Tag: មោទនភាព

  • នៅពេលកូនតូចឈានចូលខែទី 12 (អាយុ 1ឆ្នាំ)

    នៅពេលកូនតូចឈានចូលខែទី 12 (អាយុ 1ឆ្នាំ)

    ខែទី 12

    លក្ខណៈរបស់កូនតូច

    នៅពេលកូនអាយុជិតគ្រប់ 1ឆ្នាំ ភាពរពឹសរបស់កូនក៏រឹតតែខ្លាំងក្លាទ្វេគុណឡើងដែរ ទោះជាក្មេងខ្លះនៅមិនទាន់អាចដើរបានក៏ដោយ តែក៏អាចវារបានលឿនរហូតឪពុកម្ដាយដេញតាមចាប់មិនទាន់ក៏មាន។ កាលនៅជាក្មេងតូច ការចិញ្ចឹមមើលថែក្មេងប្រុស និងក្មេងស្រីមិនទាន់មានភាពខុសប្លែកពីគ្នាប៉ុន្មានឡើយ តែពេលមកដល់វ័យនេះ នឹងហាក់ដូចជាមើលឃើញច្បាស់លាស់ហើយ ដូចជា ក្មេងប្រុសនឹងមានសញ្ញារពឹសចេញឱ្យឃើញយ៉ាងច្បាស់តែម្ដង ធ្វើចលនារហ័សរហួន ចំណែកក្មេងស្រីនឹងហាក់ដូចជារាងនឹងធឹងបន្តិច ខ្លាំងទៅខាងបញ្ចេញសំឡេង ចង់និយាយស្ដីច្រើនជាង ដែលទាំងអស់នេះជាវិវឌ្ឍនាការប្រក្រតីរបស់ក្មេង។

    វ័យនេះ ក្ដីចង់ដឹងចង់ឃើញកើនឡើងកាន់តែច្រើន ដូច្នេះអ្នកម្ដាយហាមភ្លេចខ្លួនជាដាច់ខាត មិនថាតែតោងឡើងជណ្ដើរ មួលបើកចង្រ្កានហ្គាស ទាញឌុយភ្លើង បើកគម្របដបលេង សុទ្ធតែជារឿងដែលគួរឱ្យចាប់អារម្មណ៍សម្រាប់កូនតូចទាំងអស់។

    ដល់វ័យត្រូវប្ដូរទឹកដោះឱ្យហើយ

    អ្នកម្ដាយគួរចាប់ផ្ដើមប្ដូរពីទឹកដោះគោម្សៅទៅជាទឹកដោះគោប្រអប់បានហើយ ដោយឱ្យបឺតពីប្រអប់ដោយបំពង់បឺតតែម្ដង ឬចាក់ដាក់កែវញ៉ាំក៏បាន ព្រមទាំងចាប់ផ្ដើម(ឱ្យផ្ដាច់)ឱ្យឈប់រវល់ជាមួយដបទឹកដោះគោបានហើយ។ នៅពេលកូនធ្វើបានសម្រេច ក៏កុំភ្លេចសរសើរ និងបញ្ចេញកាយវិការត្រេកអរឱ្យកូនបានឃើញផង កូននឹងមានមោទនភាព។ វិធីផ្ដាច់ដបទឹកដោះគោគឺ ដំបូងៗអ្នកម្ដាយគួរគេងជាមួយកូន និយាយរឿងនិទានឱ្យកូនស្ដាប់ ឬបំពេរកូនរហូតដល់គេងលក់ ព្រោះបើមានអ្នកម្ដាយនៅគេងជាមួយ កូនច្រើនតែមិននឹកឃើញដបទឹកដោះគោទេ។ នៅពេលធ្វើដូច្នេះបានមួយរយៈពេលហើយ ចូរយកដបទឹកដោះគោទៅលាក់ទុកកុំឱ្យកូនឃើញរហូតតែម្ដង។

    នៅពេលកូនមិនព្រមញ៉ាំបាយ

    ប្រយោជន៍ដែលបានមកពីបាយគឺ ម្សៅ និងជាតិស្ករ និងប្រូតេអ៊ីន ឬញ៉ាំនំប៉័ង និងគុយទាវក៏ទទួលបានម្សៅ និងជាតិស្ករដូចគ្នា ចំណែកត្រី ស៊ុត និងសាច់សត្វវិញផ្ដល់ប្រូតេអ៊ីនច្រើនជាងបាយ ដូច្នេះទោះជាកូនមិនព្រមញ៉ាំបាយមែន តែបើបានអាហារផ្សេងគ្រប់គ្រាន់ក៏មិនមានបញ្ហាអ្វីដែរ តែបើមិនព្រមញ៉ាំបាយ ហើយញ៉ាំតែនំពេញមួយថ្ងៃដែលមានតែម្សៅ និងស្ករក្នុងបរិមាណច្រើន នឹងធ្វើឱ្យកូនឆ្អែត មិនចង់ញ៉ាំបាយ ធ្វើឱ្យខ្វះសារធាតុអាហារ។ បើកូនមានទម្លាប់បែបនេះ ចូរបបួលកូនវារ ឬរត់លេង ឬលេងបិទពួនដេញចាប់ឱ្យបានច្រើន នោះកូនក៏នឹងញ៉ាំបាយបានច្រើនឡើងដោយឯកឯង ដោយអ្នកម្ដាយមិនចាំបាច់បង្ខំឡើយ ព្រោះការដែលកូនបានរត់លេងច្រើននេះ វាប្រៀបដូចជាការហាត់ប្រាណម្យ៉ាងដែរ។ ឯក្មេងដែលឪពុក ម្ដាយ តា យាយតឹងរ៉ឹងខ្លាំង មិនសូវបណ្ដោយឱ្យចេញទៅរត់លេងក្រៅផ្ទះ ច្រើនតែជាក្មេងដែលស្ពឹកស្រពន់ មិនសូវញ៉ាំ មិនសូវមានកម្លាំង និងឈឺញឹកញាប់។ តែយ៉ាងណាក៏ដោយ អ្នកម្ដាយត្រូវចេះសង្កេតមើលថា តើកូនមិនព្រមញ៉ាំបាយដោយសារអ្វី ទើបអាចកែបញ្ហាបានត្រូវ។

    អាការដែលអាចកើតឡើង

    . ធ្មេញកូននៅមិនទាន់ដុះឡើង

    ទោះជាដឹងថា ក្មេងខ្លះឆាប់ដុះធ្មេញ និងក្មេងខ្លះក្រដុះធ្មេញក៏ដោយ តែបើកូនអាយុមួយខួបហើយនៅមិនទាន់ឃើញមានធ្មេញផុសឡើងមួយគ្រាប់ណាសោះនោះ ឪពុកម្ដាយប្រហែលជានឹកកង្វល់ចិត្តមិនតិចឡើយ។ ការពិតទៅ កូនមានធ្មេញនៅក្រោមអញ្ចាញរួចរាល់ហើយ គ្រាន់តែក្រផុសឡើងមកលើសាច់អញ្ចាញប៉ុណ្ណោះ ដូច្នេះអ្នកម្ដាយមិនគួរនឹកកង្វល់ច្រើនពេកឡើយ គួររង់ចាំពេលវេលាបន្តិចទៀត។ មិនគួរទិញថ្នាំវីតាមីនបន្ថែមមកឱ្យកូនញ៉ាំដោយមិនបានប្រយ័ត្នប្រយែងនោះឡើយ ព្រោះនឹងធ្វើឱ្យកូនបានទទួលវីតាមីនច្រើនជ្រុល រហូតកើតអាការធុញទ្រាន់ទឹកដោះគោ ចង់ញ៉ាំតែទឹក ទឹកផ្លែឈើ និងអាចមានអាការជ្រៀតជ្រែកផ្សេងទៀតដូចជា ក្អួតចង្អោរ ហើមពោះ នោមច្រើន និងញឹកញាប់ ទាល់តែឈប់ឱ្យញ៉ាំវីតាមីនទើបបាត់ជាដើម ហើយការឱ្យកូនញ៉ាំកាល់ស្យូម ក៏មិនបានជួយឱ្យធ្មេញឆាប់ដុះឡើងដែរ។

    វិវឌ្ឍនាការរបស់កូន

    – រាងកាយ

    . ឡើងចុះជណ្ដើរកាន់តែពូកែឡើង។

    . ចេះរុញរបស់ផ្សេងៗចេញឆ្ងាយពីខ្លួនបាន។

    . ក្មេងខ្លះអាចដោះខោខ្លួនឯងបានហើយ។

    . ចេះប្រើដៃចាប់នេះ ចាប់នោះបានកាន់តែពូកែឡើង។

    . អាចកាន់វត្ថុ2 នៅក្នុងដៃតែម្ខាងបាន។

    . ចេះចាប់ស្លាបព្រាដើម្បីដួសអាហារដាក់ចូលមាត់បានខ្លះហើយ។

    . ព្យយាមចាប់របស់របរបង្វិលលេង និងចូលចិត្តមើលរបស់ដែលវិលបាន។

    – សង្គមជុំវិញខ្លួន

    . ចេះធ្វើត្រាប់តាមអាកប្បកិរិយាមនុស្សធំបានច្រើនឡើង។

    . ចេះនិយាយមួយម៉ាត់ៗបានច្រើនឡើង តែក្មេងស្រីនឹងឆាប់ចេះនិយាយជាងក្មេងប្រុស។

    . ដឹងពីអារម្មណ៍របស់អ្នកដទៃបានច្រើនឡើង។

    . ខ្លាចមនុស្សមិនដែលស្គាល់(ប្លែកមុខ) និងទីកន្លែងថ្មីៗ ប្លែកៗដែលមិនធ្លាប់ស្គាល់។

    . យល់ដឹងពីហ្គេមដែលកំពុងលេងច្រើនជាងមុន និងចេះលេងហ្គេមបានច្រើនមុខហើយ។

    . កាន់តែចេះបដិសេធការញ៉ាំខ្លាំងជាងមុន និងចាប់ផ្ដើមហួងហែងរបស់លេងខ្លះៗហើយ។

    – លេងជាមួយកូនឱ្យបានញឹកញាប់

    . គួរឱ្យកូនហាត់ដើរដោយខ្លួនឯង ដោយរៀបចំបរិវេណជុំវិញទីនោះឱ្យមានសុវត្ថិភាព កុំឱ្យកូនមានគ្រោះថ្នាក់នៅពេលដួល។ របស់ជ្រុងៗ ស្រួចៗត្រូវប្រមូលទុកឱ្យអស់។ ពេលរៀបចំទីកន្លែងរួចហើយ មិនចាំបាច់ដើរតាមកូនគ្រប់ពេលនោះទេ កូនដួលខ្លះ អីខ្លះគឺជារឿងធម្មតាបើមានកម្រាលព្រំពីក្រោម តែដែលត្រូវប្រយ័ត្នគឺ កម្រាលឥដ្ឋ ឬក្ដារឈើ។

    . អ្នកម្ដាយគួរឧស្សាហ៍និយាយឈ្មោះអវយវៈផ្សេងៗឱ្យកូនបានស្ដាប់ ព្រមទាំងចង្អុលបង្ហាញផង ដើម្បីកូនបានរៀនយល់ដឹងអំពីរាងកាយរបស់ខ្លួនឯងច្រើនឡើង។

    . កុំនិយាយពាក្យថា “កុំ” ជាមួយកូនតូចគ្រប់តែរឿងពេកបើជារឿងដែលមិនមានគ្រោះថ្នាក់ ឧស្សាហ៍ឱ្យកូនបានធ្វើដោយខ្លួនឯង ដើម្បីឱ្យកូនបានរៀនយល់ដឹង៕

  • បងច្រណែនប្អូន ប្អូនច្រណែនបង ឪពុកម្ដាយត្រូវធ្វើដូចម្ដេច?

    បងច្រណែនប្អូន ប្អូនច្រណែនបង ឪពុកម្ដាយត្រូវធ្វើដូចម្ដេច?

    គ្រួសារណាដែលមានកូន 2នាក់ ហើយអាយុខុសគ្នាប្រមាណ 2 – 3ឆ្នាំនោះ ច្រើនតែជួបនឹងបញ្ហាដ៏គួរឱ្យពិបាកចិត្តក្នុងរឿងរបស់បងច្រណែនប្អូន ប្អូនច្រណែនបងខ្លះៗមិនខាន បើមិនតិចក៏ច្រើនដែរ។ ភាពខុសប្លែកគ្នាក្នុងរឿងអាយុ និងភេទ ជាមូលហេតុចម្បងដែលធ្វើឱ្យក្មេងកើតក្ដីច្រណែនគ្នាបាន ដូចជា កូនច្បងច្រណែននឹងកូនពៅដែលឪពុកម្ដាយផ្ដល់ភាពសំខាន់លើកូនពៅខ្លាំងជាងខ្លួនជាដើម។

    រឿងដែលសំខាន់ខ្លាំងបំផុតនោះគឺ ឪពុកម្ដាយត្រូវតែយល់ដឹងអំពីរឿងរបស់ភាពស្មើភាពគ្នាក្នុងការផ្ដល់ពេលវេលាដល់កូនៗយ៉ាងស្មើៗគ្នា មិនឱ្យទៅនរណាម្នាក់ច្រើនពេក ឬតិចពេក មិនជ្រើសរើសប្រណិបត្តិខុសគ្នាជាមួយកូនក្នុងរឿងតែមួយដូចគ្នា ឬក្នុងហេតុការណ៍ដែលស្រដៀងគ្នា ដូចជា ពេលកូនប្អូនមិនប្រមូលទុកដាក់របស់លេង ក៏ប្រាប់ថា មិនអីទេ ចាំម៉ាក់ប្រមូលទុកឱ្យ តែដល់កូនបងលេងវិញម្ដង អ្នកក៏ប្រាប់ថា បើលេងហើយ ចូរប្រមូលទុកដាក់ក្នុងឡាំងឱ្យស្រួលបួលផង។ បើកូនបងមិនធ្វើតាមម្ដាយប្រាប់ ម្ដាយបែរជាលែងឱ្យកូនបងលេងរបស់លេងនោះតទៅទៀត ជាដើម។ ប្រាកដណាស់ថា អ្វីដែលអ្នកនិយាយ កូននឹងលើកយកមកគិតយ៉ាងពិតប្រាកដថា ពេលប្អូន ហេតុអីលេងហើយ ម៉ាក់ជាអ្នកប្រមូលទុកដាក់ឱ្យ? ចុះដល់រូបគេលេងម្ដង ម៉េចបានម៉ាក់ឱ្យប្រមូលទុកដាក់ខ្លួនឯង?។ បែបនេះមិនមែនជារឿងល្អចំពោះកូនច្បងឡើយ ព្រោះគេនឹងចាប់ផ្ដើមមានអារម្មណ៍មិនល្អជាមួយនឹងប្អូនមិនខាន ទីបំផុតអាចក្លាយជា បងស្អប់ប្អូនតែម្ដងក៏មានដែរ។

    ការប្រណិបត្តិខ្លួនជាមួយកូនៗរបស់ឪពុកម្ដាយនឹងជួយឱ្យកើតមានភាពយល់ចិត្តរវាងគ្នានឹងគ្នាបានល្អបំផុត ព្រោះបញ្ហាកើតចេញពីខ្លួនឪពុកម្ដាយផ្ទាល់ហ្នឹងឯង។ អ្វីដែលឪពុកម្ដាយត្រូវនឹកដល់ឱ្យច្រើនបំផុតនោះគឺ រឿងសភាពផ្លូវចិត្តរបស់កូនច្បង។ លោកអ្នកត្រូវយកចិត្តទុកដាក់គេឱ្យបានច្រើន បែងពេលវេលាមកជជែកលេងជាមួយកូន ឬការផ្ដល់ពេលវេលារួមគ្នាជាមួយកូនៗ ទាំងកូនច្បង និងកូនពៅ វានឹងជួយចងសម្ព័ន្ធភាពរវាងបងប្អូនបានយ៉ាងល្អ និងថែមទាំងជួយឱ្យពួកគេបានធំធាត់ឡើងព្រមជាមួយសេចក្ដីស្រឡាញ់ដែលមានចំពោះគ្នាទៅវិញទៅមកទៀតផង។ ការបង្រៀនឱ្យកូនចេះចែករំលែកសេចក្ដីស្រឡាញ់ទៅដល់អ្នកដទៃខ្លះ នឹងជួយឱ្យគេសុខចិត្តធ្វើជាបងធំដែលលះបង់ឱ្យប្អូនៗជានិច្ច។ ការបង្រៀនកូនបែបនេះ មានផលល្អទៅដល់អនាគតខាងមុខរបស់គេ ព្រោះចុងក្រោយទៅ គេនឹងក្លាយជាមនុស្សដែលមានចិត្តល្អ ចេះសណ្ដោសប្រណី ទន់ភ្លន់ជាមួយមនុស្សជុំវិញខ្លួនជានិច្ច និងទីបំផុតទៅ រឿងដែលយើងគិតថា គេជាក្មេងដែលប៉ឹនច្រណែននោះ នឹងរលាយបាត់អស់បន្តិចម្ដងៗជាមិនខាន តែទាំងអស់នេះក៏អាស្រ័យលើការអប់រំប្រៀនប្រដៅយ៉ាងត្រឹមត្រូវអំពីឪពុកម្ដាយផងដែរ៕

    Got to Know

    ក្មេងៗគ្រប់រូបមានភាពជាឯកលក្ខណៈរបស់ខ្លួន ក្មេងៗមានរឿងខ្លះដែលខ្លួនគេមានមោទនភាព ដូច្នេះចូរព្យាយាមបង្ហាត់បង្រៀនជាប់ជានិច្ចតាំងពីពួកគេនៅតូចៗថា យើងនឹងមិនប្រៀបធៀបរូបគេទៅនឹងបង ឬប្អូនឡើយ ព្រោះម្នាក់ៗមានភាពលេចធ្លោម្យ៉ាងៗនៅក្នុងខ្លួន។ ការធ្វើឱ្យគេមានមោទនភាពចំពោះអ្វីដែលគេមាន នឹងជួយកាត់បន្ថយការប្រកួតប្រជែង ឬភាពច្រណែនឫស្យាក្នុងចិត្តរបស់ក្មេងៗបាន។ លោកអ្នកអាចនឹងចង់ដឹងថា តើយើងមានវិធីយ៉ាងណាក្នុងការធ្វើឱ្យកុមារមានអារម្មណ៍មោទនភាពចំពោះខ្លួនឯង… ចម្លើយក៏គឺ លោកអ្នកត្រូវព្យាយាមរករឿងមួយនេះពីក្នុងខ្លួនគេ តាមរយៈការសង្កេត ជជែកនិយាយជាមួយគេមួយទល់នឹងមួយ ឬធ្វើកិច្ចការងាររួមគ្នាឱ្យបានញឹកញាប់ និងផ្ដល់ពេលវេលាយ៉ាងគ្រប់គ្រាន់ជាមួយកូនៗម្នាក់ៗ។ ការផ្ដល់ពេលវេលាចំពោះកូនម្នាក់ៗនឹងធ្វើឱ្យឪពុកម្ដាយយល់ដឹងថា កូនម្នាក់នេះអាចនឹងរៀនពូកែ តែម្នាក់ទៀតអាចនឹងលេងកីឡាពូកែ ឬម្នាក់ទៀតអាចពូកែនិយាយ ជាដើម។ « ចុងបញ្ចប់នេះ អ្នកគ្រូ ឆវីចង់ប្រាប់ថា ៈ ភាពពូកែរបស់ក្មេងៗមិនដូចគ្នាទេ ដូច្នេះសូមមេត្តាកុំប្រៀបធៀបរឿងដូចគ្នាជាមួយកូនៗអី ព្រោះកូនម្នាក់ៗប្រៀបដូចជាផ្កាប្រភេទផ្សេងៗ មិនអាចប្រៀបធៀបគ្នាបានឡើយ»៕

  • មោទនភាព លោក សូរ ស្រណោះ ត្រូវបានជប៉ុនផ្តល់កិត្តិយស ជាគណៈកម្មការអន្តរជាតិ

    មោទនភាព លោក សូរ ស្រណោះ ត្រូវបានជប៉ុនផ្តល់កិត្តិយស ជាគណៈកម្មការអន្តរជាតិ

    ជាមោទនភាពមួយសម្រាប់អ្នកសិល្បៈកម្ពុជា ជាពិសេសអ្នកស្ថិតនៅក្នុងចង្កោមតន្ដ្រីករ ខណៈដែលមានអ្នកតំណាងប្រទេស គឺលោក សូ ស្រណោះ ដែលស្គាល់ថាជាបណ្ឌិតខាងផ្នែកព្យាណូចប់មកពីប្រទេសជប៉ុន ត្រូវបានគណកម្មការរបស់ជប៉ុនជ្រើសយករូបលោកឱ្យធ្វើគណៈកម្មការចម្រុះដែលមកពី6ប្រទេសចូលរួមផ្តល់ពិន្ទុ និងវាយតម្លៃនៅក្នុងព្រឹត្តិការណ៍នៃការប្រកួតបង្ហាញទេពកោសល្យខាងព្យាណូ ដែលកំពុងធ្វើឡើងយ៉ាងគគ្រឹកគគ្រេងនៅក្នុងប្រទេសថៃ។

    បណ្ឌិតតន្ត្រីករខាងផ្នែកព្យាណូ លោក សូ ស្រណោះ បានធ្វើដំណើរចាកចេញពីកម្ពុជាកាលពីល្ងាចថ្ងៃទី21 ខែកក្កដា កន្លងទៅ ឆ្ពោះទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីបំពេញនាទីជាគណៈកម្មការផ្តល់ពិន្ទុ និងវាយតម្លៃលើបេក្ខភាពចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការទេពកោសល្យព្យាណូដ៏ធំប្រចាំឆ្នាំ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ភ្ជាប់ជាមួយនឹងវគ្គចុងក្រោយដ៏សំខាន់ ក្រោមការរៀបចំឡើងដោយស្ថាប័នពាក់ព័ន្ធប្រចាំប្រទេសថៃ រួមជាមួយគណៈកម្មការរបស់ប្រទេសជប៉ុន។

    ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រលានយន្តហោះ ភ្នំពេញអន្តរជាតិ លោក សូ ស្រណោះ បានបញ្ជាក់ថា ដំណើរទៅក្រៅប្រទេសលើកនេះ មិនមែនជាលើកទី1នោះទេ ដោយសារតែពេលកន្លងមក លោកក៏ត្រូវបានគណៈកម្មការអន្តរជាតិ ជ្រើសឱ្យធ្វើជាគណៈកម្មការផ្ដល់ពិន្ទុក្នុងការប្រកួតព្យាណូនៅក្រៅប្រទេសចំនួន4លើករួចមកហើយ។ ការប្រកួតនៅក្នុងប្រទេសថៃលើកនេះ លោកថា ភាគីជប៉ុន ដែលជាអ្នករៀបចំ បានធ្វើការប្រកួតជម្រុះចំនួន3ខែមកហើយ ដោយលោកទើបតែត្រូវបានគណៈកម្មការជប៉ុនជ្រើសឱ្យធ្វើជាគណៈកម្មការផ្ដល់ពិន្ទុ ក្នុងពេលការប្រកួតកំពុងឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ។ លោកថា កាតព្វកិច្ចលើកនេះ គឺតំណាងឱ្យកម្ពុជា ធ្វើជាអ្នកកាត់ក្ដី ក្នុងចំណោមគណៈកម្មការផ្ដល់ពិន្ទុមកពីជប៉ុន និងថៃផ្សេងទៀត ដើម្បីជ្រើសរើសអ្នកពូកែផ្នែកព្យាណូម្នាក់ ឱ្យក្លាយជាម្ចាស់ពាននៅក្នុងប្រទេសថៃ ខណ:ដែលការប្រកួតនេះ គឺមានតែជនជាតិថៃប៉ុណ្ណោះជាបេក្ខជន។ លោក​ សូ ស្រណោះ បានបញ្ជាក់ថា លោកនឹងស្នើឱ្យគណៈកម្មការរៀបចំចាប់អារម្មណ៍មកធ្វើព្រឹត្តិការណ៍នេះនៅក្នុងប្រទេសកម្ពុជា ឬយ៉ាងហោចណាស់ ក៏ស្នើឱ្យព្រឹត្តិការណ៍នេះ មានការចូលប្រកួតពីអ្នកជំនាញផ្នែកព្យាណូមកពីប្រទេសផ្សេងៗ ដើម្បីឱ្យលោកអាចបញ្ជូនសិស្សរបស់ខ្លួន ដែលតំណាងឱ្យកម្ពុជា ចូលរួមប្រកួត និងបង្ហាញសមត្ថភាពផងដែរ។

    គួររំឭកផងដែរថា លោក សូ ស្រណោះ កាលពីពេលកន្លងទៅធ្លាប់បានបង្ហាញឆន្ទៈ និងមហិច្ឆិតារបស់ខ្លួនក្នុងការនាំយកអ្នកមានទេពកោសល្យខាងផ្នែកព្យាណូតំណាងកម្ពុជា ចូលរួមបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិ ខណៈដែលបច្ចុប្បន្ន លោកក៏បានបង្កើតជាសាលាបង្រៀនតូរ្យតន្រ្តីនៅម្ដុំបឹងកេងកង1 ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមការអញ្ជើញអ្នកជំនាញមកពីបរទេសជាច្រើនដែលក្នុងនោះភាគច្រើនសុទ្ធតែមានកម្រិតថ្នាក់អនុបណ្ឌិត និងបណ្ឌិតតន្ត្រីផងដែរ៕