Tag: ព្រះសីហនុ

  • JICA​ បាន​លក់​ភាគហ៊ុន​ទាំងអស់​នៅក្នុង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ទៅ​ ឱ្យ​ក្រុមហ៊ុន​ Kamigumi​

    JICA​ បាន​លក់​ភាគហ៊ុន​ទាំងអស់​នៅក្នុង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ទៅ​ ឱ្យ​ក្រុមហ៊ុន​ Kamigumi​

    ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ (JICA​) បាន​លក់​ភាគហ៊ុន​ទាំងអស់​របស់​ខ្លួន​នៅក្នុង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ (PAS​) ទៅ​ឱ្យ​ក្រុមហ៊ុន​ភ័ស្តុភារ​ជប៉ុន​ Kamigumi​។

    JICA​ បាន​ទិញ​ភាគហ៊ុន​របស់​ PAS​ ក្នុងអំឡុងពេល​ដាក់​លក់​ជា​សាធារណៈ​លើកដំបូង​ (IPO​) នៅ​ឆ្នាំ2017​ ហើយ​កាលពី​ឆ្នាំមុន​ JICA​ បាន​លក់​ភាគហ៊ុន​ចំនួន​ 2.5ភាគរយ​របស់​ខ្លួន​ដែល​មាននៅ​ក្នុង​កំពង់ផែ​កម្ពុជា​ទៅ​ឱ្យ​សាជីវកម្ម​កំពង់ផែ​អន្តរជាតិ​ កូ​បេ​អូ​សា​កា​ ដែល​បាន​នាំ​យក​ភាគហ៊ុន​របស់​ខ្លួន​នៅក្នុង​ PAS​ ទៅ​ 11​%។

    នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី24​ ខែឧសភា​ JICA​ បាន​និយាយ​ថា​ “កំពង់ផែ​សមុទ្រ​ទឹកជ្រៅ​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា​ គឺ​កំពង់ផែ​ក្រុង​ព្រះសីហនុ​ គឺជា​មជ្ឈមណ្ឌល​ភ័ស្តុភារ​ចម្បង​មួយ​ដែល​គាំទ្រ​ដល់​សេដ្ឋកិច្ច​ជាតិ​កម្ពុជា​”។

    ចាប់តាំងពី​ឆ្នាំ1999មក​ ប្រទេស​ជប៉ុន​បាន​ផ្តល់​ជំនួយ​ ODA​ ដល់​កម្ពុជា​ដែល​រួមមាន​ជំនួយឥតសំណង​ និង​ហិរញ្ញប្បទាន​ និង​កិច្ច​សហប្រតិបត្តិ​ការ​បច្ចេកទេស​ ហើយ​បន្ត​គាំទ្រ​ឥត​ឈប់ឈរ​សម្រាប់​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​គ្រប់គ្រង​កំពង់ផែ​។

    សេចក្តី​ប្រកាស​ព័ត៌មាន​បានឱ្យ​ដឹង​ថា​៖ “JICA​រួម​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ដែល​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការគ្រប់គ្រង​កំពង់ផែ​នឹង​បន្ត​ផ្តល់​កិច្ច​សហប្រតិបត្តិ​ការ​ជាច្រើន​ទៀត​ ដូចជា​ប្រាក់កម្ចី​ ODA​ សម្រាប់​គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​ថ្មី​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ​សម្រាប់​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​នៃ​កំពង់ផែ​មួយ​នេះ​”។

    សេចក្តី​ប្រកាស​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា​ ចំនួន​កុងតឺន័រ​ដែល​ត្រូវ​បាន​ដឹកជញ្ជូន​នៅ​កំពង់ផែ​នេះ​បាន​កើនឡើង​ដល់​ 540,000TEUsក្នុង​ឆ្នាំ2018​ ដែល​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ពី​ចំនួន​ 290,000TEU​ កាលពី​ឆ្នាំ2013​។

    លោក​ លូ​ គឹម​ ឈុន​ អគ្គនាយក​ក្រុមហ៊ុន​ អេ​ភី​អេស​ ថ្លែង​ថា​ JICA​ បានសម្រេច​ចិត្ត​លក់​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិបាល​មួយ​នៅ​ថ្ងៃទី23​ ខែឧសភា​។ លោក​ លូ​ គឹ​មឈុន​ មានប្រសាសន៍​ថា​៖“នេះ​ជា​ការណ៍​ល្អ​មួយ​សម្រាប់​យើង​ ដោយសារតែ​ក្រុមហ៊ុន​ Kamigumi​ គឺជា​ក្រុមហ៊ុន​ដឹកជញ្ជូន​តាម​កំពង់ផែ​នាំមុខ​គេ​នៅ​ប្រទេស​ជប៉ុន​”។

    លោក​បន្ត​ថា​ ទោះបីជា​ JICA​ បាន​ផ្ទេរ​ភាគហ៊ុន​ទាំងអស់​របស់​ខ្លួន​ដែល​មាន​ជាមួយ​យើង​ក៏ដោយ​ ក៏​ពួកគេ​នៅតែ​ផ្តល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ ដើម្បី​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​បង្កើន​សមត្ថភាព​គ្រប់គ្រង​កំពង់ផែ​ដដែល​។

    ដោយ​ចាប់ផ្តើម​ពី​គម្រោង​ស្តារ​ឡើងវិញ​បន្ទាន់​នៃ​កំពង់ផែ​ក្រុង​ព្រះសីហនុ​នៅ​ឆ្នាំ1999​ តាមរយៈ​កម្ចី​ជំនួយ​អភិវឌ្ឍន៍​ជា​ផ្លូវការ​លើកដំបូង​សម្រាប់​ប្រទេស​កម្ពុជា​បន្ទាប់ពី​ការ​បញ្ចប់​ជម្លោះ​ស៊ីវិល​នៅ​ក្នុង​ប្រទេស​ JICAបាន​ផ្តល់​ការ​គាំទ្រ​ជាបន្តបន្ទាប់​ដល់​ការ​កសាង​សមត្ថភាព​ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កំពង់ផែ​ស្វយ័ត​មួយ​នេះ​។

    ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​កាលពី​ចុងខែ​ឧសភា​កន្លងទៅ​ លោក​ Masami​ KUBO​ ជា​ប្រធាន​ និង​នាយក​តំណាង​ក្រុមហ៊ុន​ KAMIGUMI​ Co​., Ltd​ និង​លោក​ Kenji​ HOKAZONO​ ជា​ប្រធាន​ និង​នាយក​ប្រតិបត្តិ​នៃ​សាជីវកម្ម​កំពង់ផែ​អន្តរជាតិ​ Kobe​-Osaka​ International​ Port​ លោក​ KUBO​ បាន​បង្ហាញ​នូវ​បំណង​ចង់​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​របស់​ខ្លួន​ជាមួយនឹង​ថ្នាក់ដឹកនាំ​ និង​បុគ្គលិក​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ និង​ពាណិជ្ជករ​ផ្នែក​ដឹកជញ្ជូន​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត​។

    សូមជម្រាប​ជូន​ថា​ ក្រុមហ៊ុន​ទាំង2​ នេះ​ គឺជា​ម្ចាស់​ចំណែក​ភាគហ៊ុន​នៃ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ (PAS​)។ ក្រុមហ៊ុន​ KAMIGUMI​ Co​., Ltd​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ1867​ នៅ​ទីក្រុងKobe​ ប្រទេស​ជប៉ុន​ និង​ជា​ក្រុមហ៊ុន​នាំមុខ​គេ​មួយ​ផ្នែក​ដឹកជញ្ជូន​តាម​កំពង់ផែ​របស់​ជប៉ុន​។ រី​ឯសាជីវកម្ម​កំពង់ផែ​អន្តរជាតិ​ Kobe​-Osaka​ International​ Port​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង​អន្តរជាតិ​នៃ​កំពង់ផែ​ Hanshin​ (កំពង់ផែ​ Kobe​ និង​កំពង់ផែ​ Osaka​) តាមរយៈ​ការជំរុញ​ការគ្រប់គ្រង​កំពង់ផែ​ ប្រកបដោយ​ប្រសិទ្ធភាព​។

    ដោយឡែក​ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពីជ​ប៉ុន​វិញ​ ផ្អែក​តាម​ការ​កត់ត្រា​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានឱ្យ​ដឹង​ថា​ គិត​ពីឆ្នាំ1994​ រហូត​ដល់​ត្រីមាស​ទី1​ ឆ្នាំ2019​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​បាន​ចំនួន​ 137គម្រោង​ ក្នុង​ទុន​វិនិយោគ​សរុប​ចំនួន​ប្រមាណ​ 2.5ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​ផ្ដោត​សំខាន់​លើ​ផ្នែក​ផលិត​គ្រឿង​ផ្គុំ​អគ្គិសនី​ និង​អេឡិចត្រូនិក​ គ្រឿង​ផ្គុំ​រថយន្ត​ និង​សម្ភារ​បរិក្ខារ​បច្ចេកទេស​ កសិ​-ឧស្សាហកម្ម​ ការកែច្នៃ​ម្ហូបអាហារ​ សណ្ឋាគារ​ ទេសចរណ៍​ មន្ទីរពេទ្យ​ និង​ផ្សារ​ទំនើប​។

    ក្រៅពី​គម្រោង​វិនិយោគ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ខាងលើ​ហើយ​ ក៏​នៅ​មាន​វត្តមាន​នៃ​សកម្មភាព​ធុរកិច្ច​ជប៉ុន​ទាំង​ធំ​ ទាំង​តូច​ចំនួន​ប្រមាណ​ 1,700ក្រុមហ៊ុន​ ដែល​មាន​សកម្មភាព​ក្នុង​វិស័យ​ជាច្រើន​ ដូចជា​វិស័យ​ធនាគារ​ អាកាសចរណ៍​ និង​ភោជនីយដ្ឋាន​ ជាដើម​៕

  • បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ បាន​កើនឡើង​ខ្ពស់​ក្នុង​ឆ្នាំ2018​ ​និង​បន្ត​កើនឡើង​ទៀត​នៅ​ឆ្នាំនេះ​

    បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ បាន​កើនឡើង​ខ្ពស់​ក្នុង​ឆ្នាំ2018​ ​និង​បន្ត​កើនឡើង​ទៀត​នៅ​ឆ្នាំនេះ​

    កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ កំពុង​អភិវឌ្ឍ​ការសាងសង់​កំពង់ផែ​តាម​ជំ​ហាន​ៗ ដោយ​បាន​ចូលរួម​នៅក្នុង​ការកែទម្រង់​តាមរយៈ​ការ​បញ្ចុះតម្លៃ​ការ​លើកដាក់​ ព្រមទាំង​ថ្លៃBonus​ និង​ការ​មិន​យក​ថ្លៃ​ឈ្នួល​បំផ្លាស់​ទី​ចំណតនាវា​ ជាដើម​ ដែល​ប្រការ​នេះ​បាន​ធ្វើ​ឱ្យ​ថ្លៃ​ឡូ​ជី​ស្ទិ​កមានកម្រិត​ទាប​ជាង​មុន​ និង​ពង្រីក​នូវ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ទាំងមូល​ សំដៅ​ទៅ​រក​ការ​កើនឡើង​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ និង​ទទួល​បាន​កំណើន​ខ្ពស់​ក្នុង​ឆ្នាំ2018​។

    ឯកឧត្តម​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បាន​បញ្ជាក់​ថា​៖ “វា​ជា​មោទនភាព​យ៉ាង​ខ្លាំង​របស់​ប្រទេស​កម្ពុជា​ ដោយ​បរិមាណ​ទំនិញ​ឆ្លងកាត់​ បាន​កើនឡើង​ខ្ពស់​ក្នុង​ឆ្នាំ2018​ ពោល​គឺ​មាន​កំណើន22.08​% ក្នុង​នោះ​បរិមាណ​កុងតឺន័រ​ឆ្លងកាត់​មាន​កំណើន17.70​% ធៀប​នឹង​ឆ្នាំ2017​។ រី​ឯចំណូល​អាជីវកម្ម​សរុប​ សម្រេច​បាន​ប្រមាណ​ 72លាន​ដុល្លារ​អាមេរិក​”។

    ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​៖“ផ្អែកលើ​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ​ និង​កំណើន​បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់ផែ​ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​នឹង​រំពឹង​ថា​ បរិមាណ​កុងតឺន័រ​ដែល​ឆ្លងកាត់​កំពង់ផែ​នឹង​កើន​លើស​ 700,000​ TEUs​ នៅ​ឆ្នាំ2020​ និង​លើស​ 1,000,000​ TEUs​ នៅ​ឆ្នាំ2023​ ដែល​នាំ​ឱ្យ​តម្រូវការ​អភិវឌ្ឍន៍​ និង​សាងសង់​កំពង់ផែ​ ត្រូវ​សម្រេច​ឱ្យ​បាន​ទាន់ពេល​វេលា​ និង​ប្រើប្រាស់​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ ដោយ​បញ្ចុះតម្លៃ​លើកដាក់​ទំនិញ​បញ្ចុះតម្លៃ​សេវា​ឡូ​ជី​ស្ទិ​ក ពង្រឹង​នូវ​ប្រសិទ្ធភាព​គ្រប់គ្រង​ និង​ប្រតិបត្តិ​ការ​កំពង់ផែ​ និង​កតា្ត​ផ្សេង​ៗដើម្បី​ពង្រឹង​ការប្រកួត​ប្រជែង​ក្នុង​តំបន់​ និង​សកលលោក​”។

    ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ បាន​បន្ត​ថា​៖“ថ្មី​ៗនេះ​ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ក៏បាន​ចូលរួម​គាំទ្រ​ដល់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ និង​ធុរកិច្ច​នៅ​កម្ពុជា​សំដៅ​ជំរុញ​ភាព​ប្រកួតប្រជែង​ និង​បង្កើន​ល្បឿន​នៃ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ជាតិ​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ចីរភាព​កំណើន​សេដ្ឋកិច្ច​សម្រាប់​រយៈពេល​ខាងមុខ​ តាមរយៈ​វិធានការ​បញ្ចុះ​ថ្លៃ​ការ​លើកដាក់​ Lo​-Lo​ ចំនួន10​% បញ្ចុះ​ថ្លៃ​ Bonus​ ពី​ 7,50​ ដុល្លារ​ មក​ 5ដុល្លារ​អាមេរិក​ ក្នុង​មួយ​ Box​ និង​កែសម្រួល​មិន​គិតថ្លៃ​ឈ្នួល​បំផ្លាស់​ទី​នាវា​ (Shifting​)”។ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក៏បាន​ចាត់ទុក​កំពង់ផែ​ក្រុង​ព្រះសីហនុ​ថា​ជា​អង្គ​សេដ្ឋកិច្ច​ដ៏​សំខាន់​ និង​មិន​អាច​ខ្វះ​បាន​ផង​ដែរ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ ជាមួយនឹង​ពិភពលោក​ទាំងមូល​ ក៏ដូចជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​។

    កំពង់ផែ​ក្រុង​ព្រះសីហនុ​ក៏​ជា​តួអង្គ​ដែល​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​ដោយ​ផ្ទាល់​ពី​ការកែទម្រង់​ខាងលើ​ តាមរយៈ​វិធានការ​នៃ​ការ​រំកិល​កាំកុងត្រូល​ចេញពី​ច្រក​ទ្វារ​ព្រំដែន​ និង​ការរំសាយ​អង្គភាព​កាំសាប​ដែល​នេះ​ជា​ការចូលរួម​ចំណែក​ធ្វើ​ឱ្យ​ប្រតិបត្តិ​ការ​របស់​ផែ​មាន​ភាព​រលូន​ជាង​មុន​ និង​ស្របតាម​និយាម​ប្រតិបត្តិ​ការ​នៃ​កំពុង​ផែ​អន្តរជាតិ​ទូទៅ​។

    ឯកឧត្តម​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​គូសបញ្ជាក់​ថា​ ជា​ការពិត​ហើយ​ថា​ ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏ដូចជា​ការ​ពង្រឹង​ និង​កសាង​សមត្ថ​ភាព​ផ្សេង​ៗទៀត​ របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ គឺជា​អាទិភាព​នៅក្នុង​ទិសដៅ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​លើកកម្ពស់​គុណភាព​សេវាកម្ម​ និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​នៅក្នុង​តំបន់​ និង​សកលលោក​។

    ឯកឧត្តម​បន្ដ​ថា​ ការ​ធ្វើ​ឱ្យ​សេវា​មានតម្លៃ​សមរម្យ​ ប្រកបដោយ​ប្រសិទ្ធភាព​ និង​ទទួល​បាន​នូវ​ជំនឿ​ទុកចិត្ត​ពីសំណាក់​អតិថិជន​ដែល​ជា​ក្រុមហ៊ុន​នាវា​ដឹកជញ្ជូន​ ក៏ដូចជា​អ្នកប្រើ​ប្រាស់​សេវា​កំពង់ផែ​ទាំងអស់​ នឹង​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការ​បង្កើន​ចំណូល​ថវិកាជាតិ​ និង​សកម្មភាព​ពាណិជ្ជកម្ម​អន្តរជាតិ​ ព្រមទាំង​ផ្តល់​ឱកាស​ការងារ​ជាច្រើន​ ជូន​ប្រជាពលរដ្ឋ​ សំដៅលើ​កកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ពួកគាត់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។

    ឯកឧត្តម​ទេស​រដ្ឋ​មន្ដ្រី​បាន​បន្ថែម​ថា​ តាមរយៈ​ចំណត​ផែ​កុងតឺន័រ​ថ្មី​ជម្រៅ​ទឹក​ 14,5ម៉ែត្រ​បាន​ អនុញ្ញាត​ឱ្យ​នាវា​ដឹកជញ្ជូន​កុងតឺន័រ​ធុន​ធំ​ក្នុង​តំបន់​អាច​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​បាន​ ហើយ​ចំពោះ​ជម្រៅ​ទឹក​សម្រាប់​កំពង់ផែ​ត្រូវ​បាន​ដោះស្រាយ​ព្រមទាំង​តម្លៃ​ដឹកជញ្ជូន​តាម​សមុទ្រ​ (Ocean​ Freight​Cost​) ក៏​មានតម្លៃ​ប្រហាក់​ប្រហែល​នឹង​ប្រទេស​ផ្សេង​ៗក្នុង​តំបន់​ដែរ​។ ជាមួយគ្នា​នេះ​ គម្រោង​នឹង​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ2020​ និង​បញ្ចប់​នៅ​ឆ្នាំ2023​ឬឆ្នាំ2024​ ដែល​មាន​ទឹកប្រាក់​សរុប​ 203លាន​ដុល្លារ​។

    ឯកឧត្តម​ស៊ុន​ ចាន់​ថុល​ បាន​បន្ដ​ទៀត​ថា​ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​ជប៉ុន​ តាមរយៈ​ទីភ្នាក់ងារ​ JICA​ ចាប់ពី​ឆ្នាំ1999​ ដល់​ឆ្នាំ2019​ ដែល​រាជរដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ឥណទាន​សម្បទាន​សម្រាប់​ស្តារ​ និង​អភិវឌ្ឍន៍​កំពង់ផែ​ព្រះសីហនុ​ប្រមាណ​ 382​ លាន​ដុល្លារ​អាមេរិក​ បន្ថែម​លើ​ថវិកា​វិនិយោគ​ផ្ទាល់​របស់​កំពង់ផែ​ប្រមាណ​ 22លាន​ដុល្លារ​អាមេរិក​ ៕

  • ក្រុមហ៊ុនវៀតណាម​ គ្រោង​សាងសង់​រោងចក្រ​ផលិត​ដែក​នៅ​ខេត្ត​ព្រះសីហនុ

    ក្រុមហ៊ុនវៀតណាម​ គ្រោង​សាងសង់​រោងចក្រ​ផលិត​ដែក​នៅ​ខេត្ត​ព្រះសីហនុ

    ដោយ​មើលឃើញ​ពី​តម្រូវការ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា ក្រុមហ៊ុន​អន្តរជាតិ​មួយ​មកពី​ប្រទេស​វៀតណាម​គ្រោង​បោះទុន​វិនិយោគ​ប្រមាណ​ជា 500លាន​ដុល្លារ​សាងសង់​រោងចក្រ​ផលិត​ដែក​នៅ​ខេត្ត​ព្រះសីហនុ​នៅពេលឆាប់ៗខាងមុខ។

    សម្រាប់​ការឆ្លើយតប​ចំពោះ​គម្រោង​នេះ អភិបាលខេត្ត​ព្រះសីហនុ ឯកឧត្តម យន្ត មីន បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​មកពី​វៀតណាម​ដែល​ចាប់អារម្មណ៍​បណ្តាក់ទុន​នៅក្នុង​ខេត្ត​នេះ គួរតែ​ស្វែងរក​ទីតាំង​ដី​នៅ​តំបន់​ស្រុក​ស្ទឹងហាវ ព្រោះ​អនាគត​ទីនោះ​ក៏មាន​កំពង់ផែ​ទឹក​ជ្រៅ និង​មាន​ដី​ប្រហែល 200ហិកតា​អាចឆ្លើយតប​នឹង​តម្រូវការ​សម្រាប់​ការវិនិយោគ​ធ្វើ​រោងចក្រ​នេះ​បាន។ ឯកឧត្តម​បន្តថាក​តា្ដ​សំខាន់​ដែល​ធ្វើឱ្យ​អ្នកវិនិយោគ​បរទេស​បន្ដ​ចាប់អារម្មណ៍​ស្វែងរក​ឱកាសដាក់ទុន​វិយោគ​រកស៊ី​នៅ​ខេត្ដ​នេះគឺ​កត្តា​សន្ដិភាព ច្បាប់​ការពារ​អ្នកវិនិយោគ និង​សក្តានុពល​ធម្មជាតិ​រប​ស់​ខេត្ដ​ព្រះសីហនុ។ លោក​បញ្ជាក់ថា2ឆ្នាំ​ចុង​ក្រោយនេះ​ខេត្ត​ព្រះសីហនុ បានក្លាយ​ទៅជា​គោលដៅ​យ៉ាងសំខាន់​មួយ​របស់​អ្នកវិនិយោគ​មកពី​តំបន់ផ្សេងៗនិង​មកពី​បរទេស ហើយ​សព្វថ្ងៃ​ការណ៍​នេះ​បាននិងកំពុង​ធ្វើឱ្យ​ខេត្ត​ព្រះសីហនុ​មានការ​អភិវឌ្ឍ​យ៉ាងលឿន​ទៅមុខ ដោយបាន​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កាន់តែច្រើនឡើង។

    ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ

    ខេត្ដ​ព្រះសីហនុ ពិតជា​ទីតាំង​ស័ក្តិសម​ក្នុងការ​ដាក់ទុន​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម វាយ​ន​ភណ្ឌ ឧស្សាហកម្ម​ ទេសចរណ៍ សំណង់ និង​អចលនទ្រព្យជាដើម។ល។ ម្យ៉ាងវិញទៀត អ្វីដែល​សំខាន់បំផុត​នោះ គឺ​ប្រទេស​កម្ពុ​ជាមាន​សុខសន្ដិភាព​ពេញលេញ ក្នុងនោះ​ខេត្ដ​ព្រះសីហនុ​ក៏​ធានាបាន​នូវ​សន្ដិសុខសុវត្ថិភាព​ខ្ពស់​ដែរ ជាមួយនិង​ធនធានធម្មជាតិ​ដ៏​សម្បូរបែប ផ្ទៃដី​នៅ​ទំនេរ​ធំ​ទូលាយ រួមទាំង​កោះល្អៗចំនួន 32កោះ ជាពិសេស​នោះ គឹ​ប្រព័ន្ធ​គមនាគមន៍​សម្បូរបែប។ ខេត្ដ​ព្រះសីហនុ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកជា​ប៉ូល​សេដ្ឋកិច្ច​មួយ​ក្នុងចំណោម​ប៉ូល​សេដ្ឋកិច្ច​ទាំង3 (រាជធានី​ភ្នំពេញ ខេត្ដ​សៀមរាប និង​ខេត្ដ​ព្រះសីហនុ) ដោយ​ប្រកាស​ប្រែក្លាយ​ខេត្ដ​នេះ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​តែមួយគត់​ក្នុងប្រទេស​កម្ពុជា។

    កត្តា​ដែល​ជំ​រុញឱ្យ​វិនិយោគិន​បរទេស​ចូលមក​បណ្តាក់ទុន លើ​វិស័យ​ឧស្សាហកម្ម​ជា​បន្តបន្ទាប់​នោះ គឺ​ដោយសារ​ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ចំនួន3 នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ព្រលានយន្តហោះ​អន្តរជាតិ​ដឹក​អ្នកដំណើរ​តាមផ្លូវ​អាកាស មាន​កំពង់ផែ​ទឹក​ជ្រៅ​ដែល​អាច​ដឹកទំនិញ​ធុន​ធ្ងន់​ឆ្លងកាត់​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​តាមផ្លូវ​ទឹក មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ធំជាងគេ ដែល​អាច​សាងសង់​រោងចក្រ​សហគ្រាស​បានយ៉ាងច្រើន មាន​ផ្លូវ​រថភ្លើង​ក្នុងការ​ដឹកទំនិញ​ចូលមក​ទីក្រុង​ភ្នំពេញ ហើយ​អ្វីដែល​ពិសេស​នោះ គឺ​រដ្ឋាភិ-បាល​គ្រោង​នឹង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ទីក្រុង​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ដែលមាន​ចម្ងាយ​តិចជាង200គីឡូម៉ែត្រ​នាពេលឆាប់ៗនេះ​ទៀតផង ក្នុង​គោលបំណង​ផ្តល់​ភាពងាយស្រួល ចំណេញ​ពេលវេលា​ក្នុងការ​ធ្វើដំណើរ ឬ​ដឹកជញ្ជូន​ទំនិញផ្សេង៕