ្ដាញ​ឧស្សាហកម្ម​មួយ​ដែល​រួមមាន​ទាំង​ការដាំដុះ ការបណ្ដុះ​ពូជ ការទិញ និង​លក់​ផលិតផល​កសិកម្ម​នៅ​តំបន់​ខាងលើ​ត្រូវបាន​បង្កើតឡើង​ដើម្បី​សម្រេចបាន​គោលដៅ​រួមចំណែក​ក្នុងការ​គ្រប់គ្រង​សមុទ្រ​ខ្សាច់ និង​កសិកម្ម។

    បណ្ដា​រង្វង់​មូល​ពណ៌​បៃតង​​ខាងលើ ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ស្រុក​ Dengkou របស់​ទីក្រុង Bayannur ក្នុង​តំបន់​ស្វយ័តម៉ុងហ្គោលី​ខាង​ក្នុង នៅ​ភាគ​ខាង​ជើង​ប្រទេស​ចិន​៕

  • Covid-19៖ ប្រធានាធិបតី​ម៉ុងហ្គោលី ចូល​​មន្ទីរ​ពេទ្យ​ និង​ត្រូវ​នៅ​ដាច់​ដោយ​ឡែក បន្ទាប់​ពី​បាន​ក្លាយជា​មេដឹក​នាំ​ទី​ពីរ​ដែល​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន ក្នុង​អំឡុង​អាសន្ន​រោគ​កូរ៉ូណា​កំពុង​រាត​ត្បាត​​

    Covid-19៖ ប្រធានាធិបតី​ម៉ុងហ្គោលី ចូល​​មន្ទីរ​ពេទ្យ​ និង​ត្រូវ​នៅ​ដាច់​ដោយ​ឡែក បន្ទាប់​ពី​បាន​ក្លាយជា​មេដឹក​នាំ​ទី​ពីរ​ដែល​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន ក្នុង​អំឡុង​អាសន្ន​រោគ​កូរ៉ូណា​កំពុង​រាត​ត្បាត​​

    ប្រធានា​ធិបតី Battulga និង​ប្រតិភូ​ម៉ុង​ហ្គោលី ត្រូវ​បានបង្ខាំង​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​រយៈ​ពេល​14ថ្ងៃ ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ Covid-19 ក្រោយ​ដំណើរ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន​។

    លោក​ប្រធានាធិបតី​​ Khaltmaagiin Battulga នៃ​ប្រទេស​ម៉ុង​ហ្គោលី​ និង​មន្ត្រីជាន់​ខ្ពស់​របស់​​រដ្ឋា​ភិបាល​ជា​ច្រើន​រូប​ទៀត នៅ​ថ្ងៃ​នេះ បាន​ចាប់​ផ្ដើម​ទទួល​ការ​បង្ខាំង​ខ្លួន​នៅ​ដាច់​ដោយឡែក​ ក្នុង​មន្ទីរពេទ្យ​មួយ​នា​​រដ្ឋធានី Ulaanbaatar។ នេះ​បើ​តាម​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​រដ្ឋ​ Montsame។

    សារ​ព័ត៌មាន Montsame បាន​ឱ្យ​ដឹង​ថា “នេះ​គ្រាន់​តែ​ជា​វិធានការ​ទប់​ស្កាត់ប៉ុណ្ណោះ។ ពួក​គាត់ត្រូវ​បាន​នាំ​ទៅ​កាន់​មន្ទីរ​ពេទ្យ​​ដាច់​ដោយ​ឡែកមួយ​ បន្ទាប់​ពី​បាន​អញ្ជើញ​​មក​ដល់​ប្រទេស​ភ្លាម​”។

    ប្រធានា​ធិបតី​ Battulga កាល​ពី​ម្សិល​មិញ​បាន​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន និង​បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ ស៊ី ជីនពីង​​ នៅ​ឯវិមាន​ប្រជា​ជន​ចិន​ក្នុង​ទីក្រុង​ប៉េកាំង​។ បន្ទាប់​មក​ ក៏​បាន​ជួប​ពិភាក្សា​ជា​មួយ​​នាយក​រដ្ឋ​មន្ត្រី​ចិន លោក​ លី ឃឺជំាង(Li Keqiang) ផង​ដែរ​។ លោក​ ប្រធានា​ធិបតីម៉ុង​ហ្គោលី គឺជា​មេដឹក​នាំ​ទី​ពីរ​បន្ទាប់​ពី​សម្ដេច​ ហ៊ុន​ សែន​ ដែល​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន ក្នុង​គ្រា​ដែល​ប្រទេស​នេះ​កំពុង​ត្រូវ​បាន​រាត​ត្បាត​ដោយ​អាសន្ន​រោគ​កូរ៉ូណា​ Covid-19។

    សារ​ព័ត៌មាន​ចិន​បាន​ចេញ​ផ្សាយ​ថា ប្រធានា​ធិបតី​ Battulga តាង​នាម​​ឱ្យ​ប្រជាជន​ម៉ុង​ហ្គោលី ជូន​លិខិត​ទទួល​ស្គាល់​កម្ម​សិទ្ធិ​ទៅ​លើ​សត្វ​ចៀម​ចំនួន​30,000ក្បាល​ទៅ​ដល់​ប្រធានា​ធិបតី​ចិន​ ដោយ​ចាត់​ទុក​ដូចជា​ជំនួយ​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អាសន្ន​រោគ​កូរ៉ូណា​។ នេះ​បើ​តាម​សារ​ព័ត៌មាន Reuters។

    សូម​បញ្ជាក់​ថា មុង​ហ្គោលី​ ​គឺជា​ប្រទេស​មួយ​ដែល​មិន​ទាន់​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ណា​មួយ​នៅ​ឡើយ​។ ប្រទេស​នេះ បាន​បិទ​ច្រក​ព្រំ​ដែន​ជាមួយ​ចិន និង​បាន​ផ្អាក​ការ​ហោះ​ហើរ​ទៅ​-មក​ប្រទេសនេះ​ រួម​នឹង​​កូរ៉េខាង​ត្បូង និងជប៉ុនផង​ដែរ​។ ទន្ទឺម​នឹង​នេះ ប្រទេស​ម៉ុង​ហ្គោលី​​ក៏បាន​បិទ​សាលា​រៀន​​រហូ​ត​ដល់​ចុង​ខែ​មិនាទៀត​ផង​។

    រដ្ឋា​ភិបាល​ម៉ុង​ហ្គោលី​​ កាល​ពី​ថ្ងៃទី​26​កុម្ភៈ ក៏បាន​ចេញ​​បទ​បញ្ជា​ ហាម​មិន​ឱ្យ​រថយន្ត​ ឬ​មធ្យោ​បាយ​ដឹក​ជញ្ជូនធ្វើ​ដំណើរ​​ពី​រដ្ឋ​ធានី​ Ulaanbaatar ទៅ​កាន់​បណ្ដា​ខេត្ត​ក្រុង​ផ្សេង​ៗ ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​មា​ន​ការ​ឆ្លង​រាល​ដាល​នៃ​អាសន្ន​រោគ​កូរ៉ូណា​ Covid-19 ក្នុង​ប្រទេស​នេះ។ បទបញ្ជា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់ពី​មាន​មនុស្ស​ម្នាក់​មាន​អាការ​ក្ដៅ​ខ្លួន នៅ​ពេល​ធ្វើ​ដំណើរ​ពី​ទីក្រុង Ulaanbaatar ទៅ​កាន់​ខេត្ត Bayan-Ulgii។ ប្រទេស​នេះ ក៏កំពុង​បង្ខាំង​មនុស្ស​ចំនួន​5នាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក ប៉ុន្តែនេះ​គ្រាន់​តែ​ជា​ករណី​សង្ស័យ​ថា​អាច​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​តែ​ប៉ុណ្ណោះ៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស