Tag: មេរោគបង្ករលាកសួតថ្មី

  • រក​ឃើញ “សម្បុក​មេរោគ”​ កូរ៉ូណាទី2 នៅ​ឯ​មន្ទីរពេទ្យ​មួយ​ ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង

    រក​ឃើញ “សម្បុក​មេរោគ”​ កូរ៉ូណាទី2 នៅ​ឯ​មន្ទីរពេទ្យ​មួយ​ ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង

    មន្ទីរ​ពេទ្យ​មួយ​នៅ​ក្នុង​តំបន់ Cheongdo នៃ​ប្រទេស​កូរ៉េខាង​ត្បូង អាច​ជា​សម្បុក​មេរោគ​កូរ៉ូណាទី2​ នៅ​កូរ៉េខាង​ត្បូង ក្រោយ​ពី​បាន​រក​ឃើញ​អ្នក​ជំងឺ​សរុប​15នាក់ មាន​ផ្ទុក​មេរោគ​បង្ក​រលាក​សួត​ប្រភេទ​ថ្មី COVID-19 នៅ​ទី​នេះ​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ម្នាក់​បាន​បាត់​បង់​ជីវិត​។

    ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ AFP បាន​រាយ​ការណ៍​ថា អ្នក​ជំងឺ​ដែល​បាន​ស្លាប់​នោះ មាន​អាយុ​ប្រហែល​60​ឆ្នាំ ធ្លាប់​បាន​ទទួល​ការ​ព្យា​បាល​នៅ​ឯមន្ទីរ​ពេទ្យ​ Cheongdo Daenam ខេត្ត​ Gyeongsang ខាង​ជើង អស់​រយៈ​ពេល​យ៉ាង​យូរ។ អ្នក​ជំងឺ​នេះ ទើប​តែ​បាន​ស្លាប់​កាល​ពី​ថ្ងៃទី​19កុម្ភៈកន្លង​ទៅ​។

    “យើង​ស្នើ​ឱ្យ​អ្នក​ជំងឺ​ដែល​ធ្លាប់​បាន​មក​ព្យា​បាល​នៅ​ឯមន្ទីរពេទ្យ (Cheongdo Daenam)នេះ នា​ពេល​​​ថ្មី​ៗ​នេះ ត្រូវ​តែ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ឯង” នេះ​ជា​ការ​ណែនាំ​របស់​ Jung Eun-kyeong ដែល​ជា​ប្រធាន​មជ្ឈ​មណ្ឌល​ទប់​ស្កាត់​ និង​គ្រប់​គ្រង​អាសន្ន​រោគរបស់​​កូរ៉េខាង​ត្បូង (KCDC)។

    ក្នុង​ថ្ងៃ​ទី​20កុម្ភៈ ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19 នៅ​កូរ៉េខាង​ត្បូង​​ បាន​កើន​​53ករណី ដែល​តួលេខ​នេះ​កើន​ឡើង​ខ្ពស់​មិន​ធ្លាប់​មាន​ពី​មុន​មក ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​សរុប​នៅ​ប្រទេស​នេះឡើង​ដល់​104នាក់​​ ក្នុង​នោះ​ នៅ​ឯមន្ទីរពេទ្យ​ Cheongdo មាន​អ្នក​ឆ្លង​មេរោគ​13នាក់​បន្ថែម​ទៀត​ បន្ទាប់​ពី​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​2នាក់​​មុន​នោះ​មួយ​ថ្ងៃ​។

    អ្នក​ជំងឺ​ដំបូង​2នាក់​ដែល​មាន​ផ្ទុក​វីរុស​កូរ៉ូណានៅ​ឯមន្ទីរពេទ្យ​ Cheongdo Daenam ដំបូង​ឡើយ​ត្រូវ​បាន​ឱ្យ​សម្រាក​ព្យា​បាល​នៅ​ឯមន្ទីរ​ឯក​ទេស​ផ្នែក​សរសៃ​ប្រសាទរយៈ​ពេល​1ខែ​ពេញ​។ បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​​ថា អ្នក​ជំងឺ​នេះ​ប្រហែល​ជា​បាន​ចម្លង​មេរោគ​ទៅកាន់​អ្នក​ជំងឺ​ដទៃ​​ជា​ច្រើន​នាក់​ទៀត​ នៅ​ក្នុង​មន្ទីរពេទ្យ​ខាង​លើ​នេះ​ដែរ​​។

    ក្រុម​មន្ត្រី​សុខាភិបាល​កូរ៉េខាង​ត្បូង​ កំពុង​ស្វែង​យល់​អំពី​ទំនាក់​ទំនង​រវាង​អ្នក​ដែល​បាន​ឆ្លង​មេរោគ​នៅ​ឯមន្ទីរពេទ្យ​ Cheongdo Daenam ជាមួយ​នឹង​ករណី​ឆ្លង​វីរុស​នៅ​ឯទី​ក្រុង Daegu ។

    នៅ​ក្នុង​ទី​ក្រុង​ Daegu ស្ត្រី​មាន​អាយុ​61ឆ្នាំ​ម្នាក់​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​បាន​ចម្លង​មេរោគ COVID-19 ទៅ​ឱ្យ​មនុស្ស​យ៉ាង​តិច​37នាក់ នៅក្នុង​ពិធី​បួង​សួង​មួយ​ក្នុង​វិហារ​ Shincheonji។ ស្ត្រី​រូប​នេះ​ ទៅ​កាន់​មន្ទីរពេទ្យ​ Cheongdo Daenam កាល​ពី​ដើម​ខែ​នេះ​។ ប្រភព​ព័ត៌មាន​ក្នុង​ស្រុក​ បាន​ឱ្យ​ដឹង​ថា ក្រុម​មនុស្ស​ដែល​​បាន​ចូល​រួម​ក្នុង​ពិធី​បួង​សួង​ខាង​លើ ក៏ធ្លាប់​បាន​ទៅ​កាន់​មន្ទីរពេទ្យ​ Cheongdo Daenam ជា​ញឹក​ញាប់ផង​​ដែរ​​ដើម្បី​ធ្វើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​សម្រាប់​កិច្ច​ការ​មនុស្ស​ធម៌​មួយ​ចំនួន​។

    តួលេខ​នៃ​ករណី​ឆ្លង​មេរោគ​កូរ៉ូណា COVID-19 នៅ​កូរ៉េខាង​ត្បូង បាន​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក្នុង​នោះ​ភាគ​ច្រើន​គឺ​នៅ​ក្នុង​ទី​ក្រុង​ Daegu។ បច្ចុប្បន្ន កូរ៉េខាង​ត្បូង បាន​ក្លាយ​ជា​ប្រទេស​​ដែល​មាន​អ្នក​ជំងឺ​កូរ៉ូណា​ COVID-19 ច្រើន​ជាង​គេ​បង្អស់​លំដាប់​ទី​3​នៅ​ក្នុង​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន និង​ប្រទេស​ជប៉ុន​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា COVID-19 ឡើង​ដល់​2,247នាក់

    ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា COVID-19 ឡើង​ដល់​2,247នាក់

    ខេត្ត Hubei មាន​អ្នក​ស្លាប់​បន្ថែម​​115នាក់ កើន​5,6% បើ​ធៀប​នឹង​តួលេខ​កាល​ពី​ម្សិល​មិញ និង​ធ្វើ​ឱ្យ​ខេត្ត​នេះ​ មា​ន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូរ៉ូណា​ COVID-19 ឡើង​ដល់​2,144នាក់។

    គណៈកម្មការ​សុខាភិបាល​ខេត្ត Hubei ព្រឹក​នេះ​បាន​ប្រកាស​ថា ចំនួន​អ្នក​ដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19 ក្នុង​ខេត្ត​នេះ មាន​ 62,442នាក់ កើន​411ករណី​ បើ​ធៀប​នឹង​ម្សិល​មិញ។ ខេត្ត​នេះ​ក៏​មាន​អ្នក​ស្លាប់​បន្ថែម​115នាក់ កើន​5,6% ធៀប​នឹង​ថ្ងៃ​មុន​ ដូច្នេះ​​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​ក្នុង​ខេត្ត Hubei ឡើង​ដល់​2,144នាក់។

    តួលេខ​ខាង​លើ​នេះ បាន​បញ្ចប់​ការ​ថយ​ចុះ​នៃ​ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី និង​ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ខេត្ត​ Hubei ប៉ុន្តែ​វា​នៅ​តែ​ទាប​ជាង​ច្រើន​ បើ​ធៀប​នឹង​ដំណាក់​មុនៗនោះ​។ ទីក្រុង​ Wuhan ដែល​ជា​តំបន់​ក្ដៅ​នៃអាសន្ន​រោគ​រលាក​សួត​កូរ៉ូណា បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ថ្មី​ចំនួន 319នាក់​ ដែល​នេះ​ជា​តួលេខ​ទាប​បំផុត​គិត​ចាប់​ពី​ថ្ងៃទី 28មករា។ ទីក្រុង​នេះ​ក៏មាន​អ្នក​ស្លាប់​បន្ថែម​ចំនួន​99នាក់។

    គណៈកម្ម​ការ​សុខាភិបាល​ចិន​ (NHC) មិន​ទាន់​បាន​ប្រកាស​អំពី​តួលេខ​ថ្មី​នៅ​ឡើយ​សម្រាប់​ព្រឹក​​នេះ​។

    អាសន្នរោគ​រលាក​សួត​ថ្មី COVID-19 បាន​ឆ្លង​រាល​ដាល​ដល់​28ប្រទេស​ និង​តំបន់​នៅ​លើ​ពិភពលោក បណ្ដាល​ឱ្យ​មាន​អ្នក​ឆ្លង​​76,214នាក់ និង​អ្នក​ស្លាប់​2,247នាក់។ អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​ មាន​ចំនួន​18,404​នាក់ និង​12,064នាក់​ កំពុង​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​។

    កូរ៉េខាង​ត្បូង​ កាល​ពីម្សិល​មិញ​បានបញ្ជាក់​ថា ប្រទេស​នេះ​មាន​អ្នក​ស្លាប់​​ដំបូង​គេ​​ហើយ​ទាក់​ទិន​នឹង​ជំងឺ​កូរ៉ូណា​នេះ​។

    ជា​សរុប ចំនួន​អ្នក​ស្លាប់​នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ (ចិនដី​គោក) រួម​មាន​ប្រទេស​ជប៉ុន កូរ៉េខាង​ត្បូង បារាំង ហ្វីលីពីន តៃ​វ៉ាន់ ហុង​កុង និង​ប្រទេស​អ៊ីរ៉ង់៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស