Tag: មិនជឿ

  • ឱ្យកូនបៅដោះហើយ ដោះនឹងយារធ្លាក់មែនឬ? និងវិធីការពារសុដន់យារធ្លាក់ក្រោយពេលកូនលែងបៅ

    ឱ្យកូនបៅដោះហើយ ដោះនឹងយារធ្លាក់មែនឬ? និងវិធីការពារសុដន់យារធ្លាក់ក្រោយពេលកូនលែងបៅ

    “សុដន់ ឬដោះ” ត្រូវបានធម្មជាតិសាងឡើងដើម្បីផលិតទឹកដោះឱ្យកូនដែលជាទារកទើបនឹងកើត តែខណៈពេលជាមួយគ្នា ក៏ជាផ្នែកមួយដែលធ្វើឱ្យស្ត្រីមានមន្តស្នេហ៍ក្នុងខ្សែភ្នែកបុរសដែរ ដូច្នេះហើយទើបមានស្ត្រីជាម្ដាយមួយចំនួនកង្វល់បារម្ភរឿងសុដន់យារធ្លាក់ក្រោយពេលមានកូន និងឱ្យកូនបៅទឹកដោះគោ ជំនួសការឱ្យកូនបៅទឹកដោះខ្លួនឯង ព្រោះតែយល់ថា “ឱ្យកូនបៅដោះយូរៗទៅ នឹងធ្វើឱ្យដោះធ្លាក់យារ!!” ទាំងការពិតវិញ ចង់ឱ្យកូនបៅដោះ ឬមិនឱ្យកូនបៅដោះ ក៏សុដន់ស្ត្រីជាម្ដាយត្រូវតែយារធ្លាក់គ្រប់តែគ្នាហ្នឹង…បើមិនចេះមើលថែទាំខ្លួន។

    មូលហេតុបណ្ដាលមកពីអ្វី?

    • គ្រាន់តែមានគភ៌ ក៏យារបាត់ទៅហើយ ៈ សុដន់របស់មនុស្សស្រីនឹងចាប់ផ្ដើមយារតាំងពីពេលចាប់ផ្ដើមតាំងគភ៌ម្ល៉េះ។ មូលហេតុ មកពីទំហំរបស់ “សុដន់” ដែលនឹងមានការរីកធំឡើង ដើម្បីត្រៀមជាស្រេចក្នុងការផលិតទឹកដោះឱ្យកូន និងបរិវេណក្បាលសុដន់ក៏នឹងធំឡើង និងមានពណ៌ស្រអាប់ឡើងដែរ។ សរសៃឈាមខ្មៅនឹងមានខ្នាតធំឡើង រហូតមើលឃើញយ៉ាងច្បាស់ ដូច្នេះទោះជាក្រោយពេលឆ្លងទន្លេ មិនបានឱ្យកូនបៅដោះក៏ដោយ ក៏នៅតែយារដូចគ្នា ដោយនឹងចាប់ផ្ដើមយារធ្លាក់ចុះម្ដងបន្តិចៗ ហើយនឹងខ្លាំង ឬតិចប៉ុនណា អាស្រ័យលើទំហំរបស់សុដន់ បរិមាណខ្លាញ់ក្នុងខ្លួន និងអាយុរបស់ស្រ្តីខ្លួនឯង។
    • ក្រុមអ្នកម្ដាយដែលមានទឹកដោះច្រើនខ្លាំងពេក ៈ ស្ត្រីជាម្ដាយដែលឡើងដោះខ្លាំង មានឱកាសសុដន់រីកយារខ្លាំងជាងស្ត្រីជាម្ដាយដែលមានសុដនតូច ព្រោះសុដន់ក៏ដូចប៉ឺតប៉ោងដែរ ពេលវាប៉ោង វាក៏ណែនខ្លាំង ពេលឈប់ឱ្យកូនបៅដោះ វាក៏ធូរស្ពេតខ្លាំងដូចគ្នា។ តែទាំងអស់នេះ ក៏មិនមែនមានន័យថា វានឹងកើតឡើងចំពោះស្ត្រីជាម្ដាយគ្រប់គ្នានោះដែរ ព្រោះបើសិនជាស្ត្រីជាម្ដាយមើលថែទាំខ្លួនឯងបានល្អ ចេះហាត់ប្រាណពង្រឹងសាច់ដុំសុដន់ ទោះជាកូនញឹក(ច្រើន) ឬឱ្យកូនបៅដោះរយៈពេលយូរប៉ុនណា ក៏សុដន់អាចនឹងត្រឡប់មកតែងណែនដូចដើមបានដែរ។

    បច្ច័យផ្សេងៗទៀតដែលមិនពាក់ព័ន្ធនឹងការឱ្យកូនបៅដោះ

    1. បារី ៈ មិនជឿ ក៏ត្រូវតែជឿដែរថា បារីជាវត្ថុគ្រោះថ្នាក់ដែលធ្វើឱ្យស្រ្តីសុដនយារខ្លាំងជាងឱ្យកូនបៅទៅទៀត។
    2. អាយុ ៈ មិនថានឹងមានកូន ឬមិនមានកូននោះទេ នៅពេលមនុស្សស្រីអាយុកើនច្រើនឡើង “ភាពចាស់ជរា” នឹងធ្វើឱ្យសុដន់យារធ្លាក់ទៅតាមវ័យជាបណ្ដើរៗ។
    3. អម្បូរពូជ ៈ បើសិនជាម្ដាយ ឬលោកយាយរបស់អ្នកមានអម្បូរពូជសុដនយារធ្លាក់ អ្នកខ្លួនឯងក៏មានភាគរយខ្ពស់ក្នុងការដែលសុដននឹងយារធ្លាក់បានដូចគ្នា។
    4. ភាពធាត់ ៈ ស្រ្តីមានគភ៌មិនគួរបណ្ដោយខ្លួនឱ្យធាត់ជ្រុលពេកទេ! ព្រោះទម្ងន់ខ្លួនដែលឡើងលឿន ចុះលឿន នឹងធ្វើឱ្យស្បែកយារធ្លាក់​ដែលមិនមែនត្រឹមតែសុដន់ប៉ុណ្ណោះទេ គឺទូទាំងដងខ្លួនតែម្ដង។
    5. ពាក់អាវទ្រនាប់ដែលមិនសមល្មមនឹងសុដន ៈ រឹបណែនជ្រុល ឬរលុងជ្រុលពេករហូតមិនអាចទទួលទ្រទម្ងន់របស់សុដន់បាន។

    មកដល់ពេលនេះហើយ ឡារ៉ែនជឿថា ស្រ្តីដែលមានកូន មិនថាទីបំផុតទៅ សុដន់នឹងតឹងណែន ឬនឹងយារធ្លាក់ក្ដី ក៏ប្រហែលជាមិនសំខាន់ស្មើនឹងការបំបៅដោះកូនដែរ ព្រោះខ្លាំងជាការបំបៅដោះកូនដើម្បីឱ្យកូនបានទទួលសារធាតុអាហារដែលមានប្រយោជន៍ពីទឹកដោះម្ដាយនោះ ការលើកកូនបីឱ្យបៅដោះ គឺជាការបញ្ជូនក្ដីស្រឡាញ់ ភាពកក់ក្ដៅដែលគ្មានវិធីណាល្អស្មើនឹងវិធីនេះឡើយ៕

  • ប្រៀបធៀបកូនជាមួយអ្នកដទៃ ៈ កំហុសឆ្គងរបស់ឪពុកម្ដាយដែលធ្វើឱ្យកូនក្លាយជាក្មេងមានបញ្ហា

    ប្រៀបធៀបកូនជាមួយអ្នកដទៃ ៈ កំហុសឆ្គងរបស់ឪពុកម្ដាយដែលធ្វើឱ្យកូនក្លាយជាក្មេងមានបញ្ហា

    ប្រៀបធៀបកូនជាមួយអ្នកដទៃ ឬប្រៀបធៀបកូនជាមួយបងប្អូនឯង និងសាច់ញាតិ រឿងទាំងអស់នេះជារឿងដែលមនុស្សជាច្រើនត្រូវប្រឈម ជឿថា រូបលោកអ្នកខ្លួនឯងក៏ធ្លាប់ឆ្លងកាត់ហេតុការណ៍បែបនេះមកដូចគ្នា តែក៏នៅតែអត់មិនបានដែលចង់តែប្រៀបធៀបកូនខ្លួនឯងជាមួយអ្នកដទៃ ដូចជា កូនផ្ទះនោះ មិនឃើញគេឌឺរឹងសោះ ឬកូនផ្ទះនោះ ហេតុអីបានគេរៀនពូកែម្ល៉េះ? ជាដើម។ ភាគច្រើនទៅ ការប្រៀបធៀបកូនរបស់ឪពុកម្ដាយ ច្រើនតែកើតពីការនឹករំពឹងលើរូបកូនខ្លាំងពេក រហូតក្លាយជាការដាក់សម្ពាធទៅលើកូន ធ្វើឱ្យកូនកើតក្ដីតានតឹងធុញថប់ និងចុងក្រោយក្លាយជាក្មេងមានបញ្ហា…។ តើឪពុកម្ដាយដឹងទេថា ការប្រៀបធៀបកូនខ្លួនឯងជាមួយអ្នកដទៃនេះ មានចំណុចមិនល្អយ៉ាងណាខ្លះ?

    1 . បន្ថែមការប្រកួតប្រជែងដល់បងប្អូនឯង ៈ បើឪពុកម្ដាយប្រៀបធៀបកូនជាមួយបងប្អូនឯង វានឹងក្លាយជាការជំរុញឱ្យក្មេងកើតការប្រកួតប្រជែងគ្នា កើតការចំអកឡកឡាយ រួមទាំងការប្រព្រឹត្តខ្លួនច្រងេងច្រងាង ឬអួតអាងដាក់គ្នាទៀតផង។

    2 . កើតបញ្ហានាពេលអនាគត ៈ នៅពេលក្មេងត្រូវបានប្រៀបធៀប មិនថាតែជាមួយបងប្អូនឯង ឬរវាងសាច់ញាតិនោះទេ វានឹងធ្វើឱ្យក្មេងមានអារម្មណ៍មិនជឿជាក់ក្នុងចិត្ត កើតការព្រងើយកន្តើយនឹងគ្នា និងអាចនាំទៅរកបញ្ហាខាងផ្នែកទង្វើ រួមទាំងវិវឌ្ឍនាការនាពេលអនាគតទៀតផង។

    3 . បង្អាក់សមត្ថភាពរបស់ក្មេង ៈ ឪពុកម្ដាយខ្លះអាចគិតថា បើយើងប្រៀបធៀបកូនខ្លួនឯងជាមួយអ្នកដទៃ អាចជាការជួយឱ្យកូនមានភាពក្លៀវក្លាស្វាហាប់ និងឧស្សាហ៍ព្យាយាមខ្លាំងឡើង តែការពិតវិញ អាចហុចផលផ្ទុយគ្នា គឺនៅពេលក្មេងបង្ហាញសមត្ថភាពចេញមក តែឪពុកម្ដាយបែរជាមើលរំលងសមត្ថភាពដែលកូនមាន និងគិតតែពីប្រៀបធៀបឥតឈប់ ទីបំផុត កូននឹងលែងមានភាពជឿជាក់ក្នុងចិត្ត និងលែងចង់បង្ហាញសមត្ថភាពដែលខ្លួនឯងមាន ដែលអាចនឹងធ្វើឱ្យកូនបាត់បង់សក្ដានុពលដែលមាននោះបាន។

    ឪពុកម្ដាយត្រូវយល់ដឹងជាមុនសិន មុននឹងចង់ប្រៀបធៀបកូនជាមួយអ្នកដទៃ

    1 . ក្មេងម្នាក់ៗមានគំនិត និងសមត្ថភាពផ្សេងៗពីគ្នា ៈ ឪពុកម្ដាយត្រូវព្យាយាមស្ដាប់កូនខ្លះ ត្រូវយល់ពីគំនិត ចំណូលចិត្ត និងឯកលក្ខណៈរបស់កូនម្នាក់ៗ។ ឪពុកម្ដាយត្រូវទុកឱកាសឱ្យកូនបានសម្រេចចិត្តដោយខ្លួនឯង ដោយយើងគ្រាន់តែធ្វើជាអ្នកនៅចាំណែនាំ និងផ្ដល់ការប្រឹក្សាប៉ុណ្ណោះ។

    2 . កូនមិនមែនជាគ្រឿងតុបតែងលម្អរបស់ឪពុកម្ដាយទេ ៈ ឪពុកម្ដាយខ្លះអាចគិតថា កូនគឺជាទ្រព្យសម្បត្តិរបស់ឪពុកម្ដាយ ឪពុកម្ដាយចង់ធ្វើអ្វីជាមួយកូនក៏បាន និងគិតថាកូន គឺជាមុខមាត់កិត្តិយសរបស់ឪពុកម្ដាយនៅក្នុងបរិស្ថានសង្គម ក្នុងសាច់ញាតិ ឬសូម្បីតែក្នុងចំណោមមិត្តភក្តិទៀតផង។ គំនិតទាំងនេះប្រៀបដូចជាការយកប្រៀបលើកូនរបស់លោកអ្នកដូច្នោះដែរ ព្រោះគំនិតបែបនេះអាចបំផ្លាញជីវិតកូនក៏អាចថាបានដែរ។

    3 . ការសិក្សាជារឿងដែលល្អ តែគួរមានរឿងផ្សេងៗផង ៈ ការរៀនសូត្រលើរឿងដែលល្អបំផុតដែលឪពុកម្ដាយអាចផ្ដល់ឱ្យកូនបាន ធ្វើឱ្យឪពុកម្ដាយជាច្រើនសុខចិត្តអស់លុយអស់កាក់លើថ្លៃរៀនសូត្រដ៏ថ្លៃរបស់កូន ដើម្បីឱ្យកូនទទួលបាននូវអ្វីដែលល្អបំផុត

    តែឪពុកម្ដាយក៏កុំភ្លេចបង្ហាត់បង្រៀនកូនឱ្យស្គាល់ និងចេះទទួលខុសត្រូវ រួមទាំងការពឹងលើខ្លួនឯងផង ដែលគុណសម្បត្តិទាំងនេះនឹងជួយឱ្យកូនអាចធ្វើការងារបានយ៉ាងរលូនល្អនាពេលអនាគត។

    តើឪពុកម្ដាយគួរជំរុញកូនយ៉ាងណាឱ្យធ្វើតាមក្ដីនឹករំពឹង?

    1 . គាំទ្រកូនចំពោះអ្វីដែលកូនកំពុងធ្វើ ៈ បើឪពុកម្ដាយមើលឃើញថា កូនចាប់អារម្មណ៍លើអ្វីមួយនោះ ឪពុកម្ដាយអាចក្នុងការជួយជំរុញឱ្យកូនទៅតាមផ្លូវដែលកូនចូលចិត្តបាន ដោយផ្ដល់កម្លាំងចិត្ត និងសេចក្ដីស្រឡាញ់ដែលមានទាំងអស់ដល់កូន ព្រោះរឹតតែក្មេងអាចស្វែងរកខ្លួនឯងឃើញបានកាន់តែឆាប់ប៉ុនណា រឹតតែធ្វើឱ្យក្មេងមានឱកាសក្នុងការទទួលជោគជ័យខ្លាំងជាងអ្នកដទៃប៉ុននោះដែរ។

    2 . យល់ពីកូនឱ្យបានច្រើន ៈ ឪពុកម្ដាយកុំតាំងសេចក្ដីសង្ឃឹមខ្ពស់ហួសការពិតខ្លាំងពេក ត្រូវព្យាយាមស្វែងយល់អំពីកូនថា តើពេលនេះកូនរបស់លោកអ្នកមានសក្ដានុពល និងសមត្ថភាពប៉ុនណា? និងត្រូវព្យាយាមរុញច្រានក្នុងរឿងដែលគេចាប់អារម្មណ៍នោះឱ្យខ្លាំងទើបជាការប្រសើរ។

    3 . កោតសរសើរកូនក្នុងរឿងដែលគេពូកែ ៈ ពេលកូនបានធ្វើនូវអ្វីដែលខ្លួនឯងចូលចិត្ត ឬមានជំនាញ(ដែលម្នាក់ៗប្រាកដជាថ្នឹក ឬជំនាញមិនដូចគ្នាស្រាប់ទៅហើយ) ឪពុកម្ដាយគួរតែកោតសរសើរកូនយ៉ាងពេញទំហឹង ព្រោះនឹងធ្វើឱ្យកូនកើតមានភាពជឿជាក់លើខ្លួនឯង និងចង់ធ្វើវាឱ្យរឹតតែល្អខ្លាំងឡើងទៀតផង។

    4 . បង្រៀនកូនឱ្យខំប្រឹងយកឈ្នះលើអ្វីដែលគេមិនសូវពូកែ ៈ មនុស្សគ្រប់រូបមានទាំងរឿងដែលខ្លួនឯងពូកែ និងមិនពូកែ ហើយមនុស្សជាច្រើនតែងតែជ្រើសរើសបោះបង់ចោលនូវអ្វីដែលខ្លួនមិនពូកែ ដោយសារតែគិតថា ធ្វើតទៅទៀតក៏មិនបានល្អដែរ…ដូច្នេះបើឪពុកម្ដាយដឹងថា កូនមានចំណុចខ្សោយត្រង់ណា ឬរឿងណាដែលមិនពូកែ ឪពុកម្ដាយគួរព្យាយាមបង្រៀនឱ្យកូនយកឈ្នះលើរឿងនោះឱ្យបាន ទោះជាលំបាកប៉ុនណាក៏ដោយ ព្រោះវាមិនប្រាកដដែរ ផ្ដើមពីចំណុចខ្សោយដែលកូនមានអារម្មណ៍ថាអន់នោះ វាអាចក្លាយជារឿងដែលកូនចូលចិត្តនាពេលអនាគត ក៏អាចថាបានដែរ៕

  • សំខាន់!! ឪពុក-ម្ដាយ 4ប្រភេទដែលអាចធ្វើឱ្យកូនមានទង្វើល្អ ឬច្រងេងច្រងាង…

    សំខាន់!! ឪពុក-ម្ដាយ 4ប្រភេទដែលអាចធ្វើឱ្យកូនមានទង្វើល្អ ឬច្រងេងច្រងាង…

    ទង្វើនៃការចិញ្ចឹមមើលថែកូនរបស់ឪពុក-ម្ដាយអាចហុចផលឱ្យកូនក្លាយជាក្មេងល្អ ឬក្មេងច្រងេងច្រងាងបាន ព្រោះចរិតនិស្ស័យរបស់កូនអាចសាងបានដោយសារឪពុក-ម្ដាយ។ ​តើលោកអ្នកជាឪពុក-ម្ដាយបែបណាដែរ នៅក្នុងឪពុក-ម្ដាយទាំង 4ប្រភេទខាងក្រោម?

    ឪពុក-ម្ដាយ 4ប្រភេទដែលហុចផលដល់ទង្វើ អាកប្បកិរិយា និងចរិតនិស្ស័យរបស់កូនតាំងពីអំឡុងវ័យនៅតូច រហូតដល់ធំ។ តើឪពុក-ម្ដាយបែបណាដែលធ្វើឱ្យកូនបានល្អ ឬធ្វើឱ្យកូនក្លាយជាក្មេងច្រងេងច្រងាង អាត្មានិយម រឹងរូស មិនស្ដាប់បង្គាប់? រឿងទាំងអស់នេះកើតចេញពីការចិញ្ចឹមមើលថែទាំរបស់ឪពុក-ម្ដាយ ឬអ្នកនៅជិតដិត ដូច្នេះតើឪពុក-ម្ដាយគួរចិញ្ចឹមមើលថែកូនបែបណាទើបកូនបានល្អ?

    1 . ឪពុក-ម្ដាយចិញ្ចឹមកូនយ៉ាងផ្ដាច់ការ

    ជាវិធីការអប់រំចិញ្ចឹមមើលថែដែលឪពុក-ម្ដាយមានភាពហ្មត់ចត់តឹងរ៉ឹងខ្ពស់ និងមិនឱ្យឥស្សរភាពដល់កូនឡើយ មិនថាតែ ៈ

    • ការគ្រប់គ្រង និងដាក់ច្បាប់វិន័យឱ្យកូនប្រតិបត្តិតាមយ៉ាងតឹងរ៉ឹង
    • មិនបណ្ដោយឱ្យកូនបានអធិប្បាយពីហេតុផល
    • កូនត្រូវតែទទួលយកនូវពាក្យសម្ដីរបស់ឪពុក-ម្ដាយថា ជារឿងត្រឹមត្រូវ និងសមរម្យជានិច្ច
    • ឪពុក-ម្ដាយប្រើអំណាចគ្រប់គ្រងដោយវិធីបញ្ជា និងដាក់ទោសនៅពេលកូនមិនធ្វើតាមដូចដែលខ្លួនឯងរំពឹងទុក
    • ឪពុក-ម្ដាយតែងតែនៅឆ្ងាយ និងបដិសេធក្នុងការស្ដាប់កូន
    • ឪពុក-ម្ដាយមិនដែលនឹកដល់អារម្មណ៍របស់កូន

    តើកូននឹងក្លាយជាមនុស្សយ៉ាងណា?

    1. គ្រប់គ្រងខ្លួនឯងបានខ្លាំង មានរបៀប ស្មោះត្រង់ តែនៅពេលដល់ចំណុចមួយ អាចនឹងផ្ទុះអារម្មណ៍ចេញមកបែបមិននឹកស្មានដល់ និងមិនអាចគ្រប់គ្រងខ្លួនឯងបាន។
    2. បង្កប់ភាពច្រងេងច្រងាង នៅផ្ទះមើលទៅសុភាពរៀបរយ តែអាចច្រងេងច្រងាងខ្លាំងក្លាពេលនៅខាងក្រៅ។
    3. ប៉ឹនខ្លាច និងអៀនច្រើន គ្មានភាពនឹងនរខាងអារម្មណ៍ ព្រោះត្រូវគ្រប់គ្រងឱ្យនៅក្នុងរបៀបវិន័យយ៉ាងតឹងរ៉ឹងគ្រប់ពេលវេលា។
    4. ខ្វះភាពជឿជាក់លើខ្លួនឯង និងដោយសារតែមានមោទនភាពលើខ្លួនឯងទាប ធ្វើឱ្យមើលមិនឃើញកូណតម្លៃរបស់ខ្លួនឯង។
    5. ខ្វះជំនាញក្នុងការចូលសង្គម គ្មានបដិសម្ព័ន្ធជាមួយអ្នកដទៃ ខ្វះចំណេះដឹងតាមវ័យ។
    6. កែបញ្ហាលំបាកលំបិនក្នុងជីវិតមិនបាន ពិបាកសម្របខ្លួនជាមួយស្ថានការណ៍ផ្សេងៗ ព្រោះកន្លងមកឪពុក-ម្ដាយចាត់ការឱ្យទាំងអស់។

    2 . ឪពុក-ម្ដាយដែលចិញ្ចឹមកូនដោយការយកចិត្តទុកដាក់

    ពេលខ្លះគេហៅការចិញ្ចឹមមើលថែកូនបែបនេះថា “ប្រជាធិបតេយ្យ”។ វិធីការនេះគឺ ការដែលឪពុក-ម្ដាយ និងកូនគ្រប់គ្នាប្រើច្បាប់រួមគ្នា ប្រណិបត្តិដាក់គ្នាដោយក្ដីគោរព និងស្ដាប់ហេតុផលរវាងគ្នាទៅវិញទៅមក មានភាពបត់បែនដោយឪពុក-ម្ដាយនៅចាំផ្ដល់ការគាំទ្រកូនតាមវ័យរបស់ក្មេង អនុញ្ញាតឱ្យកូនមានឥស្សរភាព តែខណៈជាមួយគ្នាក៏នៅចាំកំណត់ព្រំដែននៃទង្វើរបស់កូនដូចតទៅនេះផងដែរ ៈ

    • កំណត់ឱ្យកូនស្ដាប់បង្គាប់ និងប្រតិបត្តិតាមគន្លងផ្លូវដែលឪពុក-ម្ដាយបានកំណត់ទុកយ៉ាងមានហេតុផល។
    • ផ្ដល់នូវសេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ និងយកចិត្តទុកដាក់កូនជានិច្ច។
    • បើកឱកាសឱ្យកូនធ្វើជាខ្លួនរបស់ខ្លួនឯង(មិនបង្ខំ)។
    • ស្ដាប់ហេតុផលអំពីកូន។
    • គាំទ្រឱ្យកូនមានចំណែករួមក្នុងការគិត និងសម្រេចចិត្តក្នុងរឿងផ្សេងៗរបស់គ្រួសារ។

    កូននឹងក្លាយជាមនុស្សបែបណា?

    1. កូននឹងមានសេចក្ដីសុខ និងធំឡើងជាមនុស្សធំដែលមានសេចក្ដីសុខ។
    2. ជាមនុស្សដែលមានចិត្តគំនិតល្អ សម្លឹងមើលពិភពលោកក្នុងន័យវិជ្ជមាន ព្រោះមានគ្រឹះអារម្មណ៍ដែលល្អ ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។
    3. មានជំនាញខាងការចូលសង្គមល្អ ចេះសម្របសម្រួលខ្លួននឹងស្ថានការណ៍ផ្សេងៗបាន។
    4. ជឿជាក់លើខ្លួនឯង ព្រោះដឹងថាខ្លួនឯងមានគុណតម្លៃ និងត្រៀមជាស្រេចក្នុងការរៀនយល់ដឹងពីរឿងរ៉ាវផ្សេងៗបានយ៉ាងល្អ មានគំនិតចេះច្នៃប្រឌិត។
    5. មានរបៀបវិន័យ មានភាពអត់ធន់ស៊ូទ្រាំ មានភាពទទួលខុសត្រូវ មានការចេះគិតពិចារណាខ្ពស់។

    3 . ឪពុកម្ដាយដែលចិញ្ចឹមកូនដោយការបណ្ដោយតាមចិត្តកូន(Permissive)

    ការចិញ្ចឹមកូនដោយការបណ្ដោយឱ្យកូនធ្វើនូវអ្វីផ្សេងៗតាមសេចក្ដីត្រូវការរបស់កូន ដោយគ្មានការកំណត់ព្រំដែន នឹងធ្វើឱ្យកូនអាចប្រើប្រាស់ឥស្សរៈសេរីភាពបានយ៉ាងពេញទំហឹង បញ្ចេញអារម្មណ៍ និងចេតនាបានយ៉ាងបើកចំហ ដោយឪពុកម្ដាយនឹង…ៈ

    • ដាក់ទោសកូនតិចបំផុត
    • មិនទាមទារ ឬគ្រប់គ្រងទង្វើរបស់កូនឡើយ
    • ឪពុកម្ដាយនឹងឱ្យដំបូន្មានដោយក្ដីទន់ភ្លន់ និងបន្ទន់តាមចិត្តកូន
    • ផ្ដល់នូវសេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ និងតបស្នងតម្រូវការរបស់កូនជានិច្ច
    • ចៀសពីការឈ្លោះទាស់ទែង ព្រោះជឿថា ក្មេងៗនឹងរៀនយល់ដឹងតាមរយៈបទពិសោធរបស់ខ្លួនឯង និងព្យាយាមប្រើហេតុផលជាមួយកូនជានិច្ច។

    កូននឹងក្លាយជាមនុស្សបែបណា?

    1. គ្មានវិន័យ គ្មានភាពទទួលខុសត្រូវ ព្រោះមិនដែលត្រូវបង្ហាត់។
    2. យកខ្លួនឯងធ្វើជាចំណុចកណ្ដាលនៃអ្វីៗគ្រប់យ៉ាង។
    3. មិនជឿជាក់លើខ្លួនឯង ពេលខ្លះអាចមានអារម្មណ៍ថាគ្មានភាពស្ថិតស្ថេរក្នុងជីវិតទៀតផង ព្រោះព្រោះគ្មានគោលការណ៍ ឬរបៀបវិន័យឱ្យប្រកាន់យក ឬប្រតិបត្តិតាម ជាពិសេសពេលដែលមិនបាននៅជាមួយឪពុកម្ដាយ។
    4. ច្រងេងច្រងាង គ្រប់គ្រងសតិអារម្មណ៍ខ្លួនឯងមិនបាន មិនជឿ ឬស្ដាប់បង្គាប់អ្នកដទៃ ខ្វះចំណេះដឹង។
    5. ពិបាកសម្របខ្លួនជាមួយស្ថានការណ៍ផ្សេងៗ។
    6. មើលឃើញគុណតម្លៃក្នុងខ្លួនឯងខ្ពស់ មានជំនាញការទំនាក់ទំនងនឹងអ្នកដទៃល្អ តែខ្វះជំនាញផ្សេងទៀតដែលត្រូវប្រើក្នុងការរស់នៅរួមគ្នាជាមួយអ្នកដទៃ ដូចជាការចែករំលែក ការយល់ចិត្តយល់ថ្លើមអ្នកដទៃ ជាដើម ដោយសារតែត្រូវបណ្ដោយតាមចិត្តរហូតធ្លាប់ខ្លួន។

    4 . ឪពុកម្ដាយដែលចិញ្ចឹមកូនយ៉ាងបណ្ដែតបណ្ដោយ( Uninvolved)

    ការចិញ្ចឹមកូនបែបនេះ អាចហៅបានមួយបែបទៀតថា ជាការចិញ្ចឹមកូនបែបបោះចោល អាចដោយសារតែឪពុកម្ដាយបដិសេធមិនចង់បានកូនតាំងពីដំបូង ឬវីវក់លង់តែក្នុងបញ្ហា និងសម្ពាធក្នុងជីវិតប្រចាំថ្ងៃ រហូតដល់គ្មានពេលវេលាមើលថែទាំយកចិត្តទុកដាក់កូន ធ្វើឱ្យកូនមិនបានទទួលការយកចិត្តទុកដាក់យ៉ាងសមរម្យ ដោយឪពុកម្ដាយប្រភេទនេះនឹងប្រតិបត្តិដាក់កូនដូចខាងក្រោម…ៈ

    • ផ្ដល់ការមើលថែទាំយកចិត្តទុកដាក់ចំពោះកូនតិចបំផុត ឬព្រងើយកន្តើយនឹងកូន
    • ឪពុកម្ដាយស្ទើរតែមិនផ្ដល់ការចាប់អារម្មណ៍ ឬឆ្លើយតបតម្រូវការរបស់កូនសោះឡើយ
    • មិនទាមទារ ឬដាក់របៀបវិន័យអ្វីៗដល់កូនទាំងអស់
    • ឪពុកម្ដាយនឹងថែទាំកូនត្រឹមតែរឿងរាងកាយ ការហូបចុក និងតម្រូវការគោលៗប៉ុណ្ណោះ

    កូននឹងក្លាយទៅជាមនុស្សបែបណា?

    1. ចេះរស់ដោយខ្លួនឯង គឺក្មេងនឹងរៀនយល់ដឹងក្នុងការចេះរស់ដោយខ្លួនឯង មិនពឹងអ្នកដទៃ។
    2. ជាមនុស្សសម្លឹងមើលពិភពលោកក្នុងន័យអវិជ្ជមាន និងច្រើនតែតតាំងសង្គម។
    3. មានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ មិនឃើញគុណតម្លៃរបស់ខ្លួនឯង ខ្វះភាពជឿជាក់លើខ្លួនឯង។
    4. ពិបាកគ្រប់គ្រងអារម្មណ៍។
    5. មិនងាយជឿទុកចិត្តនរណាឡើយ មានអារម្មណ៍មិនជឿជាក់ ឬភ័យខ្លាចនៅពេលត្រូវពឹងពាក់អ្នកដទៃ។
    6. ខ្វះជំនាញចូលសង្គម សាងសម្ព័ន្ធភាពល្អៗជាមួយអ្នកដទៃមិនបាន ឬពិបាកធ្វើបាន។
    7. ធំឡើងនឹងក្លាយជាមនុស្សវ័យជំទង់ដែលច្រើនតែមានទង្វើបែបប្រថុយនឹងកំហុស ដូចជា ញៀនគ្រឿងញៀន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម ជាដើម។

    ឪពុកម្ដាយដែលមើលថែទាំកូនយ៉ាងល្អដិតដល់ នឹងធ្វើឱ្យកូន(ជាពិសេស)ក្នុងអំឡុងវ័យជំទង់មានទង្វើ និងការសម្របខ្លួនបានល្អ តែផ្ទុយទៅវិញ បើឪពុកម្ដាយបណ្ដោយតាមចិត្តកូន ឬបណ្ដែតបណ្ដោយ មិនខ្វល់ អាចធ្វើឱ្យកូនក្នុងវ័យកុមារ និងវ័យជំទង់ប្រថុយប្រថាននឹងការប្រតិបត្តិខ្លួនដែលមិនល្អ៕

  • ចង់ឱ្យកូនឆ្លាត មានវិវឌ្ឍនាការល្អ ឪពុកត្រូវជួយចិញ្ចឹមមើលថែកូនតាំងពីពេលកើត

    ចង់ឱ្យកូនឆ្លាត មានវិវឌ្ឍនាការល្អ ឪពុកត្រូវជួយចិញ្ចឹមមើលថែកូនតាំងពីពេលកើត

    ចង់ឱ្យកូនឆ្លាត អ្នកណាៗក៏ចង់ដែរ។ តួនាទីចិញ្ចឹមមើលថែកូនក្នុងយុគបច្ចុប្បន្ន មនុស្សជាច្រើនមើលឃើញថា មិនមែនជាតួនាទីផ្ដាច់មុខរបស់មនុស្សស្រីតែម្នាក់ឯងនោះទេ។ នៅក្នុងជីវិតពិត តួនាទីចិញ្ចឹមមើលថែកូន ឪពុកក៏អាចជួយបានដែរ ថែមទាំងចិញ្ចឹមថែទាំកូនបានល្អទៀតផង…ជឿឬមិនជឿ សាកល្បងអានអត្ថបទខាងក្រោមនេះសិន។

    ចង់ឱ្យកូនឆ្លាត ឪពុកអាចជួយបាន

    តាមរយៈការសិក្សាស្រាវជ្រាវរបស់ប្រទេសអង់គ្លេសបានបង្ហាញថា ពេលដែលឪពុកមានបដិសម្ព័ន្ធជាមួយកូនតូចច្រើនឡើងក្នុងអំឡុងពីរបីខែដំបូងដែលប្រសូតចេញមក រឿងទាំងអស់នោះនឹងហុចផលដល់វិវឌ្ឍនាការខាងផ្នែកការគិតរបស់ក្មេង។

    អ្នកសិក្សាស្រាវជ្រាវមកពីស្ថាប័នល្បីៗពីរបានសហការគ្នាដើម្បីសិក្សាពីសម្ព័ន្ធភាពរវាងឪពុក និងកូនតូចវ័យ 3ខែ ដែលលទ្ធផលបានបង្ហាញថា លោកឪពុកថ្មោងថ្មីច្រើនតែមានភាពក្លៀវក្លាក្នុងការចិញ្ចឹមមើលថែកូន លេងជាមួយកូន និងមិនគួរឱ្យជឿថា ការមានចំណែករួមរបស់ឪពុកថ្មោងថ្មីនេះ នឹងជួយធ្វើឱ្យកូនតូចឆ្លាតឡើងនៅពេលដែលគេមានអាយុបាន 2ឆ្នាំ។

    ហេតុម្ដេចបានអ្នកសិក្សាស្រាវជ្រាវទាំងអស់នោះដឹង?

    អ្នកសិក្សាស្រាវជ្រាវបានធ្វើការសាកល្បងដោយសង្កេតមើលទង្វើរបស់ក្មេងតូចក្នុងអំឡុងពេលដែលពួកគេបានមើលសៀវភៅ និងប្រើលក្ខណៈវិនិច្ឆ័យរឿងការស្គាល់ពណ៌ និងរូបរាងបានល្អប៉ុនណា មកប្រើក្នុងការវាស់ និងប៉ាន់ស្មានវិវឌ្ឍនាការរបស់ខួរក្បាលរបស់ក្មេងតូច។

    តាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវដែលបានផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រ Infant Mental Health Journal បានបង្ហាញថា លទ្ធផលដែលទទួលបានមានផលវិជ្ជមានចំពោះក្មេងទាំងប្រុសទាំងស្រី និងថែមទាំងបានបញ្ជាក់ទៀតថា បើឪពុកជាមនុស្សស្លូត មានចិត្តត្រជាក់ និងទន់ភ្លន់ដាក់កូនច្រើនប៉ុនណា វិវឌ្ឍនាការផ្នែកខួរក្បាលរបស់កូនតូចក៏នឹងរឹតតែល្អខ្លាំងឡើងប៉ុននោះដែរ។

    រឿង 5យ៉ាងដែលលោកឪពុកថ្មោងថ្មីអាចធ្វើបាន

    1. ពកូនដើម្បីឱ្យភើ ៈ ក្រោយពេលកូនតូចមឹមទឹកដោះម្ដាយរហូតដល់ឆ្អែតហើយ រឿងបន្ទាប់មកដែលឪពុកម្ដាយគួរធ្វើ គឺពកូនឡើងដើម្បីឱ្យកូនបានភើ តែតួនាទីជាស្វាមីអាចជួយសម្រាលបន្ទុករបស់ភរិយាសរសៃខ្ចីបាន ដោយវិធីដ៏ងាយៗ គឺគ្រាន់តែចេះព ឬបីកូនក៏គ្រប់គ្រាន់ហើយ។
    2. លេងជាមួយកូន ៈ វិធីលេងជាមួយកូនមានច្រើនណាស់ ស្រេចតែលើលោកឪពុកជ្រើសរើសលេង ទាំងយករបស់លេងដែលមានសំឡេងក្រឺងៗមកគ្រវី និទានរឿង លេងផ្លុំក្បាលពោះកូន ឬនាំកូនលេងហោះក៏បាន។ តែប៉ុណ្ណឹងកូនតូចក៏មានសេចក្ដីសុខខ្លាំងទៅហើយ តែសូមជឿចុះថា អ្នកដែលមានសេចក្ដីមិនចាញ់កូនប៉ុន្មាននោះ គឺលោកប៉ាខ្លួនឯងហ្នឹងតែម្ដង។
    3. ងូតទឹកឱ្យកូន ៈ ឪពុកជាច្រើននាក់មានការភ័យខ្លាចពេលដែលត្រូវងូតទឹកឱ្យកូនតូច ខ្លាចរបូតដៃធ្លាក់កូន ធ្វើឱ្យបង្ហាញអាការឆ្គងៗ ភ័យៗ ខ្លាចៗ តែកុំទៅកង្វល់អីច្រើនពេក គ្រាន់តែលោកប៉ាទៅជួយម៉ាក់ៗក៏គ្រប់គ្រាន់ណាស់ទៅហើយ។ ពេលចាប់ផ្ដើមធ្លាប់ និងថ្នឹកហើយ សឹមចាត់ការនាំកូនទៅងូតទឹកតែម្នាក់ឯង។
    4. ប្ដូរក្រណាត់កន្ទប ឬខោទឹកនោម ៈ ក្នុងមួយថ្ងៃៗ កូនតូចអ៊ឹសៗ និងស៊ូចៗញឹកញាប់ណាស់ ធ្វើឱ្យចាំបាច់ត្រូវផ្លាស់ក្រណាត់កន្ទបជាញឹកញាប់ដែរ។ សម្រាប់លោកប៉ាមួយចំនួនគ្រាន់តែដឹងថាកូនអ៊ឹសៗ ក៏ស្រែកចាចបាត់ទៅហើយ ឬបើដឹងថាកូនខ្លួនឯងជាស្រីផងនោះ ក៏លែងហ៊ានផ្លាស់កន្ទបឱ្យតែម្ដង។ អ្នកគ្រូ ឆវីចង់ប្រាប់លោកប៉ាថា លើកដំបូងវារាងពិបាកធ្វើចិត្តបន្តិចហើយ តែយូរទៅវានឹងស៊ាំហើយ(ហេស)។
    5. បញ្ចុកទឹកដោះកូន ៈ មកដល់អំឡុងពេលមួយដែលកូនតូចត្រូវហាត់ញ៉ាំទឹកដោះពីដប ពេលហ្នឹងឯងដែលស្វាមីអាចជួយភរិយាបាន គ្រាន់តែយកទឹកដោះដែលភរិយាច្របាច់ទុករួចស្រេចហើយនោះមកកម្ដៅ រួចដាក់ចូលដបទឹកដោះឱ្យកូនរូចបានមឹម ហើយបំពេកូនឱ្យគេងជំនួសម៉ាក់ៗផង។ ហ្អ!…ហើយកុំភ្លេចពកូនឱ្យភើផងណា ពេលកូនមឹមឆ្អែតហើយ។

    5 រឿងនេះ លោកប៉ាអាចជួយម៉ាក់ៗចិញ្ចឹមមើលថែកូនបានហើយ អាចនឹងមិនបានទាំងអស់មែន តែក៏ហាត់ៗបណ្ដើរៗទៅ ធានាថាលោកប៉ាច្បាស់ជាធ្វើបានល្អក្នុងគ្រប់រឿងមិនខាន និងរង្វាន់ដែលប៉ាៗបានទទួល ក៏មិនមែនអ្វីផ្សេងដែរ គឺសម្ព័ន្ធភាពដ៏ល្អរវាងឪពុក និងកូន ស្នាមញញឹម សំឡេងសើច និងជួនកាលកូនអាចនឹងតាមប៉ាៗខ្លាំងជាងម៉ាក់ៗក៏ថាបានដែរ អ្នកណាទៅដឹងណោះ?!។

    អ្នកគ្រូ ឆវី នៅចាំជួយលើកទឹកចិត្តលោកប៉ាថ្មោងថ្មីគ្រប់រូបណាចា៎ស…

  • ហាម! កុំធ្វើរឿង 8 យ៉ាងនេះនៅពេលយប់អាធ្រាត្រឱ្យសោះ…បើមិនជឿកុំប្រមាថ

    ហាម! កុំធ្វើរឿង 8 យ៉ាងនេះនៅពេលយប់អាធ្រាត្រឱ្យសោះ…បើមិនជឿកុំប្រមាថ

    ជំនឿ គឺជារឿងដែលមនុស្សសម័យមុនតាំងពីជំនាន់តាយាយនិយមធ្វើតៗគ្នាមកដើម្បីបង្រៀនកូនចៅឱ្យចេះគោរពច្បាប់ មានវិន័យ ព្រោះមនុស្សសម័យមុនជឿលើរឿងស័ក្តិសិទ្ធិដែលមើលមិនឃើញដោយភ្នែកទទេខ្លាំងណាស់ រឹតតែកណ្តាលយប់ផងនោះ នឹងរឹតតែមានចំណុចហាមយ៉ាងតឹងរ៉ឹងជាពិសេសទៅទៀត តើមានអ្វីខ្លះនោះ សូមអានជាបន្ត…៖

    1 . គោះចានបាយនៅពេលញ៉ាំបាយពេលយប់ ព្រោះនឹងមានភ្ញៀវដែលមើលមិនឃើញមកលេង…
    មកមានអារម្មណ៍ប្រគំតន្ត្រីស្អីនៅពេលបាយយប់ព្រលប់ហ្នឹង!? ចាស់ៗបុរាណគាត់ហាមគោះចានបាយ ព្រោះនឹងក្លាយជា
    ការអន្ទងហៅវិញ្ញាណដែលពេនេចរ អនាថា ព្រោះពួកនោះនៅពេលបានឮសំឡេងយើងគោះចាន ក៏នឹងនាំគ្នាមកដណ្តើមយើងស៊ីបាយ ស៊ីម្ហូប បង្អែម ចម្អាប។ ធ្លាប់ឃើញដែរឬទេ ពេលយើងក្រាបសំពៈសព ឬសំពៈសែនក្នុងថ្ងៃសំខាន់ណាមួយ យើងនឹងរៀបចំម្ហូបអាហារមួយឈុតសម្រាប់ពួកខ្មោចដែលគ្មានញាតិសន្តាន និងធ្វើពិធីអន្ទងហៅឱ្យមកស៊ីដោយការគោះចានគោះកែវ ដូច្នេះទើបមនុស្សចាស់ប្រកាន់ណាស់ ហាមកូនចៅគោះចានពេលញ៉ាំបាយ មិនដូច្នោះទេកៅអីដែលទំនេរនៅជិតហ្នឹងអាចមានភ្ញៀវដែលមិនបានអញ្ជើញ ចូលមកលេងក៏បានដែរ។

    2 . កណ្តាលយប់ ហាមបោសសម្អាតផ្ទះ
    ព្រោះជឿថា នឹងក្លាយជាការបោសលុយ បោសកាក់ ឬជោគលាភសំណាង បុណ្យបារមីដែលសន្សំមកតាំងពីពេលព្រឹកចេញទៅក្រៅអស់ ដែលវាអាចទៅរួចដែលថា កាលពីមុនគ្មានភ្លើងអគ្គិសនីប្រើ ផ្ទះសំបែងនៅពេលយប់នឹងងងឹតខ្លាំងណាស់ ទើបការបោសផ្ទះនៅពេលយប់មិនមានសុវត្ថិភាពឡើយ។ ជិតគេងទៅហើយ មិនចាំបាច់មកធ្វើជាមេផ្ទះល្អស្អីពេលហ្នឹងទេ។

    3 . កុំរៀបចំគ្រែដេកដោយដាក់ក្បាលដំណេកបែរទៅជល់នឹងបន្ទប់ទឹក
    ព្រោះនឹងធ្វើឱ្យជោគលាភសំណាងរត់គេចបាត់អស់ និងកុំដាក់គ្រែដេកដោយបែរចុងជើងគ្រែទៅចំមាត់ទ្វារចូល ព្រោះនឹងធ្វើឱ្យយល់សប្តិអាក្រក់ គេងលក់មិនស្រួល ខ្មោចអាចនឹងមកសង្កត់លេង និងអ្នកខ្លះមានជំនឿថា បើគេងលើគ្រែដែលធំទូលាយតែម្នាក់ឯង អាចនឹងមាននរណាម្នាក់មកគេងជាមួយក្បែរៗខ្លួនយើង ដូច្នេះចាស់ៗប្រាប់ថា ត្រូវយកតុក្កតា ឬខ្នើយឱបមកដាក់ឱ្យពេញលើគ្រែ។

    4 . ហាមកាត់ក្រចកដៃនៅពេលយប់
    វិញ្ញាណបុព្វបុរសនឹងគ្មានសេចក្តីសុខ ព្រោះសម័យមុន ការកាត់ក្រចកដៃជើងច្រើនតែប្រើកាំបិតចិតស្លា ឬកូនកាំបិតមុតៗកាត់ឆ្វៀល ទើបហាមកាត់ក្រចកដៃជើងនៅពេលយប់ ព្រោះអាចនឹងមានគ្រោះថ្នាក់ និងជឿថាអាចនឹងត្រូវថាមពលអ្វីម្យ៉ាងមករុញដៃធ្វើឱ្យយើងកាត់ក្រចកដៃជើងទៅដាច់សាច់ម្រាមដៃ ម្រាមជើងបាន។

    5 . សំឡេងដង្ហោយហៅពីខាងណា ក៏កុំឆ្លើយតបឱ្យសោះ
    កណ្តាលយប់ បើបានឮសំឡេងស្រែកហៅ ឬសំឡេងអ្វីប្លែកៗទាំងដែលយើងនៅម្នាក់ឯងនោះ ហាមឆ្លើយតបជាដាច់ខាត!
    ព្រោះជឿថា ជាសំឡេងរបស់ដួងវិញ្ញាណដែលអាចនឹងមកលងបន្លាច ឬបើយើងឆ្លើយតប វានឹងក្លាយជាការអញ្ជើញវិញ្ញាណខ្មោចនោះចូលមកក្នុងផ្ទះ ដូច្នេះក៏ធ្វើជាមិនដឹងមិនឮទៅប្រសើរជាង ឬក៏កែបញ្ហានេះដោយការបើកបទភ្លេងឱ្យឮខ្លាំងៗ ឬមើលកុនក៏បាន។

    6 . អេស!? ក្លិនផ្សែងធូបមកពីណាអ៊ីចេះ អ្នកណាគេដុត?
    ពេលកណ្តាលយប់ បើបានធំក្លិនផ្សែងធូបរសាត់មក ចាស់ៗបុរាណជឿថា ជាវិញ្ញាណរបស់សាច់ញាតិជិតដិតក្នុងគ្រួសារមករកហើយ តែជួនកាលអាចជាក្លិនទៀនក្រអូបក៏មានដែរ។

    7 . កញ្ចក់…ម៉េចបានឆ្លុះហើយមិនឃើញរូបយើងតែម្នាក់ឯង?
    ឆ្លុះកញ្ចក់នៅពេលយប់អាធ្រាត្រ! នឹងរឹតតែសិតសក់ផងនោះ កុំគិតឱ្យសោះថា វានឹងគួរឱ្យភ័យរន្ធត់ប៉ុនណានោះ បើសិនជា
    មានអ្វីមួយលេចចេញឡើងនៅក្នុងកញ្ចក់ជារូបអ្នកផ្សេងដែលមិនមែនជារូបខ្លួនយើង។

    8 . សសរធ្នឹមផ្ទះ…កុំហ៊ានទៅដេកក្រោមហ្នឹងឱ្យសោះ
    បុរាណលោកនិយាយថា កុំទៅដេកនៅក្រោមសសរធ្នឹមផ្ទះ ព្រោះសសរធ្នឹមផ្ទះក៏គឺគ្រឿងឈើខាងលើដែលយឹតសសរផ្នែក
    ទទឹងជាច្រើនដែលទទួលទ្រទម្ងន់ខ្លាំង បើអ្នកណាទៅគេងនៅពីក្រោមនោះ នឹងគេងមិនសុខ គេងលក់មិនស្រួល ព្រោះអាចត្រូវខ្មោចចូលនៅពេលណាមួយក៏បាន។ កន្លែងមានឱ្យគេងម៉ាគំនរ ម៉េចមិនទៅគេងហ្ន៎?៕

    រៀបរៀងដោយ តាវ៉ែនតា