Tag: ភ្នំបូកគោ

  • គម្រោង​​ព្រះ​ពុទ្ធប្បដិមា​​ខ្ពស់​ជាង​គេ​នៅ​កម្ពុជា ទទួល​បាន​ការ​និមន្ត​មក​ទត​​ពី​ព្រះប្រធាន​កិត្តិយស​នៃ​​សម្ព័ន្ធ​ពុទ្ធសាសនិក​ពិភព​លោក​

    គម្រោង​​ព្រះ​ពុទ្ធប្បដិមា​​ខ្ពស់​ជាង​គេ​នៅ​កម្ពុជា ទទួល​បាន​ការ​និមន្ត​មក​ទត​​ពី​ព្រះប្រធាន​កិត្តិយស​នៃ​​សម្ព័ន្ធ​ពុទ្ធសាសនិក​ពិភព​លោក​

    ព្រះប្រធានកិត្តិយសសម្ព័ន្ធពុទ្ធសាសនិកពិភពលោក World Alliance of Buddhists – WAB កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​និមន្តមកពីប្រទេសភូមា ដើម្បីទតការដ្ឋានសាងសង់សំណង់ ព្រះពុទ្ធប្បដិមា ដែល​ខ្ពស់​ជាង​គេ​បង្អស់​នៅ​កម្ពុជា​។

    យោង​តាម​សមាគម​ឧកញ៉ា​កម្ពុជា អ្នកឧកញ៉ា សុខ គង់ ទីប្រឹក្សាជាន់ខ្ពស់នៃសមាគមឧកញ៉ាកម្ពុជា រួម​នឹង​ឧកញ៉ា​ និង​បុគ្គល​ល្បី​ឈ្មោះ​មួយ​ចំនួន​ទៀត​ បានអញ្ជើញទទួលបដិសណ្ឋារកិច្ចចំពោះការនិមន្តមកដល់របស់សម្តេចសង្ឃព្រះនាម Ven. Sayadaw Pandawontha (Aungzabu) Mahasadhamajotikadaja ព្រះប្រធានកិត្តិយសសម្ព័ន្ធពុទ្ធសាសនិកពិភពលោក World Alliance of Buddhists – WAB និមន្តមកពីប្រទេសភូមា (មីយ៉ាន់ម៉ា) ដើម្បីទតការដ្ឋានសាងសង់សំណង់ ព្រះពុទ្ធប្បដិមាកម្ពស់ 108 ម៉ែត្រ នៅ​លើភ្នំបូកគោ។

    គម្រោងសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ 108 ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ស្ថិតនៅក្នុងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» នេះ ជាគំនិតផ្តួចផ្តើមរបស់អ្នកឧកញ៉ា សុខ គង់។ ព្រះ​ពុទ្ធប្បដិមា​នេះ នឹង​ខ្ពស់ជាងគេនៅ​កម្ពុជាហើយក៏នឹងស្ថិតក្នុងចំណោមព្រះពុទ្ធប្បដិមាខ្ពស់ៗនៅលើពិភពលោក។ នេះ​បើ​តាម​ទំព័រ​ Preahputhpadima108monbokor​។

    ​ទំព័រ​ Preahputhpadima108monbokor ឱ្យ​ដឹង​ថា ព្រះ​ពុទ្ធប្បដិមា​នេះ​មានទម្រង់ជា ព្រះពុទ្ធមារវិជ័យ ឬ ផ្ចាញ់មារនៃរចនាប័ទ្មបាយ័ន ដែលជារចនាប័ទ្មកំពូលនៃព្រះពុទ្ធសាសនាក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី 7 នា​សតវត្សរ៍ទី 13​។

    ព្រះពុទ្ធប្បដិមានេះ នឹងសាងសង់អំពីបេតុងអាម៉េ មានពណ៌មាស បែរព្រះភក្រ្តទៅទិសខាងកើត មានកម្ពស់108 ម៉ែត្រ ពីនីវ៉ូសូន្យនៃខឿនផ្ទាល់ដីដល់កំពូលព្រះមោលី ដែលតំណាងមង្គលទាំង 108 របស់ព្រះអង្គ ទ្រង់គង់ភ្នែននៅលើបល្ល័ងផ្កាឈូករាងរង្វង់(វដ្តសង្ខារ) ដែលទម្រង់ក្បាច់រចនាបល្ល័ងនេះ យកលំនាំតាមផ្នែកមួយរបស់សសរពេជ្រប្រាសាទដំរីក្រាបនៃរចនាប័ទ្មគូលែន ក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី 2 នាសតវត្សរ៍ទី 9។

    ចំពោះខឿនជាន់ទី 1 មានក្តារបែន ឬ រានហាលនៅចំពីមុខ សម្រាប់ប្រារព្ធពិធីសាសនា ហើយមានព្រះពុទ្ធរូប 7 អង្គ ព្រះអសីតិសាវ័ក 5 អង្គ និងព្រះ 2 អង្គទៀត សរុបចំនួន 12 អង្គ (តំណាងឱ្យ​ខែឆ្នាំទាំង 12) គង់ក្នុងបុស្បុក តម្កល់ជុំវិញព្រះពុទ្ធប្បដិមាអង្គធំ និងមានជណ្តើរចំនួន 8 (តំណាង​ឱ្យ​ទិសទាំង 8 និងអរិយមគ្គទាំង 8) សម្រាប់ឡើងឆ្ពោះទៅកាន់ទីសក្ការៈនៃព្រះពុទ្ធប្បដិមា។

    ជារួម គម្រោងសាងសង់ព្រះពុទ្ធប្បដិមាដែល​នឹង​ត្រូវចំណាយពេលវេលាសាងសង់ប្រមាណ 4 ឆ្នាំ​នេះ​ គឺ​ជា​ការរក្សានូវអត្តសញ្ញាណជាតិនៃវប្បធម៌សាសនា ដោយឈរលើមូលដ្ឋានរក្សាចាស់ បង្កើតថ្មី៕

  • ស្ត្រីកម្ពុជាក្លាយជា King of the mountain នៅភ្នំបូកគោ ក្នុងចំណោមកីឡាការិនី មកពី៨ប្រទេសផ្សេងទៀត

    ស្ត្រីកម្ពុជាក្លាយជា King of the mountain នៅភ្នំបូកគោ ក្នុងចំណោមកីឡាការិនី មកពី៨ប្រទេសផ្សេងទៀត

    នេះជាលើកទី១ហើយដែលកីឡាការិនីប្រណាំងកង់មួយរូបដែលត្រូវបានគេស្គាល់ថាជាកីឡាការិនីប្រណាំងកង់ដ៏ឆ្នើមរបស់កម្ពុជាបានបន្តជ័យជម្នះរបស់ខ្លួនមួយទៀតនាឆ្នាំ ២០១៧នេះ ដោយបានក្លាយជាកំពូលអ្នកជិះកង់ (King of the mountain) ប្រចាំព្រឹត្តិការណ៍ប្រណាំងកង់អន្តរជាតិលើកទី១នៅកំពូលភ្នំបូកគោ។

    ស្ត្រីដែលលេងកីឡាប្រណាំងកង់ល្អជាងគេនៅក្នុងប្រទេសកម្ពុជា អ្នកស្រី ហេង ស៊ីវឡាងបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមកីឡាការិនីមកពី៨ប្រទេសផ្សេងទៀតជុំវិញពិភពលោកដែលបានចូលរួមការប្រកួតកីឡាប្រណាំងកង់អន្តរជាតិកម្រិតអាជីពលើកដំបូងលើភ្នំបូកគោដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ។

    ក្រោយឆ្លងកាត់ការប្រកួតអស់រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែឧសភា នៅលើកំពូលភ្នំបូកគោ កីឡាការិនី ហេង ស៊ីវឡាង បានក្លាយជាម្ចាស់ជើងឯកលើវិញ្ញាសាជិះកង់ពីជើងភ្នំមកកំពូលភ្នំចម្ងាយ៣០គីឡូម៉ែត្រ និងជិះចម្ងាយ៥១គីឡូម៉ែត្រ។ ជ័យជម្នះនេះបានធ្វើឲ្យកីឡាការិនី ហេង ស៊ីវឡាង ក្លាយជាកំពូលអ្នកជិះកង់ (King of the mountain) ប្រចាំព្រឹត្តិការណ៍ប្រណាំងកង់អន្តរជាតិលើកទី១នៅកំពូលភ្នំបូកគោ។

    កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ការប្រណាំងកង់រយៈចម្ងាយ៣២គីឡូម៉ែត្រ ដោយកំណត់ការប្រើពេលវេលាប្រណាំងជិះពីក្រោមឡើងមកលើភ្នំនោះ អ្នកស្រី ស៊ីវឡាងបានយកឈ្នះកីឡាការិនី៥រូបដែលបានចូលរួម ដែលមាន កម្ពុជា ម៉ាឡេស៊ី និងថៃហើយក្នុងនោះមានកីឡាការិនីម្នាក់ ជាជម្រើសជាតិរបស់ប្រទេសម៉ាឡេស៊ីបានចូលរួមប្រកួតជាមួយអ្នកស្រីផងដែរ ប៉ុន្តែមិនអាចយកឈ្នះអ្នកស្រីបានឡើយ និងជាមួយគ្នានោះមានកីឡាការិនីថៃម្នាក់បានបោះបង់សិទ្ធិប្រកួតនៅក្នុងថ្ងៃប្រកួត។

    ថ្ងៃចុងក្រោយនៃការប្រកួតរយៈចម្ងាយ ៥១គីឡូម៉ែត្រផ្នែកនារីកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ ដោយត្រូវជិះពីលើភ្នំចុះក្រោមព័ទ្ធជុំវិញ រួចឡើងមកលើភ្នំវិញ ជ័យជម្នះលេខ១ក៏បានទៅលើកីឡាការិនី ហេង ស៊ីវឡាង មកពីក្រុម Flying Bikes ប្រើរយៈពេល១ម៉ោង ៣២នាទី ៤៩វិនាទី លេខ២ បានទៅលើកីឡាការិនី ហេង សៀវហ្គិច មកពីក្រុម Fly Bikes ប្រើពេល១ម៉ោង ៤១នាទី ៤៣វិនាទី និងលេខ៣ កីឡាការិនី Lim Pek Yen មកពីប្រទេសម៉ាឡេស៊ីដែលជាជម្រើសជាតិនោះ ប្រើពេល១ម៉ោង៤១នាទី១វិនាទី។

    បូកសរុបលទ្ធផលទាំងពីរថ្ងៃ គណៈកម្មការខ្មែរ និងម៉ាឡេស៊ី ដែលរៀបចំការប្រកួតបានវាយតម្លៃឱ្យអ្នកនាង ហេង ស៊ីវឡាង ជាប់ជយលាភីលេខ១ នៃការប្រណាំងកង់អន្តរជាតិលើភ្នំបូកគោប្រចាំឆ្នាំ២០១៧។

    ជានារីស្រឡាញ់ការប្រណាំងកង់ម្នាក់ និងលើកមុខមាត់ប្រទេសជាតិយើងបានបង្ហើបថា “សម្រាប់ការប្រណាំងកង់លើភ្នំនេះជួបការលំបាកច្រើន ដូចជាធ្វើឱ្យតឹងជើង ជាដើម។ ដូច្នេះមុនការប្រកួត ត្រូវធ្វើការហ្វឹកហាត់រយៈពេលប្រហែលមួយអាទិត្យ ឬពីរអាទិត្យសម្រាប់ទឹកដីលើភ្នំនេះយ៉ាងហោចឱ្យបានពីរបីដងដែរ ទើបធ្វើឱ្យសាច់ដុំជើងមិនឈឺ និងស៊ាំជើង។ តាមធម្មតាផ្លូវឡើងភ្នំខ្ញុំមិនសូវពូកែប៉ុន្មានទេ ប៉ុន្តែខ្ញុំបានហ្វឹកហាត់ប៉ុន្មានដងដែរ ទើបស៊ាំ មិនសូវពិបាកប៉ុន្មាន»។

    សូមរំឭកថា អ្នកស្រី ហេង ស៊ីវឡាង ធ្លាប់ដណ្តើមបានជយលាភីលេខ១ក្នុងការប្រណាំងកង់លើភ្នំបូកគោក្នុងចម្ងាយ៣២គីឡូម៉ែត្រកាលពីឆ្នាំ២០១៣។ អ្នកស្រីក៏បានក្លាយជាម្ចាស់ជយលាភីលេខ១ ក្នុងការជិះចម្ងាយ១១៧គីឡូម៉ែត្រ ក្នុងការប្រកួតប្រណាំងកង់ដើម្បីកុមារលើកទី១១ ឆ្នាំ២០១៦ផងដែរ។

    កម្មវិធីប្រកួតប្រណាំងកង់បើកទូលាយម៉ាឡេស៊ីឆ្នាំ២០១៦ចម្ងាយផ្លូវ១០៥គីឡូម៉ែត្រដែលមានកីឡាករ កីឡាករិនីចូលរួមសរុបប្រមាណ៣,០០០នាក់ អ្នកស្រីហេង ស៊ីវឡាង បានឈ្នះជយលាភីលេខ១ផ្នែកនារីដោយប្រើពេល២ម៉ោង ៤២នាទី។ ក្នុងកម្មវិធីប្រណាំងកង់របស់ម៉ាឡេស៊ីនេះដដែល អ្នកស្រីបែរជាទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤ ប៉ុណ្ណោះកាលពីដើមឆ្នាំ២០១៧។

    កាលឆ្នាំ២០១៥ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៨ នៅប្រទេសសិង្ហបុរី អ្នកស្រីបានឈរនៅចំណាត់ថ្នាក់លេខ២ និងលេខ៣ រួចទៅហើយ ប៉ុន្តែដោយសារគ្រោះអកុសល អ្នកស្រីមិនឈ្នះលេខ១បានដោយសារមកពីកីឡាការិនីជនជាតិវៀតណាមមានចេតនាជិះកៀរឲ្យអ្នកស្រីដួលទើបមិនអាចយកមេដាយមាសមកជូនជាតិបាននៅពេលនោះ។

    កន្លងមកថ្មីៗនេះ អ្នកស្រីទើបតែត្រឡប់មកពីហ្វឹកហាត់នៅប្រទេសប្រទេសកូរ៉េក្រោមការជួយជ្រោមជ្រែងរបស់គណៈកម្មការជាតិអូឡាំពិកកម្ពុជា និង សហព័ន្ធកីឡាប្រណាំងកង់ដើម្បីចង់ឱ្យកីឡាការិនីហេង ស៊ីវឡាង អាចដណ្តើមបានមេដាយមាស ជូនជាតិក្នុងព្រឹត្តិការណ៍ SEA GAME ២០១៧ នៅប្រទេសម៉ាឡេស៊ី នាពេលខាងមុននេះ៕

  • ៩ប្រទេស ចូលរួមបិទព្រឹត្តិការណ៍ប្រណាំងកង់អន្តរជាតិកម្រិតអាជីពលើភ្នំបូកគោ

    ៩ប្រទេស ចូលរួមបិទព្រឹត្តិការណ៍ប្រណាំងកង់អន្តរជាតិកម្រិតអាជីពលើភ្នំបូកគោ

    ព្រឹត្តិការណ៍ប្រកួតប្រណាំងកង់កម្រិតអាជីពអន្តរជាតិលើកទី១ នៅតំបន់ភ្នំបូកគោបានបញ្ចប់ហើយបន្ទាប់ពី ប្រកួតរយៈពេល២ថ្ងៃគឺថ្ងៃទី៦ ដល់ទី៧ ខែឧសភានេះ ដោយមានកីឡាករអាជីព និងមិនអាជីពចំនួន ១៤០នាក់ មកពីប្រទេសជិត ១០ក្នុងពិភពលោកចូលរួម។

    ទាំងកីឡាអាជីព ទាំងមិនអាជីពអាចចូលរួមបានគ្រាន់តែការប្រកួតបែងចែកទៅតាមសមត្ថភាព និងតាមប្រភេទអាយុ គឺអាជីពប្រកយតជាមួយក្រុមអាជីព និងអ្នកមិនអាជីពប្រកួតជាលក្ខណៈកម្សាន្តជាមួយក្រុមមិនអាជីព ។

    បន្ថែមលើនេះ លោកក៏បានបង្ហាញពីមោទនៈភាពផងដែរ ចំពោះការរៀបចំព្រឹត្តិការណ៍លក្ខណៈអន្ដរជាតិនេះ ដែលបានរួមចំណែកជួយដល់សង្គម ដោយទទួលបានថវិកាពីការចុះឈ្មោះ បូករួមទាំងការចូលរួមបរិច្ចាគពីក្រុមហ៊ុនស្រាបៀរកម្ពុជា និងធានាគារ RHB មួយចំនួនធំ សម្រាប់ជួយអង្គការកុមារក្រីក្រ ដែលជាគោលជួយរបស់សហព័ន្ធទៀតផង ។

    ចំពោះលទ្ធផលវិញនោះគឺសម្រាប់ការប្រណាំងកម្រិតអាជីពបុរសចម្ងាយ៨៥គីឡូម៉ែត្រលេខ១បានទៅកីឡា ករ Muhammad Fauzan Bin Ahmad ជិះក្នុងថិរវេលា២ម៉ោង១៣នាទី៣៧វិនាទីលេខ ២កីឡាករ Muhammad Elmi Bin Jumari ជិះក្នុងថិរវេលា២ម៉ោង១៤នាទីដែលពួកគេទាំង២មកពីម៉ាឡេស៊ី និងលេខ ៣កីឡាករវៀតណាម Nguyen Van Duong ជិះក្នុងថិរវេលា២ម៉ោង១៥នាទី២៥វិនាទី ។

    ប្រណាំងចម្ងាយ៥១គីឡូម៉ែត្រនារីបើកទូលាយចំណាត់ថ្នាក់លេខ ១កីឡាការិនីកម្ពុជាហេង ស៊ីវឡាងជិះក្នុង ថិរវេលា ១ម៉ោង ៣២នាទី​៤៩វិនាទី លេខ ២កីឡាការិនីកម្ពុជាដែរឈ្មោះហេង ស៊ីហ្គិចដែរជិះក្នុងថិរវេលា ១៖៤១ នាទី៤៣វិនាទីពួកគេមកពីក្លិបកង់ហោះជាមួយគ្នា ។

    ប្រណាំងចម្ងាយ៨៥គីឡូម៉ែត្របុរសបើកទូកាលលេខ ១កីឡាករRazif Salleh មកពីក្លិបEnduraceជិះក្នុង ថិរវេលា ២ម៉ោង ២៦​នាទី​ ០៦វិនាទី លេខ២ កីឡាករខេង ទីទីមកពីក្លិបតាខ្មៅជិះក្នុងថិរវេលា២ម៉ោង២៦នាទី០៦ដែរនិង លេខ៣កីឡាករហួត ឡូយរស្មីមកពីក្លិបកង់ហោះជិះក្នុងថិរវេលា២ម៉ោង២៦នាទី០៧វិនាទី ។

    ប្រណាំង៥១គីឡូម៉ែត្របុរសអាយុ៤០ឆ្នាំឡើងលេខ ១ កីឡាករ Jeremy Hunt មកពីក្លិបLotus Pond ជិះ ក្នុងថិរវេលា ១ម៉ោង ២៧នាទី ៣២វិនាទី។ លេខ២កីឡាករ RaviRafiមកពីក្លិបEnduraceជិះក្នុងថិរវេលា១ម៉ោង២៧ នាទី៣៤វិនាទីនិង ចំនាត់លេខ ៣បានទៅកីឡាករ Steven Wong មកពីសឹង្ហបូរីជិះក្នុងថិរវេលា ១ម៉ោង ៣១នាទី ៤៦វិនាទី ។

    ចំពោះការជិះកង់ឡើងភ្នំដែលគេប្រសិទ្ធិនាមថា King Of Mountain(KOM)វិញនោះគឺជាការជិះកម្រិតអាជីព វិញនោះចំណាត់ថ្នាក់លេខ ១បានទៅកីឡាករមកពីប្រទេសវៀតណាមក្លិបដុងណាយឈ្មោះLoic Des Riac ជិះក្នុង ថិរវេលា១ម៉ោង៤៩ នាទី៥១ វិនាទី ។ លេខ២កីឡាករ Nik Mohd Azwan មកពីក្លិបPDM ៕