Tag: ភ័ស្ដុតាង

  • វិស័យ​អវកាស​ឥណ្ឌា​៖ តាំង​ពី​ដឹក​រ៉ុក្កែត​តាម​កង់ រហូត​ដល់​បាន​ឡើង​ដល់​ឋានព្រះចន្ទ

    វិស័យ​អវកាស​ឥណ្ឌា​៖ តាំង​ពី​ដឹក​រ៉ុក្កែត​តាម​កង់ រហូត​ដល់​បាន​ឡើង​ដល់​ឋានព្រះចន្ទ

    អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌាបាន​ទទួល​ជោគ​ជ័យ​ក្រោយ​ពី​ការ​ប្រឹង​ប្រែង​មិន​ឈប់​ឈរ​រយៈ​ពេល​យូរ​ រាប់​ចាប់​តាំង​ពី​ការ​ដឹក​ជញ្ជូន​គ្រឿង​ផ្គុំ​របស់​រ៉ុក្កែត​ដោយ​ប្រើ​ប្រាស់​កង់ និង​រទេះ​គោ​ រហូត​ដល់​បច្ចេក​វិទ្យា​ទំនើប​នាំ​ទៅ​រក​បេសក​កម្ម​ចន្ទ្រាយាន-3 (Chandrayaan-3)។

    ​ថ្ងៃទី 23 សីហា 2023 គឺជា​ថ្ងៃ​ដ៏​អស្ចារ្យ​សម្រាប់​ឥណ្ឌា និង​ការ​ស្រាវ​ជ្រាវ​អវកាស​។ យាន​អវកាស​ចន្ទ្រាយាន-3 របស់​អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌា (ISRO) បាន​ចុះ​ចត​ដោយ​ជោគ​ជ័យ​នៅ​លើ​ឋាន​ព្រះ​ចន្ទ​ នាំ​ឱ្យ​ឥណ្ឌា​ក្លាយ​ជា​ប្រទេស​ទី​បួន​បន្ទាប់​ពី​សូវៀត អាម៉េរិក និង​ចិន ដែល​ធ្លាប់​បាន​បញ្ជូន​យានស្វ័យ​ប្រវត្ត​​ទៅ​ចុះ​ចត​នៅ​ទី​នេះ​។ នេះ​បើ​តាម​ទំព័រ Space News។

    ជោគ​ជ័យ​ខាងលើ​ក៏​បាន​ធ្វើ​ឱ្យ​ចន្ទ្រាយាន-3 ក្លាយ​ជា​យាន​អវកាស​ដំបូង​គេ​ដែល​បាន​ចុះចត​នៅ​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​ ជា​ទី​ដែល​មាន​ទឹកកក​ និង​រ៉ែ​មាន​តម្លៃ​ជា​ច្រើន​។​ ជោគ​ជ័យ​របស់​យាន​អវកាស​ឥណ្ឌានឹង​ដើរ​តួនាទី​សំខាន់​​ក្នុង​ការ​ប្រមូល​ទិន្នន័យ​នានា​សម្រាប់​ជួយ​ដល់​បេសក​កម្ម​ឋាន​ព្រះ​ចន្ទ​ក្នុង​អនាគត​។ ឥណ្ឌា​ទទួល​បាន​ជោគ​ជ័យ​នេះ​បន្ទាប់​ពី​បេសកកម្ម Luna-25 របស់​រុស្ស៊ី​បាន​បរាជ័យ​ក្នុងការ​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​។

    ចន្ទ្រាយាន​-1 ដែល​ជា​យាន​អវកាស​ដែល​ធ្លាប់​ហោះ​ជុំវិញ​ព្រះចន្ទ​ក្នុង​ឆ្នាំ 2008 គឺជា​ការ​ប្រឹង​ប្រែង​ដំបូង​របស់​ឥណ្ឌា ដើម្បី​បាញ់​បង្ហោះ​យាន​ចេញ​ពី​ផែនដី​។ នោះ​ក៏​ជា​បេសក​កម្ម​ដំបូង​ដែល​បាន​រក​ឃើញ​ទឹក​លើ​ផ្ទៃ​ព្រះ​ចន្ទ ដែល​នេះ​បាន​ជះឥទ្ធិពល​ធំធេង​ដល់​គម្រោង​អវកាស​របស់​អាម៉េរិក និង​ចិន​។ ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​ក៏​ជា​ទីតាំង​ចុះ​ចត​នៃ​​បេសក​កម្ម​ Artemis-3 របស់​អាម៉េរិក​ផងដែរ​។

    ចាប់​ពី​ការ​ដឹក​ជញ្ជូន​គ្រឿង​ផ្គុំ​​របស់​រ៉ុក្កែត​ដោយ​ការ​ប្រើ​ប្រាស់​កង់ និង​រទេះ​គោ រហូត​ដល់​បេសក​កម្ម​ចន្ទ្រាយាន-3 រឿង​រ៉ាវ​ស្ដី​ពី​វឌ្ឍនភាព​របស់ ISRO គឺ​ដូច​ទៅ​នឹង​ខ្សែ​ភាព​យន្ត​។ «ជោគ​ជ័យ​ដ៏​មហា​ធំធេង​នេះ​គឺជា​ភ័ស្ដុតាង​បង្ហាញ​អំពី​ការ​ប្រឹង​ប្រែង​មិន​ឈប់​ឈរ​នៃ​​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​របស់​យើង​» នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi ធ្លាប់​បាន​សរសេរ​ដូច្នេះ​នៅ​លើ​បណ្ដាញ​សង្គម​។

    ប្រវត្តិរបស់​ ISRO មាន​ចំណុច​ពិសេស​មួយ នោះ​​គឺ​ភាព​ធន់​ ច្នៃ​ប្រឌិត និង​សហការ​។ ISRO ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ 1969 និង​រក្សា​កម្មវិធី​ស្រាវជ្រាវ​អវកាស​តាំង​ពី​ឆ្នាំ 1988​ ហើយ​បាន​ផ្ដល់​ទិន្នន័យ​ដ៏មាន​តម្លៃ​ទាក់​ទង​នឹង​ទិដ្ឋភាព​ផែនដី​។ កាមេរ៉ា​ PAN របស់​ពួក​គេ​ធ្លាប់​ជា​កាមេរ៉ា​ស៊ីវិល​ដែល​មាន​កម្រិត​ភាព​ច្បាស់​ខ្ពស់​បំផុត​ មុន​ពេល​ផ្កាយ​រណប​ Ikonos របស់​ក្រុម​ហ៊ុន​ DigitalGlobe នៅ​សហរដ្ឋ​អាម៉េរិក​ បាញ់​បង្ហោះ​កាល​ពី​ឆ្នាំ 1999​។

    ISRO បាន​បាញ់​បង្ហោះ​យាន​អវកាស​ចំនួន 124 លើក ក្នុង​នោះ​ក៏​​មាន​យាន​ 3 គ្រឿង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ និង​ 1 គ្រឿង​ទៅ​កាន់​ភព​អង្គារ​ ព្រម​ទាំង​បាន​ជួយ​ដល់​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​ 424 គ្រឿង​ពី​​ប្រទេស​​នានា​ផងដែរ​។ រ៉ុក្កែត PSLV របស់​ឥណ្ឌា​គឺជា​ជម្រើស​ដំបូង​សម្រាប់​បេសក​កម្ម​ហោះ​ហើរ​ទៅ​កាន់​ទី​អវកាស​ ដោយ​ធ្លាប់​ដាក់​ពង្រាយ​ផ្កាយ​រណប 104 គ្រឿង​ក្នុង​មួយ​ជើង​កាល​ពី​ឆ្នាំ​ 2017 ដែល​ជា​កំណត់​ត្រា​ពិភព​លោក រហូត​ដល់​បេសកកម្ម​ Transporter-1 របស់ SpaceX យក​ឈ្នះ​កាល​ពី​ឆ្នាំ 2021​។

    ឆ្នាំ 2018 ISRO បាន​ដំឡើង​ប្រព័ន្ធ​កំណត់​ទិស​ផ្ទាល់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា NavlC ដើម្បី​ជំនួស​ GPS របស់​អាម៉េរិក និង​ប្រព័ន្ធ​កំណត់​ទិស​របស់​រុស្ស៊ី ចិន សហភាព​អឺរ៉ុប និង​ជប៉ុន​។


    បណ្ដា​បេសកកម្ម​ ចន្ទ្រាយាន ឬ​ចន្ត្រាយាន (Chandrayaan) បាន​បង្ហាញ​ថា ឥណ្ឌា​កំពុងក្លាយ​ជា​​ម្ចាស់​មួយ​របស់​​វិស័យ​បច្ចេកវិទ្យា​ដឹក​ជញ្ជូន​ធុន​ធ្ងន់​។ ជោគ​ជ័យ​កន្លង​មក​បាន​បញ្ជាក់​ថា ឥណ្ឌា​មាន​លទ្ធភាព​គ្រប់​គ្រាន់​ដើម្បី​អនុវត្ត​គម្រោង​នានា​នៅ​ឋានព្រះ​ចន្ទ​ក្នុងពេល​អនាគត​៕

  • YouTube លុបវីដេអូ​រាប់ពាន់​របស់​​ឆានែល​​នៅ​​វៀតណាម ​ដោយ​​ជឿ​ថា បាន​រំលោភ​គោល​ការណ៍

    YouTube លុបវីដេអូ​រាប់ពាន់​របស់​​ឆានែល​​នៅ​​វៀតណាម ​ដោយ​​ជឿ​ថា បាន​រំលោភ​គោល​ការណ៍

    YouTube បាន​លុប​វីដេអូ​ចំនួន​រាប់ពាន់​ដែល​និយាយ​អំពី​តួអង្គ Wolfoo ដោយសារមាន​ការ​តវ៉ា​ថា បាន​រំលោភ​​កម្មសិទ្ធិបញ្ញារបស់ Peppa Pig ប៉ុន្តែ​ខាង​ក្រុមហ៊ុន​វៀតណាម​ថា មិនបានធ្វើ​ខុស​​គោលការណ៍។

    Sconnect ជា​ក្រុមហ៊ុន​ផលិត​វីដេអូ​របស់​វៀតណាម ដែល​នៅ​ពីក្រោយ​តួអង្គ​ភាពយន្ត​គំនូរ​ជីវ​ច​ល Wolfoo យល់ថា YouTube បាន​លុប​វីដេអូ​ទាំងនេះ​ដោយ​ខុសច្បាប់ បណ្ដាលឱ្យ​​ឆា​នែ​ល​នានា​​របស់​ក្រុមហ៊ុន​នេះ​ ត្រូវ​បាត់បង់​វីដេអូ​ជាង 3,000 និង​ចំនួន​​អ្នក​​ចូល​​មើល​រាប់ពាន់​លាន​លើក។

    ក្នុង​របាយការណ៍​ដែល​បាន​ផ្ញើ​ល​ទៅកាន់​អាជ្ញាធរ​វៀតណាម​កាលពី​ចុងខែ​កក្កដា Sconnect ឱ្យដឹងថា បណ្ដា​វីដេអូ​របស់​ពួកគេ​ត្រូវបាន​បណ្ដាញ​សង្គម​របស់ Google លុបចោល​ដោយ​លើក​​ហេតុផល​ថា បាន​រំលោភ​លើ​គោលការណ៍​កម្មសិទ្ធិបញ្ញា​ស្ដីពី​រូបភាព និង​សំឡេង។ ភាគី​ដែល​បាន​រាយការណ៍​ទៅ YouTube គឺ Entertainment One (EO) ដែលជា​ក្រុមហ៊ុន​នៅ​ពីក្រោយ​តួអង្គ​​គំនូរ​ជីវចល​ជ្រូក Peppa។

    គំនូរ​ជីវចល Peppa Pig

    យោងតាម Sconnect ទាំង EO ទាំង YouTube សុទ្ធតែ​មិនបាន​លើកឡើង​ភ័ស្ដុតាង​ច្បាស់លាស់​ដែល​បង្ហាញថា បណ្ដា​វីដេអូ Wolfoo បាន​រំលោភ​លើ​គោលការណ៍​កម្មសិទ្ធិ​រូបភាព និង​សំឡេង​នៅក្នុង​វីដេអូ​របស់ Peppa Pig។ ក្រៅពីនេះ សំឡេង និង​រូបភាព​ទាំងនេះ​ក៏​សុទ្ធតែ​មាននៅ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ។

    ក្រុមហ៊ុន​វៀតណាម​ខាងលើ​ឱ្យដឹងថា បាន​ផ្ញើ​ការ​តវ៉ា​​នេះ​ទៅកាន់​តំណាង YouTube តាំងពី​ខែមិថុនា ប៉ុន្តែ​ក្រោយ​រយៈពេល​ជាង​មួយខែ នៅតែ​មិនទាន់​ទទួលបាន​ចម្លើយ។ ចំណែក​ចំនួន​វីដេអូ​ដែល​ត្រូវបាន​លុប និង​មិនអាច​ស្ដារឡើងវិញ​បាន នៅតែ​បន្ត​កើនឡើង គ្រា​ដែល​​ឆា​នែ​ល​ជាច្រើន​មិនអាច​បង្ហោះ​វីដេអូ​ថ្មី បង្កឱ្យមាន​ការខាតបង់​យ៉ាងធ្ងន់ធ្ងរ។

    គំនូរ​ជីវចល Wolfoo

    យោង​តាម​ការ​គណនា​នៅ​លើ​ទំព័រ SocialBlade ឆា​នែ​ល Wolfoo Family របស់ Sconnect បាន​បត់​បង់​ចំនួន​អ្នក​ចូល​មើល​អស់​ប្រហែល 2.4 ពាន់​លាន​លើក ក្រោយពី​វីដេអូ​នានា​របស់​ឆា​នែ​ល​នេះ​ត្រូវបាន​លុប​កាលពី​ខែឧសភា 2023។

    ក្នុង​ពេល​​ដែល​អាជ្ញាធរ​វៀតណាម​កំពុង​រក​ដំណោះស្រាយ ភាគី​ខាង YouTube និង EO មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទង​នឹង​ការតវ៉ា​របស់ Sconnect៕

  • ភ្នំភ្លើង​ធំជាងគេ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ធ្លាប់ជា​កោះ​នៅ​កណ្ដាល​សមុទ្រ

    ភ្នំភ្លើង​ធំជាងគេ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ធ្លាប់ជា​កោះ​នៅ​កណ្ដាល​សមុទ្រ

    ភ្នំភ្លើង Olympus Mons ដែលមាន​កម្ពស់ 25 គីឡូម៉ែត្រ នៅលើ​ផ្ទៃ​ភព​អង្គារ ទំនងជា​ធ្លាប់​ស្ថិតនៅ​កណ្ដាល​មហាសាគរ។

    ពេល​ភព​អង្គារ​នៅ​ក្មេង និង​ពេញ​ដោយ​ទឹក​កាលពី​រាប់ពាន់​លាន​ឆ្នាំមុន ភ្នំភ្លើង​ខ្នាត​ធំ Olympus Mons ទំនង​ជាមាន​រូបរាង​ដូច​ទៅនឹង​ភ្នំភ្លើង Stromboli ឬ Savai’l នៅលើ​ផែនដី ប៉ុន្តែ​ធំ​ជាង​ឆ្ងាយ។ ការវិភាគ​ថ្មី​ត្រូវបាន​ប្រកាស​លើ​ទស្សនាវដ្ដី Earth and Planetary Science Letters ដែល​បង្ហាញ​អំពី​ចំណុច​ប្រហាក់ប្រហែលគ្នា​រវាង​ភ្នំភ្លើង Olympus Mons និង​បណ្ដា​កោះ​ភ្នំភ្លើង​សកម្ម​នៅលើ​ផែនដី ផ្ដល់​អំណះអំណាង​ថ្មី​ស្ដីពី​អតីតកាល​ដែល​ពេញ​ដោយ​ទឹក​រាវ​របស់​ភព​អង្គារ។ នេះ​បើតាម Science Alert ចុះផ្សាយ​កាលពី​ថ្ងៃទី 27 កក្កដា 2023។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ Paris-Saclay នៅ​ប្រទេស​បារាំង បានឱ្យដឹងថា ផ្នែក​ខាងលើ​នៃ​ចង្កេះភ្នំ​ដែលមាន​កម្ពស់ 6 គីឡូម៉ែត្រ ព័ទ្ធជុំវិញ​ភ្នំភ្លើង Olympus Mons ទំនងជា​បានកើត​ឡើង​ដោយសារ​កំ​អែ​ភ្នំភ្លើង​ហូរ​ចូលទៅក្នុង​ទឹក​រាវ នៅពេល​រចនាសម្ព័ន្ធ​នេះ​គឺជា​កោះ​ភ្នំភ្លើង​ដែល​ធ្វើ​សកម្មភាព​អំឡុងពេល​ប្រហែល​នៅ​ចុង​យុគសម័យ Noachian និង​ដើម​យុគសម័យ Hesperian។

    Olympus Mons គឺជា​ភ្នំភ្លើង​ដែលមាន​រូបរាង​ដូច​ខែល​បុរាណ កម្ពស់ 25 គីឡូម៉ែត្រ និង​លាតសន្ធឹង​លើ​ផ្ទៃដី​ដែល​ធំ​ប៉ុន​ប្រទេស​ប៉ូឡូញ។ នេះ​មិន​ត្រឹមតែ​ជា​ភ្នំភ្លើង​ធំ​បំផុត ប៉ុន្តែ​ក៏​ជា​ភ្នំភ្លើង​ខ្ពស់បំផុត​ផងដែរ នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។ ជើងភ្នំ​ភ្លើង​នេះ​មិន​ដូច​ទៅនឹង​ជើងភ្នំ​ធម្មតា​នៅលើ​ដីគោក ព្រោះថា នៅក្នុង​រយៈកម្ពស់​ប្រហែល 6 គីឡូម៉ែត្រ មាន​ជញ្ជាំង​ថ្ម​ឈរ​ត្រង់ ព័ទ្ធ​ស្ទើរតែ​ជុំ​ភ្នំ និង​ចាក់​ចុះ​ត្រង់​ទៅ​ក្រោម។ ប្រភព​នៃ​ជញ្ជាំង​ថ្មភ្នំ​ចាក់​ចុះ​ត្រង់នេះ នៅតែ​ជា​រឿង​អាថ៌កំបាំង​នៅឡើយ។

    បច្ចុប្បន្ន ភព​អង្គារ​គឺជា​ទីឋាន​ដ៏​សែន​សោះកក្រោះ គ្មាន​ទឹក និង​ពេញ​ដោយ​ខ្សាច់ ធូលី។ ទឹក​នៅលើ​ផ្ទៃ​របស់​ភព​នេះ នៅមាន​ខ្លះ​ដែរ តែ​នៅក្នុង​ទម្រង់​ទឹកកក។ ក៏ប៉ុន្តែ អ្នកវិទ្យាសាស្ត្រ បាន​រកឃើញ​ភ័ស្ដុតាង​ជា​បន្តបន្ទាប់​ដែល​បង្ហាញថា ទឹក​រាវ​ធ្លាប់​គ្របដណ្ដប់​ពាសពេញ​ផ្ទៃ​ភព​អង្គារ៕

     

  • Mike Pompeo៖ មាន​ភ័ស្ដុតាង​បង្ហាញ​ថា COVID-19 មាន​ប្រភព​ពី​មន្ទីរ​ពិសោធន៍​​នៅ​ Wuhan

    Mike Pompeo៖ មាន​ភ័ស្ដុតាង​បង្ហាញ​ថា COVID-19 មាន​ប្រភព​ពី​មន្ទីរ​ពិសោធន៍​​នៅ​ Wuhan

    រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិកាំង​ លោក​ Mike Pompeo កាល​ពី​ល្ងាច​ម្សិល​មិញ​បាន​ប្រកាស​ថា “មាន​ភ័ស្ដុតាង​ធំ​” បង្ហាញ​ថា​ វីរុស​COVID-19 មាន​ប្រភព​ពី​មន្ទីរ​ពិសោធន៍​មួយ​នៅ​ក្នុង​ទី​​ក្រុង​ Wuhan ខេត្ត Hubei ប្រទេស​ចិន​។

    “មាន​ភ័ស្ដុ​តាង​យ៉ាង​ធំ​​បញ្ជាក់ថា នោះ​គឺជា​កន្លែង​ដែល​វីរុស​បង្ហាញ​ខ្លួន​” លោក Pompeo ថ្លែង​នៅ​ក្នុង​កម្ម​វិធី “This Week”​ របស់​ទូរទស្សន៍​ ABC បែប​នេះ​។ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិកាំង​រូប​នេះ​បន្ត​ថា “ខ្ញុំ​គិត​ថា ពេល​នេះ​ពិភព​លោក​អាច​មើល​ឃើញហើយ​ថា ប្រទេស​ចិន​មាន​ប្រវត្តិ​ចម្លង​មេរោគ​ដល់​ពិភពលោក​ ហើយ​ពួក​គេ​គ្រប់​គ្រង​បន្ទប់​ពិសោធន៍​​ដោយ​មិន​មាន​ស្តង់​ដា​”។

    បើ​ទោះជា​បាន​ និង​កំពុង​រិះ​គន់​យ៉ាង​ចាស់ដៃ​ទៅលើ​​វិធី​ដែល​ប្រទេស​ចិន​ប្រើ​ប្រាស់​ក្នុង​ការ​ទប់​ស្កាត់​វីរុស​COVID-19 ប៉ុន្តែ​ រដ្ឋ​មន្ត្រី​ Pompeo បានបដិសេធ​មិន​បញ្ចេញ​មតិ​អំពី​លទ្ធ​ភាព​ដែល​​ថា​ប្រទេស​ចិន​បាន​បញ្ចេញ​វីរុស​នេះ​ដោយ​ចេត​នា​នោះ​ដែរ​។ លោក​បាន​សង្កត់​ធ្ងន់​ថា ការ​ដែល​ប្រទេស​ចិន​រក​វិធី​លាក់​បាំង​​​ភាព​ធ្ងន់​ធ្ងរ​របស់​រោគ​រាត​ត្បាត​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​ បាន​ធ្វើ​ឱ្យ​មាន​ “ហានិភ័យ​ធំធេង​” ដល់​ពិភពលោក​។ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិកាំង​​បាន​ប្រកាស​ថា “ប្រធានា​ធិបតី​ Trump មាន​ប្រសាសន៍​យ៉ាង​ច្បាស់​ថា យើង​នឹង​ធ្វើ​ឱ្យ​អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ ត្រូវ​តែ​ចេញ​មក​ទទួល​កំហុស​​”។

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump តែង​តែ​រិះ​គន់​ទៅ​លើ​តួនាទី​របស់​ប្រទេស​ចិន​នៅក្នុង​​បញ្ហា​វិបត្តិ​សុខ​ភាព​ដែល​បង្ក​ឡើង​ដោយ​វីរុស​COVID-19។ លោក​អះអាង​ថា ទីក្រុង​ប៉េកាំង​បាន​​លាក់​​បាំង​ដោយ​មិន​មាន​ការ​ពិចារណា​នូវ​ព័ត៌មាន​សំខាន់​អំពី​ COVID-19។ ទន្ទឹម​នឹង​នេះ លោក​ Trump ក៏បាន​ទាម​ទារ​ឱ្យ​ប្រទេស​ចិន​ “ត្រូវ​តែ​ទទួល​ខុស​ត្រូវ​” ចំពោះ​ទង្វើ​នេះ​។

    យោង​តាម​ប្រភព​ព័ត៌មាន​មួយចំនួន​បាន​ឱ្យ​ដឹង​ថា ប្រធានាធិបតី​អាមេរិកាំង​ បាន​ប្រគល់​ភារកិច្ច​ក្នុង​ការ​ស៊ើប​អង្កេត​លើ​បញ្ហា​ប្រភព​នៃ​វីរុស​កូរ៉ូណា​ថ្មី​នេះ​ទៅ​ឱ្យ​ក្រុម​ចារ​បុរស​អាមេរិកាំង​ ដែល​វីរុស​នេះ​ ដំបូង​ឡើយ​ត្រូវ​បាន​គេ​ជឿ​ថា បាន​ចាប់​ផ្ដើម​ឆ្លង​ចេញ​ពី​ផ្សារ​លក់​សត្វព្រៃ​រស់​នៅ​ក្នុង​ទីក្រុង​ Wuhan ប្រទេស​ចិន​ ក៏ប៉ុន្តែ​បច្ចុប្បន្ន វីរុស​នេះ​ត្រូវ​បាន​សង្ស័យ​ថា​ ជា​ផលិត​ផល​ដែល​ចេញ​ពី​មន្ទីរ​ពិសោធន៍​។

    វិទ្យា​ស្ថាន​វីរុស​សាស្ត្រ​ Wuhan ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​ Wuhan ​ជា​ទីកន្លែង​បង្ហាញ​ខ្លួន​ដំបូង​របស់​វីរុស​COVID-19 បាន​បដិសេធ​ចំពោះ​ការសង្ស័យ​ដែល​ថា វីរុស​នេះ​បាន​ឆ្លង​ចេញ​ពី​មន្ទីរ​ពិសោធន៍​របស់​ខ្លួន​។ អ្នក​ជំនាញ​ភាគ​ច្រើន​យល់​ថា​ វីរុស​នេះ មាន​ប្រភព​ពី​សត្វ​ព្រៃ ហើយ​សត្វ​​ប្រចៀវ​ និង​ពង្រូល​ត្រូវ​គេ​គិត​ថា​ជា​សត្វ​ចម្លង​រោគ​។

    វីរុស​COVID-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាលដាល​នៅ​ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ2019 ដែល​មក​ដល់​បច្ចុប្បន្ន វា​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​245,000​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺ​​ជាង​1.1​លាន​នាក់​ នៅ​ទូទាំង​សកល​លោក​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស