Tag: ភ្ជាប់ពាក្យ

  • ​មហាសេដ្ឋី Bill Gates មាន​មិត្ត​ស្រី​ថ្មី! តើ​ស្ត្រី​រូប​នេះ​ជា​អ្នកណា?

    ​មហាសេដ្ឋី Bill Gates មាន​មិត្ត​ស្រី​ថ្មី! តើ​ស្ត្រី​រូប​នេះ​ជា​អ្នកណា?

    Paula Hurd ដែលជា​ស្ត្រី​ម្នាក់​កំពុងមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​មហាសេដ្ឋី​អាម៉េរិក Bill Gates គឺជា​ស្ត្រី​មេម៉ាយ និង​ជា​ភរិយា​របស់​សព​អតីត CEO របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Oracle ហើយ​ធ្លាប់​ធ្វើជា​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៅក្នុង​ក្រុមហ៊ុន​សប​វ៉ែ​រ។

    កាលពី​ចុង​សប្ដាហ៍​កន្លង Paula Hurd អាយុ 60 ឆ្នាំ បាន​បង្ក​ការភ្ញាក់ផ្អើល នៅពេល​រួម​ដំណើរ​ជាមួយ​លោក Bill Gates អាយុ 67 ឆ្នាំ ទៅ​ជួបកូនៗរបស់​សហ​ស្ថាបនិក Microsoft ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ New York។ អ្នកស្រី Paula ពាក់ចិញ្ចៀន​លើ​ម្រាមដៃ​នាង ធ្វើឱ្យមាន​ការសន្និដ្ឋាន​ថា អ្នកស្រី​បាន​ភ្ជាប់ពាក្យ​ជាមួយ​មហាសេដ្ឋី Bill Gates។ ក៏ប៉ុន្តែ តំណាង​របស់​អ្នកស្រី​និយាយថា អ្នកស្រី​បាន​ពាក់ចិញ្ចៀន​នេះ​តាំងពី​រាប់សិប​ឆ្នាំមុន​មកម្ល៉េះ ហើយ​វា​មិន​តំណាងឱ្យ​ការភ្ជាប់​ពាក្យ។

    លោក Bill Gates និង​អ្នកស្រី Melinda French Gates បាន​លែងលះគ្នា​កាលពី​ពាក់កណ្ដាល​ឆ្នាំ 2021 ក្រោយពី​បានរស់នៅ​ជាមួយគ្នា​អស់ 27 ឆ្នាំ។

    តាំងពី​ឆ្នាំ 2022 លោក Bill Gates និង​អ្នកស្រី Paula Hurd ធ្លាប់បាន​បង្ហាញខ្លួន​ជាមួយគ្នា​នៅ​ទីសាធារណៈ​ជាច្រើនលើក ប៉ុន្តែ​រហូតដល់​ខែកុម្ភៈ​ឆ្នាំ 2023 ទើប​ប្រភពព័ត៌មាន​មួយ​ដែល​ជិតស្និទ្ធ បាន​បង្ហើប​ឱ្យដឹងថា អ្នក​ទាំងពីរ​កំពុងមាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា។

    អ្នកស្រី Paula គឺជា​ស្ត្រី​មេម៉ាយ និង​ជា​ភរិយា​របស់​សព​លោក Mark Hurd អតីត​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Oracle។ អ្នកស្រី Paula និង​លោក Mark Hurd បានរស់នៅ​ជាមួយគ្នា​ជិត 30 ឆ្នាំ និង​មាន​កូនស្រី​ពីរ​នាក់ រហូតដល់​លោក Hurd បានទទួល​មរណភាព​ដោយសារ​ជំងឺមហារីក កាលពី​ខែតុលា​ឆ្នាំ 2019។

    អ្នកស្រី Paula បានបញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ Texas នៅ Austin។ អ្នកស្រី​ធ្លាប់​ធ្វើការ​ជា​បុគ្គលិក​ធម្មតា ក៏ដូចជា​អ្នកគ្រប់គ្រង​នៅក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា NCR រយៈពេល​ពីរ​ទសវត្ស​រ៍។ បច្ចុប្បន្ន អ្នកស្រី​ធ្វើការ​ក្នុងនាម​ជា​អ្នក​អភិវឌ្ឍ និង​ប្រារព្ធ​ព្រឹត្តិការណ៍​ច្រើន​ប្រភេទ​សម្រាប់​បុគ្គល ក្រុមហ៊ុន និង​ក្រុម​មនុស្សធម៌​នានា។

  • នៅពេលកូនតូចឈានចូលខែទី 10

    នៅពេលកូនតូចឈានចូលខែទី 10

    ខែទី 10

    លក្ខណៈរបស់កូនតូច

    រយៈនេះកូនច្រើនមានធ្មេញខាងមុខដុះឡើងគ្រប់ 4 គ្រាប់ហើយ តែនៅមិនទាន់ដល់ថ្នាក់ត្រូវដុសធ្មេញឱ្យបានទេ គ្រាន់តែយកក្រណាត់ស្អាតមកជូតឱ្យក៏គ្រប់គ្រាន់ហើយ។ ថ្ងៃនេះអត្រាកើនឡើងនៃទម្ងន់ខ្លួននឹងថយចុះប្រមាណជា 5 – 10ក្រាមក្នុងមួយថ្ងៃជាមធ្យម។

    ខែនេះចាប់ផ្ដើមមានភាពជាខ្លួនឯងច្រើនឡើងហើយ ចេះតតាំងនឹងអ្វីដែលមិនចង់ធ្វើច្រើនឡើង ដូចជាមិនចូលចិត្តឱ្យគេចាប់ដាក់អង្គុយលើកន្ថោរដើម្បីជុះ ជាដើម។ អំឡុងពេលនេះអ្នកម្ដាយអាចនឹងបណ្ដោយកូនឱ្យលេងតែឯងខ្លះ ហើយការលេងកូននឹងបង្កប់ទៅដោយការចង់ដឹងចង់ឃើញ និងចងចាំជាបណ្ដើរៗហើយ។

    ដល់ពេលញ៉ាំអាហារបន្ថែម

    វ័យនេះ ញ៉ាំអាហារបរិមាណប៉ុនណា អាស្រ័យលើសេចក្ដីត្រូវការ មិនចាំបាច់ធ្វើទុកឱ្យញ៉ាំជាពិសេសនោះទេ អាចបែងពីអាហាររបស់មនុស្សធំមកញ៉ាំបាន។ បើអាហារដែលញ៉ាំមានទាំងម្សៅ បន្លែ សាច់ និងសណ្ដែកហើយ ក៏មិនចាំបាច់បារម្ភថា កូននឹងខ្វះសារជាតិអាហារនោះឡើយ។ ចំណែកកាលវិភាគអាហារបន្ថែមដែលថាកូនគួរតែបានទទួលប៉ុន្មានក្នុងមួយថ្ងៃ 2ពេល ឬ3ពេលនោះគ្រាន់តែជាគោលការណ៍ប៉ុណ្ណោះ។ បើញ៉ាំបាយអស់ក្នុងរយៈពេល 10 – 15 នាទីនោះ ចង់ឱ្យញ៉ាំមួយថ្ងៃ 3ពេលក៏បាន តែបើបញ្ចុកបាយម្ដងៗចំណាយពេលដល់ទៅ 1 ម៉ោងនោះ បើឱ្យញ៉ាំមួយថ្ងៃ 3ពេល កូននឹងគ្មានពេលចេញទៅលេងខាងក្រៅផ្ទះ ព្រោះយ៉ាងហោចណាស់ក៏ត្រូវឱ្យបានចេញទៅលេងនៅក្រៅផ្ទះនៅពេលព្រឹក និងពេលល្ងាចម្ដងៗពី 1ម៉ោង – 1ម៉ោងកន្លះដែរ ហើយពេលវេលានៅសល់ចូរទុកជាពេលវេលាគេង ពេលញ៉ាំបាយ តាមភាពស័ក្តិសមរបស់ក្មេងម្នាក់ៗវិញប្រសើរជាង។

    នំនែក ជារឿងដែលត្រូវតែបណ្ដោយខ្លះៗហើយ

    អ្នកខ្លះមិនព្រមឱ្យកូនញ៉ាំនំឡើយ ព្រោះខ្លាចឆ្អែតរហូតមិនញ៉ាំបាយ តែកូនក៏នៅតែចង់ញ៉ាំដដែលហ្នឹងឯង ដូច្នេះគួរអនុញ្ញាតឱ្យកូនបានញ៉ាំខ្លះចុះ ដូចជានំប៉័ងស្រួយៗ នំប៉ាវ នំបារាំង នំខេក នំចេក នំអាកោ ឬនំខ្មែរផ្សេងៗ តែគួរឱ្យស្អាតមានអនាម័យ រសជាតិផ្អែមល្មមៗ។ ចំណែកផ្លែឈើវិញ គួរឱ្យញ៉ាំជាចំណិតៗ មិនចាំបាច់កិនឱ្យម៉ដ្ឋទៀតទេ។ កំណត់ពេលឱ្យញ៉ាំមិនលើស 2 ដងក្នុងមួយថ្ងៃ ដូចជាឱ្យញ៉ាំទឹកដោះមុនពេលរសៀលជាដើម មិនមែនចេះតែឱ្យញ៉ាំពេញមួយថ្ងៃនោះទេ ព្រោះនឹងធ្វើឱ្យដល់ពេលញ៉ាំបាយ ញ៉ាំបានតិច។

    អាការរោគដែលអាចកើតឡើង

    – នឹកដល់ជំងឺរាតត្បាត

    . បើក្មេងណាមិនដែលគ្រុនក្ដៅខ្លួនពីមុនមក ពេលមិនស្រួលខ្លួនចូរនឹកដល់ជំងឺគ្រុនផ្ដាសាយ បើស្ថិតក្នុងរដូវដែលជំងឺគ្រុនឈាមរាតត្បាត ចូរនឹកដល់ជំងឺគ្រុនឈាម។ ព្យាយាមឱ្យកូនបានញ៉ាំទឹកឱ្យច្រើនក្នុងពេលគ្រុនក្ដៅខ្លួន។ ត្រូវប្រយ័ត្នកុំឱ្យកូនកើតជំងឺដែលឆ្លងមកពីក្មេងដែលលេងជាមួយគ្នា។

    . ចូរនាំកូនទៅចាក់ថ្នាំវ៉ាក់សាំងការពារជំងឺផ្សេងៗតាមអំឡុងអាយុ និងកាលកំណត់របស់ពេទ្យ។

    – ខាងក្រោយត្រចៀកកូនមានដុំអ្វីម្យ៉ាងរឹងៗ

    . អ្នកម្ដាយអាចប្រទះឃើញមានដុំរឹងៗប៉ុនគ្រាប់សណ្ដែកនៅក្រោយស្លឹកត្រចៀក អាចមានតែម្ខាង ឬទាំងសងខាងក៏មាន ពេលចុច ឬសង្កត់ប៉ះ កូនមិនបានបង្ហាញអាការឈឺចាប់អ្វីឡើយ។ ការពិតដុំសាច់នេះគឺ ក្រពេញទឹករងៃដែលធំឡើងខ្លាំង ជាពិសេសបើមានបូសរមាស់នៅលើក្បាល ហើយកូនចូលចិត្តអេះផង មេរោគដែលជាប់នឹងក្រចកដៃនឹងចូលទៅក្នុងក្រោមស្បែកក្បាល ហើយក្រពេញទឹករងៃដែលធ្វើការទប់ស្កាត់នោះនឹងរីកធំឡើង តែក្រោយមកនឹងបាត់ទៅវិញដោយឯកឯង។ តែបើក្រពេញទឹករងៃរលាកក្លាយ បរិវេណនោះនឹងឡើងក្រហម ឈឺនៅពេលចុចចំ។ វិធីការពារ គឺកុំឱ្យកូនកើតបូសរមាស់នៅលើក្បាល កាត់ក្រចកដៃឱ្យខ្លី ហើយបើដុំរឹងៗនោះធំឡើង ត្រូវនាំកូនទៅឱ្យគ្រូពេទ្យពិនិត្យ។

    វិវឌ្ឍនាការរបស់កូនតូច

    – រាងកាយ

    . ចេះតោងតុ ឬឱ្យដឹកដៃ ហើយដើរទៅមកជុំវិញបានហើយ

    . ចាប់ផ្ដើមហាត់ឈរដោយមិនបាច់តោងអ្វីបានហើយ អាចឈរដោយខ្លួនឯងបានមួយភ្លែតៗ។

    . សម្រាប់ក្មេងដែលឆាប់ចេះដើរ អាចដើរបានហើយក្នុងអំឡុងពេលនេះ។

    .​ ចេះចង្អុលប្រាប់ពីអវយវៈរបស់ខ្លួនឯងបាន។

    . ចាប់ផ្ដើមចេះកាន់របស់ដោយដៃម្ខាងបានហើយ តែនៅមិនទាន់អាចបញ្ជាក់បានថា កូនថ្នឹកប្រើដៃខាងណាបាននៅឡើយ។

    . ចេះទាញមួកចេញពីក្បាលខ្លួនឯងបានហើយ។

    – សង្គមជុំវិញខ្លួន

    . ចេះភ្ជាប់ពាក្យសម្ដីជាមួយអាកប្បកិរិយា ដូចជា ការបញ្ជូនស្នាមថើប ញញឹមស្រស់ស្រាយជាដើម។

    . ញ៉ាំចំណីដោយខ្លួនឯងកាន់តែថ្នឹកឡើង និងលើកកែវទឹកញ៉ាំដោយខ្លួនឯងបាន។

    . ចេះធ្វើត្រាប់អាកប្បកិរិយា និងទឹកមុខរបស់អ្នកនៅជិតដិតនឹងខ្លួនបាន។

    . ចេះស្ដាប់បទចម្រៀង និងយោលខ្លួនតាមនៅពេលបានឮសំឡេងបទភ្លេង។

    ឧស្សាហ៍លេងជាមួយកូនផង

    . កូនចូលចិត្តលេងបិទភ្នែកវាក់អ៊ើ ធ្វើមាត់ចំបូញ ចូលចិត្តលេងបើក-បិទគម្របដបហើយចាក់ទឹកចោល ឬលេងជាមួយពពុះសាប៊ូពេលងូតទឹក ជាដើម។

    . គួរឱ្យកូនបានហាត់ប្រាណខ្លះ ដោយឱ្យតោងធុង ឬកេសធំៗដែលមានដាក់ឥវ៉ាន់ធ្ងន់ៗ ហើយរុញដើរ តែមិនគួរឱ្យដើររុញរទេះដែលមានកង់រអិលៗឡើយ ព្រោះរទេះនឹងរអិលទៅមុខលឿន តែបើកៅអីធ្ងន់ៗដែលមានកង់ អាចឱ្យក្មេងរុញលេងបាន តែឪពុកម្ដាយត្រូវនៅមើល នៅចាំជួយ និងប្រុងប្រយ័ត្ន។

    . វ័យនេះចូលចិត្តលេងអង្គុយអង្រឹង ដូច្នេះបើចង់ឱ្យលេង ឪពុកម្ដាយត្រូវអង្គុយជាមួយ ហើយរកបន្ទះអ្វីទន់ៗមកក្រាលពីក្រោម ឬមានដីខ្សាច់ពីក្រោមអង្រឹង ដើម្បីការពារពេលកូនធ្លាក់មកកុំឱ្យមានគ្រោះថ្នាក់។

    . កូនមិនទាន់ឈរបានមាំនៅឡើយ ដូច្នេះគួរជួយបង្ហាត់បន្ថែម ដោយឱ្យកូនចាប់ដៃឪពុកម្ដាយទាំងសងខាង ហើយជួយទាញឱ្យឈរឡើង។ បង្ហាត់បែបនេះមួយថ្ងៃ 2ដង មួយដង 5 – 6 នាទីបានហើយ។ បើជាក្មេងដែលមាឌធំ ខ្លួនធ្ងន់រហូតក្រោកឈរមិនរួច មិនគួរបង្ហាត់ឱ្យរៀនក្រោកឈរទេ តែគួរបណ្ដោយឱ្យទៅលេងនៅក្រៅផ្ទះ ឬហាត់ប្រាណលើទីធ្លា យ៉ាងហោចណាស់មួយថ្ងៃ 2 – 3 ម៉ោងប្រសើរជាង៕

  • តើការភ្ជាប់ពាក្យ សំខាន់យ៉ាងណា ហេតុអីត្រូវភ្ជាប់ពាក្យមុនរៀបការ?

    តើការភ្ជាប់ពាក្យ សំខាន់យ៉ាងណា ហេតុអីត្រូវភ្ជាប់ពាក្យមុនរៀបការ?

    តាមទំនៀមទម្លាប់របស់ការរៀបការតាំងពីសម័យបុរាណ មុននឹងមានពិធីមង្គលការឡើងត្រូវតែមានការភ្ជាប់ពាក្យជាទំនៀមទម្លាប់ជាមុនជានិច្ច ហើយទំនៀមទម្លាប់នេះក៏បានទទួលការបន្តធ្វើរហូតមកដល់ពេលបច្ចុប្បន្ន ទោះជាមានគូខ្លះអាចនឹងរំលងដំណាក់កាលនេះ ដើម្បីជាការសន្សំសំចៃថ្លៃចាយវាយក្ដី តែដឹងឬទេថា ការភ្ជាប់ពាក្យក៏មានចំណុចល្អច្រើនយ៉ាងដែរ ដូច្នេះយើងនាំគ្នាមកមើលពីប្រវត្តិថា តើហេតុអីទើបការភ្ជាប់ពាក្យមុនមានពិធីរៀបមង្គលការបានទទួលការអនុវត្តបន្តគ្នាមកក្លាយជាទំនៀមទម្លាប់តាំងពីសម័យបុរាណ?

    គោលបំណងក្នុងការភ្ជាប់ពាក្យ
    ដោយសារតែកាលពីសម័យអតីតកាលនោះការរៀបចំពិធីមង្គលការច្រើនតែជាការរៀបចំដែលកើតឡើងពីអាណាព្យាបាលច្រើនជាងក្នុងការរកគូស្រករដែលល្អឱ្យទៅបុត្រភ្ងានោះ ទើបមានតិចគូណាស់ដែលបានជួបស្នេហ៍ដោយខ្លួនឯង។ ការធ្វើពិធីភ្ជាប់ពាក្យ គឺជានិមិត្តសញ្ញាម្យ៉ាងដើម្បីឱ្យខាងប្រុស និងខាងស្រីមានឱកាសបានសិក្សាមើលចិត្តមើលថ្លើមគ្នាជាមុនមួយខណៈពេលសិន និងជានិមិត្តសញ្ញាមួយប្រាប់ដល់បុរសស្រ្តីដទៃទៀត មិនឱ្យមកចូលជិតក្បែរបុរសស្រ្តីដែលបានភ្ជាប់ពាក្យគ្នាហើយនោះផង។ បើសិននៅមិនទាន់ច្បាស់ប្រាកដក្នុងចិត្ត ឬមិនត្រូវចិត្តអ្វីៗនោះ ក៏នឹងមានការផ្ដាច់ពាក្យគ្នាវិញក្នុងឱកាសតទៅទៀត តែបើសិក្សាមើលចិត្តថ្លើមគ្នាហើយឃើញថានឹងទៅជាមួយគ្នាបាននោះ ក៏នឹងបន្តដោយការដេញពេលារកមើលឫក្សពេលាល្អដើម្បីរៀបការក្នុងវារៈណាមួយដែលស័ក្តិសម។

    ការភ្ជាប់ពាក្យ មានរយៈពេលយូរ ឬឆាប់ប៉ុនណា?
    បើសិនតាមអំណះអំណាងកាលពីអតីតកាលច្រើនតែបញ្ជាក់ពីពេលវេលាភ្ជាប់ពាក្យក្នុងអំឡុងពេលប្រមាណជា6ខែ-12ខែ ជាវេលាដែលស័ក្តិសមល្មមក្នុងការស្គាល់ចិត្តគ្នាទៅវិញទៅមកតែក្នុងបច្ចុប្បន្ននេះ គ្មានការកំណត់ឱ្យប្រាកដជាក់ថា រយៈពេលប៉ុនណាទេ។ គូខ្លះអាចនឹងភ្ជាប់ពាក្យដើម្បីជាការកក់ទុកជាមុន (ភ្ជាប់ពាក្យតាំងពីនៅជំទង់ៗ ហើយមករៀបការនៅពេលចាស់ហើយក៏មាន) លុះពេលវេលាកន្លងទៅ3-5ឆ្នាំទើបរៀបការ។ តែបើគូខ្លះដែលប្រាកដជាក់ក្នុងចិត្តថា នឹងគ្មានបញ្ហាអ្វីក្រោយពេលរៀបអាពាហ៍ពិពាហ៍ហើយទេ ព្រោះបានសិក្សាមើលចិត្តថ្លើមគ្នាក្នុងអំឡុងពេលសេពគប់គ្នាមកយ៉ាងច្បាស់ប្រាកដល្អហើយនោះ ក៏អាចនឹងរៀបចំពិធីភ្ជាប់ពាក្យនៅពេលព្រឹក រួចហើយរៀបការនៅពេលរសៀលតែម្ដងក៏បាន ដែលនេះជាការបង្រួញដំណាក់កាលឱ្យខ្លី និងសន្សំថ្លៃចាយវាយបានច្រើនទៀតផង។

    តើពិធីភ្ជាប់ពាក្យ ត្រូវធ្វើយ៉ាងណាខ្លះ?
    ពិធីភ្ជាប់ពាក្យភាគច្រើន គឺច្រើនជាការឯកភាពគ្នារឿងថ្លៃទឹកដោះរបស់ចាស់ៗទាំងសងខាង រួមទាំងរឿងរបស់ផ្ទះសំបែង និងចំណុចឯកភាពគ្នាមួយចំនួនទៀតក្រោយពេលរៀបការហើយ (គូខ្លះរៀបការគ្នាដោយហេតុផលខាងធុរកិច្ច)។ នៅពេលគ្រប់យ៉ាងរួចរាល់រៀបរយក៏នឹងមានការលើកខាន់ស្លា ព្រមទាំងថ្លៃទឹក-ដោះ មាសប្រាក់ និងគ្រឿងបណ្ណាការដែលបានឯកភាពគ្នានោះទៅជូនដល់ផ្ទះខាងកូនក្រមុំ។បន្ទាប់ពីនោះក៏ធ្វើពិធីបំពាក់ចិញ្ចៀនភ្ជាប់ពាក្យនៅចំពោះមុខសាក្សី ហើយទើបនាំយកភោជនាហារចេញមកជប់លៀងពិសាជាកិច្ចបញ្ចប់ពិធី និងអាចនឹងមានការជជែកនិយាយគ្នាម្ដងទៀតអំពីរឿងការរៀបចំពិធីមង្គលការនាពេលអនាគតដ៏ខ្លីខាងមុខ​។

    អាចនិយាយបានថា ជាកលឧបាយម្យ៉ាងនៅក្នុងអតីតកាលដែលសមហេតុសមផលបំផុតយ៉ាងហោចណាស់ក៏ការភ្ជាប់ពាក្យអាចរាប់បានថា ជាការបានសម្រេចចិត្តដ៏ច្បាស់លាស់មួយ​ និងជាការសាកសួរបេះដូងរបស់ខ្លួនឯងម្ដងទៀតថា តើបានត្រៀមខ្លួនជាស្រេចក្នុងការរស់នៅជាមួយអនាគតគូជីវិតហើយឬនៅ៕