Tag: ម៉ានិត

  • ម៉ានិត ជោគជ័យបើកសម្ពោធស្នាដៃពីរ អាល់ប៊ុមចម្រៀង « សមុទ្រ » និងសៀវភៅប្រលោមលោករឿង « កូនទី ៦ »

    ម៉ានិត ជោគជ័យបើកសម្ពោធស្នាដៃពីរ អាល់ប៊ុមចម្រៀង « សមុទ្រ » និងសៀវភៅប្រលោមលោករឿង « កូនទី ៦ »

    តារាចម្រៀង និងជាអ្នកនិពន្ធសៀវភៅវ័យក្មេងមួយរូបគឺលោក ម៉ុង ម៉ានិត កំពុងតែជោគជ័យខ្លាំង ដោយការនិពន្ធសៀវភៅរឿងដូចជា «បេសកម្មមួយ» «ផ្ទះកណ្តាលបឹង» ជាដើម សុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ ប្រិយមិត្តទស្សនិកជន ជាពិសេសមិត្តៗយុវវ័យ ។ យ៉ាងណាមិញ បន្ទាប់ពីខកខានមិនបាន បញ្ចេញអាល់ប៊ុមចម្រៀង អស់រយៈពេលជាច្រើនឆ្នាំរួចមក ពោលគឺរយៈពេលបីឆ្នាំមកហើយ នៅទីបំផុត ម៉ានិត ក៏បានត្រឡប់មកជាថ្មី ជាមួយនឹងការបញ្ចេញនូវ អាល់ប៊ុមបទចម្រៀងទោល ដែលមានឈ្មោះថា «សមុទ្រ» កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង។

    នៅក្នុងថ្ងៃសម្ពោធអាល់ប៊ុម « សមុទ្រ » និងសៀវភៅប្រលោមលោករឿង « កូនទី ៦ » នាថ្ងៃម្សិលមិញនេះ លោក ម៉ានិត បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា នេះគឺជាស្នាដៃនិពន្ធចម្រៀង និងតន្ត្រីចុងក្រោយគេបង្អស់ បន្ទាប់ពីលោកបានផ្អាកពីសិល្បៈចម្រៀងអស់រយៈពេល 3 មកហើយ ដោយលោកចង់មានពេលវេលាសម្រាក និងស្វែងរកអត្តសញ្ញាណនៃការផលិតចម្រៀងរបស់លោក ឱ្យប្រកបដោយព្រលឹងនិងគុណភាពនៃចម្រៀងខ្មែរ។ លោកបានបន្ដទៀតថា ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានងាកមកចាប់អារម្មណ៍និពន្ធរឿងប្រលោមជាច្រើនរឿង រហូតដល់ជក់ចិត្តស្ទើតែមិនចង់ដកខ្លួនបាន។ លោកក៏ជាតារាមួយដួង ដែលបានអភិវឌ្ឍន៍ខ្លួន ពីតារាចម្រៀងដ៏ល្បីល្បាញ ទៅជាអ្នកនិពន្ធសៀវភៅវ័យក្មេង ហើយមានកេរ្តិ៍ឈ្មោះល្បីខ្លាំងទៀតផង។

    យ៉ាងណាមិញ នៅថ្ងៃសៅរ៍ ទី 29 ខែកញ្ញា ឆ្នាំ 2018 ក៏មានការប្រគំតន្រ្តីបើកឆាកអាល់ប៊ុកទោលរបស់តារាប្រុសរូបនេះផងដែរ ។ សូមជម្រាបថា ម៉ានិត ជាតារាចម្រៀងមួយដួង ដែលមានភាពល្បីល្បាញ និងតែងតែទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជន ពិសេសមិត្តៗយុវវ័យ ខណៈរាល់បទចម្រៀងរបស់លោក ភាគច្រើនសុទ្ធសឹង ជាបទមនោសញ្ចេតនាស្នេហាយុវវ័យ៕

  • ម៉ានិត ប្រកាសដើរចេញពីក្រុមហ៊ុនហង្សមាស ក្រោយបញ្ចប់កុងត្រា

    ម៉ានិត ប្រកាសដើរចេញពីក្រុមហ៊ុនហង្សមាស ក្រោយបញ្ចប់កុងត្រា

    ពិតចារឿងភ្ញាក់ផ្អើលបំផុតនៅលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ តារាចម្រៀងប្រុស​ប្រចាំផលិតកម្ម Pleng Records លោក ម៉ានិត បានប្រកាសនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា លោកលែងជាបុគ្គលិក ឬជាតារាចម្រៀងរបស់ផលិតកម្មនៅក្នុងក្រុមហ៊ុនរស្មីហង្សមាសទៀតហើយ ដោយលោកអះអាងថា លោកបានបញ្ចប់កិច្ចកុងត្រាសន្យាការងារជាមួយផលិតកម្មរយៈពេល 5 ឆ្នាំ។

    ក្នុងនោះដែរ លោក ម៉ុង ម៉ានិត បានរៀបរាប់ថា « ថ្ងៃនេះជាថ្ងៃចុងក្រោយរបស់ខ្ញុំ នៃការបម្រើការងារនៅក្រុមហ៊ុនហង្សមាស។ ខ្ញុំបាទសូមប្រកាសជាផ្លូវការណ៍ថា ខ្ញុំបាទ ម៉ានិត នឹងមិនបន្តបម្រើការងារក្នុងក្រុមហ៊ុនហង្សមាសទៀតឡើយ បន្ទាប់ពីកិច្ចសន្យាបម្រើការងាររយៈពេលប្រាំឆ្នាំ បានចប់ជាស្ថាពរ។ ខ្ញុំពិតជាគិតដល់កន្លែងការងារ ដែលខ្ញុំធ្វើ មិត្តរួមការងារ និងពេលវេលាល្អៗកន្លងមក។ រយៈពេលប្រាំឆ្នាំកន្លងមកនេះ មានមនុស្សជាច្រើនបាននិយាយពីចំណុចអវិជ្ជមាននៃការដែលខ្ញុំចូលធ្វើជាតារាចម្រៀងនៅផលិតកម្មមួយនេះ គេនិយាយថា ធ្វើបែបនេះទើបត្រូវ ធ្វើបែបនោះខុសហើយ ខ្ញុំមិនគួរបែបនេះ ខ្ញុំមិនគួរបែបនោះ តែជាក់ស្ដែងខ្ញុំមិនដែលស្ដាយក្រោយក្នុងបម្រើការងារនៅទីនោះឡើយ»។

    តារាប្រុសសំឡេងផ្អែមស្រទន់រូបនេះ ក៏បានបន្ថែមថា« កាលដែលខ្ញុំចុះកិច្ចសន្យាធ្វើជាតារាចម្រៀងដំបូង ខ្ញុំមានអាយុត្រឹមតែ ១៨ឆ្នាំប៉ុណ្ណោះ ខ្ញុំពិតជាត្រូវរត់ឲ្យទាន់អ្នកដទៃដែលឈានជើងដើរធម្មតា មានរឿងជាច្រើន ដែលខ្ញុំបានរៀនពីកន្លែងមួយនេះ វាធ្វើឲ្យខ្ញុំចេះគិត ចេះប្រឈមមុខ ចេះទំនាក់ទំនង រៀនស្គាល់ពីខ្លួនឯង និងចេះវិនិច្ឆ័យចំណុចតូចលម្អិតកាន់តែច្បាស់។ ខ្ញុំគ្រាន់តែចង់ឲ្យគ្រប់គ្នាបញ្ឈប់ការកាត់សេចក្ដីថា ការដែលខ្ញុំចូលហង្សមាសគឺជាកំហុស។ វាមិនមែនជាកំហុសឡើយ ព្រោះវាជាការសម្រេចចិត្តរបស់ខ្ញុំ ហើយខ្ញុំក៏មិនស្ដាយក្រោយនឹងការសម្រេចចិត្តរបស់ខ្ញុំដែរ»។

    ម៉ានិត បានបញ្ជាក់ឱ្យអ្នកគាំទ្របានដឹងច្បាស់ថា « ការចាកចេញនេះមិនមែនជាការចុះចាញ់ ឬបរាជ័យ តែវាជាការចាកចេញដើម្បីបន្តដំណើរទៅមុខ ស្វែងរកគោលដៅ និងក្ដីស្រមៃថ្មីមួយ។ ខ្ញុំសូមអរគុណដល់លោកនាយក អ្នកគ្រប់គ្រង ក្រុមការងារនៃក្រុមហ៊ុនហង្សមាសទាំងអស់ ដែលបានសហការយ៉ាងល្អ។ ខ្ញុំសង្ឃឹមថា នឹងបានធ្វើការជាមួយអ្នកទាំងអស់គ្នាម្ដងទៀត»៕