Tag: មាតា &ទារក

  • ចម្ងល់របស់អ្នកម្តាយ ចម្លើយរបស់គ្រូពេទ្យជំនាញ

    ចម្ងល់របស់អ្នកម្តាយ ចម្លើយរបស់គ្រូពេទ្យជំនាញ

    Q . កូនស្រីនាងខ្ញុំអាយុ 11 ខែហើយ នាងខ្ញុំចង់ដឹងថា បើចង់បង្ហាត់ឲ្យកូនចេះអង្គុយបន្ទោរបង់នៅក្នុងកន្ថោសម្រាប់ក្មេងតូចនោះ តើត្រូវចាប់ផ្តើមដូចម៉្តេចទៅ? ព្រោះធ្លាប់សាកល្បងឲ្យកូនអង្គុយបន្ទោបង់រួចមកហើយ ឃើញថាកូនមិនចូលចិត្តសោះ ហើយច្រើនតែក្រោកឡើងដើរតាមនាងខ្ញុំគ្រប៉ពេលទៀតផង ។

    A . ការបង្ហាត់ឲ្យកូនអង្គុយបន្ទោរបង់នៅលើកន្ថោសម្រាប់ក្មេងតូចនោះ ត្រូវបង្ហាត់បែបសន្សឹមៗ គួរបង្ហាត់នៅ
    ពេលដែលកូនមានអារម្មណ៍ចង់បន្ទោបង់មែនទែន ដោយសង្កេតមើលតាមរយៈអកប្បកិរិយារបស់កូន និងនៅពេលកូនយល់ព្រមអង្គុយហើយ អ្នកម្តាយគួរតែនៅក្បែរ នៅចាំជួយទប់ ឲ្យកូនបន្ទោរបង់ចេញមក និយាយលេងជាមួយកូនតាមធ្មតាទោះជាពេលខ្លះកូននៅមិនទាន់ព្រមបន្ទោរបង់ក៏ដោយ បង្កើតបរិយាកាសបែបសប្បាយៗ កុំបង្ខំ ឬសម្លុតកូនឲ្យសោះ។ គួរប្រើរយៈពេលក្នុងការបង្ហាត់យ៉ាងតិចក៏ 6ខែ ទៅ1ឆ្នាំដែរ។

    Q . ពេលនេះកូនអាយុ 2 ខួបហើយ តែច្រើនតែទារមឹមទឹកដោះគោរៀងរាល់យប់ នាងខ្ញុំខ្លាចក្រែងតែកូនធ្លាប់ និងញៀនដបទឹកដោះគោ តើនាងខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅ ដើម្បីកុំឲ្យកូនញៀនដបទឹកដោះគោ និងទារមឹមនៅពេលយប់ជ្រៅ?

    A . នៅពេលកូនអាយុ 2 ឆ្នាំហើយ តែនៅទារមឹមទឹកដោះគោរាល់យប់ទៀតនោះ បែបនេះហៅថាញៀនការមឹមទឹកដោះគោក្រៅពេលអាហារហើយ ព្រោះការមឹមទឹកដោះគោពេលយប់នេះអាចបញ្ឈប់បានតាំងពីទារកអាយុបាន 4ខែម្លេះ និងប្តូរឲ្យពេលយប់ទៅជាពេលគេង និងពេលថ្ងៃគឺជាពេលភ្ញាក់ លេង ញ៉ាំ និងគេង (បន្តិចបន្តួច)។ ក្រៅពីអាចនឹងមានបញ្ហាក្នុងការញ៉ាំទឹកដោះខុសពេលវេលាហើយ វាថែមទាំងជាការជំរុញឲ្យកូនតូចនោមដាក់ពូកនៅពេលយប់ទៀតផង និងទោះជាអាយុ 2 ឆ្នាំហើយមែន តែការកែបញ្ហានេះមិនពិបាកនោះឡើយ គ្រាន់តែសម្រួលទស្សនគតិរបស់ឪពុកម្តាយដែលច្រើនតែបារម្ភហួសហេតុពេក ខ្លាចកូនស្គមព្រោះខ្វះអាហារ ឬឃ្លាននៅពេលយប់ប៉ុណ្ណោះ។ បន្ទាប់ពីនោះត្រូវតាំងចិត្តឲ្យប្រាកដថា នឹងធ្វើឲ្យកូនឈប់ទារមឹមពេលយប់ៗបែបនេះឲ្យបានក្នុងរយ:ពេល 2 សប្តាហ៍ ដោយអាចឆុងឲ្យមឹមតិចជាងមុន ឬត្រូវកាត់បន្ថយបរិមាណម្សៅទឹកដោះគោឲ្យតិចជាងមុន រហូតដល់ដូចទឹកធម្មតាជាដើម។

    Q . នាងខ្ញុំចង់ដឹងថា តើត្រូវជ្រើសរើសរបស់លេងយ៉ាងម៉េច ដើម្បីឲ្យសក្តិសមនឹងការវិវឌ្ឍន៍របស់កុមារអាយុ 3 – 5 ឆ្នាំ?

    A . ការវិវឌ្ឍន៍របស់កុមារអាយុ 3 – 5 ឆ្នាំ គឺ ចេះស្គាល់ភេទរបស់ខ្លួនឯង ចេះចែករបស់លេងឲ្យអ្នកដទៃបានលេងដែរ ចេះលេងឧបមាជាមួយក្មេងដែលមានវ័យដូចគ្នាបាន ចេះគូររូបមនុស្សបានខ្លះហើយ ចេះលេងតឈើបាន 5កំណាត់ធ្វើជារូបស្ពាន ចេះច្រៀងចម្រៀងងាយៗបាន ចេះសួរសំនួរ ចេះនិយាយរឿងខ្លីៗឲ្យអ្នកដទៃស្តាប់យល់ ចេះដាក់វត្ថុផ្សេងៗនៅខាងមុខ ខាងក្រោយ ខាងលើ ខាងក្រោមតុតាមបញ្ជាបាន និងចេះស្លៀកពាក់ខោអាវ បិទឡេវធំៗដោយខ្លួនឯងបាន ចេះលុបមុខ និងចេះលាងដៃបានហើយ ដូច្នេះរបស់លេងសម្រាប់ក្មេងក្នុងវ័យនេះប្រកបដោយ របស់ប្រើប្រាស់នៅក្នុងផ្ទះ ឬរបស់លេងដែលធ្វើដូចរបស់ប្រើប្រាស់នៅក្នុងផ្ទះដែលកុមារអាចនាំយកទៅលេងឧបមាបាន និងរបស់ផ្សេងៗដូចជាប្រអប់ឈើ ក្រដាស ឧបករណ៍សរសេគូសវាស ខ្មៅដៃពណ៌ សៀវភៅរឿងនិទាន គ្រឿងលេងតន្រ្តី រូបតុក្កតា ជាដើម តែអ្វីដែលសំខាន់នោះគឺ ខ្លួនលោកឪពុកអ្នកម្តាយហ្នឹងឯងដែលជារបស់លេងដ៏ល្អបំផុតសម្រាប់កុមារគ្រប់រូបនោះ។

    Q . កូនប្រុសអាយុ 5 ឆ្នាំ ជាក្មេងដែលចូលចិត្តលេងខ្លាំងៗជាមួយមិត្តភក្តិនៅឯសាលា រហូតដល់មិត្តក្តិចលែងចង់លេងជាមួយ តែមិនមែនជាក្មេងខូចទេ តើនាងខ្ញុំគួរតែជួយកែសម្រួលទង្វើរបស់កូនយ៉ាងដូចម៉្តេចទៅ?

    A . ក្មេងដែលចូលចិត្តលេងខ្លាំងៗជាមួយមិត្តភក្តិ តែមិនមែនជាក្មេងខូចទេនោះ ច្រើនតែបណ្តាលមកពីកាបង្ហាត់បង្រៀន ឬបានទទួលការគាំទ្រទង្វើនេះមកពីផ្ទះ រហូតដល់ពេលយកមកលេងនៅឯសាលាហើយ ទើបដឹងថាជួបបញ្ហា។ វិធីកែបញ្ហានេះមិនពិបាកទេ អាចធ្វើបានដោយការកែសម្រួលទង្វើរបស់គេ ដូចជាមិនគាំទ្រ និងចូលទៅហាមឃាត់មិនឲ្យការលេងរបស់កូនឈានឆ្ពោះទៅរកភាពខ្លាំងៗបាន និងក្នុងន័យមួយទៀតនោះ ចាំបាច់ត្រូវបង្វឹកការលេងបែបផ្សេងដែលប្រើកម្លាំងដល់គេ ដូចជា ទាត់បាល់ រត់ចម្ងាយ ធាក់កង់ ហែលទឹក ជាដើម ដើម្បីឲ្យក្មេងបានបញ្ចេញកម្លាំងក្នុងវិធីដែលសក្តិសម និងអាចទទួលយកបាន និងគួរតែបង្ហាត់កុមារឲ្យចេះជួយមនុស្សនៅក្នុងផ្ទះក្នុងរឿងផ្សេងៗឲ្យបានច្រើនបំផុត ដើម្បីឲ្យគេធ្លាប់ខ្លួនក្លាយជានិស្ស័យល្អមួយ ព្រោះពេលដែលមកនៅរួមគ្នាក្នុងសង្គមធំមួយ ទោះជាលេងខ្លាំងៗបន្តិចមែន តែមានទឹកចិត្តល្អ ចេះជួយយកអាសាមិត្តភក្តិ និងមនុស្សជុំវិញខ្លួននោះ គេនឹងទទួលបានការអត់ទោសឲ្យដោយមិនពិបាកឡើយ តែបើលេងខ្លាំងៗ ហើយថែមទាំងអត្មានិយម មិនចេះជួយការងារសួនរួមទៀតផងនោះ បែបនេះប្រហែលជាគ្មានអ្នកណាគេចង់សេពគបជាមួយឡើយ៕

  • ស្វែងយល់​ពី​បេះដូង​កូន 9ខែ​ក្នុង​ផ្ទៃ​ម្តាយ​

    ស្វែងយល់​ពី​បេះដូង​កូន 9ខែ​ក្នុង​ផ្ទៃ​ម្តាយ​

    បេះដូង​ជា​អវយវៈ​មួយ​របស់​មនុស្ស​ដែល​ធ្វើការ​តាំងពី​នៅក្នុង​គភ៌​ម្តាយ និង​ធ្វើការ​ទៅ​រហូត​ពេញ​មួយជីវិត​ដោយ​មិនដែល​បាន​ឈប់សម្រាក និង​គ្មាន​អវយវៈ​បម្រុង​សម្រាប់​ប្រើ​ដូច​អ​វយៈ​ផ្សេង​ឡើយ ដូច្នេះ​បើ​ចង់ឱ្យ​ល្អ ស្ត្រី​មានគភ៌​គួរតែ​មើលថែទាំ​បេះដូង​កូន​តាំងពី​នៅក្នុង​ផ្ទៃ​របស់ខ្លួន​ឱ្យ​រឹងប៉ឹង​ឥតខ្ចោះ​បំផុត។

    ខាងក្រោម​នេះ​គឺ​ការរីកចម្រើន​ធំធាត់ និង​វិធី​មើលថែទាំ​បេះដូង​កូន​ក្នុង​ពោះ​ម្តាយ៖

    1. បេះដូង…

    ជា​អវយវៈ​តែមួយគត់​ដែល​គ្មាន​សឺកួរ(Secoure)បម្រុង​ដូច​អវយវៈ​ដទៃទៀត ដូចជា សួត ក្រលៀន និង​ថ្លើម ដូច្នេះ​បើ​កើតការ​រអាក់រអួល​ខូចខាត ដូចជា លេច​ធ្លាយ ឬ​ត្បៀត​តូច នឹង​បង្ក​ជា​គ្រោះថ្នាក់​ធំ​បាន។

    2. បេះដូង…

    ធ្វើការ​ដូច​ម៉ូ​ទ័​រ​បូមទឹក​ដែលមាន​ភាព​ពិសេស​គឺ ទទួលយក​ឈាមខ្មៅ​ដែល​ប្រៀបដូចជា​ទឹក​កខ្វក់​ទៅ​សម្អាត​នៅក្នុង​សួត​ខណៈពេល​ជាមួយគ្នា​ក៏​បញ្ជូន​ឈាមក្រហម​ដែល​ប្រៀបដូចជា​ទឹកស្អាត​ទៅ​ចិញ្ចឹម​ផ្នែកផ្សេងៗរបស់​រាងកាយ ហើយ​តួនាទី​ទាំងនេះ​នឹង​ចាប់ផ្តើម​តាំងពី​នៅ​ជា​កូន​ជីវិត​តូច​មួយ​នៅក្នុង​ពោះ​អ្នក​ម្តាយ​មកម្ល៉េះ។ដោយសារតែ​យើង​ត្រូវ​ប្រើ​បេះដូង​តែមួយ​រហូត​ក្នុងពេល​មានជីវិត និង​ជាការ​ធ្វើការ​យ៉ាង​គ្មាន​ពេល​ឈប់សម្រាក ដោយហេតុ​នេះឯង​ទើប​បេះដូង​មាន​គ្រោង​សាង​សាច់ដុំ​ប្រភេទ​ពិសេស​ដែល​រឹងមាំ​ខ្លាំង មាន​សរសៃឈាម​បែកខ្នែង​ជាច្រើន​ទៅ​ចិញ្ចឹម​សាច់ដុំ​យ៉ាង​សព្វ​ទីកន្លែង​ក្នុង​រាងកាយ ដើម្បី​បំពេញ​តួនាទី​យ៉ាង​ក្លាហាន​អត់ធន់​នេះ​បាន។

    ការ​ធំធាត់​របស់ “បេះដូង​កូន” នៅក្នុង​ពោះ​ម្តាយ

    4 សប្តាហ៍… បេះដូង​ចាប់ផ្តើម​វិ​វត្ត គឺជា​អវយវៈ​មួយឈុត​ដំបូង​ដែល​កូន​ក្អុក​ទារក​នឹង​ចាប់ផ្តើម​វិ​វត្ត​ឡើង (ឬ​ក្នុងអំឡុង6សប្តាហ៍ រាប់​ចាប់​ពីថ្ងៃ​ដំបូង​ដែល​បាត់​វដ្ត​រដូវ) ដែល​ខណៈនោះ​កូន​ក្អុក​ទារក​នឹង​ប្រកបដោយ​កោសិកា​ត្រឹមតែ150កោសិកា​ប៉ុណ្ណោះ តែ​នឹងមាន​ការ​បែង​ថ្នាក់​សាច់​ភ្នាស​ជាលិកា​ចេញ​ជា3ជាន់ គឺ ក្រៅ កណ្តាល និង​ក្នុង។សាច់​ភ្នាស​ជាលិកា​ជាន់​កណ្តាល​នេះឯង​ដែល​នឹងមាន​សក្តានុពល​ក្នុង​ការវិវត្ត​ជា​អវយវៈ​ដែលមាន​ភាព​ពិសេស​លើ​ផ្នែក​ជាប់​មាំ​ធន់​ក្នុង​ការធ្វើការងារ​ដែល​មានដូចជា បេះដូង ក្រលៀន ប្រព័ន្ធ​អវយវៈ​បន្ត​ពូជ ឆ្អឹង ឆ្អឹងខ្ចី សាច់ដុំ និង​សរសៃ​វៀវ។ បន្ទាប់ពីនោះ​ក្នុង 2សប្តាហ៍​តម​ក បេះដូង​នឹងមាន​ការវិវត្ត​យ៉ាង​ឆាប់រហ័ស តាម​គ្រោង​សាង​ដែល​កំណត់ទុក​រួចហើយ​ក្នុង​បែប​ទម្រង់​រូបរាង​របស់​ហ្ស៊ែ​ន។

    ទើប​វា​ជា​អំឡុង​ពេលដែល​ស្ត្រី​មានគភ៌​ត្រូវ​ប្រយ័ត្ន​ខ្លាំង​បំផុត​ក្នុងការ​មើលថែទាំ​ខ្លួនឯង ព្រោះ​បើ​បានទទួល​មេរោគ​ប្រភេទ​ខ្លះ​ដូចជា មេរោគ​កញ្ជ្រឹល​ធំ ឬ​ស្ត្រី​ដែល​តាំង​គភ៌​នោះ​កើត​ជំងឺ​ទឹកនោមផ្អែម និង​គ្រប់គ្រង​ជាតិ​ស្ករ​មិនបាន​ល្អ ឬ​មិនដឹង​ខ្លួន​ថា​កើត​ជំងឺ​ហ្នឹង​ក៏ដោយ ឬ​ជក់បារី ឬ​ញ៉ាំ​ថ្នាំ​ប្រភេទ​ខ្លះ​ដែល​បង្ក​គ្រោះថ្នាក់ ក៏​ជា​លទ្ធផល​ធ្វើឱ្យ​កូន​មាន​បេះដូង​ពិការ​បានដែរ។

    6 សប្តាហ៍… នឹង​ចាប់ផ្តើម​ឃើញ​បេះដូង​របស់​កូន​លោត​តាមរយៈ​ការមើល​ដោយ​អ៊ុ​ល​ត្រា​សោ​ន​ដ៍ ដែល​អំឡុង​ពេលនេះ​កូន​ក្អុក​ទារក​នឹងមាន​ខ្លួន​តូច​ខ្លាំងណាស់ វាស់​បាន​តាមរយៈ​ប្រវែង​ពី​ក្បាល​ដល់​គូថ​ត្រឹមតែ0.08 – 0.16 អី​ុ​ញ​ហ្វុ​៊​ត​ប៉ុណ្ណោះ។

    10 សប្តាហ៍… បេះដូង​នឹងមាន​គ្រោង​សាង​ពេញលេញ​ស្រេចបាច់ ដែល​អាច​ប្តូរ​ឈ្មោះ​ហៅ​ពី កូន​ក្អុក មកជា​ទារក​បាន​ហើយ។

    11 សប្តាហ៍… ស្តាប់​សំឡេង​បេះដូង​ទារក​បាន​ដោយ​ការប្រើ​គ្រឿង Doppler sound wave stethoscope ដែលជា​ឧបករណ៍​សម្រាប់​ស្តាប់​សំឡេង​បេះដូង​ទារក។ ពេលនេះ​ទារក​នឹងមាន​ប្រវែង1.17 – 2.4អី​ុ​ញ​ហ្វុ​៊​ត។

    28 សប្តាហ៍ – 38 សប្តាហ៍… បេះដូង​ចាប់ផ្តើម​មានការ​តុបតែង ចំណែក​ប្រកប​រាយរង​របស់​បេះដូង​រហូត​ស្រេច​ឥតខ្ចោះ​ហើយ បន្ទាប់ពីនោះ បេះដូង​ក៏​នឹង​ចាប់ផ្តើម​ពង្រីក​ទំហំ​ឱ្យ​ពេញ​គ្រោង​សាង​នៅពេល​គ្រប់​កំណត់​ប្រសូត។

    បន្ទាប់ពីនោះ​បេះដូង​នឹងមាន​តួនាទី​ជា​បន្តបន្ទាប់​ក្នុង​ប្រព័ន្ធ​ហូរ​វិល​របស់​ឈាម តាំងពី​នៅក្នុង​គភ៌​ពេញ​មួយ​រយៈពេល9ខែ​ដោយ​បេះដូង​ទារក​នឹងមាន​អត្រា​ការ​លោត​លឿន​ខ្លាំង​ពេល​ប្រៀបធៀប​នឹង​មនុស្ស​ធំ ព្រោះ​មនុស្ស​នឹងមាន​ការ​ធំធាត់​ដែល​លឿន​បំផុត។ ក្នុងអំឡុង​ជីវិត​ពេល​នៅក្នុង​គភ៌​ម្តាយ នឹង​លោត​ប្រមាណ140-160ដង​ក្នុង​មួយ​នាទី រួច​និង​ថយចុះ​តាម​លំដាប់​ក្នុង​រយៈពេល​ក្រោយ​ប្រសូត តាម​អត្រា​ចម្រើន​ធំធាត់​តាម​វ័យ ភាព​ឥតខ្ចោះ​របស់​បេះដូង និង​ភាពរឹងមាំ​របស់​សុខភាព​ក្មេង៕

     

  • តើអ្នកម្តាយត្រូវធ្វើយ៉ាងណានៅពេលមូសខាំកូន?​

    តើអ្នកម្តាយត្រូវធ្វើយ៉ាងណានៅពេលមូសខាំកូន?​

    រដូវភ្លៀង​បែបនេះ បញ្ហា​ដែល​ចាំតែ​រំខាន​ចិត្ត​លោកឪពុក​អ្នក​ម្តាយ​នោះ ប្រហែលជា​គេច​មិន​ផុតពី​សត្វ​មូស​ចង្រៃ​ដែល​ចាំតែ​ខាំ​កូន​ជាទី​ស្រឡាញ់​គ្រប់ពេលវេលា​នោះទេ។ មូស​ដែល​ខាំកូនៗយើង ភាគច្រើន​ច្រើនតែ​ជា​មូស​រំខាន​ភេទ​ញី ដែល​វា​ត្រូវតែ​ប្រើ​ឈាម​ក្នុងការ​បង្កើត​ស៊ុត ហើយ​នៅពេល​វា​ខាំ វា​នឹង​បញ្ចេញ​ទឹកមាត់​ចេញមក ដែលជា​មូលហេតុ​របស់​អាកា​រក​ន្ទួ​ល​រមាស់ និង​ប្រតិកម្ម​ចាញ់​ហ្នឹងឯង។

    ស្បែក​របស់​កុមារតូចៗដែល​នៅ​ស្តើង នៅពេល​ត្រូវ​មូស​ខាំ​ក៏​ក្លាយជា​កន្ទួល​ពណ៌​ក្រហម​តូច​មួយ មាន​អាការ​រមាស់ ហើយ​បើ​ក្មេង​ខ្លះ​ដែលមាន​ប្រតិកម្ម​ចាញ់​ទឹកមាត់​មូស​ផង​នោះ អាច​ឡើង​កន្ទួល​រឹង​ពណ៌​ក្រហម ដែល​វា​នឹង​ប្រើពេល​វេលា​យូរ​ទម្រាំ​នឹង​ស្រ​ករាប​ទៅវិញ។ គឺជា​បញ្ហា​មួយ​ដែល​ធ្វើឱ្យ​លោកឪពុក​អ្នក​ម្តាយ​ពិបាកចិត្ត​ជាខ្លាំង ថែមទាំង​ធ្វើឱ្យ​កូនតូច​យំ​រករឿង មិន​ស្រួលខ្លួន និង​អាច​បន្សល់ទុក​ស្លាកស្នាម​នៅលើ​ស្បែក​ទៀតផង។

    ការមើល​ថែទាំ​ព្យាបាល​នៅពេល​មូស​ខាំ​កូន និង​មាន​អាការ​ប្រតិកម្ម​ចាញ់​មូស​ខាំ
    – នៅពេល​កូន​ត្រូវ​មូស​ខាំ ចូរ​លាង​សម្អាត​ដោយ​ទឹកស្អាត ឬ​ទឹក​លាយ​សាប៊ូតិចៗនៅត្រង់​កន្លែង​ដែល​មូស​ខាំ​នោះ។
    – ស្អំ​ទឹកកក ឬ​ជេ​ល​ត្រជាក់ ដើម្បី​កាត់បន្ថយ​អាការ​រមាស់។
    – បើ​មាន​អាការ​ធ្ងន់ធ្ងរ​ខ្លាំង ចាំបាច់​ត្រូវតែ​នាំ​កូនតូច​ទៅ​ជួប​គ្រូពេទ្យ។
    – កាត់​ក្រចកដៃ​កូន​ឱ្យខ្លីៗ ព្រោះ​កូន​អាច​នឹង​អេះ ខ្វាច កន្លែង​មូស​ខាំ​នោះ​រហូត​ក្លាយជា​ដំបៅ។

    ការមើល​ថែទាំ​កូនតូច​ក្នុង​រដូវភ្លៀង​បែបនេះ គឺជា​រឿង​សំខាន់​ណាស់ ព្រោះ​ក្រៅពី​មូស​ហើយ​នោះ នៅមាន​ជំងឺ និង​រោគ​ចង្រៃ​ជាច្រើន​ទៀត​ដែល​មកជា​មួយ​ទឹកភ្លៀង វិធី​ដែល​ល្អ​បំផុត​នោះ​គឺ ត្រូវ​ស្លៀកពាក់​ឱ្យ​កូនតូច​ឱ្យបាន​ជិត​ល្អ ហើយ​ឱ្យនៅ​ក្នុង​ទីកន្លែង​ដែល​ភ្លឺ​ស្រឡះ ដើម្បី​សុវត្ថិភាព​របស់​កូនតូច៕

  • តើឪពុកម្តាយត្រូវធ្វើដូចម្តេច ទើបកូនមានទឹកចិត្តក្លាហាន ?

    តើឪពុកម្តាយត្រូវធ្វើដូចម្តេច ទើបកូនមានទឹកចិត្តក្លាហាន ?

    ឪពុកម្តាយគ្រប់រូបតែងតែ ចង់ឱ្យកូនជាទីស្រឡាញ់ក្លាយជាមនុស្ស ក្លាហានអង់អាច តែមានចិត្តស្លូតបូត កាន់ធម៌សុចរិតនៅក្នុងខ្លួន ។ អ្វីដែលធ្វើឱ្យយើងកាន់តែសប្បាយចិត្តទៅទៀតនោះ គឺពេលបានឃើញកូនរបស់យើងហ៊ាន ប្រឈមមុខ និងដោះស្រាយនូវរាល់បញ្ហាបាន និងឈានទៅរកភាពជោគជ័យបានទៀតផង។ ដូច្នេះលោកឪពុកអ្នកម្តាយទាំងអស់ គួរតែអប់រំបុត្រធីតារបស់ខ្លួនឲ្យមានភាពក្លាហាន ហើយចំណុចដែលគួរ អប់រំ និងបង្ហាត់ដល់កូននោះមានដូចជា ៖

    1 .បណ្តុះផ្នត់គំនិត ឱ្យកូនមានភាពក្លាហាន៖ យើងអាចបង្កើតនូវមោទនភាពក្នុងគ្រួសារ ដោយបង្ហាញពីជាតិសាសន៍របស់ខ្លួនថា មានភាពក្លាហានជាងគេ នោះគឺយើងបានបង្រៀនឱ្យកូនមានភាពក្លាហាន ក្នុងការធ្វើអ្វីមួយ ឬដោះស្រាយ បញ្ហាអ្វីមួយរួចស្រេចទៅហើយ ។ ការបង្រៀនកូនឱ្យយល់ដឹងពីប្រវត្ដិសាស្ដ្រនៃពូជសាសន៍បែបនេះ វា អាចជាការជំរុញឱ្យកូនកាន់តែមានទឹកចិត្ដអង់អាចក្លាហានឡើងទៀតដែរ ។

    2 .ត្រូវសរសើរកូននៅពេលណាដែលគេក្លាហានហ៊ានប្រឈមមុខ និងហ៊ានដោះស្រាយ៖ លោកឪពុកអ្នកម្ដាយ អាចបង្ហាត់បង្រៀនឱ្យកូនក្លាហានហ៊ានប្រឈមមុខនឹងបញ្ហានានាជាប្រចាំដូចជា ការឡើងនិយាយនៅចំពោះមុខសិស្សដូចគ្នានៅក្នុងថ្នាក់រៀន ចេះហ៊ានសំរេចចិត្តក្នុងការជួយសង្រ្គោះមិត្តភក្តិ ឬក៏លេងកីឡា ជាដើម ។ នៅពេលកូនរបស់លោកអ្នកក្លាហានហ៊ានធ្វើការងារទាំងនោះបាន លោកឪពុកអ្នកម្តាយត្រូវតែចេះសរសើរលើកទឹកចិត្ដ និង ផ្ដល់កម្លាំងចិត្ដដល់កូន ។ ទាំងអស់នេះ គឺជាការបង្រៀនឱ្យកូនលោកអ្នក កាន់តែមានទឹកចិត្តល្អ និងមានភាពក្លាហានឡើងផងដែរ ។

    3 .ត្រូវលើកពីបុគ្គលដែលមានភាពក្លាហានពិតៗក្នុងសង្គមប្រាប់កូន៖ នៅពេលគិតដល់អ្នកដែលមានសេចក្ដីក្លាហាន គឺយើងតែងនឹកទៅដល់កងទ័ព ពួកអ្នកស្ម័គ្រចិត្ត ពួកអ្នកជួយសង្រ្គោះ អ្នកពន្លត់អគ្គីភ័យជាដើម ពួកគេទាំងនោះ អាចផ្ដល់គំរូនៃភាពក្លាហានដល់កូនរបស់លោកអ្នកបាន ។ ក្រៅពីនេះ អ្នកក៏អាចសរសេរជាសុភាសិត បិទជាប់នឹងជញ្ជាំង ឬសរសេរពាក្យស្លោកលើក្ដារខៀន ដែលបណ្តុះទឹកចិត្ដកូនរបស់លោកអ្នកឱ្យមានភាពក្លាហាន ដូចជា “ភាពក្លាហាននឹងធ្វើឱ្យមនុស្សទទួលជោគជ័យ” ជាដើម ។

    4 .ត្រូវបង្កើតទំនាក់ទំនងស្និទ្ធស្នាលជាមួយកូនជាប្រចាំ៖ ជជែកលេងជាមួយកូនរបស់អ្នកជាប្រចាំ និងដោយចំហ រៀបរាប់ប្រាប់គេនូវអ្វីដែលបានកើតឡើងចំពោះអ្នក ពេលដែលអ្នកនៅមានវ័យប៉ុនគេ និងប្រាប់ពីវិធី និងរបៀបដោះស្រាយរាល់បញ្ហានានាដែលអ្នកធ្លាប់ជួបនៅពេលនោះ ។ ប្រសិនបើកូនអ្នកមានភាពក្លាហានហ៊ាននិយាយប្រាប់អ្នកវិញ ពីបញ្ហារបស់គេដោយចំហនោះ អ្នកអាចនឹងជួយពន្យល់គេឱ្យចេះដោះស្រាយបញ្ហាដោយភាពក្លាហាន និងសន្តិភាពបាន ។

    5 .ត្រូវធ្វើជាគំរូល្អដល់កូន៖ គំរូនៃភាពក្លាហាន ត្រូវចាប់ផ្ដើមពីអ្នកជាមុន ។ ចំពោះរឿងអ្វីមួយដែលអ្នកគិតថា កូនរបស់អ្នកអាចនឹងពិបាកធ្វើបាន ឧទាហរណ៍ដូចជា ការរាំរែក ជាដើម លោកឪពុកអ្នកម្តាយអាចនឹងត្រូវឡើងរាំ ដើម្បីឱ្យកូនឃើញពីភាពក្លាហានរបស់អ្នក។ ក្រៅពីនេះ លោកអ្នកអាចបង្ហាញឲ្យកូនបានឃើញតាមរយៈ ទង្វើ និងសកម្មភាពល្អៗប្រចាំថ្ងៃទាំងឡាយណា ដែលអ្នកគិតថា ល្អ និងជាគំរូល្អចំពោះកូន៕

  • 21 រឿងដែលគួរដឹង ពាក់ព័ន្ធនឹងសុខភាពក្នុងអំឡុងពេលមានគភ៌ទាំង 9 ខែ

    21 រឿងដែលគួរដឹង ពាក់ព័ន្ធនឹងសុខភាពក្នុងអំឡុងពេលមានគភ៌ទាំង 9 ខែ

    សូមចូលរួមត្រេកអរផងណា៎ សម្រាប់ស្រ្តីដែលចាប់ផ្តើមតាំងគភ៌គ្រប់គ្នា ចាប់ពីពេលនេះទៅអ្នកនឹងបានរៀនយល់ដឹងពីការរស់នៅមួយបែបទៀតដែលខុសប្លែកពីមុន។ រឿងសំខាន់ដែលអ្នកគួរតែដឹងនោះគឺ រឿងសុខភាពក្នុងអំឡុងពេល 9 ខែតពីពេលនេះទៅថា តើនឹងមានអ្វីកើតឡើងចំពោះអ្នកខ្លះ? ជាពិសេស ស្រ្តីដែលតាំងគភ៌លើកដំបូងទាំងឡាយ ដែល ឡា រ៉ែន មិនចង់ឱ្យខកខានក្នុងការអានអត្ថបទនេះឡើយ។

    សុខភាពក្នុងអំឡុងពេលមានគភ៌ទាំង 9 ខែ

    1 . ក្នុងរយៈពេលរបស់ការតាំងគភ៌ ស្រ្តីមានគភ៌ 1 នាក់ក្នុងចំណោម 20 នាក់ ប្រសូតត្រូវតាមដែលលោកគ្រូពេទ្យរាប់ថ្ងៃប្រសូត តែភាគច្រើនវិញ ស្រ្តីមានគភ៌នឹងប្រសូតមុនកំណត់ប្រមាណជា 1 – 2 សប្តាហ៍មានចំនួនដល់ទៅ 1 នាក់ក្នុង 8 នាក់ ដែលនេះជារឿងប្រក្រតីទេ។
    2 . ការរាប់ពេលវេលាតាំងគភ៌របស់ស្រ្តីមានគភ៌នឹងរាប់ជាសប្តាហ៍ ដូចជា ការកំណត់ប្រសូតនឹងរាប់បន្ទាប់ពីថ្ងៃដែលអស់វដ្តរដូវ នឹងរាប់ជា 40 សប្តាហ៍ ហើយនឹងរាប់ចាប់ពីថ្ងៃចាប់បដិសន្ធិពិតៗគឺ 38 សប្តាហ៍ដែលជាកំណត់ប្រសូតរបស់ស្រ្តីមានគភ៌។
    3 . ការតាំងគភ៌ក្នុងត្រីមាសដំបូង ពោះរបស់ស្រ្តីមានគភ៌នឹងមិនសូវមើលឃើញធំប៉ុន្មានទេ តែនឹងមើលឃើញច្បាស់ថាមានគភ៌នោះ ក៏ក្នុងអំឡុងត្រីមាសទី 2។
    4 . អ្នកនឹងបានឮសំឡេងបេះដូងកូនជាលើកដំបូងប្រមាណជាក្នុងសប្តាហ៍ទី 10 ដោយប្រដាប់ស្តាប់សំឡេង ឬតាមរយៈការធ្វើអាល់ត្រាសោនដ៍។
    5 . រាងកាយរបស់អ្នកនឹងប្រែប្រួលច្រើនយ៉ាង ដូចជា ខ្លួនប្រាណ ដៃ ជើង ក្បាលពោះ សុដន ក្រចកដៃជើង សក់ ស្បែក ហើយអាការផ្សេងៗដែលកើតឡើងចំពោះរាងកាយទាំងនេះនឹងបាត់អស់ទៅវិញនៅពេលប្រសូតបុត្ររួច។
    6 . ក្នុងអំឡុងពេលមានគភ៌ ខាងក្នុងរាងកាយរបស់អ្នកនឹងមានឈាមហូរវឹលច្រើនជាងប្រក្រតី។
    7 . ក្នុង 1 ថ្ងៃអ្នកនឹងបត់ជើងតូចជាញឹកញាប់ ដោយសារតែបរិមាណរបស់ឈាមដែលកើនឡើង ហើយនឹងកើនច្រើនឡើង
    នៅពេលស្បូនរីកធំឡើងរហូតដល់ពេលប្រសូត។
    8 . អ្នកនឹងកាន់តែនឿយហត់ឡើងជារឿយៗក្នុងខណៈពេលតាំងគភ៌ តែនឹងមានអារម្មណ៍ថានឿយហត់ខ្លាំងក្នុងអំឡុងត្រីមាសដំបូង។
    9 . អ្នកនឹងមានអារម្មណ៍ច្រើនយ៉ាងកើតឡើងក្នុងអំឡុងពេលតាំងគភ៌ និងនឹងមានអាការនឿយល្វើយកើតឡើង ហើយនឹងធ្ងន់ធ្ងរខ្លាំងក្នុងអំឡុងពេលដំបូងៗ។
    10 . អ្នកនឹងជួបជាមួយអាការឈឺចាប់ទាំងឡាយ ដូចជា អាការឈឺក្បាល ឈឺខ្នង ឈឺជើង ក្អួតចង្អោរ ហើមដៃជើង និងវឹលមុខ។
    11 . ចំនួន 3 ភាគ 4 នៃស្រ្តីមានគភ៌ នឹងមានអាការចាញ់កូនក្នុងអំឡុងត្រីមាសដំបូង ជាពិសេសនៅពេលព្រឹកនឹងមានអាការ វឹលមុខ និងក្អួត។
    12 . អ្នកនឹងចង់ទទួលទានអាហារខ្លាំងជាងមុន តែនឹងទទួលទានអាហារមិនបានច្រើនដូចមុនទេ។
    13 . អ្នកនឹងមានអារម្មណ៍ដឹងថា កូនរើបំរះពេលអាយុគភ៌បានប្រមាណជា 16 – 22 សប្តាហ៍ ឬក្នុងអំឡុងត្រីមាសទី 2 នៃការតាំងគភ៌។
    14 . ពេលពោះចាប់ផ្តើមធំ អ្នកនឹងមិនអាចឱនចងខ្សែស្បែកជើងបាន អង្គុយលើកម្រាលឥដ្ឋ ឬកោររោមនៅម្តុំៗជើងបានទេ
    ដោយសារតែពោះដែលកាន់តែធំឡើងហ្នឹងឯង និងនៅពេលពោះធំឡើងអាចធ្វើឱ្យអ្នកដើរបុកវត្ថុរបស់របរនៅក្នុងបន្ទប់ជាញាឹកញាប់ ព្រោះនៅស្មានរយៈចម្ងាយមិនទាន់ត្រូវ។
    15 . អ្នកគួរសិក្សាពីរឿងការញ៉ាំអាហារ ភេសជ្ជៈ និងថ្នាំផ្សេងៗដែលអាចញ៉ាំបាន ឬគួរចៀសវាង និងសិក្សាពីរឿងការហាត់ប្រាណផងដែរ។
    16 . អ្នកគួរប្រឹក្សាជាមួយគ្រូពេទ្យពាក់ព័ន្ធនឹងរឿងសុខភាពការតាំងគភ៌របស់អ្នក ជំងឺប្រចាំកាយ ឬជំងឺដែលអាចកើតឡើងបានក្នុងអំឡុងពេលមានគភ៌។
    17 . អ្នកនឹងពិបាកក្នុងការគេងលក់ និងនឹងមានអាការគេងមិនលក់ រឹតតែក្នុងអំឡុងពេលត្រីមាសទី3ផងនោះ នឹងរឹតតែគេង
    លែងសូវលក់ និងច្រើនតែយល់សប្តិអាក្រក់ ព្រោះតែកើតអាការវិតក្កកង្វល់នឹងអាការជិតប្រសូតហ្នឹងឯង។
    18 . ស្រ្តីមានគភ៌មួយចំនួននឹងមានអាការសោកសៅស្រងូតស្រងាត់ពេញមួយខណៈពេលតាំងគភ៌ និងអាការនេះនឹងរឹតតែធ្ងន់ធ្ងរឡើងនៅពេលប្រសូតរួច។
    19 . ស្រ្តីមានគភ៌ 1 នាក់ក្នុងចំណោម 5 នាក់នឹងមានសភាវជ្រៀតជ្រែកផ្សេងៗកើតឡើងខណៈពេលមានគភ៌ ដូចជា សភាវរលូតកូន គភ៌មានជាតិពុលជាដើម។
    20 . អ្នកគួរតែសិក្សាពីតំណាក់កាលនៃការប្រសូតឱ្យរួចជាស្រេច និងត្រៀមខ្លួនសម្រាប់ការប្រសូតដែលនឹងកើតឡើង។
    21 . ស្រ្តីមានគភ៌ 1 នាក់ ក្នុងចំណោម 5 នាក់ នឹងបានដឹងពីសញ្ញាប្រសូតប្រមាណជាក្នុងសប្តាហ៍ទី 37 ឬអាការឈឺពោះឱ្យដឹងមុនដើម្បីប្រាប់ឱ្យដឹងថា ការប្រសូតកំពុងជីតមកដល់ហើយ។
    ពេញមួយរយៈពេល 9 ខែនេះ រឿងផ្សេងៗដែលបានរៀបរាប់មកខាងលើនោះ គឺជារឿងដែលអ្នកត្រូវជួបនៅពេលអ្នកមានគភ៌ ការសិក្សាពីព័ត៌មានរឿងការតាំងគភ៌ជាអ្វីដែលអ្នកគួរតែត្រៀមខ្លួនឱ្យស្រេច និងនៅពេលជួបនឹងអាការខុសប្រក្រតីណាមួយ អ្នកគួរតែប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យជាបន្ទាន់៕