Tag: មុខវិជ្ជា

  • អូ! តើ​ខ្ញុំ​ប្រែប្រួល ខ្លាំង​ដល់​ថ្នាក់​ហ្នឹង​ផង​ឬ? (រឿង​ប្រាប់ត​គ្នា របស់​ស្ត្រី​ជប៉ុន ពេល​បាន​ក្លាយខ្លួនជា​ម្ដាយ​គេ​យ៉ាង​ពេញលេញ)

    អូ! តើ​ខ្ញុំ​ប្រែប្រួល ខ្លាំង​ដល់​ថ្នាក់​ហ្នឹង​ផង​ឬ? (រឿង​ប្រាប់ត​គ្នា របស់​ស្ត្រី​ជប៉ុន ពេល​បាន​ក្លាយខ្លួនជា​ម្ដាយ​គេ​យ៉ាង​ពេញលេញ)

    តើ​មានមិត្តៗយើង​ណា កំពុង​ចិញ្ចឹម​មើលថែ​កូន​ដែរឬទេ? ហើយ​ធ្លាប់​សង្កេតមើល​ខ្លួនឯង​ដែរ​ទេ​ថា តាំងពី​ចាប់ផ្ដើម​បំពេញ​តួនាទី​ចិញ្ចឹម​មើលថែ​កូនតូច​មក តើមិត្តៗ មាន​ទង្វើ ឬ​លក្ខណ​និស្ស័យ​អ្វី ប្រែប្រួល​ខុសពី​មុន​ដែរ​ទេ?  បើសិន​មាន មិនបាច់​ភ្ញាក់ផ្អើល​ទេ ព្រោះ​មាន​ស្ត្រី​ជនជាតិ​ជប៉ុន​មិនតិច​ទេ ដែល​សង្កេតមើល​ខ្លួនឯង​ហើយ រកឃើញថា ក្រោយពី​ចាប់ផ្ដើម​បំពេញ​តួនាទី​ជា​ម្ដាយ​របស់គេ​យ៉ាង​ពេញលេញ​មក ពួកគាត់​ក៏មាន​ទង្វើ ឬ​ចរិត​និស្ស័យ​មួយចំនួន ប្រែប្រួល​ខុសពី​មុន​ដូចគ្នា​ដែរ ដូច្នេះ​ថ្ងៃនេះ យើង​នាំគ្នា​សាកល្បង​មក​ស្ដាប់​បណ្ដា​អ្នក​ម្ដាយ​ជនជាតិ​ជប៉ុន​ម្ដង​មើល៍ថា តើ​ពួកគាត់​មាន​អ្វី​ប្រែប្រួល​ខុសពី​មុន​ខ្លះ?

    លក្ខណៈ​ការនិយាយស្ដី ប្រែប្រួល​ខុសពី​មុន (ក្លៀវក្លា​ជាង​មុន!)

    Iសាំង មានកូន អាយុ 1ខួប និង 5ខួប នាង​រៀបរាប់ថា កាលសម័យ​នាង​នៅ​ក្មេង នាង​មាន​ចរិត​អៀន​ច្រើន មិនសូវ​ក្លាហាន និង​មិនសូវ​ហ៊ាន​ជជែក​និយាយ​ជាមួយ​នរណា​ប៉ុន្មាន​ឡើយ។ ឧទាហរណ៍​ដូចជា ត​ឱ្យមាន​អារម្មណ៍​ថា រឿង​ដែល​កំពុង​សន្ទនា​គ្នា​នោះ វា​មើលទៅ​រាងប្លែកៗ ឬ​វា​ដូចជា​មិនគួរ​ទៅជា​អ៊ីចឹង​ក៏ដោយ ក៏​នាង​ជ្រើសរើស​ក្នុងការ​នៅ​ស្ងៀម មិន​ហ៊ាន​សម្ដែង​ពី​ភាព​ជំទាស់​ទេ បានត្រឹមតែ​លាក់ទុក​ក្នុង​ចិត្ត​ប៉ុណ្ណោះ តែ​ក៏​មិនមែន​ថា នឹង​លាក់ទុក​យកមក​គិត រហូតដល់​ស្ត្រេ​ស​ដែរ។ សរុបងាយៗក៏​គឺ ខ្លួនឯង​ជា​មនុស្ស​កំសាក តែ​ប៉ុន​ហ្នឹងឯង (=_=;)។

    Iសាំង រៀបរាប់​បន្តថា តែ​ក្រោយពី​កូនស្រី​ច្បង​របស់​នាង អាយុ​បាន 2-3ខួប ពេល​និយាយ​ជាមួយ​អ្នក​ម្ដាយឯទៀតៗ ក៏​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា ខ្លួនឯង​ហ៊ាន​និយាយ ហ៊ាន​បញ្ចេញ​គំនិត​យោបល់​ច្រើនឡើង ដូចជា បើសិន​នាង​មិន​យល់ស្រប ជាមួយ​រឿង​ដែល​កំពុងតែ​សន្ទនា​គ្នា​នោះ នាង​ហ៊ាន​ក្នុងការ​និយាយ​ចេញទៅត្រង់ៗតែម្ដង​ថា វា​ដូចជា​មិនមែន​អ៊ីចឹង​ទេ​ណា៎! ជាដើម។ល។ ក្រៅពីនេះ ពេល​ទៅ​ញ៉ាំ​បាយ​នៅក្នុង​ហាង ក៏​ហ៊ាន​ក្នុងការ​ស្រែកហៅ​សេវាករ ដោយ​សំឡេង​ដ៏​ក្លៀវក្លា និង​មាំមួន​ខ្លាំង​ជាង​មុន។ បើ​សម័យមុន​វិញ បែប​ប្រហែលជា​ធ្វើ​បែប​ហ្នឹង​មិនកើត​ទេ តែ​គិត​ចុះ​គិត​ឡើង មូលហេតុ​ដែល​ទង្វើ​រប​ស់​ខ្លួនឯង​ប្រែប្រួល​បែបនេះ អាច​មិនមែន​កើតចេញពី​ការចិញ្ចឹម​មើលថែ​កូន​ក៏​អាច​ថា​បានដែរ តែ​ប្រហែលជា​មកពី​យើង ចាប់ផ្ដើម​មាន​អាយុ​ច្រើនឡើង​ហើយក៏​មិនដឹង? (-_-;)។

    ចាប់ផ្ដើម​ចូល​សង្គម​ច្រើនឡើង

    Yសាំង មានកូន អាយុ 5ខួប នាង​រៀបរាប់ថា តាំងពី​ពេល​នៅក្មេងៗ រហូតដល់​ពេលមុន​មានកូន នាង​មាន​អារម្មណ៍​ថា ការជួបជុំ និង​ការជជែក​គ្នា​ជាមួយ​អ្នកដទៃ វា​ជា​រឿង​ដ៏​គួរឱ្យ​រំខាន​ខ្លាំងណាស់។ ពេល​ត្រឡប់​មកពី​សាលារៀន ឬ​ត្រឡប់​មកពី​ធ្វើការ​ក្រុមហ៊ុន នាង​ច្រើនតែ​សម្ងំ​ខ្លួន និង​នៅតែ​ក្នុង​បន្ទប់ ស្ងាត់ៗតែម្នាក់ឯង ចង់​និយាយថា រាងដូចជា​ចង់​កើត​ជំងឺ ហ៊ិ​ឃិ​ខូ​ម៉ូ​រិ តិចៗហើយក៏​មិនដឹង? ម្យ៉ាងទៀត ប៉ា និង​ម៉ាក់ ក៏​មិនសូវ​ជា​រអ៊ូ អំពី​រឿង​ហ្នឹង​ទៀតផង ទើបត្រូវ​រស់នៅ​បែប​ហ្នឹង​រហូតមក។

    បន្ទាប់ពី​មានកូន ក៏​ចាប់ផ្ដើម​មាន​មិត្តភក្តិ ដែលជា​អ្នក​ម្ដាយ​ដូចគ្នា​កាន់តែ​ច្រើនឡើង តែ​ក៏មាន​អារម្មណ៍​ថា ក្រុម​អ្នក​ម្ដាយ​ទាំងឡាយ​នោះ គួរឱ្យ​រំខាន​ខ្លាំងណាស់ ទើប​ព្យាយាម​មិនសូវ​ចង់​ចូលរួម វង់​សន្ទនា​ប៉ុន្មាន​ទេ តែ​បើសិនជា​រឿង​ដែល​ពាក់ព័ន្ធ​នឹង​កូន​វិញ ក៏​នឹង​ស្ទុះភ្លែត​ចូលទៅ​រួម​វង់​សន្ទនា​ភ្លាម​តែម្ដង! ធ្វើឱ្យ​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា អេ៎? យើង​ក៏មាន​និស្ស័យ​ចូលចិត្ត​ចូល​សង្គម​នឹង​គេ​ដែរ​តើ?! រហូតមកដល់​ពេលនេះ ចាប់ផ្ដើម​មាន​អារម្មណ៍​ថា សប្បាយ​នឹង​ការជជែក​ពិភាក្សា ជាមួយ​មនុស្ស​ទាំងឡាយ​ច្រើនឡើង​ហើយ…។ បើសិន​មិនមាន​កូន​វិញ ថ្មើរណេះ ប្រហែលជា​កើត​ជំងឺ​ហ៊ិ​ឃិ​ខូ​ម៉ុ​រិ បាត់ទៅ​ហើយក៏​មិនដឹង? (- _ -*)។

    កំណត់សម្គាល់៖ ជំងឺ​ហ៊ិ​ឃិ​ខូ​ម៉ូ​រិ គឺ​ជំងឺ ដែល​អ្នកជំងឺ​មាន​ទង្វើ បដិសេធ​ការចូល​សង្គម (មិន​ចង់​ជួប​អ្នកដទៃ) និង​ច្រើនតែ​សម្ងំ​រស់​នៅតែ​ក្នុង​បន្ទប់ តែម្នាក់ឯង​ជានិច្ច។

    ចេះ​គ្រប់គ្រង ចាត់ចែង​ពេលវេលា បានល្អ​ជាង​មុន

    Sសាំង មានកូន អាយុ ៦ខួប នាង​រៀបរាប់ថា ពីមុន​នាង​មាន​អាជីព​ជា​អ្នកនិពន្ធ​ឯករាជ្យ មុនពេល​មានកូន នាង​មាន​និស្ស័យ​ខ្ជិលច្រអូស​ខ្លាំងណាស់ ទើប​ធ្វើការ​បែប​តាម​ដំណើរ ត្រេ​ត​ត្រត ពី ១ថ្ងៃ​ទៅ ១ថ្ងៃ និង​តែងតែ​ចុះចាញ់អ្វីៗ ដែល​ធ្វើ​ញាប់​ញ័រ​អារម្មណ៍ ដែល​នៅ​ជុំវិញខ្លួន​ជានិច្ច។ ឧទាហរណ៍​ដូចជា បន្ទាប់ពី​អង្គុយ​ធ្វើការ បាន​មិនយូរប៉ុន្មាន ពេល​នាង​ដឹងខ្លួន​ឡើង ទើប​ដឹងថា ខ្លួនឯង​មក​អង្គុយលេង​អ៊ី​ន​ធើ​ណិ​ត ឬ​អង្គុយ​មើល​ទូរទស្សន៍​បាត់ទៅហើយ ហើយ​ការងារ​ផ្ទះ ក៏ត្រូវត្រាំៗទុកចោល​សិន ទុក​ស្អែក​ចាំ​ធ្វើ ជារឿយៗទៅ។

    តែ​ក្រោយពី​មានកូន រៀងរាល់ថ្ងៃ ត្រូវ​មក​អង្គុយ​រៀប​ផែនការ​ថា ថ្ងៃនេះ​នឹង​ទៅ​ទទួល​កូន ពីសា​លាមក​វិញ​នៅ​ម៉ោង​ប៉ុន្មាន? ពេលនេះ​ត្រូវ​ជម្រះ​ការងារ​ឱ្យ​ស្អាត​រួចរាល់​ឱ្យអស់​ណា៎ ពេលនេះ​ត្រូវតែ​ចាប់ផ្ដើម​ធ្វើការ​ងារ​ផ្ទះ​ហើយ​ណា៎ ពេលនេះ​អាច​សម្រាក​បាន​ហើយ​ជាដើម…ដែល​ការងារ​ទាំងអស់នេះ ពីដំបូងៗ ក៏​ធ្វើ​បែប​តាម​ដំណើរ​ពី១ថ្ងៃ​ទៅ១ថ្ងៃ ហើយ​ក៏មាន​អារម្មណ៍​ដឹងខ្លួន​ថា​ខុសពី១ថ្ងៃ​ទៅ១ថ្ងៃ​ដូចគ្នា​ដែរ តែ​ពេលនេះ មាន​អារម្មណ៍​ថា ខ្លួនឯង​អាច​ចាត់ចែង​ពេលវេលា​ធ្វើ​កិច្ចការងារផ្សេងៗ បាន​យ៉ាង​ពេញទំហឹង​ហើយ…(‘-o-’)។

    ល្អិតល្អន់ និង​ហ្មត់ចត់​ជាង​មុន

    Oសាំង មានកូន អាយុ 3ខួប និង 9ខួប នាង​រៀបរាប់ថា កាលសម័យ​នៅ​ជា​សិស្ស នាង​មាន​និស្ស័យ​ភ្លេច​នេះ ភ្លេច​នោះ​ជាប់​ជានិច្ច ដូចជា “អេ៎? យើង​ដូចជា​ភ្លេច​ផ្ញើ​កិច្ចការ​ផ្ទះ​ឱ្យ​លោកគ្រូ​ទេ​ដឹង?” ដល់ពេល​ចាប់ផ្ដើម​ចូលធ្វើការ ក៏​ច្រើនតែ​ភ្លេច​ជា​ញឹកញាប់ រឿង​កំណត់ពេល​ផ្ញើ​កិច្ចការងារ​ដែល​មេ​ប្រគល់ឱ្យ ទើបត្រូវ​ហាមាត់​សុំ​ពន្យារពេល​ជា​ញឹកញាប់​ដូចគ្នា។

    ប៉ុន្តែ រាល់ថ្ងៃនេះ ត្រូវ​នៅចាំ​ត្រួត​ពិនិត្យមើល និង​រៀបចំ​ត្រៀម​តម្រា​មេរៀន ឯកសារ​ការរៀនសូត្រ​របស់​កូន ឱ្យ​ហើយ​រួចរាល់​ជាប់​ជានិច្ច និង​ថែមទាំង​នៅចាំ​សរសេរ​កាលបរិច្ឆេទ ផ្ញើ​កិច្ចការ​ផ្ទះ​តាម​មុខវិជ្ជាផ្សេងៗនៅលើ​ប្រតិទិន​ដោយ​ប៊ិច​ពណ៌​ក្រហមធំៗ ដើម្បី​ការពារ​ការ​ភ្លេចភ្លាំង​ទៀតផង។ ក្រៅពីនេះ នៅបាន​ចាត់ចែង​រៀបចំ​ទុកដាក់​សៀវភៅ​ឯកសារ​មេរៀន​របស់កូនៗទាំង2 យ៉ាង​មាន​របៀបរៀបរយ​ទៀតផង។ រហូតមកដល់​ពេលនេះ មាន​អារម្មណ៍​រាង​ភ្ញាក់ផ្អើល​នឹង​ខ្លួនឯង​ដូចគ្នា​ដែរ​ថា ហេតុ​អី​បាន​រឿង​របស់​ខ្លួនឯង មិន​ព្រម​ល្អិតល្អន់​ហ្មត់ចត់​បែប​ហ្នឹង? តែបើ​រឿង​របស់កូនៗវិញ បែរជា​ធ្វើបាន​យ៉ាង​ល្អជា​និច្ច​តែម្ដង (* _ *)។

    ចាប់ផ្ដើម​គិតថា ការពិតទៅ ក្មេងៗក៏​គួរឱ្យ​ស្រឡាញ់​ដែរ​តើ!

    Hសាំង មានកូន អាយុ 3ខួប នាង​រៀបរាប់ថា ការពិតទៅ កាលពីពេល​មិនទាន់​មានកូន នាង​មាន​អារម្មណ៍​ថា មិន​ចូលចិត្តក្មេងៗសោះតែ​ម្ដង ព្រោះ​នាង​គិតថា ពួកក្មេងៗ ចូលចិត្ត​តែបើ​ក​ក្រពះ​ស្រែកយំឮៗ អាត្មានិយម​យ៉ាង​ចេះ​ស្ដាប់​អ្នកណា ស្មាន​ពី​អារម្មណ៍​មិនត្រូវ សូម្បីតែ​កូន​របស់​បងស្រី​ខ្លួនឯង ដែលជា​ក្មួយបង្កើត ក៏​នាង​មាន​អារម្មណ៍​មិន​ចូលចិត្ត​ដែរ។

    តែ​ដល់ពេល​ខ្លួនឯង​មានកូន​ហើយ បែរ​ជាមាន​អារម្មណ៍​ចុះចាញ់​កូន​ដោយឯងៗតែម្ដង…អាច​ដោយសារតែ​បាន​ក្លាយជា​ម្ដាយ​របស់គេ ឬ​មិន​ទេ ក៏​អ័រម៉ូន​ក្នុង​ខ្លួន វា​ផ្លាស់ប្ដូរ​ក៏​មិនដឹង តែ​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​បំផុត​នោះ​គឺ រាល់ថ្ងៃនេះ ពេល​ឃើញក្មេងៗ ដែល​រត់​លេង​នៅតាម​សួនច្បារ​សាធារណៈ​ពេលណា ស្រាប់តែ​របូតមាត់​និយាយ​ចេញមក​ថា “អា៎! ក្មេងៗគួរឱ្យ​ស្រឡាញ់​អ្វី​ម្ល៉េះ​ហ្ន៎?” រហូតដល់​ខ្លួនឯង​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​ថា ចុំ?! ម៉េច​បាន​យើង​របូតមាត់ និយាយ​ចេញមក​បែប​ហ្នឹង​កើត​ហ្ន៎? (=_=,)។

    Hសាំង និយាយ​បញ្ចប់​ថា ទោះជា​ពេលនេះ នាង​មាន​អារម្មណ៍​ថា ស្រឡាញ់ក្មេងៗខ្លាំង​ក៏ដោយ តែ​ក៏ត្រូវ​ប្រយ័ត្ន​គំនិត​ខ្លួនឯង​ជាប់​ជានិច្ច​ដែរ ក្រែងលោ​ថា ថ្ងៃ​ណាមួយ ពេល​កូន​របស់​នាង​ធំ​ឡើង ហើយ​មក​និយាយ​មិន​ពីរោះពិសា​ដាក់​នាង​នោះ ច្បាស់​ជា​បាន​វិល​ទៅ​មើលឃើញក្មេងៗក្នុងន័យ​អវិជ្ជមាន​ដូច​ពីមុន​វិញ​មិន​ខាន៕

    រៀបរៀង​ដោយ​អ្នកគ្រូ ឆវី

  • កូនតូចគេងលក់គ្រប់គ្រាន់ គឺកូនសោបើកឆ្ពោះទៅរកការរៀនយល់ដឹង

    កូនតូចគេងលក់គ្រប់គ្រាន់ គឺកូនសោបើកឆ្ពោះទៅរកការរៀនយល់ដឹង

    តើលោកឪពុកអ្នកម្តាយទាំងអស់ដឹងទេថា ទារកដែលបានគេងលក់ញឹកញាប់ នឹងជួយហុចផលល្អដល់ការរៀនយល់ដឹងនៅពេល​ក្រោយ។

    ព្រោះមានលទ្ធផលនៃការស្រាវជ្រាវវិភាគពីមហាវិទ្យាល័យ ឆេហ្វហ្វៀល មួយ ដែលតាមដានសង្កេតមើលទង្វើរបស់ទារកដែលមានអាយុ​មិនលើស 12ខែ ចំនួន 216នាក់ ហើយបានរកឃើញថា ទារកនឹងចងចាំការរៀនយល់ដឹងថ្មីៗមិនបានឡើយ បើមិនបានគេងលក់យូរៗជាបន្តបន្ទាប់គ្រប់គ្រាន់ ហើយពេលវេលាដែលល្អបំផុតក្នុងការរៀនយល់ដឹងរបស់ក្មេងនោះគឺ អំឡុងពេលមុនគេងហ្នឹងឯង ដូច្នេះ​ហើយ​ទើប​ការអានក្នុងអំឡុងពេលមុនគេងលក់ គឺជារឿងសំខាន់។

    ការគេងលក់មានភាពសំខាន់ចំពោះអំឡុងពេលដំបូងរបស់ជីវិតខ្លាំងជាងវ័យផ្សេងទៀត អ្នកស្រាវជ្រាវវិភាគបានសាកល្បងលេងធ្វើតុក្កតាដៃជាមួយទារកវ័យ 6 – 12ខែ ដោយឱ្យទារកចំនួនពាក់កណ្តាលបានគេងលក់ 4ម៉ោងក្រោយការរៀនយល់ដឹង ខណៈដែលចំនួនពាក់កណ្ដាលទៀត មិនបានគេងសម្រាក ឬបានគេងសម្រាកតិចជាង 30នាទី។

    ថ្ងៃបន្ទាប់មក ពេលសាកល្បងជំរុញឱ្យទារកលេងធ្វើតុក្កតាដៃឡើងវិញដូចពីម្សិលនោះ លទ្ធផលនៃការសាកល្បងបាន​បង្ហាញ​ឱ្យឃើញថា ការគេងលក់ គឺជាបច្ច័យសំខាន់មួយក្នុងការរៀនយលដឹង ព្រោះទារកដែលបានគេងលក់គ្រប់គ្រាន់អាចលេងធ្វើតុក្កតាដៃឡើងវិញបាន ជាមធ្យមបាន 1ក្នុង 3នាក់ តែក្មេងដែលមិនបានគេងសម្រាក ឬបានគេងសម្រាកតិច ធ្វើឡើងវិញ​មិនបាន​ឡើយ។

    វេជ្ជបណ្ឌិត ជេន ហ៊ើរ៍ប៊ើដ សាស្ត្រាចារ្យមុខវិជ្ជាចិត្តវិទ្យា នៃមហាវិទ្យាល័យ ឆេហ្វហ្វៀល បានអធិប្បាយបន្ថែមថា ភាពក្លៀវក្លាស្វាហាប់ មិនមែនជារឿងដែលល្អបំផុតសម្រាប់ការរៀនយល់ដឹងនោះទេ តែកិច្ចការងារមុនពេលគេងទៅវិញទេ ដែលសំខាន់បំផុតសម្រាប់កុមារ​។

    សាស្រ្តាចារ្យ ឃើក ចាន់ឌិចក៍ អ្នកវិទ្យាសាស្រ្តផ្នែកការគេងនៃមហាវិទ្យាល័យ ស៊ើរ៍រេយ៍ ប្រាប់ថា យន្តការរបស់​ការចងចាំ​នៅ​ក្នុង​កម្ម​វិធីនៃការគេងលក់ បានបង្ហាញឱ្យឃើញថា មានការទាក់ទិនរវាងខួរក្បាលដែលបង្កខ្លួនឡើងក្នុងអំឡុងពេលគេងលក់ ដូច្នេះ​ទារកគួរ​គេងលក់យ៉ាងគ្រប់គ្រាន់ដើម្បីការរៀនយល់ដឹង។ ទោះជាការរៀនយល់ដឹងក្នុងអំឡុងពេលមុនគេង និងការគេងលក់ក្រោយ​ការ​ហ្វឹកហាត់ជារឿងល្អមែន តែត្រូវមិនមែនជាការគេងលក់ក្នុងអំឡុងពេលហ្វឹកហាត់នោះទេ៕

  • តើត្រូវនិយាយជាមួយកូនយ៉ាងណាស្រួល? រឿងកិច្ចការផ្ទះ…

    តើត្រូវនិយាយជាមួយកូនយ៉ាងណាស្រួល? រឿងកិច្ចការផ្ទះ…

    នៅក្នុងបន្ទប់ទទួលភ្ញៀវ ម្តាយដើរចូលទៅរកកូនដោយទឹកមុខញញឹមញញែម តែពេលឃើញកូនប្រុសធ្វើមុខស្លេកស្លាំងជាមួយ​នឹងគំនរសៀវភៅមេរៀន និងសៀវភៅកិច្ចការផ្ទះមុខវិជ្ជាគណិតវិទ្យានោះ អ្នកម្តាយក៏ហាក់ដូចជានឹកសង្ស័យ ក៏អើតមុខចូលទៅជិត ហើយឆ្លៀតឱកាសបើកសៀវភៅកិច្ចការផ្ទះរបស់កូនមើលភ្លាម…។ ក្នុងនោះអ្នកម្តាយឃើញមានសុទ្ធ​តែសញ្ញាខ្វែងដោយប៊ិចក្រហម ​ដែល​ជាសញ្ញាបញ្ជាក់ថា ខុស! ដែលជាកំណែរបស់អ្នកគ្រូពេញក្នុងសៀវភៅទាំងអស់ រួចហើយអ្នកម្តាយក៏កើតអាការទប់លែងជាប់ និងបញ្ចេញអារម្មណ៍​ក្រេវ​ក្រោធឡើងភ្លាមតែម្តង…។

    សាកល្បងតាមដានមើលជាបន្តទៅមើល៍ថា បើជួបនឹងហេតុការណ៍បែបនេះ តើម្តាយនឹងប្រើពាក្យសម្តីជាមួយកូនថា​យ៉ាង​ណាខ្លះ?

    • កិច្ចការផ្ទះងាយៗប៉ុនហ្នឹង ក៏ធ្វើខុសដែរ ធំឡើងធ្វើស្អីកើតទៅ!
    • ម៉ាក់បង្រៀនលេខប៉ុន្មានដងហើយ ហេតុអីបានមិនចេះចាំសោះអ៊ីចឹង?! គ្មានឃើញពិបាកអីត្រង់ណាសោះ!
    • ម៉ាក់ប្រាប់ហើយថា កុំឱ្យធ្វើបែបហ្នឹង កុំឱ្យគិតបែបហ្នឹង ថ្ងៃក្រោយហាមធ្វើខុសទៀតដាច់ខាត យល់ទេ?!
    • ហ៊ឺ…ធ្វើខុសទៀតហើយ ឃើញទេ? ហេតុអីបានជាខួរក្បាលដូចអាចម៍រណាម្ល៉េះហ្ន៎ កូនមួយនេះ?!
    • ប្រាប់ប៉ុន្មានដងហើយថា កុំឱ្យគិតលេខបែបហ្នឹង កូនឯងក៏នៅតែធ្វើខុសដដែលៗអ៊ីចឹងរហូត ធុញទ្រាន់មែនទែន!

    ហេតុការណ៍ដូចគ្នានេះមួយទៀត នៅក្នុងបន្ទប់ទទួលភ្ញៀវ ឬនៅក្នុងកន្លែងណាមួយក្នុងផ្ទះ ដែលកូនតែងតែអង្គុយធ្វើកិច្ចការផ្ទះជា​ប្រចាំ។ ម្តាយដើរចូលទៅរកកូនប្រុសដោយទឹកមុខញញឹមញញែមដូចគ្នា តែពេលឃើញកូនធ្វើមុខស្លេកស្លាំង អ្នកម្តាយក៏បើក​សៀវភៅកិច្ចការផ្ទះគណិតវិទ្យា ដោយសុំអនុញ្ញាតកូនជាមុនសិន មុននឹងបើក។ ពេលឃើញមានសុទ្ធតែសញ្ញាខុសពេញនោះ​ទាំងអស់ ម្តាយក៏ភ្ញាក់ផ្អើលដូចគ្នាដែរ តែទប់អារម្មណ៍បាន រម្ងាប់អារម្មណ៍ក្រេវក្រោធក្តៅក្រហាយនោះទុកសិន ហើយ​និយាយទៅកាន់កូនដោយអារម្មណ៍ត្រជាក់ស្ងប់ភ្លាមថា ៈ

    • ធ្វើលេខខុសហើយ អាចធ្វើឡើងវិញបានតើ សាកល្បងគិតមើលឱ្យច្បាស់ៗបន្តិចទៅណា៎ កូន…
    • ញញឹមបន្តិចមើល៍កូន ម៉ស់! យើងមកសាកល្បងគិតលេខហ្នឹងឡើងវិញម្ដងទៀត យ៉ាងម៉េចដែរ? ម៉ាក់ជឿថា កូនអាចធ្វើបានណា៎…
    • ម៉ាក់ចង់ឃើញកូនម៉ាក់ចិត្តត្រជាក់ៗ តាំងសមាធិឱ្យល្អ កុំប្រញាប់ ហើយសឹមធ្វើវាឡើងវិញ ម្តង 1ចំណុចៗ ណា៎កូន
    • មិនអីទេកូន…ឯណាមើល៍ ប្រាប់ម៉ាក់បានទេថា កូនមិនយល់ត្រង់ណាខ្លះ?
    • ព្យាយាមអានចំណោទឱ្យយល់បន្តិចទៀត កូនច្បាស់ជាធ្វើបានមិនខាន ជឿម៉ាក់ចុះ!

    “តាមរយៈហេតុការណ៍របស់អ្នកម្តាយទាំង 2រូបនេះ យើងមកសាកល្បងប្រៀបធៀបគ្នាទៅមើល៍ និងអាចប្រាប់បានទេថា តើក្មេងៗគ្រប់គ្នាចង់ស្តាប់ប្រយោគ និងពាក្យសម្តីបែបណាខ្លាំងជាងគេ?។ ឡារ៉ែនជឿថា អ្នកម្តាយជាច្រើននាក់ប្រហែលជាជ្រើសរើសយកហេតុ​ការណ៍ទី2 ដែលជាប្រយោគការនិយាយគួរឱ្យចង់ស្តាប់ជាងមិនខាន។ កុមារនឹងក្លាយមនុស្សដែលជួបនឹងភាពបរាជ័យ ឬជួប​នឹង​ភាព​ជោគជ័យ​នៅ​ពេលធំឡើង ឬយ៉ាងណានោះ គឺអាស្រ័យលើពាក្យសម្តីដែលជាកម្លាំងចិត្តរបស់ឪពុកម្តាយ ព្រោះពាក្យសម្តីរបស់ឪពុកម្តាយ ឬ​មនុស្ស​ដែល​​កុមារស្រឡាញ់ វានឹងត្រូវជ្រួតជ្រាបចូលទៅក្នុងសតិសម្បជញ្ញៈដែលនឹងចាក់ឬសយ៉ាងជ្រៅ ប្រភេទដែលអាចធ្វើឱ្យកុមារធំធាត់ឡើងក្លាយជាមនុស្សល្អ មនុស្សមិនល្អ មនុស្សពូកែ មនុស្សមិនពូកែ មនុស្សដែលទទួលបានជោគជ័យ មនុស្សដែលមិនទទួលបានជោគជ័យបាន…ដូច្នេះមនុស្សដែលជាឪពុកម្តាយ គួរតែនាំគ្នាងាកមកប្រយ័ត្នប្រយែងពាក្យសម្តីឱ្យបានល្អឡើងហើយ”៕

  • …ព្រោះដល់ថ្ងៃមួយ កូននឹងត្រូវពឹងលើខ្លួនឯង

    …ព្រោះដល់ថ្ងៃមួយ កូននឹងត្រូវពឹងលើខ្លួនឯង

    តើលោកឪពុកអ្នកម្ដាយធ្លាប់បានឮពាក្យសម្ដីប្រហាក់ប្រហែលនេះចេញពីមាត់កូនៗដែរទេ?

    “អត់ទេ”

    “កូនធ្វើអត់បានទេ”

    “វាពិបាកធ្វើណាស់”

    “កូនមិនដឹងថា វាត្រូវធ្វើយ៉ាងម៉េចទេ”

    “ម៉ាក់ជួយធ្វើឱ្យកូនបន្តិចបានទេ”

    ពេលខ្លះកូននឹងមានពាក្យសម្ដីបែបនេះក្នុងពេលដែលត្រូវធ្វើរឿងអ្វីថ្មីៗ ក្មេងមានអារម្មណ៍ថាវាពិបាក ខ្លាចថាធ្វើមិនបាន ដែលទោះជាមនុស្សចាស់ជួយលើកទឹកចិត្តឱ្យសាកល្បងធ្វើលមើលយ៉ាងណា តែជួនកាលក្មេងក៏នៅតែរួញរាមិនចង់ធ្វើដដែល និងញឹកញាប់ណាស់ដែលមនុស្សចាស់កាត់ក្ដីរំខានចិត្តដោយការធ្វើជំនួសឱ្យតែម្ដង។

    ក្មេងៗជាច្រើនមានសមត្ថភាព សតិបញ្ញាល្អ តែខ្វះក្ដីព្យាយាមបន្តិច។ ក្ដីព្យយាម គឺជារឿងសំខាន់ រឹតតែក្នុងយុគសម័យដែលអ្វីៗក៏ងាយស្រួលសប្បាយនោះ ក្មេងៗភាគច្រើនពេលជួបការងារដែលពិបាក ក៏នឹងរួញរា និងមិនចង់ធ្វើ។ សេចក្ដីព្យាយាម គឺជារឿងដែលយើងត្រូវប្រើរហូតមួយជីវិត ដូចជាពេលរៀន ដែលនៅពេលថ្នាក់កាន់តែខ្ពស់ឡើង មុខវិជ្ជាក៏កាន់តែពិបាកឡើងជារឿយៗ ឬពេលធំក្លាយជាមនុស្សធំហើយជួបនឹងបញ្ហា បើសិនជាខ្វះក្ដីពុះពារព្យាយាម ជីវិតប្រហែលជាកាន់តែលំបាកខ្លាំងឡើងមិនខាន។

    នៅក្នុងជីវិតពិត គឺជារឿងមិនអាចទៅរួចឡើយដែលនឹងមានមនុស្សជាឪពុកម្ដាយនៅតាមមើលថែ និងតាមជួយរហូតតទៅនោះ ដូច្នេះហើយទើបសុភាសិតដែលថា “ខ្លួនទីពឹងខ្លួន” គឺជារឿងចាំបាច់។ ឪពុកម្ដាយត្រូវមានចិត្តរឹងប៉ឹងគួរសម កុំជួយកូនគ្រប់តែរឿង ចូរឱ្យកូនសាកល្បងធ្វើដោយខ្លួនឯង និងដែលសំខាន់ គឺឪពុកម្ដាយត្រូវធ្វើជាគំរូ ដោយត្រូវមានក្ដីព្យាយាមក្នុងការធ្វើអ្វីក៏ដោយ ដែលទោះជាវាពិបាកប៉ុនណាក៏ត្រូវតែសម្ដែងចេញមកថា ខ្លួនមានការតាំងចិត្ត និងព្យាយាមដែរ និងទោះជាធ្វើហើយ មិនទទួលបានជោគជ័យ ក៏ត្រូវតែកោតសរសើរកូនចំពោះការព្យាយាម មិនមែនសម្លឹងតម្រង់ទៅរកតែលទ្ធផលដែលចេញមកនោះទេ។

    សាកល្បងឱ្យកូនៗបានធ្វើអ្វីដោយខ្លួនឯង ដូចជាការចេះជួយខ្លួនឯងដែលគេអាចធ្វើបានទៅតាមវ័យ ឱ្យកូនៗបានរៀនយល់ដឹងខ្លះ តែក៏កុំភ្លេចថា បើកូនខំព្យាយាមហើយ នៅតែធ្វើមិនបានទៀតនោះ កម្លាំងចិត្តពីឪពុកម្ដាយគឺជារឿងដែលកូនៗត្រូវការបំផុត ប្រៀបដូចជាស្បៀងដែលធ្វើឱ្យកូនមានភាពរឹងមាំខាងផ្លូវចិត្តតទៅទៀតនៅពេលធំឡើង។ ព្រោះថា បើកូនជាក្មេងឆ្លាត តែបើគេខ្វះការព្យាយាម អ្វីៗក៏គង់ពិបាកមិនខាន។

    ព្រោះក្នុងជីវិតពិត មានបទសាកល្បងជាច្រើនដែលមិនអាចឆ្លងឱ្យផុតបានដោយភាពឆ្លាតវៃតែម្យ៉ាងនោះទេ តែត្រូវមានក្ដីក្លាហាន ក្ដីព្យាយាម និងភាពរឹងប៉ឹងខាងផ្លូវចិត្តជាមូលដ្ឋានផងដែរ៕

  • តែងសេចក្តី ជាមុខវិជ្ជាសំខាន់ក្នុងការជំរុញការអានក្នុងប្រព័ន្ធអប់រំ

    តែងសេចក្តី ជាមុខវិជ្ជាសំខាន់ក្នុងការជំរុញការអានក្នុងប្រព័ន្ធអប់រំ

    ការអាន បានក្លាយជាប្រធានបទយ៉ាងសំខាន់សម្រាប់ប្រជាជនលើពិភពលោកក្នុងសតវត្សរ៍ទី21នេះ ព្រោះបើទោះបីជាបច្ចេកវិទ្យាបានរីករាលដាល និងមានតួនាទីកាន់តែសំខាន់ប៉ុនណាក៏ដោយក៏ការអាននៅតែជាយន្តការសំខាន់ក្នុងការអប់រំផ្នែកអក្សរសាស្ត្រដដែល។

    នៅកម្ពុជា គេសង្កេតឃើញថា ចំនួនអ្នកអានមិនសូវមានច្រើនប៉ុន្មានទេ បើទោះបីជាថ្មីៗនេះយើងឃើញថា កំណើននៃអំណាន
    មានស្ថានភាពវិជ្ជមានដែលឆ្លុះបញ្ចាំងតាមរយៈការចូលរួមរបស់យុវជនក្នុងកម្មវិធីថ្នាក់ជាតិធំៗ ដូចជាពិព័រណ៍សៀវភៅ និងកំណើននៃការបោះពុម្ពផ្សាយស្នាដៃថ្មីៗយ៉ាងច្រើនក៏ដោយ។ នៅក្នុងនោះមានប្រជាជនជាច្រើនក៏បានចាប់អារម្មណ៍ និងចង់ឃើញការជំរុញរបស់ក្រសួងពាក់ព័ន្ធផងដែរចំពោះការអាននៅកម្ពុជា។

    ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា តាមពិតទៅក្រសួងអប់រំបានយកចិត្តទុកដាក់ខ្លាំងពាក់ព័ន្ធនឹងការអាននេះផងដែរ។ ជាក់ស្តែងនៅរៀងរាល់ថ្ងៃទី11 ខែមីនាជារៀងរាល់ឆ្នាំក្រសួងអប់រំបានរៀបចំទិវាអំណានជាតិដើម្បីបំផុសចលនាក្នុងការអាន និងមានកម្មវិធីសិក្សាជាច្រើនដែលពាក់ព័ន្ធនឹងការជំរុញការអាន។

    សម្រាប់កម្មវិធីសិក្សាវិញ ក្រសួងបានចាប់ផ្តើមជំរុញកុមារៗ ចាប់តាំងពីកុមារតូច តាមរយៈកម្មវីធីអំណានដំបូងដែលយើងបានដាក់ដើម្បីឱ្យលោកគ្រូ-អ្នកគ្រូជួយសិស្សានុសិស្សឱ្យចេះអានជាបឋម មុននឹងក្លាយជាអ្នកពូកែអាននៅថ្ងៃអនាគត។

    បន្ថែមពីលើនេះ កម្មវិធីសិក្សាដែលយើងអនុវត្តជាយូរណាស់មកហើយ និងកំពុងមានសារៈសំខាន់សម្រាប់ការបណ្តុះបណ្តាលការអាន និងការសរសេរ គឺមុខវិជ្ជាតែងសេចក្តី។

    ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា៖ «មុខវិជ្ជាតែងសេចក្តីជាមុខវិជ្ជាយ៉ាងសំខាន់មួយដែលអាចជួយឱ្យសិស្សអាន និងចេះវិភាគស៊ីជម្រៅ។ មុខវិជ្ជានេះទាមទារឱ្យសិស្សត្រូវអានឱ្យបានច្រើន ទាំងអក្សរសិល្ប៍ជាតិ អក្សរសិល្ប៍បរទេស ប្រវត្តិសាស្រ្ត និងចំណេះដឹងទូទៅឱ្យបានច្រើន»។

    ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានបន្ថែមទៀតថា ជាធម្មតានៅក្នុងសំណេរតែងសេចក្តី គឺត្រូវទាញយកហេតុផលជាក់ស្តែង ដែលមាននៅក្នុងអក្សរសិល្ប៍ និងក្នុងសង្គមជាក់ស្តែងមកគាំទ្រដល់ការលើកឡើងរបស់អ្នកសរសេរ។

    ហេតុនេះដើម្បីក្តោបបានអត្ថន័យ និងមានលទ្ធភាពទាញយកតម្លៃអប់រំពីក្នុងរឿងប្រលោមលោក ឬក្នុង
    អត្ថបទអប់រំនានាមកពង្រីកការសរសេរអត្ថបទ
    តែងសេចក្តីឱ្យកាន់តែមានទម្ងន់ អ្នកសិក្សាចាំបាច់ត្រូវតែអានឱ្យបានច្រើន។

    លោក ឈិន សីហា សាស្ត្រាចារ្យ និងជាអ្នកអក្សរសាស្ត្រខ្មែរ បានលើកឡើងថា ការតែងសេចក្តីមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជំរុញការអានសម្រាប់សិស្សានុសិស្ស ព្រោះទាល់តែអានច្រើនទើបមានគំនិតសរសេរ ហើយវាក៏ជាមុខវិជ្ជាយ៉ាងសំខាន់មួយផងដែរ ដែលសិស្សគ្រប់គ្នាត្រូវតែចេះ។

    លោកថា បើទោះបីជាសិស្សសិក្សាថ្នាក់វិទ្យាសាស្រ្តសង្គមក៏ដោយ ថ្នាក់វិទ្យាសាស្ត្រពិតក៏ដោយ ក៏គាត់ត្រូវតែចេះតែងសេចក្តី ព្រោះវាជាមុខវិជ្ជាសំខាន់ និងអាចជួយបានច្រើនសម្រាប់ការធ្វើការងារ ឬការរស់នៅនាថ្ងៃអនាគត។

    មុខវិជ្ជាដ៏មានសារៈសំខាន់នេះ មិនស្មុគស្មាញពេកនោះទេប្រសិនបើយើងដឹងពីទម្រង់ និងឧស្សាហ៍អនុវត្តឱ្យបានច្រើន ជាពិសេស គឺអានឱ្យបានច្រើន។

    សម្រាប់អ្នកចង់ពូកែតែងសេចក្តីគួរអានទាំងអក្សរសិល្ប៍ អត្ថបទទូទៅ ចំណេះដឹងនានាពីខាងក្រៅ អត្ថបទសារព័ត៌មាន និងអត្ថបទតែងសេចក្តីដែលគេបានរៀបចំជាគំរូឱ្យបានច្រើន។

    លោក ឈិន សីហា បាននិយាយថា៖ «ការអានអត្ថបទអក្សរសិល្ប៍ និងអត្ថបទចំណេះដឹងទូទៅ នឹងអាចជួយឱ្យសិស្សមានហេតុផលច្រើន និងគំនិតទូលំទូលាយក្នុងការលើកហេតុផលដើម្បីគាំទ្រប្រធានបទនីមួយៗ ចំណែកឯអត្ថបទតែងសេចក្តីគំរូគឺអាចជួយឱ្យសិស្សយល់ដឹងច្រើនពីរចនាបទនៃការសរសេរ រួមទាំងសិល្បៈនានាក្នុងការប្រទាក់សាច់រឿងនីមួយៗឱ្យកាន់តែមានភាពច្បាស់លាស់»។

    សាស្រ្តាចារ្យខាងលើបានបន្ថែមទៀតថា ដោយហេតុនេះហើយទើបនៅក្នុងមុខវិជ្ជាភាសាខ្មែរគេតម្រូវឱ្យយើងសិក្សាទាំងវេយ្យករណ៍ អត្ថបទអំណាន និងសម្រង់អត្ថបទអក្សរសិល្ប៍នានា។ អត្ថបទទាំងអស់នេះ គឺជាច្រកយ៉ាងសំខាន់មួយដែលធ្វើឱ្យសិស្សអាចបន្តអានឱ្យបានកាន់តែច្រើន។

    ជាក់ស្តែងប្រសិនបើនៅក្នុងសៀវភៅសិក្សាគោលមានសម្រង់អត្ថបទទាក់ទងនឹងស្នាដៃអក្សរសិល្ប៍ណាមួយ គ្រូតែងតែណែនាំឱ្យសិស្សគាត់ទៅអានសៀវភៅរឿងនោះទាំងមូលតែម្តង ដើម្បីឱ្យសិស្សយល់ច្បាស់ពីសាច់រឿង ហើយក្នុង 1ឆ្នាំៗមានអត្ថបទ និងរឿងជាច្រើនដែលមានក្នុងសៀវភៅសិក្សាគោល។

    ហេតុនេះហើយទើបសិស្សមានឱកាសច្រើនក្នុងការអាន។ លោកថា ចាប់ផ្តើមពីទម្លាប់នៃការអានក្នុងសៀវភៅសិក្សាគោលនេះ សិស្សានុសិស្សអាចនឹងក្លាយជាមនុស្សដែលមានមូលដ្ឋានគ្រឹះអំណានរឹងមាំ សម្រាប់ឈានទៅអានសៀវភៅប្រភេទផ្សេងៗទៀតកាន់តែច្រើន ដែលនឹងធ្វើឱ្យគាត់កាន់តែមានចំណេះដឹងទូលំទូលាយឡើងនៅថ្ងៃខាងមុខ៕