Tag: មីយ៉ានម៉ា

  • កងទ័ព​មី​យ៉ាន​ម៉ា​ចេញ​បញ្ជា​មិន​ឱ្យប្រើ​គ្រាប់កាំភ្លើង​ពិត ក្នុងការ​បង្ក្រាប​ក្រុម​​បាតុករ

    កងទ័ព​មី​យ៉ាន​ម៉ា​ចេញ​បញ្ជា​មិន​ឱ្យប្រើ​គ្រាប់កាំភ្លើង​ពិត ក្នុងការ​បង្ក្រាប​ក្រុម​​បាតុករ

    រដ្ឋាភិបាលយោធា​ភូមា (មី​យ៉ាន​ម៉ា) បាន​ស្នើឱ្យ​ក្រុមប៉ូលិស ឈប់​ប្រើ​គ្រាប់កាំភ្លើង​ពិត​ក្នុងការ​ប​ង្រា​ប​ក្រុមបាតុករ ក្រោយពី​ត្រូវ​អន្តរជាតិ​ថ្កោលទោស​ដោយសារតែ​បាន​ប្រើ​អំពើហិង្សា និង​បាញ់ប្រហារ បណ្ដាលឱ្យ​បាតុករ​ជាច្រើន​នាក់​បាន​បាត់បង់​ជីវិត។

    សេចក្ដីប្រកាស​ខាងលើនេះ​ត្រូវបាន​លើកឡើង​នៅក្នុង​កម្មវិធី​ផ្សាយ​នៃ​ស្ថានីយទូរទស្សន​កងទ័ព​កាលពី​ថ្ងៃទី 1 មីនា មួយថ្ងៃ​ក្រោយ​កងសន្តិសុខ​បាញ់ប្រហារ​ក្រុមបាតុករ​ដោយ​ប្រើប្រាស់​គ្រាប់កាំភ្លើង​ពិត។ ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ បានឱ្យដឹងថា បាតុករ​យ៉ាងតិច 18 នាក់​បាន​ស្លាប់ និង 30 នាក់​ត្រូវ​រងរបួស​នៅក្នុង​អំពើ​បាញ់ប្រហារ​នោះ​ពី​សំណាក់​ប៉ូលិស​ភូមា។ កងទ័ព​ភូមា​ក៏បាន​ឱ្យដឹងថា មនុស្ស​ជាង 1,300 នាក់ ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​បាតុកម្ម​នានា​នៅ​ទូទាំងប្រទេស។

    តាម​គម្រោង បាតុកម្ម​នឹងត្រូវ​បន្ត​ធ្វើឡើង​នៅថ្ងៃនេះ បន្ទាប់ពី​តុលាការ​មី​យ៉ាន​ម៉ា បានប្រកាស​អំពី​ការចោទប្រកាន់​បន្ថែមចំនួន 2 ករណី​ទៀត ប្រឆាំងនឹង​មេដឹកនាំ Aung San Suu Kyi ដែល​ត្រូវបាន​កងទ័ព​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃទី 1 កុម្ភៈ ឆ្នាំ 2021។ លោកស្រី Suu Kyi បានបង្ហាញ​ខ្លួន​នៅ​តុលាការ​តាមរយៈ​វីដេអូ កាលពី​ថ្ងៃទី 1 មីនា និង​ត្រូវបាន​គេ​ជឿថា នឹងត្រូវ​កងទ័ព​បញ្ជូនទៅ​ឃុំខ្លួន​ជា​បន្តទៀត​ក្នុង​រយៈពេល​យូរ។

    ករណី​កងសន្តិសុខ​បាញ់ប្រហារ​សម្លាប់​ក្រុមបាតុករ​នៅ​ភូមា បាន​នាំឱ្យ​មានការ​ប្រតិកម្ម​ដោយ​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា​ពី​អន្តរជាតិ ក្នុងនោះ​មាន​សហរដ្ឋអាមេរិក កាណាដា អាល្លឺម៉ង់ សហភាព​អឺរ៉ុប និង​ប្រទេស​មួយចំនួន​នៅ​តំបន​អាស៊ីអាគ្នេយ៍​ផងដែរ៕

    ប្រភព៖ Bloomberg
    ប្រែ​សម្រួល៖ បុត្រា

  • ក្រុមបាតុករ​ប្រឆាំង និង​គាំទ្រ​កងទ័ព​នៅ​មី​យ៉ាន​ម៉ា ប៉ះទង្គិច​គ្នា

    ក្រុមបាតុករ​ប្រឆាំង និង​គាំទ្រ​កងទ័ព​នៅ​មី​យ៉ាន​ម៉ា ប៉ះទង្គិច​គ្នា

    ក្រុម​អ្នកគាំទ្រ​យោធា​មី​យ៉ាន​ម៉ា​ដែល​យក​អាវុធ​តាម​ខ្លួន បាន​ប៉ះទង្គិច​គ្នា​នឹង​ក្រុមបាតុករ​ប្រឆាំង​រដ្ឋប្រហារ នៅ​ទីក្រុង Yangon ប្រទេស​ភូមា​កាលពី​ម្សិលមិញ (26 កុម្ភៈ 2021) នាំឱ្យមាន​ការព្រួយបារម្ភ​កាន់តែខ្លាំង។

    បាតុកម្ម និង​កូដកម្ម​ប្រឆាំង​រដ្ឋប្រហារ​យោធា ត្រូវបានធ្វើ​ឡើងជា​រៀងរាល់ថ្ងៃ​នៅ​ប្រទេស​ភូមា (មី​យ៉ាន​ម៉ា) ក្នុង​រយៈពេល 3 ខែ​កន្លងមកនេះ។ ក្រុមនិស្សិត រួម​នឹង​ក្រុមបាតុករ​ផ្សេងទៀត នៅតែមាន​ផែនការ​បន្តធ្វើ​បាតុកម្ម។ កាលពី​ថ្ងៃទី 25 កន្លង​ទៅ ​នៅ​​ពេល​ក្រុមបាតុករ​ប្រឆាំង​រដ្ឋប្រហារ​បង្ហាញខ្លួន ក៏​ស្រាប់​តែមាន​មនុស្ស​ប្រហែល 1,000 នាក់ ដែល​គាំទ្រ​កងទ័ព ក៏បាន​មាន​វត្ត​មាននៅ​កណ្ដាល​ទីក្រុង។ ការប៉ះទង្គិច​គ្នា​រវាង​ក្រុមបាតុករ​ទាំងពីរ​ក្រុម​ខាងលើ​ក៏បាន​កើតឡើង និង​ក្លាយជា​អំពើហិង្សា​យ៉ាង​ឆាប់រហ័ស។

    យោងតាម​សាក្សី ក្រុមគាំទ្រ​កងទ័ព ដែលមាន​អាវុធ​ក្នុង​ដៃ ដូចជា​កាំបិត ដំបង ជំ​ពាម​កៅស៊ូ និង​ដុំថ្ម បាន​ប្រវាយ​ប្រហារ​លើ​ក្រុមបាតុករ​ប្រឆាំង​រដ្ឋប្រហារ ក្នុងនោះ​មាន​បាតុករ​យ៉ាងតិច 2 នាក់ ត្រូវបាន​ចាក់។

    មនុស្ស​មួយក្រុម​ប្រដាប់​ដោយ​កាំបិត បាន​វាយប្រហារ​លើ​បុរស​ម្នាក់​នៅ​ខាងក្រៅ​សណ្ឋាគារ​មួយ​នៅក្នុង​ទីក្រុង។ បុគ្គលិក​ពេទ្យ​បាន​ជួយសង្គ្រោះ​បុរស​ដែល​ត្រូវរបួស​ពេញ​ខ្លួន​នេះ បន្ទាប់ពី​ក្រុម​ជនដៃដល់​បាន​ចាកចេញ ប៉ុន្តែ​មិនដឹងថា បុរស​នោះ​នៅមាន​ជីវិត​ដែរ ឬ​អត់។

    កាលពី​ល្ងាចម្សិលមិញ ប៉ូលិស​ប្រឆាំង​កុបកម្ម​រាប់សិប​នាក់ បាន​បាញ់​គ្រាប់​បែកផ្សែង​បង្ហូរទឹកភ្នែក​ដើម្បី​បំបែកហ្វូង​បាតុករ​ដែល​ប្រមូល​ផ្ដុំគ្នា​នៅក្បែរ​ការិយាល័យ​រដ្ឋាភិបាល ដើម្បី​ឆាំង​នឹង​ការដែល​កងទ័ព​បានតែ​ង​តាំង​មន្ត្រី​មូលដ្ឋាន​ម្នាក់។

    អំពើហិង្សា​ខាងលើ បាន​នាំឱ្យមាន​ការព្រួយបារម្ភ​កាន់តែខ្លាំង​នៅ​ប្រទេស​នេះ។ មេ​ដឹក​យោធា Min Aung Hlaing ​បាន​និយាយថា អាជ្ញាធរ​កំពុង​ប្រើប្រាស់​កម្លាំង​អាវុធ​តិចតួច​បំផុត។

    ក៏ប៉ុន្តែ គិត​មកដល់​បច្ចុប្បន្ន យ៉ាងហោចណាស់ មាន​បាតុករ 3 នាក់ និង​ប៉ូលិស​ម្នាក់ បាន​បាត់​បង់ជីវិត។ គិត​ត្រឹម​ថ្ងៃទី 24 កុម្ភៈ មនុស្ស​ចំនួន 728 នាក់ ត្រូវបាន​ចាប់ខ្លួន ចោទប្រកាន់ និង​កាត់ទោស ទាក់ទិន​នឹង​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • Aung San Suu Kyi នឹងត្រូវ​ឃុំខ្លួន​រហូតដល់​ពាក់កណ្ដាល​ខែកុម្ភៈ

    Aung San Suu Kyi នឹងត្រូវ​ឃុំខ្លួន​រហូតដល់​ពាក់កណ្ដាល​ខែកុម្ភៈ

    សារព័ត៌មាន​ចិន Xinhua ដកស្រង់​សម្ដី​របស់​មន្ត្រី​ម្នាក់​នៃ​បក្ស NLD ដែល​កំពុង​ត្រូវបាន​គេ​ប្លន់​អំណាច កាលពី​ថ្ងៃទី 3 កុម្ភៈ បានឱ្យដឹងថា ប្រធានាធិបតី​មី​យ៉ាន​ម៉ា លោក U Win Myint និង​ទីប្រឹក្សា​រដ្ឋ លោកស្រី Aung San Suu Kyi នឹងត្រូវ​បាន​ឃុំខ្លួន​រហូតដល់​ថ្ងៃទី 15 ខែកុម្ភៈ ឆ្នាំ 2021។

    លោក Kyi Toe សមាជិក​នៃ​គណៈកម្មការ​ព័ត៌មាន​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតី (NLD) របស់លោក​ស្រី Aung San Suu Kyi បានប្រកាស​ដំណឹង​នេះ​នៅលើ​ទំព័រ​បណ្ដាញ​សង្គម។

    ទាក់ទង​នឹង​ប្រធានាធិបតី U Win Myint ឯកសារ​របស់​ប៉ូលិស​ដែល​ត្រូវគេ​ចែករំលែក​លើ​បណ្ដាញ​សង្គម បាន​បង្ហាញថា ប្រធានាធិបតី​រូបនេះ និង​ក្រុមគ្រួសារ​របស់លោក បាន​ជួប​មនុស្ស​មួយចំនួន​នៅក្នុង​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​របស់​បក្ស NLD កាលពី​ថ្ងៃទី 20 កញ្ញា 2020 មុន​ការបោះឆ្នោត​ក្នុង​ខែវិច្ឆិកា 2020 និង​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​លើ​បទបញ្ជា​ទាក់ទិន​នឹង Covid-19 ដោយយោង​ទៅតាម​ច្បាប់​គ្រោះមហន្តរាយ។

    ចំណែក​លោកស្រី Suu Kyi វិញ ក៏ត្រូវ​បាន​ទោ​ទ​ពីបទ​នាំចូល និង​ប្រើប្រាស់​ខុសច្បាប់ នៅពេល​ក្រុមប៉ូលិស​បាន​រកឃើញ​កូន​វិទ្យុ​នៅក្នុង​គេហដ្ឋាន​របស់លោក​ស្រី នា​រដ្ឋធានី ណៃ​ពី​ដោ។ ប៉ូលិស​បានស្នើ​តុលាការ ឃុំខ្លួន​អ្នកនយោបាយ​ទាំងពីរ​រូបនេះ​ក្នុង​រយៈពេល 15 ថ្ងៃ រាប់​ចាប់ពី​ថ្ងៃទី 1 កុម្ភៈ ដល់​ថ្ងៃទី 15 កុម្ភៈ។

    ចំពោះ​ព័ត៌មាន​ផ្លូវការ​ទាក់ទង​នឹង​ដំណឹង​ខាងលើនេះ មិនទាន់​ត្រូវបាន​ភាគី​កងទ័ព និង​ភាគី​ប៉ូលិស​មី​យ៉ាន​ម៉ា​លើកឡើង​នៅឡើយ។

    ក្នុង​ថ្ងៃទី 3 កុម្ភៈ NLD ក៏​បានចេញ​សេចក្ដីប្រកាស​នៅលើ​បណ្ដាញ​សង្គម ក្នុងនោះ​ក៏បាន​ស្នើឱ្យ​ដោះលែង​ប្រធានាធិបតី និង​លោកស្រី Suu Kyi រួម​នឹង​ការស្នើ​ឱ្យ​កងទ័ព​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​កាលពី​ចុងឆ្នាំ 2020 និង​ទប់ស្កាត់​ភាពវឹកវរ​ដែល​កំពុង​រារាំង​ដំណើរការ​នៃ​កិច្ចប្រជុំសភា។

    កាលពី​ថ្ងៃទី 1 កុម្ភៈ ប្រធានាធិបតី U Win Myint និង​ទីប្រឹក្សា​រដ្ឋ Aung San Suu Kyi រួម​នឹង​ក្រុមមន្ត្រី​ជាន់ខ្ពស់​របស់ NLD ជាច្រើនរូប ត្រូវបាន​កងទ័ព​ចាប់ឃុំខ្លួន។ កងទ័ព​មី​យ៉ាន​ម៉ា ក្រោយមក​ក៏បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​រយៈពេល​មួយឆ្នាំ ហើយ​អំណាច​ដឹកនាំ​ប្រទេស​ត្រូវបាន​ប្រគល់ឱ្យ​អគ្គមេបញ្ជាការ​កងទ័ព៕