Tag: មហាសេដ្ឋិនី

  • Taylor Swift ក្លាយ​ជា​មហាសេដ្ឋិនី​ថ្មី​ និង​ល្បី​ឈ្មោះ​ជាង​គេ​​ក្នុង​​ឆ្នាំ​នេះ

    Taylor Swift ក្លាយ​ជា​មហាសេដ្ឋិនី​ថ្មី​ និង​ល្បី​ឈ្មោះ​ជាង​គេ​​ក្នុង​​ឆ្នាំ​នេះ

    តារា​ចម្រៀង​ Taylor Swift មាន​ឈ្មោះ​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​មហា​សេដ្ឋី​របស់ Forbes សម្រាប់​​ឆ្នាំ​ 2024 នេះ​។

    កាល​ពី​ថ្ងៃទី 2 មេសា ទស្សនាវដ្ដី Forbes បាន​ប្រកាស​បញ្ជី​ឈ្មោះ​ស្ដី​ពី​ក្រុម​អ្នក​មាន​ជាង​គេ​លើ​ពិភពលោក​ សម្រាប់​​ឆ្នាំ 2024​។ Forbes ឱ្យ​ដឹង​ថា ពិភពលោក​បច្ចុប្បន្ន​មាន​មហាសេដ្ឋី​ថ្មី​ចំនួន 265 នាក់​បន្ថែម​ទៀត​ ដោយ​សារ​ទីផ្សារ​មូលបត្រ​កាល​ពី​ឆ្នាំ​កន្លង​។ ពួក​គេ​មក​ពី​ប្រទេស​ចំនួន 32 និង​មាន​ទ្រព្យ​សរុប​ 510 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

    មហា​សេដ្ឋិនី​ដែល​ល្បី​ឈ្មោះ​ជាង​គេ​ក្នុង​ឆ្នាំ​នេះ គឺ​តារា​ចម្រៀង​ស្រី​អាម៉េរិក Taylor Swift។ ដំណើរ​សម្ដែង​ជុំវិញ​ពិភពលោក​ Eras Tour របស់​នាង​ បាន​ក្លាយ​ជា​ដំណើរ​សម្ដែង​ដំបូង​លើ​ពិភពលោក ​ដែល​រក​ចំណូល​បាន​ 1,000 លាន​ដុល្លារ​។

    បច្ចុប្បន្ន Taylor Swift មាន​ទ្រព្យ​ប្រមាណ 1.1 ពាន់​លាន​ដុល្លារ​​អាម៉េរិក។ Swift ក៏​ជា​អ្នក​ចម្រៀង​ដំបូង​គេ​ដែល​រក​បាន​ទ្រព្យ​ពាន់​លាន​ដុល្លារ ​ដោយ​សារ​តែ​ការ​និពន្ធ​ និង​ការ​សម្ដែង​។

  • ស្ត្រី5រូបដែលមានទ្រព្យច្រើនជាងគេនៅក្នុងវិស័យហិរញ្ញវត្ថុ និងវិនិយោគ

    ស្ត្រី5រូបដែលមានទ្រព្យច្រើនជាងគេនៅក្នុងវិស័យហិរញ្ញវត្ថុ និងវិនិយោគ

    យោងតាមបញ្ជីចំណាត់ថ្នាក់អ្នកមានរបស់ Forbes លោកស្រី Abigail Johnson ដែលជា CEO និងជាប្រធានរបស់ក្រុមហ៊ុន Fidelity Investments បច្ចុប្បន្នគឹជាមហាសេដ្ឋិនីដែលមានទ្រព្យច្រើនជាងគេបង្អស់នៅក្នុងវិស័យហិរញ្ញវត្ថុនិងវិនិយោគ ដោយមានទ្រព្យសរុបឡើងដល់15ពាន់លានដុល្លារអាមេរិក។

    1. Abigail Johnson៖ 15ពាន់លានដុល្លារអាមេរិក

    >ប្រទេស៖ សហរដ្ឋអាមេរិក

    លោក​ស្រី Abigail Johnson

    Abigail Johnson បានឡើងកាន់តំណែង CEO របស់ក្រុមហ៊ុន Fidelity Investments ចាប់ពីឆ្នាំ2014 និងក្លាយជាប្រធានក្រុមហ៊ុននេះចាប់ពីឆ្នាំ2016។ Fidelity Investments គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាកម្មហិញ្ញវត្ថុធំជាងគេក្នុងពិភពលោក ដែលត្រូវបានបង្កើតឡើងនៅBoston សហរដ្ឋអាមេរិក កាលពីឆ្នាំ1946 ដោយលោក Edward C. Johnson II ដែលជាជីតារបស់លោកស្រី Abigail។ បច្ចុប្បន្ន លោកស្រី Abigail កាន់កាប់ភាគហ៊ុនចំនួន24.5% នៅក្នុងក្រុមហ៊ុននេះ។

    2. Elizabeth Johnson៖ 3,4ពាន់លានដុល្លារ

    >ប្រទេស៖ សហរដ្ឋអាមេរិក

    លោកស្រី Elizabeth Johnson

    Elizabeth Johnson គឺជាប្អូនស្រីរបស់លោកស្រី Abigail Johnson។ លោកស្រី Elizabeth Johnson កាន់កាប់ភាគហ៊ុនចំនួន5.56% នៅក្នុងក្រុមហ៊ុន Fidelity។ នេះបើតាមឯកសារដែលត្រូវបានបញ្ជូនទៅកាន់ស្ថាប័នធានារ៉ាប់រងរបស់រដ្ឋ Utah កាលពីឆ្នាំ2000។

    3. Dinara Kulibaeva: 2,8ពាន់លានដុល្លារ

    >ប្រទេស៖ កាហ្សាក់ស្ថាន

    លោក​ស្រី Dinara Kulibaeva

    Dinara Kulibaeva គឺជាកូនស្រីរបស់អតីតប្រធានាធិបតីនៃប្រទេសកាហ្សាក់ស្ថាន លោក Nursultan Nazarbayev។ លោកស្រី Dinara Kulibaeva និងស្វាមី Timur Kulibaev កាន់កាប់ភាគហ៊ុនភាគច្រើននៅក្នុងធនាគារ Halyk។ ក្រៅពីនេះ ពួកគេថែមទាំងវិនិយោគទៅលើវិស័យផ្សេងៗទៀត ដូចជាសំណង់ និងអណ្ដូងប្រេងជាដើម។ Forbes បានគន់គូរឃើញថា ទ្រព្យសម្បត្តិរបស់ Dinara Kulibaeva និង Timur Kulibaev ដែលត្រូវបានចែកស្មើគ្នា (50/50) ពួកគេម្នាក់ៗមានទ្រព្យ 2.8ពាន់លានដុល្លារអាមេរិក។

    4. Penny Pritzker: 2,7ពាន់លានដុល្លារ

    >ប្រទេស៖ សហរដ្ឋអាមេរិក

    លោក​ស្រី Penny Pritzker

    Penny Pritzker គឺជាមនុស្សម្នាក់ក្នុងចំណោមមហាសេដ្ឋី11រូបរបស់ត្រកូល Pritzker។ លោកស្រី Penny Pritzker មានតួនាទីសំខាន់ក្នុងការបង្កើតមូលនិធិសម្រាប់យុទ្ធនាការឃោសនារកសំឡេងឆ្លោតរបស់លោក Obama ដែលជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិក។ លោកស្រី Penny Pritzker ក៏ធ្លាប់ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ចាប់ពីឆ្នាំ2013ដល់ឆ្នាំ2017ផងដែរ។ Penny Pritzker ក៏ជាស្ថាបនិក និងជាប្រធានរបស់ក្រុមហ៊ុន PSP Partners ដែលជាក្រុមហ៊ុនវិនិយោគឯកជន រកស៊ីជាមួយដៃគូនានាក្នុងវិស័យអចលនទ្រព្យ មូលនិធិការពារហានិភ័យ និងបណ្ដាក្រុមហ៊ុនថ្មីៗជាដើម។

    5. Alicia Koplowitz៖ 2,6ពាន់លានដុល្លារ

    >ប្រទេស៖ អេស្ប៉ាញ

    លោក​ស្រី Alicia Koplowitz

    Alicia Koplowitz ទទួលបានមរតកជាភាគហ៊ុននៅក្នុងក្រុមហ៊ុនសំណង់របស់ឪពុកលោកស្រីកាលពីទសវត្សរ៍ឆ្នាំ​1960។ ឆ្នាំ1997 លោកស្រីបានលក់ភាគហ៊ុនរបស់ខ្លួនទៅឱ្យប្អូនស្រីរបស់ខ្លួន ឈ្មោះ Esthter ក្នុងតម្លៃ​​800​លានដុល្លារ រួចយកប្រាក់ទាំងនេះទៅវិនិយោគក្នុងវិស័យផ្សេង។ បណ្ដាក្រុមហ៊ុនដែលធ្លាប់ទទួលបានការវិនិយោគពីលោក​ស្រី Alicia Koplowitz មានដូចជា ក្រុមហ៊ុនផលិតដែកថែប Acerinox ក្រុមហ៊ុនផលិតអគ្គិសនី Iberdrola និងក្រុមហ៊ុនគ្រប់គ្រងធនាគារ Banco Sadadell ជាដើម។ល។ Alicia Koplowitz ក៏ជាម្ចាស់សណ្ឋាគារជាច្រើននៅប្រទេសអ៊ីតាលី រួមនឹងសណ្ខាគារ និងអចលនទ្រព្យជាច្រើននៅសហរដ្ឋអាមេរិក ក៏ដូចជាភាគហ៊ុននៅក្នុងក្រុមហ៊ុន Hospes ដែលគ្រប់គ្រងបណ្ដាញសណ្ឋាគារប្រណិតមួយនៅប្រទេសអេស្ប៉ាញផងដែរ៕

    ប្រភព៖ Forbes