Tag: មហាសេដ្ឋី Bill Gates

  • ​មហាសេដ្ឋី Bill Gates មាន​មិត្ត​ស្រី​ថ្មី! តើ​ស្ត្រី​រូប​នេះ​ជា​អ្នកណា?

    ​មហាសេដ្ឋី Bill Gates មាន​មិត្ត​ស្រី​ថ្មី! តើ​ស្ត្រី​រូប​នេះ​ជា​អ្នកណា?

    Paula Hurd ដែលជា​ស្ត្រី​ម្នាក់​កំពុងមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​មហាសេដ្ឋី​អាម៉េរិក Bill Gates គឺជា​ស្ត្រី​មេម៉ាយ និង​ជា​ភរិយា​របស់​សព​អតីត CEO របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Oracle ហើយ​ធ្លាប់​ធ្វើជា​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៅក្នុង​ក្រុមហ៊ុន​សប​វ៉ែ​រ។

    កាលពី​ចុង​សប្ដាហ៍​កន្លង Paula Hurd អាយុ 60 ឆ្នាំ បាន​បង្ក​ការភ្ញាក់ផ្អើល នៅពេល​រួម​ដំណើរ​ជាមួយ​លោក Bill Gates អាយុ 67 ឆ្នាំ ទៅ​ជួបកូនៗរបស់​សហ​ស្ថាបនិក Microsoft ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ New York។ អ្នកស្រី Paula ពាក់ចិញ្ចៀន​លើ​ម្រាមដៃ​នាង ធ្វើឱ្យមាន​ការសន្និដ្ឋាន​ថា អ្នកស្រី​បាន​ភ្ជាប់ពាក្យ​ជាមួយ​មហាសេដ្ឋី Bill Gates។ ក៏ប៉ុន្តែ តំណាង​របស់​អ្នកស្រី​និយាយថា អ្នកស្រី​បាន​ពាក់ចិញ្ចៀន​នេះ​តាំងពី​រាប់សិប​ឆ្នាំមុន​មកម្ល៉េះ ហើយ​វា​មិន​តំណាងឱ្យ​ការភ្ជាប់​ពាក្យ។

    លោក Bill Gates និង​អ្នកស្រី Melinda French Gates បាន​លែងលះគ្នា​កាលពី​ពាក់កណ្ដាល​ឆ្នាំ 2021 ក្រោយពី​បានរស់នៅ​ជាមួយគ្នា​អស់ 27 ឆ្នាំ។

    តាំងពី​ឆ្នាំ 2022 លោក Bill Gates និង​អ្នកស្រី Paula Hurd ធ្លាប់បាន​បង្ហាញខ្លួន​ជាមួយគ្នា​នៅ​ទីសាធារណៈ​ជាច្រើនលើក ប៉ុន្តែ​រហូតដល់​ខែកុម្ភៈ​ឆ្នាំ 2023 ទើប​ប្រភពព័ត៌មាន​មួយ​ដែល​ជិតស្និទ្ធ បាន​បង្ហើប​ឱ្យដឹងថា អ្នក​ទាំងពីរ​កំពុងមាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា។

    អ្នកស្រី Paula គឺជា​ស្ត្រី​មេម៉ាយ និង​ជា​ភរិយា​របស់​សព​លោក Mark Hurd អតីត​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Oracle។ អ្នកស្រី Paula និង​លោក Mark Hurd បានរស់នៅ​ជាមួយគ្នា​ជិត 30 ឆ្នាំ និង​មាន​កូនស្រី​ពីរ​នាក់ រហូតដល់​លោក Hurd បានទទួល​មរណភាព​ដោយសារ​ជំងឺមហារីក កាលពី​ខែតុលា​ឆ្នាំ 2019។

    អ្នកស្រី Paula បានបញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ Texas នៅ Austin។ អ្នកស្រី​ធ្លាប់​ធ្វើការ​ជា​បុគ្គលិក​ធម្មតា ក៏ដូចជា​អ្នកគ្រប់គ្រង​នៅក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា NCR រយៈពេល​ពីរ​ទសវត្ស​រ៍។ បច្ចុប្បន្ន អ្នកស្រី​ធ្វើការ​ក្នុងនាម​ជា​អ្នក​អភិវឌ្ឍ និង​ប្រារព្ធ​ព្រឹត្តិការណ៍​ច្រើន​ប្រភេទ​សម្រាប់​បុគ្គល ក្រុមហ៊ុន និង​ក្រុម​មនុស្សធម៌​នានា។

  • មហាសេដ្ឋី​ទី 9 របស់​ពិភពលោក ក្លាយជា «សមាជិក​ថ្មី» នៃ​ក្រុមមនុស្ស​ដែលមាន​ទ្រព្យ​ច្រើនជាង 100 ពាន់​លាន​ដុល្លារ

    មហាសេដ្ឋី​ទី 9 របស់​ពិភពលោក ក្លាយជា «សមាជិក​ថ្មី» នៃ​ក្រុមមនុស្ស​ដែលមាន​ទ្រព្យ​ច្រើនជាង 100 ពាន់​លាន​ដុល្លារ

    លោក Steve Ballmer បច្ចុប្បន្ន មានទ្រព្យ​សម្បត្តិ​សរុប​ចំនួន 100.5 ពាន់​លាន​ដុល្លារ​អាមេរិក និង​ជា​អ្នកមាន​ជាងគេ​លំដាប់​ទី 9 នៅក្នុង​ពិភពលោក។

    Steve Ballmer ដែលជា​អតីត CEO របស់​ក្រុមហ៊ុន Microsoft ទើបតែ​បាន​ក្លាយជា​មហាសេដ្ឋី​ទី 9 ដែលមាន​ឈ្មោះ​នៅក្នុង​ក្លឹប​មហាសេដ្ឋី​ដែលមាន​ទ្រព្យ ខ្ទង់ 100,000,000,000 ដុល្លារ​អាមេរិក។ យោងតាម Bloomberg Billionaires Index លោក Ballmer បច្ចុប្បន្ន មានទ្រព្យ​សរុប​ចំនួន 100.5 ពាន់​លាន​ដុល្លារ​អាមេរិក តិចជាង 1 ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​អ្នកមាន​ជាងគេ​លំដាប់​ទី 8 លោក Warren Buffett។

    លោក Steve Ballmer បាន​ចូលធ្វើ​ការឱ្យ​ក្រុមហ៊ុន Microsoft ចាប់ពី​ឆ្នាំ 1980 និង​ជា​បុគ្គលិក​ទី 30 របស់​ក្រុមហ៊ុន​នេះ បន្ទាប់ពី​ត្រូវ​លោក Bill Gates បញ្ចុះបញ្ចូល​ឱ្យ​បោះបង់​ការសិក្សា​នៅ​សាកលវិទ្យាល័យ Stanford។ លោក Steve Ballmer ក្រោយមក ក៏ត្រូវ​បានតែងតាំង​ជា​ប្រធាន ហើយ​បន្ទាប់មកទៀត​គឺជា CEO ជំនួស​លោក Gates កាលពី​ឆ្នាំ 2000។ ឆ្នាំ 2014 លោក Steve Ballmer បាន​ចាក​ចេញពី Microsoft បន្ទាប់ពី​បាន​នៅ​ជាមួយ​ក្រុមហ៊ុន​នេះ​អស់​រយៈពេល​ជាង 3 ទសវត្សរ៍។

    មហាសេដ្ឋី Bill Gates និងមហាសេដ្ឋី Steve Ballmer

    មហាសេដ្ឋី Steve Ballmer បច្ចុប្បន្ន​មាន​អាយុ 65 ឆ្នាំ និង​មាន​ក្លឹប​បាល់បោះ​មួយ​ដែលមាន​ឈ្មោះថា Los Angeles Clippers។ តាំងពី​ដើមឆ្នាំ 2021 មកដល់​បច្ចុប្បន្ន ទ្រព្យសម្បត្តិ​របស់លោក Ballmer បាន​កើន​ថែម 20.1ពាន់​លាន​ដុល្លារ។

    នៅក្នុង​ចំណោម​មហាសេដ្ឋី​ចំនួន 9 រូប ដែលមាន​ទ្រព្យ​ច្រើនជាង 100,000,000,000 ដុល្លារ គឺមាន​រហូតដល់ 7 រូប ដែល​រកស៊ី​មានបាន​ដោយសារ​វិស័យ​បច្ចេកវិទ្យា។ ក្នុងនោះ ស្ថាបនិក Amazon លោក Jeff Bezos នៅតែ​ជា​អ្នកមាន​ជាងគេ​បង្អស់​ក្នុង​ពិភពលោក ដោយមាន​ទ្រព្យ​ចំនួន 212 ពាន់​លាន​ដុល្លារ។

    ទន្ទឹមនឹង​អតីត CEO របស់ Microsoft មហាសេដ្ឋី​បច្ចេកវិទ្យា​មួយរូប​ទៀត ក៏​នឹងមាន​ឈ្មោះ​នៅក្នុង​ក្លឹប​អ្នកមាន​ទ្រព្យ​ច្រើនជាង 100 ពាន់​លាន​ដុល្លារ ឆាប់ៗនេះ នោះ​គឺ​លោក Larry Ellison។ សហ​ស្ថាបនិក​របស់ Oracle រូបនេះ បច្ចុប្បន្ន​មានទ្រព្យ​ចំនួន 98.6 ពាន់​លាន​ដុល្លារ និង​ជា​អ្នកមាន​ជាងគេ​លំដាប់​ទី 10 ក្នុង​ពិភពលោក៕

    ប្រភព៖ Bloomberg
    ប្រែ​សម្រួល៖ បុត្រា